ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៣០—ការបណ្តេញ​ចេញពី​រដ្ឋ​មិសសួរី ៖ ការងាក​ទៅរក​ព្រះ នៅពេល​យើង​មាន​ទុក្ខវេទនា


« មេរៀនទី ១៣០—ការបណ្តេញ​ចេញពី​រដ្ឋ​មិសសួរី ៖ ការងាក​ទៅរក​ព្រះ នៅពេល​យើង​មាន​ទុក្ខវេទនា » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« ការបណ្តេញ​ចេញពី​រដ្ឋ​មិសសួរី »សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១៣០ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ១១៥–១២០

ការបណ្តេញ​ចេញពី​រដ្ឋ​មិសសួរី

ការងាក​ទៅរក​ព្រះ នៅពេល​យើង​មាន​ទុក្ខវេទនា

ពួកបរិសុទ្ធ​ត្រូវ​បាន​បណ្តេញចេញ​ពី​រដ្ឋ​មិសសួរី

នៅ​រដូវ​ស្លឹកឈើ​ជ្រុះ និង​រដូវ​រងា​នា​ឆ្នាំ ១៨៣៨–១៨៣៩ គឺជា​គ្រា​ដ៏​លំបាក​មួយ​សម្រាប់​ពួក​បរិសុទ្ធ​នៅ​រដ្ឋ​មិសសួរី ។ នៅពេល​ដែល​ភាពតានតឹង​បានកើនឡើង​រវាង​សមាជិក​សាសនាចក្រ និង​ប្រជាជន​ផ្សេង​ទៀតនៅឯ​រដ្ឋមិសសួរី លោក លិលបឺន ដ័បបុលយូ បកស៍ ជា​អភិបាល​រដ្ឋ​បានចេញ​បញ្ជា​ឲ្យ​បណ្តេញ​ពួក​បរិសុទ្ធ​ចេញ​ពី​រដ្ឋ​នេះ ។ ក្នុង​អំឡុងពេល​លំបាក​ទាំងនេះ មនុស្ស​ជា​ច្រើន​បាន​ងាក​ទៅរក​ព្រះ ហើយ​បានទទួល​ជំនួយ​ពី​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ថា មាន​បំណង​ដើម្បី​បែរ​ទៅ​រក​ព្រះ​កាន់តែ​ខ្លាំងឡើង​ពេល​ពួកគេ​ប្រឈម​មុខ​នឹង​ស្ថានភាព​លំបាក ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

តើ​អ្នក​ងាក​ទៅ​ឯ​ណា ?

សូម​ពិចារណា​បង្ហាញ​សេចក្តីថ្លែងការណ៍​ខាងក្រោម ហើយ​ហៅ​សិស្ស​ម្នាក់​អាន​វា​ឲ្យ​ឮៗ ។

អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ( ឆ្នាំ ១៩១៧–២០០៨ ) ក្នុងកូរ៉ុម​នៃពួកសាវក​ដប់ពីរនាក់​បានបង្រៀន ៖

អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន

របៀប​ដែល​យើង​ឆ្លើយតប​ចំពោះ​ការលំបាក អាច​ជា​កត្តា​សំខាន់​ដែល​យើង​អាច​មាន​សុភមង្គល និង​ជោគជ័យ​ក្នុង​ជីវិត ។ ( យ៉ូសែប ប៊ី. វ៉ឺតលីន « Come What May, and Love It » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២៦ )

  • តើ​មាន​ឧទាហរណ៍​អ្វីខ្លះ ដែល​អ្នក​អាច​គិតដល់​ដែល​បង្ហាញ​ពី​អ្វី​ដែល​បាន​បង្រៀន​នៅក្នុង​សេចក្តី​ថ្លែងការណ៍​នេះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ស្ថានភាព​លំបាក​ដែល​ពួកគេ​កំពុង​ប្រឈម​មុខ ឬ​ធ្លាប់​ជួប​ប្រទះ​កាល​ពី​មុន ។ បន្ទាប់មក សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត​អំពី​របៀប​ដែល​ពួកគេ​ជា​ទូទៅ​មាន​ប្រតិកម្ម ឬ​បានឆ្លើយតប​ចំពោះ​ស្ថានភាព​លំបាក​របស់​ពួកគេ ។ អ្នក​អាច​សុំ​ឲ្យ​សិស្ស​ស្ម័គ្រចិត្ត​មួយ​ចំនួន​ចែកចាយ​ចម្លើយ​ក្នុង​ថ្នាក់​ដែល​មិន​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​ពេក ។

