« ការបំពេញតាមតម្រូវការរបស់កុមារតូចៗ » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ការបំពេញតាមតម្រូវការរបស់កុមារតូចៗ » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២២
ការបំពេញតាមតម្រូវការរបស់កុមារតូចៗ
កុមារត្រៀមខ្លួនរួចជាស្រេច និងអន្ទះសាចង់រៀនពីដំណឹងល្អ ប្រសិនបើវាត្រូវបានបង្រៀនតាមរបៀបមួយដែលពួកគេអាចយល់បាន ។ ជាពិសេស នៅពេលដែលបងប្អូនបង្រៀនកុមារតូចៗ សូមគិតពីការធ្វើតាមប្រភេទសកម្មភាពណាមួយដែលជួយពួកគេឲ្យរៀន ។
-
ច្រៀង ។ ទំនុកតម្កើង និង ចម្រៀងមកពី សៀវភៅចម្រៀងកុមារ បង្រៀនអំពីគោលលទ្ធិយ៉ាងមានអានុភាព ។ សូមប្រើលិបិក្រមប្រធានបទនៅផ្នែកខាងក្រោយនៃ សៀវភៅចម្រៀងកុមារ ដើម្បីរកមើលចម្រៀងដែលទាក់ទងនឹងគោលការណ៍ដំណឹងល្អដែលបងប្អូនកំពុងបង្រៀន ។ សូមជួយកុមារឲ្យផ្សារភ្ជាប់សារលិខិតនៃចម្រៀងនោះទៅនឹងជីវិតរបស់ពួកគេ ។ ឧទាហរណ៍ បងប្អូនអាចសួរសំណួរអំពីពាក្យ ឬឃ្លានៅក្នុងទំនុកបទ ។ បន្ថែមពីការច្រៀងចម្រៀង នោះកុមារអាចធ្វើកាយវិការដែលស្របតាមចម្រៀង ឬ គ្រាន់តែចាក់ចម្រៀងចោល កាលពួកគេធ្វើសកម្មភាពផ្សេងទៀត ។ សម្រាប់គំនិតនានាផ្សេងៗទៀត សូមមើលផ្នែក « ការប្រើប្រាស់តន្រ្តីដើម្បីបង្រៀនគោលលទ្ធិ » និង « ការជួយកុមារឲ្យរៀន និងចងចាំបទចម្រៀងកុមារ និងទំនុកតម្កើង » នៅក្នុង « សេចក្ដីណែនាំសម្រាប់ម៉ោងច្រៀងចម្រៀង និងបទបង្ហាញតន្ត្រីរបស់កុមារនៅក្នុងម៉ោងប្រជុំសាក្រាម៉ង់ » នៅក្នុងធនធាននេះ ។
-
ស្ដាប់ ឬ សម្ដែងរឿង ។ កុមារតូចៗចូលចិត្តរឿងនិទាន—ចេញមកពីព្រះគម្ពីរ ចេញមកពីជីវិតរបស់បងប្អូន ចេញមកពីប្រវត្តិសាសនាចក្រ ឬមកពី ទស្សនាវដ្តីសាសនាចក្រ ។ សូមរកមើលនូវវិធីនានាដើម្បីឲ្យពួកគេចូលរួមក្នុងការនិទានរឿងទាំងឡាយ ។ ពួកគេអាចកាន់រូបភាព ឬ វត្ថុនានា គូររូបភាពតាមអ្វីដែលពួកគេស្ដាប់ឮ សម្ដែងរឿង ឬជួយតំណាលរឿង ។ សូមជួយកុមារឲ្យស្គាល់ពីសេចក្ដីពិតនៃដំណឹងល្អចេញពីរឿងដែលបងប្អូនចែកចាយនោះ ។
-
អានបទគម្ពីរ ។ កុមារតូចៗពុំអាចអានបានច្រើនទេ ប៉ុន្តែបងប្អូននៅតែអាចឲ្យពួកគេចូលរួមនៅក្នុងការរៀនសូត្រចេញមកពីបទគម្ពីរបានដដែល ។ បងប្អូនអាចចាំបាច់ត្រូវផ្ដោតទៅលើខគម្ពីរមួយ ឃ្លាគន្លឹះ ឬពាក្យគន្លឹះមួយ ។ កាលបងប្អូនអានបទគម្ពីរមួយឮៗ នោះបងប្អូនអាចឲ្យកុមារក្រោកឈរ ឬលើកដៃឡើង នៅពេលពួកគេឮពាក្យ ឬ ឃ្លាជាក់លាក់មួយដែលបងប្អូនចង់ផ្ដោតលើនោះ ។ ពួកគេថែមទាំងអាចទន្ទេញចាំឃ្លាខ្លីៗចេញមកពីបទគម្ពីរផងដែរ ប្រសិនបើពួកគេថាវាឡើងវិញបានពីរបីដង ។ នៅពេលពួកគេស្ដាប់ឮព្រះបន្ទូលរបស់ព្រះ នោះពួកគេនឹងទទួលអារម្មណ៍ពីព្រះវិញ្ញាណ ។
