« ថ្ងៃទី ១០-១៦ ខែ កុម្ភៈ ៖ ‹ ប្រយោជន៍ឲ្យអ្នកអាចក្លាយទៅជាអ្នកជម្នះបាន › ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១០-១១ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ១០-១១ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៥
ថ្ងៃទី ១០-១១ ខែ កុម្ភៈ ៖ « ប្រយោជន៍ឲ្យអ្នកអាចក្លាយទៅជាអ្នកជម្នះបាន »
គោលលទ្ធិ និងសេចក្ដីសញ្ញា ១០–១១
ពេលការបកប្រែព្រះគម្ពីរមរមនបានបន្ត មានសំណួរមួយបានលេចឡើងថា ៖ តើ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី គួរតែធ្វើអ្វីអំពីទំព័របកប្រែដែលបានបាត់ទៅទាំងនោះ ? វាប្រហែលជាសមហេតុផលក្នុងការបកប្រែផ្នែកនោះឡើងវិញ ប៉ុន្តែព្រះអម្ចាស់បានទតឃើញអ្វីមួយដែលពួកគេមិនអាចមើលឃើញបាន ៖ សត្រូវរបស់ពួកគេមានគម្រោងផ្លាស់ប្តូរពាក្យពេចន៍នៅលើទំព័រទាំងនោះដើម្បីដាក់ការសង្ស័យទៅលើកិច្ចការដ៏បំផុសគំនិតរបស់យ៉ូសែប ។ ព្រះមានផែនការដើម្បីចៀសវាងពីបញ្ហានោះ ហើយរក្សាកិច្ចការនេះឲ្យឆ្ពោះទៅមុខ ។ រាប់ពាន់ឆ្នាំមុននេះ ព្រះបានបំផុសគំនិត នីហ្វៃឲ្យសរសេរកំណត់ត្រាទីពីរដែលគ្របដណ្តប់ក្នុងរយៈពេលដូចគ្នា« គោលបំណងដ៏សំខាន់មួយចំពោះទ្រង់ » ( នីហ្វៃទី១ ៩:៥ ) ។
ព្រះអម្ចាស់មានបន្ទូលទៅកាន់ យ៉ូសែប ថា « ប្រាជ្ញារបស់យើងមហិមាជាងកលល្បិចនៃអារក្សទៅទៀត » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១០:៤៣ ) ។ នោះគឺជាសារធានាអះអាងមួយនៅក្នុងជំនាន់ដូចជាជំនាន់របស់យើង នៅពេលដែលសត្រូវកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់វាដើម្បីធ្វើឲ្យសេចក្តីជំនឿចុះខ្សោយ ។ ដូចជាយ៉ូសែប ដែរ យើងអាច « មានចិត្តស្មោះត្រង់ ហើយធ្វើការបន្តទៅទៀត » នៅក្នុងកិច្ចការដែលព្រះបានហៅឲ្យយើងធ្វើ ( ខទី ៣ ) ។ រួចហើយយើងនឹងរកឃើញថាទ្រង់បានផ្ដល់មធ្យោបាយមួយជាស្រេចដើម្បីឲ្យ « ទ្វារស្ថាននរកនឹងពុំដែលឈ្នះ » ទាស់នឹងយើងឡើង ( ខទី ៦៩ ) ។
សូមមើល ពួកបរិសុទ្ធ, ១:៥១–៦១ ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅព្រះវិហារ
គោលលទ្ធិ និងសេចក្ដីសញ្ញា ១០:១–៣៣
ព្រះ « នឹងមិនទ្រាំឲ្យអារក្សសាតាំងសម្រេចនូវគម្រោងការណ៍ដ៏អាក្រក់របស់វាឡើយ » ។
