« ថ្ងៃទី ១១–១៧ ខែ សីហា ៖ ‹ ចូរតាំង … គេហដ្ឋាននៃព្រះ › ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៥
ថ្ងៃទី ១១–១៧ ខែ សីហា ៖ « ចូរតាំង … គេហដ្ឋាននៃព្រះ »
គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨
ជាញឹកញាប់ក្រៃលែង ព្រះអម្ចាស់ប្រទានដល់យើងឲ្យមើលឃើញ « ឫទ្ធានុភាព និងព្រះចេស្ដា » របស់ទ្រង់ ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:៤៧ ) តាមរយៈវិវរណៈដ៏អស្ចារ្យ ។ គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨ គឺជាវិវរណៈប្រភេទនោះ—ជាវិវរណៈអំពីពន្លឺ និងសិរីល្អ និងនគរដែលអាចធ្វើឲ្យការថែទាំខាងលោកិយរបស់យើងមើលទៅអាចតូចតាច បើយើងប្រៀបធៀបវា ។ ទោះបីជាយើងមិនអាចយល់បានទាំងអស់ក៏ដោយ យ៉ាងហោចណាស់យើងអាចយល់បានថា មានភាពអស់កល្បជានិច្ចជាងអ្វីដែលយើងធ្លាប់ដឹង ។ ពិតណាស់ ព្រះអម្ចាស់មិនចែកចាយសេចក្តីពិតដ៏អស្ចារ្យទាំងនេះ ដើម្បីបំភិតបំភ័យយើង ឬធ្វើឲ្យយើងមានអារម្មណ៍ថាតូចតាចនោះឡើយ ។ តាមពិតទៅ ទ្រង់បានសន្យាថា « គង់តែថ្ងៃនោះនឹងមកដល់ ក្នុងកាលអ្នក នឹង យល់ពីព្រះ » ( ខទី ៤៩ អក្សរទ្រេតបានបន្ថែម ) ។ ប្រហែលវាដល់ចុងបញ្ចប់ដ៏ខ្ពង់ខ្ពស់នោះ ទើបព្រះអម្ចាស់បានបញ្ជាឲ្យពួកបរិសុទ្ធរបស់ទ្រង់នៅទីក្រុងខឺតឡង់បង្កើតជាសាលានៃពួកព្យាការី ។ ទ្រង់បានមានព្រះបន្ទូលថា « ចូររៀបចំខ្លួន ។ ចូររៀបចំអ្វីៗដែលត្រូវការគ្រប់មុខ ហើយចូរតាំង… គេហដ្ឋាននៃព្រះ » ( ខទី ១១៩ ) ។ លើសពីកន្លែងផ្សេងទៀត វាគឺជាដំណាក់បរិសុទ្ធរបស់ព្រះ—និងនៅក្នុងគេហដ្ឋានយើង—ដែលទ្រង់អាចលើកស្ទួយចក្ខុវិស័យរបស់យើងឲ្យហួសពីពិភពលោកខាងសាច់ឈាមនេះ « បើកព្រះភក្ត្ររបស់ទ្រង់ឲ្យ [ យើង ] ឃើញ » និង រៀបចំយើងឲ្យ « នៅជាប់ក្នុងសិរីល្អខាងសេឡេស្ទាលបាន » ខ្លាំងជាងកន្លែងណាផ្សេងទៀត ( ខទី ៦៨, ២២ ) ។
សូមមើល Saints ១:១៦៤–១៦៦ ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯព្រះវិហារ
ព្រះយេស៊ូវគ្រីស្ទប្រទានសេចក្ដីសុខសាន្ដដល់ខ្ញុំ ។
នៅប៉ុន្មានថ្ងៃបន្ទាប់ពីការព្រមានថាសង្រ្គាមនឹងកើតឡើង « នឹងចាក់មកលើអស់ទាំងសាសន៍ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៨៧:២ ) ព្រះអម្ចាស់ប្រទានវិវរណៈថា យ៉ូសែប ស្ម៊ីធ ត្រូវបានហៅថា « ស្លឹកអូលីវ » ដែលជានិមិត្តរូបនៃទំនៀមទម្លាប់នៃសេចក្តីសុខសាន្ត ( គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨ ក្បាលកណ្ឌ សូមមើលផងដែរ លោកុប្បត្តិ ៨:១១ ) ។ ក្នុងការសិក្សាទាំងមូលរបស់បងប្អូននៅក្នុង កណ្ឌទី ៨៨ នៅសប្តាហ៍នេះ សូមរកមើលសារលិខិតនៃសេចក្តីសុខសាន្តរបស់ព្រះអម្ចាស់មកកាន់បងប្អូន ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:៦–៦៧
ពន្លឺ និងក្រឹត្យវិន័យកើតមកពីព្រះយេស៊ូវគ្រីស្ទ ។
