ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៧៦–គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៣:៥៧–៦៤ ៖ គារវភាព​ចំពោះ​ព្រះនាម​ដ៏ពិសិដ្ឋ​របស់​ព្រះយេស៊ូវ​គ្រីស្ទ


« មេរៀន​ទី ៧៦–គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៣:៥៧–៦៤ ៖ គារវភាព​ចំពោះ​ព្រះនាម​ដ៏ពិសិដ្ឋ​របស់​ព្រះយេស៊ូវ​គ្រីស្ទ⁠ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៣:៥៧–៦៤ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៧៦ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៦០–៦៣

គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៣:៥៧–៦៤

គារវភាព​ចំពោះ​ព្រះនាម​ដ៏ពិសិដ្ឋ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ព្រះអង្គ​សង្គ្រោះ​កំពុង​បង្រៀន

នៅក្នុង​វិវរណៈ​ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៣ ព្រះអង្គ​សង្គ្រោះ​បាន​សម្តែង​នូវ​ព្រះរាជបំណង​របស់​ទ្រង់​ដើម្បី​ឲ្យ​អ្នកដើរតាម​របស់​ទ្រង់ « ប្រុងប្រយ័ត្ន​អំពី​របៀប​ពួកគេ​យក​ព្រះនាម​របស់ [ ទ្រង់ ] មក​ប្រើ​ក្នុង​បបូរមាត់​របស់​ពួកគេ » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៣:៦១ ) ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ដឹង​អំពី​សារៈសំខាន់​ក្នុង​ការប្រើ​ព្រះនាម​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​មាន​គារវភាព ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ប្រុងប្រយ័ត្ន​ជាជាង​ធម្មតាៗ

សូម​សរសេរ​ឃ្លា ប្រុងប្រយ័ត្ន​ជាជាង​ធម្មតាៗ ដាក់​នៅលើ​ក្ដារខៀន ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​មាន​ស្ថានភាព​ណាខ្លះ ដែល​វា​សំខាន់​ដែល​នរណា​ម្នាក់​ត្រូវ​ប្រុងប្រយ័ត្ន​ជាជាង​ធម្មតាៗ ? ហេតុអ្វី ?

    ប្រសិនបើ​សិស្ស​ត្រូវការ​ជួយ​ដើម្បី​គិត​ពី​គំនិត​នានា អ្នក​អាច​និយាយ​អំពី​គំរូ​មួយ​ចំនួន ដូចជា​ការបើកបរ​រថយន្ត ការស្វែងរក​អ៊ីនធឺណិត ការកាត់​សក់ ឬ​ការបំពេញ​បែបបទ​ព្យាបាល​វេជ្ជសាស្ដ្រ​ជាដើម ។

  • តើ​អ្នក​គិត​ថា ព្រះអង្គ​សង្គ្រោះ​ចង់​ឲ្យ​យើង​ប្រុង​ប្រយ័ត្ន​ក្នុង​រឿង​ណាខ្លះ​នៅក្នុង​ជីវិត​របស់​យើង ?

ស៊ីស្ទើរ រេបិកា អិល ក្រេវិន ក្នុង​គណៈប្រធាន​យុវនារី​ទូទៅ បាន​ចោទ​សួរ​សំណួរ​ដូច​ខាងក្រោម ៖

ស៊ីស្ទើរ រេបិកា អិល ក្រេវិន

តើ​យើង​ប្រុង​ប្រយ័ត្ន​ក្នុង​ពាក្យ​សម្ដី​របស់​យើង​ដែរ​ឬទេ ? ឬ​តើ​យើង​ឱបក្រសោប​ពាក្យ​គ្រោតគ្រាត ជេរប្រមាថ​ដែរ​ឬទេ ? ( រេបិកា អិល ក្រេវិន « Careful​versus​Casual » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១០ )

តើ​មាន​ស្ថានភាព​ណាខ្លះ ដែល​អ្នក​អាច​ជួប​នឹង​ភាសា​ដែល​មិន​មាន​គារវភាព​ចំពោះ​ព្រះ ឬ​រឿង​ពិសិដ្ឋ​ផ្សេងទៀត ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​អារម្មណ៍​របស់​ពួកគេ នៅពេល​ពួកគេ​ជួប​នឹង​ភាសា​បែបនេះ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​នៅពេល​ពួកគេ​សិក្សា ដើម្បី​រកមើល​ការបង្រៀន​ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ដឹង​អំពី​សារៈសំខាន់​នៃ​ការប្រុង​ប្រយ័ត្ន​ក្នុង​របៀប​ដែល​ពួកគេ​និយាយ​អំពី​រឿង​ពិសិដ្ឋ ជាពិសេស​របៀប​ដែល​ពួកគេ​ប្រើ​ព្រះនាម​របស់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

