ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៨–២៤ ខែ សីហា ៖ « គោលការណ៍​ដោយ​សេចក្ដីសន្យា » ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៩–៩២


« ថ្ងៃទី ១៨–២៤ ខែ សីហា ៖ ‹ គោលការណ៍​ដោយ​សេចក្ដី​សន្យា › ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៩–៩២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៩–៩២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៥

គូស្វាមីភរិយា​កំពុង​ចម្អិនអាហារ​ជា​មួយគ្នា

ថ្ងៃទី ១៨–២៤ ខែ សីហា ៖ « គោលការណ៍​ដោយ​សេចក្ដី​សន្យា »

គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៩–៩២

នៅក្នុង​សាលា​នៃ​ពួកព្យាការី ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ពួកអែលឌើរ​នៃ​អ៊ីស្រាអែល​អំពី​ការកសាង​នគរ​របស់​ព្រះ​នៅលើ​ផែនដី ។ ពួកលោក​បាន​ពិភាក្សា​អំពី​សេចក្ដីពិត​ខាង​វិញ្ញាណ បាន​អធិស្ឋាន​រួមគ្នា បាន​តម​អាហារ និង​រៀបចំ​ខ្លួន​ទៅ​ប្រកាស​ដំណឹងល្អ ។ ប៉ុន្ដែ​បរិយាកាស​មួយ​ហាក់​ចម្លែក​ចំពោះ​យើង​នា​សព្វថ្ងៃ​នេះ ហើយ​វា​ហាក់​មិន​ត្រឹមត្រូវ​ចំពោះ អិមម៉ា ស្ម៊ីធ ផងដែរ ។ អំឡុង​ការប្រជុំ ពួកបុរស​បាន​ជក់​បារី ហើយ​ចុក​ថ្នាំ ដែល​វា​ជា​រឿង​ធម្មតា​សម្រាប់​ពេល​នោះ ប៉ុន្ដែ​វា​ប្រឡាក់​កម្រាល​ឈើ​ទៅជា​ពណ៌​ខ្មៅ ហើយ​មានធុំ​ក្លិន​មិន​ល្អ ។ អិមម៉ា​បាន​ចែកចាយ​កង្វល់​របស់​នាង​ជាមួយ​យ៉ូសែប ហើយ​យ៉ូសែប​បាន​ទូល​សូម​ដល់​ព្រះអម្ចាស់ ។ ចម្លើយរបស់​ទ្រង់​គឺជា​វិវរណៈ​ដែល​មិន​ត្រឹមតែ​ពី​ការជក់​បារី និង​ថ្នាំចុក​ប៉ុណ្ណោះ​ទេ ។ វា​បាន​ផ្ដល់​ឲ្យ​ពួកបរិសុទ្ធ សម្រាប់គ្រប់​ជំនាន់​ដែល​នឹង​កើត​មក​នូវ « គោលការណ៍​ដោយ​សេចក្ដីសន្យា »​—​ជា​សេចក្ដី​សន្យា​ដល់​សុខភាព​ផ្លូវ​កាយ « ប្រាជ្ញា » និង « និង​ផល​ថ្លៃ​វិសេស​នៃ​ចំណេះវិជ្ជា » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៩:៣, ១៩ ) ។

សូមមើល​ផងដែរ ពួកបរិសុទ្ធ ទំព័រ ១:១៦៦–១៦៨ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​ព្រះវិហារ

គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៩

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ព្រះអម្ចាស់​បាន​ប្រទាន​ពាក្យសម្តី​នៃ​ប្រាជ្ញាវាងវៃ​ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​មាន​សុខភាព​ល្អ​ទាំង​រូបកាយ និង​ខាងវិញ្ញាណ ។

នៅពេល​ពួកអែលឌើរ​ក្នុង​សាលា​នៃ​ពួកព្យាការី​បាន​ឮ យ៉ូសែប ស្ម៊ីធ អាន​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​ដំបូង ពួកគេ​បាន « បោះចោល​បំពង់ និង​ដុំ​ថ្នាំ​ចុក​របស់​គេ​ទៅក្នុង​ភ្លើង » ភ្លាម ( ពួកបរិសុទ្ធ ទំព័រ ១:១៦៨ ) ។ ពួកគេ​ចង់​បង្ហាញ​ឆន្ទៈ​របស់​ពួកគេ​ដើម្បី​គោរពតាម​ព្រះអម្ចាស់ ។ ប្រហែល​បងប្អូន​បាន « បោះ » សារធាតុ​ដែល​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​បាន​ព្រមាន​ហាម​ឃាត់​ចេញពី​ជីវិត​របស់​បងប្អូន​រួចហើយ ប៉ុន្ដែ​តើ​មាន​អ្វីផ្សេង​ទៀត​ដែល​បងប្អូន​អាច​រៀន​មកពី​វិវរណៈ​នេះ ? សូម​ពិចារណា​អំពី​យោបល់​ទាំងនេះ ៖

