« ធនធានបន្ថែមសម្រាប់បង្រៀនកុមារ » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ធនធានបន្ថែមសម្រាប់បង្រៀនកុមារ » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២២
ធនធានបន្ថែមសម្រាប់បង្រៀនកុមារ
ធនធានទាំងនេះអាចរកបាននៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ និងនៅលើគេហទំព័រ ChurchofJesusChrist.org ។
ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ
បងប្អូនអាចកែសម្រួលសកម្មភាពមកពី ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ សម្រាប់ប្រើនៅក្នុងថ្នាក់អង្គការបឋមសិក្សារបស់បងប្អូនបាន ។ សូមកុំបារម្ភ ប្រសិនបើកុមារបានធ្វើសកម្មភាពទាំងនេះជាមួយគ្រួសារពួកគេនៅផ្ទះរួចហើយ ការធ្វើដដែលៗជួយកុមារឲ្យរៀន ។ កុមារអាចប្រាប់បងប្អូនអំពីរបៀបដែលពួកគេបានធ្វើសកម្មភាពទាំងនេះជាមួយនឹងគ្រួសាររបស់ពួកគេ និងពីអ្វីដែលពួកគេបានរៀន ។
ទំនុកតម្កើង និង សៀវភៅចម្រៀងកុមារ
តន្ត្រីពិសិដ្ឋយាងអញ្ជើញព្រះវិញ្ញាណ ហើយបង្រៀនគោលលទ្ធិតាមរបៀបមួយដ៏គួរឲ្យចងចាំ ។ បន្ថែមទៅលើកំណែបោះពុម្ពនៃ ទំនុកតម្កើង និង សៀវភៅចម្រៀងកុមារ បងប្អូនអាចរកបាននូវការថតជាសំឡេង និងជាវីដេអូនៃទំនុកតម្កើង និងចម្រៀងកុមារនៅលើគេហទំព័រ music.ChurchofJesusChrist.org និងនៅក្នុងកម្មវិធី Sacred Music និង កម្មវិធី Gospel Media ។
សម្រាប់គំនិតនានា សូមមើលផ្នែក « ការប្រើប្រាស់តន្រ្តីដើម្បីបង្រៀនគោលលទ្ធិ » និង « ការជួយកុមារឲ្យរៀន និងចងចាំបទចម្រៀងកុមារ និងទំនុកតម្កើង » នៅក្នុង « សេចក្តីណែនាំសម្រាប់ម៉ោងច្រៀងចម្រៀង និងបទបង្ហាញតន្ដ្រីរបស់កុមារនៅក្នុងម៉ោងប្រជុំសាក្រាម៉ង់ » នៅក្នុងធនធាននេះ ។
មើលន៎ កូនតូចៗរបស់អ្នករាល់គ្នា
ប្រធានបទជាច្រើនដែលលើកឡើងនៅក្នុង មើលន៎ កូនតូចៗរបស់អ្នករាល់គ្នា ៖ សៀវភៅសិក្សាថ្នាក់ទារកដ្ឋាន គឺស្រដៀងគ្នាទៅនឹងអ្វីដែលបងប្អូននឹងបង្រៀននៅក្នុងអង្គការបឋមសិក្សាដែរ ។ ជាពិសេស នៅពេលដែលបងប្អូនបង្រៀនកុមារតូចៗ សូមពិចារណាអានសៀវភៅសិក្សាថ្នាក់ទារកដ្ឋាននោះរកមើលចម្រៀង រឿងនិទាន សកម្មភាព និងសិប្បកម្មបន្ថែមនានា ។
ទស្សនាវដ្ដី ប្រិយមិត្ត
ទស្សនាវដ្ដី ប្រិយមិត្ត ផ្ដល់នូវរឿងនិទាន និងសកម្មភាពនានាដែលអាចជួយបញ្ជាក់បន្ថែមលើគោលការណ៍ដែលបងប្អូនកំពុងបង្រៀនចេញពីសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ដំណើររឿងព្រះគម្ពីរសញ្ញាចាស់
ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ អាចជួយកុមារឲ្យរៀនគោលលទ្ធិ និងដំណើររឿងទាំងឡាយដែលមាននៅក្នុងព្រះគម្ពីរសញ្ញាចាស់ ។ បងប្អូនក៏អាចរកបានវីដេអូនៃដំណើររឿងទាំងនេះនៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ និងនៅគេហទំព័រ MediaLibrary.ChurchofJesusChrist.org បានផងដែរ ។
សៀវភៅផាត់ពណ៌ដំណើររឿងព្រះគម្ពីរ—ព្រះគម្ពីរសញ្ញាចាស់
ធនធាននេះរួមមានទំព័រសកម្មភាពផាត់ពណ៌សប្បាយៗនានាដែលបានរៀបចំឡើង ដើម្បីពង្រីកដល់ការរៀនសូត្ររបស់កុមារអំពីព្រះគម្ពីរសញ្ញាចាស់ ។
វីដេអូ និងគំនូរ
រូបគំនូរ វីដេអូ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត អាចជួយកុមារដែលបងប្អូនបង្រៀនឲ្យមើលឃើញគោលលទ្ធិ និងដំណើររឿងដែលទាក់ទងទៅនឹងបទគម្ពីរបាន ។ សូមចូលទៅ Gospel Media តាមគេហទំព័រ MediaLibrary.ChurchofJesusChrist.org ដើម្បីស្វែងរកកម្រងធនធានប្រព័ន្ធផ្សព្វផ្សាយរបស់សាសនាចក្រ ។ Gospel Media ក៏មានជាកម្មវិធីឧបករណ៍ចល័តផងដែរ ។ រូបភាពជាច្រើនដែលបងប្អូនអាចប្រើនៅក្នុងថ្នាក់រៀនមាននៅក្នុង សៀវភៅរូបភាពដំណឹងល្អ ។
ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ
សៀវភៅ ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ អាចជួយបងប្អូនឲ្យរៀនសូត្រ ហើយអនុវត្តគោលការណ៍ទាំងឡាយនៃការបង្រៀនដូចជាព្រះគ្រីស្ទ ។ គោលការណ៍ទាំងនេះត្រូវបានពិភាក្សា ហើយអនុវត្តនៅក្នុងការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀន ។