« មរ៉ូណៃ ៤–៥ ៖ ពិធីសាក្រាម៉ង់ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« មរ៉ូណៃ ៤–៥ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
មរ៉ូណៃ ៤–៥
ពិធីសាក្រាម៉ង់
ក្នុងនាមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ យើងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីបរិសុទ្ធ ហើយធ្វើសេចក្ដីសញ្ញាជាមួយព្រះវរបិតាសួគ៌របស់យើង ។ នៅពេលដែលយើងខិតខំរក្សាសេចក្តីសញ្ញារបស់យើង នោះព្រះវរបិតាសួគ៌ប្រទានពរដល់យើង ។ ពិធីបរិសុទ្ធដែលយើងចូលរួមញឹកញាប់បំផុត គឺសាក្រាម៉ង់ ។ មេរៀននេះអាចជួយអ្នកឲ្យរក្សាសេចក្ដីសញ្ញាដែលអ្នកបានធ្វើ នៅពេលដែលអ្នកទទួលទានសាក្រាម៉ង់ ដើម្បីអ្នកអាចមានព្រះវិញ្ញាណរបស់ព្រះអម្ចាស់គង់នៅជាមួយនឹងអ្នក ។
សកម្មភាពរៀនសូត្រដែលអាចមាន
ហេតុអ្វីបានជាប៉ាទៅព្រះវិហារ ?
ស៊ីស្ទើរ ឆេរីល អេ អេសភ្លីន អតីតទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានអង្គការបឋមសិក្សាទូទៅ បានចែកចាយសំណួរមួយ ដែលកូនប្រុសម្នាក់បានសួរដល់ឪពុករបស់គាត់ ដែលមានវ័យ ៩៦ ឆ្នាំ ៖ « ប៉ា ហេតុអ្វីបានជាកូនទៅព្រះវិហារ ? ប៉ាមើលមិនឃើញ ប៉ាមិនអាចស្ដាប់ឮ ប៉ាពិបាកធ្វើដំណើរណាស់ ។ ហេតុអ្វីបានជាប៉ាទៅព្រះវិហារ ? » ( « សាក្រាម៉ង់—ការរំឭកថ្មីមួយសម្រាប់ព្រលឹងវិញ្ញាណ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ១៤ )
-
តើអ្នកគិតថា ឪពុកឆ្លើយសំណួរនេះដោយរបៀបណាដែរ ?
« ឪពុកបានឆ្លើយតបថា ‹ ដោយសារពិធីសាក្រាម៉ង់ ។ ប៉ាទៅទទួលទានសាក្រាម៉ង់ › » ( ឆេរីល អេ អេសភ្លីន « សាក្រាម៉ង់ » ទំព័រ ១៤ ) ។
-
តើអ្នកដឹងអ្វីខ្លះអំពីសាក្រាម៉ង់ ដែលអាចបណ្ដាលឲ្យឪពុករូបនេះឆ្លើយតបបែបនេះ ?
-
តើសាក្រាម៉ង់មានសារៈសំខាន់យ៉ាងណាចំពោះអ្នក ? ហេតុអ្វី ?
-
តើអ្នកខិតខំប្រឹងប្រែងធ្វើអ្វីខ្លះ ដើម្បីទទួលបានបទពិសោធន៍សាក្រាម៉ង់ដ៏មានអត្ថន័យ ?
