« ថ្ងៃទី ៧–១៣ ខែ កក្កដា ៖ ‹ នឹងមានភាពមហិមាណាស់រង្វាន់របស់ពួកគេ ហើយភាពអស់កល្បជានិច្ចនឹងទៅជាសិរីល្អរបស់ពួកគេ › ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៥
ថ្ងៃទី ៧–១៣ ខែ កក្កដា ៖ « នឹងមានភាពមហិមាណាស់រង្វាន់របស់ពួកគេ ហើយភាពអស់កល្បជានិច្ចនឹងទៅជាសិរីល្អរបស់ពួកគេ »
គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦
« តើនឹងមានអ្វីកើតឡើងដល់ខ្ញុំ បន្ទាប់ពីខ្ញុំស្លាប់ទៅ ? » ស្ទើរតែមនុស្សគ្រប់គ្នាសួរសំណួរនេះតាមទម្រង់ផ្សេងៗ ។ អស់ជាច្រើនសតវត្សមកហើយ ទំនៀមទម្លាប់របស់គ្រីស្ទានជាច្រើន ដែលពឹងផ្អែកលើការបង្រៀនក្នុងព្រះគម្ពីរប៊ីប បានបង្រៀនអំពីស្ថានសួគ៌ និងឋាននរក ស្ថានបរមសុខសម្រាប់មនុស្សសុចរិត និងការដាក់ទោសសម្រាប់ពួកទុច្ចរិត ។ ប៉ុន្ដែតើគ្រួសារមនុស្សទាំងមូលពិតជាត្រូវបែងចែកយ៉ាងតឹងរឹងមែនឬ ? នៅខែ កុម្ភៈ ឆ្នាំ ១៨៣២ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បានឆ្ងល់ថាតើមានអ្វីបន្ថែមត្រូវដឹងលើប្រធានបទនេះទេ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦ ក្បាលកណ្ឌ ) ។
ពិតណាស់ វាមាន ។ ខណៈពេលដែលយ៉ូសែប និងស៊ីឌនី ពិចារណាពីសេចក្តីទាំងនេះ ព្រះអម្ចាស់ « ទ្រង់បានពាល់ភ្នែកនៃយោបល់របស់ [ ពួកគេ ] ហើយក៏បានបើក » ( ខទី ១៩ ) ។ ពួកលោកបានទទួលវិវរណៈមួយយ៉ាងភ្ញាក់ផ្អើល យ៉ាងទូលំទូលាយ និងយ៉ាងច្បាស់ រហូតដល់ពួកបរិសុទ្ធហៅវាថា « ការនិមិត្ត » ។ វាបានបើកបង្អួចស្ថានសួគ៌ ហើយផ្ដល់ទស្សនៈដ៏បំភ្លឺគំនិតដល់បុត្រាបុត្រីរបស់ព្រះអំពីភាពដ៏អស់កល្បជានិច្ច ។ ការនិមិត្តនេះបានបើកសម្ដែងថា ស្ថានសួគ៌គឺធំធេងជាង ហើយរួមបញ្ចូលច្រើនជាងអ្វីដែលមនុស្សធ្លាប់បានគិតពីមុនមក ។ ព្រះមានក្ដីមេត្តាដ៏ខ្លាំង ហើយយុត្តិធម៌ជាងយើងអាចយល់បានទៅទៀត ។ ហើយបុត្រាបុត្រីរបស់ព្រះមានជោគវាសនាដ៏អស់កល្ប មានសិរីល្អជាងអ្វីដែលយើងអាចស្រមៃបាន ។
សូមមើល ពួកបរិសុទ្ធ ១:១៤៧–១៥០; « The Vision » នៅក្នុង Revelations in Context ទំព័រ ១៤៨–១៥៤ ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯព្រះវិហារ
សេចក្ដីសង្គ្រោះកើតមានតាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ ។
