ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៧—គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦⁠ ៖ « ចូរ​មើល​មក​ឯ​យើង​ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ កុំ​ខ្លាច​ឡើយ »


« មេរៀន​ទី ១៧—គោលលទ្ធិ និងសេចក្ដីសញ្ញា ៦⁠ ៖ ‹ ចូរ​មើល​មក​ឯ​យើង​ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ កុំ​ខ្លាច​ឡើយ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តីសញ្ញា ៦ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១៧ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៦–៩

គោលលទ្ធិ និងសេចក្ដីសញ្ញា ៦

« ចូរ​មើល​មក​ឯ​យើង​ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ កុំ​ខ្លាច​ឡើយ »

ព្រះហស្ដ​លាតសន្ធឹង​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើងវិញ

នៅថ្ងៃទី ៥ ខែ មេសា ឆ្នាំ ១៨២៩ អូលីវើរ ខៅឌើរី បាន​ជួប យ៉ូសែប ស្ម៊ីធ ជា​លើកដំបូង ។ ពីរថ្ងៃ​ក្រោយមក លោក​បាន​ធ្វើជា​អ្នក​សរសេរ​ឲ្យ​យ៉ូសែប​សម្រាប់​ការបកប្រែ​ព្រះគម្ពីរ​មរមន ។ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦ រួមមាន​នូវ​ដំបូន្មាន​ពី​ព្រះអម្ចាស់​ដែល​ឆ្លើយតប​នឹង​សំណួរ និង​កង្វល់​ជាច្រើន​ដែល អូលីវើរ មាន​អំពី​ការចូលរួម​ក្នុង​កិច្ចការ​ព្រះអម្ចាស់ ។ មេរៀននេះ​មាន​គោលបំណង​ជួយ​សិស្ស​ឲ្យ​ដាក់ទី​ទុកចិត្ត​លើ​ព្រះអង្គ​សង្គ្រោះ នៅពេល​ពួកគេ​ប្រឈមមុខ​នឹង​ការសង្ស័យ និង​ការភ័យខ្លាច ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការសង្ស័យ និង​ការភ័យខ្លាច

សូម​ពិចារណា​សរសេរ​សំណួរ​ខាងក្រោម​នៅលើ​ក្តារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅ​ខាងក្រោម​សំណួរ​នោះ ។ ការណ៍នេះ​អាច​ធ្វើឡើង​ពីមុន​ចាប់ផ្តើម​ថ្នាក់ ឬ​នៅ​ដើម​មេរៀន ។

  • តើ​មាន​ការភ័យខ្លាច ការសង្ស័យ ឬ​ការព្រួយបារម្ភ​អ្វីខ្លះ​ដែល​ពួក​ក្មេងជំទង់​អាច​នឹង​មាន ?

បន្ទាប់ពី​ពិភាក្សា​អំពី​សំណួរ​ពីមុន​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ការភ័យខ្លាច ការសង្ស័យ ឬ​ការព្រួយបារម្ភ​ដែល​ពួកគេ​អាច​នឹង​មាន​នៅ​ក្នុង​ជីវិត​ពួកគេ​ផ្ទាល់ ។ សូម​ពន្យល់​ថា គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦ មាន​សេចក្ដីពិត​ដែល​អាច​ជួយ​ពួកគេ​នៅ​គ្រា​បែប​នេះបាន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​សេចក្ដីពិត​ទាំងនេះ នៅពេល​ពួកគេ​កំពុង​សិក្សា ។

អូលីវើរ ខៅឌើរី ចាប់​ផ្ដើម​ជួយ យ៉ូសែប ស៊្មីធ

សូម​ពន្យល់​ថា គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦ មាន​នូវ​វិវរណៈ​មួយ​ដែល​បាន​ផ្ដល់​ដល់ អូលីវើរ ខៅឌើរី ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​អូលីវើរ​បានជួប យ៉ូសែប ស្ម៊ីធ ដំបូង​អ្នក​អាច​បង្ហាញ​វីដេអូ « Days of Harmony » ចាប់ពី​នាទី​ទី ៣:០៧ ដល់​នាទី​ទី ៧:១៨ ។ វីដេអូ​នេះ​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ ម្យ៉ាងវិញ​ទៀត សិស្ស​ក្នុង​ថ្នាក់​អាច​អាន ពួកបរិសុទ្ធ ៖ រឿងអំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយភាគ ១ បទដ្ឋាននៃ​សេចក្ដីពិត ឆ្នាំ ១៨១៥–ឆ្នាំ ១៨៤៦( ឆ្នាំ ២០១៨ ) ចាប់ផ្ដើម​ពី ទំព័រ ៥៨–៦០ឬ​⁠អ្នក​អាច​សង្ខេប​ឃ្លា​ដូច​ខាងក្រោម​នេះ ។

