ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ អេធើរ ១២:៦—« ដ្បិត​អ្នករាល់គ្នា​ពុំ​ទទួល​សាក្សី​ឡើយ លុះ​ដល់​ពេល​ក្រោយពី​ការសាកល្បង​នៃ​សេចក្តី​ជំនឿ​របស់​អ្នក​សិន »


« ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ អេធើរ ១២:៦—‹ ដ្បិត​អ្នករាល់គ្នា​ពុំ​ទទួល​សាក្សី​ឡើយ លុះ​ដល់​ពេល​ក្រោយពី​ការសាកល្បង​នៃ​សេចក្តី​ជំនឿ​របស់​អ្នក​សិន › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ អេធើរ ១២:៦ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ អេធើរ ១២:៦

« ដ្បិត​អ្នករាល់គ្នា​ពុំ​ទទួល​សាក្សី​ឡើយ លុះ​ដល់​ពេល​ក្រោយពី​ការសាកល្បង​នៃ​សេចក្តី​ជំនឿ​របស់​អ្នក​សិន »

យុវនារី​ពីរនាក់​កំពុង​ពិភាក្សា​គ្នា

នៅក្នុង​ការសិក្សា​របស់​អ្នកអំពី អេធើរ ១២:១–២២ អ្នក​បាន​រៀនពីរបៀប​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់ មុនពេល​ទទួលបាន​សាក្សី​ខាង​វិញ្ញាណ​អំពី​សេចក្ដីពិត ( សូមមើល អេធើរ ១២:៦ ) ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទ​គម្ពីរ​គន្លឹះ​សម្រាប់ អេធើរ ១២:៦ ពន្យល់​អំពី​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​នេះ និង​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង​នានា ។

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ប្រើគោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ ។នៅពេល​ដែល​សិស្ស​ស៊ាំ​នឹង​ការប្រើប្រាស់​គោលការណ៍នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​កាន់តែ​ខ្លាំង នោះ​ពួកគេនឹង​ទម្លាប់​អនុវត្ត​វា​ជាមួយ​សំណួរ​ដែល​ពួកគេ​មាន ។ សូម​មាន​ភាពខ្ជាប់ខ្ជួន និង​ប្រកប​ដោយ​ភាពច្នៃប្រឌិត នៅពេល​ដែលអ្នកអញ្ជើញ​ពួកគេ​ឲ្យពិនិត្យ​មើល​គោលការណ៍​ទាំងនេះ​តាមរបៀប​ផ្សេងៗ​គ្នា ។

ការរៀបចំ​សិស្ស ៖ សូមអញ្ជើញ​សិស្សឲ្យ​ស្វែងរក​វគ្គបទគម្ពីរ ដែលអាច​ជួយ​នរណាម្នាក់​ឲ្យ​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន ។ ដើម្បីស្វែងរក​បទគម្ពីរ ពួកគេអាច​ស្រាវជ្រាវ​ក្នុង​ប្រធានបទ​អំពី « សេចក្ដី​ជំនឿ » នៅក្នុង សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយTopical Guide ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

មេរៀន​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​យកទៅ​បង្រៀន​បន្ទាប់ពី​មេរៀន « អេធើរ ១២:១–២២ » ដែលជា​មេរៀន​បរិបទ​សម្រាប់​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ អេធើរ ១២:៦ ។ ប្រសិនបើ​មេរៀន​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ​ត្រូវប្តូរ​ទៅ​សប្តាហ៍​ផ្សេង សូម​ប្រាកដ​ថា មេរៀន​បរិបទ​ដែល​ត្រូវគ្នា​នេះ​ត្រូវបាន​បង្រៀន​នៅអំឡុង​សប្តាហ៍​នោះ​ផងដែរ ។

ពន្យល់ និង​ទន្ទេញ

នៅក្នុង​មេរៀនមុន អ្នកបាន​រៀនអំពី​សេចក្តីពិត​ដូច​តទៅ​នេះ​ចេញពី អេធើរ ១២:៦ ៖ ប្រសិនបើ​យើងចង់​បានសាក្សី​ខាងវិញ្ញាណ នោះយើង​ត្រូវតែ​អនុវត្ត​សេចក្តីជំនឿ​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់​ជាមុន​សិន ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​រៀន​ពន្យល់​ពី​ការបង្រៀន​អំពី អេធើរ ១២:៦ ដល់​ដៃគូម្នាក់ ។ អ្នកអាច​បង្ហាញ​សំណួរ​ដូច​ខាងក្រោមនេះ​ដើម្បី​ឲ្យ​សិស្ស​ពិភាក្សា​គ្នា​បាន ។

  • តើ​មាន​ដំបូន្មាន​អ្វីខ្លះ​នៅក្នុង អេធើរ ១២:៦ ជូន​ទៅដល់​អ្នកដែល​មានសំណួរ ដែល​មិនទាន់​មាន​ចម្លើយ ឬ​មិនទាន់ « មើលឃើញ » សេចក្តីពិត ?

