ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២០—ការអនុវត្ត​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ១ ៖ ការទន្ទេញ និង​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ


« មេរៀន​ទី ២០—ការអនុវត្ត​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ១ ៖ ការទន្ទេញ និង​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« ការអនុវត្ត​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ១ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ២០ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៦-៩

ការអនុវត្ត​តាម​ចំណេះចំណាន​ខាង​គោលលទ្ធិទី ១

ការទន្ទេញ និង​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ

យុវវ័យម្នាក់​កំពុងនិយាយគ្នា​ជាមួយ​មិត្តភក្ដិ

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​អាច​ជួយ​សិស្ស​ឲ្យ​សង់គ្រឹះ​សម្រាប់​ជីវិត​ពួកគេ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់ ។ មេរៀននេះ​នឹងផ្តល់​ឱកាសឲ្យ​សិស្សរៀន​វគ្គ​បទគម្ពីរចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​សេចក្តីពិត​ដែលវគ្គ​ទាំងនេះមាន ក៏​ដូចជា​ការរៀនសូត្រ និង​ការអនុវត្ត​គោលការណ៍​ដ៏ទេវភាព​ដើម្បីទទួលបាន​ចំណេះដឹងខាង​វិញ្ញាណ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ ទន្ទេញ

អ្នក​ប្រហែលជា​បានណែនាំ​សិស្សឲ្យ​ស្គាល់វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាងគោលលទ្ធិ​មួយចំនួននៅ​ក្នុង​ព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា​នៅឆ្នាំនេះ​រួចហើយ ។ វគ្គ​ទាំងនេះ​អាច​រួមបញ្ចូល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–២០, គោលលទ្ធិ និង​សេចក្ដីសញ្ញា ១:៣០ និង គោលលទ្ធិ និង​សេចក្ដីសញ្ញា ១:៣៧–៣៨ ។ សកម្មភាព​ខាងក្រោមនេះ​ផ្តល់ឱកាស​ឲ្យសិស្ស​រំឭក​វគ្គបទគម្ពីរ​ទាំងបីនោះ​ឡើងវិញ ហើយ​ស្គាល់​វគ្គបទគម្ពីរចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទាំងប្រាំបួន​បន្ទាប់​ទៀត​ពី យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–២០ ដល់ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៩:១៥–១៧ ។ បើអ្នក​មាន​អារម្មណ៍​ថា វា​ល្អសម្រាប់​សិស្សអ្នក អ្នកអាច​កែសម្រួលវា​ដើម្បីផ្តោត​​តែលើ​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ណា​ដែលសិស្ស​បានរៀន​រហូតមក​ដល់​ពេលនេះ​ទៅ​បាន​ហើយ ។

សកម្មភាព​នេះគួរតែ​មាន​រយៈពេល ១០–១៥ នាទី​ប៉ុណ្ណោះ ដើម្បីឲ្យ​មានពេល​គ្រប់គ្រាន់​សម្រាប់​ការអនុវត្ត​ជាក់ស្ដែងលើ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ នៅពេល​ក្រោយ​​ក្នុង​មេរៀន​នេះ ។

សូម​យក​ឧបករណ៍​មួយចំនួន​មក​ថ្នាក់រៀន​ដែល​សិស្ស​ស្គាល់ និង​ដឹង​ពីរបៀបប្រើ ។ ឧបករណ៍​ទាំងនេះ​អាចនឹង​រួមមាន ទួរណឺវីស ញញួរ និងរណា ។

  • តើនៅ​ពេលណា​ដែល​អ្នក​នឹង​មាន​អំណរគុណ​ដែល​មាន​ឧបករណ៍​មួយ​ក្នុង​ចំណោម​ឧបករណ៍​ទាំងនេះ ?

    សូម​អនុញ្ញាត​ឲ្យសិស្ស​ច្រើននាក់​ចែកចាយ ។ ពួកគេអាច​នឹងចែកចាយ​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន ឬ​ស្រមើស្រមៃ​ពី​ស្ថានភាព​នានា ។ សិស្សអាច​មានភាព​សប្បាយរីករាយ និងមាន​លក្ខណៈ​ច្នៃ​ប្រឌិត​ជាមួយនឹង​ការឆ្លើយតប​របស់ពួកគេ ។

  • តើមាន​កាលៈទេសៈ​ណាខ្លះ​ដែល​អ្នកនឹង​មាន​អំណរគុណ​ដែល​បានចងចាំ​ពី​ខគម្ពីរ​មួយ ?

វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាងគោលលទ្ធិ​គឺជា​ខគម្ពីរ​ដ៏​ជម្រើស​នានា ដែល​អាចមាន​ប្រយោជន៍​ជាពិសេស​សម្រាប់អ្នក និង​អ្នកផ្សេងៗ​ទៀត ។ នៅក្នុង​ថ្នាក់​សិក្ខាសាលា អ្នកមាន​ឱកាស​ទន្ទេញ​សេចក្ដីយោង និងឃ្លា​បទគម្ពីរ​គន្លឹះ​នៃ​វគ្គបទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ អ្នក​ថែមទាំង​អាច​ព្យាយាម​ទន្ទេញខគម្ពីរ​ទាំងមូល​នៃ​វគ្គ​បទគម្ពីរ​មួយ​ចំនួន​ក្នុងចំណោម​វគ្គបទគម្ពីរ​ទាំងនេះ​ទៀតផងដែរ ។

សូមអាន ហើយគូស​ចំណាំវគ្គ​បទគម្ពីរ​ដូចតទៅនេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។ សូម​ជ្រើសរើស​យក​វគ្គ​បទគម្ពីរ​មួយ ឬពីរដែល​អ្នក​មាន​អារម្មណ៍​ថា​មាន​អត្ថន័យ​បំផុត​ចំពោះ​អ្នក ។

សូមបង្ហាញ​តារាងដែល​មាន​រាយបញ្ជី​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លាបទគម្ពីរ​គន្លឹះ ។ សូមទុក​ពេលគ្រប់គ្រាន់​ឲ្យសិស្សគូស​ចំណាំ​វគ្គបទ​គម្ពីរនីមួយៗ ។

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

ឃ្លា​បទគម្ពីរ​គន្លឹះ

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–២០

ឃ្លា​បទគម្ពីរ​គន្លឹះ

យ៉ូសែប ស៊្មីធ « បាន​ឃើញ​តួអង្គ​ពីរ ដែល​មាន​រស្មី និង​សិរី​រុងរឿង​ហួសអស់​ទាំង​ការអធិប្បាយ​ប្រាប់​បាន » ។

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

គោលលទ្ធិ និង​សេចក្តីសញ្ញា ១:៣០

ឃ្លា​បទគម្ពីរ​គន្លឹះ

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺជា « សាសនាចក្រ​តែ​មួយ​ដែល​ពិត ហើយ​សកម្ម » ។

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១:៣៧–៣៨

ឃ្លា​បទគម្ពីរ​គន្លឹះ

« ទោះជា​ដោយ​សំឡេង​របស់​យើង​ផ្ទាល់ ឬ​ក៏​ដោយ​សំឡេង​នៃ​ពួក​អ្នកបម្រើ​របស់​យើង​ក្ដី គឺ​ដូច​តែគ្នា » ។

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

គោលលទ្ធិ និង​សេចក្តីសញ្ញា ៦:៣៦

ឃ្លា​បទគម្ពីរ​គន្លឹះ

« ចូរ​មើល​មក​ឯ​យើង​ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ កុំ​ខ្លាច​ឡើយ » ។

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨:២–៣

ឃ្លា​បទគម្ពីរ​គន្លឹះ

« យើង​នឹង​ប្រាប់​អ្នក​នៅក្នុង​គំនិត​របស់អ្នក និង​នៅក្នុង​ចិត្ត​របស់អ្នក​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣:១

ឃ្លា​បទគម្ពីរ​គន្លឹះ

បព្វជិតភាព​អើរ៉ុន « កាន់​កូនសោ​ទាំងឡាយ​អំពី​ការបម្រើ​នៃ​ពួកទេវតា និង​អំពី​ដំណឹងល្អ​នៃ​ការប្រែចិត្ត និង​អំពី​បុណ្យ​ជ្រមុជ​ទឹក » ។

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៨:១០–១១

ឃ្លា​បទគម្ពីរ​គន្លឹះ

« តម្លៃ​នៃ​ព្រលឹង​ទាំងឡាយ គឺ​មហិមា​ណាស់​ចំពោះ​ព្រះនេត្រ​នៃ​ព្រះ » ។

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

គោលលទ្ធិ និង​សេចក្តីសញ្ញា ១៨:១៥–១៦

ឃ្លា​បទគម្ពីរ​គន្លឹះ

« នោះ​អ្នក​នឹង​មាន​សេចក្ដីអំណរ​ដ៏មហិមា បើសិនជា​អ្នក​បាន​នាំ​ព្រលឹង​ជាច្រើន​មក​រក​យើង ! »

