« អេធើរ ១២:១–២២ ៖ ការទទួលបានទីបន្ទាល់អំពីសេចក្ដីពិត » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អេធើរ ១២:១–២២ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អេធើរ ១២:១–២២
ការទទួលបានទីបន្ទាល់អំពីសេចក្ដីពិត
តើមានអ្វីខ្លះដែលបានជួយអ្នកឲ្យមានភាពងាយស្រួលក្នុងការរៀនសូត្រពីសេចក្ដីពិតខាងវិញ្ញាណ ? បន្ទាប់ពីបានរៀបរាប់លម្អិតអំពីប្រវត្តិរបស់ពួកសាសន៍យ៉ារេឌជាច្រើនឆ្នាំរួចហើយ មរ៉ូណៃបានណែនាំពីការងារបម្រើរបស់ព្យាការីអេធើរ ។ បន្ទាប់មក មរ៉ូណៃបានចែកចាយពរជ័យមួយចំនួន ដែលទទួលបានមកពីការអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ រួមមានរបៀបដែលការសាកល្បងនៃសេចក្ដីជំនឿរបស់យើងអាចជួយយើងឲ្យទទួលបានសាក្សីនៃសេចក្ដីពិតផងដែរ ។ មេរៀននេះមានគោលបំណងជួយសិស្សឲ្យអនុវត្តសេចក្ដីជំនឿ ដើម្បីទទួលបានសាក្សីខាងវិញ្ញាណនៃសេចក្ដីពិត ។
រៀបចំខ្លួនបង្រៀន ដោយសារព្រះវិញ្ញាណថ្លែងទីបន្ទាល់អំពីសេចក្ដីពិត ហើយជាប្រភពនៃការប្រែចិត្តជឿ នោះគ្រូបង្រៀនដំណឹងល្អដ៏មានអានុភាពរៀបចំខ្លួនឯងខាងវិញ្ញាណជាយូរមុននឹងពួកគេបង្រៀន ។ សូមយាងព្រះវិញ្ញាណបរិសុទ្ធមកចូលនៅក្នុងការរៀបចំមេរៀនរបស់អ្នកតាមរយៈការអធិស្ឋានដោយស្មោះត្រង់ ហើយព្យាយាមធ្វើតាមការណែនាំរបស់ទ្រង់ នៅពេលដែលអ្នកផ្តោតលើការបង្រៀនអំពីគោលលទ្ធិ និង គោលការណ៍ទាំងឡាយ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីគំរូនានានៅក្នុងព្រះគម្ពីរដែលបង្ហាញថា ការប្រព្រឹត្តដោយស្មោះត្រង់នាំឲ្យមានទីបន្ទាល់ខាងវិញ្ញាណ ពរជ័យ ឬចម្លើយមកពីព្រះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
« តើអ្នកដឹងបានដោយរបៀបណា ? »
ស៊ីស្ទើរ រេបិកា អិល ក្រេវិន ទីប្រឹក្សាទីពីរក្នុងគណៈប្រធានយុវនារីទូទៅបានចែកចាយពីបទពិសោធន៍ខាងក្រោមដែលគាត់មាន នៅពេលនិយាយជាមួយយុវនារីម្នាក់ ៖
ធ្វើអ្វីដែលសំខាន់បំផុត
ខ្ញុំមានបទពិសោធន៍ដ៏ល្អមួយជាមួយយុវនារីជាទីស្រឡាញ់ម្នាក់ ដែលបានសួរសំណួរដ៏ស្មោះថា ៖ « ស៊ីស្ទើរ កា្រវីន តើស៊ីស្ទើរដឹងថា អ្វីៗអំពីសាសនាចក្រនេះពិតដោយរបៀបណា ? ព្រោះខ្ញុំគ្មានអារម្មណ៍អ្វីសោះ » ។
មុននឹងឆ្លើយ ខ្ញុំបានសួរសំណួរខ្លះៗទៅនាងសិន ។ « សូមប្រាប់ខ្ញុំអំពីការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ប្អូន » ។
នាងបានឆ្លើយថា « ខ្ញុំមិនបានអានបទគម្ពីរទេ » ។
ខ្ញុំបានសួរថា « ចុះចំណែកឯងគ្រួសាររបស់អ្នកវិញ ? តើប្អូនសិក្សា ចូរមកតាមខ្ញុំ ជាមួយគ្នាដែរឬទេ ? »
នាងបាននិយាយថា « អត់ទេ » ។
ខ្ញុំបានសួរអំពីការអធិស្ឋានរបស់នាង ៖ « តើប្អូនមានអារម្មណ៍បែបណា ពេលប្អូនអធិស្ឋាន ? »
ចម្លើយនាង ៖ « ខ្ញុំមិនអធិស្ឋានទេ » ។ ( រេបិកា អិល ក្រេវិន « ធ្វើអ្វីដែលសំខាន់បំផុត » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៦២ )
-
ផ្អែកលើបទពិសោធន៍របស់អ្នក តើអ្នកអាចនិយាយអ្វីខ្លះ ដើម្បីជួយដល់យុវនារីរូបនេះ ?
