គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ២៤–៣០ ខែ ឧសភា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨–៥៩ ៖ « ឧស្សាហ៍​ចូលរួម​ក្នុង​ប្រយោជន៍ល្អ »


« ថ្ងៃទី ២៤–៣០ ខែ ឧសភា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨–៥៩ ៖ ‹ ឧស្សាហ៍​ចូលរួម​ក្នុង​ប្រយោជន៍ល្អ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២៤–៣០ ខែ ឧសភា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨–៥៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ

ផ្លូវ​អ៊ីនឌីប៉ែនដែនស៍​មិសសួរី

អ៊ីនឌីប៉ែនដែនស៍ រដ្ឋ​មិសសួរី ដោយ​អេអាយ រោនស៍

ថ្ងៃទី ២៤–៣០ ខែ ឧសភា

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨–៥៩

« ឧស្សាហ៍​ចូលរួម​ក្នុង​ប្រយោជន៍​ល្អ »

បន្ទាប់​ពី​អាន​គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨–៥៩ សូម​ពិចារណា​សំណួរ​ដូច​តទៅ​នេះ ៖ តើ​អ្នក​មាន​ការ​បំផុស​គំនិត​អ្វីខ្លះ​ដើម្បី​ចែក​ចាយ​នឹង​សិស្ស​របស់​អ្នក ? តើ​អ្នក​សង្ឃឹម​ថា​ពួកគេ​នឹង​រក​ឃើញ​អ្វីខ្លះ ? តើ​អ្នក​នឹង​ជួយ​ពួកគេ​ឲ្យ​រក​ឃើញ​រឿង​ទាំង​នេះ​ដោយ​របៀប​ណា ?

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

ដើម្បី​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ចែក​ចាយ​អ្វី​ដែល​ពួក​គេ​បាន​រៀន​នៅ​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ​របស់​ពួក​គេ អ្នក​អាច​សរ​សេរ​សំណួរ​ដូច​តទៅ​នេះ​នៅ​លើ​ក្ដារ​ខៀន ៖តើ​យើង​បាន​រៀន​អ្វី​ខ្លះ ?តើ​យើង​នឹង​រស់​នៅ​តាម​អ្វី​ដែល​យើង​បាន​រៀន​តាម​របៀប​ណា ? សិស្ស​អាច​សរ​សេរ​នៅ​ក្រោម​សំណួរ​ទី​មួយ​ពី​សេចក្ដី​ពិត​ដែល​ពួក​គេ​បាន​រក​ឃើញ​នៅ​ក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨–៥៩ ។ បន្ទាប់​មក ពួកគេ​អាច​ចំណាយ​ពេល​ពីរ​បី​នាទី ដើម្បី​ពិភាក្សា​ពី​គំនិត​សម្រាប់​ការ​រស់​នៅ​តាម​សេចក្ដី​ពិត​ទាំង​នោះ ហើយ​សរសេរ​គំនិត​របស់​ពួក​គេ​នៅ​ក្រោម​សំណួរ​ទី​ពីរ ។

រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:១–៥, ២៦–៣៣

ពរ​ជ័យ​កើត​មាន​ស្រប​តាម​កាល​វេលា​របស់​ព្រះ និង​ភាព​ឧស្សាហ៍​ព្យាយាម​របស់​យើង ។

  • គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៨ បង្រៀន​សេចក្ដី​ពិត​ដែល​អាច​នាំ​យក​ភាព​សុខ​សាន្ត​នៅ​គ្រា​សាក​ល្បង ។ សិស្ស​អាច​រក​ឃើញ​សេចក្ដីពិត​ទាំង​នេះ​មួយ​ចំនួន​អំឡុង​ការ​សិក្សា​របស់​ពួក​គេ​អំពី​កណ្ឌ​នេះ សូម​អញ្ជើញ​ពួក​គេ​ឲ្យ​ចែក​ចាយ​អ្វី​ដែល​ពួក​គេ​បាន​រក​ឃើញ ។ ឬ​ពួក​គេ​អាច​ស្រាវ​ជ្រាវ​ខទី ១–៥, ២៦–៣៣​នៅ​ក្នុង​ថ្នាក់ ជា​បុគ្គល​ម្នាក់ៗ ឬ​ជា​ក្រុម រក​អ្វី​មួយ​ដែល​មាន​ប្រយោជន៍​ដល់​នរណា​ម្នាក់​ដែល​កំពុង​រង​ទុក្ខ​ដោយ​សេចក្ដី​វេទនា ឬ​ដែល​កំពុង​រង់​ចាំ​ពរ​ជ័យ​មួយ​ដែល​បាន​សន្យា ។ បន្ទាប់​ពី​ចែក​ចាយ​អ្វី​ដែល​ពួក​គេ​បាន​រក​ឃើញ ប្រហែល​ជា​សិស្ស​មួយ​ចំនួន​អាច​ចែក​ចាយ​បទ​ពិសោធន៍ ឬ​បទ​គម្ពីរ​ផ្សេង​ទៀត​ដែល​បាន​បញ្ជាក់​ពី​សេចក្ដី​ពិត​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ ។

  • ជា​ផ្នែក​នៃ​ការពិភាក្សា​របស់​អ្នក​អំពី​គោលការណ៍​នេះ អ្នក​អាច​បង្ហាញ​វីដេអូ « Hope Ya Know, We Had a Hard Time » ( ChurchofJesusChrist.org ) ហើយ​ធ្វើ​ការ​ពិភាក្សា​ថា​តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​ដល់​អ្នក​ទាំង​ឡាយ​ដែល​កំពុង​ឆ្លង​កាត់​ពេល​វេលា​ដ៏​លំបាក ។ ពាក្យ​ដក​ស្រង់​មក​ពី​ស៊ិស្ទើរ លីនដា អេស រីវស៍ នៅ​ក្នុង « ធនធាន​បន្ថែម​ទាំង​ឡាយ »​ក៏​អាច​ជួយ​ដល់​ការ​ពិភាក្សា​របស់​អ្នក​ផង​ដែរ ។ តើ​ពាក្យ​ពេចន៍​របស់​ស៊ិស្ទើរ រីវស៍ ជះ​ឥទ្ធិពល​ពី​វិធី​ដែល​យើង​មើល​ទៅ​ការ​សាក​ល្បង​របស់​យើង​តាម​របៀប​ណា ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:២៦–២៩

យើង​អាច​« នាំ​មក​នូវ​សេចក្ដី​សុចរិត​ដ៏​ច្រើន »​តាម​« បំណង​ចិត្ត »​របស់​យើង​ផ្ទាល់ ។

  • តើ​សិស្ស​បាន​រៀន​អ្វីខ្លះ​មក​ពី​ការ​សិក្សា​របស់​ពួកគេ​នៅ​ក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:២៦–២៩​នៅ​សប្ដាហ៍​នេះ ? ប្រហែល​ជា​អ្នក​អាច​បំបែក​សិស្ស​ជា​ក្រុម ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​នៅ​ក្នុង​ក្រុម​របស់​ពួកគេ​ពី​ឃ្លា​ដែល​ពួក​គេ​បាន​រក​ឃើញ​ថា​មាន​ន័យ​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ ។ តើ​ខគម្ពីរ​ទាំង​នេះ​បំផុស​គំនិត​យើង​ឲ្យ​« នាំ​មក​នូវ​សេចក្ដី​សុចរិត​ដ៏​ច្រើន »​តាម​របៀប​ណា ?​( ខ​ទី ២៧ ) ។ ហេតុអ្វី​ព្រះ​អម្ចាស់​សព្វ​ព្រះ​ទ័យ​ចង់​ឲ្យ​យើង​ពុំ​ត្រូវ​បាន​« គេ​បង្ខំ​នូវ​គ្រប់​អ្វីៗ​ទាំង​អស់ » ?​( ខទី ២៦ ) ។ តើ​ខគម្ពីរ​ទាំង​នេះ ផ្ដល់​យោបល់​អ្វី​ខ្លះ​អំពី​អ្វី​ដែល​ព្រះអម្ចាស់​មាន​ព្រះរាជ​បំណង​ចង់​ឲ្យ​យើង​ប្រែ​ក្លាយ ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:៩-១៩

