ចូរ​មក​តាម​ខ្ញុំ
ថ្ងៃ​ទី ១៤–២០ ខែ តុលា ៖ « អ្នក​រាល់​គ្នា​ជា​កូន​ចៅ​ក្នុង​សេចក្ដី​សញ្ញា » ។ នីហ្វៃ​ទី​៣ ២០–២៦


« ថ្ងៃ​ទី ១៤–២០ ខែ តុលា ៖ ‹ អ្នក​រាល់​គ្នា​ជា​កូន​ចៅ​ក្នុង​សេចក្ដី​សញ្ញា › ។ នីហ្វៃ​ទី​៣ ២០–២៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

« ថ្ងៃ​ទី ១៤–២០ ខែ តុលា ។ នីហ្វៃ​ទី​៣ ២០–២៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

ព្រះគ្រីស្ទ​បង្ហាញ​ព្រះកាយ​ដល់​ពួក​សាសន៍​នីហ្វៃ

រូបគំនូរ​ព្រះគ្រីស្ទ​កំពុង​បង្ហាញ​ព្រះកាយ​ដល់​ពួក​សាសន៍​នីហ្វៃ ដោយ អេនឌ្រូ បូស្លី

ថ្ងៃ​ទី ១៤–២០ ខែ តុលា ៖ « អ្នក​រាល់​គ្នា​ជា​កូន​ចៅ​ក្នុង​សេចក្ដី​សញ្ញា »

នីហ្វៃ​ទី​៣ ២០–២៦

នៅពេល​បងប្អូន​ស្ដាប់​ឮ​មនុស្ស​ប្រើពាក្យ​ដូចជា វង្ស​អ៊ីស្រាអែល តើ​បងប្អូន​មាន​អារម្មណ៍​ថា ពួកគេ​កំពុង​និយាយ​អំពី​បងប្អូន​ដែរ​ឬ​ទេ ? ពួក​សាសន៍​នីហ្វៃ និង​ពួក​សាសន៍​លេមិន​គឺ​ជា​កូន​ចៅ​របស់​អ៊ីស្រាអែល​ពិត​ប្រាកដ « ជា​មែក​មួយ​នៃ​ដើម​អ៊ីស្រាអែល » ប៉ុន្តែ​ពួកគេ​មាន​អារម្មណ៍​ថា « ​បាន​វង្វេង​ចេញពី​ដើម » ( អាលម៉ា ២៦:៣៦; សូមមើល​ផងដែរ នីហ្វៃ​ទី​១ ១៥:១២ ) ។ ប៉ុន្តែ​ព្រះអង្គ​សង្គ្រោះ​ចង់​ឲ្យ​ពួកគេ​ដឹង​ថា ចំពោះ​ទ្រង់ ពួកគេ​ពុំ​វង្វេង​បាត់​នោះ​ទេ ។ ទ្រង់​មាន​បន្ទូល​ថា « អ្នករាល់គ្នា​គឺជា​វង្ស​អ៊ីស្រាអែល ហើយ​អ្នករាល់គ្នា​នៅ​ក្នុង​សេចក្ដីសញ្ញា » ( នីហ្វៃ​ទី​៣ ២០:២៥ ) ។ ទ្រង់​អាច​នឹង​មាន​បន្ទូល​ស្រដៀងគ្នា​នេះ​ទៅកាន់​បងប្អូន​នៅ​សព្វថ្ងៃនេះ​ដែរ ដ្បិត​នរណា​ម្នាក់​ដែល​បាន​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ហើយ​ចុះ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ទ្រង់​ក៏​ជា​វង្ស​អ៊ីស្រាអែល « ក្នុង​សេចក្ដីសញ្ញា » ផងដែរ ។ និយាយ​ម្យ៉ាងទៀត​ថា នៅពេល​ព្រះយេស៊ូវ​មានបន្ទូល​អំពី​វង្ស​អ៊ីស្រាអែល ទ្រង់​កំពុង​មាន​បន្ទូល​អំពី​បងប្អូន ។ ការណែនាំ​ដើម្បី​ប្រទានពរ​ដល់ « គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី » គឺ​សម្រាប់​បងប្អូន ( នីហ្វៃ​ទី​៣ ២០:២៧ ) ។ ការអញ្ជើញ​ថា « ចូរ​ភ្ញាក់ឡើង ចូរ​ពាក់​កម្លាំង​របស់​អ្នក » គឺ​សម្រាប់​បងប្អូន ( នីហ្វៃ​ទី​៣ ២០:៣៦ ) ។ ហើយ​ការសន្យា​ដ៏​មាន​តម្លៃ​របស់​ទ្រង់​ថា « សេចក្ដី​សប្បុរស​របស់​យើង​នឹង​មិន​ដែល​ឃ្លាត​បាត់​ពី​អ្នក​ឡើយ ហើយ​សេចក្ដីសញ្ញា​ពី​សេចក្ដីមេត្រី​របស់​យើង​ក៏​មិន​ត្រូវ​រើ​ចេញ​ដែរ » គឺ​សម្រាប់​បងប្អូន ( នីហ្វៃ​ទី​៣ ២២:១០ ) ។

