« អេធើរ ៦ ៖ ពួកសាសន៍យ៉ារេឌធ្វើដំណើរទៅកាន់ដែនដីសន្យា » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អេធើរ ៦ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អេធើរ ៦
ពួកសាសន៍យ៉ារេឌធ្វើដំណើរទៅកាន់ដែនដីសន្យា
សូមស្រមៃពីសភាពអារម្មណ៍របស់ពួកសាសន៍យ៉ារេឌ នៅពេលដែលពួកគេចូលទៅក្នុងភេត្រារបស់ពួកគេ ហើយធ្វើដំណើរឆ្លងកាត់ផ្ទៃទឹកដ៏ធំល្វឹងល្វើយ នៅពេលដែលពួកគេធ្វើដំណើរទៅកាន់ដែនដីសន្យា ។ ទោះជាការធ្វើដំណើររបស់ពួកគេមានរយៈពេលវែង និងមានការលំបាកយ៉ាងណាក៏ដោយ ក៏ពួកសាសន៍យ៉ារេឌបានទទួលស្គាល់ថា ព្រះអម្ចាស់កំពុងតែជួយដល់ពួកគេនៅតាមផ្លូវធ្វើដំណើរដែរ ។ ព្រះអម្ចាស់ក៏អាចជួយពួកយើងក្នុងអំឡុងពេលនៃការធ្វើដំណើររបស់យើងឆ្លងកាត់ជីវិតរមែងស្លាប់ និងត្រឡប់ទៅកាន់វត្តមានរបស់ព្រះវរបិតាសួគ៌វិញបានដែរ ។ មេរៀននេះអាចជួយអ្នកឲ្យចេះប្រៀបធៀបបទគម្ពីរ ដើម្បីរៀនសូត្រពីសេចក្ដីពិត ដែលអាចជួយអ្នកក្នុងអំឡុងពេលនៃដំណើរជីវិតរបស់អ្នក ។
សកម្មភាពរៀនសូត្រដែលអាចមាន
ដំណើរជីវិត
ជីវិតរមែងស្លាប់របស់យើងអាចយកមកប្រៀបធៀបទៅនឹងដំណើរដ៏វែងឆ្ងាយ ដោយមានគោលដៅដែលប្រាថ្នាចង់បាន គឺជីវិតដ៏នៅអស់កល្បជានិច្ច ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរ « ខ្ញុំ » នៅលើទំព័រម្ខាង និង « ជីវិតដ៏នៅអស់កល្បជានិច្ច » នៅទំព័រម្ខាងទៀត ។ នៅចន្លោះចំណងជើងទាំងពីរនេះ សូមសរសេរអំពីឧបសគ្គមួយចំនួនដែលអាចនឹងកើតឡើងនៅក្នុងអំឡុងពេលធ្វើដំណើររបស់យើង ដែលធ្វើឲ្យយើងពិបាកនឹងត្រឡប់ទៅរកព្រះវរបិតាសួគ៌វិញប្រកបដោយភាពស័ក្តិសម ។ បន្ទាប់មក សូមគិតអំពីរបៀបដែលការធ្វើដំណើររបស់អ្នកឆ្ពោះទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ចមានលក្ខណៈយ៉ាងណាដែរ ហើយតើឧបសគ្គណាមួយដែលអ្នកកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ ។
នៅថ្ងៃនេះ អ្នកនឹងសិក្សាអំពីការធ្វើដំណើរដែលពួកសាសន៍យ៉ារេឌបានធ្វើទៅកាន់ដែនដីសន្យា បន្ទាប់ពីពួកគេបានបញ្ចប់ការសាងសង់ភេត្រារបស់ពួកគេ ។ នៅពេលអ្នកសិក្សា សូមរកមើលសេចក្តីពិតដែលអាចជួយអ្នកឲ្យយកឈ្នះលើឧបសគ្គដែលអ្នកប្រឈមមុខក្នុងការធ្វើដំណើររបស់អ្នកត្រឡប់ទៅកាន់វត្តមានរបស់ព្រះវិញ ។
ការប្រៀបប្រដូចបទគម្ពីរទៅនឹងជីវិតរបស់អ្នក
ជំហានខាងក្រោមនេះអាចជួយអ្នកឲ្យប្រៀបធៀប ឬប្រៀបប្រដូចអ្វីដែលអ្នកនឹងអាននៅក្នុងបទគម្ពីរ ទៅនឹងកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរចំណងជើង « របៀបប្រៀបប្រដូចបទគម្ពីរទៅនឹងជីវិតរបស់ខ្ញុំ » ។ សូមកត់ត្រាជំហានទាំងនេះនៅខាងក្រោមចំណងជើង ។
-
ស្វែងរកព័ត៌មានលម្អិតសំខាន់ៗ ។
-
ធ្វើការប្រៀបធៀប ។
-
ស្វែងយល់ពីមេរៀនដ៏មានតម្លៃ ។
-
កំណត់ការអនុវត្តផ្ទាល់ខ្លួន ។
ជំហានទី ១ ៖ ស្វែងរកព័ត៌មានលម្អិតសំខាន់ៗ
សូមអាន អេធើរ ៦:១–៣ ដោយស្វែងរកព័ត៌មានលម្អិតសំខាន់ៗ ។ ព័ត៌មានលម្អិតទាំងនេះអាចមានដូចជាមនុស្ស ទីកន្លែង វត្ថុ ឬសកម្មភាពដែលត្រូវបានគូសបញ្ជាក់ ។
ព័ត៌មានលម្អិតដ៏សំខាន់មួយដែលអ្នកប្រហែលជាបានកត់សម្គាល់មកនោះ គឺថាព្រះអម្ចាស់បានធ្វើឲ្យក្រួសទាំងឡាយដែលបងប្រុសរបស់យ៉ារេឌបានយកទៅថ្វាយទ្រង់ពីមុននោះ ( សូមមើល អេធើរ ៣:១–៦ ) ឲ្យភ្លឺឡើង ដូច្នេះពួកសាសន៍យ៉ារេឌនឹងមានពន្លឺបំភ្លឺនៅក្នុងភេត្រារបស់ពួកគេ ។
ជំហានទី ២ ៖ ធ្វើការប្រៀបធៀប
សូមគិតអំពីរបៀបនៃព័ត៌មានលម្អិតដែលអ្នកបានរកឃើញនៅក្នុងជំហានមុននេះ អាចប្រៀបធៀបទៅនឹងអ្វីមួយខាងវិញ្ញាណ ឬទៅនឹងស្ថានភាពជាក់ស្ដែងនៅក្នុងជីវិតអ្នក ។
-
តើអ្នកអាចធ្វើការប្រៀបធៀបអ្វីខ្លះជាមួយនឹងព័ត៌មានលម្អិត ដែលអ្នកបានរកឃើញនៅក្នុងជំហានមុននេះ ?