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៩:១៦–១៩

ឃ្លា​បទគម្ពីរ​គន្លឹះ

« យើង [ ជា​ព្រះយេស៊ូវ​គ្រីស្ទ ] បាន​រងទុក្ខ​នូវ​ការណ៍​ទាំងនេះ​ជំនួស​មនុស្ស​ទាំងអស់ » ។

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

គោលលទ្ធិ និង​សេចក្តីសញ្ញា ២១:៤–៦

ឃ្លា​បទគម្ពីរ​គន្លឹះ

ពាក្យសម្ដី​របស់​ព្យាការី « នោះ​ហើយ អ្នក​នឹង​បាន​ទទួល ហាក់​ដូចជា​បាន​មកពី​ព្រះឱស្ឋ​របស់​យើង​ផ្ទាល់ » ។

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៩:១០–១១

ឃ្លា​បទគម្ពីរ​គន្លឹះ

« យើង​នឹង​សម្ដែង​ខ្លួន​ឲ្យ​ឃើញ​ពី​ស្ថានសួគ៌​ដោយ​ព្រះចេស្ដា និង​សិរីល្អ​ដ៏​ធំ … ហើយ​នឹង​ស្ថិត​នៅក្នុង​សេចក្ដី​សុចរិត​ជាមួយ​មនុស្ស​លោក​នៅលើ​ផែនដី​អស់​មួយពាន់​ឆ្នាំ » ។

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៩:១៥–១៧

ឃ្លា​បទគម្ពីរ​គន្លឹះ

« អាពាហ៍ពិពាហ៍​ត្រូវបាន​តែងតាំង​មកពី​ព្រះ » ។

សូមចំណាយ​ពេលមួយ​ភ្លែត​ដើម្បី​ព្យាយាម​ទន្ទេញសេចក្ដីយោង និង​ឃ្លា​គន្លឹះ​សម្រាប់​វគ្គបទគម្ពីរ​មួយ ឬពីរ​ដែលមាន​អត្ថន័យ​បំផុត​ចំពោះអ្នក ។ សូម​គិត​អំពី​ស្ថានភាព​មួយ​ដែល​ការចងចាំ​សេចក្តីយោង និង​ឃ្លា​គន្លឹះនេះ អាចជា​ពរជ័យ​សម្រាប់​អ្នក ឬ​នរណាម្នាក់​ផ្សេងទៀត ។

សូម​ទុកពេល​គ្រប់គ្រាន់​ឲ្យ​សិស្ស​ចាប់ផ្តើម​ទន្ទេញ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ដែល​ពួកគេ​បាន​ជ្រើសរើស ។ វា​អាច​មាន​ប្រយោជន៍​ដើម្បី​ប្រាប់​សិស្ស​ថា កម្មវិធី​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ក៏អាច​ជួយ​ពួកគេ​ឲ្យ​ទន្ទេញ​វគ្គបទគម្ពីរ​ចំណេះ​ចំណាន​ខាងគោលលទ្ធិ​បាន​ផងដែរ ។

នៅពេល​សិស្ស​មានពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់ ឲ្យរៀន​ចែកចាយ​ឃ្លា​បទគម្ពីរ​គន្លឹះ​ដែល​ពួកគេ​បាន​ចាប់ផ្ដើម​ទន្ទេញ​នោះ ។ លើសពីនេះ⁠ អ្នក​អាចអញ្ជើញ​ពួកគេ​ឲ្យពន្យល់ពី​មូលហេតុ​ដែល​វាអាច​មានប្រយោជន៍​សម្រាប់​ពួកគេ​ក្នុង​ការចងចាំ​សេចក្តីយោង និង​ឃ្លា​ទាំងនេះ​ផងដែរ ។

សូម​លើកទឹកចិត្ត​សិស្សឲ្យ​បន្ត​ទន្ទេញ​សេចក្ដីយោង និង​ឃ្លាបទគម្ពីរ​គន្លឹះ​ពេញ​មួយឆ្នាំ ។ ពួកគេ​ក៏អាច​នឹងទន្ទេញ​វគ្គបទគម្ពីរ​ទាំងស្រុង​ផងដែរ បើ​ពួកគេ​ចង់ ។

រៀន និង​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ

ចំណែក​នៅសល់​នៃមេរៀន​នេះ​ផ្តោត​ទៅលើ​ការជួយ​សិស្ស​ឲ្យអនុវត្ត​តាម​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ ទៅនឹង​ស្ថានភាព​ជីវិត​ពិត ។ វា​អាច​មាន​ប្រយោជន៍ ដើម្បី​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​ឡើងវិញ​នូវ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ជាមុនសិន មុនពេល​អាន​ស្ថានភាព​ខាងក្រោម ។ សកម្មភាព​រំឭកឡើងវិញ​ដែលបាន​ណែនាំ​នេះ​មាន​នៅក្នុង​ផ្នែក​មួយ​នៃឧបសម្ព័ន្ធ​ដែលមាន​ចំណងជើង​ថា « សកម្មភាព​រំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ឡើងវិញ » ។ ការពិពណ៌នា​អំពី​គោលការណ៍​ទាំងឡាយ​មាន​នៅក្នុង កថាខណ្ឌ​ទី ៥–១២ នៃ​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។

