ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៥៧—វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ ទី​១០ ៖ ការគិតពិចារណា​លើ​ការសិក្សា​របស់​អ្នក​អំពី​គោលលទ្ធិ និង​សេចក្ដី​សញ្ញា


« វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ ទី​១០ ៖ ការគិតពិចារណា​លើ​ការសិក្សា​របស់​អ្នក​អំពី​គោលលទ្ធិ និង​សេចក្ដី​សញ្ញា » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៥ )

« វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ ទី​១០ » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១៥៧ ៖ មាត្រា​នៃ​សេចក្តីជំនឿ និង​សេចក្តីប្រកាស​ជាផ្លូវការ​​ទី ១ និង ២

វាយតម្លៃ​ការរៀនសូត្រ​របស់អ្នក ទី​១០

ការគិតពិចារណា​លើ​ការសិក្សា​របស់​អ្នក​អំពី​គោលលទ្ធិ និង​សេចក្ដី​សញ្ញា

បងប្អូន​ប្រុស​កំពុង​មើល​សៀវភៅ​រូបថត

ការគិតពិចារណា និង​ការវាយតម្លៃ​ការរៀនសូត្រ​ខាង​វិញ្ញាណ​របស់​យើង អាច​ជួយ​យើង​ឲ្យ​ខិតទៅ​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ចងចាំ និង​វាយតម្លៃ​លើ​របៀប​ដែល​ការសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា បាន​ជួយ​ពួកគេ​ឲ្យ​រីកចម្រើន​ខាង​វិញ្ញាណ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

អនុស្សាវរីយ៍​ខាង​វិញ្ញាណ

សូម​ពិចារណា​យក​រូបថត​ផ្ទាល់ខ្លួន​មក​ថ្នាក់រៀន ។ សូម​ដាក់បង្ហាញ​រូបថត​នោះ និង​ពិពណ៌នា​ខ្លីៗ​អំពី​អនុស្សាវរីយ៍​របស់​អ្នក​ដែល​ទាក់ទង​នឹង​មនុស្ស ឬ​ព្រឹត្តិការណ៍​ក្នុង​រូបភាព ។ ប្រសិនបើ​សិស្ស​ត្រូវ​បាន​សុំ​ឲ្យ​ធ្វើ​សកម្មភាព​រៀបចំ​សិស្ស សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​យ៉ាង​ខ្លី​អំពី​រូបថត និង​អនុស្សាវរីយ៍​របស់​ពួកគេ​ក្នុង​ក្រុម​តូចៗ ឬ​ជាមួយនឹង​ថ្នាក់រៀន ។ ពួកគេ​ក៏​អាច​ចែកចាយ​រូបថត​ដែល​ពួកគេ​មាន​នៅក្នុង​ទូរសព្ទ​របស់​ពួកគេ​ផងដែរ ។

  • ហេតុអ្វី​អ្នក​គិត​ថា មនុស្ស​ទូទៅ​ចូលចិត្ត​មើល​រូបភាព​មនុស្ស ឬ​ព្រឹត្តិការណ៍​ពី​អតីតកាល​របស់​ពួកគេ ?

  • តើ​គំរូ​នៃ​អនុស្សាវរីយ៍​មួយចំនួន​ដែល​យើង​អាច​មាន ដែល​យើង​មិន​អាច​ផ្ដិតបាន​នៅលើ​រូបថត​មាន​អ្វីខ្លះ ?

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​អំពី​អនុស្សាវរីយ៍​ខាងវិញ្ញាណ​របស់​យើង ។

