« ថ្ងៃទី ១៦–២២ ខែ កញ្ញា ។ កូរិនថូសទី២ ៨–១៣ ៖ ‹ ព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ២០១៩ )
« ថ្ងៃទី ១៦–២២ ខែ កញ្ញា ។ កូរិនថូសទី២ ៨–១៣ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០១៩
ថ្ងៃទី ១៦–២២ ខែ កញ្ញា
កូរិនថូសទី ២ ៨–១៣
« ព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ »
នៅពេលអ្នកអាន កូរិនថូសទី ២ ៨–១៣ សូមគិតអំពីមនុស្សដែលអ្នកបង្រៀន ហើយដាក់ផែនការសកម្មភាពដែលនឹងជួយពួកគេឲ្យរកឃើញគោលការណ៍នៅក្នុងជំពូកទាំងនេះ ។ បន្ទាប់មក សូមរំឭកគម្រោងមេរៀននេះឡើងវិញដើម្បីទទួលបានគំនិតបន្ថែមទៀត ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
នេះគឺជាវិធីមួយដើម្បីអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរៀនមកពី កូរិនថូសទី ២ ៨–១៣ ។ សូមឲ្យពួកគេពីរបីនាក់សរសេរនៅលើក្ដារខៀននូវឃ្លាមួយដែលពួកគេចូលចិត្តមកពីការអានរបស់ពួកគេ រួចហើយសុំឲ្យសិស្សផ្សេងទៀតស្វែងរកវានៅក្នុងបទគម្ពីរ ។ សូមអញ្ជើញសិស្សឲ្យចែកចាយថា ហេតុអ្វីបានជាឃ្លាទាំងនេះមានន័យចំពោះពួកគេ ។
បង្រៀនគោលលទ្ធិ
ពួកបរិសុទ្ធចែកចាយយ៉ាងរីករាយនូវអ្វីដែលពួកគេត្រូវឲ្យពរជ័យដល់ជនក្រីក្រ ហើយខ្វះខាត ។
-
ព្រះបានបង្គាប់ពួកបរិសុទ្ធរបស់ទ្រង់ដើម្បីជួយមើលថែដល់ជនខ្វះខាត និងវគ្គនៅក្នុង កូរិនថូសទី ២ ៨–៩ អាចបំផុសគំនិតសិស្សរបស់អ្នកនៅក្នុងការខិតខំរបស់ពួកគេ ។ ដើម្បីជួយសិស្សឲ្យស្វែងរកវគ្គទាំងនេះ អ្នកអាចសរសេរនៅលើក្ដារខៀននូវសំណួរដូចជា ហេតុអ្វីយើងផ្ដល់ឲ្យ ? និង តើយើងគួរផ្ដល់ឲ្យតាមរបៀបណា ? សិស្សពាក់កណ្ដាលអាចស្រាវជ្រាវរកចម្លើយនៅក្នុង កូរិនថូសទី ២ ៨:១–១៥ ហើយពាក់កណ្ដាលទៀតអាចស្រាវជ្រាវនៅក្នុង កូរិនថូសទី ២ ៩:៦–១៥ ។ ( អ្នកអាចពន្យល់ថា នៅក្នុង ជំពូក ៨ ខទី ១–៥ ប៉ុលបានលើកឡើងអំពីពួកបរិសុទ្ធសាសន៍ម៉ាសេដូន ជាឧទាហរណ៍នៃការផ្ដល់ឲ្យយ៉ាងសប្បុរស ) ។ តើគោលការណ៍ដែលប៉ុលបានបង្រៀនអាចជួយយើងឲ្យមើលថែដល់ជនក្រីក្រ និងអ្នកខ្វះខាតតាមរបៀបណា ?
-
ដើម្បីជួយសិស្សឲ្យយល់កាន់តែប្រសើរឡើងអំពីរបៀបរបស់ព្រះអម្ចាស់នៃការបំពេញសេចក្ដីត្រូវការខាងសាច់ឈាមនៃពួកបរិសុទ្ធរបស់ទ្រង់ មានធនធានជាច្រើនដែលបានសរសេរនៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។ ប្រហែលជាអ្នកអាចចាត់សិស្សពីរបីនាក់ឲ្យរំឭកធនធានមួយ ឬច្រើនក្នុងចំណោមធនធានទាំងនេះ ហើយចែកចាយអ្វីដែលធ្វើឲ្យពួកគេចាប់អារម្មណ៍ ។ តើសិស្សអាចស្វែងរកគំនិតនៅក្នុង កូរិនថូសទី ២ ៨:១–១៥, ៩:៦–១៥ ដោយបង្ហាញថា ពួកបរិសុទ្ធនៅជំនាន់របស់ប៉ុលបានមើលថែដល់ជនក្រីក្រតាមរបៀបដូចគ្នាដែលយើងធ្វើនៅសព្វថ្ងៃនេះដែរឬទេ ?