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​ការបំផុស​គំនិត​ពី​ព្រះ​វិញ្ញាណ នៅពេល​ពួកគេ​សិក្សា ។ ការបំផុស​គំនិត​ខាង​វិញ្ញាណ​អាច​ជួយ​ពួកគេ​ឲ្យ​ដឹង​ពី​របៀប​ដែល​ព្រះ​នឹង​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​លំបាក​របស់​ពួកគេ ។

ការលំបាក​នៅ​រដ្ឋ​មិសសួរី

សូម​ពន្យល់​ថា នៅក្នុង​ឆ្នាំ ១៨៣៩ ពួកបរិសុទ្ធ​ប្រមាណ​ជា ៨,០០០ ទៅ ១០,០០០ នាក់​កំពុង​រស់នៅ​ភាគ​ខាងជើង​នៃ​រដ្ឋ​មិសសួរី ។ នៅ​ចន្លោះ​ខែ​មករា និង​ខែ​មីនា ពួកបរិសុទ្ធ​ភាគ​ច្រើន​ត្រូវ​បានបង្ខំ​ឲ្យ​ចាកចេញ​ពី​ដីធ្លី និង​ផ្ទះសម្បែង​របស់​ពួកគេ ។ សេចក្ដី​សង្ខេប​ខាងក្រោម​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​បរិបទ​ដែល​នាំ​ឲ្យ​មាន​កាលៈទេសៈ​ទាំងនេះ ។ អ្នក​អាច​បង្ហាញ​សេចក្ដី​សង្ខេប ឬ​បោះពុម្ព​វា​ចេញ ហើយ​ចាត់​ឲ្យ​សិស្ស​មួយ​ចំនួន​ឲ្យ​ចែកចាយ​វា​ជាមួយ​នឹង​ថ្នាក់​រៀន ។

ជាជាង​ប្រើ​សេចក្តីសង្ខេប​នេះ អ្នក​អាច​មើល​ផងដែរ​នូវ « 1838: The Year the Saints Were Driven Out of Missouri » ( ៥:១៥ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

5:14
  1. ប្រាំ​ឆ្នាំ​បន្ទាប់ពី​ពួកបរិសុទ្ធ​ត្រូវ​បាន​បណ្តេញចេញ​ពី​ស្រុក​ចាកសុន រដ្ឋ​មិសសួរី ពួកគេ​បានបង្កើត​សហគមន៍​ថ្មីៗ​នៅ​តំបន់​ផ្សេងៗ​ទៀត​នៃ​រដ្ឋ​នេះ ។ ប្រជាជន​រស់នៅ​រដ្ឋ​មិសសួរី ជាច្រើន​បានខឹង​នឹង​កំណើន​កើនឡើង​នៃ​ពួកបរិសុទ្ធ ព្រមទាំង​ខឹង​ដោយសារ​សេចក្តីប្រកាស​ដែល​ថ្នាក់ដឹកនាំ​សាសនាចក្រ​បាន​ប្រាប់​ថា ពួក​បរិសុទ្ធ​នឹង​ការពារ​ខ្លួន​ឯង​ប្រឆាំង​នឹង​ពួក​មនុស្ស​កំណាច​នៅពេល​អនាគត ។ សមាជិក​សាសនាចក្រ​មួយ​ក្រុម​តូច​បាន​ចាប់ផ្តើម​គំរាមកំហែង​ដល់​សត្រូវ​នៃ​សាសនាចក្រ ដែល​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​ស្មុគស្មាញ ( សូមមើល Saints ១:៣១៣–៣១៥ ) ។

  2. ភាពតានតឹង​កើនឡើង​រវាង​ពួក​បរិសុទ្ធ និង​ប្រជាជន​រស់នៅ​រដ្ឋ​មិសសួរី នៅ​ទីបំផុត​បាននាំ​ឲ្យ​មាន​ការប្រឈម​មុខ​ដាក់​គ្នា ។ ពួកបរិសុទ្ធ​ដែល​រស់នៅ​លំនៅដ្ឋាន​តូចៗ​មួយ​ចំនួន​ត្រូវ​បានបង្ខំ​ឲ្យ​រត់​គេច​ពេលដែល​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ត្រូវបាន​ពួក​មនុស្ស​កំណាច​បំផ្លាញចោល ។ នៅ​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ១៨៣៨ បុរស​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ​បី​នាក់ និង​សមាជិក​កងជីវពល​ម្នាក់​នៅ​រដ្ឋ​មិសសួរី​ត្រូវបាន​សម្លាប់​នៅក្នុង​អ្វី​ដែល​ហៅ​ថា សមរភូមិ​នៃ​ទន្លេ​ក្រុក ( សូមមើល Saints ៣២៣–៣២៨, ១:៣៣០–៣៣៤, ៣៣៥–៣៤៥ ) ។

