« នីហ្វៃទី ៣ ២៧ ផ្នែកទី ២ ៖ បានញែកចេញជាបរិសុទ្ធ តាមរយៈព្រះយេស៊ូវគ្រីស្ទ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី ៣ ២៧ ផ្នែកទី ២ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី ៣ ២៧ ផ្នែកទី ២
បានញែកចេញជាបរិសុទ្ធ ដោយតាមរយៈព្រះយេស៊ូវគ្រីស្ទ
តើធ្លាប់មានពេលដែលអ្នកចង់ឲ្យបានកាន់តែស្អាតខាងវិញ្ញាណដែរឬទេ ? នៅពេលព្រះយេស៊ូវគ្រីស្ទបានបង្រៀនដល់ពួកសិស្សរបស់ទ្រង់នៅទ្វីបអាមេរិកពីបុរាណ ទ្រង់បានពន្យល់អំពីពរជ័យសំខាន់ៗ ដែលមានសម្រាប់អស់អ្នកដែលធ្វើតាមដំណឹងល្អរបស់ទ្រង់ រួមមានការញែកខ្លួនជាបរិសុទ្ធដោយព្រះវិញ្ញាណបរិសុទ្ធ ។ មេរៀននេះអាចជួយឲ្យអ្នកយល់អំពីរបៀបដើម្បីទទួលព្រះចេស្តានៃការញែកចេញឲ្យបរិសុទ្ធរបស់ព្រះអង្គសង្រ្គោះ កាលដែលអ្នកខិតខំរស់នៅតាមដំណឹងល្អរបស់ទ្រង់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
មិនស្អាត
អែលឌើរ អាឡែន ឌី ហែនី ក្នុងពួកចិតសិបនាក់បានចែកចាយរឿងដូចខាងក្រោមតាំងពីកុមារភាពរបស់លោក ។
កាលខ្ញុំអាយុប្រាំបួនឆ្នាំ យាយខាងម្តាយខ្ញុំដែលមានសក់ស កម្ពស់ ( មួយម៉ែត្រកន្លះ ) បានមកលេងខ្ញុំពីរបីសប្តាហ៍នៅផ្ទះរបស់ពួកខ្ញុំ ។ នារសៀលមួយអំឡុងពេលគាត់ស្នាក់នៅទីនោះ បងប្រុសពីរនាក់របស់ខ្ញុំ និង ខ្ញុំបានសម្រេចចិត្តជីករណ្ដៅនៅលើវាលមួយនៅផ្លូវម្ខាងទៀតពីផ្ទះខ្ញុំ ។ ខ្ញុំពុំដឹងថា ហេតុអ្វីពួកខ្ញុំធ្វើដូច្នោះឡើយ តែពេលខ្លះក្មេងប្រុសៗជីករណ្តៅលេង ។ យើងបានប្រឡាក់ខ្លួនតិចតួច ប៉ុន្តែពុំមានអ្វីដែលធ្វើឲ្យយើងមានបញ្ហាធ្ងន់ធ្ងរនោះទេ ។ ក្មេងប្រុសផ្សេងទៀតដែលជាអ្នកភូមិផងរបងជិតយើង បានឃើញពីក្តីរំភើបក្នុងការជីករណ្តៅនោះ ហើយបានចាប់ផ្តើមជួយជីកពួកខ្ញុំ ។ ក្រោយមកពួកខ្ញុំទាំងអស់គ្នាប្រឡាក់ខ្លួនខ្លាំងជាងមុន ។ ដីនោះរឹងណាស់ ដូច្នេះពួកខ្ញុំបានទាញទុយោទឹកស្រោចសួនផ្កាមក ហើយបើកទឹកបន្តិចដាក់ក្នុងបាតរណ្តៅនោះ ដើម្បីបន្ទន់ដី ។ យើងបានប្រឡាក់ភក់ខ្លះៗនៅពេលយើងជីក ហើយរណ្តៅនោះវាកាន់តែជ្រៅទៅៗ ។
មានម្នាក់ក្នុងក្រុមរបស់ពួកខ្ញុំបានសម្រេចចិត្តថា យើងគួរតែធ្វើរណ្តៅរបស់យើងឲ្យក្លាយជាអាងហែលទឹកដូច្នេះពួកខ្ញុំបានដាក់ទឹកពេញរណ្តៅនោះ ។ ដោយសារខ្ញុំក្មេងជាងគេ ហើយចង់ឲ្យគេទទួលស្គាល់ខ្លួន នោះខ្ញុំត្រូវបានគេបញ្ចុះបញ្ចូលឲ្យសាកល្បងលោតចូលក្នុងរណ្តៅនោះ ។ ឥឡូវនេះខ្ញុំប្រឡាក់ពេញខ្លួនតែម្តង ។ ខ្ញុំពុំបានចាប់ផ្តើម ដោយមានគម្រោងឲ្យប្រឡាក់ភក់ពេញខ្លួនឡើយ ប៉ុន្តែនោះជាលទ្ធផលដែលខ្ញុំបានទទួល ។