បន្ទាប់ពីសិស្សពិភាក្សាអំពីសំណួរមុនរួចហើយ សូមអញ្ជើញពួកគេឲ្យចែកចាយឧទាហរណ៍នៃសេចក្ដីពិតជាក់លាក់ដែលមនុស្សប្រហែលជាត្រូវការដើម្បីស្វែងរកសាក្សីខាងវិញ្ញាណ ។ សូមសរសេរចម្លើយមួយចំនួនរបស់ពួកគេនៅលើក្តារខៀន ។ ( ចម្លើយអាចនឹងរួមមានសាក្សីថា ព្រះគម្ពីរមរមនគឺពិត ថាការរស់នៅក្នុងជីវិតស្អាតស្អំ និងប្រកបដោយគុណធម៌គឺមានសារៈសំខាន់ ឬថាពាក្យសម្ដីនៃប្រាជ្ញាវាងវៃគឺជាច្បាប់របស់ព្រះ ) ។
សូមគិតអំពីសេចក្ដីពិតខាងវិញ្ញាណ ដែលអ្នកចង់ទទួលបានសាក្សីខាងវិញ្ញាណ ឬទីបន្ទាល់ដែលរឹងមាំជាងនេះ ។ សូមពិចារណាសរសេរអ្វីទាំងនេះចូលនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ នៅពេលអ្នកសិក្សានៅថ្ងៃនេះ សូមរកមើលការបង្រៀនដែលអាចជួយអ្នកឲ្យទទួលបានសាក្សីខាងវិញ្ញាណ ឬពង្រឹងទីបន្ទាល់របស់អ្នក ។
« ការសាកល្បងនៃសេចក្តីជំនឿរបស់អ្នក »
នៅពេលដែលមរ៉ូណៃបានបន្តសង្ខេបកំណត់ត្រារបស់ពួកសាសន៍យ៉ារេឌ នោះលោកបានណែនាំអំពីការងារបម្រើរបស់ព្យាការីអេធើរ ។ ទោះជាកើតមកក្នុងការជាប់ឃុំឃាំង ហើយរស់នៅក្នុងចំណោមមនុស្សដែលបានបដិសេធព្យាការីក្ដី ( សូមមើល អេធើរ ១១:២០–២៣ ) ក៏អេធើរបានរស់នៅជីវិតដ៏សុចរិត ហើយត្រូវបានព្រះហៅឲ្យធ្វើជាព្យាការីមួយរូបដែរ ។
សូមអាន អេធើរ ១២:២–៥ ដោយរកមើលពីរបៀបដែលពួកសាសន៍យ៉ារេឌបានទទួលយកការផ្សព្វផ្សាយរបស់អេធើរ ។
-
ហេតុអ្វីបានជាប្រជាជនបដិសេធមិនជឿលើពាក្យរបស់អេធើរ ?
