ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ១៥–២១ ខែ ឧសភា ។ ម៉ាថាយ ២១–២៣; ម៉ាកុស ១១; លូកា ១៩–២០; យ៉ូហាន ១២ ៖ « មើល ស្តេច​នៃ​នាង ទ្រង់​យាង​មក »


« ថ្ងៃទី ១៥–២១ ខែ ឧសភា ។ ម៉ាថាយ ២១–២៣; ម៉ាកុស ១១; លូកា ១៩–២០; យ៉ូហាន ១២ ៖ ‹ មើល ស្តេច​នៃ​នាង ទ្រង់​យាង​មក › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ១៥–២១ ខែ ឧសភា ។ ម៉ាថាយ ២១–២៣; ម៉ាកុស ១១; លូកា ១៩–២០; យ៉ូហាន ១២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២៣

រូបភាព
បុរស​នៅ​លើ​ដើមឈើ នៅពេល​ព្រះយេស៊ូវ​បាន​យាង​មកដល់

លោកសាខេ​នៅលើ​ដើម​ឧទុម្ពរ ដោយ ជេមស៍ ធីសុទ្ធ

ថ្ងៃទី ១៥–២១ ខែ ឧសភា

ម៉ាថាយ ២១–២៣; ម៉ាកុស ១១; លូកា ១៩–២០; យ៉ូហាន ១២

« មើល ស្តេច​នៃ​នាង ទ្រង់​យាង​មក »

កាល​បងប្អូន​អាន ម៉ាថាយ ២១–២៣; ម៉ាកុស ១១; លូកា ១៩–២០ និង យ៉ូហាន ១២ សូម​យកចិត្ត​ទុកកដាក់​ទៅលើ​ចំណាប់​អារម្មណ៍​ដែល​បងប្អូន​ទទួលបាន​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​មើល « ការបំពេញ​តាម​តម្រូវការ​របស់​កុមារ​តូចៗ » នៅ​ទំព័រ​ដំបូង​នៃ​សៀវភៅ​សិក្សា​នេះ រកមើល​នូវ​រឿង​នានា​ដែល​ត្រូវ​ទុក​ក្នុង​ចិត្ត កាល​បងប្អូន​បង្រៀន​គោលការណ៍​ទាំងនេះ ។

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​បង្ហាញ​រូបភាព​មកពី គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារហើយ​សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​អ្វី​ដែល​បាន​កើតឡើង​នៅក្នុង​រូបភាព​នេះ ។

រូបភាព
រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

លូកា ១៩:១–១០

ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​ទ្រង់​ស្គាល់​ឈ្មោះ​ខ្ញុំ ។

កាល​បងប្អូន​អាន​អំពី​ទំនាក់ទំនង​របស់​ព្រះអង្គ​សង្គ្រោះ​នឹង​លោក​សាខេ តើ​សារលិខិត​អ្វី​ដែល​បងប្អូន​រកឃើញ ដែល​អាច​ប្រទានពរ​ដល់​កុមារ​ដែល​បងប្អូន​បង្រៀន ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​បង្ហាញ​រូបភាព​របស់ លោកសាខេ​នៅលើ​ដើម​ឧទុម្ពរ ( នៅក្នុង​គម្រោង​មេរៀន​នេះ ឬ​នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ សូម​ជួយ​កុមារ​ឲ្យ​រកមើល​លោកសាខេ ហើយ​ហៅ​ឈ្មោះ​របស់​លោក ។ សូម​បង្កើត​សកម្មភាព​ឲ្យ​កុមារ​ធ្វើ នៅពេល​បងប្អូន​តំណាល​ប្រាប់​ដំណើររឿង​របស់​លោកសាខេ និង ព្រះយេស៊ូវ—ឧទាហរណ៍ ដោយ​ចំអើត​ជើង​ដើម្បី​មើល​ហ្វូង​មនុស្ស ឬ​ធ្វើ​ជា​ឡើង​ដើមឈើ ។ សូម​ពន្យល់​ថា ព្រះអង្គ​សង្គ្រោះ​បាន​ឃើញ​លោក​សាខេ ហើយ​ហៅ​ឈ្មោះ​របស់​លោក ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអង្គ​សង្គ្រោះ​ក៏​ស្គាល់​កុមារ​ម្នាក់ៗ និង​ឈ្មោះ​របស់​ពួកគេ​ផង​ដែរ ។