អេវ៉ា បាន​ចាប់ផ្តើម​សិក្សា​គម្ពីរ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ និង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា ហើយ​កំពុង​ទទួល​បាន​បទពិសោធន៍​យ៉ាងល្អ ។ ប៉ុន្ដែ​នាង​បាន​ឃើញ​មតិ​អវិជ្ជមាន​មួយ​ចំនួន​នៅ​លើបណ្តាញ​សង្គម​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ ដែល​ធ្វើឲ្យ​នាង​ភាន់ច្រឡំ និង​ព្រួយបារម្ភ ។

បើមាន​ប្រយោជន៍ អ្នកអាច​សួរសំណួរ​តាមដាន​ដូចជា « ហេតុអ្វី​បានជា​នាងអាចមាន​ការភាន់​ច្រឡំ ឬ​ព្រួយ​បារម្ភ ? »

សូម​ពិចារណា​ចាត់សិស្ស​ជា​ក្រុម​តូចៗ ហើយ​អញ្ជើញឲ្យ​ពួកគេ​ប្រមូល​គំនិត​អំពី​របៀប​នានា​ដែល​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​អាចនឹង​ជួយ​ដល់ អេវ៉ា នៅ​ក្នុង​ស្ថានភាព​នេះបាន ។ បើ​មាន​ប្រយោជន៍ អ្នក​អាច​​បង្ហាញ​សកម្មភាព​មួយចំនួន ឬ​ទាំងអស់​នៅ​ខាងក្រោម​នេះ ហើយ​អ្នកអាច​នឹង​អញ្ជើញ​ក្រុម​ទាំងឡាយ​ឲ្យឡើង​មក​បំពេញ​វា ជា​ផ្នែកមួយ​នៃ​ការប្រមូល​គំនិត​របស់​ពួកគេ ។

ពិនិត្យ​មើល​គោលគំនិត និង​​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ

  1. សូម​រាយបញ្ជីឈ្មោះ​ព្យាការី​បីនាក់ពី​អតីតកាល​ដែល​មនុស្ស​មួយចំនួន​បានដើរតាម​ដោយ​សេចក្ដី​ជំនឿ ខណៈដែលអ្នក​ខ្លះ​ទៀតមិនបាន​ដើរតាម និងប្រហែលជា​បានរិះគន់​ពួកលោកទៀត​ផង ។

    • តើមាន​ហេតុផលអ្វីខ្លះ​ដែលមនុស្ស​មួយចំនួន​បានដើរតាម ខណៈដែល​មនុស្សមួយ​ចំនួនទៀត​បានរិះគន់ ?

    • តើព្រះអម្ចាស់​បានប្រទានពរ​ដល់អស់អ្នក​ដែលបាន​ដើរតាម​ព្យាការី​របស់ទ្រង់យ៉ាង​ដូចម្ដេច ?

    • តើ​ការជញ្ជឹងគិត​អំពី​រឿង​ទាំងនេះ​អំពី​ព្យាការី​ពី​មុនៗ​អាច​ផ្តល់​ទស្សនវិស័យ​កាន់តែ​ល្អប្រសើរ​ដល់​យើង ដើម្បី​ប្រឈម​នឹង​ព័ត៌មាន​អវិជ្ជមាន​អំពី យ៉ូសែប ស្ម៊ីធ យ៉ាងដូចម្ដេច ?

បើសិស្ស​បាន​លើកឡើងពី​កង្វល់​ផ្នែក​ប្រវត្តិសាស្ត្រ​អំពី​ព្យាការី នោះ​ការអាន ⁠កថា​ខណ្ឌទី ៩–១០ នៅក្នុង « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » ឯកសារគោល​នៃ​ចំណេះចំណាន​ខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) អាចនឹង​មាន​ប្រយោជន៍ ។

ស្វែងរក​ការយល់​ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព

  1. សូម​រកមើល​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព​មួយ​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ ដែល​អ្នក​គិត​ថាអាច​នឹង​ជួយ​ដល់ អេវ៉ា បាន ។ ខាងក្រោម​នេះ​អាចនឹង​ជួយ​អ្នក​ឲ្យធ្វើ​រឿងនេះ​បាន ៖

