« ហេលេមិន ៨ ៖ ពួកព្យាការីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ហេលេមិន ៨ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នៅលើពិភពលោកមួយដែលមានសំឡេងយ៉ាងច្រើនទាញយើងទៅតាមផ្លូវជាច្រើន ព្រះបានប្រទានពួកព្យាការីដល់យើង ដើម្បីជំរុញយើងឲ្យទៅកាន់ទ្រង់ ។ នៅពេលនីហ្វៃត្រូវបានពួកសាសន៍នីហ្វៃទុច្ចរិតចោទសួរអំពីមូលហេតុដែលលោកបាននិយាយយ៉ាងខ្លាំងអំពីពួកគេ លោកបានថ្លែងទីបន្ទាល់ដោយក្លាហានអំពីព្រះអង្គសង្គ្រោះ ។ មេរៀននេះអាចជួយអ្នកឲ្យយល់ថា ពួកព្យាការីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ហើយទីបន្ទាល់នេះអាចជួយអ្នកឲ្យមានដឹងអំពីសេចក្តីពិតនៃទីបន្ទាល់របស់ពួកលោក ។
សកម្មភាពរៀនសូត្រដែលអាចមាន
ទីបន្ទាល់របស់សាក្សីម្នាក់
មនុស្សភាគច្រើនមិនដែលបានឃើញព្រះយេស៊ូវគ្រីស្ទទេ ប៉ុន្តែមនុស្សជាច្រើននៅតែជឿលើទ្រង់ ។
ទីបន្ទាល់របស់ពួកព្យាការីពីបុរាណ
អ្នកអាចចាំថា ព្យាការីនីហ្វៃ បានព្យាករណ៍អំពីពួកសាសន៍នីហ្វៃទុច្ចរិតថាពួកគេនឹងត្រូវបំផ្លាញចោល បើពួកគេមិនប្រែចិត្តទេ ( សូមមើល ហេលេមិន ៧:២២–២៩ ) ។ ពួកសាសន៍នីហ្វៃជាច្រើនបានខឹងនឹងនីហ្វៃដោយសារតែការនិយាយប្រឆាំងនឹងអំពើទុច្ចរិតរបស់ពួកគេ ( សូមមើល ហេលេមិន ៨:១–៧ ) ។ នីហ្វៃបានបន្ទោសប្រជាជនទាំងនេះ ហើយប្រាប់ពួកគេថា ពួកគេកំពុងបដិសេធមិនត្រឹមតែព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះទេ តែថែមទាំងពាក្យពេចន៍របស់ពួកព្យាការីពីមុនទៀតដែលរួមមានទាំងលោកម៉ូសេដែលបានថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទផងដែរ ( សូមមើល ហេលេមិន ៨:១០–១៣ ) ។
សូមអាន ហេលេមិន៨:១៣–២៣ ដោយការរកមើលអ្វីដែលនីហ្វៃបានចែកចាយអំពី ម៉ូសេ និងពួកព្យាការីពីមុនៗផ្សេងៗទៀត ។ អ្នកអាចនឹងគូសចំណាំឈ្មោះរបស់ពួកព្យាការីដែលនីហ្វៃបានរកឃើញ ។
សេចក្ដីពិតមួយដែលយើងអាចរៀនមកពីខគម្ពីរទាំងនេះបានគឺថា ពួកព្យាការីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងថា ៖
តួនាទីដ៏សំខាន់បំផុតរបស់ព្យាការីនៃព្រះអម្ចាស់គឺបង្រៀនយើងអំពីព្រះអង្គសង្គ្រោះ និងដឹកនាំពួកយើងទៅកាន់ទ្រង់ ។ …
ព្យាការីពុំឈរនៅចន្លោះរវាងអ្នក និងព្រះអង្គសង្គ្រោះទេ ។ ផ្ទុយទៅវិញ លោកឈរនៅក្បែរអ្នក ហើយចង្អុលបង្ហាញផ្លូវឆ្ពោះទៅរកព្រះអង្គសង្គ្រោះ ។ ការទទួលខុសត្រូវដ៏ធំមហិមា និងអំណោយទានដ៏មានតម្លៃបំផុតរបស់ព្យាការីចំពោះយើងគឺ សាក្សីដ៏រឹងមាំរបស់លោក ចំណេះដឹងពិតប្រាកដរបស់លោក ដែលថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ។ ( នែល អិល អាន់ឌើរសិន « The Prophet of God » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ២៥, ២៧ )
ឧទាហរណ៍នៃពួកព្យាការីដែលថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ
សូមឆ្លៀតពេលសិក្សាអំពីទីបន្ទាល់មួយចំនួនរបស់ពួកព្យាការីអំពីព្រះយេស៊ូវគ្រីស្ទ ។ នៅពេលដែលអ្នកសិក្សាទីបន្ទាល់របស់ពួកលោក នោះព្រះវិញ្ញាណបរិសុទ្ធអាចថ្លែងទីបន្ទាល់អំពីសេចក្ដីពិតចេញពីប្រសាសន៍របស់ពួកលោកទៅក្នុងដួងចិត្ត និងគំនិតរបស់អ្នក ។
ជម្រើស ក ៖ ពួកព្យាការីពីបុរាណបានថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ
សូមអានទីបន្ទាល់យ៉ាងហោចណាស់ឲ្យបានបីនៅក្នុងចំណោមទីបន្ទាល់ខាងក្រោមនេះមកពីពួកព្យាការីដែលនីហ្វៃ បានលើកឡើង ។ សូមធ្វើបញ្ជីនៃអ្វីដែលទីបន្ទាល់ទាំងនេះបង្រៀនអ្នកអំពីព្រះយេស៊ូវគ្រីស្ទ ។
ពិនិត្យមើលបញ្ជីដែលអ្នកបានសរសេរឡើងវិញ ។ សូមពិចារណាកត់ត្រាការយល់ដឹង អារម្មណ៍ ឬចំណាប់អារម្មណ៍ណាមួយដែលអ្នកមានអំពីព្រះអង្គសង្រ្គោះនៅពេលដែលអ្នកសិក្សា ។ សូមសរសេរប្រយោគពីរបីឃ្លាដែលពន្យល់អំពីរបៀបដែលជីវិតអ្នកអាចមានភាពខុសគ្នា ប្រសិនបើពួកព្យាការីមិនបានបង្រៀនយើងពីរឿងទាំងនេះអំពីព្រះយេស៊ូវគ្រីស្ទទេនោះ ។
ជម្រើស ខ ៖ ពួកព្យាការីថ្ងៃចុងក្រោយថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ
សូមស្វែងរកឧទាហរណ៍ពីរ ឬច្រើនអំពីពួកព្យាការី ឬពួកសាវកថ្ងៃចុងក្រោយថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ ធនធានទាំងនេះអាចបានមកពីសន្និសីទទូទៅថ្មីៗ ឬមកពីប្រវត្តិសាស្រ្តសាសនាចក្រ ។ សូមពិចារណាប្រើ ChurchofJesusChrist.org ឬកម្មវិធី បណ្ណាល័យដំណឹងល្អនៅក្នុងមុខងារការស្វែងរករបស់អ្នក°។ អ្នកក៏អាចអាន ឬស្តាប់ «°ព្រះគ្រីស្ទដ៏មានព្រះជន្មរស់°៖ ទីបន្ទាល់នៃពួកសាវក°» នៅលើគេហទំព័រ ChurchofJesusChrist.org បានផងដែរ°។