  3. លោក លិលបឺន ដ័បបុលយូ បកស៍ ជា​អភិបាល​រដ្ឋ​មិសសួរី បានទទួល​របាយការណ៍​បំផ្លើស​យ៉ាងខ្លាំង​ដោយ​អះអាង​ថា ប្រជាជន​ដែល​រស់នៅ​រដ្ឋ​មិសសួរី​ពី ៥០ ទៅ ៦០ នាក់​ត្រូវ​បាន​ស្លាប់​នៅក្នុង​ការប្រយុទ្ធ​នេះ ។ លោក​អភិបាល​ក៏​បាន​ទទួល​សេចក្តី​ថ្លែងការណ៍​ស្បថស្បែ​ពី​អតីត​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ដែល​មាន​កំហឹង ដែល​បានថ្លែង​មិន​ត្រឹមត្រូវ​ប្រឆាំង​នឹង យ៉ូសែប ស្ម៊ីធ ផងដែរ ។ នៅ​ថ្ងៃទី ២៧ ខែ​តុលា ឆ្នាំ ១៨៣៨​ លោក អភិបាល បកស៍ បានចេញ​ដីកា​ប្រកាស​ថា « ពួកមរមន​ត្រូវបាន​ចាត់ទុក​ជា​សត្រូវ ហើយ​ត្រូវតែ​កម្ចាត់ចោល ឬ​បណ្តេញចេញ​ពី​រដ្ឋ​នេះ » ( សូមមើល ពួក​បរិសុទ្ធ ១:៣៤៥–៣៤៦ ) ។

  4. បន្ទាប់ពី​លោក​អភិបាល បូកស៍ បានចេញ​បញ្ជា​របស់​លោក​មក ព្យាការី យ៉ូសែប ស្ម៊ីធ និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ដទៃ​ទៀត​ត្រូវ​បាន​កងជីវពល​នៅ​រដ្ឋ​មិសសួរី​ឃាត់ខ្លួន ។ ពួក​មនុស្ស​កំណាច​បាន​វាយប្រហារ​ក្រុង ហ្វា វែស្ទ និង​លំនៅដ្ឋាន​ផ្សេងទៀត​របស់​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ( សូមមើល Saints ១:៣៤៧–៣៥៨, ៣៥៩–៣៦៧ ) ។

    • ប្រសិនបើ​អ្នក​ជា​សមាជិក​សាសនាចក្រ​នៅ​អំឡុង​ពេល​នោះ តើ​អ្នក​នឹង​ពិពណ៌នា​ពី​អារម្មណ៍ ឬ​សំណួរ​ដែល​អ្នក​អាច​មាន​យ៉ាង​ដូចម្ដេច ?

    • តើ​មាន​សកម្មភាព​អ្វី​ដែល​អ្នក​ចង់​ធ្វើ ?

នៅ​គ្រា​ដ៏​លំបាក​ទាំងនេះ ពួក​បរិសុទ្ធ​ជា​ច្រើន​បានបង្ហាញ​សេចក្ដី​ជំនឿ​របស់​ពួកគេ​ដោយ​ការងាក​ទៅ​រក​ព្រះ ។

រូបតំណាង​សំណៅ​ចែកដំណើររឿង​ខាងក្រោម​នេះ​អាច​ជួយ​សិស្ស​ឲ្យ​មើលឃើញ​ពី​គំរូ​មួយ អំពី​របៀប​ដែល​សមាជិក​សាសនាចក្រ​ម្នាក់​បាន​ជ្រើសរើស​ងាក​ទៅរក​ព្រះ​នៅអំឡុង​ពេល​នាង​ជួប​ទុក្ខវេទនា ។ សូម​ពិចារណា​ចែក​សំណៅចែក ដែល​មាន​ចំណងជើង​ថា « ដំណើរ​រឿង​របស់ អាមែនដា ស្ម៊ីធ នៅ​ឯ ហនស៍ មីល្ល » ។