  • សូម​គិត​ពី​វិវរណៈ​ថា​ជា « គោលការណ៍​ដោយ​សេចក្ដីសន្យា » ( ខទី ៣ )—​ជា​សេចក្ដីពិត​ដ៏​យូរ​អង្វែង​ដែល​ដឹកនាំ​ការសម្រេចចិត្ត ។ តើ​បងប្អូន​រកឃើញ​គោលការណ៍​អ្វីខ្លះ ដែល​អាច​ដឹកនាំ​ការសម្រេច​ចិត្ត​របស់​បងប្អូន ? តើ​ពរជ័យ​អ្វី​ដែល​ព្រះអម្ចាស់​បានសន្យា ? ( សូមមើល ខទី ១៨–២១ ) ។ តើ​ទ្រង់​បាន​បំពេញ​សេចក្តីសន្យា​ទាំងនោះ​នៅក្នុង​ជីវិត​របស់​បងប្អូន​ដោយ​របៀបណា ?

  • តើ​បងប្អូន​បាន​ឃើញ​គំរូ​អ្វីខ្លះ​នៃ « អំពើ​អាក្រក់​ទាំងឡាយ និង​ផែនការ​ទាំងឡាយ​ដែល​មាន … នៅក្នុង​ដួងចិត្ត​មនុស្ស ដែល​រួម​គំនិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត » ? ទាក់ទង​នឹង​ពាក្យសម្តី​នៃ​ប្រាជ្ញា​វាងវៃ ( ខទី ៤ ) ។ បន្ថែម​ពីលើ​វិវរណៈ​នេះ តើ​ព្រះអម្ចាស់​បាន​ប្រទាន​អ្វីខ្លះ ដើម្បី​ជួយ​បងប្អូន​ចៀសវាង ឬ​យកឈ្នះ​លើ​អំពើអាក្រក់​ទាំងនេះ ?

  • តើ​វិវរណៈ​នេះ​បង្រៀន​បងប្អូន​អ្វីខ្លះ​អំពី​ព្រះអម្ចាស់ ? តើ​ពាក្យសម្តី​នៃ​ប្រាជ្ញា​វាងវៃ​ទាក់ទង​នឹង គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៩:៣៤–៣៥ ដោយ​របៀប​ណា ?

  • តើ​បងប្អូន​ត្រូវបាន​បំផុស​ឲ្យ​ធ្វើ​អ្វីខ្លះ ដើម្បី​ថែរក្សា​រូបកាយ​របស់​បងប្អូន​ឲ្យ​បាន​កាន់តែ​ប្រសើរ ?

បងប្អូន​ប្រហែលជា​មាន​ឱកាស​ពន្យល់​អ្នក​ដទៃ​អំពី​មូលហេតុ​ដែល​បងប្អូន​រស់នៅ​តាម​ពាក្យសម្តី​នៃ​ប្រាជ្ញា​វាងវៃ—ហើយ​បងប្អូន​អាច​នឹង​មាន​ឱកាស​ច្រើន​ទៀត​នៅ​ពេល​អនាគត ។ សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​អាច​ប្រើ​ឱកាស​ទាំងនេះ ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ ភាពពិសិដ្ឋ​នៃ​រូបកាយ​របស់​យើង និង​សេចក្តីពិត​ខាងវិញ្ញាណ​ផ្សេងទៀត ។ សម្រាប់​គំនិត​បន្ថែម សូមមើល « រូបកាយ​របស់​អ្នក​គឺ​ពិសិដ្ឋ » ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើការ​ជ្រើសរើស​ ទំព័រ ២២–២៩ ។