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

នីហ្វៃ​ទី​៣ ២០–២២

នៅ​ថ្ងៃ​ចុង​ក្រោយ ព្រះ​នឹង​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​មួយ ។

នៅ​ក្នុង នីហ្វៃ​ទី​៣ ២០–២២ ព្រះអង្គ​សង្គ្រោះ​បាន​ព្យាករ​អំពី​អនាគត​នៃ​ប្រជាជន​ក្នុង​សេចក្ដី​សញ្ញា​របស់​ទ្រង់ ( សូម​មើល​ជា​ពិសេស នីហ្វៃ​ទី​៣ ២០:៣០–៣២, ៣៩–៤១; ២១:៩–១១, ២២–២៩ ) ។ នៅពេល​បងប្អូន​អាន​ខគម្ពីរ​ទាំងនេះ សូម​ចងចាំ​ពី​អ្វី​ដែល​ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍ ៖ « យើង​ស្ថិត​នៅ​ក្នុង​ចំណោម​រាស្ដ្រ​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះអម្ចាស់ ។ ពួក​យើង​មាន​ឯកសិទ្ធិ​ដើម្បី​ចូលរួម​ដោយ​ផ្ទាល់​នៅ​ក្នុងការ​បំពេញ​តាម​ការសន្យា​ទាំងនេះ ។ នេះ​ជា​គ្រា​ដ៏​អស្ចារ្យ​ដើម្បី​រស់នៅ ! » ( « The Gathering of Scattered Israel » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៧៩ ) ។ តើ​ការព្យាករ​ទាំងនេះ​ណាមួយ​ដែល​រំភើប​ចិត្ត​ខ្លាំង​បំផុត​ចំពោះ​បងប្អូន ? តើ​បងប្អូន​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​បំពេញ​ការសន្យា​ទាំងនោះ ?

សូម​ស្វែង​រក​ពាក្យ និង​ឃ្លា​ដែល​បំផុស​គំនិត ។ បងប្អូន​អាច​រកឃើញ​ថា មាន​ពាក្យ ឬ​ឃ្លា​ជាក់លាក់​មួយ​ចំនួន​នៅក្នុង​បទគម្ពីរ​ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​បងប្អូន ហាក់​ដូចជា​សរសេរ​យ៉ាង​ចំៗ​មក​កាន់​បងប្អូន​យ៉ាង​ដូច្នោះ​ដែរ ។ សូម​ពិចារណា​គូសចំណាំ​ខគម្ពីរ​ទាំងនោះ​នៅក្នុង​ព្រះគម្ពីរ​របស់​បងប្អូន ឬ​សរសេរ​ខគម្ពីរ​នោះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា ។

នីហ្វៃ​ទី​៣ ២២២៤

ព្រះ​ប្រកប​ដោយ​សេចក្ដីមេត្តា​ករុណា​ចំពោះ​អ្នកទាំងឡាយ​ណា​ដែល​ត្រឡប់​មក​រក​ទ្រង់​វិញ ។