ពួកព្យាការីក្លែងក្លាយខិតខំបោកបញ្ឆោត ។
-
ដូចជាពួកបរិសុទ្ធសាសន៍កូរិនថូសដែរ ដោយសារយើងទាំងអស់គ្នាឆាប់ទទួលអារម្មណ៍នូវការបង្រៀនខុសឆ្គង នោះយើងអាចទទួលបានប្រយោជន៍មកពីការរំឭកឡើងវិញនូវការព្រមានរបស់ប៉ុលទៅកាន់ពួកកូរិនថូសអំពី « ពួកសាវកក្លែងក្លាយ » ។ សិស្សអាចនឹងរកឃើញគំរូនៃការបង្រៀនខុសឆ្គងដែលជះឥទ្ធិពលដល់យើងនៅសព្វថ្ងៃនេះ ក្នុងសារលិខិតរបស់អែលឌើរ ឃ្វីនថិន អិល ឃុក « ភាពក្លាហាននៅក្នុងទីបន្ទាល់ពីព្រះយេស៊ូវ » ( Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ៤០–៤៣ ) ។ ប្រហែលជាអ្នកអាចចាត់សិស្សម្នាក់ឲ្យអានសារលិខិតនេះទុកជាមុន ហើយចែកចាយជាមួយសិស្សផ្សេងទៀតនូវអ្វីដែលវាបង្រៀនអំពីរបៀបដែលយើងអាចចៀសវាងពី « ថ្មជំពប់ » ដែលដឹកនាំយើងចេញឆ្ងាយពីដំណឹងល្អ ។ តើការបង្រៀនផ្សេងទៀតអ្វីខ្លះនៅក្នុងពិភពលោកសព្វថ្ងៃនេះដែលអាចដឹកនាំយើងចេញឆ្ងាយពីសេចក្ដីពិតនៃដំណឹងល្អ ? អ្នកអាចសុំឲ្យសិស្សមើលឡើងវិញនៅក្នុង កូរិនថូសទី ២ ១១:២១–៣៣ ហើយចែកចាយអ្វីដែលពួកគេរៀនមកពីខគម្ពីរទាំងនេះអំពី « ការងារបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ » ។
យើងគួរតែ « ពិចារណា » អំពីភាពស្មោះត្រង់របស់យើងលើដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
-
ពេលខ្លះ សមាជិកសាសនាចក្រមានការថប់បារម្ភជាមួយនឹងតម្រូវការនៃជិវិត—ដោយរួមបញ្ចូលទាំងអ្វីដែលពួកគេអាចមើលឃើញថាជាតម្រូវការនៃការធ្វើជាពួកបរិសុទ្ធថ្ងៃចុងក្រោយម្នាក់ផងដែរ ។ ការប្រឹក្សារបស់ប៉ុលឲ្យ « ពិចារណាខ្លួនឯងមើល តើស្ថិតនៅក្នុងសេចក្តីជំនឿឬទេ »អាចជួយអ្នក និងសិស្សរបស់អ្នកផ្ដោតលើ « សេចក្តីទៀងត្រង់ខាងឯព្រះគ្រីស្ទ » ( កូរិនថូសទី ២ ១៣:៥, ១១:៣ ) ។ ប្រហែលជាអ្នកអាចអាន កូរិនថូសទី ២ ១១:៣ រួមគ្នា ហើយពិភាក្សាអំពីអត្ថន័យនៃឃ្លា « សេចក្តីទៀងត្រង់ខាងឯព្រះគ្រីស្ទ » ។ អ្នកក៏អាចសុំឲ្យសិស្សនឹកស្រមៃថា ពួកគេត្រូវបានអញ្ជើញឲ្យសរសេរការពិពណ៌នាមួយអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទសម្រាប់សារព័ត៌មានមួយ ត្រឹមតែ ១០០ ពាក្យប៉ុណ្ណោះ ។ សូមទុកពេលឲ្យពួកគេសរសេរការពិពណ៌នារបស់ពួកគេ ហើយអញ្ជើញពួកគេឲ្យចែកចាយជាមួយគ្នានូវអ្វីដែលពួកគេបានសរសេរ ។ ប្រសិនបើពួកគេត្រូវការជំនួយ ពួកគេអាចយោងទៅ យ៉ូហាន ៣:១៦–១៧, នីហ្វៃទី ៣ ២៧:១៣–២១ និង ពិតចំពោះសេចក្ដីជំនឿ ទំព័រ៧៦ ។ សូមអញ្ជើញសិស្សឲ្យពិចារណាថាតើពួកគេកំពុងបន្តស្មោះត្រង់យ៉ាងពិត ចំពោះគោលការណ៍គ្រឹះនៃដំណឹងល្អដែរឬទេ ។
