« ថ្ងៃទី ២–៨ ខែ កញ្ញា ។ កូរិនថូសទី១ ១៤–១៦ ៖ ‹ ព្រះទ្រង់មិនមែនជាព្រះនៃសេចក្តីវឹកវរទេ គឺទ្រង់ជាព្រះនៃសេចក្តីសុខសាន្តវិញ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ២០១៩ )
« ថ្ងៃទី ២–៨ ខែ កញ្ញា ។ កូរិនថូសទី១ ១៤–១៦ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០១៩
ថ្ងៃទី ២–៨ ខែ កញ្ញា
កូរិនថូសទី ១ ១៤–១៦
« ព្រះទ្រង់មិនមែនជាព្រះនៃសេចក្តីវឹកវរទេ គឺទ្រង់ជាព្រះនៃសេចក្តីសុខសាន្តវិញ »
ពីមុនរំឭកគម្រោងមេរៀននេះឡើងវិញ សូមអាន កូរិនថូសទី ១ ១៤–១៦ ។ សូមកត់ត្រាការបំផុសគំនិតរបស់អ្នកស្ដីពីសេចក្ដីពិតអ្វីខ្លះដែលនឹងជួយសិស្សរបស់អ្នក ហើយបន្តស្វែងរកការដឹកនាំបន្ថែមទៀតមកពីព្រះវិញ្ញាណនៅអំឡូងសប្ដាហ៍នេះ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមទុកពេលពីរបីនាទីឲ្យសិស្សរំឭក កូរិនថូសទី ១ ១៤–១៦ ឡើងវិញ ហើយស្វែងរកខគម្ពីរមួយដែលពួកគេមានអារម្មណ៍ថាមានអត្ថន័យសំខាន់ ។ សូមអញ្ជើញពួកគេឲ្យរកសិស្សម្នាក់នៅក្នុងថ្នាក់ដែលពួកគេអាចចែកចាយខគម្ពីររបស់ពួកគេ ហើយពន្យល់អំពីហេតុផលដែលពួកគេបានជ្រើសរើសវា ។
បង្រៀនគោលលទ្ធិ
នៅពេលពួកបរិសុទ្ធបានប្រមូលផ្ដុំគ្នា ពួកគេគួរតែខិតខំដើម្បីស្អាងគ្នាទៅវិញទៅមក ។
-
សូមពិចារណាប្រើការបង្រៀនរបស់ប៉ុលនៅក្នុង កូរិនថូសទី ១ ១៤ ដើម្បីរំឭកសិស្សថា យើងទាំងអស់គ្នាអាចស្អាង—ឬគាំទ្រ ហើយលើកស្ទួយ—គ្នាទៅវិញទៅ មកនៅឯព្រះវិហារ ។ វិធីដ៏សាមញ្ញមួយដើម្បីរំឭកជំពូកនេះឡើងវិញអាចជាការសរសេរសំណួរមួយនៅលើក្ដារខៀន ដូចជាសំណួរថា តើគោលដៅរបស់យើងគួរជាអ្វីទៅ នៅពេលយើងប្រមូលផ្ដុំគ្នា ? សូមអញ្ជើញសិស្សឲ្យស្រាវជ្រាវរកចម្លើយដែលអាចមាននៅក្នុង កូរិនថូសទី ១ ១៤ ។ គំនិតផ្សេងទៀតអាចរកបាននៅក្នុង មរ៉ូណៃ ៦:៤–៥ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:១៧–២៣ ។ នៅពេលសិស្សចែកចាយអ្វីដែលពួកគេបានរកឃើញ សូមពិចារណាសួរថា តើពួកគេមានអារម្មណ៍បែបណាអំពីថ្នាក់រៀនរបស់អ្នកក្នុងការសម្រេចគោលដៅទាំងនេះ ។ ពួកគេក៏អាចចែកចាយបទពិសោធន៍ដែលពួកគេបានទទួលអារម្មណ៍ថា បានស្អាងដោយអ្វីមួយដែលសិស្សម្នាក់បានចែកចាយ ។
-
ដើម្បីជួយសិស្សឲ្យយល់អំពីការប្រឹក្សារបស់ប៉ុលដែលសិស្សគួរស្វែងរកការព្យាករ សូមពិចារណាសុំឲ្យពួកគេផ្ដល់និយមន័យនៃពាក្យ ការព្យាករ ។ អ្នក ឬសិស្សអាចសរសេរនិយមន័យនីមួយៗនៅលើក្ដារខៀន ហើយមើលឡើងវិញរួមគ្នាអំពីនិយមន័យនៃ ការព្យាករ នៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ និងការប្រឹក្សារបស់ប៉ុលនៅក្នុង កូរិនថូសទី ១ ១៤:៣, ៣១, ៣៩–៤០ ។ តើអ្វីខ្លះដែលយើងអាចបន្ថែមទៅលើនិយមន័យរបស់យើងមកពីធនធានទាំងនេះ ? ( សូមមើលផងដែរ វិវរណៈ ១៩:១០ ) ។ តើយើងបានបំផុសគំនិតឲ្យធ្វើអ្វីខ្លះនៅព្រះវិហារ និងនៅផ្ទះ ដោយសារតែការបង្រៀនរបស់ប៉ុល ?
