« ថ្ងៃទី ២៧ ខែ មករា–ថ្ងៃទី ២ ខែ កុម្ភៈ ៖ « កិច្ចការរបស់យើងនឹងចេញទៅ » ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៣–៥ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៣–៥ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៥
ថ្ងៃទី ២៧ ខែ មករា–ថ្ងៃទី ២ ខែកុម្ភៈ ៖ « កិច្ចការរបស់យើងនឹងចេញទៅ »
គោលលទ្ធិ និងសេចក្ដីសញ្ញា ៣–៥
អំឡុងពីរបីឆ្នាំដំបូងរបស់លោកក្នុងនាមជាព្យាការីរបស់ព្រះអម្ចាស់ យ៉ូសែប ស៊្មីធ មិនបានដឹងអ្វីគ្រប់យ៉ាងអំពី « កិច្ចការដ៏អស្ចារ្យ » ដែលលោកត្រូវបានហៅឲ្យធ្វើនៅឡើយទេ ។ ប៉ុន្ដែបទពិសោធន៍ដំបូងរបស់លោកបានបង្រៀនលោករឿងមួយថា ដើម្បីស័ក្ដិសមនឹងកិច្ចការរបស់ព្រះ នោះភ្នែករបស់លោកត្រូវតែ « ស្មោះត្រង់ទាំងស្រុងចំពោះសិរីល្អនៃព្រះ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៤:១,៥ ) ។ ឧទាហរណ៍ ប្រសិនបើព្រះអម្ចាស់បានទូន្មានលោកឲ្យធ្វើអ្វីមួយដែលលោកមិនប្រាកដថាលោកចង់ធ្វើ នោះលោកត្រូវធ្វើតាមដំបូន្មានរបស់ព្រះជាម្ចាស់ ។ ហើយទោះបីជាលោកបានមាន « វិវរណៈជាច្រើនហើយ…មានអំណាចអាចធ្វើកិច្ចការដ៏អស្ចារ្យជាច្រើនបានក៏ដោយ » តែបើឆន្ទៈផ្ទាល់របស់លោកបានក្លាយទៅជាសំខាន់ជាងព្រះទ័យរបស់ព្រះ នោះលោក« ត្រូវតែធ្លាក់ចុះ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៣:៤ ) ។ ប៉ុន្ដែយ៉ូសែបបានរៀនអ្វីមួយផ្សេងទៀតដែលសំខាន់ស្មើនឹងការធ្វើកិច្ចការរបស់ព្រះដែរ ៖ « ព្រះទ្រង់ប្រកបដោយសេចក្ដីមេត្តាករុណា » ហើយប្រសិនបើ យ៉ូសែបប្រែចិត្តដោយស្មោះសរនោះលោក « នៅជាអ្នកជម្រើសដដែល » ( ខទី ១០ ) ។ សរុបសេចក្តីមក កិច្ចការរបស់ព្រះគឺជាកិច្ចការនៃការប្រោសលោះ ។ ហើយកិច្ចការនោះ « ពុំអាចធ្វើឲ្យស្មុគស្មាញ » បានឡើយ ( ខ ទី១ ) ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅព្រះវិហារ
គោលលទ្ធិ និងសេចក្តីសញ្ញា ៣:១–១៦
ខ្ញុំអាចទុកចិត្តលើព្រះ ។
នៅក្នុងការបម្រើដំបូងរបស់ យ៉ូសែប ស៊្មីធ មិត្តល្អៗកម្រនឹងរកបានណាស់—ជាពិសេសមិត្តដូចជា ម៉ាទិន ហារីស ជាបុរសគួរឲ្យគោរព និងស្ដុកស្ដម្ភម្នាក់ដែលបានផ្ដល់ការគាំទ្រដ៏មានតម្លៃចំពោះកិច្ចការរបស់យ៉ូសែប ។ ដូច្នេះនៅពេលដែល ម៉ាទិន បានសុំការអនុញ្ញាតដើម្បីបង្ហាញទំព័រឯកសារចំនួន ១១៦ ដំបូងនៃការបកប្រែព្រះគម្ពីរមរមនទៅភរិយារបស់លោក យ៉ូសែបចង់គោរពតាមសំណើរបស់ ម៉ាទិន ទោះបីជាព្រះអម្ចាស់បានព្រមានប្រឆាំងនឹងការណ៍នោះក៏ដោយ ។ គួរឲ្យសោកស្ដាយ សំណៅដើមបានបាត់កាលនៅក្នុងដៃរបស់ម៉ាទិន ហើយ យ៉ូសែប និង ម៉ាទិនត្រូវបានវាយផ្ចាលដោយព្រះអម្ចាស់យ៉ាងខ្លាំង ( សូមមើល ពួកបរិសុទ្ធ ១:៥១–៥៣ ) ។
ពេលបងប្អូនអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៣:១–១៥ សូមពិចារណាអំពីអ្វីដែលព្រះអម្ចាស់ចង់ឲ្យបងប្អូនរៀនមកពីបទពិសោធន៍របស់ពួកលោក ។ ឧទាហរណ៍ តើបងប្អូនរៀនអ្វីខ្លះអំពី ៖