នៅក្នុង នីហ្វៃ​ទី​៣ ២២ និង ២៤ ព្រះអង្គ​សង្គ្រោះ​ដកស្រង់​ពាក្យ​មកពី​គម្ពីរ​អេសាយ និង​ម៉ាឡាគី ដែល​ពោរពេញ​ទៅ​ដោយ​រូបភាព និង​ការប្រៀបធៀប​ដ៏​រស់​រវើក—ធ្យូង​ថ្ម​នៅ​ក្នុង​ភ្លើង ប្រាក់​សុទ្ធ អាពាហ៍ពិពាហ៍ បង្អួច​នៃ​ស្ថាន​សួគ៌ ( សូម​មើល​ជា​ពិសេស នីហ្វៃ​ទី​៣ ២២:៧–៨, ១០–១៧; ២៤:១០–១២, ១៧–១៨ ) ។ តើ​ការប្រៀបធៀប​ទាំងនេះ​បង្រៀន​បងប្អូន​អ្វីខ្លះ អំពី​ទំនាក់ទំនង​របស់​ព្រះ​ជាមួយនឹង​ប្រជាជន​របស់​ទ្រង់—និង​ទំនាក់ទំនង​របស់​ទ្រង់​ជាមួយនឹង​បងប្អូន ? តើ​ការសន្យា​នៅក្នុង​ជំពូក​ទាំងនេះ​បាន​បំពេញ​នៅក្នុង​ជីវិត​របស់​បងប្អូន ឬ​ជីវិត​គ្រួសារ​របស់​បងប្អូន​ដោយ​របៀបណា ?

សូម​មើល​ផង​ដែរ « The Refiner’s Fire » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

នីហ្វៃ​ទី​៣ ២៣:៦–១៣

ការកត់ត្រា​នូវ​បទពិសោធន៍​ខាង​វិញ្ញាណ​អាច​ប្រទាន​ពរ​ដល់​គ្រួសារ​របស់​ខ្ញុំ​បាន ។

តើ​បងប្អូន​ចាប់​អារម្មណ៍​អ្វីខ្លះ អំពី​ការប្រាស្រ័យ​ទាក់ទង​របស់​ព្រះអង្គ​សង្គ្រោះ​ជាមួយនឹង​ពួក​សាសន៍​នីហ្វៃ​នៅក្នុង នីហ្វៃ​ទី​៣ ២៣:៦–១៣ ? បើសិនជា​ព្រះអង្គ​សង្គ្រោះ​នឹង​មក​ពិនិត្យ​មើល​កំណត់ត្រា​គ្រួសារ​របស់​យើង​ដែល​យើង​បាន​រក្សា​ទុក តើ​ទ្រង់​នឹង​អាច​សួរ​សំណួរ​យើង​អ្វីខ្លះ ? តើ​ព្រឹត្តិការណ៍ ឬ​បទពិសោធន៍​ខាង​វិញ្ញាណ​សំខាន់​អ្វី​ខ្លះ​ដែល​បងប្អូន​គួរ​កត់ត្រា​ទុក ? តើ​ហេតុអ្វី​វា​មាន​សារៈសំខាន់​នៅក្នុង​ការធ្វើ​ដូច្នេះ ? ( សូមមើល នីហ្វៃ​ទី​៣ ២៦:២ ) ។

នីហ្វៃ​ទី​៣ ២៣; ២៦:១–១២

ព្រះអង្គ​សង្គ្រោះ​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ពិចារណា​មើល​ព្រះគម្ពីរ ។

នៅពេល​បងប្អូន​អាន នីហ្វៃ​ទី​៣ ២០:១០–១២; ២៣; ២៦:១–១២ សូម​ពិចារណា​ថា តើ​ព្រះអង្គ​សង្គ្រោះ​មាន​ព្រះទ័យ​យ៉ាងណា​អំពី​ព្រះគម្ពីរ ។ តើ​ការពិចារណា​មើល​ព្រះគម្ពីរ និង​ការអាន​ព្រះគម្ពីរ​មាន​ភាពខុសគ្នា​យ៉ាង​ណា ? ( សូមមើល នីហ្វៃ​ទី​៣ ២៣:១ ) ។