ជាផ្នែកមួយនៃកំណត់ត្រារបស់លោក មរ៉ូណៃបានបញ្ចូលការអធិស្ឋាន ដែលព្រះយេស៊ូវគ្រីស្ទបានប្រទានដល់ពួកសាសន៍នីហ្វៃដើម្បីចាត់ចែងសាក្រាម៉ង់កាលពីមុន ( សូមមើល មរ៉ូណៃ ៤:១–២ ) ។ នៅពេលអ្នកសិក្សាការអធិស្ឋានទាំងនេះនៅក្នុង មរ៉ូណៃ ៤–៥ សូមស្តាប់រកការបំផុសគំនិត ដើម្បីយល់ដឹងពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីរក្សាសេចក្ដីសញ្ញាដែលអ្នកធ្វើ នៅពេលដែលទទួលទានសាក្រាម៉ង់ ។
ពិធីសាក្រាម៉ង់
នៅពេលដែលយើងទទួលទានសាក្រាម៉ង់ យើងធ្វើសេចក្ដីសញ្ញាជាមួយព្រះវរបិតាសួគ៌ ហើយរំឭគសេចក្ដីសញ្ញាដែលយើងបានធ្វើនៅពេលដែលយើងបានធ្វើនៅឯពិធីជ្រមុជទឹក ( សូមមើល ម៉ូសាយ ១៨:៨–១០; គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៣៧ ) ។ « សេចក្ដីសញ្ញាគឺជាកិច្ចព្រមព្រៀងដ៏ពិសិដ្ឋមួយរវាងព្រះ និងមនុស្សម្នាក់ ឬមនុស្សមួយក្រុម ។ ព្រះបានដាក់លក្ខខណ្ឌយ៉ាងជាក់លាក់ ហើយទ្រង់សន្យាថា នឹងផ្តល់ពរជ័យដល់យើង នៅពេលដែលយើងគោរពតាមលក្ខខណ្ឌទាំងនោះ » ( Gospel Topics « សេចក្ដីសញ្ញា » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
សេចក្តីសញ្ញានៃសាក្រាម៉ង់
អ្វីដែលខ្ញុំសន្យានឹងធ្វើ |
របៀបដើម្បីរក្សាការសន្យារបស់ខ្ញុំ |
---|---|
-
តើអ្នកនឹងសង្ខេបអ្វីដែលយើងសន្យានៅពេលដែលយើងទទួលទាននំបុ័ងដោយរបៀបណា ?
របៀបមួយដើម្បីសង្ខេបផ្នែកនៃសេចក្ដីសញ្ញាសាក្រាម៉ង់របស់យើង គឺនៅពេលដែលយើងទទួលទានសាក្រាម៉ង់ យើងសន្យាថានឹងព្រមលើកដាក់មកលើខ្លួនយើងនូវព្រះនាមរបស់ព្រះអង្គសង្គ្រោះ ចងចាំទ្រង់ជានិច្ច ហើយកាន់តាមបទបញ្ញត្តិរបស់ទ្រង់ ។
-
តើអ្នកគិតថា ការព្រមលើកដាក់មកលើខ្លួនយើងនូវព្រះនាមរបស់ព្រះអង្គសង្គ្រោះមានន័យដូចម្តេច ?
ប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយបានពន្យល់ ៖
យើងសន្យាថានឹងយកព្រះនាមទ្រង់មកដាក់លើយើង ។ នោះមានន័យថា យើងត្រូវតែមើលឃើញខ្លួនយើងជាទ្រង់ ។ យើងនឹងដាក់ទ្រង់ជាសំខាន់នៅក្នុងជីវិតរបស់យើង ។ យើងនឹងចង់បានអ្វីដែលទ្រង់សព្វព្រះទ័យចង់បាន ជាជាងអ្វីដែលយើងចង់បាន ឬអ្វីដែលពិភពលោកបង្រៀនយើងឲ្យចង់បាន ។ ( ហិនរី ប៊ី អាវរិង « That We May Be One » Ensign ខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ៦៧ )
-
តើអ្នកអាចលើកដាក់មកលើខ្លួនអ្នកនូវព្រះនាមរបស់ព្រះអង្គសង្គ្រោះឲ្យបានកាន់តែប្រសើរដោយរបៀបណា ?
-
តើការលើកដាក់មកលើខ្លួនយើងនូវព្រះនាមរបស់ព្រះអង្គសង្គ្រោះ ជួយយើងឲ្យដូចជាទ្រង់បានតាមរបៀបណា ?
បានព្រះវិញ្ញាណរបស់ទ្រង់គង់ជាមួយយើងជាដរាប
សូមអាន មរ៉ូណៃ ៤:៣ និង ៥:២ ដោយរកមើលភាពស្រដៀងគ្នា និងភាពខុសគ្នារវាងការអធិស្ឋានការទទួលទាននំប៉័ង និងការអធិស្ឋានការទទួលទានស្រា ( ទឹក ) ។
-
តើអ្នកបានរកឃើញភាពស្រដៀងគ្នាអ្វីខ្លះ ?
-
តើព្រះវរបិតាសួគ៌នឹងធ្វើអ្វីខ្លះ ប្រសិនបើយើងរក្សាសេចក្ដីសញ្ញា ដែលយើងធ្វើក្នុងអំឡុងពេលទទួលទានសាក្រាម៉ង់ ?