អ្នក​អាច​សិក្សា​ដំណើររឿង​នេះ​ជាមួយ​គ្នា​ជា​ថ្នាក់​ទាំងមូល ដោយ​មាន​សិស្ស​ពីរបី​នាក់​ប្តូរ​វេន​គ្នា​អាន​ឮៗ​អំពី​ផ្នែក​ផ្សេងៗ​គ្នា​នៃ​ដំណើររឿង​នេះ ។ សិស្ស​ក៏​អាច​សិក្សា​ពី​ដំណើររឿង​នេះ​ជាមួយ​ក្រុម​តូចៗ​ផង​ដែរ ។

ដំណើរ​រឿង​របស់ អាមែនដា ស្ម៊ីធ នៅ​ឯ ហនស៍ មីល្ល

ក្មេងស្រី​ជា​អ្នក​ត្រួសត្រាយ​នៅ​ឯ​ទីវាល

ថ្ងៃទី ៣០ ខែ​តុលា ឆ្នាំ ១៨៣៨ ពួក​មនុស្ស​កំណាច​បាន​វាយប្រហារ​លំនៅដ្ឋាន​របស់​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ដែល​ត្រូវ​បាន​ស្គាល់​ថា ហនស៍ មីល្ល ពួក​មនុស្ស​កំណាច​បាន​បាញ់​បុរស និង​ក្មេងប្រុស​ដែល​ចូល​ទៅ​ហាង​ជាងដែក​ដើម្បី​លាក់ខ្លួន និង​ដើម្បី​ការពារ​ប្រជាជន​របស់​ពួកគេ ។ ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ចំនួន​ដប់​ប្រាំពីរ​នាក់​ត្រូវ​បាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​នេះ ហើយ​រងរបួស​លើសពី​ដប់​ពីរ​នាក់ ។

ក្នុង​ចំណោម​អ្នក​រងរបួស​មាន​ក្មេង​ឈ្មោះ អាលម៉ា ស្មីធ អាយុ​ប្រាំមួយ​ឆ្នាំ ដែល​សន្លាក់​ឆ្អឹង​ត្រគាក​ទាំងមូល​បាន​ខូចបង់​បន្ទាប់ពី​គេ​បាញ់​គាត់ ។ អាមែនដា បាណាស ស្ម៊ីធ ម្តាយ​របស់​អាលម៉ា មាន​ការខកចិត្ត​ជា​ខ្លាំង​នៅពេល​គាត់​បាន​រកឃើញ​អាលម៉ា ។ នាង​ក៏​បាន​ទួញសោក​ចំពោះ​ស្វាមី​របស់​នាង និង​កូន​ប្រុស​អាយុ ១០ ឆ្នាំ​របស់​នាង​ដែល​ទាំងពីរ​នាក់​ត្រូវ​បានសម្លាប់​នៅក្នុង​ការវាយប្រហារ​នេះ ។

ដោយ​គ្មាន​នរណា​ម្នាក់​អាច​ជួយ​នាង​បាន អាមែនដា​បាន​ប្រមូល​កូន​ដែល​នៅ​សល់​របស់​នាង​ជាមួយ​គ្នា ហើយ​បានអធិស្ឋាន​ទូលសុំ​ការណែនាំ ។ នាង​បាន​អធិស្ឋាន​ថា « ឱ ព្រះវរបិតាសួគ៌​នៃ​ទូលបង្គំ ទ្រង់​បាន​ទតឃើញ​កូន​ប្រុស​មាន​របួស​ដ៏​កំសត់​របស់​ទូលបង្គំ ហើយ​ក៏​បាន​ជ្រាបដឹង​ពី​ការឆ្លងកាត់​របស់​ទូល​បង្គំ​ដែរ ។ ឱ ! ព្រះវរបិតាសួគ៌ សូម​ដឹកនាំ​ទូលបង្គំ​ឲ្យ​ដឹង​អ្វី​ដែល​ត្រូវ​ធ្វើ​ផងចុះ » ។

នៅពេល​ដែល​អាមែនដា​បាន​បញ្ចប់​ការអធិស្ឋាន​របស់​នាង នាង​បាន​ឮ​សំឡេង​មួយ​ដែល​ប្រាប់​នាង​ឲ្យ​លាយ​ផេះ​ជាមួយ​ទឹក ។ នាង​បាន​ប្រើ​ដំណោះស្រាយ​នេះ​ដើម្បី​លាង​របួស​របស់​អាលម៉ា រហូត​ដល់​របួស​បាន​ស្អាត ។ បន្ទាប់មក អាមែនដា​មាន​អារម្មណ៍​ថា​បាន​បំផុសគំនិត​ឲ្យ​យក​ឫស​ដើម​អែម ហើយ​កិន​វា​ឲ្យ​ហ្មត់ ។ នាង​បាន​យក​កំហាប់​នោះ​ដាក់​លើ​មុខរបួស​របស់​អាលម៉ា ហើយ​រុំ​នឹង​ក្រណាត់ ។