ដោយសារព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ នោះយើងទាំងអស់គ្នានឹងរស់ឡើងវិញផងដែរ ។
-
តើអ្នកអាចប្រើទីបន្ទាល់របស់ប៉ុលនៅក្នុង កូរិនថូសទី ១ ១៥ ដើម្បីពង្រឹងទីបន្ទាល់របស់សិស្សអ្នកអំពីការរស់ឡើងវិញតាមរបៀបណា ? វិធីមួយអាចជាការបំបែកសិស្សជាពីរក្រុម ហើយសុំឲ្យក្រុមនីមួយៗមើលនៅក្នុង កូរិនថូសទី ១ ១៥ រកមើលផលវិបាកដែលយើងជួបប្រទះ ប្រសិនបើព្រះយេស៊ូវគ្រីស្ទពុំបានមានព្រះជន្មរស់ឡើងវិញ ។ ក្រុមផ្សេងទៀតអាចរកមើលពរជ័យដែលយើងទទួលបាន ដោយសារការមានព្រះជន្មរស់ឡើងវិញនៃព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់មក ក្រុមនីមួយៗអាចសរសេរនៅលើក្ដារខៀននូវអ្វីដែលពួកគេបានរៀន ។ តើពួកគេអាចបន្ថែមអ្វីខ្លះទៅនឹងបញ្ជីរបស់ពួកគេ បន្ទាប់ពីអានសេចក្ដីថ្លែងការណ៍របស់អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ? ដើម្បីជួយសិស្សឲ្យមានអារម្មណ៍ពីព្រះវិញ្ញាណនៅក្នុងការពិភាក្សានេះ សូមពិចារណាដាក់បង្ហាញរូបភាពមួយនៃព្រះអង្គសង្គ្រោះដែលមានព្រះជន្មរស់ឡើងវិញ( សូមមើល គម្រោងមេរៀនសម្រាប់សប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ) ។
-
ដោយសារប៉ុលកំពុងឆ្លើយតបទៅកាន់ប្រជាជនដែលមិនបានជឿលើការរស់ឡើងវិញ សិស្សអាចទទួលប្រយោជន៍មកពីការសម្ដែងអំពីស្ថានភាពដូចគ្នាមួយ ។ ឧទាហរណ៍ តើពួកគេអាចពង្រឹងសេចក្ដីជំនឿរបស់មនុស្សជាទីស្រឡាញ់ម្នាក់នៅក្នុងការរស់ឡើងវិញតាមរបៀបណា ? តើសិស្សរកឃើញអ្វីខ្លះនៅក្នុង កូរិនថូសទី ១ ១៥ ដែលនឹងជួយពួកគេឲ្យពន្យល់អំពីសេចក្ដីត្រូវការ និងភស្ដុតាងនៃការរស់ឡើងវិញនៃព្រះយេស៊ូវគ្រីស្ទ ? តើបទគម្ពីរអ្វីខ្លះទៀតដែលពួកគេអាចប្រើ ? ( ឧទាហរណ៍ សូមមើល លូកា ២៤:១–១២, ៣៦–៤៦, អាលម៉ា ១១:៤២–៤៥ ) ។
-
ប៉ុលយោងទៅកម្រិតបីនៃ សិរីល្អនៃការរស់ឡើងវិញជាច្រើនដងនៅក្នុងសំបុត្ររបស់គាត់ ( សូមមើល កូរិនថូសទី ១ ១៥:៤០–៤២ និង កូរិនថូសទី ១២:១–២ ) ។ ដើម្បីជួយសិស្សឲ្យរកឃើញរបៀបដែលវិវរណៈសម័យទំនើបអធិប្បាយអំពីការបង្រៀនរបស់ប៉ុល អ្នកអាចបំបែកសិស្សជាបីក្រុម ហើយឲ្យក្រដាសមួយសន្លឹកដែលមានរាងដូចជាព្រះអាទិត្យ ( គ. និង ស. ៧៦:៥០–៧០ ) ព្រះចន្ទ ( គ. និង ស. ៧៦:៧១–៨០ ) ឬផ្កាយ ( គ. និង ស. ៧៦:៨១–៨៩ ) ដល់ក្រុមនីមួយៗ ។ សូមអញ្ជើញពួកគេឲ្យអានបទគម្ពីរដែលទាក់ទងនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦ ហើយចែកចាយអ្វីដែលយើងចាំបាច់ត្រូវធ្វើដើម្បីទទួលសិរីល្អខុសគ្នាដែលប៉ុលបានពិពណ៌នា ។ សូមមើលផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣១:១–៤, ១៣៧:៧–១០ ។