ពាក្យ ពន្លឺ និង ក្រឹត្យវិន័យ ត្រូវបានសរសេរជាច្រើននៅក្នុង កណ្ឌទី ៨៨ ។ សូមគូសចំណាំខគម្ពីរទាំងឡាយ ដែលបងប្អូនរកឃើញពាក្យទាំងនេះនៅក្នុង ខទី ៦–៦៧ ហើយសរសេរអ្វីដែលបងប្អូនរៀនអំពីពន្លឺ និងក្រឹត្យវិន័យ—និងអំពីព្រះយេស៊ូវគ្រីស្ទ ។ តើបងប្អូនមានអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះដើម្បីទទួលបានពន្លឺ និងរស់នៅតាម« ក្រឹត្យវិន័យនៃព្រះគ្រីស្ទ » ? ( ខទី ២១ ) ។
សូមមើលផងដែរ អេសាយ ៦០:១៩; យ៉ូហាន ១:១–៩; នីហ្វៃទី៣ ១៥:៩; ធីម៉ូស៊ី ជេ ឌីឆេស « Light Cleaveth unto Light » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១១២–១១៥ សារ៉ុន អូប៊ែង « Christ: The Light That Shines in Darkness » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧៣–៧៦ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៦២–៦៤
« ចូរចូលមកជិតយើង » ។
តើបទពិសោធន៍អ្វីខ្លះដែលបានបង្ហាញបងប្អូនថា ការសន្យានៅក្នុងខគម្ពីរទាំងនេះគឺជាការពិត ? តើអ្វីជាជំហានបន្ទាប់របស់បងប្អូនដើម្បី « ចូលមកជិត » ព្រះគ្រីស្ទ ? សូមពិចារណាច្រៀងទំនុកតម្កើងបទ « ឱ ! សូមនៅជិតព្រះអង្គ » ( ទំនុកតម្កើង ល.រ. ៤៩ ) ជាផ្នែកមួយនៃការសិក្សា និងថ្វាយបង្គំរបស់បងប្អូន ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៦៧–៧៦
ខ្ញុំប្រែក្លាយជាជ្រះស្អាត តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវ គ្រីស្ទ ។
ព្រះអម្ចាស់បានបញ្ជាឲ្យ « ញែកខ្លួនអ្នករាល់គ្នាចេញជាបរិសុទ្ធ » បាននិយាយពីរដងនៅក្នុង កណ្ឌទី ៨៨ ( ខទី ៦៨, ៧៤ ) ។ តើបងប្អូនគិតថា ឃ្លានេះមានន័យដូចម្ដេច ? បងប្អូនអាចមើលសារលិខិតមួយចំនួននៅពីក្រោមពាក្យ « ញែកជាបរិសុទ្ធ, ការញែកជាបរិសុទ្ធ » នៅក្នុងសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ( នៅលើបណ្ណាល័យដំណឹងល្អ ) ។ តើយើងអាចបានញែកជាបរិសុទ្ធដោយរបៀបណា ? សូមឲ្យសំណួរនេះដឹកនាំការសិក្សារបស់បងប្អូននៃ គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៦៧–៧៦ និងកត់ត្រារាល់ការយល់ដឹងខាងវិញ្ញាណដែលបងប្អូនបានទទួល ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៧៧–៨០, ១១៨–១២៦
« ចូរស្វែងរកការរៀនសូត្រ គឺដោយសារការសិក្សា និងដោយសារសេចក្តីជំនឿផង » ។
ព្រះអម្ចាស់បានប្រាប់ពួកបរិសុទ្ធឲ្យបង្កើត « សាលានៃពួកព្យាការី » នៅខឺតឡង់ ( គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:១៣៧ ) ។ សេចក្តីណែនាំភាគច្រើននៅក្នុង កណ្ឌទី ៨៨ បានបង្រៀនពួកលោកអំពីរបៀបធ្វើកិច្ចការនេះ ។ សេចក្តីណែនាំនេះក៏អាចជួយបងប្អូន « ចូរតាំង … គេហដ្ឋាននៃការរៀនសូត្រ » ( ខទី ១១៩ ) នៅក្នុងជីវិតរបស់បងប្អូនផ្ទាល់បានផងដែរ ។ តាមពិត បងប្អូនអាចមើលនៅ ខទី ៧៧–៨០ និង ១១៨–១២៦ ជាប្លង់មេដើម្បី « កែកុនគេហដ្ឋាន [ ឬជីវិតរបស់បងប្អូន ] ឲ្យក្លាយទៅជាមជ្ឈមណ្ឌលនៃការរៀនសូត្រដំណឹងល្អ » ( រ័សុល អិម ណិលសុន « Becoming Exemplary Latter-day Saints » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១១៣ ) ។ វាអាចជារឿងគួរឲ្យចាប់អារម្មណ៍ក្នុងការគូស « កែកុន » នូវលក្ខណៈផ្ទាល់ខ្លួនរបស់បងប្អូន រួមទាំងឃ្លាដែលចេញពីខគម្ពីរទាំងនេះ ដែលបងប្អូនមានអារម្មណ៍ថាបងប្អូនត្រូវអនុវត្ត ។
