« នីហ្វៃទី ៣ ២៧ ផ្នែកទី ១ ៖ ‹ បានសង់លើដំណឹងល្អរបស់យើង › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី ៣ ២៧ ផ្នែកទី ១ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី ៣ ២៧ ផ្នែកទី ១
« បានសង់លើដំណឹងល្អរបស់យើង »
តើបុគ្គលិកលក្ខណៈសំខាន់បំផុតនៃសាសនាចក្ររបស់ព្រះអង្គសង្គ្រោះមានអ្វីខ្លះ ? ព្រះយេស៊ូវគ្រីស្ទបានបង្រៀនដល់ពួកសិស្សសាសន៍នីហ្វៃរបស់ទ្រង់ថា សាសនាចក្ររបស់ទ្រង់គួរតែត្រូវបានហៅបម្រើតាមព្រះនាមរបស់ទ្រង់ ហើយបានសង់ឡើងលើដំណឹងល្អរបស់ទ្រង់ ។ មេរៀននេះអាចជួយដល់អ្នកឲ្យយល់អំពីអ្វីជាដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ និងសារៈសំខាន់នៃឈ្មោះរបស់សាសនាចក្រ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើអ្នកនឹងឆ្លើយតបដោយរបៀបណា ?
មានថ្ងៃមួយ នៅពេលដែលកំពុងចែកចាយអំពីអ្វីដែលពួកគេបានធ្វើកាលពីចុងសប្តាហ៍ ណាអូមី បាននិយាយទៅកាន់មិត្តរបស់នាងឈ្មោះ ម៉ាកូ ថានាងបានទៅព្រះវិហារកាលពីថ្ងៃអាទិត្យ ។
ម៉ាកូបានសួរនាងថា « តើឯងជាពួកមរមនមែនទេ ? »
ណាអូមីបាននិយាយថា « ជួនកាលគេហៅពួកយើងអ៊ីចឹង ប៉ុន្តែយើងចង់ឲ្យគេហៅពួកយើងថាជា សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ » ។
ម៉ាកូបានឆ្លើយថា « ឈ្មោះនោះវែងពេកពិបាកហៅណាស់ ។ ហេតុអ្វីបានជាឯងមិនគ្រាន់តែនិយាយថា ឯងជាសមាជិកនៃព្រះវិហារពួកមរមនទៅ ? តើឯងមិនអានព្រះគម្ពីរមរមនទេឬ ?»
-
តើមានរបៀបណាខ្លះដែលណាអូមីអាចឆ្លើយនឹងសំណួររបស់ម៉ាកូ បាន ?
នៅថ្ងៃនេះ អ្នកនឹងសិក្សាអំពីការបង្រៀនមួយចំនួនរបស់ព្រះអង្គសង្គ្រោះដល់ពួកសិស្សសាសន៍នីហ្វៃរបស់ទ្រង់ ដែលបានកត់ត្រានៅក្នុង នីហ្វៃទី ៣ ២៧ ។ នៅពេលអ្នកសិក្សា សូមរកមើលសេចក្តីពិតដែលព្រះយេស៊ូវបានបង្រៀនអំពីសាសនាចក្ររបស់ទ្រង់ ដែលអាចជួយដល់អ្នកនៅពេលដែលជួបនឹងស្ថានភាពដូចជាក្នុងរឿងមួយ ដែលអ្នកទើបតែបានអានអ៊ីចឹង ។
ឈ្មោះរបស់សាសនាចក្រ
មិនយូរប៉ុន្មាន បន្ទាប់ពីការយាងមករបស់ព្រះគ្រីស្ទទៅជួបពួកសាសន៍នីហ្វៃ ពួកសិស្សសាសន៍នីហ្វៃទាំងដប់ពីរនាក់បានមកជួបជុំគ្នាតមអាហារ និងអធិស្ឋាន°។ ពួកគេចង់ដឹងថា តើឈ្មោះសាសនាចក្រគួរតែមានឈ្មោះអ្វី ។ នៅពេលពួកគេកំពុងអធិស្ឋាន ព្រះអង្គសង្គ្រោះបានបង្ហាញព្រះកាយ ហើយបានចាប់ផ្ដើមបង្រៀនដល់ពួកគេ ( សូមមើល នីហ្វៃទី ៣ ២៧:១–៣ ) ។
សូមអាន នីហ្វៃទី ៣ ២៧:៤–៧ ហើយរកមើលអ្វី ដែលព្រះអង្គសង្គ្រោះបានបង្រៀនដល់ពួកសិស្សរបស់ទ្រង់អំពីឈ្មោះសាសនាចក្ររបស់ទ្រង់ ។
-
តើព្រះអង្គសង្គ្រោះបានមានព្រះបន្ទូលអំពីឈ្មោះសាសនាចក្ររបស់ទ្រង់គួរហៅដូចម្ដេច ?
