« មេរៀនទី ១៨—ការបកប្រែព្រះគម្ពីរមរមន ៖ អំណោយទាន និងព្រះចេស្ដានៃព្រះ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលាឆ្នាំ ( ២០២៥ )
« ការបកប្រែព្រះគម្ពីរមរមន » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៨ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៦–៩
ការបកប្រែព្រះគម្ពីរមរមន
« អំណោយទាន និងព្រះចេស្ដានៃព្រះ »
ដោយមាន អូលីវើរ ខៅឌើរី ធ្វើជាអ្នកសរសេររបស់លោក យ៉ូសែប ស្ម៊ីធ បានមានការរីកចម្រើនប្រកបដោយអព្ភូតហេតុក្នុងការបកប្រែព្រះគម្ពីរមរមនក្នុងអំឡុងនិទាឃរដូវនៅឆ្នាំ ១៨២៩ ។ ខណៈពេលដែលយើងមិនដឹងលម្អិតជាក់លាក់អំពីរបៀបដែល យ៉ូសែប ស្ម៊ីធ បានបកប្រែព្រះគម្ពីរមរមន តែយើងដឹងយ៉ាងច្បាស់ថា លោកបានបកប្រែព្រះគម្ពីរនេះដោយសារអំណោយទាន និងព្រះចេស្ដានៃព្រះ ។ មេរៀននេះមានគោលបំណងជួយឲ្យសិស្សពង្រឹងទីបន្ទាល់របស់ពួកគេថា ព្រះបានប្រទានមធ្យោបាយ និងអំណាចឲ្យ យ៉ូសែប ស្ម៊ីធ បកប្រែព្រះគម្ពីរមរមនសម្រាប់ពួកយើង ។
សកម្មភាពរៀនសូត្រដែលអាចមាន
ដើមកំណើតព្រះគម្ពីរមរមន
សូមពិចារណាចាប់ផ្តើមថ្នាក់រៀន ដោយការចែកចាយសាច់រឿងដូចខាងក្រោមនេះ ។ អ្នកអាចផ្តល់ឱកាសឲ្យសិស្សសម្តែងជាមួយដៃគូ ឬនៅចំពោះមុខសិស្សក្នុងថ្នាក់ទាំងអស់ ។
សូមស្រមៃថា ថ្ងៃមួយអ្នកបានចែកចាយប្រាប់មិត្តល្អម្នាក់របស់អ្នកអំពីជំនឿរបស់អ្នកថា ព្រះគម្ពីរមរមនគឺជាព្រះគម្ពីរមួយដូចជាព្រះគម្ពីរប៊ីបដែរ ។ មិត្តរបស់អ្នកហាក់ដូចជាភ្ញាក់ផ្អើលបន្តិច ហើយនិយាយថា គេបានបង្រៀននាងថា យ៉ូសែប ស្ម៊ីធ បានសរសេរព្រះគម្ពីរមរមនចេញពីការស្រមើស្រមៃរបស់លោកទេ ។
-
តើអ្នកអាចនឹងឆ្លើយតបយ៉ាងដូចម្ដេចនៅក្នុងស្ថានភាពនេះ ?
សូមពន្យល់ថា មេរៀននេះនឹងជួយសិស្សឲ្យរៀនសូត្រអំពីខ្លឹមសារពិស្ដារមួយចំនួនទាក់ទងនឹងការបកប្រែព្រះគម្ពីរមរមនរបស់ យ៉ូសែប ស្ម៊ីធ ។ សូមអញ្ជើញសិស្សឲ្យរកមើលសេចក្ដីពិតនានា នៅពេលពួកគេសិក្សា ដែលអាចជួយពួកគេក្នុងស្ថានភាពដូចនេះបាន ហើយពង្រឹងទីបន្ទាល់របស់ពួកគេថា ព្រះគម្ពីរមរមនគឺមកពីព្រះ ។
អូលីវើរ ខៅឌើរី ជួយនៅក្នុងការបកប្រែ
សូមពិចារណាសួរសិស្សនូវអ្វីដែលពួកគេចងចាំអំពីកាលៈទេសៈដែលទាក់ទងនឹង អូលីវើរ ខៅឌើរី ដែលបានជួយ យ៉ូសែប ស្ម៊ីធ ក្នុងការបកប្រែព្រះគម្ពីរមរមន ។ ប្រសិនបើចាំបាច់ សូមមើលមេរៀនអំពី « គោលលទ្ធិ និងសេចក្ដីសញ្ញា ៦ » ឬ ពួកបរិសុទ្ធ ភាគ ១ បទដ្ឋាននៃសេចក្ដីពិត ទំព័រ ៥៨–៦០ ។