-
ដើម្បីជួយសិស្សឲ្យ « ពិចារណា » អំពីរបៀបដែលពួកគេអាចធ្វើឲ្យជីវិតរបស់ពួកគេកាន់តែសាមញ្ញដើម្បីធ្វើជាពួកសិស្សកាន់តែប្រសើរ អ្នកអាចចែកចាយសេចក្ដីថ្លែងការណ៍របស់ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។ សិស្សអាចពិភាក្សាអំពីរបៀបដែលពួកគេអាចអនុវត្តការអញ្ជើញរបស់ប្រធាន អុជដូហ្វឲ្យ « ផ្ដោតអារម្មណ៍លើគោលលទ្ធិ គោលការណ៍សំខាន់ៗ និង អនុវត្តន៍នៃដំណឹងល្អ » ។ តើគំនិតផ្សេងទៀតអ្វីទៅដែលសិស្សមានអំពីរបៀបដែលយើងអាចពិចារណាខ្លួនឯង ដើម្បីប្រាកដថា យើងបន្តស្មោះត្រង់ចំពោះសេចក្ដីជំនឿ ?
ព្រះគុណរបស់ព្រះសង្គ្រោះគឺគ្រប់គ្រាន់ដើម្បីជួយយើងឲ្យរកឃើញកម្លាំងនៅក្នុងភាពទន់ខ្សោយរបស់យើង ។
-
តើអ្នកនឹងនិយាយអ្វីទៅកាន់មិត្តម្នាក់ដែលបានអធិស្ឋានសូមការសម្រាលចេញពីជំងឺខាងរូបកាយ ប៉ុន្តែទទួលអារម្មណ៍ថា ការអធិស្ឋាននោះមិនបានទទួលចម្លើយសោះ ? សូមគិតអំពីការអញ្ជើញសិស្សឲ្យពិចារណាសំណួរនេះ នៅពេលពួកគេអាន កូរិនថូសទី ២ ១២:៥–១០ដោយស្ងៀមស្ងាត់ ។ បន្ទាប់មក ពួកគេអាចចែកចាយការយល់ដឹងចេញពីខគម្ពីរទាំងនេះដែលអាចជួយនៅក្នុងស្ថានភាពនេះ ។ ពួកគេក៏អាចចែកចាយបទពិសោធន៍នានាផងដែរ នៅពេលពួកគេបានស្វែងរកកម្លាំងនៅក្នុងភាពទន់ខ្សោយ តាមរយៈព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ។ តើបទពិសោធន៍នោះបានជះឥទ្ធិពលដល់ជីវិតរបស់ពួកគេដូចម្ដេចខ្លះ ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
ដើម្បីលើកទឹកចិត្តសិស្សរបស់អ្នកឲ្យអានកាឡាទី អ្នកអាចសួរថាតើពួកគេស្គាល់នរណាម្នាក់ដែលបានឃ្លាតឆ្ងាយពីដំណឹងល្អដែរឬទេ ។ ប្រសិនបើពួកគេស្គាល់ ពួកគេគួរអានអំពីរបៀបដែលប៉ុលបានអញ្ជើញពួកសាសន៍កាឡាទីដែលបានឃ្លាតចេញពីដំណឹងល្អឲ្យត្រឡប់មកវិញ ។
ធនធានបន្ថែមទាំងឡាយ
របៀបរបស់ព្រះអម្ចាស់នៃការផ្ដល់ដល់ជនក្រីក្រ និងអ្នកខ្វះខាត ។
-
ម៉ូសាយ ៤:១៦–២៧, អាលម៉ា ៣៤:២៧–២៩, គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:១៤–១៨ ។
-
ក្បួនខ្នាតភាគ ២ ៖ ការគ្រប់គ្រងសាសនាចក្រ ( ឆ្នាំ ២០១០ ) ៦.១ ។
