« ការបំពេញតាមតម្រូវការរបស់កុមារពិការ » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ការបំពេញតាមតម្រូវការរបស់កុមារពិការ » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២២
ការបំពេញតាមតម្រូវការរបស់កុមារពិការ
ថ្នាក់ដឹកនាំអង្គការបឋមសិក្សាមានការទទួលខុសត្រូវបង្រៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដល់កុមារទាំងអស់ រួមទាំងកុមារដែលពិការផងដែរ ។ នៅក្នុងអង្គការបឋមសិក្សា កុមារគ្រប់រូបគួរតែត្រូវបានស្វាគមន៍ ស្រឡាញ់ មើលថែ និងរាប់អាន ។ នៅក្នុងបរិយាកាសនេះ វាមានភាពងាយស្រួលជាងសម្រាប់កុមារទាំងអស់ដើម្បីយល់អំពីសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌របស់យើង និងព្រះយេស៊ូវគ្រីស្ទ ហើយដើម្បីដឹង និងទទួលស្គាល់ឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ។ គំនិតខាងក្រោមនេះអាចជួយបងប្អូនឲ្យបំពេញតម្រូវការនានាសម្រាប់កុមារពិការ ។
-
រៀនអំពីតម្រូវការជាក់លាក់របស់កុមារ ។ វិធីល្អបំផុតដើម្បីធ្វើកិច្ចការនេះគឺពិភាក្សាជាមួយឪពុកម្តាយ ឬអ្នកមើលថែកុមារនោះ ។ ស្វែងយល់ពីរបៀបដែលកុមារនោះរៀនបានល្អបំផុត និងយុទ្ធសាស្ត្រនានាដែលមានប្រយោជន៍បំផុត ។ បងប្អូនក៏អាចប្រឹក្សាជាមួយថ្នាក់ដឹកនាំ និងគ្រូបង្រៀនអង្គការបឋមសិក្សាផ្សេងទៀត ដែលមានបទពិសោធន៍ និងការយល់ដឹងឲ្យចែកចាយជាមួយបងប្អូនផងដែរ ។
-
បង្កើតបរិយាកាសវិជ្ជមានមួយដែលកុមារគ្រប់រូបមានអារម្មណ៍ថា មានសុវត្ថិភាព និងត្រូវបានគេស្រឡាញ់ ។ សូមរៀនស្គាល់ឈ្មោះកុមារទាំងអស់នៅក្នុងថ្នាក់របស់បងប្អូន ហើយជួយពួកគេឲ្យទទួលអារម្មណ៍ថា ពួកគេត្រូវបានគេទទួលយក ស្រឡាញ់ និងរាប់អាន ។ ជារឿយៗ កុមារពិការត្រូវបានគេរិះគន់ ដូច្នេះសូមរកមើលឱកាសដើម្បីសរសើរពួកគេចំពោះឥរិយាបថវិជ្ជមាននានា ។
-
ធ្វើការកែសម្រួលនានា ដើម្បីឲ្យកុមារគ្រប់គ្នាអាចចូលរួម ។ ការផ្លាស់ប្តូរតិចតួច អាចធ្វើបាននៅក្នុងសកម្មភាពនានា ដើម្បីប្រាកដថា កុមារទាំងអស់អាចរៀនជាមួយគ្នាបាន រួមទាំងកុមារដែលពិការ ឬមានការពិបាកក្នុងការរៀនសូត្រផងដែរ ។ ឧទាហរណ៍ ប្រសិនបើសកម្មភាពមួយដែលសូមឲ្យបង្ហាញរូបភាព នោះបងប្អូនអាចច្រៀងចម្រៀងមួយដែលទាក់ទងជំនួសវិញ ដើម្បីឲ្យកុមារដែលមានបញ្ហាភ្នែកអាចចូលរួមបានដែរ ។
-
បង្កើតទម្លាប់ និងរចនាសម្ព័ន្ធក្នុងថ្នាក់ឲ្យបានជាប់លាប់ ។ វិធីមួយដើម្បីធ្វើដូច្នេះបានគឺ បង្កើតប័ណ្ណប្រកាសមួយដោយមានកាលវិភាគគម្រោងមេរៀនក្នុងថ្នាក់ ។ កាលវិភាគរបស់បងប្អូនអាចរួមមាន ការអធិស្ឋាន ម៉ោងបង្រៀន និងម៉ោងធ្វើសកម្មភាព ។ ការធ្វើបែបនេះអាចជួយកាត់បន្ថយអារម្មណ៍ពុំប្រាកដប្រជា ដែលអាចបង្កើននូវការថប់បារម្ភក្នុងខ្លួនកុមារមួយចំនួន ។
-
ប្រើរូបភាព ។ កុមារដែលពិការខាងផ្នែករៀនសូត្រ ឬមានបញ្ហាខាងឥរិយាបថអាចទទួលបានប្រយោជន៍ពីការប្រើរូបភាព ដូចជារូបភាពបង្ហាញពីនៃឥរិយាបថសមរម្យ ដូចជាការលើកដៃពីមុនឆ្លើយសំណួរជាដើម ។
-
ស្វែងយល់ពីមូលហេតុដែលបណ្តាលឲ្យមានបញ្ហាខាងឥរិយាបទកើតឡើង ។ សូមរៀនអំពីពិការភាព ឬកាលៈទេសៈនានា ដែលអាចមានឥទ្ធិពលលើកុមារម្នាក់ឲ្យធ្វើទង្វើមិនសមរម្យ ។ សូមយកចិត្តទុកដាក់ចំពោះអ្វីដែលកំពុងកើតឡើង ពេលឥរិយាបថលំបាកនោះកើតមាន ។ សូមពិចារណាអំពីរបៀបកែតម្រូវស្ថានភាពនោះប្រកបដោយការអធិស្ឋាន ដើម្បីជួយជ្រោមជ្រែងកុមារនោះឲ្យបានកាន់តែប្រសើរឡើង ។