ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២៤ ខែ កុម្ភៈ–ថ្ងៃទី ២ ខែ មីនា ៖ « តម្លៃ​នៃ​ព្រលឹង​ទាំង​ឡាយ​គឺ​មហិមា​ណាស់ » ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ១៨


« ថ្ងៃទី ២៤ ខែ កុម្ភៈ-ថ្ងៃទី ២ ខែ មីនា ‹ តម្លៃ​នៃ​ព្រលឹង​ទាំង​ឡាយ គឺ​មហិមា​ណាស់ › ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ១៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៨ » ចូរ​មក​តាមខ្ញុំ—សម្រាប់ គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៥

ព្រះគ្រីស្ទ​កំពុង​ឱប​កុមារ​ម្នាក់

ថ្ងៃទី ២៤ ខែ កុម្ភៈ–ថ្ងៃទី ២ ខែ មីនា ៖ « តម្លៃ​នៃ​ព្រលឹង​ទាំង​ឡាយ គឺ​មហិមា​ណាស់ »

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៨

មាន​វិធី​ផ្សេងៗ​ជា​ច្រើន​ដើម្បី​ព្យាយាម​វាស់​ស្ទង់​តម្លៃ​របស់​មនុស្ស​ម្នាក់ ។ ទេពកោសល្យ ការអប់រំ ទ្រព្យសម្បត្តិ និង​រូបរាង​កាយ ទាំងអស់​អាច​ប៉ះពាល់​ដល់​របៀប​ដែល​យើង​វាយ​តម្លៃគ្នា​ទៅវិញ​ទៅមក និង​ខ្លួនឯង ។ ប៉ុន្តែ​ក្នុង​​ព្រះនេត្រនៃព្រះ តម្លៃ​របស់​យើង​គឺ​ជារឿង​សាមញ្ញ ជាង​នេះ ហើយវា​ត្រូវបាន​បញ្ជាក់​យ៉ាងច្បាស់​នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៨ ថា ៖ « ចូរ​ចាំ​ចុះ​ថា តម្លៃ​នៃ​ព្រលឹង​ទាំង​ឡាយ គឺ​មហិមា​ណាស់​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ » ( ខទី ១០ ) ។ សេចក្ដី​ពិតដ៏សាមញ្ញ​នេះពន្យល់​យ៉ាងច្រើន​អំពីអ្វី​ដែល​ព្រះធ្វើ និង មូលហេតុ​ដែល​ទ្រង់​ធ្វើវា ។ តើ​ហេតុអ្វី​បាន​ជាព្រះ​បង្គាប់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ទៅ​បង្កើត​សាសនាចក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ជំនាន់​របស់​យើង ? ( សូមមើល ខទី ១-៥ ) ។ ពីព្រោះ​តម្លៃ​នៃ​ព្រលឹង​ទាំង​ឡាយ គឺ​មហិមា​ណាស់ ។ ហេតុអ្វីបាន​ជា​ទ្រង់ « ​បញ្ជា​មនុស្ស​លោក​ទាំង​អស់ នៅ​គ្រប់​ទិសទី​ឲ្យ​ប្រែ​ចិត្ត » ហើយ​បញ្ជូន​សាវក​ឲ្យទៅ​ផ្សាយអំពី​ការប្រែចិត្ត ? ( ខទី ៩ ) ។ ពីព្រោះ​តម្លៃ​នៃ​ព្រលឹង​ទាំង​ឡាយ គឺ​មហិមា​ណាស់ ។ ហើយ​ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ​ទទួល​រង​នូវ « សេចក្ដី​ស្លាប់​នៅក្នុង​សាច់​ឈាម » និង « ការ​ឈឺចាប់​នៃ​មនុស្សលោក​ទាំង​អស់ » ? ( ខទី ១១ ) ។ ពីព្រោះ​តម្លៃ​នៃ​ព្រលឹង​ទាំង​ឡាយ គឺ​មហិមា​ណាស់ ។ បើទោះ​ជា​ព្រលឹង​មួយ​ក្នុង​ចំណោម​ព្រលឹង​ទាំង​នេះ​ជ្រើស​រើស​ទទួល​យក​អំណោយ​របស់​ព្រះអង្គ​សង្គ្រោះ​ក៏​ដោយ ក៏​ទ្រង់​អរព្រះទ័យ ហើយ « សេចក្ដី​អំណរ​របស់​ទ្រង់​មហិមា​ណាស់​ហ្ន៎​ចំពោះ​ព្រលឹង​ណា​ដែល​ប្រែ​ចិត្ត » ( ខទី ១៣ ) ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ព្រះវិហារ

