« បងប្អូនគឺជាគ្រូបង្រៀនម្នាក់របស់កុមារ » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« បងប្អូនគឺជាគ្រូបង្រៀនម្នាក់របស់កុមារ » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២២
បងប្អូនគឺជាគ្រូបង្រៀនម្នាក់របស់កុមារ
បងប្អូនត្រូវបានហៅដោយព្រះដើម្បីបង្រៀនបុត្រាបុត្រីរបស់ទ្រង់តាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។ បងប្អូនត្រូវបានញែកចេញចំពោះការហៅនេះ ដោយអ្នកមានសិទ្ធិអំណាចនៃបព្វជិតភាពដ៏បរិសុទ្ធរបស់ទ្រង់ ។ ទោះបីជាបងប្អូនគ្មានបទពិសោធន៍ជាគ្រូបង្រៀនក៏ដោយ នៅពេលបងប្អូនរស់នៅដោយស័ក្ដិសម អធិស្ឋានប្រចាំថ្ងៃ ហើយសិក្សាព្រះគម្ពីរ នោះព្រះវរបិតាសួគ៌នឹងប្រទានឥទ្ធិពល និងព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយបងប្អូនឲ្យទទួលបានជោគជ័យ ( សូមមើល នីហ្វៃទី២ ៣៣:១ ) ។
កុមារដែលត្រូវបានប្រគល់ឲ្យបងប្អូនឲ្យមើលថែ គឺជាបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ ហើយទ្រង់ជ្រាបពីអ្វីដែលពួកគេត្រូវការ និងពីរបៀបដ៏ល្អបំផុតដើម្បីជួយដល់ពួកគេ ។ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ នោះព្រះនឹងដឹកនាំបងប្អូនពេលបងប្អូនរៀបចំមេរៀន និងពេលដែលបងប្អូនកំពុងបង្រៀន ។ ទ្រង់នឹងបើកសម្ដែងដល់បងប្អូននូវអ្វីដែលបងប្អូនគួរនិយាយ និងអ្វីដែលបងប្អូនគួរធ្វើ ( សូមមើល នីហ្វៃទី២ ៣២:៥ ) ។
គោលបំណងដ៏ចាំបាច់នៃការបង្រៀន និងការរៀនសូត្រដំណឹងល្អ គឺដើម្បីធ្វើឲ្យការប្រែចិត្តជឿទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទកាន់តែជ្រាលជ្រៅ ។ គោលដៅរបស់បងប្អូនក្នុងនាមជាគ្រូបង្រៀនគឺដើម្បីជួយកុមារដែលបងប្អូនបង្រៀន ឲ្យធ្វើអស់ពីលទ្ធភាពរបស់ពួកគេ ដើម្បីប្រែចិត្តជឿកាន់តែខ្លាំងឡើង—ជាការខិតខំមួយដែលមិនគ្រាន់តែធ្វើឡើងនៅម៉ោងរៀនប៉ុណ្ណោះទេ ។ សូមអញ្ជើញកុមារដែលបងប្អូនបង្រៀន ឲ្យចូលរួមរៀនសូត្រយ៉ាងសកម្មអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ហើយអនុវត្តតាមអ្វីដែលពួកគេបានរៀន ។ សូមលើកទឹកចិត្តពួកគេដើម្បីធ្វើឲ្យការសិក្សាផ្ទាល់ខ្លួន និងជាគ្រួសារនៅក្រៅម៉ោងសិក្សារបស់ពួកគេ ដែលជាប្រភពចម្បងមួយនៃការរៀនសូត្ររបស់ពួកគេអំពីដំណឹងល្អ ។ នៅពេលពួកគេអនុវត្តតាមដោយសេចក្ដីជំនឿ តាមរយៈការសិក្សាផ្ទាល់ខ្លួន និងជាក្រុមគ្រួសារ នោះពួកគេនឹងយាងអញ្ជើញព្រះវិញ្ញាណឲ្យចូលមកក្នុងជីវិតរបស់ពួកគេ ហើយព្រះវិញ្ញាណគឺជាអង្គដែលនាំមកនូវការប្រែចិត្តជឿពិតប្រាកដ ។ អ្វីគ្រប់យ៉ាងដែលបងប្អូនធ្វើក្នុងនាមជាគ្រូបង្រៀនម្នាក់គួរចង្អុលទៅគោលដៅដ៏ពិសិដ្ឋនេះ ។
សូមបង្រៀនតែគោលលទ្ធិនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ដូចដែលមាននៅក្នុងបទគម្ពីរ និងប្រសាសន៍របស់ពួកព្យាការីថ្ងៃចុងក្រោយប៉ុណ្ណោះ ។ គោលលទ្ធិបរិសុទ្ធ—ជាសេចក្ដីពិតដ៏អស់កល្បជានិច្ច ពុំផ្លាស់ប្ដូរ ដែលព្រះ និងពួកអ្នកបម្រើរបស់ទ្រង់បានបង្រៀន—យាងអញ្ជើញព្រះវិញ្ញាណ ហើយមានអានុភាពដើម្បីផ្លាស់ប្ដូរជីវិត ។
ការហៅឲ្យបង្រៀនគឺជាការទុកចិត្តដ៏ពិសិដ្ឋមួយ ហើយពេលខ្លះវាគឺជារឿងធម្មតាទេដែលមាននូវការបារម្ភនោះ ។ ប៉ុន្ដែសូមចងចាំថា ព្រះវរបិតាសួគ៌របស់បងប្អូនបានហៅបងប្អូន ហើយទ្រង់នឹងមិនដែលបោះបង់បងប្អូនចោលឡើយ ។ នេះគឺជាកិច្ចការរបស់ព្រះអម្ចាស់ ហើយនៅពេលបងប្អូនបម្រើ « អស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំងរបស់អ្នក » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៤:២ ) នោះទ្រង់នឹងពង្រីកសមត្ថភាព អំណោយទាន និងទេពកោសល្យរបស់បងប្អូន ហើយការបម្រើរបស់បងប្អូននឹងផ្តល់ជាពរជ័យដល់ជីវិតមនុស្សដែលបងប្អូនបង្រៀន ។