  • សូម​យក​ស៊ុម​រូបថត​ដែល​គ្មាន​រូបថត​មកកាន់​ថ្នាក់​រៀន ឬ​ធ្វើ​ស៊ុម​មួយ​ពី​ក្រដាស ។ សូម​អញ្ជើញ​កុមារ​ម្នាក់ៗ​ឲ្យ​ប្ដូរ​វេនគ្នា​កាន់​ស៊ុម​នេះ​នៅ​ពី​មុខ​ផ្ទៃមុខ​របស់​ពួកគេ ខណៈ​កុមារ​ផ្សេង​ទៀត​ក្នុង​ថ្នាក់​និយាយ​ថា « ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​ស្គាល់ [ ឈ្មោះ​របស់​កុមារ ] » ។

  • សូម​ច្រៀង​ចម្រៀង​ជាមួយ​គ្នា​អំពី​សេចក្តីស្រឡាញ់​របស់​ព្រះ​វរបិតាសួគ៌ ដូចជា​បទ « ខ្ញុំ​ជា​កូន​របស់​ព្រះ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ២ ) ។ សូម​ជួយ​កុមារឲ្យ​ស្តាប់​រកអ្វី​ដែល​ជួយ​ពួកគេ​ឲ្យ​ដឹង​ថា ព្រះវរបិតាសួគ៌​ស្រឡាញ់​ពួកគេ ។

ម៉ាថាយ ២១:១២–១៤

ព្រះវិហារ​បរិសុទ្ធ​គឺជា​ទីដ៏​ពិសិដ្ឋ​មួយ ។

គារវភាព​របស់​ព្រះ​យេស៊ូវ​ចំពោះ​ព្រះវិហារ​បរិសុទ្ធ ដូច​បាន​ពិពណ៌នា​នៅក្នុង​ខគម្ពីរ​ទាំងនេះ​អាច​ជួយ​កុមារ​ដែល​បងប្អូន​បង្រៀន​ឲ្យយល់​ថា ព្រះវិហារ​បរិសុទ្ធ​គឺជា​ទីកន្លែង​ដ៏​ពិសិដ្ឋ​មួយ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​បង្ហាញ​រូបភាព ព្រះគ្រីស្ទ​សម្អាត​ព្រះវិហារ​បរិសុទ្ធសៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៥១ ) ហើយ​តំណាល​ប្រាប់​ដំណើររឿង​ដូច​បាន​កត់ត្រា​នៅក្នុង ម៉ាថាយ ២១:១២–១៤ ។ សូម​ជួយ​កុមារ​ឲ្យ​រក​រូប​លុយ និង​សត្វ​នៅក្នុង​រូបភាព​នេះ ។ រួច​សូម​ពិភាក្សា​ពី​មូលហេតុ​ដែល​ព្រះអង្គ​សង្គ្រោះ​ចង់​ឲ្យ​អ្នកដូរ​ប្រាក់ និង​អ្នក​លក់​សត្វ​ចាកចេញ​ពី​ព្រះវិហារ​បរិសុទ្ធ ។