គោលលទ្ធិ និង​សេចក្តីសញ្ញា ១៨:១–៥

« កសាង​សាសនាចក្រ​របស់​យើង​ឡើង » ។

នៅក្នុង កណ្ឌ ទី ១៨ ព្រះអម្ចាស់បាន​ប្រទាន​សេចក្ដី​ណែនាំ​ដល់ ​អូលីវើរ ខៅឌើរី ឲ្យ​ជួយ​ដាក់​គ្រឹះ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ តើ​បងប្អូនកត់​សម្គាល់​ឃើញ​អ្វី​ខ្លះ​អំពី​ដំបូន្មាន​ដែល​ទ្រង់​បាន​ផ្ដល់​ឲ្យ—ជា​ពិសេស​នៅ​ក្នុង ខទី ១–៥ ? បងប្អូន​អាច​ពិចារណា​អំពី​របៀប​ដែល​ដំបូន្មាន​ដូច​គ្នា​នេះ​អនុវត្ត​ចំពោះ​បងប្អូននៅ​ពេល​ដែល​បងប្អូន « កសាង » សេចក្តី​ជំនឿ​របស់​បងប្អូន​ទៅ​លើ​ព្រះគ្រីស្ទ ។ ឧទាហរណ៍ ៖

  • តើ​បងប្អូន « ប្រាថ្នាចង់​ដឹង​អ្វីខ្លះ » ពី​ព្រះអម្ចាស់ ? ( ខទី ១ ) ។

  • តើ​វា​មាន​ន័យ​យ៉ាង​ណា​ចំពោះ​បងប្អូន​ក្នុង​ការ « ពឹង​ទៅ​ការណ៍​ទាំង​នោះ​ដែល​បាន​សរសេរ » ? ( ខទី ៣ ) ។ តើ​ព្រះវិញ្ញាណ « បាន​បង្ហាញ​ដល់បងប្អូន​យ៉ាង​ដូច​ម្ដេច » ថា​រឿង​ទាំង​នេះ​ពិត ? ( ខទី ២; សូម​មើល​ផងដែរ គោលលទ្ធិ និង​សេចក្តីសញ្ញា ៦:២២-២៤ ) ។

  • តើ​បងប្អូនកសាង​ជីវិត​របស់​បងប្អូន​នៅ​លើ « គ្រឹះ​នៃ​ដំណឹងល្អ [ របស់​ព្រះអង្គ​សង្គ្រោះ ] និង​លើ​ថ្មដា [ របស់​ទ្រង់] ដោយ​របៀបណា ? ( ខទី ៥ ) ។

សួរ​សំណួរ ។ គោលលទ្ធិ និង​សេចក្តីសញ្ញា​គឺជា​ភស្ដុតាង​ថា​សំណួរ​នឹង​ដឹកនាំ​ទៅរក​វិវរណៈ ។ កាល​បងប្អូន​សិក្សា​ព្រះគម្ពីរ សូម​កត់ត្រា​សំណួរ​ដែលអ្នកមាន ។ រួច​ហើយ​ជញ្ជឹងគិត និង​អធិស្ឋាន​ដើម្បី​ស្វែងរក​ចម្លើយ ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៨:១០–១៣

រូបតំណាង​ថ្នាក់​សិក្ខាសាលា
« តម្លៃ​នៃ​ព្រលឹង​ទាំងឡាយ​គឺ​មហិមា​ណាស់​ចំពោះ​ព្រះនេត្រ​នៃ​ព្រះ » ។