-
កូរិនថូសទី ១ ១៥ គឺជាកន្លែងមួយក្នុងចំណោមកន្លែងមួយចំនួននៅក្នុងបទគម្ពីរដែលពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជនត្រូវបានលើកឡើង ( សូមមើល ខទី ២៩ សូមមើលផងដែរ គ. និង ស. ១២៨:១៨ ) ។ ប្រហែលជាសិស្សអាចចែកចាយបទពិសោធន៍ដែលពួកគេធ្លាប់ធ្វើបុណ្យជ្រមុជទឹក ឬពិធីបរិសុទ្ធផ្សេងទៀតសម្រាប់បុព្វការីជនរបស់ពួកគេ ។ សូមពិចារណាចែកចាយបទពិសោធន៍របស់វិលហ្វូឌ វូឌដ្រុព្វនៅក្នុង « ធនធានបន្ថែមទាំងឡាយ » ជាផ្នែកមួយនៃការពិភាក្សានេះ ។ ហេតុអ្វីប៉ុលអាចនឹងយោងទៅពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជនដើម្បីបង្ហាញអំពីការរស់ឡើងវិញ ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមឲ្យសិស្សគិតអំពីការសាកល្បងដែលពួកគេកំពុងជួបប្រទះ ឬភាពទន់ខ្សោយដែលពួកគេមាន ។ សូមប្រាប់ពួកគេថា នៅពេលពួកគេអាន កូរិនថូសទី ២ ពួកគេនឹងរៀនអំពីអ្វីដែលបានជួយប៉ុលឲ្យស៊ូទ្រាំនឹងការសាកល្បង និងរបៀបដែលគាត់បានមើលទៅភាពទន់ខ្សោយរបស់គាត់ ។
ធនធានបន្ថែមទាំងឡាយ
សារៈសំខាន់នៃ ដំណើររស់ឡើងវិញ ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានបង្រៀនថា
« សូមគិតបន្តិចអំពីអត្ថន័យពិតនៃដំណើររស់ឡើងវិញ ក្នុងការដោះស្រាយនៅទីបញ្ចប់ពីអត្តសញ្ញាណពិតរបស់ព្រះយេស៊ូវនៃណាសារ៉ែត និង ការប្រឆាំងខាងចិត្តវិទ្យា និង សំណួរនៃជីវិត ។ បើព្រះយេស៊ូវពិតជាមានព្រះជន្មរស់ឡើងវិញមែន វាចាំបាច់ត្រូវជឿថា ទ្រង់ជាសភាវៈអាទិទេព ។ គ្មានមនុស្សលោកណាម្នាក់មានអំណាចដោយខ្លួនឯងដើម្បីមានជីវិតម្ដងទៀត ក្រោយពីការស្លាប់នោះឡើយ ។ ដោយសារទ្រង់បានមានព្រះជន្មរស់ឡើងវិញ នោះព្រះយេស៊ូវមិនមែនត្រឹមតែជាជាងឈើ គ្រូបង្រៀន គ្រូគង្វាល ឬព្យាការីម្នាក់នោះទេ ។ ដោយសារទ្រង់បានមានព្រះជន្មរស់ឡើងវិញ នោះព្រះយេស៊ូវត្រូវតែជាព្រះមួយអង្គ គឺព្រះរាជបុត្រាតែមួយគត់របស់ព្រះវរបិតា ។
ហេតុដូច្នេះហើយ អ្វីដែលទ្រង់បង្រៀនគឺពិត ព្រះមិនអាចកុហកឡើយ ។
