« ថ្ងៃទី ៦–១២ ខែ ធ្នូ ។ មាត្រានៃសេចក្ដីជំនឿ និង សេចក្តីប្រកាសជាផ្លូវការទី ១ និងទី ២ ៖ ‹ យើងខ្ញុំជឿ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៦–១២ ខែ ធ្នូ ។ មាត្រានៃសេចក្ដីជំនឿ និង សេចក្តីប្រកាសជាផ្លូវការទី ១ និងទី ២ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២១
ថ្ងៃទី ៦–១២ ខែ ធ្នូ
មាត្រានៃសេចក្ដីជំនឿ និង សេចក្តីប្រកាសជាផ្លូវការទី ១ និងទី ២
« យើងខ្ញុំជឿ »
កាលអ្នកសិក្សា មាត្រានៃសេចក្ដីជំនឿ និង សេចក្តីប្រកាសជាផ្លូវការទី ១ និងទី ២ សូមពិចារណាអំពីឥទ្ធិពលដែលវាមានមកលើសាសនាចក្រ ។ តើអ្នកចាប់អារម្មណ៍លើសេចក្ដីពិតអ្វីខ្លះ ដែលសេចក្ដីប្រកាសនោះបង្រៀន ?
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
ក្នុងរយៈពេល ២០០ ឆ្នាំ ចាប់តាំងពីការនិមិត្តលើកដំបូងរបស់យ៉ូសែប ស្ម៊ីធ ព្រះនៅតែបន្តប្រទាន « វិវរណៈបន្ថែមលើវិវរណៈ ដំរិះថែមលើដំរិះ » ដល់ថ្នាក់ដឹកនាំសាសាចក្ររបស់ទ្រង់ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៦១ ) ។ ក្នុងករណីខ្លះ វិវរណៈនោះបានបង្គាប់ថ្នាក់ដឹកនាំសាសនាចក្រឲ្យធ្វើការផ្លាស់ប្តូរគោលនយោបាយ និងការអនុវត្តក្នុងសាសនាចក្រ « តាមបំណងរបស់ព្រះអម្ចាស់ដែលសមនឹងសេចក្តីមេត្តាករុណារបស់ទ្រង់តាមលក្ខខណ្ឌនៃកូនចៅមនុស្ស » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:១៥ ) ។ សេចក្តីប្រកាសជាផ្លូវការទី ១ និងទី ២ តំណាងឲ្យវិវរណៈប្រភេទនេះ—វិវរណៈមួយដែលដឹកនាំទៅរកទីបញ្ចប់នៃការអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាព ហើយវិវរណៈមួយទៀតបង្កើតឲ្យមានពរជ័យនៃបព្វជិតភាពរួមទាំងពរជ័យនៃព្រះវិហារបរិសុទ្ធដល់មនុស្សគ្រប់ជាតិសាសន៍ ។ ការផ្លាស់ប្តូរដូច្នេះគឺជាផ្នែកមួយនៃអត្ថន័យក្នុងការមាន « សាសនាចក្រដែលពិតតែមួយ ហើយសកម្ម » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១:៣០ ) ជាមួយនឹងព្យាការីដែលពិត ហើយនៅរស់ ។
ប៉ុន្តែក៏មានរឿងជាច្រើនដែលមិនផ្លាស់ប្តូរផងដែរ—គឺសេចក្តីពិតមូលដ្ឋានដ៏អស់កល្បជានិច្ច ។ ហើយពេលខ្លះទៀត គោលបំណងនៃវិវរណៈគឺដើម្បីផ្តល់ចំណេះដឹងបន្ថែមទៀតដល់សេចក្តីពិតទាំងនេះ ដើម្បីជួយយើងឲ្យមើលឃើញវាកាន់តែច្បាស់ ។ មាត្រានៃសេចក្ដីជំនឿ—សេចក្តីថ្លែងការណ៍សង្ខេបទាំង ១៣របស់ យ៉ូសែប ស្ម៊ីធ អំពីអ្វីដែលពួកបរិសុទ្ធថ្ងៃចុងក្រោយជឿ—ហាក់ដូចជាបម្រើដល់គោលបំណងនៃការបញ្ជាក់បន្ថែមនេះ ។ វិវរណៈទាំងពីរប្រភេទណែនាំ និងផ្ដល់ពរជ័យដល់សាសនាចក្រ ជាសាសនាចក្រដែលមានគ្រឹះដ៏រឹងមាំលើសេចក្តីពិតដ៏អស់កល្បជានិច្ច ហើយមានលទ្ធភាពរីកចម្រើន និងផ្លាស់ប្តូរ កាលព្រះអម្ចាស់បង្កើនការយល់ដឹងរបស់យើង ដើម្បីជួយយើងឲ្យប្រឈមមុខនឹងឧបសគ្គនាពេលបច្ចុប្បន្ននេះ ។ អាចនិយាយបានម្យ៉ាងទៀតថា « យើងខ្ញុំជឿចំពោះការណ៍ទាំងអស់ ដែលទ្រង់បានបើកសម្ដែងមក និងការណ៍ទាំងអស់ ដែលទ្រង់បើកសម្ដែងនៅពេលឥឡូវនេះ ហើយយើងខ្ញុំជឿថា ទ្រង់នឹងបើកសម្ដែងនូវការណ៍ដ៏ធំ និងសំខាន់ៗជាច្រើន ដែលទាក់ទងទៅនឹងនគរនៃព្រះ » ( មាត្រានៃសេចក្ដីជំនឿ ១:៩ ) ។
គំនិតយោបល់ផ្សេងៗសម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
មាត្រានៃសេចក្ដីជំនឿ មានសេចក្តីពិតជាមូលដ្ឋាននៃដំណឹងល្អដែលបានស្តារឡើងវិញ ។
វិធីមួយដែលអ្នកអាចសិក្សាមាត្រានៃសេចក្ដីជំនឿ គឺរាយបញ្ជីសេចក្តីពិតដែលបានរកឃើញនៅក្នុងមាត្រានីមួយៗ ហើយបន្ទាប់មកស្វែងរកបទគម្ពីរដែលទាក់ទងនឹងសេចក្តីពិតទាំងនេះ ។ តើបទគម្ពីរទាំងនេះបានពង្រីកការយល់ដឹងរបស់អ្នកអំពីសេចក្តីពិតនៅក្នុងមាត្រានៃសេចក្ដីជំនឿយ៉ាងដូចម្ដេច ?
សូមមើលផងដែរ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « មាត្រានៃសេចក្ដីជំនឿ » នៅលើគេហទព័រ scriptures.ChurchofJesusChrist.org; អិល ថម ភែរី « The Doctrines and Principles Contained in the Articles of Faith » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៤៦–៤៨; « Chapter 38: The Wentworth Letter » នៅក្នុង Teachings of Presidents of the Church: Joseph Smith ទំព័រ ៤៣៥–៤៧ ។
មាត្រានៃសេចក្ដីជំនឿ ១:៩; សេចក្តីប្រកាសជាផ្លូវការទី ១ និងទី ២
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទត្រូវបានដឹកនាំដោយវិវរណៈ ។
« យើងខ្ញុំជឿថា [ ព្រះ ] នឹងបើកសម្ដែងនូវការណ៍ដ៏ធំ និងសំខាន់ៗជាច្រើន ដែលទាក់ទងទៅនឹងនគរនៃព្រះ » ( មាត្រានៃសេចក្ដីជំនឿ ១:៩ ) ទោះជាការណ៍ទាំងនោះមានន័យថា ការផ្លាស់ប្តូរគោលនយោបាយ និងការអនុវត្តរបស់សាសនាចក្រក្តី ។ ដោយមានគោលការណ៍នេះក្នុងចិត្ត សូមរំឭក សេចក្តីប្រកាសជាផ្លូវការទី ១ និងទី ២ ឡើងវិញ ហើយរកមើលពាក្យ និងឃ្លាដែលពង្រឹងដល់សេចក្តីជំនឿរបស់អ្នកក្នុងការបន្តមានវិវរណៈ ។ តើអ្នកអាចគិតដល់ឧទាហរណ៍ណាខ្លះផ្សេងទៀតអំពីការបន្តផ្ដល់វិវរណៈដល់ព្យាការីរបស់ព្រះអម្ចាស់ ? តើវិវរណៈទាំងនេះមានឥទ្ធិពលលើជីវិតរបស់អ្នកយ៉ាងដូចម្ដេច ? តើវាពង្រីកកិច្ចការនៅក្នុងនគរនៃព្រះវរបិតាសួគ៌ដោយរបៀបណា ?