សូម​មើល​ផងដែរ កូរិនថូស ទី១ ៦:១៩–២០; ថូម៉ាស អេស ម៉នសុន « Principles and Promises » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៧៨–៧៩; Topics and Questions « Word of Wisdom » នៅលើ​បណ្ណាល័យ​ដំណឹងល្អ « The Word of Wisdom » នៅក្នុង Revelations in Context ទំព័រ ១៨៣–១៩១; « Addiction » « Physical Health » ជួយ​ដល់​ជីវិត នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

4:39

Principles and Promises

រៀន និង​បង្រៀន​តាមរយៈ​គោលការណ៍​ទាំងឡាយ ជាជាង​បង្កើត​បញ្ជី​ដែល​ត្រូវ​ធ្វើ និង​មិន​ត្រូវធ្វើ នោះ​យើង​អាច​រស់នៅ​តាម​គោលការណ៍​ទាំងឡាយ ដើម្បី​អនុវត្ត​សិទ្ធិជ្រើសរើស និង​សេចក្តីជំនឿ​របស់​យើង​លើ​ព្រះគ្រីស្ទ ។ ឧទាហរណ៍ សូម​ពិចារណា​សំណួរ​ដែល​ផ្អែកលើ​គោលការណ៍​ទាំងនេះ​ដែលទាក់ទង​នឹង​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ ៖ តើ​គោលការណ៍​មួយ​ណា​ដែល​អាច​ផ្តល់​ការលើក​ទឹកចិត្ត​ដល់​នរណា​ម្នាក់​ដែល​តស៊ូ​ដើម្បី​គោរពតាម​ពាក្យសម្តី​នៃ​ប្រាជ្ញា​វាងវៃ ? តើ​គោលការណ៍​ណាមួយ​ដែល​អាច​លួងលោម​យើង នៅ​ពេល​យើង​មាន​បញ្ហា​សុខភាព ថ្វី​បើ​យើង​រស់​នៅ​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាង​វៃ​ក្តី ?

ស្ត្រី​ម្នាក់​កំពុង​ហាត់​យូហ្គា

ព្រះ​វរបិតាសួគ៌​ចង់​ឲ្យ​យើង​ថែរក្សា​រូបកាយ​របស់​យើង

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៩០:១–១៧

គណៈប្រធាន​ទីមួយ​កាន់ « កូនសោ​ទាំងឡាយ​នៃ​នគរ » ។

នៅក្នុង កណ្ឌ​ទី ៩០ ព្រះអម្ចាស់​បាន​ប្រទាន​ការណែនាំ​អំពី « ការងារ​បម្រើ និង​គណៈ​ប្រធាន​ទី​១ » ( ខទី ១២ ) របស់ យ៉ូសែប ស្ម៊ីធ ស៊ីឌនី រិកដុន និង ហ្វ្រែឌើរិក ជី វិលលាម្ស—ជា​ក្រុម​សមាជិក​ដែល​យើង​ហៅ​នា​ពេលនេះ​ថា គណៈប្រធាន​ទីមួយ ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​គណៈប្រធាន​ទីមួយ​ចេញពី ខទី ១–១៧ ? សូម​ពិចារណា​ពិនិត្យមើល​សារលិខិត​នាពេល​ថ្មីៗ​នេះ​មកពី​សមាជិក​ក្នុង​គណៈប្រធាន​ទីមួយ​ឡើង​វិញ ។ តើ​ពួកលោក​ធ្វើ​អ្វី​ខ្លះដើម្បី « តាំង​ឲ្យ​មាន​របៀបរៀបរយ​នៅ​អស់​ទាំង​ការងារ​នៃ​សាសនាចក្រ និង​នគរ​នេះ » ? ( ខទី ១៦ ) ។ តើ​បងប្អូន​អាច​បង្ហាញ​ថា ពួកលោក​មិនមែន​ជា « ការ​ឥត​ការ » ចំពោះ​បងប្អូន​ដោយ​របៀប​ណា ? ( ខទី ៥ ) ។

សូម​ពិចារណា​ច្រៀង ឬ​អាន​ពាក្យពេចន៍​នៃ​បទ « ចូរ​មក​ស្ដាប់​សំឡេង​ព្យាការី » ( ទំនុក​តម្កើង ល.រ. ១២ ) ឬ ច្រៀង​ចម្រៀង​ផេ្សង​ទៀត​អំពី​ពួក​ព្យាការី​ដែល​ទាក់​ទង​នឹង​ការបង្រៀន​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ ។ តើ​ការបម្រើ​របស់​គណៈប្រធាន​ទី​មួយ​បាន​ជួយ​បងប្អុន​ឲ្យ​ស្គាល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូច​ម្តេច ?