25:0

អូលីវើរ ខៅឌើរី គឺជា​គ្រូបង្រៀន​ដែល​បាន​ចាប់ផ្តើម​បង្រៀន​ជាមួយ​ឪពុក​ម្តាយ​របស់ យ៉ូសែប ស្ម៊ីធ នៅ​រដូវ​ស្លឹកឈើ​ជ្រុះ ឆ្នាំ ១៨២៨ ។ នៅ​ខណៈពេល​ដែល​កំពុង​ស្នាក់នៅ​ជាមួយ​ក្រុមគ្រួសារ ស្ម៊ីធ នោះ អូលីវើរ បាន​ដឹង​អំពី​ការហៅបម្រើ​ដ៏​ទេវភាព​របស់ យ៉ូសែប និង​ការបកប្រែ​ព្រះគម្ពីរ​មរមន​ដែល​កំពុង​ធ្វើ​ឡើង ។ អូលីវើរ​បាន​ទទួល​អារម្មណ៍​បំផុស​គំនិត​ឲ្យ​សួរ​ថា តើ​គាត់​អាច​ជួយ​យ៉ូសែប​ក្នុង​ដំណើរ​ការបកប្រែ​នេះបាន​ឬ​អត់ ។ នៅ​និទាឃរដូវ​ឆ្នាំ ១៨២៩ អូលីវើរ​បាន​អមដំណើរ​ប្អូនប្រុស​របស់​យ៉ូសែប​គឺ សាំយូអែល ទៅកាន់​ភូមិ​ហាម៉ូនី រដ្ឋ​ផែនសិលវេញ៉ា ដើម្បីជួប​ព្យាការី​ជាលើក​ដំបូង ។

  • បើ​អ្នក​បាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដូច អូលីវើរ ខៅឌើរី តើ​អ្នក​អាច​មាន​សំណួរ ឬ​កង្វល់​អ្វីខ្លះ​នៅ​អំឡុងពេល​នេះ ?

មិនយូរ​ប៉ុន្មាន​បន្ទាប់ពី​បាន​មក​ដល់​ភូមិ​ហាម៉ូនី អូលីវើរ​ក៏​បាន​ធ្វើជា​អ្នក​សរសេរ​ឲ្យ​ យ៉ូសែប ស្ម៊ីធ ។ បើទោះបី​ជា​ អូលីវើរ​ ​បាន​ទទួល​ការបញ្ជាក់​ពី​ព្រះ​ពី​មុន​អំពី​អំណោយទាន​ព្យាការី​របស់​យ៉ូសែប​ដើម្បី​បកប្រែ​ក៏ដោយ ក៏​លោក​នៅតែ​មាន​ចម្ងល់​អំពី​ការចូលរួម​ផ្ទាល់ខ្លួន​លោក​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់​ដែរ ។ យ៉ូសែប ស៊្មីធ បានទទួល​វិវរណៈ​ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៦ នៅ​អំឡុងពេល​នេះ ។

ការស្គាល់ និង​ការដាក់​ទីទុកចិត្ត​លើ​ព្រះអង្គ​សង្រ្គោះ

សូម​អាន គោលលទ្ធិ និងសេចក្តីសញ្ញា ៦:១៤–២៤, ៣២–៣៧ ដោយ​រកមើល​ដំបូន្មាន​មួយចំនួន​របស់​ព្រះអម្ចាស់​ចំពោះ​អូលីវើរ ។ សូម​យក​ចិត្តទុកដាក់​ជា​ពិសេស​ចំពោះ​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​អំពី​ព្រះអង្គ​ទ្រង់ ដែល​អាច​ជួយ​យើង​បាន​នៅ​អំឡុងពេល​នៃ​ភាព​មិនប្រាកដ​ប្រជា ឬ​មាន​ការភ័យខ្លាច ។

បន្ថែម​ពី​លើ​ការអាន​ខគម្ពីរ​ទាំង​នេះ សិស្ស​ក៏​អាច​នឹង​មើល​វីដេអូ « Days of Harmony » ចាប់ពី​នាទី​ទី ១៥:០២ ដល់​នាទី​ទី ១៧:៤៩ បាន​ផងដែរ ។

25:0

ដើម្បី​ជួយសិស្ស​ឲ្យ​ទទួលយក​អ្វី​ដែល​ពួកគេ​កំពុង​អាន សូម​ពិចារណា​បង្ហាញ​រូបភាព​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅលើ​ក្ដារខៀន ។ នៅពេល​សិស្ស​ស្វែងយល់​ពីការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ចេញពី​ខគម្ពីរ​ទាំងនេះ​រួចហើយ ពួកគេ​អាច​នឹង​សរសេរ​ការបង្រៀន​ទាំងនោះ​នៅ​ជុំវិញ​រូបភាព​នៅលើ​ក្ដារខៀន​បាន ។

  • តើ​អ្នក​បានរៀន​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​អាច​ជួយ​ឲ្យ​អ្នក​ដាក់​ទី​ទុកចិត្ត​របស់​អ្នក​នៅលើ​ទ្រង់ នៅពេល​អ្នក​ជួបប្រទះ​ការភ័យខ្លាច ការសង្ស័យ ឬ​ការព្រួយបារម្ភ ?

