ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១២៨—គោលលទ្ធិ និង​សេចក្តីសញ្ញា ១១៥ ៖ « ដ្បិត​សាសនាចក្រ​របស់​យើង​នឹង​ត្រូវ​បាន​ហៅថា​ដូច្នោះ »


« មេរៀន​ទី ១២៨—គោលលទ្ធិ និង​សេចក្តីសញ្ញា ១១៥ ៖ ‹ ដ្បិត​សាសនាចក្រ​របស់​យើង​នឹង​ត្រូវ​បាន​ហៅថា​ដូច្នោះ › » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តីសញ្ញា ១១៥⁠ »​សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១២៨ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ១១៥–១២០

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១៥

« ដ្បិត​សាសនាចក្រ​របស់​យើង​នឹង​ត្រូវ​បាន​ហៅថា​ដូច្នោះ »

ការបកប្រែ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ដើម្បី​គេច​ចេញ​ពី​ការបៀតបៀន​នៅ​ស្រុក​ចាកសុន រដ្ឋ​មិសសួរី ពួកបរិសុទ្ធ​រាប់​ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​ប្រហែល ៥០ ម៉ាយល៍ ( ៨០ គ.ម ) ភាគ​ខាងជើង ហើយ​បានបង្កើត​ការតាំង​ទីលំ​នៅ​ថ្មី​ហៅ​ថា ហ្វា វែស្ទ ។ នៅក្នុង​វិវរណៈ​មួយ​ដែល​បានផ្ដល់​ដល់​ព្យាការី យ៉ូសែប ស្ម៊ីធ នៅឯទីក្រុង ហ្វា វែស្ទ ព្រះ​អម្ចាស់​បានបង្ហាញ​ថា សាសនាចក្រ​របស់​ទ្រង់​គួរតែ​ត្រូវ​បាន​ហៅ​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ដឹង​អំពី​សារៈសំខាន់​ក្នុង​ការប្រើ​ឈ្មោះ​ត្រឹមត្រូវ​នៃ​សាសនាចក្រ​របស់​ព្រះអង្គសង្រ្គោះ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ហៅ​ឈ្មោះ​ខុស

សូម​ពិចារណា​និយាយ​ជាមួយ​សិស្ស​ពីរ​បី​នាក់​មុន​ពេល​ថ្នាក់​ចាប់ផ្ដើម ។ សូម​ឲ្យ​ពួកគេ​ហៅ​ឈ្មោះ​អ្នក​ខុស​នៅ​ចំពោះ​មុខ​សមាជិក​ថ្នាក់​ផ្សេង​ទៀត មុន​ពេល​អ្នក​ចាប់ផ្ដើម​បង្រៀន​មេរៀន​នេះ ។ ការណ៍​នេះ​អាច​ជា​វិធី​ដ៏​សប្បាយរីករាយ​មួយ​ដើម្បី​ជួយ​សិស្ស​ឲ្យ​គិត​អំពី​សារៈសំខាន់​នៃ​ការប្រើប្រាស់​ឈ្មោះ​ត្រឹមត្រូវ ។

  • តើ​អ្នក​មាន​បទពិសោធន៍​អ្វីខ្លះ​ជាមួយ​នឹង​ការហៅ​ឈ្មោះ​ខុស ? តើ​បទពិសោធន៍​បែប​នេះ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​យ៉ាង​ដូចម្ដេច ?

  • តើ​មាន​គំរូ​អ្វីខ្លះ​ដែល​មនុស្ស​ជួនកាល​ប្រើ​ឈ្មោះ​ខុស នៅពេល​ហៅ​ឈ្មោះ​សាសនាចក្រ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​មូលហេតុ ដែល​វា​មាន​សារៈសំខាន់​ដើម្បី​ប្រើ​ឈ្មោះ​សាសនាចក្រ​ត្រឹមត្រូវ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ ។ បន្ទាប់មក លើក​ទឹកចិត្ត​ពួកគេ​នៅពេល​ពួកគេ​សិក្សា​ដើម្បី​ស្វែងរក​សេចក្តីពិត​ដែល​អាច​ជួយ​ពួកគេ​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​សារៈសំខាន់​នៃ​ការប្រើ​ឈ្មោះ​ត្រឹមត្រូវ​នៃ​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ ។