ថ្ងៃ​ឈប់​សម្រាក​គឺ​ជា​ថ្ងៃ​របស់​ព្រះ​អម្ចាស់ ។

  • ដើម្បី​ជួយ​សិស្ស​ឲ្យ​រុក​រក​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​ដល់​ពួក​បរិសុទ្ធ​ជំនាន់​មុន​នៅ​រដ្ឋ​មិសសួរី​អំពី​ថ្ងៃ​ឈប់​សម្រាក អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ស្រាវ​ជ្រាវ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៩:៩–១៩ហើយ​ធ្វើ​បញ្ជី​មួយ​នៅ​លើ​ក្ដារ​ខៀន​អំពី​អ្វី​ដែល​ខគម្ពីរ​នីមួយៗ​បង្រៀន​យើង​អំពី​ថ្ងៃ​ឈប់​សម្រាក ។ សិស្ស​ក៏​អាច​ចែក​ចាយ​ពី​របៀប​ដែល​ទីបន្ទាល់​របស់​ពួក​គេ​អំពី​ថ្ងៃ​ឈប់​សម្រាក​បាន​កើន​ឡើង នៅ​ពេល​ពួក​គេ​បាន​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ ។Sabbath.ChurchofJesusChrist.orgមាន​វីដេអូ​មួយ​ចំនួន​ដែល​អាច​ជួយ​ចាប់​ផ្ដើម​ការ​ពិភាក្សា​មួយ​បាន ។

  • នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៩ ព្រះអម្ចាស់​បាន​បង្រៀន​អំពី​ថ្ងៃ​ឈប់​សម្រាក​ដោយ​ប្រើ​ពាក្យ​ដូចជា « ការ​ត្រេក​អរ », « រីក​រាយ » និង « អរ​សប្បាយ »​( ខ​ទី ១៤–១៥ ) ។ សិស្ស​អាច​​រកមើល​ពាក្យ​ទាំង​នេះ​នៅ​ក្នុង ខ​ទី ៩–១៩ ។ បន្ទាប់​មក សិស្ស​អាច​ចែក​ចាយ​អ្វី​ដែល​ពួក​គេ​ធ្វើ​ដើម្បី​ធ្វើ​ឲ្យ​ថ្ងៃ​ឈប់​សម្រាក​មាន​ភាព រីករាយ ។ តើ​យើង​អាច​ប្រើ​ខគម្ពីរ​ទាំង​នេះ​ដើម្បី​បង្រៀន​មនុស្ស​ដទៃ​ពី​ហេតុផល​ដែល​យើង​គោរព​ថ្ងៃ​ឈប់​សម្រាក​ដោយ​របៀប​ណា ?

  • ការ​ពិភាក្សា​នេះ​ក៏​អាច​ជា​ឱកាស​មួយ​សម្រាប់​សិស្ស​ដើម្បី​ចែក​ចាយ​គំនិត​អំពី​របៀប​ដែល​ពួក​គេ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ប្រើ​ថ្ងៃ​ឈប់​សម្រាក​ដើម្បី​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់​ពួក​គេ​ក្លាយ​ជា​មជ្ឈម​មណ្ឌល​នៃ​ការ​រៀន​សូត្រ​ដំណឹងល្អ​របស់​ពួក​គេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែក​ចាយ​ពី​របៀប​ដែល​ការ​ខិតខំ​របស់​ពួក​គេ​ជួយ​ពួក​គេ​បន្ត​« ឲ្យ​បាន​ពេញ​លេញ … កុំ​ឲ្យ​ប្រឡាក់​ពី​លោកិយ »​( ខ​ទី ៩ ) ។

