« ថ្ងៃទី ២៥ ខែ វិច្ឆិកា–ថ្ងៃទី ១ ខែ ធ្នូ ៖ ‹ ដោយសារសេចក្ដីជំនឿ នោះការណ៍ទាំងអស់ត្រូវបានបំពេញ › ។ អេធើរ ១២–១៥ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )
« ថ្ងៃទី ២៥ ខែ វិច្ឆិកា–ថ្ងៃទី ១ ខែ ធ្នូ ។ អេធើរ ១២–១៥ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )
ថ្ងៃទី ២៥ ខែ វិច្ឆិកា–ថ្ងៃទី ១ ខែ ធ្នូ ៖ « ដោយសារសេចក្ដីជំនឿ នោះការណ៍ទាំងអស់ត្រូវបានបំពេញ »
អេធើរ ១២–១៥
ការព្យាកររបស់អេធើរទៅកាន់ពួកសាសន៍យ៉ារេឌគឺ « ធំ ហើយអស្ចារ្យ » ( អេធើរ ១២:៥ ) ។ លោក « បានប្រាប់ពួកគេនូវការណ៍ទាំងអស់ ចាប់តាំងពីដើមកំណើតរបស់មនុស្សមក » ( អេធើរ ១៣:២ ) ។ លោកបានព្យាករពី « សម័យនៃព្រះគ្រីស្ទ » និងក្រុងយេរូសាឡិមថ្មីនៅថ្ងៃចុងក្រោយ ( អេធើរ ១៣:៤ ) ។ ហើយលោកថ្លែងអំពីសេចក្ដី « សង្ឃឹមជាប្រាកដថានឹងបានពិភពលោកមួយដ៏ប្រសើរលើសលែងទៅទៀត មែនហើយ គឺកន្លែងមួយដែលនៅខាងស្ដាំព្រះហស្តនៃព្រះ » ( អេធើរ ១២:៤ ) ។ ប៉ុន្តែពួកសាសន៍យ៉ារេឌបានបដិសេធពាក្យសម្ដីរបស់លោក ជាញឹកញាប់មនុស្សបានបដិសេធការព្យាកររបស់ពួកអ្នកបម្រើរបស់ព្រះដូចនៅពេលបច្ចុប្បន្ននេះ ដោយសារហេតុផលដូចគ្នានោះផងដែរ—« ពីព្រោះពួកគេពុំបាន [ ឃើញ ] » ( អេធើរ ១២:៥ ) ។ វាត្រូវការសេចក្ដីជំនឿដើម្បីជឿទៅលើការសន្យា ឬការព្រមានអំពីរឿងទាំងឡាយដែលយើងមើលពុំឃើញ វាក៏ដូចជាអេធើរត្រូវប្រើសេចក្ដីជំនឿដើម្បីព្យាករអំពី « ការណ៍ដ៏ធំ ហើយអស្ចារ្យ » ទៅកាន់ប្រជាជនដែលពុំជឿដូច្នោះដែរ ។ មរ៉ូណៃត្រូវប្រើសេចក្តីជំនឿដើម្បីទុកចិត្តថា ព្រះអម្ចាស់អាចដកយក « ភាពទន់ខ្សោយខាងការសរសេរ » របស់លោកចេញ ហើយបង្វែរទៅជាភាពខ្លាំងពូកែវិញបាន ( សូមមើល អេធើរ ១២:២៣–២៧ ) ។ គឺសេចក្ដីជំនឿបែបនេះហើយដែលធ្វើឲ្យយើង « ស្ថិតស្ថេរនៅនឹងធឹង ហើយខ្ជាប់ខ្ជួន គឺនៅក្នុងកិច្ចការល្អដ៏បរិបូរជាដរាប ដែលនាំឲ្យសរសើរតម្កើងដល់ព្រះ » ( អេធើរ ១២:៤ ) ។ ហើយវាគឺជាសេចក្ដីជំនឿបែបនេះហើយដែល « ការណ៍ទាំងអស់ត្រូវបានបំពេញ » ( អេធើរ ១២:៣ ) ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងសាសនាចក្រ
សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទអាចនាំឲ្យមានអព្ភូតហេតុដ៏អស្ចារ្យបាន ។
វាជារឿងធម្មតានៅសព្វថ្ងៃនេះ ដូចនៅក្នុងជំនាន់របស់អេធើរដែរ ព្រោះមនុស្សចង់ឃើញភស្តុតាងមុននឹងជឿលើព្រះ និងព្រះចេស្តារបស់ទ្រង់ ។ តើបងប្អូនរៀនអ្វីខ្លះមកពី អេធើរ ១២:៥–៦ អំពីគំនិតនេះ ?