តើ​យើង​កំណត់​តម្លៃ​អ្វី​មួយ​ដោយ​របៀបណា ? ឧទាហរណ៍ ហេតុ​អ្វី​បាន​ជា​របស់ខ្លះ​នៅ​ផ្សារ​ថ្លៃ​ជាង​របស់​ផ្សេង​ទៀត ? នៅ​ពេល​បងប្អូន​អាន កណ្ឌទី ១៨ សប្ដាហ៍​នេះ ជា​ពិសេស ខ​ទី ១០-១៣ បងប្អូន​អាច​បែងចែក​អំពី​របៀប​ដែល​មនុស្ស​តែង​តែ​កំណត់​តម្លៃ​ជាមួយ​នឹង​អ្វី​ដែល​ធ្វើ​ឲ្យ​ព្រលឹង​មាន​តម្លៃ​នៅ​ក្នុង​ព្រះនេត្រ​របស់​ព្រះ ។ សូម​ពិចារណា​ជំនួស​ឈ្មោះ​របស់​បងប្អូន​នៅ​កន្លែង​ដែល​មាន​ពាក្យ​« ព្រលឹង » « ព្រលឹង​ទាំងឡាយ » និង « មនុស្ស​ទាំង​អស់ » ។ តើ​ខគម្ពីរ​ទាំងនេះ​អាច​ជួយ​នរណា​ម្នាក់​ដែល​សួរ​អំពី​តម្លៃ​របស់​គាត់​ដោយ​របៀបណា ?

នេះ​គឺ​ជា​វគ្គ​មួយ​ចំនួន​ទៀត​ដែល​បង្រៀន​អំពី​តម្លៃ​នៃ​ព្រលឹង ៖ លូកា ១៥:១-១០; យ៉ូហាន ៣:១៦-១៧; នីហ្វៃទី២ ២៦:២៤-២៨; ម៉ូសេ ១:៣៩ ។ ដោយ​ផ្អែក​លើ​វគ្គបទគម្ពីរ​ទាំង​នេះ តើ​បងប្អូន​នឹង​សង្ខេប​អំពី​ព្រះទ័យ​របស់​ព្រះចំពោះ​បងប្អូន​ដោយរបៀបណា ? បងប្អូនក៏​អាច​ស្វែងរក​សារ​របស់​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ « You Matter to Him » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ១៩-២២ ) ដើម្បី​ស្វែង​រក​ពាក្យ និង​ឃ្លា​ដែល​ជួយ​បងប្អូន​ឲ្យ​ដឹង​អំពី​តម្លៃ​របស់​បងប្អូន​ចំពោះ​ព្រះ ។

តើ​ព្រះ​បង្ហាញ​បងប្អូន​ថា​បងប្អូន​មាន​តម្លៃ​ដ៏​មហិមា​ចំពោះ​ទ្រង់​តាម​របៀប​ណា ? តើ​ការ​ដឹង​អំពី​សេចក្ដីពិត​នេះ​ជះ​ឥទ្ធិពល​លើ​របៀប​ដែល​បងប្អូន​មើល​ឃើញ​ខ្លួន​ឯង និង​អ្នកដទៃ​យ៉ាង​ដូចម្ដេច ?

សូមមើល​ផងដែរ ចយ ឌី ចូនស៍ « Value beyond Measure » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១៣–១៥; Topics and Questions « Children of God » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៨:១១–១៦