« ឥឡូវ​នេះ​កូន​គេង​អ៊ីចឹង​ហើយ កុំ​រើ​ទៅ​ណា » នាង​បាន​ប្រាប់​កូន​ប្រុស​របស់​នាង​ថា « ព្រះអម្ចាស់​នឹង​ប្រទាន​ត្រគាក​ថ្មី​ឲ្យ​កូន » ។

របួស​របស់​អាលម៉ា​បាន​រារាំង អាមែនដា និង​គ្រួសារ​របស់​នាង​ពី​ការជម្លៀស​ចេញ​បន្ទាប់ពី​ការវាយ​ប្រហារ​នេះ ។ នៅ​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ ពួក​មនុស្ស​កំណាច​បានកំណត់​ពេលវេលា​ឲ្យ​នាង និង​ពួក​បរិសុទ្ធ​ផ្សេង​ទៀត​ដែល​នៅ​សល់​ឲ្យ​ចាកចេញ​ទៅ ។ ការភ័យ​ខ្លាច​របស់ អាមែនដា កាន់តែ​មាន​ខ្លាំងឡើង​នៅពេល​ថ្ងៃ​កំណត់​បាន​មក​ដល់ ។ នាង​បានពួន​នៅក្នុង​គុម្ព​ពោត ដើម្បី​នាង​អាច​អធិស្ឋាន​ចេញ​សំឡេង ដោយ​មិន​ត្រូវ​បាន​គេ​ឮ ។ បន្ទាប់មក នាង​បាន​ឮ​សំឡេង​មួយ​ដែល​និយាយ​ពាក្យ​ទាំង​នេះ​ឡើង​វិញ ៖

  • ព្រលឹង​ណា​ដែល​ពឹងផ្អែក​ទៅ​លើ​ព្រះយេស៊ូវ

  • យើង​មិនព្រម យើង​មិន​អាច​បោះចោល​ឲ្យ​សត្រូវ

  • សូម្បី​តែ​ពួក​នរក​ចង់​បាន​ព្រលឹង​អ្នក

  • យើង​នឹង​គ្មាន​ថ្ងៃបោះបង់ … យើង​នឹង​គ្មាន​ថ្ងៃ​បោះបង់ !

ពាក្យពេចន៍​ទាំងនេះ​ចេញមកពី​ទំនុកតម្កើង « គ្រឹះ​ដ៏​មាំមួន » ( ទំនុកតម្កើង ល.រ. ៣៧ ) បាន​ជួយ អាមែនដា ទទួល​កម្លាំង និង​សេចក្តី​ក្លាហាន​ថ្មី ។

បន្ទាប់ពីអាមែនដាបាន​នៅ​ខាងក្រៅ​មិន​យូរប៉ុន្មាន នាង​បាន​ឮ​កូនៗ​របស់​នាង​ស្រែក​នៅក្នុង​ផ្ទះ​របស់​នាង ។ នាង​បាន​ប្រញាប់​រត់​ទៅ​ផ្ទះ ហើយ​បានឃើញ​អាលម៉ា​រត់​ជុំវិញ​បន្ទប់ ។ គាត់​បាន​ស្រែកថា « ម៉ែ កូន​ជា​ហើយ កូន​ជា​ហើយ ! » មិនយូរ​ប៉ុន្មាន អាមែនដា និង​កូនៗ​របស់​នាង​បាន​ចាកចេញ​ពី ហនស៍ មីល្ល ។

( បាន​ដកស្រង់ និង​សង្ខេប​ចេញពី Saints ១:៣៤៧–៣៥០, ៣៥៣–៣៥៥, ៣៧៨–៣៧៩ )

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​ពី​ដំណើរ​រឿង​នេះ ?

  • តើ​អ្នក​បាន​រៀន ឬ​មានអារម្មណ៍​យ៉ាងណា​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​អ្នក​អាន​ពី​ដំណើររឿង​នេះ ?