នៅពេលអាកាសធាតុចាប់ផ្តើមត្រជាក់ ខ្ញុំបានឆ្លងផ្លូវដោយមានបំណងដើរចូលទៅក្នុងផ្ទះ ។ យាយរបស់ខ្ញុំបានជួបខ្ញុំនៅទ្វារមុខផ្ទះ ហើយពុំអនុញ្ញាតឲ្យខ្ញុំចូលក្នុងផ្ទះឡើយ ។ គាត់បានប្រាប់ខ្ញុំថាប្រសិនបើគាត់ឲ្យខ្ញុំចូល នោះខ្ញុំនឹងធ្វើឲ្យផ្ទះដែលគាត់ទើបតែសម្អាតនោះប្រឡាក់ហើយ ។ ដូច្នេះខ្ញុំបានធ្វើនូវអ្វីដែលក្មេងអាយុប្រាំឆ្នាំនឹងធ្វើក្នុងស្ថានភាពនោះ ដោយរត់ទៅតាមទ្វារក្រោយដើម្បីចូលផ្ទះ ប៉ុន្តែគាត់បានទៅដល់ទីនោះលឿនមុនខ្ញុំគិតទៅទៀត ។ ខ្ញុំខឹងនឹងគាត់ ខ្ញុំបានទន្ទ្រាំជើង ហើយទាមទារចូលទៅក្នុងផ្ទះ ប៉ុន្តែទ្វារនៅតែបិទ ។
ខ្ញុំទទឹកខ្លួនជោគ ប្រឡាក់ភក់ រងារ ហើយដោយការគិតតាមបែបកុមារភាពរបស់ខ្លួន នោះខ្ញុំបានគិតថាខ្ញុំនឹងស្លាប់នៅរានហាលក្រោយផ្ទះនោះហើយ ។ ទីបំផុត ខ្ញុំបានសួរគាត់ថាតើខ្ញុំត្រូវធ្វើអ្វីខ្លះដើម្បីបានចូលទៅក្នុងផ្ទះ ។ ពីមុនខ្ញុំបានដឹងវានោះ ខ្ញុំបានឃើញថាខ្ញុំកំពុងឈរនៅរានហាលខាងក្រោយផ្ទះ ខណៈដែលយាយរបស់ខ្ញុំបានបាញ់ទឹកពីទុយោដាក់ខ្ញុំ ។ បន្ទាប់ពីយូរក្រែលមក យាយរបស់ខ្ញុំបានប្រកាសថាខ្ញុំស្អាតហើយ ព្រមទាំងបានឲ្យខ្ញុំចូលទៅក្នុងផ្ទះ ។ ខ្ញុំមានភាពកក់ក្តៅពេលនៅក្នុងផ្ទះ ហើយខ្ញុំអាចស្លៀកពាក់ខោអាវស្ងួតវិញ ។ ( អែលឌើរ អាឡែន ឌី ហែនី « Remembering in Whom We Have Trusted » Liahona ខែវិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១២១ )
-
តើការប្រៀបធៀបខាងវិញ្ញាណអ្វីខ្លះដែលអ្នកអាចធ្វើបានរវាងរឿងរបស់អែលឌើរ ហែនី និងជីវិតរបស់យើង ?
នៅក្នុង នីហ្វៃទី ៣ ២៧ នៅក្នុងផ្នែកនៃសេចក្តីថ្លែងរបស់ព្រះអង្គសង្គ្រោះទៅកាន់ពួកសិស្សសាសន៍នីហ្វៃអំពីដំណឹងល្អរបស់ទ្រង់ ទ្រង់បានបង្រៀនអំពីលទ្ធផលនៃអំពើបាប និងអំពីរបៀប ដែលយើងអាចយកឈ្នះអំពើបាបបាន និងបានស្អាតខាងវិញ្ញាណ ។
សូមអាន នីហ្វៃទី ៣ ២៧:១៩ ដោយស្វែងរកការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ។
-
តើខគម្ពីរនេះបង្រៀនអ្នកអ្វីខ្លះអំពីតម្រូវការរបស់អ្នកសម្រាប់ព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ?