សូមមើលផងដែរ អេម៉ុស ៣:៧; នីហ្វៃទី២ ២៨:៣០ ។
កិច្ចការនៃព្រះត្រូវតែឆ្ពោះទៅមុខ ។
នៅក្នុង « ជម្រើសចេញពីសុន្ទរកថាបីដោយប្រធាន វិលហ្វួឌ វូឌដ្រុព្វ អំពីសេចក្ដីប្រកាសនេះ » ( នៅចុងបញ្ចប់នៃ សេចក្ដីប្រកាសជាផ្លូវការទី ១ ) តើព្យាការីបានផ្តល់មូលហេតុអ្វីខ្លះ ទាក់ទងនឹងការដែលព្រះអម្ចាស់បញ្ចប់ការអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាព ? តើចំណុចនេះបង្រៀនអ្នកអ្វីខ្លះ អំពីកិច្ចការរបស់ព្រះ ?
សម្រាប់ព័ត៌មានបន្ថែមអំពីសាវតាប្រវត្តិសាស្ត្រនៃ សេចក្ដីប្រកាសជាផ្លូវការទី ១ សូមមើល « The Messenger and the Manifesto » (Revelations in Context ទំព័រ ៣២៣–៣១ ) និង « Plural Marriage and Families in Early Utah » ( Gospel Topics នៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ។
យើងអាចទុកចិត្តលើព្រះអម្ចាស់បាន ទោះបីជាយើងគ្មានចំណេះដឹងឥតខ្ចោះក្តី ។
ព្រះគម្ពីរបានបង្រៀនយើងឲ្យទុកចិត្តលើព្រះអម្ចាស់ ( សូមមើល សុភាសិត ៣:៥ ) ហើយនោះជាអ្វីដែលសមាជិកសាសនាចក្រ ភាគច្រើននៃអំបូរអាហ្រ្វិកបានធ្វើ នៅពេលដែលសាសនាចក្របានដកយកការតែងតាំងបព្វជិតភាព និងពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធចេញពីពួកគេ ។ ទោះបីជាពួកគេមិនយល់ហេតុអ្វីបានជាមានគោលនយោបាយនេះក្តី—ហើយជាញឹកញាប់មានអារម្មណ៍ថាឈឺចាប់ ពេលស្ដាប់ការពន្យល់ដែលបានបង្រៀននៅគ្រានោះ ដែលបច្ចុប្បន្នសាសនាចក្រលែងទទួលស្គាល់ហើយ—ក៏សមាជិកនៃអំបូរអាហ្រ្វិកភាគច្រើនដែលជឿស៊ប់បានទុកចិត្តលើព្រះអម្ចាស់ ហើយនៅបន្តស្មោះត្រង់ពេញមួយជីវិតរបស់ពួកគេដែរ ។ ពេលអ្នកអាន សេចក្តីប្រកាសជាផ្លូវការទី ២ សូមពិចារណាអំពីរបៀបដែលអ្នករៀនទុកចិត្តលើព្រះអម្ចាស់ ទោះបីជាអ្នកគ្មានចំណេះដឹងឥតខ្ចោះក្តី ។
ការរៀនអំពីសេចក្តីជំនឿរបស់សមាជិកស្បែកខ្មៅនៃសាសនាចក្រអាចបំផុសគំនិតដល់អ្នក ។ ទាំងនេះគឺជាដំណើររឿងមួយចំនួនរបស់ពួកគេ ដែលមាននៅលើគេហទំព័រ history.ChurchofJesusChrist.org ៖
-
« Jane Elizabeth Manning James » ( Church History Topics )
-
« In My Father’s House Are Many Mansions » ( ដំណើររឿងរបស់ ហ្រ្គីន ហ្វ្លេក )
-
« You Have Come at Last » ( ដំណើររឿងរបស់ អាន់ថូនី អូនប៊ីណា )
