ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃ​ទី ១៣–១៩ ខែ វិច្ឆិកា ។ យ៉ាកុប ៖ « ចូរ​ឲ្យ​អ្នករាល់គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែ​ស្ដាប់​ប៉ុណ្ណោះ »


« ថ្ងៃ​ទី ១៣–១៩ ខែ វិច្ឆិកា ។ យ៉ាកុប ៖ ‹ ចូរ​ឲ្យ​អ្នករាល់គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែ​ស្ដាប់​ប៉ុណ្ណោះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃ​ទី ១៣–១៩ ខែ វិច្ឆិកា ។ យ៉ាកុប » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣

យុវវ័យ​កំពុង​សម្អាត​ជញ្ជាំង

ថ្ងៃ​ទី ១៣–១៩ ខែ វិច្ឆិកា

យ៉ាកុប

« ចូរ​ឲ្យ​អ្នករាល់គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែ​ស្ដាប់​ប៉ុណ្ណោះ »

នៅពេល​បងប្អូន​អាន សំបុត្រ​របស់​យ៉ាកុប សូម​យកចិត្ត​ទុកដាក់​ទៅលើ​ឃ្លា​ដែល​លេច​ធ្លោ​ចំពោះ​បងប្អូន ។ តើ​បងប្អូន​ទទួល​ការបំផុស​ឲ្យ​ធ្វើជា « អ្នក​ប្រព្រឹត្តតាម » យ៉ាង​ដូចម្តេច ? ( យ៉ាកុប ១:២២ ) ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ពេល​ខ្លះ គ្រាន់តែ​បទគម្ពីរ​មួយ​ខក៏​អាច​ផ្លាស់ប្ដូរ​ពិភពលោក​បាន​ដែរ ។ យ៉ាកុប ១:៥ ហាក់​ដូចជា​ការ​ទូន្មាន​ដ៏​តូច​មួយ​ប៉ុណ្ណោះ—បើ​បងប្អូន​ត្រូវ​ការ​ប្រាជ្ញា ចូរ​សូម​ដល់​ព្រះ ។ ប៉ុន្តែ​នៅ​ពេល​យ៉ូសែប ស៊្មីធ ដែល​មាន​អាយុ ១៤ ឆ្នាំ បាន​អាន​ខគម្ពីរ​នោះ វា « មើល​ទៅ​ហាក់បី​ដូច​ជា​ចូល​មក​ពេញ​ដួងចិត្ត​ខ្ញុំ​ដោយ​ឥទ្ធិពល​ដ៏​មហិមា » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១២ ) ។ ការណ៍​នេះ​បាន​បំផុសគំនិត យ៉ូសែប ឲ្យ​ធ្វើ​តាម​ការ​ដាស់តឿន​របស់​យ៉ាកុប ហើយ​ស្វែង​រក​ប្រាជ្ញា​មកពី​ព្រះ​តាមរយៈ​ការ​អធិស្ឋាន ។ ហើយ​ព្រះ​ពិត​ជា​បាន​ប្រទាន​សេរីភាព ដោយ​ប្រទាន​ដល់​យ៉ូសែប​នូវ​ការ​និមិត្ត​ពីសួគ៌ា​ដ៏អស្ចារ្យ​បំផុត​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​គឺ—ការនិមិត្ត​ដំបូង ។ ការនិមិត្ត​នេះ​បាន​ផ្លាស់ប្ដូរ​ទិសដៅ​នៃ​ជីវិត​របស់​យ៉ូសែប ហើយ​បាន​នាំ​ទៅ​រក​ការ​ស្ដារ​ឡើងវិញ​នៃ​សាសនាចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​លើ​ផែនដី​នេះ ។ យើង​ទាំងអស់​គ្នា​ត្រូវបាន​ប្រទាន​ពរ​សព្វថ្ងៃនេះ ដោយសារ​យ៉ូសែប ស្ម៊ីធ បាន​អាន ហើយ​ធ្វើ​តាម យ៉ាកុប ១:៥ ។