    • សូមរកមើល​ខគម្ពីរ​នៅក្នុង​គម្ពីរ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ឬ​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា​ដែលអ្នក​បានសិក្សា​រហូត​មក​ដល់ពេលនេះ ដែល​បង្ហាញឲ្យ​ឃើញច្បាស់​ពីអ្វី​ដែលយើង​អាច​ធ្វើ​បាន នៅពេល​ដែល​យើងប្រឈមមុខ​នឹង​ការសង្ស័យ ឬ​សំណួរ ។

    • សូម​អាន​អំពី « យ៉ូសែប ស្ម៊ីធ » នៅក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយTopical Guide ។ ឬ​សូម​ស្វែងរក​ពាក្យ « យ៉ូសែប ស្ម៊ីធ » នៅក្នុង​លិបិក្រម​នៃ​សន្និសីទ​ទូទៅ លីអាហូណាឬ​នៅ​លើ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ។

    • បើ​អ្នក​ចាំពី​មតិ​អវិជ្ជមាន​ជាក់លាក់​ណាមួយ​ដែល​នរណាម្នាក់​អាច​និយាយ​អំពី​ព្យាការី សូម​រកមើល​ប្រធានបទ​នានា​នៅក្នុង​ផ្នែក Topics and Questions នៃ​គេហទំព័រ ChurchofJesusChrist.org ដើម្បី​ដឹងថា តើ​មាន​ព័ត៌មាន​ណា​ដែល​អាច​ជួយ​បានដែរ​ឬទេ ។ លើសពីនេះ ⁠សូមគិត​ដល់មនុស្ស​ម្នាក់​ដែលអាច​ទុកចិត្តបាន ដែល​អ្នកអាច​នឹងណែនាំ​ប្រាប់ដល់​ក្មេងជំទង់​នេះឲ្យ​ទៅ​និយាយ​ជាមួយបាន ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

  1. តាមរយៈ យ៉ូសែប ស៊្មីធ ព្រះអម្ចាស់​បាន​នាំ​មក​នូវ​សមិទ្ធិផល​ដូច​តទៅ​នេះ ៖ ព្រះគម្ពីរ​មរមន ការស្ដារ​ឡើងវិញ​នៃ​សាសនាចក្រ​ដ៏​ពិត និង​សកម្ម​នៅលើ​ផែនដី​នេះ សេចក្ដីសញ្ញា និងពិធីបរិសុទ្ធ​ដែលសំខាន់​ចាំបាច់​សម្រាប់​ការតម្កើង​ឡើង និង​ភាគច្រើន​នៃ​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា ។ សូម​ជញ្ជឹងគិត​ពី​របៀប​ជាក់លាក់​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​ជីវិតអ្នក​តាមរយៈ​អ្វីៗទាំងនេះ និង​របៀប​ដែលវា​អាច​ជួយពង្រឹង​ទីបន្ទាល់​របស់​អ្នក​អំពី​ព្យាការី​បាន ។ សូម​គិត​អំពីអ្វី​ដែលអ្នក​បាន​ធ្វើដើម្បី​ទទួលបាន​ពរជ័យ​ទាំងនេះ ។ សូម​សរសេរ​របៀប​មួយចំនួន​ដែលអ្នក​អាច​ណែនាំ អេវ៉ា ឲ្យធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ដើម្បី​បន្ត​ពង្រឹង​ទីបន្ទាល់​របស់​នាងអំពី យ៉ូសែប ស្ម៊ីធ ដែល​ជាព្យាការី​របស់ព្រះ ។

បន្ទាប់ពី​សិស្សមាន​ពេល​ប្រមូល​គំនិត ហើយប្រហែលជា​អាចធ្វើ​សកម្មភាព​មួយចំនួន​ខាងលើបាន​ហើយនោះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​អាចនឹង​មាន​ប្រយោជន៍​បំផុត​សម្រាប់ អេវ៉ា ។ សូម​លើក​ទឹកចិត្ត​សិស្សឲ្យ​ចែកចាយ​ឲ្យ​បាន​ច្រើន​នាក់ ។ លើសពីនេះ⁠ អ្នកអាច​នឹង​ពិចារណា​​សួរថា « តើ​អ្នក​គិត​ថា តើ​មាន​របៀប​ណា​ផ្សេងទៀត ដែល​យើង​អាចនឹង​ប្រើ​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ​ ដើម្បីជួយ​ដល់​នរណាម្នាក់​ដែល​ស្ថិត​នៅក្នុង​ស្ថានភាព​នេះ​បាន ? »