ក្នុងរយៈពេលពីរថ្ងៃបន្ទាប់ពីបានមកដល់ភូមិហាម៉ូនី រដ្ឋផែនសិលវេញ៉ា ដើម្បីជួប យ៉ូសែប ស្ម៊ីធ អូលីវើរ ខៅឌើរី បានចាប់ផ្តើមធ្វើជាអ្នកសរសេរឲ្យយ៉ូសែប ។ យ៉ូសែប និង អូលីវើរ បានមានការរីកចម្រើនប្រកបដោយអព្ភូតហេតុក្នុងការបកប្រែព្រះគម្ពីរមរមនក្នុងពេលដ៏ឆាប់រហ័ស ។ វាត្រូវបានគេប៉ាន់ស្មានឃើញថា ដោយមាន អូលីវើរ ជាអ្នកសរសេររបស់លោក នោះ យ៉ូសែប ស្ម៊ីធ បានបញ្ចប់ដំណើរការបកប្រែព្រះគម្ពីរមរមនក្នុងរយៈពេលប្រហែលជា ៦៥ ថ្ងៃធ្វើការ ( សូមមើល រ័សុល អិម ណិលសុន « A Treasured Testament » Ensign ខែ កក្កដា ឆ្នាំ ១៩៩៣ ទំព័រ ៦១ ) ។
ការពិពណ៌នាអំពីការបកប្រែរបស់ យ៉ូសែប ស្ម៊ីធ
សូមពិចារណាសួរសិស្សពីអ្វីដែលពួកគេដឹងអំពីរបៀបដែល យ៉ូសែប ស៊្មីធ បានបកប្រែព្រះគម្ពីរមរមនប្រកបដោយអព្ភូតហេតុបែបនេះ ។
សេចក្ដីដកស្រង់ខាងក្រោមនេះមកពីសំណេរ Gospel Topics ដែលមានចំណងជើងថា « Book of Mormon Translation » អាចជួយសិស្សឲ្យយល់ពីអ្វីដែល យ៉ូសែប ស្ម៊ីធ ចង់ឲ្យពិភពលោកដឹងអំពីការបកប្រែនេះបាន ។
នៅក្នុងបុព្វកថានៃព្រះគម្ពីរមរមនឆ្នាំ ១៨៣០ យ៉ូសែប ស្ម៊ីធ បានសរសេរថា « ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា ខ្ញុំបានបកប្រែ [ ព្រះគម្ពីរនេះ ] តាមរយៈអំណោយទាន និងព្រះចេស្ដានៃព្រះ » ។ នៅពេលមានការបង្ខំឲ្យនិយាយលម្អិតអំពីដំណើរការបកប្រែនេះ យ៉ូសែប បាននិយាយម្តងហើយម្ដងទៀតនៅក្នុងឱកាសជាច្រើនថា វាត្រូវបានធ្វើឡើង « តាមរយៈអំណោយទាន និងព្រះចេស្ដានៃព្រះ » ហើយបានបន្ថែមទៀតថា « វាមិនមានបំណងប្រាប់ពិភពលោកពីព័ត៌មានលម្អិតទាំងអស់នៃការលេចចេញមកនៃព្រះគម្ពីរមរមនទេ » ។ ( Gospel Topics Essays « Book of Mormon Translation » នៅលើគេហទំព័រ ChurchofJesusChrist.org )
-
តើមានសេចក្តីពិតអ្វីខ្លះដែលយើងអាចរៀនសូត្រពីសេចក្ដីថ្លែងការណ៍របស់ យ៉ូសែប ស្ម៉ីធ អំពីការបកប្រែព្រះគម្ពីរមរមននេះ ?
សូមជួយសិស្សឲ្យស្គាល់សេចក្ដីពិតដែលថា យ៉ូសែប ស្ម៊ីធ បានបកប្រែព្រះគម្ពីរមរមនតាមរយៈអំណោយទាន និងព្រះចេស្ដានៃព្រះ ។
-
តើហេតុអ្វីបានជាវាសំខាន់ដើម្បីដឹងថា ព្រះគម្ពីរមរមនត្រូវបានបកប្រែដោយព្រះចេស្តានៃព្រះ ហើយមិនមែនដោយ យ៉ូសែប ស៊្មីធ ?