សូម​ជួយសិស្ស​ឲ្យ​ទន្ទេញ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លាបទគម្ពីរ​គន្លឹះ​សម្រាប់ អេធើរ ១២:៦ ។ ខាងក្រោម​នេះ​គឺជា​វិធី​មួយ​ដើម្បី​ធ្វើ​កិច្ចការ​នេះ ។

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) បាន​បង្រៀន​ថា នៅ​ទីបញ្ចប់ មនុស្ស​គ្រប់គ្នា​ប្រឈមមុខ​នឹង​ការសាកល្បង​នៃ​សេចក្ដីជំនឿ​របស់ពួកគេ ហើយ​ពួកគេ​ត្រូវ​ប្រកាន់ជំហរ​រឹងមាំ​មួយ ( សូមមើល « The Book of Mormon Is the Word of God » Ensign ខែ ឧសភា ឆ្នាំ ១៩៧៥ ទំព័រ ៦៥ ) ។ ម្យ៉ាងទៀត មនុស្ស​ទាំងអស់​ត្រូវសម្រេចចិត្ត​ដោយ​ខ្លួនឯង​ដើម្បី​មាន​សេចក្ដី​ជំនឿ​ក្នុង​ការជឿ​លើ និង​ស្គាល់​សេចក្តីពិត ។

សូម​គូរ​រូបភាព​ជញ្ជាំង​ដ៏​ធំមួយ​ដោយ​មាន​រូប​អ្នក​ឈរ​នៅពីមុខ​ជញ្ជាំង​នោះ ។ សូមប្រើ « ជញ្ជាំង​នៃ​សេចក្តីជំនឿ » ដើម្បី​ជួយ​អ្នកឲ្យ​ទន្ទេញចាំ​សេចក្តីយោង​អំពី អេធើរ ១២:៦ និង​ឃ្លាបទគម្ពីរ​គន្លឹះ ។ សូម​តុបតែង​ជញ្ជាំង​របស់​អ្នកដោយ​សរសេរ « អេធើរ ១២:៦ » នៅ​ផ្នែកខាងលើ បន្ទាប់​មក សូមសរសេរ « អ្នក​រាល់គ្នា​ពុំទទួលសាក្សី​ឡើយ លុះ​ដល់​ពេលក្រោយ​ពីការសាកល្បង​នៃសេចក្តី​ជំនឿ​របស់អ្នកសិន » នៅលើ​ជញ្ជាំង​នោះ​ជាច្រើនដង ។ នៅពេល​ដែល​ឃ្លា​បទគម្ពីរ​គន្លឹះ​បាន​សរសេរ​ពេញ​នៅលើ​ជញ្ជាំង​របស់អ្នក​ទាំងអស់​រួច​ហើយ សូម​ព្យាយាម​សូត្រ​ខគម្ពីរ​ទាំងនោះ​ឲ្យ​ឮៗ​ពីរបី​ដង​ដោយ​មិនមើល ។

ការអនុវត្ត​ជាក់ស្តែង

មុន​ពេល​ចាប់ផ្តើម​សកម្មភាព​អនុវត្តន៍​ជាក់ស្តែង សូម​គិតអំពី​វិធីច្នៃប្រឌិត​ដើម្បីគាំទ្រ​សិស្ស​ក្នុងការរៀន និង​ពិនិត្យមើល​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ​ឡើងវិញ ។ ការធ្វើ​ដូច្នោះ​ជាទៀងទាត់​នឹង​ជួយ​ពួកគេ​ឲ្យមាន​ជោគជ័យ​កាន់តែ​ខ្លាំង​ក្នុង​ការដឹង​ពី​របៀប​អនុវត្ត​តាម​គោលការណ៍​ទាំងនេះ ។

វិធីមួយ​ដើម្បីធ្វើដូចនេះ គឺអាចជា​ការសរសេរ​គោលការណ៍​ក្នុង​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​ទាំងបី​ដាក់​នៅលើ​ក្ដារខៀន ។ បន្ទាប់មក សូម​សរសេរ​យោបល់ ឬ​គោលគំនិត​នានា​មកពី​គោលការណ៍​នីមួយៗ​មិន​តាម​លំដាប់​លំដោយ ហើយអញ្ជើញ​សិស្សឲ្យប្រៀប​ធៀបគំនិតនេះ​ជាមួយនឹង​គោលការណ៍​ដែល​ត្រឹមត្រូវ ។