កណ្ឌទី ៧៦ បង្ហាញសេចក្តីពិតសំខាន់ៗអំពីជោគវាសនាដ៏អស់កល្បរបស់យើង ប៉ុន្តែវាមិនពេញលេញទេក្នុងការនិយាយថា វិវរណៈនេះគឺអំពីនគរនៃសិរីល្អទាំងបី ឬសូម្បីតែអំពីផែនការនៃសេចក្តីសង្គ្រោះនោះ ។ កាន់តែត្រឹមត្រូវបំផុត កណ្ឌទី ៧៦ គឺអំពីព្រះយេស៊ូវគ្រីស្ទ ដែលធ្វើផែនការរបស់ព្រះសម្រាប់សេចក្តីសង្រ្គោះ និងសិរីល្អដ៏អស់កល្បជានិច្ចរបស់យើងអាចមានទៅបាន ។ នៅពេលបងប្អូនអាន បងប្អូនអាចនឹងស្វែងរកពាក្យ ឬឃ្លាដែលពិពណ៌នាអំពីទំនាក់ទំនងរវាងព្រះយេស៊ូវគ្រីស្ទ និងអ្នកដែលទទួលបាននូវនគរនៃសិរីល្អផ្សេងៗគ្នា ។ ប្រហែលជាតារាងដូចខាងក្រោមអាចជួយបងប្អូនកត់ត្រាអ្វីដែលបងប្អូនរកឃើញ ។
នគរនៃសិរីល្អ |
ទំនាក់ទំនងជាមួយព្រះយេស៊ូវគ្រីស្ទ |
ពរជ័យដ៏នៅអស់កល្បជានិច្ច |
---|---|---|
នគរនៃសិរីល្អ | ទំនាក់ទំនងជាមួយព្រះយេស៊ូវគ្រីស្ទ
| ពរជ័យដ៏នៅអស់កល្បជានិច្ច
|
នគរនៃសិរីល្អ | ទំនាក់ទំនងជាមួយព្រះយេស៊ូវគ្រីស្ទ | ពរជ័យដ៏នៅអស់កល្បជានិច្ច |
នគរនៃសិរីល្អ | ទំនាក់ទំនងជាមួយព្រះយេស៊ូវគ្រីស្ទ | ពរជ័យដ៏នៅអស់កល្បជានិច្ច |
តើបងប្អូនទទួលអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះ ដើម្បីពង្រឹងទំនាក់ទំនងរបស់បងប្អូនជាមួយនឹងព្រះអង្គសង្គ្រោះ ?
នៅពេល វិលហ្វួឌ វូឌដ្រុព្វ បានអានការនិមិត្ត លោកបានពោលថា « ខ្ញុំមានអារម្មណ៍ថាស្រឡាញ់ព្រះអម្ចាស់ខ្លាំងជាងមុនក្នុងជីវិតរបស់ខ្ញុំ » ( សូមមើល « Voices of the Restoration: Testimonies of ‘the Vision’ » ) ។ តើបងប្អូនរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទមកពី ខទី ១–៥, ២០–២៤, ៣៩–៤៣, ១០៧–១០៨ ដែលបណ្ដាលឲ្យបងប្អូនកាន់តែស្រឡាញ់ទ្រង់បន្ថែមទៀត ?
សូមមើលផងដែរ ពេត្រុស ទី១ ៣:១៨–១៩; ៤:៦; ដាល្លិន អេក អូក « What Has Our Savior Done for Us? » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៧៥–៧៧ « ខ្ញុំឆ្ងល់យ៉ាងអស្ចារ្យ » ទំនុកតម្កើង ល.រ. ១១៥ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦:៥–១០, ១១៤–១១៨
ខ្ញុំអាចយល់ព្រះទ័យរបស់ព្រះ « ដោយសារព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ » ។
មិនមែនសមាជិកទាំងអស់នៃសាសនាចក្រទទួលយកវិវរណៈនៅក្នុង កណ្ឌទី ៧៦ ដោយងាយស្រួលនោះទេ ដោយសារវាបានបង្រៀនថា សឹងតែគ្រប់គ្នានឹងបានសង្គ្រោះ ហើយទទួលបានកម្រិតនៃសិរីល្អខ្លះ ។ ឧទាហរណ៍ ព្រិកហាំ យ៉ង់ បានថ្លែងថា « ទម្លាប់របស់ខ្ញុំគឺថា ពេលការនិមិត្តបានកើតឡើងដំបូងចំពោះខ្ញុំ វាមានភាពផ្ទុយ ហើយខុសគ្នាទៅនឹងការអប់រំពីមុនរបស់ខ្ញុំ ។ ខ្ញុំពោលថា រង់ចាំបន្តិចសិន ។ ខ្ញុំពុំបានបដិសេធវាទេ ប៉ុន្តែខ្ញុំពុំអាចយល់វាបានឡើយ » ។ លោកបានពន្យល់ថា លោកត្រូវ« គិត