« ថ្ងៃទី ៩–១៥ ខែ កញ្ញា ។ កូរិនថូសទី២ ១–៧ ៖ ‹ ចូរឲ្យបានជាមេត្រីនឹងព្រះចុះ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ២០១៩ )
« ថ្ងៃទី ៩–១៥ ខែ កញ្ញា ។ កូរិនថូសទី២ ១–៧ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០១៩
ថ្ងៃទី ៩–១៥ ខែ កញ្ញា
កូរិនថូសទី ២ ១–៧
« ចូរឲ្យបានជាមេត្រីនឹងព្រះចុះ »
នៅពេលអ្នកអាន កូរិនថូសទី ១ ១–៧ នៅសប្ដាហ៍នេះ សូមគិតអំពីសិស្សជាក់លាក់—ដែលមកថ្នាក់រៀន និងអ្នកដែលមិនបានមក ។ តើគោលការណ៍ទាំងឡាយនៅក្នុងជំពូកទាំងនេះផ្ដល់ពរជ័យដល់ពួកគេតាមរបៀបណា ?
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមទុកពេលឲ្យសិស្សចែកចាយគំនិតដែលធ្វើឲ្យការសិក្សាព្រះគម្ពីររបស់ពួកគេកាន់តែមានប្រសិទ្ធភាព ។
បង្រៀនគោលលទ្ធិ
កូរិនថូសទី ២ ១:៣–៧, ៤:៦–១០, ១៧–១៨, ៧:៤–៧
ការសាកល្បងរបស់យើងអាចជាពរជ័យមួយ ។
-
ប្រហែលជាមានសិស្សម្នាក់នៅក្នុងថ្នាក់របស់អ្នកដែលកំពុងជួបនឹងការសាកល្បងដ៏លំបាកមួយ ។ បទពិសោធន៍ដែលប៉ុលបានពិពណ៌នា និងការប្រឹក្សាដែលគាត់បានផ្ដល់ឲ្យនៅក្នុងកូរិនថូសទី ២ អាចជួយសិស្សឲ្យគិតអំពីពរជ័យដែលអាចកើតចេញពីការសាកល្បងរបស់ពួកគេ ។ ដើម្បីចាប់ផ្ដើមការពិភាក្សាមួយ អ្នកអាចសុំឲ្យសិស្សម្នាក់មកថ្នាក់ដោយត្រៀមខ្លួននិយាយអំពីការសាកល្បងមួយដែលបានផ្ដល់ពរជ័យដល់ជីវិតគាត់ ឬអ្វីដែលគាត់បានរៀនមកពីមនុស្សម្នាក់ទៀតដែលបានស៊ូទ្រាំនឹងការសាកល្បងមួយ ។ បន្ទាប់មក អ្នកអាចទុកពេលពីរបីនាទីឲ្យសិស្សដើម្បីរំឭកឡើងវិញនូវ កូរិនថូសទី ២ ១:៣–៧, ៤:៦–១០, ១៧–១៨ និង ៧:៤–៧ ដោយរកមើលអ្វីដែលប៉ុលបានបង្រៀនអំពីគោលបំណង និងពរជ័យនៃការសាកល្បង ។ ( សម្រាប់ឧទាហរណ៍អំពីការបង្រៀនរបស់គាត់ សូមមើល គម្រោងមេរៀនប្រចាំសប្ដាហ៍ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ) ។ សូមឲ្យសិស្សចែកចាយពីអ្វីដែលពួកគេរកឃើញ ។ អ្នកអាចណែនាំពួកគេឲ្យអានឮៗនូវខគម្ពីរដែលពួកគេបានរកឃើញនូវការបង្រៀនជាក់លាក់មួយ រួចហើយចែកចាយបទពិសោធន៍ ឬទីបន្ទាល់មួយដែលទាក់ទងនឹងការបង្រៀននោះ ។
-
សូមពិចារណាទុកពេលឲ្យសិស្សសញ្ជឹងគិតអំពីរបៀបដែលការសាកល្បងអាចផ្ដល់ពរជ័យដល់ជីវិតរបស់យើង រួមបញ្ចូលទាំងការរំឭកឡើងវិញនូវការបង្រៀនរបស់ប៉ុលនៅក្នុង កូរិនថូសទី ២ ១:៣–៧, ៤:៦–១០, ១៧–១៨ និង ៧:៤–៧ ។ នៅពេលនេះពួកគេអាចសរសេរអំពីរបៀបដែលការបង្រៀនរបស់ប៉ុលអាចអនុវត្តចំពោះការរងទុក្ខដែលពួកគេជួបប្រទះនៅក្នុងជីវិតរបស់ពួកគេផ្ទាល់ ។
-