គារវភាព​ចំពោះ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ

សេចក្ដី​ពន្យល់​ខាងក្រោម​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​អំពី​បរិបទ​សម្រាប់​ខគម្ពីរ ដែល​ពួកគេ​នឹង​សិក្សា​នៅក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៣ ។

នៅពេល​ដែល​វិវរណៈ​នេះ​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៣ ពួកបរិសុទ្ធ​មួយ​ចំនួន​នៅ​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ បាន​ប្រើ​ព្រះនាម​របស់​ព្រះអម្ចាស់​ដោយ​គ្មាន​សិទ្ធិ​អំណាច​បព្វជិតភាព​ត្រឹមត្រូវ ( សូម​មើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៣:៦២ ) ។ ព្រះអម្ចាស់​បាន​ថ្កោលទោស​ចំពោះ​ទង្វើ​ទាំងនេះ ហើយ​បាន​បង្រៀន​ពួកបរិសុទ្ធ​នូវ​សេចក្ដីពិត​សំខាន់ៗ​អំពី​របៀប​គួរតែ​ប្រើ​ព្រះនាម​របស់​ទ្រង់ ។

សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៣:៥៨–៦៤ ហើយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​ចង់ឲ្យ​ពួកបរិសុទ្ធ​យល់​អំពី​ទ្រង់ ។

  • តើ​ខគម្ពីរ​ទាំងនេះ​ជួយ​អ្នក​យល់​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​មកពី ខទី ៦១–៦៤ អំពី​របៀប​ដែល​យើង​គួរតែ​ប្រើ​ព្រះនាម​ព្រះអង្គ​សង្គ្រោះ ?

    សេចក្ដីពិត​មួយ​ដែល​សិស្ស​អាច​ថ្លែង​ចេញពី​ខគម្ពីរ​ទាំងនេះ​គឺ​ថា ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ពិសិដ្ឋ ហើយ​ត្រូវតែ​បាន​ប្រើ​ដោយ​ការយកចិត្ត​ទុកដាក់ ។

  • តើ​អ្នក​គិត​ថា ការប្រើ​ព្រះនាម​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​យកចិត្ត​ទុកដាក់​មាន​ន័យ​ដូចម្តេច ?

  • តើ​អ្នក​មាន​សំណួរ​អ្វីខ្លះ អំពី​អ្វី​ដែល​អ្នក​កំពុង​រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ ?

ប្រសិនបើ​សិស្ស​មាន​សំណួរ​អំពី​អត្ថន័យ​នៃ​ការប្រើ « ព្រះនាម​នៃ​ព្រះអម្ចាស់ … ជា​អសារ​ឥត​ការ » ( ខទី ៦២ ) សូម​ពន្យល់​ថា វា​អាច​ពាក់ព័ន្ធ​នឹង​ការនិយាយ​ដោយ​គ្មាន​គារវភាព​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល ដាល្លិន អេក អូក « Reverent and Clean » Ensign ខែ ឧសភា ឆ្នាំ ១៩៨៦ ទំព័រ ៤៩–៥០ ) ។ វា​ក៏​អាច​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​សិទ្ធិ​អំណាច​បព្វជិតភាព​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​មិន​ស័ក្តិសម​ផងដែរ ( សូម​មើល នែល អិល អាន់ឌើរសិន « Power in the Priesthood » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៩៣ ) ។ សូម​ប្រាកដ​ថា សិស្ស​យល់​ថា វា​សមរម្យ​ក្នុង​ការនិយាយ​អំពី​ព្រះអង្គ​សង្គ្រោះ​ក្នុង​ដំណឹងល្អ ឬ​ការសន្ទនា​ជារៀងរាល់​ថ្ងៃ នៅពេល​យើង​និយាយ​អំពី​ទ្រង់​ដោយ​សេចក្ដី​ស្រឡាញ់ និង​ការគោរព ។