វាអាចផ្ដល់ជាជំនួយដើម្បីស្រាវជ្រាវអំពីសំណួរទាំងនេះ ៖ ហេតុអ្វី ការរៀនសូត្រ និងការអប់រំមានសារៈសំខាន់ចំពោះព្រះអម្ចាស់ ? តើ ទ្រង់ចង់ឲ្យខ្ញុំសិក្សាអ្វី ? តើ ទ្រង់ចង់ឲ្យខ្ញុំរៀនដោយរបៀបណា ? សូមរកមើលចម្លើយចំពោះសំណួរទាំងនេះនៅក្នុង ខទី ៧៧–៨០ និងនៅក្នុង « សេចក្តីពិត និងធ្វើឲ្យអ្នកមានសេរីភាព » ( ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំសម្រាប់ធ្វើការជ្រើសរើស ទំព័រ ៣០–៣៣ ) ។
តើបងប្អូនគិតថា វាមានន័យយ៉ាងណាក្នុងការរៀនសូត្រ « ដោយសារការសិក្សា និងដោយសារសេចក្ដីជំនឿផង » ? ( ខទី ១១៨ ) ។ តើបងប្អូនទទួលបានការយល់ដឹងអ្វីខ្លះមកពីសារលិខិតរបស់អែលឌើរ ម៉ាទីអាស ហ៊ែលដ៍ « Seeking Knowledge by the Spirit » ? ( Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៣១–៣៣ ) ។
សូមមើលផងដែរ Topics and Questions « Seeking Truth and Avoiding Deception » នៅលើបណ្ណាល័យដំណឹងល្អ « A School and an Endowment » នៅក្នុង Revelations in Context ទំព័រ ១៧៤–១៨២ ។
គំនិតសម្រាប់បង្រៀនកុមារ
គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:៣៣
ព្រះវរបិតាសួគ៌ប្រទានអំណោយល្អៗ ។
-
បងប្អូនអាចចាប់ផ្ដើមការពិភាក្សាមួយអំពី គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៣៣ ដោយសូមឲ្យកូនៗរបស់បងប្អូនជជែកអំពីអំណោយទានដែលពួកគេមាន—ទាំងអំណោយទានដែលពួកគេទទួលបានដោយអំណរ និងអំណោយទានដែលពួកគេមិនបានទទួល ។ ប្រហែលជាពួកគេអាចសម្តែងជាបានទទួលអំណោយដោយអំណរ ។ បន្ទាប់មក បងប្អូនអាចនិយាយអំពីអំណោយទានដែលព្រះវរបិតាសួគ៌ប្រទានដល់យើង ( ដូចជាអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ) ។ តើយើងទទួលបានអំណោយទាំងនេះដោយអំណររបៀបណា ?
គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៦៣
ប្រសិនបើខ្ញុំស្វែងរកព្រះអង្គសង្គ្រោះ នោះខ្ញុំនឹងរកឃើញទ្រង់ ។
-
គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៦៣ មានពាក្យធ្វើសកម្មភាពដែលអាចជំរុញឲ្យធ្វើសកម្មភាពសប្បាយៗមួយចំនួន ដើម្បីលើកទឹកចិត្តកូនៗរបស់បងប្អូនឲ្យស្វែងរកវត្តមានរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់ពួកគេ ។ ឧទាហរណ៍ តើបងប្អូន និងកូនៗរបស់បងប្អូនអាចគិតពីល្បែងសម្រាប់ការពិភាក្សាឃ្លានេះ « ចូរ ព្យាយាមស្វែងរកយើង នោះអ្នករាល់គ្នានឹង បានជួប យើង » ( បានបន្ថែមការបញ្ជាក់ ) ឬ « ចូរគោះ នោះតែងនឹងបើកឲ្យ » បានទេ ?