តើ​បងប្អូន​នឹង​រកឃើញ​អ្វី​ខ្លះ នៅពេល​បងប្អូន​សិក្សា សំបុត្រ​របស់​យ៉ាកុប ? ប្រហែលជា​មួយ ឬ​ពីរ​ខគម្ពីរ​នឹង​ផ្លាស់ប្ដូរ​បងប្អូន ឬ​នរណា​ម្នាក់​ដែល​បងប្អូន​ស្រឡាញ់ ។ បងប្អូន​អាច​នឹង​រកឃើញ​ការ​ណែនាំ នៅពេល​បងប្អូន​ព្យាយាម​បំពេញ​បេសកកម្ម​នៅ​ក្នុង​ជីវិត​របស់​បងប្អូន ។ បងប្អូន​អាច​នឹង​រកឃើញ​ការ​លើកទឹកចិត្ត​ដើម្បី​និយាយ​ដោយ​សន្ដានចិត្ត​ល្អ ឬ​ឲ្យ​កាន់តែ​មាន​ការ​អត់ធ្មត់ ។ បងប្អូន​អាច​មាន​អារម្មណ៍​បំផុស​ធ្វើ​ឲ្យ​សកម្មភាព​របស់​បងប្អូន​ស្រប​នឹង​សេចក្ដី​ជំនឿ​របស់​បងប្អូន​កាន់តែ​ប្រសើរ​ឡើង ។ អ្វី​ក៏​ដោយ​ដែល​បំផុសគំនិត​បងប្អូន សូម​ឲ្យ​ពាក្យ​ទាំង​នេះ « ចូល​មក​ពេញ​ដួងចិត្ត ​[ បងប្អូន ]… » ។ ហើយ​បន្ទាប់​មក នៅពេល​បងប្អូន « ទទួល​ព្រះបន្ទូល … ដោយ​ចិត្ត​សុភាព » ដូចជា​យ៉ាកុប​បាន​សរសេរ ចូរ​ធ្វើ​ជា​អ្នក​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ​ឡើយ ( សូមមើល យ៉ាកុប ១:២១–២២ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

តើ​យ៉ាកុប​ជា​នរណា ?

ជាទូទៅ វា​ត្រូវ​បានជឿ​ថា​អ្នកនិពន្ធ សំបុត្រ​របស់​យ៉ាកុប គឺ​ជា​កូនប្រុស​របស់​ម៉ារា ដែល​ជា​មាតា​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ហេតុដូច្នេះ​គាត់​គឺ​ជា​បងប្អូន​ប្រុស​ម្ដាយ​តែ​មួយ​នឹង​ព្រះអង្គ​សង្គ្រោះ ។ យ៉ាកុប​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង ម៉ាថាយ ១៣:៥៥; ម៉ាកុស ៦:៣; កិច្ចការ ១២:១៧; ១៥:១៣; ២១:១៨ និង កាឡាទី ១:១៩; ២:៩ ។ វា​បង្ហាញ​ឲ្យ​ឃើញ​មក​ពី​បទគម្ពីរ​ទាំង​នេះ​ថា យ៉ាកុប​គឺ​ជា​អ្នកដឹកនាំ​ម្នាក់​ក្នុង​សាសនាចក្រ​នៅទីក្រុង​យេរូសាឡិម ហើយ​ត្រូវ​បាន​ហៅ​ថា​ជា​សាវក​មួយរូប ( សូមមើល កាឡាទី ១:១៩ ) ។

យ៉ាកុប ១:២–៤; ៥:៧–១១

ការស៊ូទ្រាំ​អត់ធ្មត់​ដឹកនាំ​ទៅ​រក​ភាព​ល្អ​ឥតខ្ចោះ ។

បន្ទាប់ពី​ការអាន យ៉ាកុប ១:២–៤; ៥:៧–១១ តើ​បងប្អូន​នឹង​និយាយ​យ៉ាង​ណា​អំពី​សារលិខិត​ចម្បង​របស់​យ៉ាកុប​អំពី​ការ​អត់ធ្មត់ ? វា​អាច​ជួយ​បាន ដើម្បី​គិត​អំពី​អ្វី​ដែល​គ្រួសារ​អែលឌើរ ជែរមី អ័រ ចាហ្គី បាន​រៀន​អំពី​ការអត់ធ្មត់​ចេញ​ពី​ខគម្ពីរ​ទាំងនេះ ( សូមមើល « Let Patience Have Her Perfect Work, and Count It All Joy! » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩៩–១០១ ) ។ តើ​អ្វី​ទៅ​ជា​ការ « ធ្វើ​ការ​ឲ្យ​សម្រេច​ពេញលេញ » នៃ​ការអត់ធ្មត់ ? ( យ៉ាកុប ១:៤ ) ។ តើ​បងប្អូន​អាច​បង្ហាញ​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច​ថា បងប្អូន​មាន​ឆន្ទៈ​ដើម្បី​មានភាព​អត់ធ្មត់ ?