ឧទាហរណ៍ អ្នកប្រហែលជាបានប្រៀបធៀបក្រួសដែលភ្លឺចែងចាំងទៅនឹងប្រភពនៃពន្លឺខាងវិញ្ញាណ ដែលព្រះវរបិតាសួគ៌បានប្រទានដល់យើង ដូចជាការបង្រៀន និងគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ព្រះវិញ្ញាណបរិសុទ្ធ ព្រះគម្ពីរ និងព្យាការីដែលនៅរស់ជាដើម ។ ( សូមមើល ទំនុកដំកើង ១១៩:១០៥; យ៉ូហាន ៨:១២ និង នីហ្វៃទី១ ១៧:១៣ ។ អ្នកអាចនឹងធ្វើសេចក្តីយោងបទគម្ពីរទាំងនេះឆ្លងទៅ អេធើរ ៦:៣ បាន ) ។
ជំហានទី ៣ ៖ ស្វែងយល់ពីមេរៀនដ៏មានតម្លៃ
សូមគិតអំពីមេរៀន ឬសេចក្តីពិតណាដែលអ្នកបានរៀនសូត្រ នៅពេលដែលអ្នកប្រៀបធៀបខគម្ពីរទាំងនេះទៅនឹងជីវិតរបស់អ្នក ឬទៅនឹងអ្វីមួយខាងវិញ្ញាណ ។ សូមពិចារណាផងដែរទៅលើអ្វីដែលអ្នករៀនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
តើមានមេរៀន ឬសេចក្តីពិតអ្វីខ្លះ ដែលអ្នករៀនសូត្រពីខគម្ពីរទាំងនេះ ? តើអ្នករកឃើញអ្វីខ្លះ ដែលអាចជួយដល់អ្នកក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ?
សេចក្តីពិតមួយដែលយើងអាចរៀនសូត្របាន គឺថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទប្រទាននូវការណែនាំ និងពន្លឺដល់យើង ដើម្បីជួយយើងក្នុងអំឡុងពេលធ្វើដំណើរឆ្លងកាត់ជីវិតរមែងស្លាប់នេះ ។
ជំហានទី ៤ ៖ កំណត់ការអនុវត្តផ្ទាល់ខ្លួន
សូមពិចារណាពីរបៀបដែលអ្នកអាចអនុវត្តមេរៀនដែលអ្នកបានរកឃើញនៅក្នុងជំហានមុនក្នុងជីវិតរបស់អ្នក ។
-
តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីធ្វើតាម ឬទទួលបានពន្លឺរបស់ព្រះបន្ថែមទៀតនៅក្នុងជីវិតរបស់អ្នក ?
អ្នកប្រហែលជាបានគិតពីសកម្មភាព ដែលមានដូចជា ការកែលម្អការសិក្សាព្រះគម្ពីររបស់អ្នកឲ្យបានប្រសើរឡើង ការស្វែងរកការណែនាំពីព្រះវរបិតាសួគ៌នៅក្នុងការសម្រេចចិត្តប្រចាំថ្ងៃរបស់អ្នក ឬការខិតខំឧស្សាហ៍ព្យាយាមបន្ថែមទៀត ដើម្បីរក្សាព្រះវិញ្ញាណបរិសុទ្ធធ្វើជាដៃគូរបស់អ្នកជានិច្ច ។
អនុវត្តការប្រៀបប្រដូចខគម្ពីរផ្សេងទៀតចេញពីដំណើររឿងនេះ
សូមសិក្សាដំណើររឿងទាំងប៉ុន្មានទៀតអំពីការធ្វើដំណើររបស់ពួកសាសន៍យ៉ារេឌទៅកាន់ដែនដីសន្យាដោយអាន អេធើរ ៦:៤–១២ ។ សូមរកមើលវិធីជាច្រើនទៀតដែលការធ្វើដំណើររបស់ពួកសាសន៍យ៉ារេឌអាចទាក់ទងនឹងដំណើរជីវិតរបស់អ្នក ។ នៅពេលដែលអ្នកសិក្សា សូមរៀនប្រើប្រាស់ដំណើរការទាំងបួនជំហានសម្រាប់ការប្រៀបប្រដូចទៅនឹងបទគម្ពីរ ។
សូមយកចិត្តទុកដាក់ជាពិសេសចំពោះអ្វី ដែលខគម្ពីរទាំងនេះបង្រៀនដល់អ្នកអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។