  • សូម​បង្ហាញ​រូបភាព​ព្រះវិហារ​បរិសុទ្ធ ( ឧទាហរណ៍ សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ១១៧–២១ ) ហើយ​សូម​ឲ្យ​កុមារ​ចែកចាយ​អារម្មណ៍​របស់​ពួកគេ កាល​ពួកគេ​ឃើញ​ព្រះវិហារ​បរិសុទ្ធ ។ បងប្អូន​អាច​ពន្យល់​ថា ព្រះវិហារបរិសុទ្ធ​គឺជា​កន្លែង​ដែល​យើង​ទៅ​ដើម្បី​ចុះ​សេចក្តី​សញ្ញា​ជាមួយ​ព្រះ ស្វែងរក​ចម្លើយ​ចំពោះ​ការអធិស្ឋាន និង​ទទួល​អារម្មណ៍​ស្និទ្ធស្នាល​ជាមួយ​ព្រះ ។ សូម​ជួយ​កុមារ​ឲ្យ​ស្គាល់​អារម្មណ៍​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​មាន​បន្ទូល​មក​កាន់​ពួកគេ​ថា ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​ទីកន្លែង​ដ៏​ពិសេស​មួយ ។ សូម​ឲ្យ​កុមារ​សម្ដែង​ធ្វើ​ដូចជា​ពួកគេ​បាន​នៅ​ខាង​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ឧទាហរណ៍ ពួកគេ​អាច​និយាយ​ខ្សឹបៗ ហើយ​អង្គុយ​ដោយ​គារវភាព ។

  • សូម​ច្រៀង​បទចម្រៀង​មួយ​បទ​រួមគ្នា​អំពី​ព្រះវិហារ​បរិសុទ្ធ ដូចជា​បទ « ខ្ញុំ​ចូល​ចិត្ត​មើល​ព្រះ​វិហារ​បរិសុទ្ធ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៩៩ ) ហើយ​សូម​កុមារ​ឲ្យ​ដាក់​គោលដៅ​មួយ​ដើម្បី​ចូល​ទៅក្នុង​ព្រះ​វិហារ​បរិសុទ្ធ​នៅ​ថ្ងៃ​ណាមួយ ។

រូបភាព
ព្រះវិហារ​បរិសុទ្ធ ហ្វត ខូលីន កូឡូរ៉ាដូ

ព្រះវិហារ​បរិសុទ្ធ​គឺជា​ដំណាក់​របស់​ព្រះអម្ចាស់ ។

ម៉ាថាយ ២១:២៨–៣២

ខ្ញុំ​អាច​គោរព​ប្រតិបត្តិ ។

ព្រះវរបិតាសួគ៌​សព្វ​ព្រះ​ទ័យ​ឲ្យ​ខ្ញុំ​ចេះ​គោរព​ប្រតិបត្តិ ។ ពាក្យ​ប្រៀប​ប្រដូច​អំពី​កូនប្រុស​ពីរ​នាក់​គឺជា​ឱកាស​មួយ ដើម្បី​បង្រៀន​អំពី​សារៈសំខាន់​នៃ​ការគោរព​ប្រតិបត្តិ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​គូរ​រូប​កូនប្រុស​ពីរ​នាក់​នៅលើ​ក្ដារខៀន ហើយ​ប្រើ​គំនូរ​នេះ កាល​បងប្អូន​តំណាល​រឿង​ប្រៀប​ប្រដូច​សាជា​ថ្មី​ដែល​មាន​នៅក្នុង ម៉ាថាយ ២១:២៨–៣២ ។ តើ​កូនប្រុស​មួយ​ណា​ដែល​បាន​ធ្វើ​រឿង​ត្រឹមត្រូវ​នៅ​ចុង​បញ្ចប់ ? សូម​ឲ្យ​កុមារ​នឹក​ឈ្មោះ​ការណ៍​នានា ដែល​ពួកគេ​អាច​ធ្វើ​បាន​ដើម្បី​ចេះ​គោរព​ប្រតិបត្តិ​នៅ​ផ្ទះ ។ សូម​អនុញ្ញាត​ឲ្យ​ពួកគេ​គូរ​រូបភាព​ខ្លួន​ឯង​ដែល​កំពុង​ធ្វើ​ការណ៍​ទាំងនេះ​មួយ ។

  • សូម​អញ្ជើញ​ឲ្យ​កុមារ​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​បាន​មាន ពេល​មាន​ការគោរព​ប្រតិបត្តិ​ដល់​ឪពុកម្តាយ​របស់​ពួកគេ ។ តើ​ពួកគេ​ទទួល​បាន​ពរជ័យ​យ៉ាងណា​ខ្លះ​ក្នុង​ការចេះ​គោរព​ប្រតិបត្តិ​នេះ ?