សូម​ចែកចាយ​សាច់រឿង​ខាងក្រោម​ជាមួយសិស្ស ឬគិតអំពី​សាច់រឿង​ផ្ទាល់ខ្លួន​របស់អ្នក ដែល​នឹង​សម្រេច​បានគោលបំណង​ដូចគ្នានេះ ។

គ្រីស្ទីណា និង នីសិតា គឺជា​មិត្តដ៏ល្អបំផុត​នឹងគ្នា ។ គ្រីស្ទីណា គឺជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទនៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ។ នាងព្យាយាម​ធ្វើជាគំរូ​ល្អដល់ នីសិតា ដែល​មិនជឿលើ​សាសនា ។ នីសិតា សួរ​សំណួរ​ពីជំនឿ​របស់ គ្រីស្ទីណា ជាញឹកញាប់ ហើយ​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​នាង​ទៅព្រះវិហារ​នៅ​ថ្ងៃអាទិត្យ ថ្វាយដង្វាយ​មួយភាគ​ក្នុងដប់ រស់នៅតាម​ពាក្យសម្ដី​នៃ​ប្រាជ្ញាវាងវៃ ហើយ​ជ្រើសរើស​ស្លៀក​ពាក់​យ៉ាង​សមរម្យ​ដូច្នេះ ។

គ្រីស្ទីណា ពន្យល់​ទៅ នីសិតា ថា នាងមាន​អារម្មណ៍​ថា ព្រះបញ្ញត្តិ និងបទដ្ឋាន​ដែល​នាង​រស់នៅ​តាម​នេះ គឺពិត និង​ទទួល​បាន​មកពីព្រះ ។ នីសិតា ឆ្លើយតប​ដោយ​សុភាពថា « តើ​ឯង​អាច​និយាយថា ឯង​ដឹង​ថារឿង​ទាំងនេះ​គឺជា​ការពិត​ដោយ​របៀបណា ? តើ​ធ្វើ​ដូចម្តេច​ទើប​ឯង​ដឹងថា អ្វីមួយដែល​ឯង​មើល​មិន​ឃើញ​គឺជា​ការពិត​នោះ ? »

សូមពិចារណា​បែងចែកសិស្សជា​ក្រុមតូចៗ ហើយអញ្ជើញ​ពួកគេឲ្យ​ពិភាក្សា​អំពីរបៀប​ដែលពួកគេ​អាចប្រើប្រាស់​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ និង អេធើរ ១២:៦ នៅក្នុង​ស្ថានភាព​បែបនេះ ។ សូមរំឭក​សិស្សថា សាច់រឿង​នៃ​ការអនុវត្ត​ជាក់ស្តែង​ទៅលើ​ចំណេះចំណាន​ខាងគោលលទ្ធិ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​រៀន​ប្រើប្រាស់​គោលការណ៍​នៃ​ការទទួល​បានចំណេះដឹង​ខាងវិញ្ញាណ ។ គំនិត និង​ការឆ្លើយតប​របស់ពួកគេមិន​ចាំបាច់​រៀបចំឲ្យ​បានល្អ ឬ​គ្មាន​កំហុស​នោះទេ ។

អ្នកអាច​អញ្ជើញសិស្ស​ឲ្យចាប់ផ្តើម​ការពិភាក្សា​របស់ពួកគេ​ដោយសួរ​ថា « តើគោលការណ៍​ណាមួយនៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ ដែល​ប្អូនៗ​នឹង​ចាប់ផ្តើមប្រើ​ដើម្បីជួយដល់​មិត្ត​របស់​ប្អូន ? ហេតុអ្វី ? » សំណួរ​នៅខាងក្រោមនេះ​ក៏អាចមានប្រយោជន៍​សម្រាប់​សិស្ស​យក​មកធ្វើជា​សេចក្តីយោង​ក្នុងអំឡុងពេល​ពិភាក្សា​របស់​ពួកគេ​ផងដែរ ។

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ការប្រើ​ទស្សនវិស័យ​អស់កល្ប​ជានិច្ច

  • តើគោលគំនិត ឬសេចក្តីពិតអ្វីខ្លះ ដែលអ្នកចង់​ជួយ នីសិតា ឲ្យ​យល់​បាន​កាន់​តែ​ច្បាស់ ? ហេតុអ្វី ?

  • តើ​អ្នក​អាច​ចែកចាយ​អ្វីខ្លះ​ជាមួយ នីសិតា អំពី​ព្រះអម្ចាស់ និង​របៀប​ដែលទ្រង់​ធ្វើការជាមួយ​យើង ?