សូមអាន អេធើរ ១២:៦ ដោយរកមើលអ្វីដែលមរ៉ូណៃបានបង្រៀនអំពីរបៀបដែលយើងទទួលបានសាក្សីខាងវិញ្ញាណនៃសេចក្ដីពិត ។
អេធើរ ១២:៦ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិតាមវិធីដែលងាយសម្គាល់ ដើម្បីអ្នកអាចរកឃើញវាដោយងាយស្រួល ។ អ្នកនឹងមានឱកាសនៅក្នុងមេរៀនបន្ទាប់ដើម្បីអនុវត្តតាមគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះ ទៅនឹងសំណួរ ឬស្ថានភាពមួយ ។
អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយអត្ថន័យមួយនៃឃ្លា ការសាកល្បងនៃសេចក្ដីជំនឿរបស់អ្នក ៖
The Sustaining Power of Faith in Times of Uncertainty and Testing
អ្នកអាចរៀនប្រើប្រាស់សេចក្ដីជំនឿឲ្យកាន់តែមានប្រសិទ្ធភាពដោយអនុវត្តតាមគោលការណ៍នេះ ដែលបានបង្រៀនដោយមរ៉ូណៃ ៖ « សេចក្ដីជំនឿគឺជាអ្វីដែលសង្ឃឹមចង់បាន ហើយមើលមិនឃើញ ហេតុដូច្នោះហើយ ចូរកុំជំទាស់ឡើយ ដោយព្រោះអ្នករាល់គ្នាមើលមិនឃើញ ដ្បិតអ្នករាល់គ្នាពុំទទួលសាក្សីឡើយ លុះដល់ពេលក្រោយពី ការសាកល្បងនៃសេចក្ដីជំនឿរបស់អ្នកសិន » [ អេធើរ ១២:៦; បានបន្ថែមការគូសបញ្ជាក់ ] ។ ដូច្នេះ រាល់ពេលដែលអ្នក សាកល្បងសេចក្ដីជំនឿរបស់អ្នក ដែលមានន័យថា ធ្វើសកម្មភាពនៅក្នុងភាពស័ក្ដិសមលើចំណាប់អារម្មណ៍មួយ—នោះអ្នកនឹងទទួលបានភស្ដុតាងបញ្ជាក់ពីព្រះវិញ្ញាណ ។ អារម្មណ៍ទាំងនោះនឹងពង្រឹងដល់សេចក្ដីជំនឿរបស់អ្នក ។ នៅពេលអ្នកធ្វើតាមលំនាំនោះឡើងវិញ សេចក្ដីជំនឿរបស់អ្នកនឹងកាន់តែរឹងមាំ ។ ( រីឆាដ ជី ស្កត « The Sustaining Power of Faith in Times of Uncertainty and Testing » Liahona ខែ ឧសភា ឆ្នាំ ២០០៣ ទំព័រ ៧៦ )
-
តើអ្នកបានរៀនសូត្រអ្វីខ្លះពី អេធើរ ១២:៦ និងសេចក្ដីថ្លែងការណ៍នេះ ដែលអាចជួយនរណាម្នាក់ដែលប្រាថ្នាចង់បានសាក្សីខាងវិញ្ញាណ ឬទីបន្ទាល់រឹងមាំជាងមុនអំពីសេចក្ដីពិត ?
សេចក្តីពិតមួយ ដែលយើងអាចរៀនសូត្របានពី អេធើរ ១២:៦ គឺ ប្រសិនបើយើងចង់បានសាក្សីខាងវិញ្ញាណ នោះយើងត្រូវតែអនុវត្តសេចក្តីជំនឿយើងលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ជាមុនសិន ។
ស៊ីស្ទើរ រេបិកា អិល ក្រេវិន បានរៀបរាប់អំពីរបៀបដែលគាត់បានឆ្លើយតបទៅនឹងយុវនារី ដែលគាត់បាននិយាយជាមួយ ៖
ធ្វើអ្វីដែលសំខាន់បំផុត
ចម្លើយខ្ញុំតបទៅនាងគឺសាមញ្ញ ៖ « បើប្អូនចង់ដឹងអ្វីមួយ នោះប្អូននឹងត្រូវធ្វើអ្វីមួយ » ។
តើវាមិនពិតទេឬ ចំពោះអ្វីៗដែលយើងចង់រៀន ឬចង់ដឹង ? ខ្ញុំបានអញ្ជើញមិត្តថ្មីរបស់ខ្ញុំឲ្យចាប់ផ្ដើមធ្វើតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ៖ អធិស្ឋាន សិក្សា បម្រើមនុស្សដទៃ និងទុកចិត្តលើព្រះអម្ចាស់ ។ ការប្រែចិត្តជឿនឹងមិនកើតមានទេ បើមិនធ្វើអ្វីសោះនោះ ។ វាកើតមានតាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ពេលយើងខិតខំដោយចេតនាចង់ដឹង តាមរយៈការសួរ ការស្វែងរក និងការគោះ ។ វាកើតមានតាមរយៈការធ្វើ ។ ( រេបិកា អិល ក្រេវិន « ធ្វើអ្វីដែលសំខាន់បំផុត » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៦២ )
-
ហេតុអ្វីបានជាអ្នកគិតថា ការអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទតាមរយៈសកម្មភាពរបស់យើងគឺជាផ្នែកមួយដ៏សំខាន់នៃការទទួលបានសាក្សីខាងវិញ្ញាណអំពីទ្រង់ និងដំណឹងល្អរបស់ទ្រង់ ?
