« ថ្ងៃទី ២៧ ខែ មិថុនា ។ តើខ្ញុំអាចរៀបចំខ្លួននាពេលនេះ ដើម្បីស្ថាបនាគេហដ្ឋានមួយដែលផ្ដោតលើព្រះគ្រីស្ទដោយរបៀបណា ? គោលលទ្ធិ និង សេចក្តីសញ្ញា ៦៧–៧០ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៧ ខែ មិថុនា ។ តើខ្ញុំអាចរៀបចំខ្លួននាពេលនេះ ដើម្បីស្ថាបនាគេហដ្ឋានមួយដែលផ្ដោតលើព្រះគ្រីស្ទដោយរបៀបណា ?ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២១
ថ្ងៃទី ២៧ ខែ មិថុនា
តើខ្ញុំអាចរៀបចំខ្លួននាពេលនេះ ដើម្បីស្ថាបនាគេហដ្ឋានមួយដែលផ្ដោតលើព្រះគ្រីស្ទដោយរបៀបណា ?
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកម្នាក់ក្នុងគណៈប្រធានកូរ៉ុម ឬថ្នាក់ រយៈពេលប្រហែល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវបាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ឬ បាវចនាក្រុមយុវនារី ។ រួចហើយ សូមដឹកនាំការពិភាក្សាអំពីចំណុចដូចខាងក្រោមនេះ ហើយដាក់ផែនការពីរបៀបដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ( បងប្អូនអាចសម្រេចចិត្តនៅក្នុងការប្រជុំគណៈប្រធានថា ចំណុចមួយណាដែលត្រូវពិភាក្សា ) ៖
-
កូរ៉ុម ឬថ្នាក់របស់យើង ។ តើនរណាថ្មីនៅក្នុងវួដរបស់យើង ហើយតើយើងអាចជួយពួកគេឲ្យមានអារម្មណ៍ទទួលស្វាគមន៍ដោយរបៀបណា ? តើយើងអាចធ្វើអ្វីខ្លះដើម្បីធ្វើឲ្យពេលវេលារបស់យើងនៅក្នុងការប្រជុំកូរ៉ុម ឬថ្នាក់កាន់តែមានអត្ថន័យ ?
-
កាតព្វកិច្ច ឬទំនួលខុសត្រូវរបស់យើង ។ តើយើងមានកាតព្វកិច្ច និងទំនួលខុសត្រូវណាខ្លះក្នុងនាមជាយុវជន ឬយុវនារី ? តើយើងអាចបំពេញកាតព្វកិច្ច និងទំនួលខុសត្រូវនោះឲ្យកាន់តែប្រសើរដោយរបៀបណា ?
-
ជីវិតរបស់យើង ។ តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីកាន់តែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ហើយទទួលបានព្រះចេស្ដារបស់ទ្រង់នៅក្នុងជីវិតរបស់យើង ? តើយើងត្រូវធ្វើអ្វីខ្លះដើម្បីជួយក្រុមគ្រួសាររបស់យើងឲ្យមករកទ្រង់ ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើដូចខាងក្រោមនេះតាមការគួរ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកកូរ៉ុម ឬថ្នាក់អំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំយុវវ័យ ឬយុវវ័យម្នាក់ រយៈពេលប្រហែល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨ រួមមាននូវការទូន្មានដល់ឪពុកម្ដាយ ដែលហាក់ដូចជាមិនទាក់ទងទៅនឹងសមាជិកកូរ៉ុម ឬថ្នាក់ភ្លាមៗ ( សូមមើល ខទី ២៥–២៨ ) ។ ទោះយ៉ាងណា ដោយសារការទូន្មានទាំងនេះអាចមានឥទ្ធិពលដ៏ខ្លាំងលើក្រុមគ្រួសារនាពេលនេះ និងនាពេលអនាគតរបស់ពួកគេ នោះវាអាចជួយពួកគេនាពេលនេះបាន ។ របៀបដ៏ល្អបំផុតឲ្យពួកគេរៀបចំខ្លួនដើម្បីមានគេហដ្ឋានដែលផ្ដោតលើព្រះគ្រីស្ទនាពេលអនាគតគឺត្រូវ « ដើរដោយទៀងត្រង់នៅចំពោះព្រះអម្ចាស់ » នៅថ្ងៃនេះ ( ខទី ២៨ ) ។