-
« Break the Soil of Bitterness » ( ដំណើររឿងរបស់ ជូលៀ ម៉ាវិមប៊ីឡា )
-
« I Will Take It in Faith » ( ដំណើររឿងរបស់ ចច រីកហ្វត )
សូមមើលផងដែរ « Witnessing the Faithfulness » Revelations in Context ទំព័រ ៣៣២–៤១; Gospel Topics « Race and the Priesthood » នៅលើគេហទំព័រ topics.ChurchofJesusChrist.org; Ahmad Corbitt « A Personal Essay on Race and the Priesthood » ភាគទី ១–៤ នៅលើគេហទំព័រ history.ChurchofJesusChrist.org; BeOne.ChurchofJesusChrist.org ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
មាត្រានៃសេចក្ដីជំនឿ ។សូមពិចារណាពីរបៀបដែលក្រុមគ្រួសាររបស់អ្នកអាចបង្កើត « មេរៀនខ្លីៗ » សម្រាប់មាត្រានៃសេចក្ដីជំនឿ ។ ឧទាហរណ៍ នៅក្នុងសប្ដាហ៍នេះ សមាជិកគ្រួសារម្នាក់ៗអាចជ្រើសរើសមាត្រាមួយ ហើយស្វែងរកព្រះគម្ពីរ រូបភាពទំនុកតម្កើង ឬចម្រៀងកុមារដែលជាប់ទាក់ទង ឬចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនមួយ ។
ឬសមាជិកគ្រួសារអាចដាក់វេណសួរសំណួរគ្នាទៅវិញទៅមកអំពីសាសនាចក្រ និងអំពីជំនឿរបស់យើង បន្ទាប់មកឆ្លើយសំណួរទាំងនេះ ជាមួយនឹងមាត្រានៃសេចក្តីជំនឿ ។
-
សេចក្តីប្រកាសជាផ្លូវការទី ១ និងទី ២ ។សេចក្តីប្រកាសជាផ្លូវការទី ១ និងទី ២ ជួយអ្នកឲ្យយល់ពីតួនាទីរបស់វិវរណៈសម័យទំនើបនៅក្នុងសាសនាចក្រ ។ នៅពេលគ្រួសាររបស់អ្នកអានជាមួយគ្នា សូមពិចារណាធ្វើការពិភាក្សាអំពីរបៀបដែលព្យាការីដឹកនាំយើង « ដោយការបំផុសគំនិតពីព្រះដ៏មានមហិទ្ធិឫទ្ធិ » ( សេចក្តីប្រកាសជាផ្លូវការទី ១ ) ។ តើសេចក្តីប្រកាសទាំងពីរនេះបានពង្រឹងដល់សេចក្ដីជំនឿរបស់យើងលើព្រះដែលមានព្រះជន្មរស់ ដែលដឹកនាំសាសនាចក្រដោយអង្គទ្រង់ផ្ទាល់តាមរបៀបណា ? តើយើងឃើញព្រះហស្ដរបស់ទ្រង់នៅក្នុងកិច្ចការនៃសាសនាចក្រនាសព្វថ្ងៃនេះដោយរបៀបណា ? អ្នកអាចសម្រេចចិត្តរុករកធនធានមួយចំនួនបន្ថែមទៀតជាមួយគ្នានៅក្នុង « គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន » ខាងលើ ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនប្រចាំសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងស្នើ ៖ « រក្សាបទបញ្ញត្តិ » សៀវភៅចម្រៀងកុមារ ទំព័រ ៦៨–៦៩ ។