ព្រះអម្ចាស់​សប្បាយ​ព្រះទ័យ​នៅពេល​យើង​ប្រែចិត្ត ។

សូម​កត់​សម្គាល់​ថា​តើ​ពាក្យ​ដូច​ជា ប្រែ​ចិត្ត និង ការ​ប្រែ​ចិត្ត ត្រូវ​បាន​ប្រើ​ញឹក​ញាប់​ប៉ុណ្ណា​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៨ ទាំងមូល ។ សូម​ពិចារណា​អំពី​អ្វី​ដែល​បងប្អូន​រៀន​មកពី​ពាក្យ​ទាំង​នេះ​រាល់​ពេល​ដែល​ពាក្យ​ទាំង​នោះ​ត្រូវ​បាន​ប្រើ ។ សូម​ពិចារណា​ជាពិសេស ខទី ១១-១៦ ។ តើ​ខគម្ពីរ​ទាំងនេះ​ជះ​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អារម្មណ៍​នៃ​ការ​ប្រែចិត្ត—ការប្រែចិត្ត​របស់​បងប្អូន​ផ្ទាល់ និង​កាតព្វកិច្ច​ក្នុង​ការ​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​ប្រែចិត្ត និង​កែលម្អ ? នេះជា​វិធីមួយ​ដើម្បី​កត់ត្រា​នូវអ្វី​ដែល​បងប្អូន​រៀន ៖ ធ្វើ​បញ្ជីមួយ​អំពី​វិធី​ជាច្រើន​ដែល​បងប្អូន​នឹង​បំពេញ​ប្រយោគ « ការប្រែចិត្ដ »  ។

សូមមើល​ផងដែរ អាលម៉ា ៣៦:១៨–២១; សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ការប្រែចិត្ត » បណ្ណាល័យ​ដំណឹងល្អ; ឌេល ជី រិនឡិន, « Repentance: A Joyful Choice » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ១២១-១២៤ ។

ឪពុក​ឱប​កូនប្រុស

ព័ត៌មាន​លម្អិត​មកពី The Prodigal Son ( កូនប្រុស​ខ្ជះខ្ជាយ ) ដោយ ក្លាក ខេលី ផ្រាយ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៨:១៤–១៦

អំណរ​បាន​មក​ពី​ការ​ជួយ​អ្នក​ដទៃ​ឲ្យ​មក​រក​ព្រះ​គ្រីស្ទ ។

ពេលអាន ខទី ១៤-១៦ សូម​ពិចារណា​អំពី​អត្ថន័យ « ស្រែក​ប្រាប់​ពី​ការ​ប្រែ​ចិត្ត »—និង​មូលហេតុ​ដែលនាំ​ឲ្យមាន​អំណរ​បែបនេះ ។ តើ​បងប្អូនបាន​រក​ឃើញ​វិធី​អ្វី​ខ្លះ​ដើម្បី​ជួយ​អ្នក​ដទៃ​ឲ្យ​មក​រក​ព្រះ​អង្គ​សង្គ្រោះ ហើយ​ទទួល​បាន​ការ​អភ័យទោស ? តើ​មនុស្ស​ដទៃ​បាន​ធ្វើ​បែប​នេះ​យ៉ាង​ដូចម្ដេច​សម្រាប់​បងប្អូន ?

សូមមើល​ផងដែរ ក្រេហ្គ ស៊ី គ្រីស្ទីនសិន « គ្មាន​អ្វី​ជ្រួត​ជ្រាប ហើយ​ផ្អែម​ល្ហែម​ឲ្យ​ស្មើ​នឹង​សេចក្ដី​អំណរ​របស់​ឪពុក​បាន​ឡើយ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ៤៥-៤៧ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ១៨:៣៤–៣៦

ខ្ញុំ​អាច​ស្តាប់​ឮ​ព្រះសូរ​សៀង​របស់​ព្រះអម្ចាស់​នៅក្នុង​ព្រះគម្ពីរ ។

បើ​នរណា​ម្នាក់​សួរ​បងប្អូន​ថា​តើ​សំឡេង​របស់​ព្រះអម្ចាស់​ដូច​ម្ដេច​ទៅ តើ​បងប្អូន​នឹង​ឆ្លើយ​យ៉ាង​ណា ? សូម​គិត​អំពី​សំណួរ​នេះ​នៅពេល​បងប្អូន​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ១៨:៣៤–៣៦ ។ តើ​បងប្អូន​បាន​រៀន​អ្វីខ្លះ​អំពី​សំឡេង​របស់​ព្រះអម្ចាស់​មកពី​ការអាន​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា ? តើ​បងប្អូន​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ស្ដាប់​ឮ​សំឡេង​របស់​ទ្រង់​ឲ្យ​កាន់តែ​ច្បាស់ ?