នៅពេល​សិស្ស​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ទៅ​នឹង​សំណួរ​មុន សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​សេចក្តីពិត​ដែល​ពួកគេ​កំពុង​រៀន ដែល​អាច​ជួយ​ពួកគេ​ក្នុង​ការសាកល្បង​របស់​ពួកគេ ។ សេចក្ដីពិត​មួយ​ដែល​សិស្ស​អាច​ស្វែងយល់​បាន​គឺ ៖ នៅពេល​យើង​ងាក​ទៅ​រក​ព្រះ​ក្នុង​ទុក្ខវេទនា​របស់​យើង នោះ​យើង​អាច​ទទួល​បាន​ការណែនាំ ការលួងលោម និង​កម្លាំង​របស់​ទ្រង់ ។

សូម​ពិចារណា​ច្រៀងចម្រៀង ឬ​ស្តាប់​ទំនុក​តម្កើង​បទ « គ្រឹះ​ដ៏​មាំ​មួន » ( ទំនុក​តម្កើង ល.រ. ៣៧ ) ជាមួយ​គ្នា​ជា​ថ្នាក់​ទាំងមូល ។ ពាក្យ​ដែល​បាន​ពង្រឹង អាមែនដា ស្ម៊ីធ គឺ​មាន​នៅក្នុង​វគ្គ​ទី ៧ ។

បទគម្ពីរ​ដែល​ជួយ​យើង​ឲ្យ​ងាក​ទៅ​រក​ព្រះ

សូម​ចំណាយពេល​ខ្លះៗ​ដើម្បី​ស្វែងរក​បទគម្ពីរ​ដែល​អាច​បង្កើន​បំណងប្រាថ្នា​របស់​អ្នក​ដើម្បី​ងាក​ទៅរក​ព្រះ​នៅពេល​អ្នក​ប្រឈមមុខ​នឹង​ការលំបាក ។ អ្នក​អាច​សិក្សា​វគ្គបទគម្ពីរ​មួយ​ចំនួន ឬ​ទាំង​អស់​ខាងក្រោម​នេះ ឬ​ស្វែងរក​វគ្គបទគម្ពីរ​ផ្សេងៗ​គ្នា ។

  • តើ​អ្នក​បាន​រកឃើញ​អ្វី​ដែល​មាន​អត្ថន័យ​នៅ​ក្នុង​ខគម្ពីរ​ដែល​អ្នក​បាន​សិក្សា​នេះ ? ហេតុអ្វី ?

  • តើ​នៅ​ពេល​ណា​ដែល​ព្រះ​បាន​ប្រទានពរ​ដល់​អ្នក ឬ​អ្នក​ដទៃ​ដែល​អ្នក​ស្គាល់ កាល​អ្នក​ងាក​ទៅ​រក​ទ្រង់​ក្នុង​ស្ថានភាព​ដ៏​លំបាក ?

ដោយ​ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​របស់​អ្នក​អំពី​សំណួរ​មុន សូម​ពិចារណា​ចែកចាយ​ឧទាហរណ៍​មួយ​ពី​ជីវិត​របស់​អ្នក​ផ្ទាល់ ។

សូម​គិត​អំពី​ជីវិត​របស់​អ្នក

ដើម្បី​ជួយ​សិស្ស​ឲ្យ​គិត​ពិចារណា​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន និង​ទទួល​អារម្មណ៍ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ឆ្លើយ​សំណួរ​យ៉ាង​ហោច​ណាស់​មួយ​នៃ​សំណួរ​ដូច​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

  • តើ​អ្នក​បានរៀន ឬ​បាន​ទទួល​អារម្មណ៍​យ៉ាងណា​នៅ​ថ្ងៃនេះ ដែល​អាច​ពង្រឹង​អ្នក​នៅពេល​អ្នកកំពុង​ប្រឈមមុខ​នឹង​ស្ថានភាព​លំបាក​មួយ​នៅ​ថ្ងៃក្រោយ ?

  • តើ​អ្នកបាន​ទទួល​អារម្មណ៍​ថា​ត្រូវបាន​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ​ដោយសារតែ​អ្វី​ដែល​អ្នក​បានរៀន​នៅ​ថ្ងៃ​នេះ ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ដែល​ស្ម័គ្រចិត្ត​ពីរបី​នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ទាំងឡាយ​ដែល​អ្នក​បានពិភាក្សា ហើយ​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​តាម​ការបំផុសគំនិត​ណាមួយ​ដែល​ពួកគេ​បាន​ទទួល ។