ហើយអធិស្ឋាន រហូតដល់ខ្ញុំបានដឹង ហើយយល់វាយ៉ាងពេញលេញដោយខ្លួនឯង » ( នៅក្នុង « The Vision » នៅក្នុង Revelations in Context ទំព័រ ១៥០ ) ។ តើបងប្អូនរៀនអ្វីខ្លះមកពីបទពិសោធន៍របស់លោក ដែលវាអាចជួយបងប្អូន ពេលព្រះបើកសម្ដែងរឿងដែលខុសពីការយល់ដឹងបច្ចុប្បន្នរបស់បងប្អូន ? តើបងប្អូនរៀនអ្វីខ្លះអំពីព្រះ នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦:៥–១០, ១១៤–១១៨ ? តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះអំពីរបៀបដែលបងប្អូនអាចយល់បាន « នូវបំណងព្រះហឫទ័យ [ របស់ព្រះ ] » ? ( ខទី ៧ ) ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦:៣៩–៤៤, ៥០–៧០
ភាពតម្កើងឡើងគឺជាទម្រង់នៃសេចក្តីសង្រ្គោះដែលខ្ពស់បំផុត
គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦:៣៩–៤៤ ពិពណ៌នាអំពីសេចក្តីសង្រ្គោះជាទូទៅ ។ ខទី ៥០–៧០ ពិពណ៌នាភាពតម្កើងឡើង ប្រភេទសេចក្តីសង្រ្គោះជាក់លាក់ ។ តើបងប្អូននឹងពន្យល់អំពីភាពខុសគ្នារវាងសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងដោយរបៀបណា ? តើព្រះអង្គសង្គ្រោះមានតួនាទីអ្វីនៅក្នុងសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ? តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ដែលបំផុសគំនិតបងប្អូនក្នុងការស្វែងរកភាពតម្កើងឡើង ?
សូមមើលផងដែរ យ៉ូហាន ៣:១៦–១៧; គោលលទ្ធិ និងសេចក្តីសញ្ញា ១៣២:២០–២៥ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:៥០–៧០, ៩២–៩៥
ព្រះវរបិតាសួគ៌របស់ខ្ញុំមានព្រះទ័យឲ្យខ្ញុំទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចនៅក្នុងនគរសេឡេស្ទាល ។
តើបង្អូនធ្លាប់ឆ្ងល់—ឬព្រួយបារម្ភ—អំពីថាតើបង្អូនអាចធ្វើជាប្រភេទមនុស្សដែលនឹងទទួលបានសិរីល្អសេឡេស្ទាល ដូចដែលបានពិពណ៌នានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦:៥០–៧០, ៩២–៩៥ដែរឬទេ ? ខណៈពេលដែលវាសំខាន់ដើម្បីដឹងអំពីអ្វីដែលព្រះរំពឹងពីយើង សូមពិចារណាផងដែរក្នុងការរកមើលនូវខគម្ពីរទាំងនេះសម្រាប់អ្វីដែលព្រះបានធ្វើសម្រាប់យើង—ហើយកំពុងធ្វើ—ដើម្បីជួយយើងឲ្យក្លាយដូចជាទ្រង់ ។ ហេតុអ្វីបានជាបងប្អូនមានអារម្មណ៍ថាការខិតខំរបស់បងប្អូនមានសារៈសំខាន់ចំពោះទ្រង់ ?
តើការនិមិត្តអំពីសិរីល្អសេឡេស្ទាលនេះ ជះឥទ្ធិពលលើរបៀបដែលបងប្អូនរស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់បងប្អូនយ៉ាងដូចម្ដេចដែរ ?