ព្រះយេស៊ូវ​គ្រីស្ទ​ប្រកាស​ឈ្មោះ​សាសនាចក្រ​របស់​ទ្រង់

សូម​ពន្យល់​ថា បន្ទាប់ពី​មាន​ការបៀតបៀន​កាន់តែ​ច្រើន​ឡើង​ពី​ពួក​មារសត្រូវ​របស់​សាសនាចក្រ នោះព្យាការី យ៉ូសែប ស្ម៊ីធ បានចាកចេញ​ពី​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ នៅ​ខែ​មករា ឆ្នាំ ១៨៣៨ ។ លោក និង​គ្រួសារ​របស់​លោក​បានប្តូរ​លំនៅ​ទៅ​រដ្ឋ​មិសសួរី ជា​កន្លែង​ដែល​ពួក​បរិសុទ្ធ​បានបង្កើត​លំនៅដ្ឋាន​ថ្មី​មួយ​ដែល​ហៅ​ថា ហ្វា វែស្ទ ។ មិន​យូរ​ប៉ុន្មាន បន្ទាប់ពី​ការផ្លាស់ប្តូរ​លំនៅ ព្យាការី​បាន​ទទួល​វិវរណៈ​មួយ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ការដឹកនាំ​អំពី​ការស្ថាបនា​សាសនាចក្រ​ឡើង​នៅឯក្រុង ហ្វា វែស្ទ ។

សូម​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១៥:១–៤ ដោយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ដល់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​នៅឯក្រុង ​ហ្វា វែស្ទ ។

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​បង្រៀន​អ្វីខ្លះ​អំពី​ឈ្មោះ​នៃ​សាសនាចក្រ​របស់​ទ្រង់ ?

    ប្រសិន​បើ​ចាំបាច់ សូម​ជួយ​សិស្ស​ឲ្យ​ស្វែងរក​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ប្រកាស​ថា ឈ្មោះ​សាសនាចក្រ​របស់​ទ្រង់​គឺ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​គូសសម្គាល់​ឈ្មោះ​សាសនាចក្រ​របស់​ព្រះ​គ្រីស្ទ​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១៥:៤ ។

  • តើ​ឈ្មោះ​នេះ​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​សាសនាចក្រ ?

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ​មាន​រាជ​បំណង​ឲ្យ​យើង​ហៅ​សាសនាចក្រ​របស់​ទ្រង់​តាម​ឈ្មោះ​ត្រឹមត្រូវ ?

ដោយ​ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​របស់​អ្នក​អំពី​សំណួរ​ពី​មុន វា​ប្រហែលជា​មាន​អត្ថប្រយោជន៍​ក្នុង​ការអញ្ជើញ​សិស្ស​ឲ្យ​អាន នីហ្វៃទី ៣ ២៧:៧–៨ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ភ្ជាប់ ឬ​ធ្វើ​សេចក្តីយោង​ឆ្លង​ខគម្ពីរ​ទាំង​នេះ​ជាមួយនឹង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១៥:៤ ។

សារៈសំខាន់​នៃ​ការប្រើប្រាស់​ឈ្មោះ​ត្រឹមត្រូវ​នៃ​សាសនាចក្រ

បើ​អាច​ធ្វើ​ទៅ​បាន សូម​ផ្តល់​ពេល​ឲ្យ​សិស្ស​ដើម្បី​សិក្សា​ពី​សុន្ទរកថា​របស់​ប្រធាន រ័សុល អិម ណិលសុន « The Correct Name of the Church » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៧–៩០ ) ។ សូម​បោះពុម្ព​ឯកសារ​ខ្លះៗ​សម្រាប់​សិស្ស​ដែល​មិន​អាច​ចូល​ប្រើ​ជា​ឌីជីថល​បាន ។