នៅពេលដែលបងប្អូនអាន អេធើរ ១២ បងប្អូនអាចកត់សម្គាល់រៀងរាល់ពេលដែលបងប្អូនរកឃើញពាក្យ « សេចក្តីជំនឿ » ។ សូមពិចារណាពីអ្វីដែលករណីនីមួយៗបង្រៀនអំពីសេចក្ដីជំនឿ ។ សំណួរទាំងនេះអាចជួយបាន ៖ តើសេចក្តីជំនឿគឺជាអ្វី ? តើការអនុវត្តសេចក្ដីជំនឿមានន័យដូចម្ដេច ? តើផលផ្លែនៃសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទមានអ្វីខ្លះ ? បងប្អូនក៏អាចកត់ត្រាផងដែរនូវគំនិតរបស់បងប្អូនអំពីសាក្សីដែលបងប្អូនបានទទួល « ក្រោយពីការសាកល្បងនៃសេចក្ដីជំនឿរបស់អ្នកសិន » ( អេធើរ ១២:៦ ) ។
សូមមើលផងដែរ រ័សុល អិម ណិលសុន « Christ Is Risen; Faith in Him Will Move Mountains » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០១–១០៤ ។
ព្រះយេស៊ូវគ្រីស្ទប្រទាន « សេចក្ដីសង្ឃឹមដ៏ប្រសើរលើសលែងទៅទៀត » ដល់យើង ។
បន្ថែមពីលើការយល់ដឹងដ៏ជ្រាលជ្រៅអំពីសេចក្តីជំនឿ អេធើរ ១២ ក៏មានការនិយាយជាច្រើនអំពីសេចក្តីសង្ឃឹមផងដែរ ។ សូមឲ្យសំណួរទាំងនេះណែនាំការសិក្សារបស់បងប្អូន ៖
-
តើមូលហេតុអ្វីខ្លះដែលអេធើរត្រូវតែ « សង្ឃឹមជាប្រាកដថានឹងបានពិភពលោកមួយដ៏ប្រសើរលើសលែងទៅទៀត » ? ( សូមមើល អេធើរ ១២:២–៥ ) ។
-
តើគោលបំណងនៃយុថ្កាគឺជាអ្វី ? ស្រដៀងគ្នាទៅនឹងអ្វីដែលយុថ្កាជួយដល់ទូកដែរ តើសេចក្តីសង្ឃឹមជួយដល់ព្រលឹងរបស់បងប្អូនយ៉ាងដូចម្ដេច ? ( សូមមើល អេធើរ ១២:៤ ) ។
-
តើយើងគួរសង្ឃឹមចង់បានអ្វី ? ( សូមមើល អេធើរ ១២:៤; មរ៉ូណៃ ៧:៤១ ) ។
-
តើដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទបានផ្ដល់ « សេចក្ដីសង្ឃឹមដ៏ប្រសើរលើសលែងទៅទៀត » ដោយរបៀបណា ? ( អេធើរ ១២:៣២ ) ។
សូមមើលផងដែរ មរ៉ូណៃ ៧:៤០–៤១; ជែហ្វ្រី អ័រ ហូឡិន « A Perfect Brightness of Hope » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨១–៨៤ ។
ព្រះយេស៊ូវគ្រីស្ទអាចធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយជាទៅខ្លាំងពូកែចំពោះខ្ញុំបាន ។
នៅពេលយើងអានការសរសេរដ៏មានអានុភាពរបស់មរ៉ូណៃ វាងាយនឹងភ្លេចថា លោកបានបារម្ភអំពី « ភាពទន់ខ្សោយខាងការសរសេរ » របស់លោក ហើយភ័យខ្លាចថាប្រជាជននឹងចំអកចំពោះពាក្យរបស់លោក ( សូមមើល អេធើរ ១២:២៣–២៥ ) ។ ប្រសិនបើបងប្អូនធ្លាប់មានអារម្មណ៍ព្រួយបារម្ភអំពីភាពទន់ខ្សោយរបស់បងប្អូនផ្ទាល់ សូមអានការតស៊ូរបស់មរ៉ូណៃ និងការឆ្លើយតបរបស់ព្រះអង្គសង្គ្រោះ—នៅក្នុង អេធើរ ១២:២៣–២៩ ។ បងប្អូនក៏អាចពិចារណាពីគ្រាដែលព្រះយេស៊ូវគ្រីស្ទបានជួយបងប្អូនឲ្យស្គាល់ភាពទន់ខ្សោយរបស់បងប្អូន ហើយធ្វើឲ្យបងប្អូនរឹងមាំផងដែរ—ទោះជាទ្រង់មិនបានដកវាចេញទាំងស្រុងក៏ដោយ ។ សូមគិតពីភាពទន់ខ្សោយដែលបងប្អូនកំពុងពុះពារនៅពេលបច្ចុប្បន្ននេះផងដែរ ។ តើបងប្អូនត្រូវធ្វើអ្វីខ្លះ ដើម្បីទទួលបានការសន្យារបស់ព្រះអង្គសង្គ្រោះដើម្បី « ធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែ » ? ( អេធើរ ១២:២៧ ) ។
សូមពិចារណាស្រាវជ្រាវក្នុងវគ្គបទគម្ពីរខាងក្រោមនេះ ដើម្បីមើលពីរបៀបដែលអ្នកដទៃនៅក្នុងព្រះគម្ពីរបានទទួលកម្លាំងតាមរយៈព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ៖
-
ហេណុក ( ម៉ូសេ ៦:៣១–៣៤; ៧:១៣ )
-
ម៉ូសេ ( និក្ខមនំ ៤:១០–១២; ១៤:៣១ )
-
គេឌាន ( ពួកចៅហ្វាយ ៦:១២–១៦; ៨:២២–២៣ )
-
ពេត្រុស ( លូកា ៥:៨–១០; ២២:៥៥–៦២; កិច្ចការ ៤:១៣–២១ )
-
មរ៉ូណៃ ( អេធើរ ១២:២៣–២៩ )
-
យ៉ូសែប ស្ម៊ីធ ( យ៉ូសែប ស្ម៊ីធ—ប្រវត្ដិ ១:២៨; គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥:១៧; ១៣៥:៣ )
សូមមើលផងដែរ Gospel Topics « Grace » នៅលើបណ្ណាល័យដំណឹងល្អ; « ទ្រង់ជាពន្លឺខ្ញុំ » ទំនុកតម្កើង ល.រ. ៣៩ ។
ការបដិសេធព្យាការីរបស់ព្រះអម្ចាស់ធ្វើឲ្យយើងស្ថិតក្នុងគ្រោះថ្នាក់ខាងវិញ្ញាណ ។