  • តើ​សេចក្ដីពិត​ទាំងនេះ​អំពី​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​អ្នក​នៅគ្រា​បែប​នោះ​បាន​យ៉ាង​ដូចម្ដេច ?

សូម​មើល​ទៅ​ព្រះយេស៊ូវ​គ្រីស្ទ

រូបតំណាង​ចំណេះចំណាន​ខាង​គោលលទ្ធិ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦:៣៦ គឺជា​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​មួយ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​ពួកគេ​អាច​ងាយ​រក​វា​ឃើញ ។

សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦:៣៦–៣៧ ម្ដងទៀត ដោយ​រកមើល​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​អូលីវើរ ។

  • តើ​អ្នក​នឹង​សង្ខេប​សេចក្ដីពិត​ដែលបាន​បង្រៀន​នៅក្នុង ខទី ៣៦⁠ យ៉ាង​ដូចម្ដេច ?

អ្នក​អាច​ចង់​គូសបញ្ជាក់​ថា យើង​អាច​យកឈ្នះ​លើ​ការសង្ស័យ និង​ការភ័យខ្លាច​បាន នៅពេល​ដែល​យើង​សម្លឹងមើល​ទៅ​ព្រះយេស៊ូវគ្រីស្ទ ។

តើ​អ្នក​គិត​ថា ការមើល​ទៅ​ព្រះយេស៊ូវគ្រីស្ទ​គ្រប់​ទាំង​គំនិត​មាន​ន័យ​យ៉ាងណា ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​មើលឃើញ​ពី​ទំនាក់ទំនង​រវាង​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង ខទី ៣៦ និង ៣៧ សូម​ពិចារណា​បង្ហាញ​រូបភាព​ចាប់តាំង​ពី​ដើម​មេរៀន​មក ។ សូម​ពន្យល់​ថា ការមើល​អ្វីមួយ​មាន​ន័យ​ថា​ការមើលឃើញ និង​ការសង្កេត ។ បន្ទាប់មក សូម​សួរ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ព្រះអង្គ​សង្គ្រោះ​សព្វព្រះទ័យ​ឲ្យ​យើង « មើល » របួស​របស់​ទ្រង់ ? ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦:៣៧ ) ។

  • តើ​ការចងចាំ​ដង្វាយធួន និង​ការ​មាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ទ្រង់​អាច​មាន​ឥទ្ធិពល​អ្វីខ្លះ​មកលើ​យើង ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​របៀប​ដែល​ពួកគេ​អាច​មើល​ទៅ​ព្រះយេស៊ូវគ្រីស្ទ សូម​ពិចារណា​បង្ហាញ​សាច់រឿង​នានា​ដូច​ខាងក្រោម ។ អ្នក​ក៏​អាច​បង្កើត​សាច់រឿង​ផ្សេងៗទៀត​ដែល​ទាក់ទង​នឹង​កាលៈទេសៈ​របស់​សិស្ស​អ្នក​ផងដែរ ។

អានណា មាន​សំណួរ​អំពី​ដំណឹងល្អ​ដែល​ពុំ​ទាន់​ទទួល​បាន​ចម្លើយ ។ ពេលខ្លះ នាង​មាន​អារម្មណ៍​ថា​ទីបន្ទាល់​របស់នាង​មិន​រឹងមាំ​ល្មម​នឹង​ជួយ​នាង​ឲ្យ​យក​ឈ្នះ​លើ​ការសង្ស័យ​របស់នាង​បាន​ទេ ។

អេរិច⁠ កំពុង​ពុះពារ​នឹង​អារម្មណ៍​នៃ​ការ​ឲ្យ​តម្លៃ​លើ​ខ្លួនឯង ។ គាត់​មាន​អារម្មណ៍​ថា គ្មាន​នរណា​ម្នាក់​ឲ្យ​តម្លៃ​គាត់​នៅ​សាលា​នោះ​ទេ ។

ឪពុកម្តាយ​របស់ សូហ្វី កំពុង​ជួប​ការលំបាក​ក្នុង​ការ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​ក្រុមគ្រួសារ​ពួកគាត់ ។ នាង​ព្រួយបារម្ភថា ឪពុកម្តាយ​នាង​អាច​នឹង​មិន​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​បំពេញ​តម្រូវការ​ទាំងអស់​របស់​គ្រួសារ​នាង​បាន​ទេ ។