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩០:២៤

« គ្រប់​ការណ៍​ទាំងអស់​ផ្សំ​គ្នា​សម្រាប់​សេចក្ដី​ល្អ​ដល់ [ ខ្ញុំ ] » ។

សូម​ជញ្ជឹងគិត​អំពី​បទពិសោធន៍​នានា ដែល​បងប្អូន​បាន​មាន​ដែល​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីសន្យា​របស់​ព្រះអម្ចាស់​នៅក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ៩០:២៤ ។ សូម​ពិចារណា​ធ្វើការកត់ត្រា​បទពិសោធន៍​របស់​បងប្អូន ហើយ​ចែកចាយ​វា​ជាមួយ​នឹង​សមាជិក​គ្រួសារ ឬ​មនុស្ស​ជាទី​ស្រឡាញ់​—​ប្រហែល​ជា​នរណាម្នាក់​ត្រូវការ​ការអះអាង​ជាថ្មី ឬ​ការលើក​ទឹកចិត្ត​នេះ ។ ប្រសិនបើ​បងប្អូន​នៅ​កំពុងរង់ចាំ​ពរជ័យ​ជាក់លាក់​មួយចំនួន សូម​ជញ្ជឹងគិត​អំពី​អ្វី​ដែល​បងប្អូន​អាច​ធ្វើ​បាន​ដើម្បី​បន្ដ​ស្មោះត្រង់ កាល​បងប្អូន​រង់ចាំ​មើល​របៀប​ដែល « គ្រប់​ការណ៍​ទាំងអស់​ផ្សំ​គ្នា​សម្រាប់​សេចក្ដី​ល្អ​ដល់​បងប្អូន » ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ៩០:២៨–៣១

តើ​នរណា​ជា វីអែណា ចាកស៍ ?

វីអែណា ចាកស៍ បាន​កើត​នៅ​ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ១៧៨៧ ក្នុង​រដ្ឋ​ម៉ាសាឈូសេត ។ ជា​ស្ដ្រី​ដ៏​មាន​សេចក្ដី​ជំនឿ​ម្នាក់ ដែល​មាន​ទ្រព្យ​ហិរញ្ញវត្ថុ​ច្រើន​គួរសម នាង​វីអែណា​បាន​ជួប​នឹង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ដំបូង​ក្នុង​ឆ្នាំ ១៨៣១ ។ ក្រោយពី​ទទួល​បាន​សាក្សី​ខាង​វិញ្ញាណ​ថា សារលិខិត​របស់​ពួកគេ​គឺ​ពិត នោះ​នាង​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​នឹង​ព្យាការី​នៅ​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ជា​កន្លែង​ដែល​នាង​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។

នាង​វីអែណាំ​បាន​គោរព​តាម​ការប្រឹក្សា​របស់​ព្រះអម្ចាស់​ដល់​នាង​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩០:២៨–៣១ ។ ការថ្វាយ​របស់​នាង​ដល់​ព្រះអម្ចាស់​រួម​មាន​ការបរិច្ចាគ ដែល​នាង​បាន​ធ្វើ​ពីមុន​នៅ​ទីក្រុង​ខឺតឡង់ ធ្វើឡើងនៅ​ក្នុង​ពេល​ដ៏​សំខាន់​សម្រាប់​សាសនាចក្រ នៅពេល​ថ្នាក់ដឹកនាំ​ព្យាយាម​ទិញ​ដី ដែល​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​នឹង​ត្រូវ​កសាង ។ នាង​វីអែណា​បាន « មាន​ចិត្ត​ស្មោះត្រង់ ហើយ​មិន​ខ្ជិលច្រអូស » ពេញ​មួយ​ជីវិត​របស់​នាង ហើយ​នៅ​ទីបញ្ចប់​អាច « បាន​រស់នៅ​ដោយ​សេចក្ដី​សុខសាន្ត » ( ខទី ៣១ ) នៅក្នុង​ជ្រលង​ភ្នំ​សលត៍ លេក ជា​កន្លែង​ដែល​នាង​បាន​ស្លាប់​នៅ​អាយុ ៩៦ ឆ្នាំ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩១