ការធ្វើជាស្ដេចនៃពួកសាសន៍យ៉ារេឌតាមប្រវត្តិសាស្ត្រ វាជាតំណែងដ៏គ្រោះថ្នាក់មួយ ។ រឿងនេះគឺពិតជាពិសេសចំពោះ កូរីអានទុមើរ ផងដែរនៅពេលមនុស្សជាច្រើន « ដែលជាមនុស្សខ្លាំងពូកែ…ស្វែងរកបំផ្លាញទ្រង់ » ( អេធើរ ១៣:១៥–១៦ ) ។ នៅក្នុង អេធើរ ១៣:១៥–២២ សូមកត់សម្គាល់អំពីអ្វីដែល កូរីអានទុមើរ បានធ្វើដើម្បីការពារខ្លួន និងអ្វីដែលព្យាការីអេធើរបានប្រឹក្សាដល់ទ្រង់ឲ្យធ្វើជំនួសវិញ ។ នៅពេលបងប្អូនអានគម្ពីរអេធើរទាំងអស់ សូមពិចារណាអំពីលទ្ធផលនៃការបដិសេធពួកព្យាការី ។ តើមានអ្វីកើតឡើងចំពោះមនុស្សនៅពេល « ព្រះវិញ្ញាណនៃព្រះអម្ចាស់ [ ឈប់ ] តស៊ូជាមួយនឹងពួកគេទៀត » ? ( អេធើរ ១៥:១៩ ) ។ តើព្រះអម្ចាស់អាចសព្វព្រះទ័យឲ្យបងប្អូនរៀនអ្វីខ្លះចេញពីដំណើររឿងទាំងនេះ ? សូមពិចារណាពីអ្វីដែលបងប្អូននឹងធ្វើ ដើម្បីធ្វើតាមព្យាការីរបស់ទ្រង់ ។
គំនិតសម្រាប់បង្រៀនកុមារ
សេចក្តីជំនឿគឺជាការជឿទៅលើអ្វីដែលខ្ញុំមើលមិនឃើញ ។
-
សូមពិចារណាជួយកូនៗរបស់បងប្អូនឲ្យថាតាមបងប្អូន « សេចក្តីជំនឿគឺជាអ្វីដែលសង្ឃឹមចង់បាន ហើយមើលមិនឃើញ » មកពី អេធើរ ១២:៦ ។ កូនៗរបស់បងប្អូនអាចរីករាយក្នុងការមើលរូបភាពដែលបង្ហាញពីគំរូនៃសេចក្តីជំនឿនៅក្នុង អេធើរ ១២:១៣–១៥, ១៩–២១ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ. ៧៨, ៨៥ និង ទំព័រសកម្មភាពសប្តាហ៍នេះ ) ។ សូមអនុញ្ញាតឲ្យកូនៗរបស់បងប្អូនពន្យល់អំពីអ្វីដែលពួកគេដឹងអំពីដំណើររឿងនីមួយៗ ។ នេះជាសំណួរមួយចំនួនដែលជួយបងប្អូនឲ្យពិភាក្សាអំពីគំរូនៃសេចក្ដីជំនឿទាំងនេះ ៖
-
តើមនុស្សទាំងនេះសង្ឃឹមចង់បានអ្វី ?
-
តើសេចក្តីជំនឿរបស់ពួកគេត្រូវបានសាកល្បងដោយរបៀបណា ?
-
តើមានអ្វីបានកើតឡើងដោយសារតែសេចក្តីជំនឿរបស់ពួកគេ ?
បងប្អូនក៏អាចចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនរបស់បងប្អូនដែលអនុវត្តសេចក្ដីជំនឿផងដែរ ។
-
សេចក្ដីសង្ឃឹមគឺដូចជាយុថ្កាសម្រាប់ព្រលឹងរបស់ខ្ញុំ ។
-
ដើម្បីយល់អំពីអ្វីដែល អេធើរ ១២:៤ បង្រៀនអំពីសេចក្ដីសង្ឃឹម បងប្អូន និងកូនៗរបស់បងប្អូនអាចមើលរូបភាពទូកមួយ និងយុថ្កាមួយ ។ តើហេតុអ្វីទូកត្រូវការយុថ្កា ? តើនឹងមានអ្វីកើតឡើង ប្រសិនបើទូកគ្មានយុថ្កាទេនោះ ? នៅពេលបងប្អូនអាន អេធើរ ១២:៤ ជាមួយគ្នា សូមនិយាយអំពីរបៀបដែលសេចក្ដីសង្ឃឹមជួយដល់យើង ដូចជាយុថ្កាជួយដល់ទូកអ៊ីចឹងដែរ ។ សូមអញ្ជើញឲ្យកូនៗរបស់បងប្អូនគូររូបភាពទូក និងយុថ្កា ដើម្បីពួកគេអាចបង្រៀនអ្នកដទៃអំពីសេចក្តីសង្ឃឹមបាន ។