16:43
អែលឌើរ នែល អិល អាន់ឌើរសិន⁠

សូម​ឱប​ក្រសោប​អនុស្សាវរីយ៍​ដ៏​ពិសិដ្ឋ​របស់​បងប្អូន ។ សូម​ជឿ​ដល់​ទ្រង់ ។ សូម​កត់ត្រា​វា​ទុក ។ សូម​ចែកចាយ​វា​ជាមួយ​គ្រួសារ​បងប្អូន ។ សូម​ទុកចិត្ត​ថា អនុស្សាវរីយ៍​នោះ​កើត​មាន​ដល់​បងប្អូន​មកពី​ព្រះវរបិតាសួគ៌​របស់​បងប្អូន និង​ព្រះរាជបុត្រា​ជាទី​ស្រឡាញ់​របស់​ទ្រង់ ។ សូម​ទុក​ឲ្យ​អនុស្សាវរីយ៍​នោះ​នាំយក​ភាពអត់ធ្មត់​ចំពោះ​ភាពសង្ស័យ និង​ការយល់​ដឹង​ក្នុង​គ្រា​ដ៏​លំបាក​របស់​បងប្អូន ។ ខ្ញុំ​សូម​សន្យា​ថា កាល​បងប្អូន​មាន​ឆន្ទៈ​ចង់ដឹង និង​ថែ​រក្សា​ព្រឹត្តិការណ៍​ខាង​វិញ្ញាណ​ដ៏​មាន​អត្ថន័យ​ទាំងនោះ​នៅក្នុង​ជីវិត​របស់​បងប្អូន​ដោយ​ប្រុងប្រយ័ត្ន នោះ​បងប្អូន​នឹង​កាន់តែ​ទទួលបាន​ច្រើន​ថែមទៀត ។ ព្រះវរបិតាសួគ៌​ស្គាល់ និង​ស្រឡាញ់​បងប្អូន ! ( នែល អិល អាន់ឌើរសិន⁠ « Spiritually Defining Memories » Liahona ខែឧសភា ឆ្នាំ២០២០ ទំព័រ ២២ )

  • អ្នក​គិត​ថា ហេតុអ្វី​ការគិតពិចារណា​អំពី​អនុស្សាវរីយ៍​ខាងវិញ្ញាណ​របស់​អ្នក​មាន​សារៈសំខាន់ ?

    សូម​ពន្យល់​ថា មេរៀន​នេះ​នឹង​ផ្តល់​ឱកាស​ដល់​សិស្ស​គិតពិចារណា​អំពី​ការចងចាំ ឬ​បទពិសោធន៍​ខាង​វិញ្ញាណ​មួយ​ចំនួន ដែល​ពួកគេ​មាន​ពេល​កំពុងសិក្សា​គោលលទ្ធិ និង​សេចក្តីសញ្ញា និង​ប្រវត្តិ​សាសនាចក្រ​កាលពី​ឆ្នាំ​មុន ។

    មុនពេល​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ឆ្លើយ​សំណួរ​ខាងក្រោម សូម​ពិចារណា​យោង​ទៅ​លើ​សេចក្តី​ថ្លែងការណ៍​នៅក្នុង បុព្វកថា​នៃ​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ដែល​ចែង​ថា « នៅក្នុង​វិវរណៈ នោះ​មនុស្ស​ម្នាក់​ឮ​សំឡេង​ទន់ភ្លន់ តែ​រឹងមាំ​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ » ។ សិស្ស​អាច​ត្រូវបាន​អញ្ជើញ​ឲ្យ​ពិនិត្យ​ឡើងវិញ​នូវ​ការយល់ដឹង ដែល​ពួកគេ​បាន​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ​ពេញ​មួយឆ្នាំ ឬ​ការគូស​សម្គាល់ ឬ​កំណត់​ចំណាំ​ដែល​ពួកគេ​បានធ្វើ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ដើម្បី​ជួយ​ពួកគេ​ឆ្លើយ​សំណួរ​ទាំងនេះ ។

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​អ្នក​សិក្សា​ព្រះបន្ទូល​របស់​ទ្រង់​នៅ​ឆ្នាំ​នេះ​ក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា ?

  • តើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ផ្លាស់ប្តូរ​យ៉ាងណា​ក្នុង​មួយ​ឆ្នាំ​កន្លង​មកនេះ ?

  • តើ​វគ្គ​បទគម្ពីរ​មួយចំនួន​ដែល​អ្នក​បាន​សិក្សា ដែល​មាន​ឥទ្ធិពល​លើ​អ្នក​មានអ្វីខ្លះ ? តើ​វគ្គ​ទាំង​នេះ​បាន​មាន​ឥទ្ធិពល​មកលើ​អ្នក​យ៉ាង​ណា​ខ្លះ ?

