« មេរៀនទី ៧៤—គោលលទ្ធិ និងសេចក្ដីសញ្ញា ៦០–៦២ ៖ ‹ ចូរប្រុងស្ដាប់តាមសំឡេងនៃអ្នកដែលមានអស់ទាំងព្រះចេស្ដា › » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៦០–៦២ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៧៤ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៦០–៦២
« ចូរប្រុងស្ដាប់តាមសំឡេងនៃអ្នកដែលមានអស់ទាំងព្រះចេស្ដា »
នៅខែ សីហា ឆ្នាំ ១៨៣១ ព្រះអង្គសង្គ្រោះបានណែនាំដោយក្ដីស្រឡាញ់ដល់ពួកអែលឌើរមួយក្រុម ក្នុងអំឡុងពេលពួកគេធ្វើដំណើរយ៉ាងលំបាកពីរដ្ឋមិសសួរីទៅរដ្ឋអូហៃអូ ។ ដំបូន្មានរបស់ទ្រង់បានជួយពួកអែលឌើរទាំងនោះឲ្យយល់ពីការរំពឹងទុក និងបំណងប្រាថ្នារបស់ទ្រង់សម្រាប់ពួកគេ នៅពេលពួកគេបានធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ។ មេរៀននេះមានគោលបំណងដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីការរំពឹងទុក និងបំណងប្រាថ្នារបស់ព្រះអង្គសង្គ្រោះសម្រាប់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សូមស្រមៃថា មិត្តភក្តិជិតស្និទ្ធពីរនាក់របស់អ្នកកំពុងពុះពារតាមរបៀបផ្សេងៗគ្នាជាមួយនឹងការសម្រេចចិត្ត ។ មិត្តម្នាក់កម្រស្វែងរកជំនួយ ឬការណែនាំមកពីព្រះណាស់ ហើយព្យាយាមធ្វើការសម្រេចចិត្តភាគច្រើនបំផុតដោយខ្លួនឯង ។ មិត្តម្នាក់ទៀតអធិស្ឋានទូលសូមការណែនាំ ហើយមានការស្ទាក់ស្ទើរក្នុងការបន្តទៅមុខជាមួយការសម្រេចចិត្តណាមួយ រហូតដល់នាងមានអារម្មណ៍ជាក់ច្បាស់សិនថា ព្រះអម្ចាស់បានឆ្លើយតបនឹងនាង ។
នៅខែ សីហា ឆ្នាំ ១៨៣១ យ៉ូសែប ស្ម៊ីធ និងពួកអែលឌើរជាច្រើននាក់បានចាប់ផ្ដើមធ្វើដំណើរជាង ៨០០ ម៉ែលស៍ ( ១២៨៧ គីឡូម៉ែត្រ ) ទៅកាន់ផ្ទះរបស់ពួកគេនៅទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ។ ពួកគេបានចំណាយពេលពីរបីសប្តាហ៍កន្លងទៅនៅរដ្ឋមិសសួរី ដែលជាកន្លែងដែលព្រះអម្ចាស់បានបង្គាប់ពួកគេឲ្យធ្វើការដើម្បីអាចសាងសង់ទីក្រុងស៊ីយ៉ូនមួយបាន ។ ខណៈពេលធ្វើដំណើរទៅផ្ទះវិញ ក្រុមនេះបានមានសំណួរអំពីវិធីសាស្ត្រ និងទិសដៅនៃការធ្វើដំណើររបស់ពួកគេ ។ សម្រាប់ការសម្រេចចិត្តមួយចំនួន ព្រះអម្ចាស់បានលើកទឹកចិត្តពួកគេឲ្យប្រើការវិនិច្ឆ័យដ៏ល្អបំផុតរបស់ពួកគេ ហើយជ្រើសរើសសម្រាប់ខ្លួនឯង ។ សម្រាប់ការសម្រេចចិត្តផ្សេងទៀត ទ្រង់បានប្រទាននូវការណែនាំ និងបទបញ្ញត្តិជាក់លាក់ដើម្បីណែនាំពួកគេ ។
-
តើអ្នកបានកត់សម្គាល់ឃើញភាពខុសគ្នាអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ រវាងអ្វីដែលសំខាន់ចំពោះព្រះអម្ចាស់ និងអ្វីដែលមិនសំខាន់ចំពោះទ្រង់ ?
-
តើអ្នកអាចអនុវត្តតាមការបង្រៀនរបស់ព្រះអម្ចាស់នៅក្នុងខគម្ពីរទាំងនេះ ទៅក្នុងស្ថានភាពនានាដែលអ្នកប្រឈមមុខក្នុងជីវិតរបស់អ្នកតាមរបៀបណាខ្លះ ?
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៦២:៨ ហើយស្វែងរកដំបូន្មានរបស់ព្រះអម្ចាស់ដែលអាចជួយយើងបាន នៅពេលយើងត្រូវធ្វើការសម្រេចចិត្តដោយគ្មានការណែនាំជាក់លាក់ ។
-
ហេតុអ្វីក៏អ្នកគិតថា វាសំខាន់ដើម្បីពឹងផ្អែកលើការវិនិច្ឆ័យរបស់យើង ក៏ដូចជាការដឹកនាំមកពីព្រះវិញ្ញាណ នៅពេលយើងធ្វើការសម្រេចចិត្ត ?
-
តើសេចក្ដីពិតនេះអាចជួយយើងក្នុងការសម្រេចចិត្ត ដែលទាក់ទងនឹងបទដ្ឋាន ឬគុណតម្លៃរបស់យើងយ៉ាងដូចម្ដេច ?
ព្រះអង្គសង្គ្រោះបង្រៀនអំពីព្រះអង្គទ្រង់
ក្នុងការធ្វើដំណើរទៅរដ្ឋអូហៃអូ ពួកអែលឌើរបានជួបប្រទះនូវភាពមិនប្រាកដប្រជា ភាពនឿយហត់ និងស្ថានភាពដ៏គួរឲ្យខ្លាចមួយចំនួន ។ ពួកគេក៏មានការខ្វែងគំនិតគ្នា និងការឈ្លោះប្រកែកគ្នាផងដែរ ។ ដើម្បីជួយដល់ពួកគេ ព្រះអង្គសង្រ្គោះបានចែកចាយការបង្រៀនសំខាន់ៗជាច្រើនអំពីព្រះអង្គទ្រង់ ។ ការបង្រៀនទាំងនេះអាចជួយយើងឲ្យយល់កាន់តែច្បាស់ថា ទ្រង់គឺជានរណា និងអ្វីដែលទ្រង់អាចធ្វើបានសម្រាប់យើង ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៦០:១–៤; ៦១:១–២, ៣៦–៣៩; ៦២:១–៣, ៩ ។ សូមយកចិត្តទុកដាក់លើអ្វីដែលអ្នករៀនអំពីព្រះយេស៊ូវគ្រីស្ទចេញពីខគម្ពីរទាំងនេះ ។ សូមកត់ត្រាការរកឃើញរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។