« ថ្ងៃទី ១៣–១៩ ខែ ធ្នូ ។ ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក ‹ គ្រួសារជាផ្នែកដ៏សំខាន់មួយនៅក្នុងផែនការរបស់ព្រះដ៏បង្កបង្កើត › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៣–១៩ ខែ ធ្នូ ។ ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ឆ្នាំ ២០២១
ថ្ងៃទី ១៣–១៩ ខែ ធ្នូ
ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក
« គ្រួសារជាផ្នែកដ៏សំខាន់មួយនៅក្នុងផែនការរបស់ព្រះដ៏បង្កបង្កើត »
ប្រធាន ដាល្លិន អេក អូក បានមានប្រសាសន៍ថា ៖« ខ្ញុំជឿថាការប្រើ និងអាកប្បកិរិយាយើងចំពោះការប្រកាសស្ដីពីគ្រួសារគឺជាការ [ សាកល្បង ] មួយសម្រាប់ជំនាន់នេះ ។ ខ្ញុំសូមអធិស្ឋានឲ្យពួកបរិសុទ្ធថ្ងៃចុងក្រោយទាំងអស់ឈរយ៉ាងរឹងមាំនៅក្នុងការសាកល្បងនេះ » ( « ផែនការ និង សេចក្ដីប្រកាស » Ensignឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៣១ ) ។ សូមពិចារណាពាក្យពេចន៍ទាំងនេះ កាលអ្នកសិក្សាក្រុមគ្រួសារការប្រកាសអំពីក្រុមគ្រួសារនាសប្តាហ៍នេះ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
តាំងពីមុនពេលយើងកើតមក យើងគឺជាផ្នែកមួយនៃក្រុមគ្រួសារ—ជាគ្រួសាររបស់ព្រះមាតាបិតាសួគ៌របស់យើង ។ ពេលវេលាបានមកដល់ដែលត្រូវចាកចេញពីវត្តមានរបស់ទ្រង់ វាជាការលួងលោមដើម្បីដឹងថា នៅលើផែនដីនេះ ក្រុមគ្រួសារទាំងឡាយក៏ជាផ្នែកមួយនៃផែនការរបស់ព្រះផងដែរ ។ គន្លងនៅលើផែនដីនេះបញ្ជាក់ពីគម្លងដ៏ឥតខ្ចោះនៅស្ថានសួគ៌ ។
វាមិនមានការធានាថា ក្រុមគ្រួសារនៅលើផែនដីនេះនឹងបានឥតខ្ចោះ ឬប្រក្រតីយ៉ាងណាទេ ។ ប៉ុន្តែដូចដែលប្រធាន ហិនរី ប៊ី អាវរិង បានបង្រៀនថា ក្រុមគ្រួសារ « ផ្ដល់ឱកាសពិសេសឲ្យបុត្រាបុត្រីព្រះ ត្រូវបានស្វាគមន៍មកកាន់ពិភពលោកដោយមានក្ដីស្រឡាញ់តែមួយគត់លើផែនដី ដែលកាន់តែដូចអារម្មណ៍ដែលយើងបានមាននៅស្ថានសួគ៌—ជាក្ដីស្រឡាញ់របស់មាតាបិតា » ( « ការប្រមូលផ្ដុំគ្រួសាររបស់ព្រះ » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ២០ ) ។ ដោយដឹងថាក្រុមគ្រួសារមិនល្អឥតខ្ចោះ ហើយជាប្រធានបទដែលអាចរងការវាយប្រហារពីបច្ចាមិត្ត ព្រះបានបញ្ជូនព្រះរាជបុត្រាសំណព្វ របស់ទ្រង់ឲ្យមកប្រោសលោះយើង និងព្យាបាលក្រុមគ្រួសាររបស់យើង ។ ហើយទ្រង់បានបញ្ជូនព្យាការីថ្ងៃចុងក្រោយ ជាមួយនឹងការប្រកាសដើម្បីការពារ និងពង្រឹងក្រុមគ្រួសារទាំងឡាយ ។ ប្រសិនបើយើងធ្វើតាមព្យាការី ហើយដាក់សេចក្តីជំនឿលើព្រះអង្គសង្គ្រោះ ទោះបីជាជីវិតក្រុមគ្រួសាររមែងស្លាប់អាចត្រូវបានល្បួងចេញពីគំរូដ៏ទេវភាពនេះក្ដី ក៏នៅតែមានសេចក្ដីសង្ឈឹមសម្រាប់ក្រុមគ្រួសារទាំងឡាយ—នៅលើផែនដី និងនៅស្ថានសួគ៌ ។