នីហ្វៃ​ទី​៣ ២៤:៧–១២

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​បើក​បង្អួច​ស្ថានសួគ៌ ។

រាស្ដ្រ​របស់​ព្រះ​តែង​តែ​ត្រូវ​បាន​បង្គាប់​ឲ្យ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ( សូម​មើល លោកុប្បត្តិ ១៤:១៧–២០; ម៉ាឡាគី ៣:៨–១១ ) ។ នៅពេល​បងប្អូន​សិក្សា នីហ្វៃ​ទី​៣ ២៤:៧–១២ សូម​គិត​អំពី​មូលហេតុ​ដែល​ព្រះ​បាន​សុំ​ឲ្យ​ប្រជាជន​ទ្រង់​ឲ្យ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ សំណួរ​ទាំងនេះ​អាច​ដឹកនាំ​ការសិក្សា​របស់​បងប្អូន​បាន ៖

  • តើ​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយភាគ​ក្នុង​ដប់​គឺជា​អ្វី ? ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១១៩ ។ « ប្រាក់ » នៅក្នុង​វិវរណៈ​នេះ​មាន​ន័យ​ថា​ចំណូល ។ សមាជិក​ទាំងអស់​ដែល​មាន​ប្រាក់​ចំណូល​គួរតែ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ) ។ តើ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ខុស​គ្នា​ពី​ដង្វាយ​ប្រភេទ​ផ្សេងទៀត​យ៉ាង​ដូចម្ដេច ?

  • តើ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ប្រើ​សម្រាប់​ធ្វើអ្វី ? បងប្អូន​អាច​ស្វែងរក​បញ្ជី​មួយ​ផ្នែក​នៅក្នុង Gospel Topics « Tithing » ( នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ) ។ តើ​បងប្អូន​បាន​ទទួល​ពរជ័យ​អ្វី​ខ្លះ ដោយសារ​សមាជិក​សាសនាចក្រ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ?

  • តើ​មាន​ពរជ័យ​អ្វី​ខ្លះ​មាន​ដល់​មនុស្ស​ដែល​រស់​នៅ​តាម​ក្រឹត្យវិន័យ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ? ( សូមមើល នីហ្វៃ​ទី​៣ ២៤:៧–១២ ) ។ បងប្អូន​អាច​រក​ឃើញ​ពរជ័យ​មួយ​ចំនួន​ដែល​បាន​ពិពណ៌នា​នៅក្នុង​សារលិខិត​របស់​អែលឌើរ ដេវីឌ អេ បែដណា « The Windows of Heaven » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១៧–២០ ) ។ ជា​ពិសេស សូម​រកមើល​ពរជ័យ​ដែល​មិន​ចាំបាច់​ជា​សាច់ប្រាក់​នោះទេ ។ តើ​បងប្អូន​បាន​ឃើញ​ពរជ័យ​ទាំងនេះ​នៅក្នុង​ជីវិត​របស់​បងប្អូន​ដោយ​របៀបណា ?

បងប្អូន​ក៏​អាច​នឹង​ចង់​មើល​វីដេអូ « Jesus Teaches about the Widow’s Mite » ( នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ) ឬ​អាន ម៉ាកុស ១២:៤១–៤៤ ផងដែរ ។ តើ​ដំណើររឿង​នេះ​បង្រៀន​បងប្អូន​អំពី​អ្វីខ្លះ ?

នីហ្វៃ​ទី​៣ ២៥:៥–៦

ព្រះអម្ចាស់​បាន​បញ្ជូន​អេលីយ៉ា​ឲ្យ​មក​ដើម្បី​បង្វែរ​ដួងចិត្ត​ខ្ញុំ​ឲ្យ​ងាក​ទៅរក​បុព្វការីជន​របស់​ខ្ញុំ ។

នៅ​សម័យ​របស់​យើង ដួងចិត្ត​របស់​យើង « បែរ​ទៅ​រក​ឪពុក [ យើង ] » តាម​រយៈ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។ តើ​ការណ៍​នេះ​កើតឡើង​ដល់​បងប្អូន​ដោយ​របៀប​ណា ? នៅពេល​ដែល​បងប្អូន​អាន នីហ្វៃ​ទី​៣ ២៥:៥–៦ និង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០:១៣–១៦ សូម​ពិចារណា​អំពី​មូលហេតុ​ដែល​ការណ៍​នេះ​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ផែនការ​របស់​ព្រះ ។