សេចក្តីពិតមួយដែលយើងរៀនមកពីខគម្ពីរទាំងនេះ គឺថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទពិតត្រូវតែហៅតាមព្រះនាមទ្រង់ ។
-
តើមានហេតុផលអ្វីខ្លះដែលព្រះអង្គសង្គ្រោះបានដាក់ឈ្មោះសាសនាចក្រតាមព្រះនាមរបស់អង្គទ្រង់ ?
ប្រធាន រ័សុល អិម ណិលសុន បានចែកចាយអំពីមូលហេតុ ដែលវាមានសារៈសំខាន់ដែលយើងត្រូវប្រើឈ្មោះសាសនាចក្រត្រឹមត្រូវ ៖
ឈ្មោះរបស់សាសនាចក្រពុំអាចចរចាផ្លាស់ប្ដូរបានទេ ។ នៅពេលព្រះអង្គសង្គ្រោះបានមានបន្ទូលយ៉ាងច្បាស់អំពីឈ្មោះនៃសាសនាចក្ររបស់ទ្រង់ ហើយថែមទាំងបានប្រកាសនូវសេចក្ដីប្រកាសជាមួយនឹងឃ្លាថា « សាសនាចក្ររបស់យើងនឹងត្រូវបានហៅថាដូច្នោះ » នោះទ្រង់មានបន្ទូលយ៉ាងម៉ឺងម៉ា់ត់ ។ ហើយប្រសិនបើយើងអនុញ្ញាតឲ្យឈ្មោះហៅក្រៅត្រូវបានយកមកប្រើ ឬសម្រប ឬសូម្បីតែលើកកម្ពស់ឈ្មោះហៅក្រៅទាំងនោះដោយខ្លួនឯងក្ដី នោះទ្រង់នឹងអាក់អន់ព្រះទ័យ ។
តើឈ្មោះមួយ ឬក្នុងករណីនេះ ឈ្មោះហៅក្រៅមួយមានតម្លៃអ្វីខ្លះ ? ទាក់ទងទៅនឹងឈ្មោះហៅក្រៅរបស់សាសនាចក្រ ដូចជា « សាសនាចក្រ អិល.ឌី.អេស. » « សាសនាចក្រមរមន » ឬ« សាសនាចក្រនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ » នោះអ្វីដែលសំខាន់បំផុត នៅក្នុង ឈ្មោះទាំងនោះគឺ ការបាត់ ព្រះនាមរបស់ព្រះអង្គសង្គ្រោះ ។ ការដកយកព្រះនាមរបស់ព្រះអម្ចាស់ចេញពីសាសនាចក្ររបស់ព្រះអម្ចាស់គឺជាជោគជ័យដ៏ធំមួយសម្រាប់សាតាំង ។ នៅពេលយើង ដកយក ព្រះនាមរបស់ព្រះអង្គសង្គ្រោះ នោះយើង កំពុងបដិសេធ នូវរាល់អ្វីៗដែលព្រះយេស៊ូវគ្រីស្ទបានធ្វើសម្រាប់យើង—រួមទាំងដង្វាយធួនរបស់ទ្រង់ផងដែរ ។ ( រ័សុល អិម ណិលសុន « The Correct Name of the Church » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៧–៨៨ )
-
តើសេចក្ដីថ្លែងការណ៍របស់ប្រធាន ណិលសុន មួយណាដែលអ្នកចាប់អារម្មណ៍ ?