សូមមើលផងដែរ ម៉ូសេ ១:៣៩; ជេ. ឌេវិន ខួនីស, “Am I Good Enough? Will I Make It? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៣២–៣៤ ។
គំនិតសម្រាប់បង្រៀនកុមារ
គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦:២៤
យើងទាំងអស់គ្នាគឺជាបុត្រាបុត្រីរបស់ព្រះ ។
-
ដើម្បីជួយកូនៗរបស់បងប្អូនឲ្យយល់ពីសក្តានុពលដ៏ទេវភាពរបស់ពួកគេ បងប្អូនអាចបង្ហាញពួកគេនូវរូបភាពកុមារ និងឪពុកម្តាយរបស់ពួកគេ ។ បន្ទាប់មក បងប្អូនអាចអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦:២៤ ហើយចែកចាយជាមួយគ្នាអំពីមូលហេតុដែលបងប្អូនដឹងថា យើងទាំងអស់គ្នាជា « បុត្រាបុត្រីចំពោះព្រះ » ។
-
បងប្អូនក៏អាចច្រៀងផងដែរនូវបទ « ខ្ញុំជាកូនរបស់ព្រះ » ( សៀវភៅចម្រៀងកុមារ ទំព័រ ២–៣ ) ហើយអញ្ជើញកូនៗរបស់បងប្អូនឲ្យចង្អុលទៅខ្លួនរបស់ពួកគេនៅពេលពួកគេច្រៀងពាក្យ « ខ្ញុំ » ។ បន្ទាប់មកទៀត ច្រៀងចម្រៀងនេះម្តងទៀត ដោយជំនួសពាក្យ « ខ្ញុំគឺ » ជាមួយនឹងពាក្យ « អ្នកគឺ » ខណៈពេលកំពុងចង្អុលទៅនរណាផ្សេងទៀត ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:៥, ៤១–៤២, ៦៩
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្រ្គោះរបស់ខ្ញុំ ។
-
សូមពិចារណាធ្វើការសម្តែងជាមួយកូនៗរបស់បងប្អូននូវសាច់រឿងមួយដែលនរណាម្នាក់សួរថា « តើព្រះយេស៊ូវគ្រីស្ទបានធ្វើអ្វីខ្លះសម្រាប់ខ្ញុំ ? » បងប្អូន និងកូនៗរបស់បងប្អូនអាចស្វែងរកចម្លើយដែលអាចមាននៅក្នុង ខទី ៥, ៤១–៤២ ឬ ៦៩ នៅក្នុង កណ្ឌទី ៧៦ ។ បងប្អូនក៏អាចច្រៀងផងដែរនូវបទ « ទ្រង់បញ្ជូនបុត្រាទ្រង់មក » សៀវភៅចម្រៀងកុមារ ទំព័រ ២០–២១ ។ តើយើងអាចបង្ហាញអំណរគុណរបស់យើងចំពោះអ្វីដែលព្រះអង្គសង្រ្គោះបានធ្វើចំពោះយើងដោយរបៀបណា ?
គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:៦២
ព្រះវរបិតាសួគ៌ចង់ឲ្យខ្ញុំត្រឡប់ទៅរស់នៅជាមួយទ្រង់ជារៀងរហូត ។
-
បងប្អូន និងកូនៗរបស់បងប្អូនអាចអាន ឬមើលផ្នែកទាំងអស់នៃ « ជំពូកទី ២៦ ៖ នគរទាំងបីនៃស្ថានសួគ៌ » ( នៅក្នុង ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ទំព័រ ៩៧–១០៣ ឬវីដេអូដែលដូចគ្នានៅក្នុង បណ្ណាល័យដំណឹងល្អ ) ហើយចែកចាយជាមួយគ្នានូវអ្វីដែលបងប្អូនចូលចិត្តអំពីការនិមិត្តដែល យ៉ូសែប ស្ម៊ីធ បានឃើញ ។ សូមឲ្យកូនៗរបស់បងប្អូនចែកចាយគំនិត និងអារម្មណ៍របស់ពួកគេអំពីអ្វីដែលវានឹងទៅជាការរស់នៅជាមួយព្រះវរបិតាសួគ៌ក្នុងនគរសេឡេស្ទាល ។
-
បងប្អូនក៏អាចអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៦២ ផងដែរ ហើយអញ្ជើញកុមារឲ្យគូររូបខ្លួនឯងនៅជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅក្នុងនគរសេឡេស្ទាល ( សូមមើល ទំព័រសកម្មភាព ប្រចាំសប្តាហ៍នេះ ) ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦:១២, ១៥–១៩, ១១៤–១១៦
ការសិក្សាព្រះគម្ពីរអាចជួយខ្ញុំ « យល់នូវការណ៍ទាំងឡាយនៃព្រះ » ។
-
បងប្អូនក៏អាចអញ្ជើញកូនៗរបស់បងប្អូនឲ្យអាន ខទី ១៥–១៩ ដើម្បីស្វែងយល់អំពីអ្វីដែល យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន កំពុងធ្វើនៅពេលពួកលោកឃើញការនិមិត្តនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦ ។ សូមប្រាប់កូនៗរបស់បងប្អូនអំពីគ្រាមួយដែលបងប្អូនបានទទួលការបំផុសគំនិត ខណៈពេលកំពុងអានព្រះគម្ពីរ ហើយសួរកូនៗរបស់បងប្អូនថា តើពួកគេធ្លាប់មានបទពិសោធន៍ស្រដៀងគ្នានេះដែរឬទេ ។