ដើម្បីបន្ថែមដល់ការពិភាក្សារបស់អ្នក សូមពិចារណាច្រៀងរួមគ្នាជាមួយនឹងសិស្សនូវទំនុកតម្កើងដែលពួកគេចូលចិត្តដែលថ្លែងទីបន្ទាល់អំពីការលួងលោមចិត្ត និងពរជ័យដែលព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះប្រទានដល់យើងនៅគ្រានៃការសាកល្បង—ដូចជា « គ្រឹះដ៏មាំមួន» ( ទំនុកតម្កើង ល.រ. ៦ ) ។ បន្ទាប់ពីច្រៀងរួមគ្នារួចហើយ អ្នកអាចអញ្ជើញសិស្សឲ្យរកមើលឃ្លាមួយនៅក្នុង កូរិនថូសទី ២ ១ និង ៤ ដែលពួកគេទទួលអារម្មណ៍ថាស័ក្ដិសមនឹងសារលិខិតនៃទំនុកតម្កើងនេះ ។
យើងទទួលបានពរជ័យ ហើយផ្ដល់ពរជ័យដល់មនុស្សដទៃនៅពេលយើងអភ័យទោស ។
-
យើងទាំងអស់គ្នាមានបទពិសោធន៍នៅពេលមនុស្សម្នាក់ « បានបណ្តាលឲ្យកើតមានសេចក្តីព្រួយ » ចំពោះយើង ឬគ្រួសាររបស់យើង ( ខទី ៥ ) ។ ប្រហែលជាសិស្សអាចស្រាវជ្រាវ កូរិនថូសទី ២ ២:៥–១១ ដោយរកមើលការប្រឹក្សាមកពីប៉ុលអំពីរបៀបប្រព្រឹត្តចំពោះមនុស្សម្នាក់ដែលធ្វើឲ្យយើងអាក់អន់ចិត្ត ។ សូមពិចារណាអញ្ជើញសិស្សឲ្យរំឭក លូកា ១៥:១១–៣២, យ៉ូហាន ៨:១–១១ និងពាក្យដកស្រង់ដោយអែលឌើរ ខេវិន អ័រ ដាន់ខិន ( សូមមើល « ធនធានបន្ថែមទាំងឡាយ » ) ដើម្បីរៀនបន្ថែមទៀតអំពីរបៀបដែលយើងគួរប្រព្រឹត្តចំពោះអ្នកដែលមានអំពើបាប ។ តើយើងបំផ្លាញខ្លួនឯង និងមនុស្សដទៃតាមរបៀបណា នៅពេលយើងមិនព្រមអភ័យទោស ?
តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងអាចស្រុះស្រួលនឹងព្រះ ។
-
មនុស្សជាច្រើនមកកាន់ព្រះវិហារជាមួយនឹងបំណងប្រាថ្នាដើម្បីទទួលអារម្មណ៍នៅជិតព្រះ ហើយការពិភាក្សាមួយអំពី កូរិនថូសទី ២ ៥:១៤–២១ អាចជួយពួកគេ ។ ដើម្បីចាប់ផ្ដើម សិស្សអាចរុករកអត្ថន័យនៃពាក្យ ស្រុះស្រួល ប្រហែលជាចាប់ផ្ដើមដោយរកមើលពាក្យនៅក្នុងវចនានុក្រមមួយ ។ តើការណ៍នេះផ្ដល់ការយល់ដឹងអ្វីខ្លះអំពីការស្រុះស្រួលនឹងព្រះ ? តើយើងទទួលបានការយល់ដឹងបន្ថែមអ្វីខ្លះទៀតមកពីពាក្យ « ដង្វាយធួន » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ? តើការយល់ដឹងទាំងនេះជួយយើងឲ្យយល់ កូរិនថូសទី ២ ៥:១៤–២១ តាមរបៀបណា ? អ្នកគួរអញ្ជើញសិស្សឲ្យចែកចាយអារម្មណ៍របស់ពួកគេអំពីព្រះអង្គសង្គ្រោះ ដែលដង្វាយធួនរបស់ទ្រង់ធ្វើឲ្យយើងបានរួបរួមនឹងព្រះ ។
សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះដឹកនាំទៅរកការប្រែចិត្ត ។
-
កូរិនថូសទី ២ ៧:៨–១១ ផ្ដល់ការពន្យល់ដ៏មានប្រយោជន៍មួយអំពីសេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ និងតួនាទីរបស់វានៅក្នុងការប្រែចិត្ត ។ តើយើងរៀនអ្វីខ្លះអំពីសេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះនៅក្នុង កូរិនថូសទី ២ ៧:៨–១១ និងប្រសាសន៍របស់ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ? ហេតុអ្វីសេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះចាំបាច់ចំពោះការប្រែចិត្ត ?