-
តើអ្នកគិតថា ការខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រើប្រាស់ឈ្មោះសាសនាចក្រត្រឹមត្រូវអាចមានឥទ្ធិពលដល់អ្នកដែលមិនមែនជាសមាជិកសាសនាចក្រដោយរបៀបណា ?
« បានសង់លើដំណឹងល្អរបស់យើង »
បន្ថែមពីលើការបញ្ជាក់ថាសាសនាចក្ររបស់ទ្រង់គួរតែហៅតាមព្រះនាមរបស់ទ្រង់ ព្រះអង្គសង្គ្រោះបានបង្រៀនដល់ពួកសិស្សសាសន៍នីហ្វៃរបស់ទ្រង់អំពីបុគ្គលិកលក្ខណៈដ៏សំខាន់មួយទៀតអំពីសាសនាចក្ររបស់ទ្រង់ ។
សូមអាន នីហ្វៃទី ៣ ២៧:៨–១០ ដោយស្វែងរកមើលបុគ្គលិកលក្ខណៈនេះ ។
-
តើអ្នកអាចបន្ថែមអ្វីខ្លះចេញពីខគម្ពីរទាំងនេះទៅនឹងសេចក្តីពិតដ៏អង់អាច ដែលអ្នកបានស្គាល់ពីមុនអំពីសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ?
មានរបៀបមួយដែលយើងអាចសង្ខេបអំពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ដែលអ្នកបានសិក្សារហូតមកដល់ពេលនេះគឺ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទពិត ត្រូវតែហៅតាមព្រះនាមទ្រង់ ហើយត្រូវបានសង់ឡើងលើដំណឹងល្អរបស់ទ្រង់ ។
-
តើអ្នកគិតថា វាមានអត្ថន័យយ៉ាងណាសម្រាប់សាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ដែលត្រូវបានសង់ឡើងលើដំណឹងល្អរបស់ទ្រង់នោះ ?
វាប្រហែលជាមានប្រយោជន៍ក្នុងការយល់ថា ពាក្យ ដំណឹងល្អ មានន័យថា « សេចក្តីល្អដែលត្រូវដឹង » ( សូមមើល Bible Dictionary « Gospels » ) ។
ដើម្បីជួយអ្នកឲ្យយល់អំពីគំនិតសំខាន់ៗអំពីដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ សូមគូររូបភាពសាមញ្ញមួយអំពីអគារព្រះវិហារនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ដូចរូបខាងក្រោមនេះ ។ សូមប្រាកដថា ទុកកន្លែងដើម្បីសរសេរពាក្យ និងឃ្លានៅពីក្រោមព្រះវិហារ ។
សូមអាន នីហ្វៃទី ៣ ២៧: ១៣–២២ ដោយរកមើលអ្វីដែលព្រះយេស៊ូវគ្រីស្ទមានព្រះបន្ទូលអំពីដំណឹងល្អរបស់ទ្រង់ ។ សូមសរសេរពាក្យ ឬឃ្លាដែលអ្នករកឃើញក្នុងចន្លោះខាងក្រោមគំនូររបស់អ្នក ។
-
ផ្អែកលើខគម្ពីរដែលអ្នកបានសិក្សា តើអ្នកនឹងពិណ៌នាថា ដំណឹងល្អរបស់ព្រះអង្គសង្គ្រោះគឺជាអ្វី ?