-
« ដង្វាយមួយភាគក្នុងដប់ និង ដង្វាយតាមអាហារ » ដើម្បីកម្លាំងនៃយុវជន ( ឆ្នាំ ២០១១ ) ទំព័រ ៣៨–៣៩ ។
-
ទំនុកតម្កើង ៖ « ព្រោះខ្ញុំត្រូវបានផ្ដល់ពរច្រើន » « ខ្ញុំនឹងដើរតាមព្រះអង្គ » « តើខ្ញុំបានធ្វើល្អឬទេ ? » ( ទំនុកតម្កើង ល.រ. ១៣៤, ១៣៥, ១៣៨ ) ។
-
សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សុខុមាលភាព » topics.lds.org ។
យើងអាចធ្វើឲ្យការចាប់ផ្ដើមរបស់យើងចំពោះការរស់នៅតាមដំណឹងល្អងាយស្រួល ។
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ បានបង្រៀនថា
« បងប្អូនប្រុសស្រី ការរស់នៅតាមដំណឹងល្អពុំចាំបាច់មានភាពសាំញ៉ាំនោះទេ ។
« វាពិតជាពុំមានភាពស្មុគស្មាញឡើយ ។ វាអាចនិយាយបានដូចនេះ ៖
-
« ការស្ដាប់បន្ទូលព្រះដោយមានចិត្តស្មោះនាំឲ្យយើងជឿលើព្រះ ហើយទុកចិត្តលើការសន្យារបស់ទ្រង់ ។
-
« ដរាបណាយើងកាន់តែជឿលើព្រះ នោះចិត្តរបស់យើងកាន់តែពេញដោយក្ដីស្រឡាញ់ចំពោះទ្រង់ និង ចំពោះគ្នាទៅវិញទៅមក ។
-
« ដោយសារយើងស្រឡាញ់ព្រះ នោះយើងមានបំណងដើរតាមទ្រង់ ហើយប្រព្រឹត្តឲ្យស្របទៅតាមព្រះបន្ទូលទ្រង់ ។
-
« ដោយសារយើងស្រឡាញ់ព្រះ យើងចង់បម្រើទ្រង់ យើងចង់ផ្ដល់ពរជ័យដល់ជីវិតមនុស្សទូទៅ ហើយជួយជនក្រីក្រ និង អ្នកខ្វះខាត ។
-
« ដរាបណាយើងកាន់តែដើរនៅលើមាគ៌ានៃភាពជាសិស្សនេះ នោះយើងកាន់តែមានបំណងរៀនអំពីបន្ទូលព្រះ ។
« វាដំណើរការដូចនេះឯង ជំហាននីមួយៗនាំទៅរក ហើយបំពេញយើងដោយសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និង សេចក្ដីសប្បុរសកើនឡើងជាដរាប ។
« វាមានភាពសាមញ្ញ ហើយវាដំណើរការទៅដោយសាមញ្ញ ។
« បងប្អូនប្រុសស្រី បើបងប្អូនគិតថា ដំណឹងល្អពុំផ្ដល់ប្រយោជន៍គ្រប់គ្រាន់ដល់បងប្អូនទេ ខ្ញុំសូមអញ្ជើញបងប្អូន ឲ្យថយក្រោយបន្ដិច ក្រឡេកមើលជីវិតរបស់បងប្អូនពីលើទីខ្ពស់ រួចធ្វើឲ្យដំណើរជីវិតឆ្ពោះទៅរកភាពជាសិស្សភាពសាមញ្ញ ។ សូមផ្ដោតអារម្មណ៍លើគោលលទ្ធិ គោលការណ៍សំខាន់ៗ និង ការអនុវត្តនៃដំណឹងល្អ ។ ខ្ញុំសូមសន្យាថា ព្រះនឹងដឹកនាំ ហើយប្រទានពរបងប្អូននៅលើមាគ៌ាទៅកាន់ជីវិតដ៏ពេញលេញ ហើយដំណឹងល្អនឹងពិតជាផ្ដល់ប្រយោជន៍កាន់តែច្រើនដល់បងប្អូន » ( « It Works Wonderfully » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ២០១៥ ទំព័រ ២២ ) ។