ស្វែងរក​ការយល់​ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព

  • តើការ​បង្រៀនអ្វីខ្លះ​មកពី អេធើរ ១២:៦ ដែល​អាច​ជួយដល់​ស្ថានភាពនេះ​បាន ? ហេតុអ្វី ?

    ប្រសិនបើ​សិស្ស​អាចទទួលបាន​អត្ថប្រយោជន៍​ពីការមើលឃើញ​សេចក្ដី​ថ្លែងការណ៍​ដែលពាក់ព័ន្ធ​មួយ មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ​ទុកជា​ឧទាហរណ៍ សូម​ពិចារណា​ចែកចាយ​សេចក្ដីថ្លែងការណ៍​របស់ស៊ីស្ទើរ បូនី អិល អូស្ការសុន នៅ​ផ្នែក « វិចារណកថា និង​ព័ត៌មាន​សាច់រឿង » នៃ មេរៀន​មុន ។

  • តើ​វគ្គ​បទគម្ពីរ ឬ​សេចក្ដី​ថ្លែងការណ៍​បន្ថែម​មួយចំនួនអ្វីខ្លះ​ពី​អ្នកដឹកនាំ​សាសនាចក្រ ដែលអាច​ផ្តល់ជំនួយ និង​ការណែនាំ​សម្រាប់ នីសិតា បាន ?

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

  • តើអ្នក ឬ​អ្នកផ្សេងទៀត​មាន​បទពិសោធន៍​អ្វីខ្លះជាមួយ​នឹង​ការអនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ? តើ​ការចែកចាយ​ទាំងនេះ​ជាមួយ នីសិតា អាច​ជួយជំរុញ​ទឹកចិត្តនាង​ឲ្យ​ធ្វើសកម្មភាព​ដោយ​សេចក្ដី​ជំនឿ​បាន​យ៉ាង​ដូចម្តេច ?

  • តើ​សកម្មភាព​ស្មោះត្រង់​អ្វីខ្លះ​ដែល​អ្នកអាចណែនាំ​ឲ្យ នីសិតា ចាប់ផ្តើមធ្វើ​បាន ?

នៅ​ពេល​ដែលសិស្ស​បានបញ្ចប់​ការពិភាក្សា​របស់ពួកគេ​ហើយ សូមពិចារណា​អញ្ជើញសិស្ស​ខ្លះ​ឲ្យចែកចាយ​ពីរបៀប​ដែលពួកគេ​ឆ្លើយតប និង​អ្វីដែល​ពួកគេបាន​រៀនពី​បទពិសោធន៍​នេះ ។

សូម​ពិចារណា​ធ្វើការពិភាក្សា​ជាមួយ​សិស្សអំពី​របៀប​ដែល​លំហាត់​នេះ​អាចផ្តល់អត្ថប្រយោជន៍​ដល់​ពួកគេ​ក្នុង​ពេល​បច្ចុប្បន្ន និង​ពេលអនាគត ។ ឧទាហរណ៍ អ្នក​អាច​អញ្ជើញសិស្ស​ឲ្យ​គិតអំពី​ស្ថានភាពបច្ចុប្បន្ន ឬ​អនាគត ដែលការ​បង្រៀន​របស់ អេធើរ ១២:៦ និង​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ​អាច​នឹងជួយ​ពួកគេ ឬ​អ្នកដទៃ​ឲ្យ​ឆ្លងកាត់​ការសាកល្បង​នៃ​សេចក្ដីជំនឿ​បាន ហើយនៅទីបំផុត​ទទួលបាន​ទីបន្ទាល់​បញ្ជាក់​អំពី​សេចក្ដីពិត ។

ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ

នៅក្នុង​មេរៀន​លើក​ក្រោយ សូមគូរ​រូបភាពជញ្ជាំង​មួយ​ដាក់​នៅលើក្ដារខៀនដោយមាន​រូបមនុស្ស​ឈរនៅ​ពីមុខ​វា ។ សូមអញ្ជើញ​សិស្ស​ឲ្យប្រាប់​ថា តើ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ​ណា ដែលទាក់ទង​នឹង​រូប​គំនូរ​នេះ ( អេធើរ ១២:៦ ) ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​សូត្រឃ្លា​បទគម្ពីរ​គន្លឹះ​នេះ​ជាមួយ​ដៃគូ ។ ឃ្លា​បទគម្ពីរគន្លឹះ​នេះ​គឺ « ដ្បិត​អ្នក​រាល់គ្នា​ពុំទទួលសាក្សី​ឡើយ លុះ​ដល់​ពេលក្រោយ​ពីការសាកល្បង​នៃសេចក្តី​ជំនឿ​របស់អ្នកសិន » ។