យ៉ាកុប ១:៣–៨, ២១–២៥; ២:១៤–២៦; ៤:១៧

សេចក្តីជំនឿ​តម្រូវ​ឲ្យ​មាន​សកម្មភាព ។

តើ​បងប្អូន​អាច​ដឹង​ថា បងប្អូន​មានសេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ? តើ​កិច្ចការ​របស់​បងប្អូន​បង្ហាញ​ពីសេចក្ដី​ជំនឿ​របស់​បងប្អូន​ទៅលើ​ព្រះ​យ៉ាង​ដូចម្ដេច ? សូម​គិត​អំពី​សំណួរ​ទាំង​នេះ នៅពេល​បងប្អូន​សិក្សា​ពី​ការបង្រៀន​របស់​យ៉ាកុប​អំពី​សេចក្ដីជំនឿ ។ វា​អាច​នឹង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដើម្បី​អាន​អំពី​អ័ប្រាហាំ និង រ៉ាហាប ជាគំរូ​ទាំង​ពីរ​ដែល​យ៉ាកុប​បាន​ថ្លែង​ផងដែរ ( សូមមើល លោកុប្បត្តិ ២២:១–១២; យ៉ូស្វេ ២ ) ។ តើ​ពួកលោក​បានបង្ហាញ​ថា ពួកលោក​មាន​សេចក្ដី​ជំនឿ​ទៅលើ​ព្រះ​យ៉ាង​ដូចម្ដេច ?

ការអាន យ៉ាកុប ១:៣–៨, ២១–២៥; ២:១៤–២៦; ៤:១៧ អាច​ជួយ​បងប្អូន​ឲ្យ​គិត​អំពី​វិធី​ដែល​បងប្អូន​អាច​ធ្វើ​ជា​អ្នកធ្វើ​តាម​ព្រះបន្ទូល​បាន​កាន់​តែ​ល្អ​ប្រសើរ ។ សូម​កត់ត្រា​ចំណាប់អារម្មណ៍​ទាំងឡាយ​ដែល​បងប្អូន​បាន​ទទួល ហើយ​ធ្វើ​ផែនការ​ដើម្បី​អនុវត្ត​តាម​វា ។

សូមមើល​ផងដែរ អាលម៉ា ៣៤:២៧–២៩; នីហ្វៃទី៣ ២៧:២១ ។

អ័ប្រាហាំកំពុង​អធិស្ឋាន​នៅ​ក្រៅ​ត្រសាល​របស់​គាត់

« អ័ប្រាហាំ​បាន​ជឿ​ដល់​ព្រះ ហើយ​សេចក្តី​នោះ​បាន​រាប់​ជា​សេចក្តី​សុចរិត​ដល់​លោក » ( យ៉ាកុប ២:២៣ ) ។ អ័ប្រាហាំនៅ​លើ​វាល​ទំនាប​ម៉ាមរេ ដោយ ហ្គ្រែន រ៉មនី ខ្ល័រសុន

យ៉ាកុប ១:២៦៣:១–១៨

ពាក្យ​សម្ដី​ដែល​ខ្ញុំ​និយាយ​មាន​អំណាច​ធ្វើ​ឲ្យ​អ្នកដទៃ​ឈឺ​ចាប់ ឬ​ប្រទានពរ​ដល់​អ្នកដទៃ ។

នៅក្នុង​ចំណោម​ការ​ប្រៀបធៀប​អំពី​អ្នកមាន ដែល​យ៉ាកុប​បាន​ប្រើ​នៅ​ក្នុង​សំបុត្រ​របស់​លោក ភាសា​ច្បាស់​លាស់​បំផុត​មួយចំនួន​របស់​លោក គឺ​អាច​រកបាន​នៅក្នុង​ការ​ទូន្មាន​របស់​លោក អំពី ភាសានិយាយ ។ សូម​ពិចារណា​ធ្វើ​ជា​បញ្ជី​មួយ​អំពី​របៀប​ទាំងអស់​ដែល​យ៉ាកុប​បាន​ពិពណ៌នា​អំពី​អណ្ដាត ឬ​មាត់ ។ តើ​ការ​ប្រៀបធៀប ឬ​រូបភាព​នីមួយៗ​ផ្ដល់​យោបល់​អំពី​ពាក្យ​សម្ដី​ដែល​យើង​និយាយ​អ្វីខ្លះ ? សូម​គិត​អំពី​អ្វី​មួយ​ដែល​បងប្អូន​អាច​ធ្វើ​ដើម្បី​ផ្ដល់​ពរជ័យ​ដល់​នរណា​ម្នាក់​ដោយ​ពាក្យសម្ដី​របស់​បងប្អូន ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៨:៧ ) ។

យ៉ាកុប ២:១–៩

ក្នុង​នាម​ជាសិស្ស​មួយរូប​របស់​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំ​គួរ​តែ​ស្រឡាញ់​មនុស្ស​ទាំងអស់ មិន​ថា​ស្ថានភាព​របស់​ពួកគេ​ជា​យ៉ាង​ណា​នោះ​ទេ ។

យ៉ាកុប​បាន​ព្រមាន​ដល់​ពួកបរិសុទ្ធ​ជាពិសេស​កុំ​ឲ្យ​ចូលចិត្ត​អ្នកមាន ហើយ​ស្អប់​អ្នក​ក្រីក្រ​ឡើយ ប៉ុន្តែ​ការ​ព្រមាន​របស់​លោក​អាច​ប្រើ​ចំពោះ​ការ​លំអៀង ឬ​ការកាត់​សេចក្ដី​មនុស្ស​ជាមុន​ដែល​យើង​អាច​មាន​ចំពោះ​មនុស្សដទៃ ។ នៅពេល​បងប្អូន​សិក្សា យ៉ាកុប ២:១–៩ ប្រកប​ដោយ​ការអធិស្ឋាន សូម​ស្វែង​យល់​ក្នុង​ចិត្ត​របស់​បងប្អូន ហើយ​ស្ដាប់​ការបំផុស​គំនិត​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការដាក់​ជំនួស​ឃ្លា​ទាំងឡាយ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ដូចជា « អ្នក​ក្រ​ម្នាក់​ស្លៀកពាក់​កខ្វក់ » ( ខទី ២ ) ជាមួយ​នឹង​ពាក្យ ឬ​ឃ្លា​ផ្សេង​ទៀត​ដែល​ពិពណ៌នា​នរណា​ម្នាក់ ដែល​បងប្អូន​អាច​នឹង​ត្រូវបាន​ល្បួង​ឲ្យ​វិនិច្ឆ័យ​ដោយ​មិន​យុត្តិធម៌ អាច​នឹង​ជួយ​បាន ។ តើ​បងប្អូន​មាន​ដឹង​ពី​ការផ្លាស់ប្ដូរ​ដែល​បងប្អូន​ចាំបាច់​ត្រូវ​ធ្វើ​នៅក្នុង​ការ​ប្រព្រឹត្តិ ឬ​ការ​គិត​អំពី​អ្នកដទៃ​ដែរ​ឬទេ ?

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្នុង​គ្រួសារ

យ៉ាកុប ១:៥ ។បន្ទាប់​ពី​ការ​អាន យ៉ាកុប ១:៥ ហើយ គ្រួសារ​របស់​បងប្អូន​អាច​សង្ខេប​ដំណើររឿង​អំពី​ការ​និមិត្ត​ដំបូង ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨–២០ ) ឬ​មើល​វីដេអូ « Ask of God: Joseph Smith’s First Vision » បាន ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ សូម​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ និង​បទពិសោធន៍​ទាំងឡាយ​នៅពេល​ព្រះវរបិតាសួគ៌​បាន​ឆ្លើយតប​នឹង​ការ​អធិស្ឋាន​របស់​ពួកគេ ។

6:40

យ៉ាកុប ១:២៦–២៧ ។សូម​ពិចារណា​ក្នុង​ការមើល​វីដេអូ « True Christianity » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ បន្ទាប់មក សូម​អាន​ការ​ឲ្យ​និយមន័យ​របស់​យ៉ាកុប​អំពី​« សាសនាបរិសុទ្ធ » នៅក្នុង យ៉ាកុប ១:២៦–២៧ ហើយ​ពិភាក្សា​អំពី​របៀប​ដែល​គ្រួសារ​របស់​បងប្អូន​អាច​ធ្វើ​ការ​អនុវត្ត​សាសនា​របស់​បងប្អូន​ឲ្យ​កាន់តែ​បរិសុទ្ធ ។