សូមមើល​ផងដែរ « ពេល​ខ្ញុំ​ស្វែង​យល់​គម្ពីរ​ពិសិដ្ឋ » ទំនុក​តម្កើង ល.រ.​១៥៩ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ ០៣

គំនិត​សម្រាប់​បង្រៀន​កុមារ

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៨:១០–១៣

យើង​ម្នាក់ៗ​គឺ​មាន​តម្លៃ​ដ៏​មហិមា​ចំពោះ​ព្រះ ។

  • នៅ​ពេល​ដែល​បងប្អូន និង​កូន​ៗ​របស់​បងប្អូន​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៨:១០-១៣ សូម​ពិចារណា​ជំនួស​ឈ្មោះ​របស់​គ្នា​ទៅវិញ​ទៅមក​នៅ​កន្លែង​ដែលមាន​ពាក្យ « ព្រលឹង » « ព្រលឹង​ទាំងឡាយ » និង « មនុស្ស​ទាំង​អស់ » ។ បន្ទាប់​មក​បងប្អូន​អាច​និយាយ​អំពី​របៀប​ដែល​ខគម្ពីរ​ទាំង​នេះ​ជួយ​យើង​យល់​ពី​អារម្មណ៍​របស់​ព្រះវរបិតាសួគ៌​អំពី​យើង​ម្នាក់ៗ ។

  • បងប្អូន​ក៏​អាច​សួរ​កូន​របស់​បងប្អូន​អំពី​អ្វី​ដែល​មនុស្ស​ចាត់​ទុក​ថា​មាន​តម្លៃ​ផង​ដែរ ។ ឬ​បងប្អូន​អាច​បង្ហាញ​ពួកគេ​នូវ​អ្វី​មួយ​ដែល​មាន​តម្លៃ​ចំពោះ​បងប្អូន ។ តើ​យើង​នឹង​ប្រព្រឹត្ត​ចំពោះ​របស់​ដែល​មានតម្លៃ​ចំពោះ​យើង​ដោយ​របៀបណា ? បន្ទាប់​មក​អនុញ្ញាត​ឲ្យ​ពួក​គេ​ប្តូរ​វេន​មើល​ទៅ​ក្នុង​កញ្ចក់ ។ ពេល​ពួកគេ​ធ្វើ​រួចហើយ ចូរ​ប្រាប់​កូនម្នាក់ៗ​ថា​គេគឺជា​បុត្រ​របស់​ព្រះ ហើយ​ពួកគេ​មាន​តម្លៃ​មហិមា ។ តើ​យើង​អាច​បង្ហាញ​ដល់​អ្នកដទៃថា « តម្លៃ​នៃ​ព្រលឹង​[ របស់​ពួកគេ ] គឺ​មហិមា » នៅក្នុង កែវភ្នែក​របស់​យើង​យ៉ាង​ដូចម្ដេច ?

  • ដើម្បី​បញ្ជាក់​ថា​មនុស្ស​ទាំងអស់​មាន​តម្លៃ​ដ៏​អស្ចារ្យ​ចំពោះ​ព្រះវរបិតាសួគ៌​កូនៗ​របស់​បងប្អូនអាច​មើល​រូបភាព​នៅ​ចុង​បញ្ចប់​នៃ​គម្រោង​មេរៀន​នេះ​ខណៈ​ដែល​បងប្អូន​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៨:១០-១៣ ។ ច្រៀង​ចម្រៀងរួមគ្នា​មួយ​បទ​ដូចជា « Every Star Is Different » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៤២-១៤៣ ) អាច​ជួយ​ពង្រឹង​ចំណុច​នេះបាន ។