-
ដើម្បីបញ្ជាក់ពីការអញ្ជើញរបស់ព្រះអង្គសង្រ្គោះឲ្យ « ចូរចូលមកជិតយើង » បងប្អូនអាចសុំឲ្យកូនកាន់រូបព្រះយេស៊ូវ ( ដូចជា រូបភាពនៅចុងបញ្ចប់នៃមេរៀននេះ ) នៅផ្នែកម្ខាងនៃបន្ទប់ ខណៈដែលកូនផ្សេងទៀតឈរនៅផ្នែកម្ខាងទៀត ។ នៅពេលកូនៗរបស់បងប្អូនគិតអំពីអ្វីដែលពួកគេអាចធ្វើបាន ដើម្បីចូលទៅជិតព្រះអង្គសង្គ្រោះ ពួកគេអាចបោះជំហានឆ្ពោះទៅរករូបភាពនោះ ហើយកូនដែលកាន់រូបភាពអាចបោះជំហានឆ្ពោះទៅរកកុមារផ្សេងទៀត ។ សូមនិយាយជាមួយកូនៗរបស់បងប្អូនអំពីរបៀបដែលបងប្អូនចូលទៅជិតព្រះអង្គសង្គ្រោះ និងអំពីរបៀបដែលទ្រង់យាងមកជិតបងប្អូន ។ បងប្អូនក៏អាចច្រៀងជាមួយពួកគេនូវបទចម្រៀងអំពីប្រធានបទនេះដូចជា « ខ្ញុំស្គាល់ក្តីស្នេហ៍ព្រះសង្រ្គោះ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៤២–៤៣ ) ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:៧៧–៨០, ១១៨
ព្រះវរបិតាសួគ៌មានព្រះទ័យចង់ឲ្យខ្ញុំរៀន ។
-
សូមសុំឲ្យកូនៗរបស់បងប្អូនប្រាប់បងប្អូនអំពីអ្វីដែលពួកគេកំពុងរៀននៅក្នុងសាលា ឬអង្គការបឋមសិក្សា ។ បងប្អូនក៏អាចចែកចាយដំណើររឿងមួយចំនួនដែលបងប្អូនកំពុងរៀនផងដែរ ។ បន្ទាប់មក បងប្អូនអាចបង្ហាញកូនៗរបស់បងប្អូននូវពាក្យ អ្វី, ហេតុអ្វី និង របៀបណា ។ សូមជួយពួកគេស្រាវជ្រាវ គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៧៧–៧៩ ដើម្បីស្វែងរក អ្វី ដែលព្រះអម្ចាស់ចង់ឲ្យយើងរៀនបន្ថែមទៀត ។ បន្ទាប់មក សូមមើលជាមួយគ្នានៅក្នុង ខទី ៨០ ដើម្បីស្វែងរកថា ហេតុអ្វី ទ្រង់ចង់ឲ្យយើងរៀន និងនៅក្នុង ខទី ១១៨ ដើម្បីស្វែងរកថាតើយើងគួរតែរៀនដោយ របៀបណា ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:១១៩
គេហដ្ឋានរបស់យើងអាចដូចជាព្រះវិហារបរិសុទ្ធ ។
-
នៅពេលបងប្អូនអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:១១៩ ឲ្យកូនៗរបស់បងប្អូនស្ដាប់ ពួកគេអាចធ្វើកំពូលព្រះវិហារបរិសុទ្ធដោយដៃរបស់ពួកគេ រាល់ពេលដែលពួកគេឮពាក្យ « គេហដ្ឋាន » ។ សូមពន្យល់ថា ព្រះវរបិតាសួគ៌មានព្រះទ័យចង់ឲ្យ យ៉ូសែប ស្ម៉ីធ និងពួកបរិសុទ្ធសាងសង់ព្រះវិហារបរិសុទ្ធមួយឡើង ឬ « ដំណាក់នៃព្រះ » មួយឡើង ។
-
បងប្អូនអាចសុំឲ្យកូនៗរបស់បងប្អូនជ្រើសរើសពាក្យប្រាំពីរដែលពិពណ៌នាអំពីគេហដ្ឋានរបស់ពួកគេ ។ បន្ទាប់មក សូមឲ្យពួកគេស្វែងរកនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:១១៩ នូវពាក្យប្រាំពីរម៉ាត់ដែលព្រះអម្ចាស់បានពិពណ៌នាពីដំណាក់របស់ទ្រង់ ។ តើយើងអាចធ្វើឲ្យគេហដ្ឋានរបស់យើងជា « ដំណាក់នៃព្រះ » ដោយរបៀបណា ?