« ព្រះវិញ្ញាណ​បើក​សម្តែង​សេចក្ដី​ពិត » ។

យើង​ទាំងអស់​គ្នា​ជួប​ប្រទះ​សារ​ដែល​មាន « រឿង​ដែល​ពិតជា​ច្រើន » ហើយ « រឿង​ជា​ច្រើន​ដែល​មិន​ពិត » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩១:១–២ ) ។ តើ​ដំបូន្មាន​អ្វីខ្លះ​ដែល​បងប្អូន​រកឃើញ​នៅក្នុង កណ្ឌទី ៩១ ដែល​វា​អាច​ជួយ​បងប្អូន​ឲ្យ​យល់ដឹង​អំពី​សេចក្ដី​ពិត​នៅក្នុង​សារលិខិត​ដែល​បងប្អូន​ជួបប្រទះ ? តើ​ព្រះវិញ្ញាណ​បាន​ជួយ​បងប្អូន​ឲ្យ​ញែកដឹង​អំពី​សេចក្ដីពិត និង​ការខុសឆ្គង​យ៉ាង​ដូចម្ដេច ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ ០២

គំនិត​សម្រាប់​បង្រៀន​កុមារ

គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៩

ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​ជួយ​ខ្ញុំ​មាន​រូបកាយ និង​វិញ្ញាណ​ដែល​មាន​សុខភាពល្អ ។

  • ដើម្បី​ណែនាំ កណ្ឌទី ៨៩ ប្រហែលជា​បងប្អូន និង​កូន​របស់​បងប្អូន​អាច​មើល​រូបភាព​ព្រះវិហារបរិសុទ្ធ ឬ​ច្រៀង​ចម្រៀង​អំពី​សុខភាព​រាងកាយ ដូចជា « ព្រះ​បាន​ប្រទាន​វិហារ​ឲ្យ​ខ្ញុំ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៧៣ ) ដើម្បី​បង្រៀន​ថា រូបកាយ​របស់យើង​ប្រៀបដូច​ជា​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​វិញ្ញាណ​របស់​យើង ។ ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​អនុវត្ត​វិធី​ដែល​ពួកគេ​អាច​ថែទាំ​រាងកាយ​របស់​ពួកគេ ។

  • ដើម្បី​រៀន​អំពី​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៩:១០–១៧ បងប្អូន និង​កូនៗ​របស់​បងប្អូន​អាច​គូរ ឬ​មើល​រូបភាព​នូវ​អ្វី​ដែល​ល្អ​ដែល​យើង​អាច​ទទួលទាន ឬ​ធ្វើ​ដើម្បី​រក្សា​រាងកាយ​យើង​ឲ្យ​មាន​សុខភាពល្អ ( សូមមើល​រូបភាព និង ទំព័រ​សកម្មភាព ដែល​មាន​នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ) ។ តើ​ព្រះអម្ចាស់​បាន​ព្រមាន​យើង​មិន​ឲ្យ​ប្រើ​អ្វី ? ហេតុអ្វី​បាន​ជា​ទ្រង់​ចង់​ឲ្យ​យើង​ថែរក្សា​រូបកាយ​របស់​យើង ?

  • អែលឌើរ ហ្គារី អ៉ី. ស្ទីវីនសិន បាន​ទូន្មាន​ដល់​ពួក​យុវវ័យ​ឲ្យ​ដាក់ផែនការ​ជាមុន​នូវ​អ្វី​ដែល​ពួកគេ​នឹងធ្វើ នៅពេល​ដែល​មាន​ការល្បួង​ឲ្យ​ប្រើ​សុរា ឬ គ្រឿង​ញៀន ។ លោក​បាន​បង្រៀនថា « អ្នកនឹង​ឃើញថា ការល្បួង​នឹង​មាន​ការ​គ្រប់គ្រងតិចតួច​លើ​អ្នក ។ អ្នក​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ជាស្រេច​ថា ត្រូវ​ប្រតិកម្ម​បែប​ណា ហើយ​អ្នក​ត្រូវ​ធ្វើ​អ្វី​ខ្លះ ។ អ្នក​នឹង​មិន​ចាំបាច់​ត្រូវ​សម្រេច​ចិត្ត​គ្រប់ពេល​ដែល​អ្នក​ប្រឈមមុខទៅ​នឹង​ការល្បួង​នោះទេ » ( « Your Priesthood Playbook » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៤៨ ) ។ បន្ទាប់ពី​អាន​ជាមួយ​គ្នា គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៩:៤ និង​សេចក្តី​ថ្លែង​ការណ៍​របស់​អែលឌើរ ស្ទីវ៉ែនសុន សូម​ប្រឹក្សា​ជាមួយ​កូនៗ​បងប្អូន​អំពី​របៀប​ដែល​ពួកគេ​អាច​សម្រេចចិត្ត​ឥឡូវនេះ—អស់​មួយ​ជីវិត—ដើម្បី​រស់នៅ​តាម​ព្រះបន្ទូល​នៃ​ប្រាជ្ញា ។ បងប្អូន​ក៏​អាច​សម្តែង​អំពីរបៀប​ដែល​ពួកគេ​អាច​ឆ្លើយតប​នឹង​នរណា​ម្នាក់ ទោះបីជា​មិត្តភក្តិ ឲ្យ​អ្វីមួយ​ទៅពួកគេ​ដែល​អាច​ប្រឆាំង​នឹង​ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ​ក្តី ។ តើ​ព្រះអម្ចាស់​ប្រទាន​ពរ​យើង​យ៉ាង​ណា ពេល​យើង​គោរព​តាម​ពាក្យសម្តី​នៃ​ប្រាជ្ញា​វាងវៃ ( សូមមើល ខទី ១៨–២១ ) ។