សាតាំងនឹងពេញចិត្តពេលយើងភ្លេចថាវានៅមានវត្តមាន—ឬថាយ៉ាងហោចណាស់យើងខកខានមិនស្គាល់ការបោកប្រាស់របស់វាដែលធ្វើឲ្យជះឥទ្ធិពលលើយើង( សូមមើល នីហ្វៃទី២ ២៨:២២–២៣ ) ។ ប៉ុន្តែព្រះបន្ទូលរបស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១០ បញ្ជាក់ថាសាតាំងមានពិត—ហើយវាជំទាស់យ៉ាងសកម្មទៅនឹងកិច្ចការរបស់ព្រះអម្ចាស់ ។ នៅក្នុង ខទី ១-៣៣ ចូរស្វែងយល់នូវអ្វីដែលព្រះបានដឹងអំពីការខិតខំរបស់សាតាំង ( សូមមើលផងដែរ ខទី ៦២-៦៣ ) ។ បងប្អូនអាចទូលសូមព្រះអម្ចាស់ឲ្យជួយបងប្អូនមើលឃើញអំពីរបៀបដែលសាតាំងអាចកំពុងល្បួងបងប្អូន ។ នៅពេលបងប្អូនអាន កណ្ឌទី ១០ សូមពិចារណាអំពីរបៀបដែលព្រះអង្គសង្គ្រោះអាចជួយបងប្អូនឲ្យទប់ទល់នឹងការខិតខំរបស់សាតាំង ។
គោលលទ្ធិ និងសេចក្តីសញ្ញា ១០:៣៤–៥២
ប្រាជ្ញារបស់ព្រះអម្ចាស់ « មហិមាជាងកលល្បិចនៃអារក្សទៅទៀត » ។
នីហ្វៃ មិនបានដឹងមូលហេតុដែលគាត់ត្រូវបានបំផុសគំនិតឲ្យធ្វើកំណត់ត្រាពីរច្បាប់អំពីប្រជាជនរបស់លោកនោះទេ ។ ហើយ មរមន មិនបានដឹងអំពីមូលហេតុដែលគាត់ត្រូវបានបំផុសគំនិតឲ្យបញ្ចូលច្បាប់ទីពីរ ចូលទៅក្នុងផ្ទាំងចំណារមាសនោះដែរ ។ ប៉ុន្តែព្យាការីទាំងពីរបានទុកចិត្តថាព្រះមាន « គោលបំណងដ៏សំខាន់មួយ » ( នីហ្វៃទី១ ៩:៥; ពាក្យសម្តីនៃមរមន ១:៧ ) ។ ថ្ងៃនេះយើងដឹងយ៉ាងហោចណាស់ផ្នែកមួយនៃគោលបំណងនោះថា ៖ ដើម្បីជំនួសទំព័រដែលបាត់បង់ទាំង ១១៦ នៃព្រះគម្ពីរមរមន ។ តើបងប្អូនមានអារម្មណ៍ថាព្រះអម្ចាស់ចង់ឲ្យបងប្អូនរៀនអ្វីអំពីរឿងទាំងអស់នេះ ? សូមពិចារណាអំពីសំណួរនេះនៅពេលអ្នកអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១០:៣៤–៥២ ។ បងប្អូនក៏អាចធ្វើបញ្ជីអំពីសេចក្ដីពិតដែលបងប្អូនរៀនអំពីព្រះអម្ចាស់មកពីខគម្ពីរទាំងនេះបានផងដែរ ។ តើសេចក្តីពិតទាំងនេះប៉ះពាល់ដល់ទំនាក់ទំនងរបស់បងប្អូនជាមួយព្រះដោយរបៀបណា ? តើបងប្អូនមានការចាប់អារម្មណ៍អ្វីខ្លះចំពោះប្រាជ្ញា និងការមើលឃើញរបស់ព្រះអម្ចាស់ក្នុងការរៀបចំសម្រាប់ការបាត់បង់នៃ ១១៦ ទំព័រ ?
បងប្អូនក៏អាចមានអារម្មណ៍បំផុសគំនិតដើម្បីស្វែងរកភស្តុតាងនៃព្រះបញ្ញាញណ និងការទតឃើញរបស់ទ្រង់នៅក្នុងជីវិតរបស់បងប្អូនផងដែរ ។ សូមអានដំណើររឿងនៅក្នុងសារលិខិតរបស់អែលឌើរ រ៉ូណល អេ រ៉ាសបាន By Divine Design »—ដំណើររឿងទាំងនោះអាចរំឭកអំពីឧទាហរណ៍ទាំងនោះ ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៥៥–៥៧ ) ។ សូមពិចារណាសរសេរដំណើររឿងទាំងនោះនៅពេលបងប្អូននឹកឃើញ ។ តើព្រះអម្ចាស់ធ្វើកិច្ចការនៅក្នុងជីវិតបងប្អូនយ៉ាងដូចម្តេច ? ឧទាហរណ៍ តើកត្តា « ចៃដន្យ » អ្វីខ្លះដែលទ្រង់បានរៀបចំឡើង ? តើទ្រង់បានដាក់គ្រឹះអ្វីខ្លះសម្រាប់ពរជ័យរបស់បងប្អូន ? តើទ្រង់បាននាំបងប្អូនទៅបម្រើនរណាម្នាក់ដែលខ្វះខាតនៅពេលណា ?