-
អ្នកអាចមានការបំផុសគំនិតឲ្យមានការពិភាក្សាដ៏ទូលំទូលាយមួយអំពីការប្រែចិត្ត ។ ប្រសិនបើដូច្នោះមែន អ្នកអាចសាកល្បងអ្វីមួយដូច្នេះ ៖ សូមសរសេរនៅលើក្ដារខៀនថា ការប្រែចិត្តគឺជា ។ សូមឲ្យសិស្សស្វែងរកវិធីដើម្បីបំពេញឃ្លានេះ ដោយប្រើអ្វីដែលពួកគេបានរៀននៅក្នុង កូរិនថូសទី ២ ៧:៨–១១ ក៏ដូចជានៅក្នុងបទគម្ពីរ និងធនធានផ្សេងទៀតដែលមាននៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។ តើពួកគេអាចប្រើការបង្រៀនទាំងនេះដើម្បីជួយមនុស្សម្នាក់ឲ្យយល់ពីរបៀបប្រែចិត្តដោយស្មោះសតាមរបៀបណា ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមសួរសិស្សថា តើពួកគេធ្លាប់អធិស្ឋានឲ្យការសាកល្បង ឬការរងទុក្ខមួយត្រូវបានដកចេញពីពួកគេដែរឬទេ ។ នៅក្នុង កូរិនថូសទី ២ ៨–១៣ ពួកគេនឹងរកឃើញរបៀបដែលប៉ុលបានឆ្លើយតប នៅពេលគាត់បានអធិស្ឋានសម្រាប់ការណ៍នេះ ប៉ុន្តែការអធិស្ឋានរបស់គាត់មិនត្រូវបានឆ្លើយតបតាមរបៀបដែលគាត់បានរំពឹងទុកឡើយ ។
ធនធានបន្ថែមទាំងឡាយ
ការមើលឃើញមនុស្សដទៃដូចជាព្រះទតមើលពួកគេ ជួយយើងឲ្យអភ័យទោស ។
អែលឌើរ ខេវិន អ័រ ដាន់ខិន បានបង្រៀនថា « គន្លឹះមួយដើម្បីអត់ទោសដល់មនុស្សដទៃ គឺត្រូវព្យាយាមចាត់ទុកពួកគេជាមនុស្សដែលព្រះចាត់ទុកពួកគេដែរ ។ ជួនកាល ព្រះអាចបើកវាំងនន ហើយប្រទានពរយើងដោយនូវអំណោយទាននៃការមើលធ្លុះដួងចិត្ត ព្រលឹង និងវិញ្ញាណនៃមនុស្សម្នាក់ទៀតដែលបានធ្វើឲ្យយើងរវាទចិត្ត ។ ការយល់ដឹងនេះអាចនឹងដឹកនាំទៅសេចក្ដីស្រឡាញ់ដ៏ធំធេងមួយសម្រាប់បុគ្គលនោះ » ( « The Healing Ointment of Forgiveness » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៣៤ ) ។
សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះបំផុសគំនិតឲ្យមានការផ្លាស់ប្ដូរ និងសេចក្ដីសង្ឃឹម ។
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ បានពន្យល់ថា
« សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ បំផុសឲ្យមានការផ្លាស់ប្ដូរ និងសេចក្ដីសង្ឃឹមតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ សេចក្ដីព្រួយខាងលោកិយ បំផ្លាញយើង ដកយកក្ដីសង្ឃឹម ហើយនាំយើងទៅរកការល្បួងបន្ថែមទៀត ។
« សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ នាំទៅរកការប្រែចិត្តជឿ និងការផ្លាស់ប្ដូរដួងចិត្ត ។ វាធ្វើឲ្យយើងស្អប់អំពើបាប ហើយស្រឡាញ់សេចក្ដីល្អ ។ វាលើកទឹកចិត្តយើងឲ្យក្រោកឈរ ហើយដើរក្នុងពន្លឺនៃក្ដីស្រឡាញ់របស់ព្រះគ្រីស្ទ ។ ការប្រែចិត្តពិតគឺទាក់ទងនឹងការកែប្រែ ពុំមែនការដាក់ទណ្ឌកម្ម ឬការឈឺចាប់នោះទេ » ( « You Can Do It Now! » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ២០១៣ ទំព័រ ៥៦ ) ។
តើការប្រែចិត្តគឺជាអ្វី ?