រូបភាព
រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

លូកា ១៩:១–១០

កាលណា​ខ្ញុំ​ស្វែងរក​ព្រះអង្គ​សង្គ្រោះ នោះ​ខ្ញុំ​នឹង​រកឃើញ​ទ្រង់ ។

បងប្អូន​អាច​ប្រើ​ដំណើររឿង​របស់​លោក​សាខេ ដើម្បី​ជួយ​កុមារ​ឲ្យ​គិត​អំពី​ការណ៍​នានា ដែល​ពួកគេ​អាច​ធ្វើ​បាន​ដើម្បី​ខិត​ទៅ​កាន់​ជិត​នឹង​ព្រះអង្គ​សង្គ្រោះ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អាន លូកា ១៩:១–១០ ហើយ​ផ្អាក​រាល់​ពីរ​បី​ខ​ម្ដង ដើម្បី​ពិភាក្សា​អំពី​ខគម្ពីរ​ដែល​ប្រាប់​ពី​លោក​សាខេ ។ តើ​លោក​សាខេ​បាន​ធ្វើ​អ្វីខ្លះ ដើម្បី​លោក​អាច​មើល​ឃើញ​ព្រះយេស៊ូវ ? តើ​លោក​បាន​ឆ្លើយតប​យ៉ាង​ណា នៅពេល​ព្រះយេស៊ូវ​បាន​បង្គាប់​លោក​ឲ្យ​ចុះ​ពីដើម​ឈើ​នោះ ? សូម​ឲ្យ​កុមារ​ម្នាក់ៗ​ចែកចាយ​នូវ​មូលហេតុ​មួយ ដែល​ពួកគេ​ចង់​ឃើញ​ព្រះយេស៊ូវ ។ ប្រសិនបើ​ព្រះអង្គ​សង្គ្រោះ​យាង​មក​កាន់​ទីក្រុង​របស់​ប្អូន តើ​ប្អូន​នឹង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​រៀបចំ​ខ្លួន ?

  • សូម​ឲ្យ​កុមារ​គិត​អំពី​មនុស្ស​ដែល​ពួកគេ​ស្គាល់ ដូចជា​លោកសាខេ​ដែរ ដែល​អាច​កំពុង​ស្វែងរក​ព្រះអង្គ​សង្គ្រោះ ។ សូម​សួរ​កុមារ​ថា តើ​ពួកគេ​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​ដល់​នរណាម្នាក់​ទៀត​ឲ្យ​រៀន​អំពី​ព្រះអង្គ​សង្គ្រោះ ។

  • សូម​ឲ្យ​សិស្ស​ចែកចាយ​ពី​បទពិសោធន៍​ផ្សេងៗ កាល​ពួកគេ​បាន​មាន​អារម្មណ៍​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ស្គាល់​ពួកគេ ហើយ​បាន​ស្រឡាញ់​ពួកគេ ។