សូមមើលផងដែរ រ៉ូម ៨:២៨; គោលលទ្ធិ និងសេចក្តីសញ្ញា ៩០:២៤ Topics and Questions « Plan of Salvation នៅក្នុងបណ្ណាល័យដំណឹងល្អ ។
« ចូរដាក់ទីទុកចិត្តរបស់អ្នកទៅលើព្រះវិញ្ញាណ[ របស់ព្រះអម្ចាស់ ] » ។
បងប្រុសរបស់យ៉ូសែប គឺ ហៃរុមអន្ទះសាចង់ដឹងអំពីឆន្ទៈរបស់ព្រះអម្ចាស់សម្រាប់គាត់ ដូច្នេះគាត់បានសុំឲ្យ យ៉ូសែប ស្វែងរកវិវរណៈជំនួសឲ្យគាត់ ។ ព្យាការីត្រេកអរដែលបានធ្វើដូច្នេះ ប៉ុន្តែយ៉ាងហោចណាស់មានសារលិខិតមួយនៅក្នុងវិវរណៈនោះ ( គោលលទ្ធិ និងសេចក្តីសញ្ញា ១១ ) គឺថា ហៃរុម ក៏អាចស្វែងរកវិវរណៈសម្រាប់ខ្លួនឯងបានផងដែរ ។ ហើយក៏អាចសម្រាប់ « មនុស្សទាំងអស់ណាដែលមានសេចក្ដីប៉ងប្រាថ្នាល្អ ហើយដែលបានលូកកណ្ដៀវរបស់ខ្លួនមកច្រូត » ( ខទី ២៧ ) ។ ពេលបងប្អូនអាន កណ្ឌទី ១១ តើបងប្អូនមានអារម្មណ៍យ៉ាងណាចំពោះព្រះអម្ចាស់ដែលកំពុងបង្រៀនបងប្អូនអំពីវិវរណៈផ្ទាល់ខ្លួន ? តើការណ៍នេះទាក់ទងនឹងអ្វីដែលទ្រង់បានបង្រៀន អូលីវើរ ខៅឌើរី នៅក្នុង កណ្ឌទី ៦-៩ យ៉ាងដូចម្ដេច ? តើមានសារលិខិតផ្សេងទៀតណាខ្លះដែលទ្រង់មានសម្រាប់បងប្អូន ?
សូមមើលផងដែរ « ទុកឲ្យព្រះវិញ្ញាណដឹកនាំ » ទំនុកតម្កើង ល.រ. ៨២ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ១១:១៥–២៦
នៅពេលខ្ញុំព្យាយាមដើម្បី « បានព្រះបន្ទូល [ របស់ព្រះ ] » ខ្ញុំនឹងទទួលបានព្រះវិញ្ញាណ និងព្រះចេស្ដារបស់ទ្រង់ ។
សូម្បីតាំងពីមុនព្រះគម្ពីរមរមនត្រូវបានបកប្រែ ហៃរុម ស្ម៊ីធ មានចិត្តអន្ទះសាចង់ជួយនៅក្នុងកិច្ចការនៃការស្ដារឡើងវិញ ។ នៅពេលបងប្អូនអានចម្លើយរបស់ព្រះអម្ចាស់ចំពោះបំណងប្រាថ្នារបស់គាត់ សូមគិតអំពីអត្ថន័យដែលវាមានចំពោះបងប្អូនដើម្បីទទួល « បានព្រះបន្ទូល [ របស់ព្រះ ] » ( ខទី ២១ ) ។ តើការទទួលបានបន្ទូលរបស់ព្រះជួយបងប្អូនឲ្យបម្រើទ្រង់ដោយអំណាចដោយរបៀបណា ?
គំនិតសម្រាប់បង្រៀនកុមារ
គោលលទ្ធិ និងសេចក្តីសញ្ញា ១០:៥
ពេលខ្ញុំអធិស្ឋានជានិច្ច នោះខ្ញុំទទួលបានកម្លាំងមកពីព្រះ ។
-
ដើម្បីណែនាំខគម្ពីរនេះទៅដល់កូនរបស់បងប្អូន បងប្អូនអាចសួរពួកគេអំពីអ្វីដែលពួកគេ « តែងតែ » ធ្វើ ។ តើព្រះអម្ចាស់មានបន្ទូលថាយើងគួរធ្វើអ្វីជានិច្ចនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១០:៥ ? ហេតុអ្វីទ្រង់មានព្រះទ័យចង់ឲ្យយើងដឹងអំពីរឿងនេះ ?