មុននឹង​សួរ​សំណួរ​ខាងក្រោម​នេះ វា​អាច​នឹង​មាន​ប្រយោជន៍​ដើម្បី​ឲ្យ​សិស្ស​ស្រមៃ​ថា ពួកគេ​ស្គាល់​នរណា​ម្នាក់​ដែល​មិន​យល់ពី​សារៈសំខាន់​នៃ​ការប្រើប្រាស់​ព្រះនាម​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​គារវភាព ។ ពួកគេ​អាច​នឹកគិត​ដល់​មនុស្ស​នេះ​ក្នុង​ចិត្ត នៅពេល​ពួកគេ​ពិភាក្សា ។

  • តើ​អ្នក​គិត​ថា មាន​អ្វីខ្លះ​ទៅ​ដែល​អាច​ជួយ​យើង​ឲ្យ​មាន​បំណង​ប្រាថ្នា​ចង់​ប្រើ​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ប្រកប​ដោយ​មាន​គារវភាព ?

ការមាន​សេចក្ដី​ស្រឡាញ់ និង​គារវភាព​កាន់តែ​ខ្លាំង​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ

សូម​ពន្យល់​ថា ការយល់ដឹង​បន្ថែម​ថា​តើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​នរណា និង​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង អាច​ជួយ​យើង​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ និង​គារវភាព​កាន់តែ​ខ្លាំង​ចំពោះ​ទ្រង់ ។

មុនពេល​ណែនាំ​សកម្មភាព​សិក្សា​ខាងក្រោម​នេះ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​មាន ឬ​សេចក្ដីពិត​ដែល​ពួកគេ​បាន​ដឹង​មកពី​ព្រះគម្ពីរ​ដែល​ជំរុញ​ពួកគេ​ឲ្យ​គិត និង​និយាយ​ដោយ​គារវភាព​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​ក៏​អាច​ចែកចាយ​គំរូ​មួយ​ចេញពី​ជីវិត​របស់​អ្នក​ផ្ទាល់​បាន​ផងដែរ ។

សូម​ចំណាយ​ពេល​ខ្លះ​ដើម្បី​ស្រាវជ្រាវ​រក​ប្រភព​ដែល​បាន​តែងតាំង​ដោយ​ទេវភាព ដែល​អាច​ជួយ​អ្នក​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​កាន់តែ​ខ្លាំង​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​មាន​បំណង​ចង់​ថ្លែង​អំពី​ទ្រង់​ដោយ​គារវភាព ។ អ្នក​អាច​ស្រាវជ្រាវ​រក​បទគម្ពីរ សេចក្ដី​ថ្លែងការណ៍​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ ទំនុក​តម្កើង ឬ​ធនធាន​ដែល​មាន​ប្រយោជន៍​ផ្សេងទៀត ដែល​ពិពណ៌នា​ថា​តើ​ទ្រង់​ជា​នរណា ឬ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ ។ សូម​កត់ត្រា​ការយល់ដឹង និង​អារម្មណ៍​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

សិស្ស​អាច​ស្វែងរក​ធនធាន​នានា​ដោយ​ខ្លួនឯង ឬ​ជាមួយ​ដៃគូ ។ ប្រសិនបើ​ចាំបាច់ អ្នក​អាច​ផ្ដល់​ឲ្យ​ពួកគេ​នូវ​ឧទាហរណ៍​មួយ​ចំនួន​នៃ​ធនធាន​ដែល​ពួកគេ​អាច​មើល​បាន ដូចជា​ទំនុក​តម្កើង​ដែល​បង្រៀន​អំពី​លក្ខណៈ​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ឬ​បទគម្ពីរ​មួយ​ចំនួន​ដូច​តទៅ​នេះ ៖ ម៉ាថាយ ៨:២៣–២៧; នីហ្វៃ​ទី​២ ២៥:១៣; គោលលទ្ធិ និង​សេចក្តីសញ្ញា ១៨:២៣–២៥; ៣៥:១–២; ១១០:១–៥ ។

បន្ទាប់ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែលពួកគេ​បាន​រៀន និង​ទទួល​អារម្មណ៍​មកពី​ការសិក្សា​របស់​ពួកគេ ។ ប្រសិនបើ​សិស្ស​បាន​រកឃើញ​ទំនុក​តម្កើង​ដ៏មាន​អត្ថន័យ នោះ​សិស្ស​ក្នុង​ថ្នាក់​អាច​ច្រៀង​ទំនុក​តម្កើង​មួយ ឬ​ច្រើន​ជាមួយ​គ្នា ។ អ្នក​ក៏​អាច​អញ្ជើញ​សិស្ស​ឲ្យ​អាន​បទគម្ពីរ​មួយ​ដែល​ពួកគេ​បាន​រកឃើញ​ផងដែរ ហើយ​ចែកចាយ​ពី​មូលហេតុ​ដែល​វា​មាន​អត្ថន័យ​ចំពោះ​ពួកគេ ។