ព្រះយេស៊ូវគ្រីស្ទអាចសម្អាតអ្នកចេញពីស្នាមប្រឡាក់នៃអំពើបាប ហើយជួយដល់អ្នកឲ្យញែកចេញជាបរិសុទ្ធ ។ សូមគិតអំពីតម្រូវការរបស់អ្នក ដែលត្រូវបានសម្អាតឲ្យបានស្អាតពីអំពើបាប ហើយអ្នកទទួលបានអារម្មណ៍ ឬមានអារម្មណ៍បែបណាចំពោះការស្អាតខាងវិញ្ញាណនេះ ។ ខណៈពេល ដែលអ្នកកំពុងសិក្សានៅថ្ងៃនេះ សូមស្វែងរកការបង្រៀន ដែលអាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីរបៀប ដែលអ្នកអាចទទួលបានព្រះចេស្តានៃការញែកចេញជាបរិសុទ្ធរបស់ព្រះអង្គសង្គ្រោះនៅក្នុងជីវិតរបស់អ្នក ។
ព្រះយេស៊ូវគ្រីស្ទ បានពិណ៌នាអំពីរបៀប ដែលយើងអាចញែកចេញជាបរិសុទ្ធដោយព្រះវិញ្ញាណបរិសុទ្ធ
នៅក្នុង នីហ្វៃទី ៣ ២៧:២០–២២ ព្រះអង្គសង្គ្រោះបានបង្រៀនអំពីអ្វី ដែលយើងអាចធ្វើ ដើម្បីទទួលបានព្រះចេស្តានៃការញែកចេញជាបរិសុទ្ធរបស់ទ្រង់ ហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលជីវិតដ៏នៅអស់កល្បជានិច្ច ។ ដើម្បីជួយអ្នកឲ្យសិក្សាខគម្ពីរទាំងនេះ សូមចម្លងតារាងខាងក្រោមនេះចូលទៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
បទបញ្ញត្តិទាំងឡាយ |
ការប្រសិទ្ធពរ |
---|---|
សូមអាន នីហ្វៃទី ៣ ២៧: ២០–២២ និងបំពេញតារាងនេះដោយផ្អែកលើអ្វី ដែលអ្នកបានរកឃើញ ។
-
តើអ្នកសង្ខេបការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុង ខទី ២ ជាសេចក្តីថ្លែងការណ៍មួយនៃសេចក្តីពិតរបៀបណា ?
សេចក្តីពិតមួយដែលយើងអាចរៀនបាន គឺថា ប្រសិនបើយើងប្រែចិត្ត ហើយចូលមករកព្រះយេស៊ូវគ្រីស្ទដោយទទួលពិធីជ្រមុជទឹក នោះយើងអាចញែកជាបរិសុទ្ធ ដោយការទទួលព្រះវិញ្ញាណបរិសុទ្ធ ហើយឈរដោយមានភាពសស្អាតនៅចំពោះព្រះភ័ក្រ្តទ្រង់នៅថ្ងៃចុងក្រោយ ។
ត្រូវបានញែកចេញជាបរិសុទ្ធ មានន័យថា « ឲ្យបានផុតពីអំពើបាប ឲ្យបានសុទ្ធសាធ ស្អាតបាត និងបរិសុទ្ធ តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ញែកជាបរិសុទ្ធ, ការញែកជាបរិសុទ្ធ » scriptures.ChurchofJesusChrist.org ) ។
-
តើការប្រែចិត្ត និងពិធីបុណ្យជ្រមុជទឹកជួយយើងឲ្យទទួលបានការញែកចេញជាបរិសុទ្ធដោយព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
-
តើអ្នកអាចឆ្លើយតបទៅនរណាម្នាក់ ដែលមានចម្ងល់ថា តើបទបញ្ញត្តិទាំងនេះអនុវត្តចំពោះពួកគេបានដោយរបៀបណា បន្ទាប់ពីពួកគេបានទទួលពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹកហើយនោះ ?