គំនិតយោបល់ផ្សេងៗសម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
« គ្រួសារជាផ្នែកដ៏សំខាន់មួយនៅក្នុងផែនការរបស់ព្រះដ៏បង្កបង្កើត » ។
វាច្បាស់ណាស់ថា « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » គឺអំពីក្រុមគ្រួសារ ។ ប៉ុន្តែវាក៏ស្ដីអំពីផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះដូចគ្នាដែរ ។ របៀបមួយដើម្បីសិក្សាការប្រកាសនេះ គឺត្រូវរកមើលអ្វីដែលវាបង្រៀនអំពីជីវិតមុនផែនដី ជីវិតរមែងស្លាប់ និងជីវិតក្រោយពីជីវិតនេះ ។ តើអ្នកបានរៀនអ្វីខ្លះ នៅពេលអ្នកសិក្សា ការប្រកាសតាមវិធីនេះ ? តើការណ៍នេះជួយអ្នកឲ្យយល់ហេតុផលដែលអាពាហ៍ពិពាហ៍ និងគ្រួសារគឺចាំបាច់ចំពោះផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះដោយរបៀបណា ?
សូមមើលផងដែរ ដាល្លិន អេក អូក « ផែនការ និង សេចក្ដីប្រកាស » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ២៨–៣១ ។
« សុភមង្គលនៅក្នុងជីវិតគ្រួសារអាចកើតមានឡើងបាន នៅពេលធ្វើតាមការបង្រៀនរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ » ។
សូមគិតដល់កថាខណ្ឌទីប្រាំមួយ និងទីប្រាំពីរនៃ ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក ជាគន្លងមួយសម្រាប់ « សុភមង្គលនៅក្នុងជីវិតគ្រួសារ » ។ កាលអ្នកអានកថាខណ្ឌទាំងនេះ សូមរកមើលគោលការណ៍នៃ « អាពាហ៍ពិពាហ៍ និងគ្រួសារដែលមានជោគជ័យ » ។ បន្ទាប់មក ចូរគិតអំពីទំនាក់ទំនងគ្រួសារ ដែលអ្នកចង់ពង្រឹង ។ តើអ្នកមានអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះ ? តើអ្នកនឹងរួមចំណែកព្រះអង្គសង្គ្រោះនៅក្នុងកិច្ចខិតខំរបស់អ្នកយ៉ាងដូចម្តេច ?
សូមមើលផងដែរ រីឆាត ជេ ម៉េណេស « Establishing a Christ–Centered Home » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៣៧–៣៩; វីដេអូ « What Matters Most » នៅលើគេហទំព័រ ChurchofJesusChrist.org ។
ខ្ញុំ « នឹងទទួលខុសត្រូវនៅចំពោះព្រះភក្ត្រព្រះ » ចំពោះអ្វីដែលខ្ញុំបានប្រព្រឹត្តចំពោះក្រុមគ្រួសារខ្ញុំ ។
ការប្រកាសអំពីក្រុមគ្រួសារ រួមមានពរជ័យដ៏អស្ចារ្យ ដែលព្រះវរបិតាសួគ៌បានសន្យាដល់អស់អ្នកដែលធ្វើតាមដំបូន្មានរបស់ទ្រង់ ។ វារួមមានការព្រមានយ៉ាងខ្លាំងៗចំពោះអស់អ្នកដែលមិនធ្វើតាម ។ សូមពិចារណាធ្វើបញ្ជីមួយអំពីពរជ័យ និងការព្រមានដែលអ្នករកឃើញ ។
តើអ្នកធ្វើសកម្មភាពតាមដំបូន្មានរបស់ព្រះ នៅក្នុងការប្រកាសនេះដោយរបៀបណា ? ប្រសិនបើអ្នកឈរចំពោះព្រះភក្ត្រ័ព្រះនៅថ្ងៃនេះ តើអ្នកមានទំនុកចិត្តក្នុងការពិភាក្សាជាមួយទ្រង់អំពីអ្វីខ្លះ ពីក្នុងទំនាក់ទំនងក្រុមគ្រួសាររបស់អ្នក ? តើខ្ញុំអាចត្រូវការធ្វើការកែលម្អអ្វីខ្លះ ?