សំណួរ​ខាងក្រោម​អាច​ជួយ​សិស្ស​ឲ្យ​ចែកចាយ​ការយល់ដឹង​របស់​ពួកគេ ៖

  • តើ​អ្នក​បាន​សិក្សា​អ្វីខ្លះ ដែល​បំផុស​គំនិត​ឲ្យ​មាន​ការដឹងគុណ ឬ​ការគោរព​ចំពោះ​ព្រះអង្គ​សង្គ្រោះ ?

  • តើ​ការចងចាំ​អ្វី​ដែល​អ្នក​បាន​សិក្សា អាច​មាន​ឥទ្ធិពល​យ៉ាងណា​ទៅលើ​ជម្រើស​របស់​អ្នក ?

អ្នក​អាច​ពង្រីក​ការពិភាក្សា​អំពី​សំណួរ​ទី​ពីរ​បាន ដោយ​បែងចែក​សិស្ស​ទៅជា​ក្រុម​តូចៗ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ពិភាក្សា​អំពី​របៀប​ដែល​វា​មាន​ឥទ្ធិពល​ទៅលើ​ផ្នែក​ជាក់លាក់​ក្នុង​ជីវិត​របស់​ពួកគេ នៅពេល​យើង​មាន​គារវភាព​កាន់តែ​ខ្លាំង​ចំពោះ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ ឧទាហរណ៍​នៃ​ផ្នែក​ខ្លះ​ក្នុង​ជីវិត​របស់​ពួកគេ ដែល​ពួកគេ​អាច​និយាយ​បាន រួមមាន ៖

  • ជម្រើស​ដែល​ពួកគេ​ធ្វើ​ទាក់ទង​នឹង​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ។

  • ការប្រាស្រ័យ​ទាក់ទង​របស់​ពួកគេ​ជាមួយ​មនុស្ស​ដទៃទៀត ។

  • ឆន្ទៈ​របស់​ពួកគេ​ក្នុង​ការចែកចាយ​ដំណឹងល្អ ។

  • របៀប​ដែល​ពួកគេ​អធិស្ឋាន​ទៅកាន់​ព្រះវរបិតា​សួគ៌ ។

ការភ្ជាប់​ទំនាក់ទំនង​ការណ៍​នេះ​ទៅនឹង​ជីវិត​របស់​អ្នក

ដើម្បី​ជួយ​សិស្ស​ឲ្យ​គិត​ពិចារណា​អំពី​ការរៀនសូត្រ​របស់​ពួកគេ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ឆ្លើយ​យ៉ាងហោច​ណាស់​សំណួរ​មួយ​ក្នុង​ចំណោម​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ៖

  • ដោយ​ផ្អែកលើ​អ្វី​ដែល​អ្នក​បាន​រៀន​មកពី​ព្រះវិញ្ញាណ ឬ​មកពី​មិត្តភក្តិ​របស់​អ្នក​នៅ​ថ្ងៃនេះ តើ​អ្នក​កត់​សម្គាល់​ឃើញ​មាន​ការផ្លាស់ប្ដូរ​អ្វីខ្លះ​នៅក្នុង​អារម្មណ៍​របស់​អ្នក ឬ​ទស្សនវិស័យ​របស់​អ្នក​អំពី​ព្រះអង្គ​សង្គ្រោះ ?

  • តើ​អ្វីទៅ​ដែល​ធ្វើឲ្យ​អ្នក​មាន​បំណង​ប្រាថ្នា​ដើម្បី​ធ្វើឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ឬ​ខុសពី​មុន ដែល​ជា​លទ្ធផល​នៃ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃនេះ ?

សូម​អញ្ជើញ​សិស្ស​ស្ម័គ្រចិត្ត​ពីរ​បី​នាក់​ឲ្យ​ឡើង​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ បន្ទាប់​មក សូម​បញ្ចប់​មេរៀន​នេះ​ដោយ​ការចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ពន្យល់​ពី​មូលហេតុ​ដែល​ព្រះនាម​របស់​ទ្រង់​ទាំងទ្វេ​គឺ​ពិសិដ្ឋ​ចំពោះ​អ្នក ។