ហេតុដូច្នេះហើយ ទ្រង់ជាព្រះដ៏បង្កបង្កើតផែនដី ដូចដែលទ្រង់មានបន្ទូលហើយ ។
ហេតុដូច្នេះហើយ ស្ថានសួគ៌ និង ស្ថាននរកមានពិតមែន ដូចទ្រង់ត្រាស់បង្រៀនហើយ ។
ហេតុដូច្នេះហើយ មានពិភពវិញ្ញាណដែលទ្រង់បានយាងទៅ បន្ទាប់ពីការសុគត ។
ហេតុដូច្នេះហើយ ទ្រង់នឹងយាងមកម្ដងទៀត ដូចដែលទេវតាបានមានបន្ទូល ហើយ ‹ សោយរាជ្យនៅលើផែនដីផ្ទាល់ › ។
ហេតុដូច្នេះហើយ វានឹងមានការជំនុំជម្រះចុងក្រោយ និង ដំណើររស់ឡើងវិញដល់មនុស្សទាំងពួង » ( « The Resurrection of Jesus Christ » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១១៣ ) ។
ពិធីបរិសុទ្ធសម្រាប់មរណជន ៖ « ពន្លឺមកពីបល្ល័ង្កនៃព្រះ » ។
អែលឌើរ វិលហ្វូឌ វូឌដ្រុព្វ បានមានប្រសាសន៍ថា នៅពេលលោកបានដឹងថា សមាជិកសាសនាចក្រដែលនៅរស់អាចទទួលពិធីបរិសុទ្ធនៃការសង្គ្រោះជាប្រយោជន៍ដល់បុព្វការីជនរបស់ពួកគេដែលបានចែកឋានទៅ « វាប្រៀបបាននឹងពន្លឺមួយមកពីបល្ល័ង្កនៃព្រះចាំងចូលមកក្នុងដួងចិត្តរបស់យើងដូច្នោះដែរ ។ វាបានបើកគំនិតរបស់យើងឲ្យយល់ដឹងយ៉ាងទូលំទូលាយដល់ភាពអស់កល្បជានិច្ច » ។ លោកបានក៏បានថ្លែងផងដែរថា « វាបានបង្ហាញដល់ខ្ញុំថា ព្រះដែលទ្រង់បានបើកសម្ដែងគោលការណ៍នោះដល់មនុស្សគឺមានព្រះប្រាជ្ញាញាណ យុត្តិធម ហើយពិត ទ្រង់មានទាំងបុគ្គលិកលក្ខណៈដ៏ល្អបំផុត ព្រមទាំងព្រះទ័យ និងព្រះតម្រិះល្អ ។ ខ្ញុំបានទទួលអារម្មណ៍ថា ទ្រង់តែងតែមានទាំងសេចក្ដីស្រឡាញ់ សេចក្ដីមេត្តាករុណា យុត្តិធម៌ និងការកាត់សេចក្ដី ហើយខ្ញុំបានមានអារម្មណ៍ថាស្រឡាញ់ព្រះអម្ចាស់កាន់តែច្រើនជាងមុន ។ … ខ្ញុំមានអារម្មណ៍ថាចង់ពោលពាក្យ ហាលេឡូយ៉ា នៅពេលវិវរណៈនោះបានបើកសម្ដែងដល់យើងអំពីពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន » ។ …
លោកបានមានប្រសាសន៍ថា « រឿងដំបូងដែលមាននៅក្នុងគំនិតរបស់ខ្ញុំគឺថា ខ្ញុំមានម្ដាយម្នាក់នៅឯពិភពវិញ្ញាណ ។ គាត់បានចែកឋានទៅ កាលខ្ញុំអាយុ ១៤ ខែ » ។ … ក្រោយមក លោកបានថ្លែងអំពីគ្រាដែលលោកមានឱកាសធ្វើពិធីផ្សារភ្ជាប់ឲ្យអ្នកម្ដាយ និងលោកឪពុករបស់លោក « គាត់នឹងស្ថិតនៅក្នុងផ្នែកមួយនៃការរស់ឡើងវិញដំបូង ហើយរឿងនេះស័ក្ដសមនឹងការខិតខំពេញមួយជីវិតរបស់ខ្ញុំ » ( Teachings of Presidents of the Church: Wilford Woodruff, [ ឆ្នាំ២០០១ ] ទំព័រ ១៨៥–៨៦ ) ។