ម៉ាថាយ ២១:១២–១៤

ព្រះវិហារ​បរិសុទ្ធ​គឺជា​ទី​ដ៏​ពិសិដ្ឋ​មួយ ដែល​ខ្ញុំ​ត្រូវ​គោរព ។

តើដំណើររឿង​របស់​ព្រះអង្គ​សង្គ្រោះ​សម្អាត​ព្រះវិហារ​បរិសុទ្ធ​អាច​ជួយ​បងប្អូន​ឲ្យ​បង្រៀន​កុមារ​អំពី​ភាពពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អញ្ជើញ​កុមារ​ឲ្យ​អាន ម៉ាថាយ ២១:១២–១៤ ។ សូម​បង្ហាញ​រូបភាព ព្រះគ្រីស្ទ​សម្អាត​ព្រះវិហារ​បរិសុទ្ធសៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៥១ ) ហើយ​សូម​សួរ​ពួកគេ​ថា តើ​ខគម្ពីរ​មួយ​ណា​ដែល​រៀបរាប់​ពី​រូបភាព​នេះ ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ពី​អារម្មណ៍​របស់​ពួកគេ នៅពេល​ពួកគេ​បាន​ទៅ​ខាង​ក្នុង​ព្រះវិហារ​បរិសុទ្ធ​មួយ បាន​ទៅ​លេង​ព្រះវិហារ​បរិសុទ្ធ ឬ​បាន​មើល​រូបភាព​នានា​នៃ​ព្រះវិហារ​បរិសុទ្ធ ។ តើ​អ្វី​ទៅ​ដែល​បាន​ជួយ​ពួកគេ​ឲ្យ​ដឹង​ថា ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​ទី​ដ៏​ពិសិដ្ឋ​មួយ ? បងប្អូន​អាច​ចែកចាយ​ជាមួយ​កុមារ​ពី​មូលហេតុ ដែល​បងប្អូន​ស្រឡាញ់​ព្រះវិហារ​បរិសុទ្ធ ។ ហេតុអ្វី​ព្រះវិហារ​បរិសុទ្ធ​ពិសិដ្ឋ​ចំពោះ​បងប្អូន ?

  • សូម​ឲ្យ​យុវវ័យ​ម្នាក់ ឬ​ច្រើន​នាក់​មក​កាន់​ថ្នាក់​រៀន ហើយ​និយាយ​អំពី​របៀប​ដែល​ពួកគេ​បាន​រៀបចំ​ខ្លួន​ដើម្បី​ចូលទៅ​កាន់​ព្រះវិហារ​បរិសុទ្ធ ។ ប្រសិនបើ​ពួកគេ​ធ្លាប់​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​ហើយ សូម​ឲ្យ​ពួកគេ​និយាយ​អំពី​អារម្មណ៍​របស់​ពួកគេ កាល​ពួកគេ​បាន​នៅ​ទីនោះ ។

  • សូម​កាត់​រូបភាព​ព្រះវិហារ​បរិសុទ្ធ​ជា​បំណែក​តូចៗ ហើយ​ឲ្យ​បំណែក​មួយ​ដល់​កុមារ​ម្នាក់ៗ ។ សូម​ឲ្យ​កុមារ​សរសេរ​នៅ​ខាង​ខ្នង​នៃ​បំណែក​របស់​ពួកគេ​នូវ​ការណ៍​មួយ​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​រៀបចំ​ខ្លួន​ចូល​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ ។ កាល​កុមារ​ម្នាក់ៗ​ចែកចាយ​គំនិត​របស់​ពួកគេ​ហើយ សូម​ដាក់​បំណែក​របស់​គេ​ទៅក្នុង​រូបផ្គុំ​ព្រះវិហារ​បរិសុទ្ធ​នោះ ។

  • នៅលើ​ក្តារខៀន សូម​សរសេរ​ឃ្លា​ដូច​តទៅ​នេះ ៖ អាច​ជួយ​ខ្ញុំ​ឲ្យ​រៀបចំខ្លួន​ដើម្បី​បម្រើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ផ្តល់​យោបល់​នូវ​របៀប​មួយ​ចំនួន​ដើម្បី​បំពេញ​ប្រយោគ​នេះ ។ គំនិត​មួយ​ចំនួន​អាច​រួមមាន « រក្សា​សេចក្តី​សញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ខ្ញុំ » ឬ « ព្រះវិញ្ញាណ​បរិសុទ្ធ » ។