តើមានពរជ័យអ្វីខ្លះ ដែលកើតមានដល់គ្រួសាររបស់បងប្អូន ដោយសារបងប្អូនបានធ្វើតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ? តើសមាជិកកូរ៉ុម ឬថ្នាក់អាចជួយក្រុមគ្រួសាររបស់ពួកគេឲ្យស្ថាបនាគេហដ្ឋានមួយដែលផ្ដោតលើព្រះគ្រីស្ទដោយរបៀបណា ? ដើម្បីរៀបចំខ្លួនបង្រៀន បងប្អូនអាចរំឭកសារលិខិតរបស់ប្រធាន ហិនរី ប៊ី អាវរិង « គេហដ្ឋានមួយដែលព្រះវិញ្ញាណនៃព្រះអម្ចាស់គង់នៅ » ( Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ២២–២៥ ) និង « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
រៀនជាមួយគ្នា
ដើម្បីជួយសមាជិកកូរ៉ុម ឬថ្នាក់របស់បងប្អូនឲ្យឃើញពីរបៀបដែល គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:២៥–២៨ អនុវត្តចំពោះពួកគេ បងប្អូនអាចសូមឲ្យពួកគេសរសេរការរៀបរាប់ខ្លីមួយអំពីអ្វីដែលពួកគេចង់ឲ្យជីវិតគ្រួសារនាពេលអនាគតរបស់ពួកគេមាន ។ បងប្អូនអាចសុំឲ្យពួកគេចែកចាយអ្វីដែលពួកគេបានសរសេរ ប្រសិនបើពួកគេចង់ ។ រួចហើយពួកគេអាចអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:២៥–២៨ ហើយរកមើលការបង្រៀន និងគោលការណ៍នៃដំណឹងល្អដែលអាចជួយពួកគេឲ្យកសាងក្រុមគ្រួសារសុចរិតនាពេលនេះ និងនាពេលអនាគត ។ សកម្មភាពខាងក្រោមនេះអាចជួយពួកគេឲ្យយល់ពីរបៀបធ្វើឲ្យព្រះគ្រីស្ទគឺជាស្នូលនៃក្រុមគ្រួសាររបស់ពួកគេ ។
-
កថាខណ្ឌទីប្រាំពីរនៃ « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » រួមមាននូវសេចក្ដីពិត ដែលអាចជួយសមាជិកកូរ៉ុម ឬថ្នាក់ឲ្យផ្ដោតគេហដ្ឋានរបស់ពួកគេទៅលើព្រះអង្គសង្គ្រោះ ។ សូមអញ្ជើញពួកគេឲ្យអានកថាខណ្ឌនេះ ហើយរកមើលការបង្រៀន និងគោលការណ៍នានាដែលនឹងជួយគ្រួសារមួយឲ្យមានភាពរីករាយ ។ បងប្អូនគួរតែសរសេរអ្វីទាំងនេះដាក់នៅលើក្ដារខៀន ហើយសូមឲ្យអ្នកដែលបងប្អូនបង្រៀនធ្វើការពិភាក្សាពីមូលហេតុដែលចំណុចនីមួយៗនឹងជួយគ្រួសារមួយឲ្យមានភាពរីករាយ ។ សមាជិកកូរ៉ុម ឬថ្នាក់អាចចង់ចែកចាយអំពីរបៀបដែលពួកគេបានឃើញការបង្រៀន និងគោលការណ៍ទាំងនេះអនុវត្តនៅក្នុងក្រុមគ្រួសាររបស់ពួកគេផ្ទាល់ ឬរបស់មនុស្សដទៃ ។ សូមលើកទឹកចិត្តពួកគេឲ្យសញ្ជឹងគិតពីរបៀបដែលពួកគេអាចអនុវត្តតាមគោលការណ៍ទាំងនេះ យ៉ាងហោចណាស់មួយនៅក្នុងជីវិតរបស់ពួកគេនាពេលនេះ ។ សូមបញ្ជាក់ដល់ពួកគេសារជាថ្មីថា ពួកគេអាចធ្វើឲ្យព្រះយេស៊ូវគ្រីស្ទជាស្នូលនៃជីវិតរបស់ពួកគេបាន មិនថាពួកគេមានស្ថានភាពគ្រួសារបែបណានោះទេ ។
-
សមាជិកកូរ៉ុម ឬថ្នាក់អាចពិភាក្សារឿង ដែលបន្ដធ្វើឲ្យព្រះអង្គសង្គ្រោះគឺជាស្នូលនៃគេហដ្ឋានរបស់យើង និងរឿងដែលរារាំងទ្រង់ពីការនៅជាស្នូលនៃគេហដ្ឋានរបស់យើង ។ បងប្អូនអាចសូមឲ្យបុគ្គលម្នាក់ៗ ឬក្រុមតូចៗរំឭកផ្នែកមួយនៃសារលិខិតរបស់ប្រធាន ហិនរី ប៊ី អាវរិង « គេហដ្ឋានមួយដែលព្រះវិញ្ញាណនៃព្រះអម្ចាស់គង់នៅ » ( Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ២២–២៥ ) ដើម្បីរកមើលគោលការណ៍ដែលអាចជួយធ្វើឲ្យគេហដ្ឋានរបស់យើងកាន់តែផ្ដោតលើព្រះគ្រីស្ទ ។ សូមអញ្ជើញសមាជិកកូរ៉ុម ឬថ្នាក់ឲ្យចែកចាយអ្វីដែលពួកគេបានរៀន ហើយជ្រើសរើសយកចំណុចមួយ ដែលពួកគេនឹងធ្វើនៅសប្ដាហ៍ក្រោយ ដើម្បីធ្វើឲ្យគេហដ្ឋានរបស់ពួកគេកាន់តែផ្ដោតលើព្រះយេស៊ូវគ្រីស្ទ និងការបង្រៀនរបស់ទ្រង់ ។
-
ប្រហែលបងប្អូនអាចសូមឲ្យសមាជិកកូរ៉ុម ឬថ្នាក់ម្នាក់ ឬច្រើននាក់ច្រៀង ឬអានចម្រៀងមួយអំពីគេហដ្ឋាន និងគ្រួសារដូចជាបទ « ផ្ទះជាស្ថានសួគ៌លើផែនដី » ( ទំនុកតម្កើង ល.រ ១៨៥ ) ឬ « ទីក្ដីស្នេហ៍ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៧៦ ) ។ អ្នកផ្សេងអាចស្ដាប់រកអ្វីដែលចម្រៀងនេះបង្រៀនអំពីការធ្វើឲ្យគេហដ្ឋានមួយជាទីកន្លែងដ៏រីករាយបាន ។ សូមអញ្ជើញពួកគេឲ្យចែកចាយបទពិសោធន៍មួយ ដែលពួកគេបានមានអារម្មណ៍រីករាយ ដោយសារពួកគេបានឃើញសេចក្ដីស្រឡាញ់ ឬពេលពួកគេបានជួយបង្កើនសេចក្ដីស្រឡាញ់នៅក្នុងគេហដ្ឋានរបស់ពួកគេ ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកកូរ៉ុម ឬថ្នាក់ឲ្យសញ្ជឹងគិត ហើយកត់ត្រាអ្វីដែលពួកគេនឹងធ្វើដើម្បីប្រព្រឹត្តតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ តើមេរៀនថ្ងៃនេះទាក់ទងនឹងគោលដៅផ្ទាល់ខ្លួន ដែលពួកគេបានដាក់យ៉ាងដូចម្ដេច ? ប្រសិនបើពួកគេចង់ សមាជិកកូរ៉ុម ឬថ្នាក់អាចចែកចាយគំនិតរបស់ពួកគេបាន ។
ធនធានគាំទ្រ
-
ម៉ូសាយ ៤:១៤–១៦; គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៩; ១២១:៤១–៤៦ ( របៀបស្ថាបនាគេហដ្ឋានដ៏សុចរិតមួយ )
-
« តើខ្ញុំអាចធ្វើអ្វីខ្លះ ដើម្បីជួយបន្ថយភាពតានតឹងនៅក្នុងគ្រួសារ ? » មកពីកម្មវិធី Face to Face ជាមួយអែលឌើរ រ៉ាសបាន ស៊ិស្ទើរ អូស្ការសុន និងបងប្រុស អូវិន ( ការចាក់ផ្សាយយុវវ័យទូទាំងពិភពលោក ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៦ ) « Two Brothers Apart » « Through Small Things » « More Diligent and Concerned at Home » ( វីដេអូ ) នៅលើគេហទំព័រ ChurchofJesusChrist.org