សូមមើលផងដែរ អាលម៉ា ៥:១៥–២២; គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:២២–២៥; ៩៣:៣៩–៤៤ ។
តើខ្ញុំអាចទទួលពរជ័យដែលបានសន្យាដែរឬទេ ប្រសិនបើស្ថានភាពគ្រួសារខ្ញុំមិនសូវបានល្អឥតខ្ចោះ ?
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសុន បានបង្រៀន ៖ « ដើម្បីប្រកាសអំពីមូលដ្ឋានគ្រឹះនៃសេចក្ដីពិតអំពីអាពាហ៍ពិពាហ៍ និងគ្រួសារ គឺមិនត្រូវមើលរំលង ឬបន្ទាបបន្ថោកការលះបង់ និង ភាពជោគជ័យនៃអ្នកទាំងឡាយ ដែលពុំមានភាពល្អឥតខ្ចោះនោះឡើយ ។ … មនុស្សគ្រប់រូបមានអំណោយទាន មនុស្សគ្រប់រូបមានទេពកោសល្យ មនុស្សគ្រប់រូបអាចរួមចំណែកដើម្បីបើកបង្ហាញអំពីផែនការរបស់ព្រះនៅក្នុងជំនាន់នីមួយៗ ។ មានអ្វីជាច្រើនដែលល្អ ហើយសំខាន់—ទោះពេលខ្លះអ្វីៗទាំងអស់នោះចាំបាច់ក្នុងពេលនេះក្ដី—តែអាចសម្រេចបានយ៉ាងហោចណាស់ក្នុងស្ថានភាពមិនសូវល្អដែរ ។ … ដោយទំនុកចិត្ត យើងថ្លែងទីបន្ទាល់ថា ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ បានរំពឹងរង់ចាំជាមុន ហើយនៅទីបំផុត នឹងបង់សងរាល់ការខូចខាត និងការខ្វះខាត និងការបាត់បង់ទាំងអស់ចំពោះអ្នកទាំងឡាយដែលងាកទៅរកទ្រង់ ។ គ្មាននរណាម្នាក់ត្រូវបានតាំងជាមុនដើម្បីទទួលតិចជាងនូវអ្វីៗទាំងអស់ដែលព្រះបិតាមាន សម្រាប់កូនចៅរបស់ទ្រង់ឡើយ » ( « ហេតុអ្វីអាពាហ៍ពិពាហ៍ ហេតុអ្វីគ្រួសារ » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៥២ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
« ភេទប្រុសស្រីគឺជាលក្ខណៈពិសេសនៃអត្តសញ្ញាណ និងគោលបំណងរបស់បុគ្គលម្នាក់ៗ នៅជីវិតមុនផែនដី ជីវិតរមែងស្លាប់ និងនៅអស់កល្បជានិច្ច » ។ប្រសិនបើវាមានប្រយោជន៍សម្រាប់គ្រួសារអ្នកដើម្បីពិភាក្សាអំពីគោលលទ្ធិដែលជាប់ទាក់ទងទៅនឹងភេទ និងការស្រឡាញ់ភេទដូចគ្នា ធនធានខាងក្រោមនេះអាចជួយបាន ៖ ដាល្លិន អេក អូក « Truth and the Plan » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ២៥–២៨; Gospel Topics « Same–Sex Attraction » នៅលើគេហទំព័រ topics.ChurchofJesusChrist.org ។
-
« ផែនការនៃសុភមង្គលដ៏ទេវភាព » ។ដើម្បីជួយគ្រួសារអ្នកឲ្យមើលឃើញពីសារៈសំខាន់នៃក្រុមគ្រួសារនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ អ្នកអាចសរសេរ ជីវិតមុនឆាកជីវិតនេះ, ជីវិតរមែងស្លាប់, និង ជីវិតក្រោយពីការស្លាប់ ជាបីផ្នែកនៅលើក្រដាសសរសេរ ។ សូមស្រាវជ្រាវសេចក្តីប្រកាសជាមួយគ្នា ហើយសរសេរនៅលើក្រដាសថាតើយើងបានរៀនអ្វីខ្លះអំពីផែ្នកនីមួយៗនៃផែនការរបស់ព្រះ ។ ហេតុអ្វីបានជាក្រុមគ្រួសារសំខាន់ខ្លាំងម្ល៉េះចំពោះព្រះ ?