    នំប៉័ង និង​ពែង​សាក្រាម៉ង់

    ពិធី​សាក្រាម៉ង់​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​គោរព​ថ្ងៃ​ឈប់​សម្រាក ។

រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ទុក្ខ​វេទនា​របស់​យើង​អាច​ដឹកនាំ​យើង​ទៅ​រក​ព្រះអង្គ​សង្គ្រោះ ។

លីនដា អេស រីវស៍ ជា​អតីត​សមាជិក​នៃ​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូ​ទៅ បាន​បង្រៀន​ថា

« ព្រះ​អម្ចាស់​អនុញ្ញាត​ឲ្យ​យើង​ទទួល​ការ​សាក​ល្បង ពេល​ខ្លះ​ដល់​កម្រិត​អតិមរិមា​នៃ​សមត្ថភាព​របស់​យើង ។ យើង​បាន​ឃើញ​ជីវិត​របស់​មនុស្ស​ជា​ទី​ស្រឡាញ់—ប្រហែល​ជា​របស់​យើង​ផ្ទាល់—​ត្រូវ​បាន​ដុត​ឆេះ​រាប​ដល់​ដី ហើយ​បាន​ងឿង​ឆ្ងល់​ថា ហេតុអ្វី​ព្រះបិតា​ជាទីស្រឡាញ់ ហើយ​មាន​ព្រះ​ទ័យ​ខ្វល់ខ្វាយ ទុក​ឲ្យ​រឿង​ដូច្នោះ​កើត​ឡើង​បាន ។ ប៉ុន្តែ​ទ្រង់​ពុំ​ទុក​យើង​ឲ្យ​នៅ​ក្នុង​ផេះ​ផង់​ទេ ទ្រង់​គង់​លាត​ព្រះហស្ត អញ្ជើញ​យើង​ឲ្យ​មក​រក​ទ្រង់ ។ …

« …ទ្រង់​ចង់​ជួយ​យើង លួងលោម​យើង ហើយ​សម្រាល​ការ​ឈឺ​ចាប់​យើង ពេល​យើង​ពឹង​លើ​អំណាច​នៃ​ដង្វាយ​ធួន និង​គោរព​សេចក្ដី​សញ្ញា​យើង​នោះ ។ ការ​សាក​ល្បង និង​ទុក្ខ​វេទនា ដែល​យើង​ជួប អាច​ជា​អ្វីៗ​ដែល​ដឹកនាំ​យើង​ឲ្យ​ទៅ​រក​ទ្រង់ ហើយ​តោង​ជាប់​សេចក្ដី​សញ្ញា​យើង ដើម្បី​យើង​អាច​ត្រឡប់​ទៅ​វត្តមាន​ទ្រង់ ហើយ​ទទួល​អ្វីៗ​ដែល​ព្រះបិតា​មាន »​( « Claim the Blessings of Your Covenants » EnsignLiahona ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ទំព័រ ១១៩–២០ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ប្រាកដ​ថា អ្នក​កំពុង​បង្រៀន​គោលលទ្ធិ​ពិត ។ « សូម​សួរ​ខ្លួន​អ្នក​ជា​បន្ដ​បន្ទាប់​ថា ‹ តើ​អ្វី​ដែល​ខ្ញុំ​កំពុង​បង្រៀន នឹង​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់​ខ្ញុំ​ឲ្យ​ស្ថាបនា​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះ​គ្រីស្ទ ប្រែ​ចិត្ត ចុះ និង​រក្សា​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ ហើយ​ទទួល​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​របៀប​ណា ? › »( ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២០ ) ។