គោលការណ៍មួយដែលយើងរៀនសូត្របានគឺ នៅពេលដែលយើងរក្សាសេចក្ដីសញ្ញា ដែលយើងបានធ្វើក្នុងអំឡុងពេលទទួលទានសាក្រាម៉ង់ នោះយើងអាចបានព្រះវិញ្ញាណរបស់ព្រះអម្ចាស់គង់នៅជាមួយយើងជាដរាប ។
-
សូមពិចារណាពីរបៀបដែលអ្នកស្ម័គ្រចិត្តរក្សាការសន្យាខាងក្រោមជួយអ្នកឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលបានព្រះវិញ្ញាណរបស់ព្រះអម្ចាស់គង់នៅជាមួយអ្នកជាដរាប ៖
-
លើកដាក់ព្រះនាមរបស់ព្រះអង្គសង្គ្រោះមកលើខ្លួនអ្នក ។
-
ចងចាំទ្រង់ជានិច្ច ។
-
កាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។
-
-
តើអ្នកនឹងទទួលបានអត្ថប្រយោជន៍ពីការមានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយអ្នកជានិច្ចយ៉ាងដូចម្តេច ?
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានបង្រៀនពីរបៀបដែលយើងអាចទទួលទានសាក្រាម៉ង់ ហើយទទួលបានព្រះពរតាមរយៈការរក្សាសេចក្ដីសញ្ញាសាក្រាម៉ង់ ។ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោម ឬមើលវីដេអូ « The Aaronic Priesthood and the Sacrament » ចាប់ពីនាទីទី ៦:៤៨ ដល់នាទីទី ៧:២២ នៅលើគេហទំព័រ ChurchofJesusChrist.org ។
យើងត្រូវបានបញ្ជាឲ្យប្រែចិត្តពីអំពើបាបរបស់យើង ហើយមករកព្រះអម្ចាស់ដោយដួងចិត្តសង្រេង និងវិញ្ញាណទន់ទាប ហើយទទួលទានសាក្រាម៉ង់ដោយការគោរពតាមសេចក្ដីសញ្ញានានានៃពិធីសាក្រាម៉ង់ ។ នៅពេលយើងរំឭកពីសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់យើងតាមវិធីនេះ នោះព្រះអម្ចាស់នឹងរំឭកឥទ្ធិពលនៃការលាងសម្អាតនៃពិធីបុណ្យជ្រមុជទឹករបស់យើង ។ តាមរបៀបនេះ យើងត្រូវបានធ្វើឲ្យស្អាត ហើយអាចមានព្រះវិញ្ញាណរបស់ទ្រង់គង់នៅជាមួយយើងជាដរាប ។ សារៈសំខាន់នៃការណ៍នេះបង្ហាញឲ្យឃើញច្បាស់នៅក្នុងបទបញ្ញត្តិរបស់ព្រះអម្ចាស់ថា យើងទទួលទានសាក្រាម៉ង់ជារៀងរាល់សប្តាហ៍ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៥៩:៨–៩ ) ។ ( ដាល្លិន អេក អូក « The Aaronic Priesthood and the Sacrament » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៣៨ )
ការរក្សាសេចក្ដីសញ្ញាសាក្រាម៉ង់
សូមគិតអំពីការខិតខំរបស់អ្នក ដើម្បីរក្សាការសន្យាដែលអ្នកបានធ្វើ នៅពេលដែលអ្នកទទួលទានសាក្រាម៉ង់ ។ តើមានអ្វីខ្លះដែលដំណើរការល្អ ? តើមានចំណុចអ្វីខ្លះអាចកែលម្អបាន ?
សូមជ្រើសរើសការសន្យាមួយ ឬច្រើនដែលអ្នកចង់ផ្ដោតទៅលើ ។ សូមសរសេរអ្វីមួយជាក់លាក់ដែលអ្នកអាចធ្វើបាន ។ អ្នកអាចចង់ជញ្ជឹងគិតពីរឿងនេះនៅលើកក្រោយ ពេលដែលអ្នកបានទទួលទានសាក្រាម៉ង់ម្ដងទៀត ។
សូមយកចិត្តទុកដាក់ទៅលើរបៀបដែលការរក្សាសេចក្ដីសញ្ញារបស់អ្នកជួយអ្នកឲ្យមានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយអ្នក និងភាពខុសគ្នា ដែលអ្នកឃើញក្នុងជីវិតរបស់អ្នក ។