ការបានញែកចេញជាបរិសុទ្ធដោយព្រះវិញ្ញាណបរិសុទ្ធ
ព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុង ខទី ២ បង្រៀនយើងថា របៀបដែលទ្រង់ជួយយើងឲ្យបានញែកចេញជាបរិសុទ្ធ គឺតាមរយៈការទទួលយកព្រះវិញ្ញាណបរិសុទ្ធ ។
ប្រធាន ហិនរី ប៊ី អាវរិង ដែលជាគណៈប្រធានទីមួយបានបង្រៀនអំពី ទំនាក់ទំនងរវាងដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ និងឥទ្ធិពលនៃការញែកចេញជាបរិសុទ្ធរបស់ព្រះវិញ្ញាណបរិសុទ្ធ ។
ប្រសិនបើអ្នកទទួលអារម្មណ៍ពីឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធនៅសព្វថ្ងៃនេះ នោះអ្នកអាចយកវាធ្វើជាភស្ដុតាងថា ដង្វាយធួនកំពុងដំណើរការនៅក្នុងជីវិតរបស់អ្នកហើយ ។ ដោយសារហេតុផលនោះ និងមានអ្វីផ្សេងទៀតជាច្រើន អ្នកអាចធ្វើឲ្យខ្លួនឯងស្ថិតនៅក្នុងកន្លែង និងកិច្ចការដែលយាងអញ្ជើញការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ។ ការទទួលអារម្មណ៍នៃការទទួលឥទ្ធិពលពីព្រះវិញ្ញាណបរិសុទ្ធដំណើរការបានទាំងពីររបៀប ៖ ព្រះវិញ្ញាណបរិសុទ្ធគង់តែក្នុងព្រះវិហារបរិសុទ្ធដែលស្អាតស្អំប៉ុណ្ណោះ ហើយការទទួលយកព្រះវិញ្ញាណបរិសុទ្ធសម្អាតយើងតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ( ហិនរី ប៊ី អាវរិង « Gifts of the Spirit for Hard Times » Ensign ខែ មិថុនា ឆ្នាំ ២០០៧ ទំព័រ ២៣ )
-
តើអ្នកបានសម្គាល់ឃើញអំពីឥទ្ធិពលបន្សុទ្ធរបស់ព្រះវិញ្ញាណក្នុងជីវិតរបស់អ្នករបៀបណា ?
-
តើមានរបៀបណាខ្លះ ដែលយើងអាចយាងអញ្ជើញភាពជាគូកនដែលកំពុងតែបន្តរបស់ព្រះវិញ្ញាណបរិសុទ្ធ ដើម្បីឲ្យយើងអាចទទួលបានពរជ័យជាប្រចាំនូវឥទ្ធិពលនៃការញែកចេញជាបរិសុទ្ធនៃភាពជាគូកននេះ ?
ការអនុវត្តការបង្រៀនរបស់ព្រះអង្គសង្គ្រោះក្នុងជីវិតរស់នៅរបស់អ្នក
សេចក្ដីពិតដែលអ្នកបានសិក្សានៅថ្ងៃនេះ គឺសាមញ្ញ ប៉ុន្តែចាំបាច់ត្រូវធ្វើតាមឲ្យបានជាប់លាប់ ដើម្បីអ្នកអាចប្រែចិត្តមករកព្រះវត្តមានរបស់ព្រះវិញដោយភាពស័ក្ដិសមបំផុត ។ សូមគិតអំពីរបៀប ដែលអ្នកនឹងយកទៅអនុវត្តនៅក្នុងជីវិតរស់នៅរបស់អ្នកចំពោះអ្វី ដែលអ្នកបានរៀន និងទទួលអារម្មណ៍ ។ អ្នកអាចជ្រើសរើសជម្រើសមួយ ឬច្រើននៅខាងក្រោមនេះ ឬជ្រើសរើសរបៀបមួយផ្សេង ដើម្បីយកទៅអនុវត្តចំពោះការបង្រៀនទាំងអស់នេះ ។
-
សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់អំពីការប្រែចិត្តជារៀងរាល់ថ្ងៃ ហើយតាំងចិត្តធ្វើតាមព្រះអង្គសង្គ្រោះឲ្យបានពេញលេញជាងមុន ។
-
សូមធ្វើឲ្យការចូលរួមរបស់អ្នកនៅក្នុងពិធីបរិសុទ្ធនៃសាក្រាម៉ង់ជាផ្នែកមួយដ៏មានអត្ថន័យបន្ថែមទៀតនៃការថ្វាយបង្គំនៅថ្ងៃអាទិត្យរបស់អ្នក ។
-
សូមស្វែងរកអំពើបាប ឬការរំខាន ដែលដាក់កម្រិតភាពជាគូកនរបស់អ្នកពីព្រះវិញ្ញាណបរិសុទ្ធ ។ សូមចាត់វិធានការដែលចាំបាច់ដើម្បីដកអំពើបាប ឬការរំខាននោះចេញពីជីវិតរបស់អ្នក ។
-
សូមចាប់ផ្តើមធ្វើអ្វីមួយដែលនឹងផ្តល់លទ្ធភាពកាន់តែច្រើនដល់អ្នកក្នុងការទទួលបានភាពជាគូកននៃព្រះវិញ្ញាណបរិសុទ្ធ ។