  • តើ​សេចក្ដីពិត​នៃ​ដំណឹងល្អ​មួយចំនួន ដែល​អ្នក​បាន​ព្យាយាម​អនុវត្ត​មាន​អ្វីខ្លះ ? តើ​អ្នក​បាន​ឃើញ ឬ​សង្ឃឹម​ថា​នឹង​ឃើញ​អ្វីខ្លះ​តាមរយៈ​ការខិតខំ​របស់​អ្នក ?

បន្ទាប់ពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អនុស្សាវរីយ៍​ខាង​វិញ្ញាណ​មួយចំនួន​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់​តាម​ការសមរម្យ​ដើម្បី​ចែកចាយ ។ នៅពេល​សិស្ស​ចែកចាយ សូម​លើក​ទឹកចិត្ត​សិស្ស​ដទៃ​ទៀត​ឲ្យ​ចូល​រួមចំណែក​ក្នុង​ការពិភាក្សា​ដោយ​សួរ​សំណួរ​ដូចជា « តើ​អ្នកណាខ្លះ​ធ្លាប់​មាន​បទពិសោធន៍​ស្រដៀងគ្នា​នេះ ? » ឬ​« តើ​អ្នក​អាច​បន្ថែម​អ្វីខ្លះទៀត​ទៅលើ​អ្វី​ដែល​មិត្តរួមថ្នាក់​របស់​អ្នក​បាន​ចែកចាយ ? »

ការទទួលវិវរណៈ

សូម​រំឭក​សិស្ស​ថា ពួកគេ​ត្រូវ​បាន​អញ្ជើញ​ពេញ​មួយ​ឆ្នាំ​ដើម្បី​អនុវត្ត និង​រៀន​ពី​របៀប​ទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន ។

ប្រធាន រ័សុល អិម ណិលសុន⁠

ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​បងប្អូន​ឲ្យ​ខិតខំ​បន្ថែម​ទៀត​លើស​ពី​លទ្ធភាព​ខាង​វិញ្ញាណ​របស់​បងប្អូន​នៅ​ពេល​នេះ ដើម្បី​ទទួល​បាន​វិវរណៈ​ផ្ទាល់​ខ្លួន ។ …

ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​បង្កើន​សមត្ថភាព​ខាង​វិញ្ញាណ​របស់​បងប្អូន​ដើម្បី​ទទួល​បាន​វិវរណៈ ។… សូម​ជ្រើស​ធ្វើ​កិច្ចការ​ខាង​វិញ្ញាណ​ដែល​បាន​តម្រូវ​ឲ្យ​ធ្វើ ដើម្បី​រីករាយ​នឹង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ស្ដាប់​ឮ​ព្រះសូរសៀង​នៃ​ព្រះវិញ្ញាណ​ឲ្យ​បាន​ញឹកញាប់ ហើយ​កាន់​តែ​ច្បាស់ ។ ( រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Liahona ខែឧសភា ឆ្នាំ២០១៨ ទំព័រ ៩៥–៩៦ )

ដើម្បី​ជួយ​គូសបង្ហាញ​ការអញ្ជើញ​របស់​ប្រធាន​ណិលសុន ឲ្យ​យើង​លាតសន្ធឹង​ហួស​ពី​សមត្ថភាព​របស់​យើង​ក្នុង​ការទទួលវិវរណៈ សូម​ពិចារណា​បង្ហាញ​ប៉េងប៉ោង​ផ្សេងៗគ្នា​ដែល​បំប៉ោង​ទំហំ​ខុសៗគ្នា ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ថា តើ​ប៉េងប៉ោង​មួយណា​តំណាង​ឲ្យ​សមត្ថភាព​របស់​ពួកគេ​ល្អ​បំផុត​ក្នុង​ការទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន​នៅដើម​ឆ្នាំ ហើយ​អ្វី​ដែល​តំណាង​ឲ្យ​សមត្ថភាព​របស់​ពួកគេ​ឥឡូវ​នេះ ។ ជាផ្នែក​មួយ​នៃ​ការគិតពិចារណា​របស់​ពួកគេ សិស្ស​អាច​ពិចារណា​សំណួរ​ខាងក្រោម ។ សូម​ឲ្យ​សិស្ស​ពីរបី​នាក់​ចែកចាយ ។

  • តើអ្វី​ដែល​បាន​ជួយ​អ្នក​ឲ្យ « លាតសន្ធឹង » និង « បង្កើន​សមត្ថភាព​ខាង​វិញ្ញាណ​របស់​អ្នក​ដើម្បី​ទទួល​បាន​វិវរណៈ » ក្នុង​ឆ្នាំ​នេះ ?

  • តើ​វគ្គ​បទគម្ពីរ​អ្វីខ្លះ​ក្នុង​គោលលទ្ធិ និង​សេចក្តីសញ្ញា ដែល​បាន​បន្ថែម​ដល់​ការយល់ដឹង​របស់​អ្នក​អំពី​ការទទួល​វិវរណៈ ?

    ប្រសិន​បើ​អ្នក​ត្រូវការ​ជំនួយ អ្នក​អាច​ផ្ដល់​គំរូ​មួយ​ចំនួន ដូចជា យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥–២០ និង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨:២–៣; ៩:៧–៩; ១១:១២–១៣; ៨៨:១១៨ ។

  • តើ​បទពិសោធន៍​អ្វីខ្លះ​ដែល​អ្នក​មាន​ថ្មីៗ​នេះ​ជាមួយ​នឹង​វិវរណៈ​ផ្ទាល់ខ្លួន ?

ការពន្យល់​ពី​ការស្ដារឡើងវិញ

សូម​ដាក់​បង្ហាញ​រូបភាព​ជាច្រើន​នៅជុំវិញ​បន្ទប់​ដែល​ពណ៌នា​អំពី​ព្រឹត្តិការណ៍​សំខាន់ៗ​នៃ​ការស្ដារ​ឡើងវិញ ដូចជា​រូបភាព​ខាងក្រោម ។ ជាជម្រើស អ្នក​អាច​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រាយ​បញ្ជី​ព្រឹត្តិការណ៍​សំខាន់ៗ​នៃ​ការ​ស្ដារឡើងវិញ​នៅលើ​ក្ដារខៀន ។ សូម​ជ្រើសរើស​រួមគ្នា​នូវ​ព្រឹត្តិការណ៍​បួន ឬ​ប្រាំ​ដើម្បី​ពិភាក្សា ។ សរសេរ​វា​នៅលើ​ក្រដាស​ផ្សេងៗ​គ្នា ហើយ​ដាក់ក្រដាស​នោះ​ជុំវិញ​បន្ទប់ ។

ការនិមិត្ត​ដំបូង

ការនិមិត្ត​ដំបូង

ការស្ដារឡើងវិញ​នៃ​បព្វជិតភាព​ម៉ិលគីស្សាដែក

ការស្ដារឡើងវិញ​នៃ​បព្វជិតភាព​ម៉ិលគីស្សាដែក

ការលេចចេញ​មក​នៃ​ព្រះគម្ពីរ​មរមន

ការលេចចេញ​មក​នៃ​ព្រះគម្ពីរ​មរមន

ការស្ថាបនា​ព្រះវិហារ​បរិសុទ្ធ

ការស្ថាបនា​ព្រះវិហារ​បរិសុទ្ធ

ដាក់​សិស្ស​ជា​ក្រុម ហើយ​អញ្ជើញ​ក្រុម​នីមួយៗ​ឲ្យ​ប្រមូល​ផ្តុំ​គ្នា​តាម​រូបភាព ឬ​ក្រដាស​ផ្សេងៗ ។ ចាត់តាំង​អ្នកដឹកនាំ​ក្រុម ដើម្បី​ជួយ​សម្រួល​ដល់​ការពិភាក្សា​អំពី​ព្រឹត្តិការណ៍​នៃ​ការស្ដារ​ឡើងវិញ​នោះ ។ លើក​ទឹកចិត្ត​អ្នកដឹកនាំ​នោះ​ឲ្យ​អញ្ជើញ​សិស្ស​គ្រប់គ្នា​ក្នុង​ក្រុម​ឲ្យ​ចែកចាយ​អ្វីមួយ ។ បន្ទាប់ពី​មាន​ពេលវេលា​គ្រប់គ្រាន់ សូម​អញ្ជើញ​ក្រុម​ទាំងនោះ​ឲ្យ​ប្ដូរ​ទៅ​រូបភាព​ថ្មី ហើយ​ជ្រើសរើស​អ្នកដឹកនាំ​ក្រុម​ថ្មី ។ ការបំផុសគំនិត​ខាងក្រោម​អាច​ជួយ​អ្នកដឹកនាំ​ក្រុម​ដឹកនាំ​ការពិភាក្សា​នៅ​ក្រុម​នីមួយៗ ។