ម៉ាថាយ ២៣:២៥–២៨

ព្រះ​យេស៊ូវ​មាន​ព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ជា​មនុស្ស​សុចរិត​ទាំង​ក្នុង​សកម្មភាព និង​បំណងប្រាថ្នា​របស់​ខ្ញុំ ។

ព្រះយេស៊ូវ​បាន​បង្រៀន​ពួកអាចារ្យ និង​ពួកផារិស៊ី​អំពី​សារៈសំខាន់​នៃ​ការរស់នៅ​តាម​ដំណឹងល្អ​ដ៏​ពិត—ដោយ​មិន​គ្រាន់​តែ​ធ្វើ​ពុត​ជា​សុចរិត​ប៉ុណ្ណោះ​ទេ ។ តើ​អ្វី​ទៅ​ដែល​នឹង​ជួយ​កុមារ​ឲ្យ​យល់​ពី​សេចក្ដីពិត​នេះ ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • នៅពេល​បងប្អូន​អាន ម៉ាថាយ ២៣:២៥–២៨ ជាមួយ​នឹង​កុមារ សូម​ពិចារណា​ចែកចាយ​នូវ​និយម​ន័យ​នៃ​ពាក្យ​នេះ មនុស្ស​កំពុត មកពី Bible Dictionary ៖ « មនុស្ស​ដែល​ធ្វើ​ពុត​ជា​គោរព​សាសនា ដែល​តាម​ពិត​មនុស្ស​នេះ​មិន​ជឿ​លើ​សាសនា​ឡើយ » ។ ហេតុអ្វី​ក៏​វា​អាក្រក់​ដើម្បី​ធ្វើ​ជា​មនុស្ស​កំពុត ?

  • សូម​បង្ហាញ​ដល់​កុមារ​នូវ​ពែង​មួយ ដែល​ស្អាត​តែ​ខាងក្រៅ ប៉ុន្ដែ​កខ្វក់​ខាង​ក្នុង​ដើម្បី​ជួយ​បង្ហាញ​ពី​អត្ថន័យ​ប្រៀបធៀប​នៅក្នុង ម៉ាថាយ ២៣:២៥ នេះ ។ តើ​យើង​អាច​ប្រាកដ​ថា យើង​ស្អាត ហើយ​បរិសុទ្ធ​នៅ​ខាងក្នុង​ដោយ​របៀប​ណា ?

រូបភាព
រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​ជួយ​កុមារ​ឲ្យ​គិត​ពី​អ្វីមួយ​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ថ្នាក់ ដែល​ពួកគេ​អាច​ចែកចាយ​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ​នៅឯ​ផ្ទះ​បាន ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

គាំទ្រ​ឪពុកម្ដាយ​របស់​កុមារ ។ « ឪពុក​ម្ដាយ​គឺជា​គ្រូបង្រៀន​ដំណឹងល្អ​ដ៏​សំខាន់​បំផុត​សម្រាប់​កូនចៅ​របស់​ពួកគេ—ពួកគេ​មាន​ទាំង​ការទទួល​ខុសត្រូវ​ជា​ចម្បង និង​អំណាច​ដ៏​អស្ចារ្យ​ក្នុង​ការមាន​ឥទ្ធិពល​ទៅលើ​កូនចៅ​របស់​ពួកគេ ( សូម​មើល ចោទិយកថា ៦:៦–៧ ) ។ កាល​បងប្អូន​បង្រៀន​កុមារ​នៅ​ឯ​ព្រះវិហារ សូម​អធិស្ឋាន​ស្វែងរក​របៀប​គាំទ្រ​ដល់​ឪពុក​ម្ដាយ​របស់​ពួកគេ​នៅក្នុង​តួនាទី​ដ៏​ចាំបាច់ ហើយ​សំខាន់​​របស់​ពួកគេ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ២៥ ) ។

បោះពុម្ព