-
តើបងប្អូនអាចជួយពួកគេរៀនចងចាំដើម្បីអធិស្ឋានជានិច្ចដោយរបៀបណា ? ប្រហែលជាពួកគេអាចប្រមូលថ្មតូចៗរលោងមួយចំនួន ហើយលាបពណ៍លើថ្មទាំងនោះ « គោលលទ្ធិ និងសេចក្តីសញ្ញា ១០:៥ » ឬ « អធិស្ឋានជានិច្ច » ។ ពួកគេអាចដាក់ថ្មរបស់ពួកគេនៅកន្លែងផ្សេងៗដែលពួកគេចង់ដើម្បីរំឭកពួកគេឲ្យអធិស្ឋាន ដូចជានៅក្បែរគ្រែគេងរបស់ពួកគេ ជាមួយនឹងសៀវភៅសិក្សារបស់ពួកគេ ឬកន្លែងដែលពួកគេបរិភោគអាហារជាដើម ។ យោងតាម គោលលទ្ធិ និងសេចក្ដីសញ្ញា ១០:៥ តើព្រះប្រទានពរដល់យើងពេលយើងអធិស្ឋានដោយរបៀបណា ? កូនរបស់បងប្អូនអាចស្វែងរកចម្លើយបន្ថែមនៅក្នុងបទចម្រៀងមួយបទដូចជា « ការអធិស្ឋានរបស់កុមារ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៦ ) ។
គោលលទ្ធិ និងសេចក្តីសញ្ញា ១១:១២–១៣
ព្រះវិញ្ញាណបរិសុទ្ធដឹកនាំខ្ញុំឲ្យធ្វើការណ៍ល្អ ។
-
កុមារអាចរៀនស្គាល់នៅពេលណាដែលព្រះវិញ្ញាណមានបន្ទូលទៅកាន់ពួកគេ ។ ដើម្បីជួយពួកគេ បងប្អូនអាចលាក់អំពូលភ្លើង ឬពិល និងរូបភាពនៃមុខសប្បាយនៅកន្លែងណាមួយក្នុងបន្ទប់ បន្ទាប់មកសូមឲ្យកូនរបស់បងប្អូនស្វែងរករបស់ទាំងនេះ ។ សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១១:១៣ ហើយជួយកូនៗរបស់បងប្អូនឲ្យស្គាល់ពាក្យដែលទាក់ទងនឹងវត្ថុទាំងឡាយដែលពួកគេរកឃើញនោះ ។ តើពាក្យទាំងនេះបង្រៀនអ្វីខ្លះអំពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធជួយពួកយើង ?
-
ការចែកចាយបទពិសោធន៍ខាងវិញ្ញាណរបស់បងប្អូនផ្ទាល់អាចជួយកូនៗរបស់បងប្អូនស្គាល់ឥទ្ធិពលរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតរបស់ពួកគេបាន ។ ពេលបងប្អូនចែកចាយ សូមឲ្យពួកគេចែកចាយនូវបទពិសោធន៍របស់ពួកគេផងដែរ ។ បងប្អូនក៏អាចអានរួមគ្នាផងដែរនៅ គោលលទ្ធិ និងសេចក្ដីសញ្ញា ១១:១២-១៣ ដោយស្វែងរករបៀបដែលយើងអាចស្គាល់នៅពេលណាដែលព្រះវិញ្ញាណបរិសុទ្ធកំពុងដឹកនាំយើង ។ សូមថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌សព្វព្រះទ័យដឹកនាំយើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ១១:២១, ២៦
ខ្ញុំត្រូវដឹងអំពីដំណឹងល្អ ដើម្បីខ្ញុំអាចជួយអ្នកដទៃស្វែងរកសេចក្ដីពិតបាន ។
-
ដូច ហៃរុម ស៊្មីធ ដែរ កូនៗរបស់បងប្អូនប្រហែលជាមានឱកាសជាច្រើនដើម្បីចែកចាយដំណឹងល្អជាមួយអ្នកដទៃ ។ បងប្អូនអាចអានរួមគ្នានៅ គោលលទ្ធិ និងសេចក្ដីសញ្ញា ១១:២១, ២៦ ហើយសុំឲ្យកូនរបស់បងប្អូនស្វែងរកអ្វីដែលព្រះអម្ចាស់បានប្រាប់ដល់ហៃរុម ថាគាត់ត្រូវធ្វើដើម្បីគាត់អាចបង្រៀនដំណឹងល្អបាន ។ តើការ « ទទួលបាន » ព្រះបន្ទូលរបស់ព្រះមានន័យយ៉ាងណា ? តើយើងធ្វើកិច្ចការនេះដោយរបៀបណា ? តើយើង « ទុក » នូវព្រះបន្ទូលរបស់ព្រះនៅក្នុងដួងចិត្តរបស់យើងដោយរបៀបណា ? ប្រហែលជាកូនៗរបស់បងប្អូនអាចដើរតួសម្តែងជាអ្នកចែកចាយអ្វីមួយអំពីព្រះយេស៊ូវគ្រីស្ទ ឬព្រះគម្ពីរមរមនជាមួយអ្នកដទៃ ។