-
បើកូនៗរបស់បងប្អូនត្រូវការនិយមន័យនៃ សេចក្ដីសង្ឃឹម សូមជួយពួកគេឲ្យស្វែងរកនិយមន័យមួយក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សង្ឃឹម, សេចក្ដីសង្ឃឹម » ( នៅលើបណ្ណាល័យដំណឹងល្អ ) ។ យោងទៅតាមនិយមន័យនេះ និង អេធើរ ១២:៤, ៣២ តើយើងគួរសង្ឃឹមចង់បានអ្វី ? ( សូមមើលផងដែរ មរ៉ូណៃ ៧:៤០–៤២ ) ។ សូមជួយកូនៗរបស់បងប្អូនឲ្យគិតអំពីពាក្យផ្សេងទៀតសម្រាប់ពាក្យ សេចក្តីសង្ឃឹម រួមជាមួយនឹងពាក្យទាំងឡាយដែលមានន័យផ្ទុយនឹងពាក្យ សេចក្តីសង្ឃឹម ផងដែរ ។ បងប្អូនក៏អាចចែកចាយជាមួយគ្នាទៅវិញទៅមកនូវសេចក្ដីពិតនៃដំណឹងល្អមួយចំនួន ដែលផ្ដល់ឲ្យបងប្អូននូវសេចក្ដីសង្ឃឹមផងដែរ ។
ព្រះយេស៊ូវគ្រីស្ទអាចជួយខ្ញុំឲ្យរឹងមាំខាងវិញ្ញាណបាន ។
-
ជួនកាលកុមារប្រឈមមុខនឹងស្ថានភាពដែលពួកគេមានអារម្មណ៍ថាទន់ខ្សោយ គឺដូចជាមរ៉ូណៃបានជួបដែរ ។ សូមជួយកូនៗរបស់បងប្អូនឲ្យដឹងអំពីមូលហេតុដែលមរ៉ូណៃមានអារម្មណ៍បែបនេះនៅក្នុង អេធើរ ១២:២៣–២៥ ហើយសួរពួកគេថា តើពួកគេធ្លាប់មានអារម្មណ៍ស្រដៀងគ្នានេះដែរឬទេ ។ បន្ទាប់មក សូមអញ្ជើញពួកគេឲ្យអាន ខទី ២៦–២៧ ដើម្បីរកមើលពីរបៀបដែលព្រះអម្ចាស់បានលើកទឹកចិត្តដល់មរ៉ូណៃ ។
-
ប្រហែលកូនៗរបស់បងប្អូនអាចគូររូបអ្វីដែលទន់ខ្សោយ និងអ្វីដែលរឹងមាំ ។ បន្ទាប់មក ពួកគេអាចបន្ថែមពាក្យ និងឃ្លាមួយចំនួនមកពី អេធើរ ១២:២៣–២៩ ទៅលើរូបគំនូររបស់ពួកគេ ដែលបង្រៀនពួកគេអំពីរបៀបដែលព្រះអង្គសង្គ្រោះអាចបង្វែរភាពទន់ខ្សោយរបស់យើងឲ្យទៅជាខ្លាំងពូកែវិញបាន ។ សូមលើកទឹកចិត្តកូនៗរបស់បងប្អូនឲ្យគិតពីភាពទន់ខ្សោយមួយដែលពួកគេអាចមាន ហើយបន្ទាប់មក សូមស្វែងរកជំនួយពីព្រះអង្គសង្គ្រោះដើម្បីប្រែវាឲ្យទៅជាខ្លាំងពូកែវិញ ។ បងប្អូនក៏អាចចែកចាយបទពិសោធន៍មួយ នៅពេលដែលព្រះអង្គសង្គ្រោះបានជួយបងប្អូនឲ្យរឹងមាំល្មមដើម្បីធ្វើកិច្ចការដែលលំបាកៗបានផងដែរ ។