-
តើការរស់នៅតាមដំណឹងល្អរបស់ព្រះអង្គសង្គ្រោះអាចមានឥទ្ធិពលលើអារម្មណ៍របស់យើងចំពោះទ្រង់យ៉ាងដូចម្តេច ?
គំរូនៃសេចក្ដីជំនឿ
សូមគិតអំពីបទពិសោធន៍ដែលអ្នក ឬអ្នកផ្សេងទៀតបានទទួលសាក្សីខាងវិញ្ញាណ ដែលជាលទ្ធផលនៃការរស់នៅតាមដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ និងការអនុវត្តសេចក្តីជំនឿលើទ្រង់ ។
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយបទពិសោធន៍ដែលពួកគេបានគិត ។ សូមពន្យល់ថា ពួកគេមិនគួរចែកចាយពីបទពិសោធន៍ដែលផ្ទាល់ខ្លួនខ្លាំងពេកនោះទេ ។ សូមពិចារណាចែកចាយពីគំនិតរបស់អ្នកផ្ទាល់ដែលជាផ្នែកមួយនៃការពិភាក្សានេះ ។ វីដេអូខាងក្រោមនេះអាចប្រើប្រាស់បានផងដែរ ។
ដើម្បីមើលពីគំរូអំពីនរណាម្នាក់ដែលត្រូវបានចម្រើនកម្លាំងដោយសារការអនុវត្តសេចក្តីជំនឿលើព្រះអង្គសង្គ្រោះ សូមមើលវីដេអូ « Pure and Simple Faith » ( ៥:២១ ) មាននៅគេហទំព័រ ChurchofJesusChrist.org ។
Pure and Simple Faith
នៅពេលដែលមរ៉ូណៃបានបន្តការបង្រៀនរបស់លោក នោះលោកបានចែកចាយគំរូជាច្រើនអំពីបុគ្គលដែលទទួលបានពរជ័យ នៅពេលដែលពួកគេអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
សម្រាប់សកម្មភាពខាងក្រោមនេះ សូមពិចារណាបែងចែកសិស្សជាបួនក្រុម ហើយចាត់ឲ្យក្រុមនីមួយៗសិក្សាបណ្ដុំខគម្ពីរដូចតទៅនេះមួយ ៖ អេធើរ ១២:៧–១០, ១១–១៤, ១៥–១៨, ១៩–២២ ។ សូមអញ្ជើញក្រុមនីមួយៗឲ្យចែកចាយជាមួយសិស្សក្នុងថ្នាក់អំពីគំរូនៃសេចក្ដីជំនឿដែលពួកគេបានអានអំពី ។
សូមអាន អេធើរ ១២:៧–២២ ដោយរកមើលពីរបៀបដែលព្រះអម្ចាស់ប្រទានពរដល់មនុស្សទាំងនេះ ដែលអនុវត្តសេចក្តីជំនឿលើទ្រង់ ។ សូមគិតពីការគូសចំណាំគំរូនានាដែលអ្នកចាប់អារម្មណ៍ ។
-
តើគំរូនៃសេចក្ដីជំនឿមួយណា ដែលធ្វើឲ្យអ្នកចាប់អារម្មណ៍ខ្លាំងបំផុត ? ហេតុអ្វី ?
-
តើឧទាហរណ៍មួយ ឬច្រើន ដែលអ្នកបានសិក្សាអាចជួយដល់ស្ថានភាពផ្ទាល់ខ្លួនរបស់អ្នកដោយរបៀបណា ?
សូមពិចារណាពីរបៀបដែលអ្នកអាចអនុវត្តអ្វី ដែលអ្នកបានរៀនសូត្រនៅថ្ងៃនេះក្នុងជីវិតរបស់អ្នក ។ សូមសរសេរសកម្មភាពពីរ ឬបីដែលអ្នកអាចធ្វើបានដើម្បីអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយទទួលបាន ឬពង្រឹងសាក្សីរបស់អ្នកអំពីដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ។