« ថ្ងៃទី ៣០ ខែ កញ្ញា–ថ្ងៃទី ៦ ខែ តុលា ៖ ‹ យើងជាក្រឹត្យវិន័យ ហើយជាពន្លឺ › ។ នីហ្វៃទី៣ ១២–១៦ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )
« ថ្ងៃទី ៣០ ខែ កញ្ញា–ថ្ងៃទី ៦ ខែ តុលា ។ នីហ្វៃទី៣ ១២–១៦ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )
ថ្ងៃទី ៣០ ខែ កញ្ញា–ថ្ងៃទី ៦ ខែ តុលា ៖ « យើងជាក្រឹត្យវិន័យ ហើយជាពន្លឺ »
នីហ្វៃទី៣ ១២–១៦
ដូចជាពួកសិស្សរបស់ព្រះយេស៊ូវដែលបានប្រមូលផ្ដុំនៅលើភ្នំក្នុងស្រុកកាលីឡេដែរ ប្រជាជនដែលបានប្រមូលផ្ដុំនៅព្រះវិហារបរិសុទ្ធនៅដែនដីបរិបូរណ៍ បានរស់នៅក្រោមក្រឹត្យវិន័យលោកម៉ូសេ ។ ពួកគេបានធ្វើតាមក្រឹត្យវិន័យនោះ ដោយសារតែវាចង្អុលបង្ហាញព្រលឹងរបស់ពួកគេឲ្យទៅរកព្រះគ្រីស្ទ ( សូមមើល យ៉ាកុប ៤:៥ ) ហើយឥឡូវនេះ ព្រះគ្រីស្ទបានគង់នៅពីមុខពួកគេ ប្រកាសអំពីក្រឹត្យវិន័យមួយខ្ពស់ជាង ។ ប៉ុន្តែទោះបីជាពួកយើងពុំធ្លាប់បានរស់នៅតាមក្រឹត្យវិន័យលោកម៉ូសេក្ដី ក៏យើងអាចស្គាល់ថា បទដ្ឋានដែលព្រះយេស៊ូវបានដាក់ឡើងសម្រាប់ពួកសិស្សរបស់ទ្រង់គឺជាក្រឹត្យវិន័យដ៏ខ្ពស់ដែរ ។ ទ្រង់បានប្រកាសថា « យើងចង់ឲ្យអ្នករាល់គ្នាបានល្អឥតខ្ចោះ » ( នីហ្វៃទី៣ ១២:៤៨ ) ។ បើរឿងនេះធ្វើឲ្យបងប្អូនមានអារម្មណ៍ពុំល្អគ្រប់គ្រាន់ សូមចងចាំថា ព្រះយេស៊ូវក៏បានមានបន្ទូលថា « មានពរហើយ អស់អ្នកដែលមានសេចក្ដីកម្សត់ខាងឯវិញ្ញាណ ដែលបានមករកយើង ដ្បិតនគរស្ថានសួគ៌ជារបស់ផងអ្នកទាំងនោះ » ( នីហ្វៃទី៣ ១២:៣ ) ។ ក្រឹត្យវិន័យខ្ពស់ជាងនេះគឺជាការអញ្ជើញមួយ—ជារបៀបម្យ៉ាងទៀតដើម្បីនិយាយថា « ចូរមករកយើងចុះ ហើយអ្នករាល់គ្នានឹងបានសង្គ្រោះ » ( នីហ្វៃទី៣ ១២:២០ ) ។ ដូចជាក្រឹត្យវិន័យរបស់លោកម៉ូសេដែរ ក្រឹត្យវិន័យនេះនាំយើងទៅរកព្រះគ្រីស្ទ—គឺជាអង្គតែមួយគត់ដែលអាចសង្គ្រោះ ហើយធ្វើឲ្យយើងល្អឥតខ្ចោះបាន ។ ទ្រង់មានបន្ទូលថា « មើលចុះ យើងជាក្រឹត្យវិន័យ ហើយជាពន្លឺ ។ ចូរផ្ចង់មកយើង ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត ទើបអ្នករាល់គ្នានឹងរស់ » ( នីហ្វៃទី៣ ១៥:៩ ) ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងសាសនាចក្រ
ខ្ញុំអាចធ្វើជាសិស្សដ៏ស្មោះត្រង់របស់ព្រះយេស៊ូវគ្រីស្ទបាន ។
នេះគឺជារបៀបមួយដើម្បីសិក្សា ហើយអនុវត្តតាមអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀននៅក្នុង នីហ្វៃទី៣ ១២–១៤ ៖ សូមរើសយកខគម្ពីរមួយក្រុម ហើយចាំមើលថាតើបងប្អូនអាចសង្ខេបខគម្ពីរទាំងនេះទៅជាប្រយោគតែមួយដែលចាប់ផ្តើមដោយពាក្យថា « សិស្សស្មោះត្រង់របស់ព្រះយេស៊ូវគ្រីស្ទ … » បានដែរឬទេ ។ ឧទាហរណ៍ការសង្ខេបនៃ នីហ្វៃទី៣ ១៣:១–៨ អាចជា « សិស្សស្មោះត្រង់របស់ព្រះយេស៊ូវគ្រីស្ទមិនស្វែងរកការសរសើរក្នុងការធ្វើល្អនោះទេ » ។ សូមសាកល្បងវាជាមួយនឹងវគ្គបទគម្ពីរទាំងនេះ ៖
-
១២:៣–១៦ ៖
-
១២:៣៨–៤៤ ៖
-
១៣:១៩–២៤ ៖
-
១៤:១–៥ ៖
-
១៤:២១–២៧ ៖
-
វគ្គបទគម្ពីរផ្សេងទៀតដែលបំផុសគំនិតដល់បងប្អូន
បន្ទាប់ពីអានខគម្ពីរទាំងនេះ ហើយតើបងប្អូនទទួលអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទ ?
ព្រះបញ្ញត្តិនៅក្នុង នីហ្វៃទី៣ ១២:៤៨ អាចមើលទៅដូចជាច្រើនណាស់—មើលទៅហាក់ដូចជាមិនអាចទៅរួច ។ តើបងប្អូនរៀនអ្វីខ្លះមកពីសារលិខិតរបស់អែលឌើរ ជែហ្វ្រី អ័រ ហូឡិន « Be Ye Therefore Perfect—Eventually » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៤០–៤២ ) ដែលជួយបងប្អូនឲ្យយល់អំពីព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះនៅក្នុងខគម្ពីរនេះ ? យោងតាម មរ៉ូណៃ ១០:៣២–៣៣ តើអ្វីខ្លះដែលធ្វើឲ្យវាអាចល្អឥតខ្ចោះដូចជាព្រះអង្គសង្គ្រោះ ?
សូមមើលផងដែរ ដាល្លិន អេក អូក « The Challenge to Become » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៣២–៣៤; Gospel Topics « Become like Jesus Christ » នៅលើបណ្ណាល័យដំណឹងល្អ; « Lord, I Would Follow Thee » Hymns ទំព័រ ២២០; « Jesus Christ Teaches How to Live the Higher Law » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
នីហ្វៃទី៣ ១២:១–២; ១៥:២៣–២៤; ១៦:១–៦
មានពរហើយដល់អស់អ្នកទាំងឡាយណា ដែលជឿដោយមិនបានមើលឃើញ ។
មានបុត្រាបុត្រីរបស់ព្រះមួយចំនួនតូចណាស់ដែលបានមើលឃើញព្រះអង្គសង្គ្រោះ ហើយបានស្ដាប់ឮព្រះសូរសៀងរបស់ទ្រង់ដូចជាប្រជាជននៅដែនដីបរិបូរណ៍បានស្ដាប់ឮ ។ ពួកយើងភាគច្រើនស្រដៀងគ្នាខ្លាំងទៅនឹងប្រជាជនដែលបានពិពណ៌នានៅក្នុង នីហ្វៃទី៣ ១២:២; ១៥:២៣ និង ១៦:៤–៦ ។ តើមានការសន្យាអ្វីខ្លះដែលបានធ្វើចំពោះប្រជាជននៅក្នុងខគម្ពីរទាំងនេះ ? តើការសន្យាទាំងនេះត្រូវបានបំពេញនៅក្នុងជីវិតរបស់បងប្អូនដោយរបៀបណា ?
សូមមើលផងដែរ យ៉ូហាន ២០:២៦–២៩; នីហ្វៃទី២ ២៦:១២–១៣; អាលម៉ា ៣២:១៦–១៨ ។
នីហ្វៃទី៣ ១២:២១–៣០; ១៣:១–៨, ១៦–១៨; ១៤:២១–២៣
ខ្ញុំអាចខិតខំបន្សុទ្ធបំណងប្រាថ្នានៃដួងចិត្តរបស់ខ្ញុំបាន ។
ប្រធានបទមួយដែលបងប្អូនអាចកត់សម្គាល់នៅក្នុងជំពូកទាំងនេះបាន គឺការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យរស់នៅតាមក្រឹត្យវិន័យដែលកាន់តែខ្ពស់ជាង—ដើម្បីឲ្យបានសុចរិត មិនគ្រាន់តែក្នុងសកម្មភាពខាងក្រៅរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងដួងចិត្តរបស់យើងផងដែរ ។ សូមរកមើលប្រធានបទនេះ នៅពេលដែលព្រះអង្គសង្គ្រោះមានបន្ទូលអំពីការទាស់ទែងគ្នា ( នីហ្វៃទី៣ ១២:២១–២៦ ) អសីលធម៌ ( នីហ្វៃទី៣ ១២:២៧–៣០ ) ការអធិស្ឋាន ( នីហ្វៃទី៣ ១៣:៥–៨ ) និងការតមអាហារ ( នីហ្វៃទី៣១៣:១៦–១៨ ) ។ តើបងប្អូនអាចរកឃើញគំរូផ្សេងទៀតអ្វីខ្លះ ? តើបងប្អូនអាចធ្វើអ្វីខ្លះ ដើម្បីបន្សុទ្ធបំណងប្រាថ្នានៅក្នុងចិត្តរបស់បងប្អូន ?
ព្រះវរបិតាសួគ៌នឹងប្រទានរបស់ល្អដល់ខ្ញុំ នៅពេលដែលខ្ញុំសូម រក និងគោះ ។
នៅពេលបងប្អូនអានការអញ្ជើញរបស់ព្រះអម្ចាស់នៅក្នុង នីហ្វៃទី៣ ១៤:៧–១១ ឲ្យសូម រក និងគោះ នោះសូមពិចារណាថា តើ « របស់ល្អ » អ្វីដែលទ្រង់សព្វព្រះទ័យឲ្យបងប្អូនទូលសូម ។ បទគម្ពីរបន្ថែមដូចខាងក្រោមនេះអាចជួយបងប្អូនឲ្យយល់អំពីរបៀបសូម រក និងគោះបាន ។ បទគម្ពីរទាំងនេះក៏អាចជួយពន្យល់អំពីមូលហេតុដែលការអធិស្ឋានមួយចំនួន ពុំទទួលបានចម្លើយតាមរបៀបដែលបងប្អូនរំពឹងទុកផងដែរ ៖ អេសាយ ៥៥:៨–៩; ហេលេមិន ១០:៤–៥; មរ៉ូណៃ ៧:២៦–២៧, ៣៣, ៣៧ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩:៧–៩; ៨៨:៦៤ ។ តើវគ្គបទគម្ពីរទាំងនេះអាចប៉ះពាល់ដល់របៀបដែលបងប្អូនសូម រក និងគោះដោយរបៀបណា ?
សូមមើលផងដែរ មៀលធិន ខាម៉ាហ្គូ « Ask, Seek, and Knock » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១០៦–១០៨ ។
គំនិតសម្រាប់បង្រៀនកុមារ
ខ្ញុំអាចធ្វើជាគំរូល្អបានតាមរយៈការធ្វើតាមព្រះយេស៊ូវ ។
-
ជួនកាល កុមារអាចពុំដឹងច្រើនអំពីរបៀបដែលគំរូរបស់ពួកគេអាចផ្តល់ពរដល់មនុស្សដទៃឡើយ ។ សូមប្រើ នីហ្វៃទី៣ ១២:១៤–១៦ ដើម្បីលើកទឹកចិត្តពួកគេឲ្យបញ្ចាំងនូវពន្លឺរបស់ពួកគេចេញទៅ ។ ឧទាហរណ៍ នៅពេលដែលបងប្អូនអាន « អ្នករាល់គ្នា » ឬ « របស់អ្នករាល់គ្នា » ក្នុងខគម្ពីរទាំងនេះ សូមឲ្យកូនៗរបស់បងប្អូនចង្អុលទៅខ្លួនឯង ។ សូមប្រាប់កូនៗអំពីពន្លឺដែលបងប្អូនឃើញនៅក្នុងពួកគេ នៅពេលពួកគេដើរតាមព្រះយេស៊ូវគ្រីស្ទ និងរបៀបដែលវាបំផុសគំនិតដល់បងប្អូនឲ្យដើរតាមទ្រង់ផងដែរ ។ សូមច្រៀងចម្រៀងមួយបទជាមួយគ្នាដែលលើកទឹកចិត្តកុមារឲ្យបញ្ចេញពន្លឺដូចជាបទ « ខ្ញុំជាដួងតារា » ( សៀវភៅចម្រៀងកុមារ ទំព័រ ៨៤ ) ។
-
ដើម្បីលើកទឹកចិត្តដល់កូនៗរបស់បងប្អូនកុំឲ្យលាក់ពន្លឺរបស់ពួកគេ ( សូមមើល នីហ្វៃទី៣ ១២:១៥) សូមឲ្យពួកគេដាក់វេនលាក់ ឬបាំងចង្កៀង ឬពន្លឺផ្សេងៗទៀត ។ ពួកគេអាចឈប់បាំងពន្លឺបាន រាល់ពេលដែលពួកគេអាចប្រាប់ពីអ្វីមួយដែលពួកគេអាចធ្វើបាន ដើម្បីធ្វើជាគំរូល្អមួយដល់អ្នកដទៃ ។
« ត្រូវប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅឯស្ថានសួគ៌វិញ » ។
-
ការអានខគម្ពីរទាំងនេះអាចជំរុញឲ្យមានការពិភាក្សាអំពីរបស់ទាំងឡាយដែលយើងឲ្យតម្លៃ ។ ប្រហែលជាបងប្អូនអាចដឹកនាំកូនៗរបស់បងប្អូនលេងល្បែងមួយដែលហៅថា ដើរស្វែងរកទ្រព្យសម្បត្តិ ដើម្បីស្វែងរកអ្វីដែលរំឭកពួកគេពីតម្លៃដ៏អស់កល្បជានិច្ច ។
ព្រះវរបិតាសួគ៌ឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ ។
-
នៅពេលបងប្អូនអាន នីហ្វៃទី៣ ១៤:៧ កូនៗរបស់បងប្អូនអាចធ្វើសកម្មភាពទាំងនេះ ដែលតំណាងឲ្យការអញ្ជើញនីមួយៗរបស់ព្រះអង្គសង្គ្រោះនៅក្នុងខគម្ពីរនេះបាន ។ ឧទាហរណ៍ ពួកគេអាចលើកដៃរបស់ពួកគេ ( សូម ) ធ្វើជាកែវយឺតដោយប្រើដៃទាំងពីររបស់ពួកគេ ( រក ) ឬធ្វើជាគោះទ្វារ ( គោះ ) ។ សូមជួយកូនៗរបស់បង្អូនឲ្យគិតអំពីអ្វីៗដែលពួកគេអាចនិយាយ និងសូមនៅក្នុងការអធិស្ឋានរបស់ពួកគេ ។
-
កូនៗរបស់បងប្អូនអាចរីករាយនឹងល្បែងមួយដែលពួកគេសុំអ្វីមួយ ហើយទទួលបានអ្វីមួយដែលខុសគ្នាទាំងស្រុង ។ នៅក្នុង នីហ្វៃទី៣ ១៤:៧–១១ តើព្រះអង្គសង្គ្រោះសព្វព្រះទ័យឲ្យយើងដឹងអ្វីខ្លះអំពីព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ ?
ព្រះអង្គសង្គ្រោះសព្វព្រះទ័យឲ្យខ្ញុំស្តាប់ ហើយធ្វើអ្វីដែលទ្រង់បង្រៀន ។
-
សូមគិតអំពីវិធីជាច្រើនដែលបងប្អូនអាចជួយកូនៗរបស់បងប្អូនឲ្យមើលឃើញរឿងប្រៀបធៀបនៅក្នុងខគម្ពីរទាំងនេះ ។ ប្រហែលជាពួកគេអាចគូររូបភាព ធ្វើសកម្មភាព ឬសង់អ្វីមួយនៅលើគ្រឹះថ្ម និងនៅលើគ្រឹះដីខ្សាច់ ។ ពួកគេក៏អាចជំនួស « មនុស្សមានគំនិត » ដោយឈ្មោះរបស់ពួកគេផងដែរ នៅពេលដែលពួកគេអាន នីហ្វៃទី៣ ១៤:២៤–២៧ ឬច្រៀងបទ « មនុស្សប្រាជ្ញា និងមនុស្សល្ងង់ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១៣២ ) ។ ឬពួកគេអាចក្រោកឈររាល់ពេលដែលពួកគេឮពាក្យថា « ប្រព្រឹត្តតាម » នៅក្នុង នីហ្វៃទី៣ ១៤:២១–២៧ និង ១៥:១ ។
-
នេះជាមេរៀនវត្ថុមួយដែលបងប្អូនអាចសាកល្បង ៖ សូមឲ្យកូនៗរបស់បងប្អូនស្រមៃថា ជើងម្ខាងរបស់ពួកគេតំណាងឲ្យការស្តាប់តាមព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ ហើយជើងម្ខាងទៀតតំណាងឲ្យការប្រព្រឹត្តតាមអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀន ។ សូមអញ្ជើញកូនៗរបស់បងប្អូនឲ្យព្យាយាមឈរជើងមួយនៅលើជើង « ការស្ដាប់ » របស់ពួកគេ ។ តើនឹងមានអ្វីកើតឡើង ប្រសិនបើមានខ្យល់ដ៏ខ្លាំងមួយបានបោកបក់កាត់តាមបន្ទប់នេះ ? បន្ទាប់មក បងប្អូន និងកូនៗរបស់បងប្អូនអាចស្វែងរករឿងជាក់លាក់ដែលព្រះអង្គសង្គ្រោះបានបង្រៀនយើងឲ្យធ្វើ ៖ សូមមើល នីហ្វៃទី៣ ១២:៣–១២, ២១–២៦; ១៣:៥–៨ ។