-
សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ការប្រែចិត្ត »
-
ឌែល ជី រិនឡាន់ « Repentance: A Joyful Choice » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ១២១–១២៤
អែលឌើរ នែល អិល អាន់ឌើរសិន បានបង្រៀនថា
« នៅពេលយើងធ្វើបាប យើងបែរចេញពីព្រះ ។ នៅពេលយើងប្រែចិត្ត យើងបែរទៅរកព្រះវិញ ។
« ការអញ្ជើញឲ្យប្រែចិត្តពុំមែនសុទ្ធតែជាសំឡេងនៃការវាយផ្ចាលទាំងអស់នោះទេ ផ្ទុយទៅវិញ វាក៏ជាការអំពាវនាវមួយដោយសេចក្ដីស្រឡាញ់ឲ្យត្រឡប់ថយក្រោយវិញ ហើយដើរ ‹ ឆ្ពោះសំដៅ › ទៅរកព្រះផងដែរ [ សូមមើល ហេលេមិន ៧:១៧ ] ។ វាគឺជាការដង្ហោយហៅរបស់ព្រះវរបិតាជាទីស្រឡាញ់ និងព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ ឲ្យយើងធ្វើជាមនុស្សល្អ ឲ្យយើងឈោងចាប់ផ្លូវដ៏ខ្ពស់មួយនៃជីវិតឲ្យយើងប្រែចិត្ត ហើយទទួលសុភមង្គលដែលកើតមានមកពីការគោរពតាមបទបញ្ញត្តិទាំងឡាយ ។ ការធ្វើជាសិស្សនៃព្រះគ្រីស្ទ យើងរីករាយនៅក្នុងពរជ័យនៃការប្រែចិត្ត និងអំណរនៃការអភ័យទោស ។ វាក្លាយជាផ្នែកមួយក្នុងជីវិតយើងដោយរៀបចំវិធីដែលយើងគិត ហើយទទួលអារម្មណ៍ ។ …
« សំខាន់បំផុតការប្រែចិត្តគឺជាដំណើរមួយលើសពីព្រឹត្តិការណ៍មួយគ្រាទៅទៀត ។ វាពុំងាយស្រួលទេ ។ ការផ្លាស់ប្ដូរគឺពិបាកណាស់ ។ វាតម្រូវឲ្យមានការរត់ចូលទៅក្នុងខ្យល់ ជាការធ្វើខុសពីមនុស្សដទៃ ។ ព្រះយេស៊ូវមានបន្ទូលថា ‹ បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ › [ ម៉ាថាយ ១៦:២៤ ] ។ ការប្រែចិត្តគឺជាការបែកឆ្ងាយពីកិច្ចការមួយចំនួនដូចជា ភាពមិនស្មោះត្រង់ ភាពឆ្មើងឆ្មៃ សេចក្ដីក្រោធ និង គំនិតមិនស្អាតស្អំ ហើយបែរទៅរកកិច្ចការមួយចំនួនវិញមានដូចជា ការមានសណ្ដានចិត្តល្អ ភាពមិនអាត្មានិយម ការអត់ធ្មត់ និង ជីវភាពខាងផ្លូវវិញ្ញាណ ។ វាគឺជា ‹ ការត្រឡប់ទៅរកព្រះ › វិញ ( « Repent … That I May Heal You » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៤០–៤១ ) ។