ឧបករណ៍បកប្រែ
ខាងក្រោមនេះអាចជួយសិស្សឲ្យយល់បន្តិចបន្តួចអំពីឧបករណ៍ដែលព្រះបានប្រទានឲ្យ យ៉ូសែប ស្ម៊ីធ ដើម្បីជួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការបកប្រែព្រះគម្ពីរមរមន ។
នៅពេលដែលទេវតាមរ៉ូណៃបានបង្ហាញព្រះកាយមកឲ្យ យ៉ូសែប ស្ម៊ីធ ឃើញនៅឆ្នាំ ១៨២៣ នោះទ្រង់បានផ្ដល់សេចក្ដីណែនាំដល់ព្យាការីរូបនេះអំពីរបៀបដែលព្រះគម្ពីរមរមននឹងលេចចេញមក ។
សូមអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៤–៣៥ ហើយរកមើលឧបករណ៍អ្វីដែលព្រះបានរៀបចំសម្រាប់ការបកប្រែព្រះគម្ពីរមរមន ។
ប្រសិនបើចង់ អ្នកក៏អាចអញ្ជើញសិស្សឲ្យអាន មរមន ៩:៣៤ និង អេធើរ ៣:២៣–២៤ ដើម្បីជួយឲ្យពួកគេយល់ថា ពួកព្យាការីព្រះគម្ពីរមរមនបានយល់ថា ព្រះនឹងរៀបចំមធ្យោបាយមួយសម្រាប់ឲ្យមានការបកប្រែពាក្យពេចន៍របស់ពួកលោក ។
-
តើព្រះអម្ចាស់បានរៀបចំមធ្យោបាយសម្រាប់ការបកប្រែព្រះគម្ពីរមរមនតាមរបៀបណាខ្លះ ?
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីការប្រើប្រាស់ឧបករណ៍រូបិយរបស់ យ៉ូសែប ស្ម៊ីធ ដើម្បីបកប្រែព្រះគម្ពីរមរមន សូមពិចារណាបង្ហាញវីដេអូ « Seer Stone » ( ៣:៤៧ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ ជាជម្រើស អ្នកអាចនឹងសង្ខេបព័ត៌មានខាងក្រោមនេះ ឬអញ្ជើញសិស្សឲ្យអានវាឲ្យសិស្សក្នុងថ្នាក់ទាំងមូលស្ដាប់ ។
Seer Stone
ដំណើររឿងប្រវត្តិសាស្ត្រក្រោយមកបង្ហាញថា ក្រៅពីការប្រើ យូរីម និងធូមីម ( ពេលខ្លះហៅថា អ្នកបកប្រែ ឬអ្នកមើលឆុតនៃពួកសាសន៍នីហ្វៃ ) ដើម្បីបកប្រែព្រះគម្ពីរមរមន យ៉ូសែប ស្ម៊ីធ បានប្រើមធ្យោបាយមួយទៀតដែលហៅថា ត្បូងអ្នកមើលឆុត ។ ព្យាការីបានស្វែងយល់ពីឧបករណ៍នេះជាច្រើនឆ្នាំ មុនពេលលោកទទួលបានផ្ទាំងមាសទាំងនេះ ។
យើងមិនដឹងលម្អិតច្រើនអំពីរបៀបដែលយ៉ូសែបបានប្រើឧបករណ៍ទាំងនេះដែលព្រះបានរៀបចំទុកឲ្យនោះទេ ។ ប៉ុន្តែសាក្សីនានាបាននិយាយថា ជួនកាលយ៉ូសែបត្រូវដាក់ យូរីម និងធូមីម ឬត្បូងនៃអ្នកមើលឆុតចូលទៅក្នុងមួក ដើម្បីបិទពន្លឺដែលអនុញ្ញាតឲ្យលោកមើលឃើញកាន់តែច្បាស់នូវពាក្យពេចន៍ដែលបានលេចឡើងនៅលើឧបករណ៍រូបិយនេះ ( សូមមើល Gospel Topics Essays « Book of Mormon Translation » ChurchofJesusChrist.org ) ។
សូមជួយសិស្សឲ្យយល់ថា ខណៈពេលដែលយើងដឹងព័ត៌មានលម្អិតមួយចំនួនទាក់ទងនឹងការបកប្រែព្រះគម្ពីរមរមនរបស់ យ៉ូសែប ស្ម៊ីធ នោះមានរឿងជាច្រើនទៀតដែលយើងមិនដឹងអំពីដំណើរការបកប្រែនេះ ។ សេចក្ដីពិតដ៏សំខាន់បំផុតនោះគឺថា ព្រះចេស្ដានៃព្រះបានអនុញ្ញាតឲ្យព្រះបន្ទូលរបស់ទ្រង់មានទៅដល់បុត្រាបុត្រីរបស់ទ្រង់ ។