-
ការងាររបស់ព្រះ ? ( សូមមើល ខទី ១-៣, ១៦ ) ។
-
ផលវិបាកនៃការភ័យខ្លាចមនុស្សជាជាងទុកចិត្តលើព្រះ ? ( សូមមើល ខទី ៤-៨ ) ។
-
ពរជ័យដែលបានមកពីការនៅតែស្មោះត្រង់ ? ( សូមមើល ខទី ៨ ) ។
-
របៀបដែលព្រះអម្ចាស់បានកែតម្រូវ ព្រមទាំងលើកទឹកចិត្តយ៉ូសែប ? ( សូមមើល ខទី ៩-១៦ ) ។
នៅក្នុងសាររបស់លោក « Which Way Do You Face ? » អែលឌើរ លីន ជី រ៉ូប៊ីន ផ្ដល់ឧទាហរណ៍ក្នុងគម្ពីរជាច្រើនអំពីមនុស្សដែលភ័យខ្លាចព្រះ និងមនុស្សដែលចុះចាញ់នឹងសម្ពាធពីអ្នកដទៃ ( លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៩-១១ ) ។ សូមពិចារណាអានឧទាហរណ៍ទាំងនេះនៅក្នុងព្រះគម្ពីរដែលលោកយោងទៅលើ ។ តើបងប្អូនរៀនអ្វីខ្លះចេញពីដំណើររឿងទាំងនេះ ? តើបងប្អូនធ្លាប់មានបទពិសោធន៍អ្វីខ្លះដែលបងប្អូនបានទុកចិត្តលើព្រះអម្ចាស់ នៅពេលប្រឈមមុខនឹងសម្ពាធក្នុងការធ្វើអ្វីមួយផ្សេងទៀត ? តើអ្វីខ្លះជាលទ្ធផលនៃសកម្មភាពទាំងនេះ ?
សូមមើលផងដែរ ឌេល ជី រេនឡាន់ « លក្ខខណ្ឌសម្រាប់វិវរណៈផ្ទាល់ខ្លួន » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ១៦-១៩;« The Contributions of Martin Harris » នៅក្នុង Revelations in Context ( ឆ្នាំ ២០១៦ ),១-៩;Topics and Questions « Seeking Truth and Avoiding Deception » បណ្ណាល័យដំណឹងល្អ; « ឱ! បញ្ញត្តិទន់ភ្លន់ទ្រង់ » ទំនុកតម្កើង ល.រ.៦៨ ។
ខ្ញុំអាចបម្រើព្រះដោយអស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំង ។
ជាញឹកញាប់ កណ្ឌទី ៤ អនុវត្តចំពោះពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ។ ប៉ុន្ដែវាគួរឲ្យចាប់អារម្មណ៍ដើម្បីសម្គាល់ថាវិវរណៈនេះត្រូវបានប្រទានឲ្យ យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ ដែលមិនត្រូវបានហៅក្នុងបេសកកម្ម ប៉ុន្ដែនៅតែមាន« បំណងចង់បម្រើព្រះ » ( ខទី ៣ ) ។
របៀបមួយដើម្បីអានកណ្ឌនេះគឺត្រូវស្រមៃថាវាជាលក្ខខណ្ឌការងារ សម្រាប់នរណាម្នាក់ដែលចង់ជួយក្នុងកិច្ចការរបស់ព្រះអម្ចាស់ ។ តើព្រះអម្ចាស់រកមើលអ្វី ? តើទ្រង់ផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ ?
តើយើងរៀនអ្វីខ្លះអំពីការបម្រើព្រះអម្ចាស់ចេញមកពីវិវរណៈនេះ ?
ប្រធាន រ័សុល អិម ណិលសុន បានហៅការប្រមូលផ្តុំនៃអ៊ីស្រាអែលថាជា « ការប្រឈមមុខដ៏ធំបំផុត បុព្វហេតុ ដ៏ធំបំផុត និងកិច្ចការ ដ៏អស្ចារ្យបំផុត នៅលើផែនដី » ( « Hope of Israel » [ ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវវ័យ ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] បណ្ណាល័យដំណឹងល្អ ) ។ តើបងប្អូនរកឃើញអ្វីនៅក្នុងសុន្ទរកថារបស់លោកដែលបំផុសគំនិតបងប្អូនឲ្យចូលរួមក្នុងកិច្ចការនេះ ?
តាមរយៈព្រះវិញ្ញាណបរិសុទ្ធខ្ញុំអាចទទួលបានសាក្សីអំពីព្រះគម្ពីរមរមន ។
នៅខែ មិនា ឆ្នាំ ១៨២៩ ភរិយារបស់ ម៉ាទិន ហារីស គឺលូស៊ី បានដាក់ពាក្យបណ្តឹងនៅតុលាការថា យ៉ូសែប ស្ម៊ីធ បានបោកបញ្ឆោតមនុស្សដោយធ្វើល្បិចជាបកប្រែផ្ទាំងចំណារមាស ( សូមមើល ពួកបរិសុទ្ធ, ១:៥៦-៥៨ ) ។ ដូច្នេះ ម៉ាទិន បានសូមឲ្យ យ៉ូសែប ផ្ដល់ភស្ដុតាងបន្ថែមទៀតថាផ្ទាំងចំណារមាសគឺពិត ។ គោលលទ្ធិ និងសេចក្ដីសញ្ញា ៥ គឺជាវិវរណៈមួយដែលឆ្លើយតបទៅនឹងសំណើរបស់ ម៉ាទិន ។ តើបងប្អូនរៀនអ្វីខ្លះចេញពីផ្នែកនេះអំពីរឿងខាងក្រោមនេះ ៖
-
អ្វីដែលព្រះជាម្ចាស់មានបន្ទូលនឹងកើតឡើង ប្រសិនបើផ្ទាំងចំណារមាសត្រូវបានបង្ហាញដល់ពិភពលោកដើម្បីមើល ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៥:៧ ) ។ ហេតុអ្វីបានជាបងប្អូនគិតថារឿងនេះជាការពិត ?
-
តួនាទីនៃសាក្សីនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ ( សូមមើល ខទី ១១–១៥ សូមមើលផងដែរ កូរិនថូសទី ២ ១៣:១ ) ។
-
របៀបទទួលបានទីបន្ទាល់អំពីព្រះគម្ពីរមរមនដោយខ្លួនឯង ( សូមមើល ខទី ១៦, ២៤ សូមមើលផងដែរ មរ៉ូណៃ ១០:៣–៥ ) ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៥:១–១០
ព្រះយេស៊ូវគ្រីស្ទបានប្រទានព្រះបន្ទូលរបស់ទ្រង់ដល់យើងតាមរយៈ យ៉ូសែប ស្ម៊ីធ ។
តើ គោលលទ្ធិ និងសេចក្ដីសញ្ញា ៥:១–១០ បង្រៀនបងប្អូនអ្វីខ្លះអំពីតួនាទីដ៏សំខាន់របស់ យ៉ូសែប ស្ម៊ីធ នៅក្នុងគ្រាកាន់កាប់ត្រួតត្រារបស់យើង—និងនៅក្នុងជីវិតរបស់បងប្អូន ? ( សូមមើលផងដែរ នីហ្វៃទី២ ៣:៦–២៤ ) ។
គំនិតសម្រាប់បង្រៀនកុមារ
គោលលទ្ធិ និងសេចក្ដីសញ្ញា ៣:៥–១០; ៥:២១–២២
ខ្ញុំអាចជ្រើសរើសធ្វើត្រឹមត្រូវ ទោះជានៅពេលអ្នកដទៃព្យាយាមឲ្យខ្ញុំធ្វើខុសឆ្គងក្ដី ។
-
ដើម្បីចាប់ផ្តើមការពិភាក្សាអំពីការរៀនទុកចិត្តលើព្រះវរបិតាសួគ៌ បងប្អូនប្រហែលជាចង់ពិនិត្យមើលដំណើររឿងនៃទំព័រឯកសារដែលបាត់ ( សូមមើល ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ១៨–២១ ) ។ បន្ទាប់មក បងប្អូនអាចដើរតួជាមួយកូនៗរបស់បងប្អូននៅក្នុងស្ថានភាពណាមួយដែលពួកគេអាចត្រូវបានល្បួងឲ្យធ្វើអ្វីមួយដែលពួកគេដឹងថាមិនត្រឹមត្រូវ ។ តើពាក្យ ឬឃ្លាអ្វីខ្លះនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៣:៥–៨; ៥:២១–២២ អាចជួយពួកគេអំឡុងស្ថានភាពទាំងនេះបាន ?
ព្រះអម្ចាស់អញ្ជើញខ្ញុំឲ្យជួយក្នុងកិច្ចការរបស់ទ្រង់ ។
-
ខគម្ពីរនីមួយៗនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៤ មានសេចក្ដីពិតដ៏មានតម្លៃដែលអាចជួយកូនៗបងប្អូនឲ្យរៀនអំពីការបម្រើព្រះ ។ នេះជាគំនិតមួយចំនួនដើម្បីជួយពួកគេឲ្យរកឃើញសេចក្ដីពិតទាំងនេះ ៖
-
បងប្អូនអាចអានរួមគ្នា គោលលទ្ធិ និងសេចក្ដីសញ្ញា ៤:១ ហើយបង្ហាញរូបភាពដែលបង្ហាញអំពីកិច្ចការ « ដ៏អស្ចារ្យ » របស់ព្រះ ( ដូចជាពួកអ្នកផ្សព្វផ្សាយសាសនា ព្រះវិហារបរិសុទ្ធ និងព្រះគម្ពីរមរមន ) ។
-
សូមជួយកុមារឲ្យគិតអំពីសកម្មភាព ឬគូរគំនូរដែលពិពណ៌នាអំពីឃ្លា « បម្រើទ្រង់ឲ្យអស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំង » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៤:២ ) ។
-
បងប្អូនអាចមើលជាមួយគ្នានូវឧបករណ៍ដែលត្រូវបានប្រើ ដើម្បីធ្វើការនៅក្នុងចម្កាមួយ ។ តើវត្ថុទាំងនេះជួយយើងយ៉ាងដូចម្តេច ? សូមជួយកុមារឲ្យស្វែងរកអ្វីៗនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៤:៥–៦ ដែលទំនងដូចជាឧបករណ៍សម្រាប់ធ្វើកិច្ចការរបស់ព្រះ ។
-
សូមអញ្ជើញកុមារឲ្យស្រាវជ្រាវ គោលលទ្ធិ និងសេចក្តីសញ្ញា ៤ ដោយខ្លួនឯង ហើយធ្វើបញ្ជីនៃអ្វីដែលពួកគេបានរៀនអំពីអត្ថន័យនៃការបម្រើព្រះ ។
-
បងប្អូនអាចច្រៀងចម្រៀងមួយបទជាមួយគ្នាអំពីកិច្ចការផ្សព្វផ្សាយសាសនា ដូចជាបទ « ខ្ញុំចង់ក្លាយជាអ្នកផ្សព្វផ្សាយសាសនាពេលនេះ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៩០ ) ។
-
គោលលទ្ធិ និងសេចក្ដីសញ្ញា ៥:១-៧; ១១; ១៦, ២៣-២៤
ខ្ញុំអាចធ្វើជាសាក្សីម្នាក់ថាព្រះគម្ពីរមរមនពិត ។
-
ដើម្បីបង្រៀនកូនរបស់បងប្អូនអំពីសាក្សី បងប្អូនអាចសុំឲ្យពួកគេស្រមៃថា មិត្តម្នាក់បានប្រាប់ពួកគេថាពួកគេបានឃើញឆ្មាដើរលើជើងខាងមុខរបស់វា ។ តើពួកគេនឹងជឿវាដែរឬទេ ? ចុះបើមិត្តម្នាក់ទៀតនិយាយរឿងដូចគ្នានោះ ? និយាយអំពីអ្វីដែលជា « សាក្សី » និងមូលហេតុដែលសាក្សីមានសារៈសំខាន់ ។ បន្ទាប់មកបងប្អូនអាចជួយកូនៗរបស់បងប្អូនស្វែងរក គោលលទ្ធិ និងសេចក្ដីសញ្ញា ៥:១–៣, ៧, ១១ សម្រាប់ចម្លើយចំពោះសំណួរដូចនេះ ៖
-
តើ ម៉ាទិន ហារីស ចង់ដឹងអ្វីខ្លះ ?
-
តើ យ៉ូសែប ស្ម៊ីធ អាចបង្ហាញផ្ទាំងចំណារមាសទៅដល់នរណា ?
-
ហេតុអ្វីបានជាការឃើញផ្ទាំងចំណារមាសប្រហែលជាមិនអាចបញ្ចុះបញ្ចូលនរណាម្នាក់ ឲ្យជឿថាជាព្រះគម្ពីរមរមនពិតនោះទេ ?
-
តើយើងអាចធ្វើអ្វីដើម្បីធ្វើជាសាក្សីនៃព្រះគម្ពីរមរមន ? ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៥:១៦; មរ៉ូណៃ ១០:៣–៥ ) ។
-