-
ចូរមានភាពសកម្ម ។ ដោយសារជាញឹកញាប់កុមារតូចៗពោរពេញដោយកម្លាំង សូមរៀបចំវិធីដែលអនុញ្ញាតឲ្យពួកគេធ្វើចលនា—ដើរជាក្បួន លោត ហក់រំលង ពត់ខ្លួន ដើរ និងសកម្មភាពផ្សេងទៀតដែលទាក់ទងទៅនឹងគោលការណ៍ ឬរឿងដែលបងប្អូនកំពុងបង្រៀននោះ ។ សកម្មភាពទាំងនេះក៏អាចមានប្រសិទ្ធភាពផងដែរ នៅពេលដែលបងប្អូនច្រៀងរួមគ្នា ។
-
មើលរូបភាព ឬ វីដេអូមួយ ។ នៅពេលបងប្អូនបង្ហាញដល់កុមារនូវរូបភាព ឬ វីដេអូមួយ សូមសួរកុមារនូវសំណួរទាំងឡាយ ដែលជួយពួកគេឲ្យឃើញពីរបៀបដែលវាទាក់ទងទៅនឹងគោលការណ៍ដំណឹងល្អ ឬ ដំណើររឿងព្រះគម្ពីរ ។ ឧទាហរណ៍ បងប្អូនអាចសួរថា « តើមានរឿងអ្វីកើតឡើងនៅក្នុងរូបភាព ឬវីដេអូនេះ ? » ឬ « តើវាធ្វើឲ្យប្អូនមានអារម្មណ៍ដូចម្តេច ? » កម្មវិធី Gospel Media គេហទំព័រ MediaLibrary.ChurchofJesusChrist.org និង children.ChurchofJesusChrist.org គឺជាកន្លែងដ៏ល្អដើម្បីរកមើលវីដេអូនានា ។
-
ចែកចាយបទពិសោធន៍ ។ កុមារតូចៗអាចមិនមានបទពិសោធន៍ច្រើនដើម្បីចែកចាយដូចកុមារធំៗទេ ប៉ុន្ដែប្រសិនបើបងប្អូនផ្ដល់នូវការដឹកនាំជាក់លាក់ដល់ពួកគេ នោះពួកគេអាចចែកចាយពីអារម្មណ៍ និងបទពិសោធន៍អំពីអ្វីដែលពួកគេកំពុងរៀននោះបាន ។
-
ច្នៃប្រឌិត ។ កុមារតូចៗអាចសង់ គូរ ឬ ផាត់ពណ៌អ្វីមួយដែលទាក់ទងនឹងរឿង ឬ គោលការណ៍ដែលពួកគេកំពុងរៀន ។ សូមលើកទឹកចិត្តពួកគេឲ្យយកអ្វីដែលពួកគេបានធ្វើទៅផ្ទះ ហើយចែកចាយជាមួយនឹងសមាជិកគ្រួសារដើម្បីជួយឲ្យកុមារចងចាំពីអ្វីដែលពួកគេបានរៀនសូត្រ ។
-
ចូលរួមក្នុងមេរៀនដែលមានវត្ថុបង្ហាញ ។ មេរៀនដែលប្រើវត្ថុតំណាងសាមញ្ញមួយអាចជួយកុមារឲ្យយល់ពីគោលការណ៍ដំណឹងល្អមួយ ដែលវាពិបាកនឹងយល់ ។ កាលបង្រៀនមេរៀនដែលមានវត្ថុតំណាងនេះ សូមរកមើលនូវរបៀបដែលអនុញ្ញាតឲ្យកុមារទាំងឡាយបានចូលរួម ។ ពួកគេនឹងរៀនបានកាន់តែច្រើនចេញមកពីបទពិសោធន៍ប្រាស្រ័យទាក់ទងគ្នា ជាជាងគ្រាន់តែមើលការបង្ហាញ ។
-
សម្ដែងរឿង ។ នៅពេលកុមារតូចៗដើរតួសម្តែងអំពីស្ថានភាពមួយ ដែលពួកគេទំនងជានឹងជួបក្នុងជីវិតពិត នោះពួកគេនឹងអាចយល់បានកាន់តែច្បាស់អំពីរបៀបដែលគោលការណ៍នៃដំណឹងល្អមួយអាចអនុវត្តបាននៅក្នុងជីវិតរបស់ពួកគេ ។
-