នៅពេល​សិស្ស​សិក្សា សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​ការបង្រៀន​ដែល​ជួយ​ពួកគេ​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ការប្រើ​ឈ្មោះ​ត្រឹមត្រូវ​នៃ​សាសនាចក្រ​របស់​ព្រះ​សង្រ្គោះ ។ សិស្ស​អាច​សិក្សា​ពី​សុន្ទរកថា​ទាំង​មូល​ដោយ​ផ្ទាល់ ឬ​អ្នក​អាច​ចាត់​ក្រុម​តូចៗ​ឲ្យ​សិក្សា​ផ្នែក​ខ្លះៗ​នៃ​សុន្ទរកថា​នេះ ហើយ​បន្ទាប់មក​ត្រូវ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បានរៀន​ជាមួយ​នឹង​សិស្ស​ផ្សេងទៀត​នៅក្នុង​ថ្នាក់ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ពិភាក្សា​អំពី​ការរក​ឃើញ​របស់​ពួកគេ សូម​ពិចារណា​សួរ​សំណួរ​ដូចជា « តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​មូលហេតុ​ដែល​ការប្រើ​ឈ្មោះ​ត្រឹមត្រូវ​របស់​សាសនាចក្រ​គឺ​សំខាន់​ចំពោះ​ព្រះ​វរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ? » ឬ « តើ​អ្វី​ដែល​អ្នក​ចាប់​អារម្មណ៍​បំផុត​ចេញពី​សារលិខិត​របស់​ប្រធាន ណិលសុន ? ហេតុអ្វី ? »

ប្រសិនបើ​មិន​អាច​ឲ្យ​សិស្ស​សិក្សា​ពី​សុន្ទរកថា​ដោយ​ផ្ទាល់​ទេ សូម​ពិចារណា​អំពី​ការប្រើប្រាស់​សេចក្តី​ថ្លែងការណ៍​ដូច​ខាងក្រោម​នេះ ។

ប្រធាន រ័សុល អិម ណិលសុន បាន​ពិភាក្សា​ពី​សារៈសំខាន់​នៃ​ការប្រើប្រាស់​ឈ្មោះ​ត្រឹមត្រូវ​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់ ៖

ប្រធាន រ័សុល អិម ណិលសុន

ឈ្មោះ​របស់​សាសនាចក្រ​ពុំ​អាច​ចរចា​ផ្លាស់ប្ដូរ​បាន​ទេ ។ នៅពេល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​យ៉ាង​ច្បាស់​អំពី​ឈ្មោះ​នៃ​សាសនាចក្រ​របស់​ទ្រង់ ហើយ​ថែម​ទាំង​បាន​ប្រកាស​នូវ​សេចក្ដី​ប្រកាស​ជាមួយ​នឹង​ឃ្លា​ថា « សាសនាចក្រ​របស់​យើង​នឹង​ត្រូវ​បាន​ហៅ​ថា​ដូច្នោះ » នោះទ្រង់​មាន​បន្ទូល​យ៉ាង​ម៉ឺង​ម៉ា់ត់ ។ …

បងប្អូន​ប្រុស​ស្រី​ជាទីស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​សន្យា​ដល់​បងប្អូន​ថា ប្រសិន​បើ​យើង​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ស្ដារ​ឈ្មោះ​ត្រឹមត្រូវ​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់​ឡើង​វិញ នោះ​ទ្រង់​ដែល​ជា​សិរសា​នៃ​សាសនាចក្រ​នេះ នឹង​ចាក់​ស្រោច​ព្រះចេស្ដា និង​ពរជ័យ​របស់​ទ្រង់​មក​លើ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដែល​យើង​ពុំ​ធ្លាប់​បាន​ឃើញ​ពីមុន​មក​ឡើយ ។ យើង​នឹង​មាន​ចំណេះដឹង និង​ព្រះចេស្ដា​នៃ​ព្រះ​ដើម្បី​ជួយ​យើង​នាំ​យក​ពរជ័យ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញ​ទៅ​ដល់​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា និង​គ្រប់​ទាំង​ប្រជាជន ហើយ​ដើម្បី​រៀបចំ​ពិភពលោក​នេះ​សម្រាប់ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ ។ ( រ័សុល អិម ណិលសុន « The Correct Name of the Church » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៧, ៨៩ )

  • តើ​ពរជ័យ​អ្វីខ្លះ​ដែល​ប្រធាន ណិលសុន សន្យា​នឹង​យើង នៅពេល​យើង​ប្រើ​ឈ្មោះ​ត្រឹមត្រូវ​នៃ​សាសនាចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ?

« ចូរ​ក្រោក​ឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅ »

សូម​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១៥:៥–៦ ដោយ​ស្វែងរក​របៀប​ដែល​ព្រះអម្ចាស់​មាន​បំណង​ចង់​ប្រទានពរ​ដល់​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​តាមរយៈ​សាសនាចក្រ​របស់​ទ្រង់ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​ការអញ្ជើញ​របស់​ព្រះអម្ចាស់ សូម​ពិចារណា​ចំណាយ​ពេល​វិភាគ​ពាក្យ ឬ​ឃ្លា​ដែល​សំខាន់ៗ ។ ឧទាហរណ៍ អ្នក​អាច​សុំ​ឲ្យ​សិស្ស​គូរ ឬ​ធ្វើ​សកម្មភាព​តាម​ឃ្លា « ចូរ​ក្រោក​ឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅ » ( ខទី ៥ ) ។ វា​ប្រហែល​ជា​មាន​ប្រយោជន៍​សម្រាប់​សិស្ស​ក្នុង​ការយល់​ពាក្យ បមាណីយ ដែល​ប្រើ​នៅ ខទី ៥ សំដៅ​ទៅ​លើ ទង់ ដែល​ជា « ទង់ជ័យ … ដែល​ប្រជាជន​ប្រមូល​គ្នា​មក​រួម​ជុំវិញ​ជា​ក្រុម ចំពោះ​គោលបំណង ឬ​ទី​សម្គាល់​មួយ » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « ទង់ » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

  • តើ​ការប្រើឈ្មោះ​ត្រឹមត្រូវ​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់​អាច​ជួយ​យើង​ឲ្យ​គោរព​តាម​ការអញ្ជើញ​របស់​ព្រះអម្ចាស់​ដោយ​របៀប​ណា ខទី ៥–៦ ?

  • តើ​អ្នក ឬ​សមាជិក​គ្រួសារ​អាច​ជា​ពន្លឺ​ដល់​អ្នក​ដទៃ ដោយ​ប្រើ​ឈ្មោះ​ត្រឹមត្រូវ​នៃ​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ដូចម្ដេច ?

ដោយ​ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​របស់​អ្នក​អំពី​សំណួរ​មុន សូម​ពិចារណា​ចែកចាយ​បទពិសោធន៍​ដូច​ខាងក្រោម​នេះ ដែល​អែលឌើរ នែល អិល អាន់ឌើរសិន បាន​សង្ខេប ។

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុមនៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ចែកចាយ​បទពិសោធន៍​ជាច្រើន​ដែល​មនុស្ស​កំពុង​ឆ្លងកាត់​នៅ​ជុំវិញ​ពិភពលោក ៖

13:36
អែលឌើរ នែល អិល អាន់ឌើរសិន

មាន​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​រាប់​ពាន់​នាក់ ដែល​បាន​ប្រកាស​ដោយ​សេចក្ដី​ក្លាហាន​ពី​ឈ្មោះ​របស់​សាសនាចក្រ ។ នៅពេល​យើង​ធ្វើ​ចំណែក​របស់​យើង នោះ​អ្នកដទៃ​នឹង​ធ្វើតាម ។ ខ្ញុំ​ស្រឡាញ់​ដំណើររឿង​នេះ​មកពី​កោះ​តាហ៊ីទី ។

អ៊ីរីយូរ៉ា ជិន ដែល​មាន​អាយុ​ដប់​ឆ្នាំ បាន​ប្ដេជ្ញា​ចិត្ត​ធ្វើតាម​ការទូន្មាន​របស់​ប្រធាន ណិលសុន ។

« នៅក្នុង​ថ្នាក់រៀន​របស់​នាង ពួកគេ​បាន​ពិភាក្សា​អំពី​ថ្ងៃ​ចុងសប្ដាហ៍​របស់​ពួកគេ … ហើយ​អ៊ីរីយូរ៉ា បាន​និយាយ​អំពី … សាសនាចក្រ ។

« គ្រូបង្រៀន​របស់​នាង​ឈ្មោះ វេធ ផាយហ្វូ បាន​និយាយ​ថា ‹ អូ៎ អញ្ចឹង​កូន​គឺជា​ពួកមរមន​ឬ ? ›

« អ៊ីរីយូរ៉ា បាន​និយាយ​ដោយ​ម៉ឺងម៉ាត់​ថា ‹ អត់ទេ … ខ្ញុំ​គឺជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ! ›

« គ្រូបង្រៀន​របស់​នាង​បាន​ឆ្លើយ​ថា ‹ ហ្នឹងហើយ … កូន​គឺជា​ពួកមរមន › ។

« អ៊ីរីយូរ៉ា បាន​ទទូច​ថា ‹ អត់ទេ អ្នកគ្រូ ខ្ញុំ​គឺជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ! ›

« អ្នកគ្រូ ផាយហ្វូ មាន​ភាពអស្ចារ្យ​នឹង​ការជឿស៊ប់​របស់ អ៊ីរីយូរ៉ា ហើយ​ឆ្ងល់​ថា​ហេតុអ្វី​នាង​ទទូច​ឲ្យ​ប្រើ​ឈ្មោះ[ ដ៏វែង ] នេះ ។ [ គាត់​បាន​សម្រេច​ចិត្ត​ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​សាសនាចក្រ ] ។

« [ ក្រោយមក កាល​បងស្រី ] វេធ ផាយហ្វូ បាន​ជ្រមុជ​ទឹក [ គាត់​បាន​បង្ហាញ​ការដឹងគុណ ] ដែល​អ៊ីរីយូរ៉ា បាន​គោរព​តាម​ការទូន្មានរបស់​ប្រធាន ណិលសុន » ។ ( នែល អិល អាន់ឌើរសិន « ឈ្មោះ​របស់​សាសនាចក្រ​ពុំ​អាច​ចរចារ​ផ្លាស់ប្ដូរ​បាន​ទេ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ១១៨–១១៩ )

រូបតំណាង​ការបំពាក់បំប៉នសួរ​សំណួរ​ដែល​អញ្ជើញ​ឲ្យ​មាន​ការស្រាវជ្រាវ ៖ ដើម្បី​ជួយ​អ្នក​អនុវត្ត​ការសួរ​សំណួរ ដែល​ជួយ​សិស្ស​ឲ្យ​រក​ឃើញ​សេចក្ដីពិត សូម​មើល​ការបំពាក់បំប៉ន​ដែល​មាន​ចំណង​ជើង​ថា « បង្កើត​សំណួរ​ត្រិះរិះ​ស្រាវជ្រាវ ដែល​ជួយ​សិស្ស​ឲ្យ​មើលឃើញ​គោលការណ៍ និង​គោលលទ្ធិ​នៃ​ដំណឹងល្អ​ដោយ​ខ្លួនឯង ហើយ​មិន​នាំ​សិស្ស​ទៅរក​ចម្លើយ​ជាក់លាក់​មួយ » នៅក្នុង ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ៖ បង្រៀន​គោលលទ្ធិ​នេះ ។

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វីខ្លះ​ពី​បទពិសោធន៍​នេះ ?

  • តើ​អ្នក​បាន​រៀន ឬ​មាន​អារម្មណ៍​យ៉ាង​ណា​នៅ​ថ្ងៃនេះ ដែល​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ?

សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដែល​អ្នកបាន​ពិភាក្សា​រួចមក​ហើយ​នោះ ។⁠ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ធ្វើ​តាម​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ ដោយប្រើ​ឈ្មោះ​ត្រឹមត្រូវ​របស់​សាសនាចក្រ​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​របស់​ពួកគេ​ជាមួយ​អ្នក​ដទៃ ។