-
« ក្រុមគ្រួសារ [ អាច ] រួមរស់នឹងគ្នាដល់ភាពអស់កល្បជានិច្ច » ។អ្នកក៏អាចមើលវីដេអូ « Plan of Salvation—We’re Still a Family » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សូមសា្រវជ្រាវ ការប្រកាសអំពីក្រុមគ្រួសារ រកមើលសេចក្តីពិតដែលយុវជន នៅក្នុងវីដេអូនេះបានយល់ ហើយបានជួយគាត់ឲ្យមានសេចក្តីជំនឿ ។
-
« សុភមង្គលនៅក្នុងជីវិតគ្រួសារ » ។ដើម្បីពិភាក្សាពីរបៀបសម្រេចបាន « សុភមង្គលនៅក្នុងជីវិតគ្រួសារ [ របស់អ្នក ] » កាន់តែច្រើន អ្នកអាចច្រៀងចម្រៀងជាមួយគ្នាអំពីក្រុមគ្រួសារដូចជាបទ « ផ្ទះជាស្ថានសួគ៌លើផែនដី » ( ទំនុកតម្កើង ល.រ. ១៨៥ ) ។ តើយើងរៀនអ្វីខ្លះមកពីចម្រៀងនេះ និងមកពី ការប្រកាសអំពីក្រុមគ្រួសារ ដែលនឹងនាំមកនូវសុភមង្គលកាន់តែខ្លាំងដល់ក្រុមគ្រួសាររបស់យើង ? តើយើងអាចធ្វើឲ្យប្រាកដថា គ្រួសាររបស់យើង គឺ « ស្ថាបនាលើការបង្រៀនរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ » ដោយរបៀបណា ? សូមពិចារណាជ្រើសរើសយកការបង្រៀនមួយ ដែលអ្នកចង់អនុវត្តតាមនៅសប្ដាហ៍នេះ ។
-
« ពង្រឹងដល់ក្រុមគ្រួសារ ជាអង្គភាពគ្រឹះនៃសង្គម » ។តើសាតាំងកំពុងព្យាយាមធ្វើឲ្យក្រុមគ្រួសារចុះខ្សោយនៅក្នុងពិភពលោកនេះតាមរបៀបណា ? តើយើងអាចធ្វើផ្នែករបស់យើងដើម្បីពង្រឹងក្រុមគ្រួសារយើងដោយរបៀបណា ? សម្រាប់គំនិតយោបល់ សូមមើលសារលិខិតរបស់ ស៊ីស្ទើរ បូនី អិលអូស្ការសុន « អ្នកការពារសេចក្ដីប្រកាសក្រុមគ្រួសារ » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១៤–១៧ ) ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនប្រចាំសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងស្នើ ៖ « ផ្ទះជាស្ថានសួគ៌លើផែនដី » ទំនុកតម្កើង ល.រ ១៨៥ ។