ព្រះយេស៊ូវ​ពរ​កូន​ក្មេង

ព័ត៌មាន​លំអិត​មកពី Worth of a Soul ( តម្លៃ​នៃ​ព្រលឹង ) ដោយ លីស ឡេមិន ស្វីនដល

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៨:១៥–១៦

ការចែកចាយ​ដំណឹង​ល្អ​នាំ​មក​នូវ​អំណរ​ដ៏​មហិមា ។

  • ដើម្បី​បំផុស​គំនិត​កូនៗ​របស់​បងប្អូន​ឲ្យ​ចែកចាយ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ បងប្អូន​អាច​និយាយ​ជាមួយ​គ្នា​អំពី​បទពិសោធន៍​នៅ​ពេល​បងប្អូន​រក​ឃើញ​អ្វី​មួយ​ដែល​បងប្អូន​ចង់​ចែកចាយ​ជាមួយ​មិត្តភក្តិ ឬ​គ្រួសារ​របស់​បងប្អូន ។ ហេតុអ្វី​បាន​ជា​បងប្អូន​ចង់​ចែកចាយ​វា ហើយ​តើ​ការ​ចែកចាយ​វា​ធ្វើ​ឲ្យ​បងប្អូន​មាន​អារម្មណ៍​យ៉ាង​ដូចម្ដេច ? បន្ទាប់​មក​បងប្អូន​អាច​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៨:១៣,​១៦ ។ តើ​អ្វីខ្លះ​នាំ​ឲ្យ​ព្រះអម្ចាស់​មាន​អំណរ ? តើ​ទ្រង់​មាន​បន្ទូល​ថា​អ្វី​ខ្លះ​នឹង​នាំ​ឲ្យយើង​មានអំណរ ? បងប្អូន និង​កូន​ៗ​របស់​បងប្អូន​អាច​និយាយ​អំពី​បទពិសោធន៍​ណា​មួយ​ដែល​បងប្អូន​បាន​ចែកចាយ​នូវ​អំណរ​នៃ​ដំណឹង​ល្អ​របស់​ព្រះអង្គ​សង្គ្រោះ ។

  • បទ​ចម្រៀង​មួយ​អំពី​ការ​ចែកចាយ​ដំណឹង​ល្អ​ដូច​ជា « ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេល​នេះ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៩០ ) អាច​ជួយ​ឲ្យ​កូន​របស់​បងប្អូន​គិត​អំពី​វិធី​ដែល​ពួក​គេ​អាច​ចែកចាយ​ដំណឹង​ល្អ​បាន ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ១៨:៣៤–៣៦

ខ្ញុំ​អាច​ស្តាប់​ឮ​ព្រះសូរ​សៀង​របស់​ព្រះអម្ចាស់​នៅក្នុង​ព្រះគម្ពីរ ។

  • កូនៗ​របស់​បងប្អូន​ប្រហែលជា​រីករាយ​នឹង​ល្បែង​មួយ​ដែល​ពួកគេ​ព្យាយាម​ស្គាល់​សំឡេង​របស់​មនុស្ស​ផ្សេងគ្នា​ដូចជា​សមាជិក​គ្រួសារ មិត្តភក្តិ ឬ​ថ្នាក់ដឹកនាំ​សាសនាចក្រ ។ តើ​យើង​ស្គាល់​សំឡេង​គ្នា​ទៅវិញ​ទៅមក​យ៉ាង​ដូចម្ដេច ? តើ​យើង​ទទួល​ស្គាល់​សំឡេង​របស់​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ? បងប្អូន​អាច​អាន​រួម​គ្នា គោលលទ្ធិ និង​សេចក្តី​សញ្ញា​១៨:៣៤-៣៦ ដើម្បី​ពិភាក្សា​អំពី​សំណួរ​នេះ ។ បងប្អូន​ក៏​អាច​ចែកចាយ​ជាមួយ​គ្នា​ទៅវិញ​ទៅមក​អំពី​របៀប​ដែល​បងប្អូន​បាន​ឮ​សំឡេង​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ព្រះគម្ពីរ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

បិទរូបថត​រូបមុខ មនុស្ស​អំពី​វប្បធម៌​ផ្សេងៗ

ព្រលឹង​នីមួយៗ​មាន​តម្លៃ​ចំពោះ​ព្រះ ។

ទំព័រ​សកម្មភាព​សម្រាប់​កុមារ