សូមមើល​ផងដែរ « ក្រុម​គ្រួសារ​អាច​នៅ​ជាមួយ​គ្នា​ជា​និរន្តរ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៩៨ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

នីហ្វៃ​ទី​៣ ២៣:១, ៥

ខ្ញុំ​អាច​ពិចារណារ​មើល​បទគម្ពីរ​ដោយ​ឧស្សាហ៍​ព្យាយាម​បាន ។

  • ការត្រាស់​បង្គាប់​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង នីហ្វៃ​ទី​៣ ២៣ បង្ហាញ​ពី​សារៈសំខាន់​នៃ​ព្រះគម្ពីរ​ចំពោះ​ទ្រង់ ។ ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​រក​ឃើញ​រឿង​នេះ បងប្អូន​អាច​អាន នីហ្វៃ​ទី​៣ ២៣:១, ៥ ឲ្យឮៗ ហើយ​សុំ​ឲ្យ​ពួកគេ​ស្ដាប់​រក​ពាក្យ​មួយ​ដែល​បាន​និយាយ​ដដែលៗ​បី​ដង ។ តើ​ការពិចារណា​ខុស​ពី​ការគ្រាន់តែ​អាន​យ៉ាង​ដូចម្ដេច ?

  • ប្រហែល​ជា​បងប្អូន និង​កូនៗ​របស់​បងប្អូន​អាច​សរសេរ​ខគម្ពីរ​មួយ​ដែល​បងប្អូន​ចូលចិត្ត ហើយ​លាក់​វា ។ បន្ទាប់​មក បងប្អូន​អាច​ដូរ​វេនគ្នា​ដើរ​រក​ខគម្ពីរ​ដែល​បាន​លាក់​ទុក​របស់​គ្នា​ទៅ​វិញ​ទៅ​មក អាន​ខគម្ពីរ​ទាំងនោះ​ជាមួយ​គ្នា ហើយ​និយាយ​អំពី​មូលហេតុ​ដែល​ខគម្ពីរ​ទាំង​នេះ​មាន​អត្ថន័យ ។

នីហ្វៃ​ទី​៣ ២៤:៨–១២

ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​បើក​បង្អួច​ស្ថានសួគ៌ ។

  • សូម​ជួយ​ឲ្យ​កូនៗ​របស់​បងប្អូន​ស្រាវជ្រាវ នីហ្វៃ​ទី​៣ ២៤:៨–១២ ដើម្បី​ស្វែងរក​វិធី​បំពេញ​ប្រយោគ​នេះ ៖ ប្រសិន​បើ​ខ្ញុំ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ នោះ​ព្រះអម្ចាស់​នឹង … ។ បងប្អូនក៏​អាច​ចែកចាយ​បទពិសោធន៍​មួយ ដែល​បងប្អូន​បាន​ទទួល​ពរជ័យ ដោយសារ​បងប្អូន​បាន​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ផងដែរ ។ ប្រសិនបើ​វា​មាន​ប្រយោជន៍ សូម​ពិចារណា​សរសេរ​ទឹកប្រាក់​តួលេខ​តិចៗ​ពីរ​បី ហើយ​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​គណនា​ចំនួន​ប្រាក់​ដង្វាយ ( ១០ ភាគរយ ) ដែល​ត្រូវ​ថ្វាយ​សម្រាប់​ចំនួន​ទឹក​ប្រាក់​នីមួយៗ ។

  • ទំព័រ​សកម្មភាព​សប្ដាហ៍​នេះ អាច​ជួយ​ឲ្យ​កូនៗ​របស់​បងប្អូន​និយាយ​អំពី​វិធី​មួយ​ចំនួន ដែល​ព្រះអម្ចាស់​ប្រើ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដើម្បី​ប្រទាន​ពរ​ដល់​សមាជិក​សាសនាចក្រ​របស់​ទ្រង់ ។ ប្រហែល​ជា​ពួកគេ​អាច​គូរ​រូបភាព ( ឬ​ស្វែងរក​រូបភាព​នៅ​ក្នុង​ទស្សនាវដ្ដី​សាសនាចក្រ ) អំពី​របៀប​ដែល​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ប្រទាន​ពរ​ដល់​ពួកគេ ។

នីហ្វៃ​ទី​៣ ២៥:៥–៦

ព្រះវរបិតា​សួគ៌​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​រៀន​អំពី​បុព្វការីជន​របស់​ខ្ញុំ ។

  • តើ​បងប្អូន​នឹង​បំផុស​គំនិត​កូនៗ​របស់​បងប្អូន​ឲ្យ​ស្វែងរក និង​រៀន​អំពី​បុព្វការីជន​របស់​ពួកគេ​ដោយ​របៀបណា ? តើ​បងប្អូន​អាច​លើក​ទឹក​ចិត្ត​កូនៗ​របស់​បងប្អូន​ឲ្យ​ធ្វើ​ពិធីបរិសុទ្ធ​ទាំងឡាយ​ជូន​បុព្វការីជន​របស់​ពួកគេ នៅពេល​ពួកគេ​មាន​វ័យ​ធំជាង​នេះ​ដោយ​របៀបណា ? សូម​ពិចារណា​ជួយ​ពួកគេ​ឲ្យ​ស្រាវជ្រាវ​ក្នុង នីហ្វៃ​ទី​៣ ២៥:៥–៦ ដើម្បី​ស្វែងរក​អ្វី​មួយ​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ ។ កូន​តូចៗ​អាច​ដាក់​ដៃ​លើ​បេះដូង​របស់​ពួកគេ គ្រប់​ពេល​ដែល​ពួកគេ​ឮ​ពាក្យ « ចិត្ត » នៅពេល​ដែល​បងប្អូន​អាន​ខគម្ពីរ​ទាំង​នេះ ។ បងប្អូន​ក៏​អាច​អាន​អំពី​របៀប​ដែល​ការព្យាករ​នេះ​ត្រូវ​បាន​បំពេញ​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០:១៣–១៦ ផងដែរ ( សូម​មើល​ផងដែរ សៀវភៅ​រូបភាព​ដំណឹង​ល្អ ល.រ. ៩៥ ) ។ សូម​ប្រាប់​កូនៗ​របស់​បងប្អូន​អំពី​របៀប​ដែល​ដួងចិត្ត​របស់​បងប្អូន​បាន​បែរ​ទៅរក​បុព្វការីជន​របស់​បងប្អូន ។ ឧទាហរណ៍ បងប្អូន​អាច​ចែកចាយ​បទពិសោធន៍​ណា​មួយ ដែល​បងប្អូន​បាន​រៀន​អំពី​បុព្វការីជន​របស់​បងប្អូន និង​ធ្វើ​ពិធីបរិសុទ្ធ​ទាំងឡាយ​ជូន​ពួកលោក ។

  • សូម​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​បំពេញ​មែកធាង​គ្រួសារ​មួយ ដែល​មាន​ឈ្មោះ​ឪពុកម្តាយ និង​ជីដូនជីតា​របស់​ពួកគេ ។ តើ​បងប្អូន​អាច​ចែកចាយ​រឿងរ៉ាវ​អ្វីខ្លះ​អំពី​បុព្វការីជន​របស់​បងប្អូន ? សូម​បង្ហាញ​រូបភាព​ប្រសិនបើ​មាន ។ បងប្អូន​ក៏​អាច​ច្រៀង​ជាមួយគ្នា​បទ « ក្រុមគ្រួសារ​អាច​នៅ​ជាមួយ​គ្នា​ជា​និរន្តរ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៩៨ ) ហើយ​និយាយ​ជាមួយ​កូនៗ​របស់​បងប្អូន​អំពី​មូលហេតុ​ដែល​ក្រុមគ្រួសារ​មាន​សារៈសំខាន់​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

ព្រះយេស៊ូវ​កំពុង​អាន​កំណត់ត្រា​ពួក​សាសន៍​នីហ្វៃ​ជាមួយ​នីហ្វៃ

Bring Forth the Record [ នាំ​កំណត់ត្រា​ចេញមក ] ដោយ ហ្គែរី អិល ខាប