ក្មេងៗ​កំពុងលេង​នៅលើ​ឆ្នេរ​សមុទ្រ

រូបកាយ​របស់​យើង​គឺជា​អំណោយ​មកពី​ព្រះ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩០:៥

ព្រះ​បាន​ប្រទាន​ព្យាការី​ដល់​ខ្ញុំ​ដើម្បី​ដឹកនាំ និង​ការពារ​ខ្ញុំ ។

  • បងប្អូន​អាច​មើល​រូបភាព​របស់​ពួក​ព្យាការី​ពីបុរាណ ឬ​ច្រៀង​ចម្រៀង​ដូចជា​បទ « ធ្វើ​តាម​ព្យាការី » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥៨–៥៩ ) ។ តើ​ព្រះ​បាន​ប្រទាន​ពរ​ដល់​បុត្រាបុត្រី​របស់ទ្រង់​តាម​រយៈ​ព្យាការី​របស់​ទ្រង់​ដោយ​របៀបណា ? ហេតុអ្វី​យើង​គួរ​ស្តាប់​ព្យាការី​របស់​ព្រះ ? ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩០:៥ ) ។ បន្ទាប់មក បងប្អូន និង​កូនៗ​របស់បងប្អូន​អាច​មើល​រូបភាព​ព្យាការី​ដែល​មាន​ជីវិត ហើយ​ចែកចាយ​រឿង​មួយ​ចំនួន​ដែល​ព្រះអម្ចាស់​បាន​បង្រៀន ឬ​ព្រមាន​យើង​តាមរយៈ​លោក ។ តើ​យើង​អាច​ធ្វើ​តាម​ព្យាការី​តាម​របៀប​ណា ?

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩១

ព្រះវិញ្ញាណ​អាច​ជួយ​ខ្ញុំ​ដឹង​អំពី​អ្វី​ដែល​ជា​ការពិត ។

  • បងប្អូន​អាច​សង្ខេប​ក្បាល​កណ្ឌ​សម្រាប់ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩១ ដើម្បី​ជួយ​កូន​ៗរបស់​បងប្អូន​ឲ្យ​យល់អំពី​មូលហេតុ​ដែល​វិវរណៈ​នេះ​ត្រូវ​បាន​ផ្តល់​ឲ្យ ។ បន្ទាប់មក ពួកគេ​អាច​គិត​ពីកន្លែង ដូចជា នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​យើង​អាច​រក « មាន​រឿង​ដែល​ពិត​ជា​ច្រើន » និង « មាន​រឿង​ជាច្រើន​ដែល​មិនពិត » ( ខទី ១–២ ) ។ តើ ខទី ៤–៦ បង្រៀន​យើងអ្វីខ្លះ​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ ? តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​យើង​ដឹង​អ្វី​ដែល​ត្រឹមត្រូវ​ដោយ​របៀប​ណា ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

ផ្លែឈើ

« គ្រប់​ទាំង​ធញ្ញជាតិ គឺ​ល្អ​សម្រាប់​ទុកជា​អាហារ​ដល់​មនុស្ស ព្រម​ទាំង​ផល​ពី​ដើម​ដែល​វារ » ។

ទំព័រ​ធ្វើ​សកម្មភាព​សម្រាប់​កុមារ