យ៉ាកុប ៣ ។យ៉ាកុប ៣ មាន​បញ្ចូល​នូវ​រូបភាព​ជា​ច្រើន​ដែល​អាច​បំផុសឲ្យ​គោលបំណង​មេរៀន​មាន​ភាព​គួរ​ឲ្យ​ចងចាំ​ដើម្បី​ជួយ​សមាជិក​គ្រួសារ​របស់​បងប្អូន​ឲ្យ​និយាយ​គ្នា​ដោយ​សន្ដានចិត្តល្អ ។ ឧទាហរណ៍ បងប្អូន​អាច​បង្កាត់​ភ្លើង​ជាមួយ​គ្នា ហើយ​និយាយ​អំពី​របៀប​ដែល​ពាក្យ​សម្ដី​មិន​សប្បុស​តែ​បន្តិច​បន្តួច អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ធំ​បាន ( សូមមើល ខទី ៥–៦ ) ។ ឬ​បងប្អូន​អាច​យក​អ្វីមួយ​ជូរ​ដាក់​នៅ​ក្នុង​អ្វីមួយ ដែល​ជា​ធម្មតា​ត្រូវ​បាន​ដាក់​ក្នុង​ចំណី​ផ្អែមៗ—ដូចជា​ទឹក​ក្រូច​ឆ្មា​នៅក្នុង​ក្រឡ​ទឹក​ឃ្មុំ​ជា​ដើម ។ ការណ៍​នេះ​អាច​នាំ​ឲ្យ​មាន​ការ​ពិភាក្សា​មួយ​អំពី​ការប្រើប្រាស់​ពាក្យសម្ដី​ផ្អែមល្ហែម និង​លើក​តម្កើង ( សូមមើលខទី ៩–១៤ ) ។

យ៉ាកុប ៤:៥–៨ ។ហេតុអ្វី​ក៏​យើង​គួរ​តែ « ចូល​ទៅ​ជិត​ព្រះ » ( យ៉ាកុប ៤:៨ ) នៅពេល​យើង​ជួប​នឹងការ​ល្បួង ?

យ៉ាកុប ៥:១៤–១៦ ។ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន​ថា « ហើយ​ឪពុក​ម្ដាយ​គួរ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ប្រសិទ្ធពរ​បព្វជិតភាព​ឲ្យ​បាន​ច្រើន​នៅ​ក្នុង​គ្រួសារ » ( « The Powers of the Priesthood » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៦៧ ) ។ ប្រហែល​ជា​ការអាន យ៉ាកុប ៥:១៤–១៦ និង​ការចែកចាយ​បទពិសោធន៍​អំពី​ការទទួល​ពរជ័យ​បព្វជិតភាព អាច​លើក​ទឹកចិត្ត​សមាជិក​គ្រួសារ​ឲ្យ​ទូលសូម​ពរជ័យ​មួយ ពេល​ដែល​ពួកគេ​ឈឺ ឬ​ត្រូវការ​កម្លាំង​ខាង​វិញ្ញាណ ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ទំនុកតម្កើង​ដែល​លើក​ទឹកចិត្ត​ឲ្យ​ប្រើ ៖ « តើ​ខ្ញុំ​បាន​ធ្វើ​ល្អ​ឬទេ ? » ទំនុកតម្កើង ល.រ. ១៣៨ ។

ការកែលម្អ​ដល់​ការសិក្សា​ផ្ទាល់​ខ្លួន

អនុវត្ត​នូវ​អ្វី​ដែល​បងប្អូន​បាន​រៀន ។ នៅពេល​បងប្អូន​សិក្សា សូម​ស្ដាប់​ការ​បំផុសគំនិត​មកពី​ព្រះវិញ្ញាណ​អំពី​របៀប​ដែល​បងប្អូន​អាច​អនុវត្ត​នូវ​អ្វី​ដែល​បងប្អូន​កំពុង​រៀន​ទៅនឹង​ជីវិត​របស់​បងប្អូន ។ សូម​តាំង​ចិត្ត​ធ្វើតាម​ការ​បំផុសគំនិត​ទាំងនេះ ហើយ​រស់នៅ​តាម​ដំណឹងល្អ​កាន់តែ​ពេញលេញ ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៣៥ ) ។

យ៉ូសែប ស៊្មីធ កំពុង​អាន​ព្រះគម្ពីរ​ប៊ីប

ការក្រើន​រំឭក​របស់​យ៉ាកុប​ឲ្យ « សូម​ដល់​ព្រះ » ( យ៉ាកុប ១:៥ ) បាន​បំផុស​ដល់ យ៉ូសែប ស៊្មីធ ឲ្យ​ស្វែងរក​ប្រាជ្ញា​ពី​ព្រះ ។ ថតរូប​ដោយ គ្រីស្ទីណា ស្ម៊ីធ ។