សូម​ពិចារណា​បំបែក​សិស្ស​ទៅជា​ក្រុមតូចៗ ហើយ​ចាត់​សាច់រឿង​មួយ​ឲ្យ​ក្រុម​នីមួយៗ​ផ្ដោត​លើ កាល​ដែល​ពួកគេ​ពិភាក្សា​សំណួរ​ដូច​ខាងក្រោម ។

  • តើ​អ្វីទៅ​គឺជា​របៀប​យ៉ាង​ហោច​ណាស់​បី​យ៉ាង ដែល​បុគ្គល​ទាំងនេះ​អាច​មើល​ទៅ​ព្រះគ្រីស្ទ​ក្នុង​ស្ថានភាព​របស់​ពួកគេ​បាន ?

  • តើ​ការធ្វើរឿង​ទាំងនេះ​អាច​នឹង​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ក្នុង​ជីវិត​របស់​បុគ្គល​ទាំងនេះ​ដោយ​របៀប​ណា​ខ្លះ ?

បន្ទាប់ពី​សិស្ស​បាន​ពិភាក្សា​ជាមួយ​ក្រុម​ពួកគេ​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ចម្លើយ​មួយចំនួន​របស់​ពួកគេ​នៅ​ក្នុង​ថ្នាក់​រៀន​ទាំងមូល ។ ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ វា​អាច​មាន​អត្ថប្រយោជន៍​ក្នុងការ​សួរ​សិស្ស​ពី​របៀប​ដែល​សកម្មភាព​ដែល​ពួកគេ​បាន​ស្វែងយល់​គឺជា​ឧទាហរណ៍​នៃ​ការមើលទៅ​ព្រះគ្រីស្ទ ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ឧទាហរណ៍⁠​អំពី​របៀប​ដែល​ពួកគេ​បាន​ទទួលពរជ័យ នៅពេល​ពួកគេ​បាន​មើលទៅ​ព្រះយេស៊ូវ​គ្រីស្ទ​ក្នុង​ជីវិត​របស់​ពួកគេ​ផងដែរ ។

ការអនុវត្តវា​ទៅ​ក្នុង​ជីវិត​របស់​អ្នក

ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​តាម​ការទូន្មាន​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​មើល​ទៅទ្រង់ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត​អំពី​ការភ័យខ្លាច ការសង្ស័យ ឬ​ការព្រួយ​បារម្ភ​របស់​ពួកគេ​ផ្ទាល់ ដែល​ពួកគេ​បាន​គិត​ឃើញ​នៅ​ដើម​មេរៀន​នេះ ។ សូម​ដាក់បង្ហាញ​សំណួរ​ខាងក្រោម​នេះ ហើយ​ផ្ដល់ពេល​ឲ្យ​សិស្ស​ឆ្លើយ​សំណួរ​ទាំងនេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

  • នៅ​ថ្ងៃនេះ តើ​អ្នក​បានរៀនសូត្រ ឬ​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អាច​ជួយ​អ្នក​ឲ្យ​ដោះស្រាយ​ការភ័យខ្លាច ការសង្ស័យ ឬ​ការព្រួយបារម្ភ​ដែល​អ្នក​មាន ?

  • តើ​មាន​វិធី​ជាក់លាក់​អ្វីខ្លះ ដែល​អ្នក​នឹង​ខិតខំ​អនុវត្ត​តាម​ដំបូន្មាន​របស់​ព្រះអង្គ​សង្រ្គោះ​ឲ្យ « មើល​មក​ឯ [ ទ្រង់ ] ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ ចូរ​កុំ​ខ្លាច​ឡើយ » ?

ទន្ទេញ​

អ្នក​អាច​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​នៃ គោលលទ្ធិ ⁠និង​សេចក្ដីសញ្ញា ៦:៣៦ ហើយ​រំឭក​វា​ឡើងវិញ​នៅក្នុង​មេរៀន​ក្រោយៗ​បាន​ផងដែរ ។ ឃ្លា​បទគម្ពីរ​គន្លឹះ​គឺជា​ខគម្ពីរ​ទាំងមូល ៖ « ចូរ​មើល​មក​ឯ​យើង​ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ ចូរ​កុំ​ខ្លាច​ឡើយ » ។ គំនិត​សម្រាប់​សកម្មភាព​ទន្ទេញ មាន​នៅក្នុង​ឯកសារ​ឧបសម្ព័ន្ធ​ដែល​នៅក្រោម « សកម្មភាព​រំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ឡើងវិញ » ។