  1. ចែកចាយ​អ្វី​ដែល​អ្នក​ចងចាំ​អំពី​ព្រឹត្តិការណ៍​នេះ ។

  2. សូម​ពន្យល់​ពី​មូលហេតុ​ដែល​វា​នឹង​មាន​អត្ថប្រយោជន៍​សម្រាប់​មនុស្ស​ជុំវិញ​ពិភពលោក​ដឹង​អំពី​ផ្នែក​នេះ​នៃ​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

  3. សូម​ពិភាក្សា​អំពី​របៀប​ដែល​ផ្នែកនេះ​នៃ​ការស្ដារ​ឡើងវិញ​បាន​ជួយ​បង្កើន​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ព្យាការី យ៉ូសែប ស៊្មីធ

សកម្មភាព​ខាងក្រោម​អាច​ត្រូវបាន​ប្រើ​បន្ថែម​ពី​លើ​សកម្មភាព​គិតពិចារណា ដែល​សិស្ស​បានធ្វើ​នៅដើម​មេរៀន​នេះ ។

សូម​ដាក់បង្ហាញ​រូបភាព​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ ។ សូម​សួរ​សិស្ស​ថា តើ​ពួកគេ​នឹកឃើញ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ណា​មួយ​ដែល​ពិពណ៌នា​អំពី​កិច្ចការ​ដ៏​អស្ចារ្យ​ដែល​យ៉ូសែប​បាន​សម្រេច​ក្នុង​ជីវិត​របស់​លោក ។ បន្ទាប់មក​អាន ឬ​សូត្រ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៥:៣ ឡើងវិញ​រួមគ្នា ។ សូម​រំឭក​សិស្ស​ថា ទីបន្ទាល់​របស់ យ៉ូសែប ស្ម៊ីធ ត្រូវ​បាន​សរសេរ​ភ្លាមៗ​បន្ទាប់​ពី​ការធ្វើ​ទុក្ករកម្ម ។ សូម​ជួយ​ពួកគេ​រៀបចំ​ចែកចាយ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​ទីបន្ទាល់​របស់​ពួកគេ​អំពី យ៉ូសែប ស្ម៊ីធ ជា​ព្យាការី​របស់​ព្រះអម្ចាស់ ។

សូម​គិត​អំពី​របៀប​ដែល​អារម្មណ៍ និង​ទីបន្ទាល់​របស់​អ្នក​ផ្ទាល់​អំពី យ៉ូសែប ស៊្មីធ បាន​ផ្លាស់ប្តូរ​ក្នុង​មួយ​ឆ្នាំ​នេះ ។ អ្នក​គួរ​សរសេរ​គំនិត​របស់​អ្នក​នៅ​ពេល​អ្នក​គិតពិចារណា​លើ​ចំណុច​ខាងក្រោម ៖

  • តើ​អ្នក​រៀន​ដោយ​ខ្លួនឯង​ដោយ​របៀបណា​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​ព្រះកាយ​ដល់ យ៉ូសែប ស្ម៊ីធ នៅក្នុង​ព្រៃ​ពិសិដ្ឋ ?

  • តើ​កិច្ចការ​ដែល​ព្រះអម្ចាស់​បាន​បំផុស​គំនិត​ឲ្យ យ៉ូសែប ស្ម៊ីធ ធ្វើ អាច​ជួយ​អ្នក​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀបណា ?

  • ប្រសិនបើ​អ្នក​មិន​ប្រាកដ​អំពី​ការហៅ​របស់ យ៉ូសែប ស្ម៊ីធ ជា​ព្យាការី​នៃ​ព្រះ​ទេ តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​រៀន​ដោយ​ខ្លួន​ឯង​បាន ?

សូម​ពិចារណា​បញ្ចប់​ដោយ​ការអញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់ពួកគេ​អំពី​យ៉ូសែប ស្ម៊ីធ ។