សូមពិចារណាប្រើធនធានមួយ ឬច្រើនខាងក្រោមនេះ ដើម្បីជួយឲ្យសិស្សយល់ថា ព្រះគម្ពីរមរមនត្រូវបានបកប្រែតាមរយៈអំណោយទាន និងព្រះចេស្ដានៃព្រះ ។
-
ផ្នែក « សំឡេងនៃការស្ដារឡើងវិញ » នៃ « គោលលទ្ធិ និងសេចក្ដីសញ្ញា ៦–៩ ៖ នេះគឺជាព្រះវិញ្ញាណនៃវិវរណៈ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ឆ្នាំ ២០២៥
-
« Days of Harmony » ចាប់ពីនាទីទី ៧:១៨ ដល់នាទីទី ១១:៣៣
25:0Days of Harmony
-
ការពិពណ៌នារបស់ អូលីវើរ ខៅឌើរី អំពីដំណើរការបកប្រែដូចដែលបានកត់ត្រានៅក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ( ដែលមាននៅក្នុង កថាខណ្ឌទីមួយបន្ទាប់ពីខទី ៧៥ )
អ្នកអាចអញ្ជើញសិស្សឲ្យពិភាក្សាសំណួរខាងក្រោមជាក្រុមតូចៗ ឬជាដៃគូមុននឹងអញ្ជើញពួកគេឲ្យចែកចាយចម្លើយរបស់ពួកគេនៅក្នុងថ្នាក់រៀនទាំងមូល ។
-
តើពាក្យ ឬឃ្លាអ្វីខ្លះមកពី អិមម៉ា ឬ អូលីវើរ ដែលជួយគាំទ្រដល់ទីបន្ទាល់របស់ យ៉ូសែប ស្ម៊ីធ ដែលថា ព្រះគម្ពីរមរមនត្រូវបានបកប្រែតាមរយៈអំណោយទាន និងព្រះចេស្ដានៃព្រះ ?
-
តើអ្នករៀនសូត្រអ្វីខ្លះ ឬមានអារម្មណ៍យ៉ាងណាអំពីព្រះ បន្ទាប់ពីបានរៀនពីរបៀបដែល យ៉ូសែប ស៊្មីធ បានក្លាយជាឧបករណ៍មួយនៅក្នុងព្រះហស្ដរបស់ទ្រង់ដើម្បីបកប្រែព្រះគម្ពីរមរមន ?
អំណាចនៃព្រះគម្ពីរមរមននៅក្នុងជីវិតអ្នក
សូមពន្យល់ថា វិធីដ៏ល្អបំផុតមួយដែលយើងអាចដឹងថា ព្រះគម្ពីរមរមនត្រូវបានបកប្រែដោយអំណោយទាន និងព្រះចេស្ដានៃព្រះ គឺតាមរយៈការសិក្សា និងការដកពិសោធន៍ព្រះចេស្ដានៃព្រះតាមរយៈការរស់នៅតាមការបង្រៀនរបស់ព្រះគម្ពីរមរមន ។
សូមផ្ដល់ពេលឲ្យសិស្សស្វែងរកខគម្ពីរ ឬដំណើររឿងមួយចេញពីព្រះគម្ពីរមរមន ដែលមានឥទ្ធិពលលើជីវិតរបស់ពួកគេ ។ ប្រសិនបើសិស្សពិបាកស្វែងរកមើលអ្វីមួយ សូមពិចារណាផ្តល់ជំនួយ ឬការណែនាំ ដូចជាការអញ្ជើញពួកគេឲ្យសិក្សាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមនមួយចំនួនជាដើម ។ អ្នកក៏អាចប្រាប់ខគម្ពីរមួយចំនួនដែលពួកគេអាចសិក្សាបានផងដែរ ។
-
តើមានខគម្ពីរ ឬដំណើររឿងអ្វីខ្លះចេញពីព្រះគម្ពីរមរមនដែលមានឥទ្ធិពលលើជីវិតរបស់អ្នក ?
-
តើខគម្ពីរ ឬដំណើររឿងនេះមានឥទ្ធិពលលើអារម្មណ៍របស់អ្នកចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
សូមពិចារណាថ្លែងទីបន្ទាល់ដល់សិស្សថា កម្លាំងដែលពួកគេអាចទទួលបានពីការសិក្សាព្រះគម្ពីរមរមន គឺជាការបញ្ជាក់មកពីព្រះចេស្ដារបស់ព្រះក្នុងការនាំចេញមកនូវព្រះគម្ពីរមរមននេះ ។