ធ្វើសកម្មភាពសារឡើងវិញ ។ កុមារតូចៗអាចនឹងត្រូវការស្ដាប់អំពីគំនិតនានាឲ្យបានច្រើនដងដើម្បីយល់វា ។ សូមកុំខ្លាចនឹងនិទានរឿង ឬធ្វើសកម្មភាពសារឡើងវិញឲ្យបានញឹកញាប់ សូម្បីតែនៅក្នុងមេរៀនដដែលក្ដី ។ ឧទាហរណ៍ បងប្អូនអាចចែកចាយរឿងមួយក្នុងព្រះគម្ពីរចំនួនបីបួនដងតាមវិធីខុសៗគ្នាអំឡុងពេលបង្រៀន—ដោយអានព្រះគម្ពីរ សង្ខេបរឿងជាសម្ដីរបស់បងប្អូនផ្ទាល់ ចាក់បង្ហាញវីដេអូ អនុញ្ញាតឲ្យកុមារជួយបងប្អូនតំណាលប្រាប់រឿង និងអញ្ជើញពួកគេឲ្យសម្ដែងរឿង ។ ល ។ ប្រសិនបើសកម្មភាពមួយដែលបានប្រើនៅក្នុងថ្នាក់រៀនក៏ត្រូវបានធ្វើសារឡើងវិញនៅផ្ទះដែរ នោះការធ្វើដដែលៗនេះនឹងជួយកុមារឲ្យរៀន និងចងចាំ ។
-
ប្រាស្រ័យទាក់ទងនឹងមនុស្សដទៃ ។ កុមារកំពុងអភិវឌ្ឍជំនាញសង្គម ហើយជាញឹកញាប់ពួកគេចូលចិត្តរៀន និងលេងជាមួយនឹងមិត្តភក្ដិរបស់ពួកគេ ។ សូមបង្កើតឱកាសឲ្យពួកគេចែកចាយ ប្ដូរវេនគ្នា និង សហការគ្នាខណៈដែលពួកគេកំពុងរៀននោះ ។
-
ចូលរួមនៅក្នុងសកម្មភាពផ្សេងៗ ។ ជាទូទៅ កុមារតូចៗមានការយកចិត្តទុកដាក់ខ្លី ហើយពួកគេមានរបៀបរៀនសូត្រខុសៗគ្នា ។ សូមប្រើសកម្មភាពផ្សេងៗ ហើយយកចិត្តទុកដាក់លើទីសម្គាល់ដែលកុមារប្រាប់ថា ពួកគេត្រូវការការផ្លាស់ប្ដូរល្បឿន ។ ឧទាហរណ៍ បងប្អូនអាចត្រូវផ្លាស់ប្ដូរជាញឹកញាប់រវាងសកម្មភាពដែលស្ងប់ស្ងាត់ និងដែលរស់រវើក ។
ផ្នែកមួយនៃតួនាទីរបស់បងប្អូនក្នុងនាមជាគ្រូបង្រៀនកុមារតូចៗ—ដោយបន្ថែមទៅលើការបង្រៀនគោលការណ៍នៃដំណឹងល្អនោះ—គឺត្រូវជួយកុមារឲ្យរៀនពីរបៀបចូលរួមក្នុងថ្នាក់នៅព្រះវិហារឲ្យបានសមរម្យ ។ ឧទាហរណ៍ ពួកគេអាចត្រូវរៀនអំពីការប្ដូរវេនគ្នា ការចែកចាយ ការចេះគោរពដល់មនុស្សដទៃជាដើម ។ គ្រូបង្រៀនមួយចំនួនបង្កើតតារាងដោយមានដាក់កិច្ចការឲ្យកុមារម្នាក់ៗចូលរួមនៅក្នុងថ្នាក់រៀនតាមរបៀបជាក់លាក់មួយ ( ដូចជាដោយពោលពាក្យអធិស្ឋាន កាន់រូបភាព ឬចែកចាយក្រដាស ) ។ កិច្ចការទាំងនេះអាចផ្លាស់ប្ដូររាល់សប្ដាហ៍ ។ ការណ៍នេះជួយដល់កុមារឲ្យចេះប្ដូរវេនគ្នា និងរៀនសម្ដែងអាកប្បកិរិយានៅក្នុងថ្នាក់រៀនឲ្យបានសមរម្យ ។
កុមារ—ជាពិសេសកុមារតូចៗ—ជាញឹកញាប់នឹងទទួលបានប្រយោជន៍ពីទម្លាប់ដ៏ទៀងទាត់ និងដែលអាចទាយទុកជាមុនបាន ។ ដោយសារកុមារតូចៗមានកម្រិតនៃការយកចិត្តទុកដាក់ខ្លី ហើយពេលខ្លះពិបាកនឹងផ្ដោតចិត្តទុកដាក់អំឡុងពេលថ្នាក់ទាំងមូល នោះជាធម្មតា វានឹងល្អបំផុត ប្រសិនបើទម្លាប់នេះរួមបញ្ចូលនូវការផ្លាស់ប្ដូរជាញឹកញាប់ពីសកម្មភាពមួយទៅសកម្មភាពមួយទៀត ។ ឧទាហរណ៍ ទម្លាប់ថ្នាក់រៀនរបស់បងប្អូនអាចរួមមាននូវការឈប់សម្រាកម្ដងម្កាលដើម្បីលេងល្បែងកម្សាន្ត ផាត់ពណ៌រូបភាព ច្រៀងចម្រៀងជាដើម ។