ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៥៤—មាត្រា​នៃ​សេចក្ដី​ជំនឿ ៖ ការរៀន​សេចក្តីពិត​ជា​មូលដ្ឋាន​នៃ​ដំណឹងល្អ​របស់​ព្រះអង្គសង្រ្គោះ


« មេរៀន​ទី ១៥៤—មាត្រា​នៃ​សេចក្ដី​ជំនឿ ៖ ការរៀន​សេចក្តីពិត​ជា​មូលដ្ឋាន​នៃ​ដំណឹងល្អ​របស់​ព្រះអង្គសង្រ្គោះ » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« មាត្រា​នៃ​សេចក្ដី​ជំនឿ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១៥៤ ៖ មាត្រា​នៃ​សេចក្តីជំនឿ និង​សេចក្តីប្រកាស​ជាផ្លូវការ ទី​១ និង​ទី​២

មាត្រា​នៃ​សេចក្ដី​ជំនឿ

ការរៀន​សេចក្តីពិត​ជា​មូលដ្ឋាន​នៃ​ដំណឹងល្អ​របស់​ព្រះអង្គសង្រ្គោះ

យុវវ័យ​ញញឹម

នៅ​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​១៨៤២ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ឆ្លើយតប​នឹង​សំណើ​មួយ​ពី​អ្នក​និពន្ធ​កាសែត យ៉ូហាន វែន្តវើធ ដើម្បី​ផ្តល់​ព័ត៌មាន​អំពី​ប្រវត្តិ និង​ជំនឿ​នៃ​សាសនាចក្រ ។ ជា​ផ្នែក​មួយ​នៃ​ការឆ្លើយតប​របស់​លោក យ៉ូសែប​បាន​ប្រកាស​ពី​គោលការណ៍​គ្រឹះ​ចំនួន​១៣ នៃ​ដំណឹងល្អ​ដែល​គេ​ស្គាល់​ថា​ជា​មាត្រា​នៃ​សេចក្ដី​ជំនឿ​នៅ​សព្វថ្ងៃ​នេះ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ស៊ីជម្រៅ​អំពី​គោលលទ្ធិ​របស់​ព្រះអង្គ​សង្គ្រោះ ដោយ​សិក្សា​ពី​សេចក្តីពិត​ដែលមាន​នៅក្នុង​មាត្រា​នៃ​សេចក្តី​ជំនឿ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការពន្យល់​អំពី​ជំនឿ​របស់​យើង

សូម​ពិចារណា​ចាប់ផ្តើម​ថ្នាក់រៀន ដោយ​ការចែកចាយ​សាច់រឿង​ដូច​ខាងក្រោម​នេះ ។

សូម​ស្រមៃ​ថា អ្នក​មាន​មិត្ត​ម្នាក់​ដែល​ចង់ដឹង​បន្ថែម​អំពី​ជំនឿ​របស់​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ មិត្ត​របស់​អ្នក​ចាប់​អារម្មណ៍​ខ្លាំង​ណាស់ ប៉ុន្តែ​មាន​ពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ដើម្បី​ស្តាប់​មុន​ពេល​ចូល​រៀន ។

  • តើ​អ្នក​ចង់​ឲ្យ​មិត្ត​របស់​អ្នក​យល់​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ?

    អ្នក​អាច​ទុក​ពេល​ឲ្យ​សិស្ស​បី​នាទី​ដើម្បី​សរសេរ​ចម្លើយ​របស់​ពួកគេ​ដាក់​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។ ជា​ជម្រើស ពួកគេ​អាច​ពិភាក្សា​អំពី​អ្វី​ដែល​ពួកគេ​នឹង​ចែកចាយ​រួមគ្នា ឬ​សម្ដែង​តាម​សាច់រឿង​ជាមួយ​នឹង​ដៃគូ ។

  • តើ​អ្នក​អាច​ចែកចាយ​ធនធាន​អ្វីខ្លះ​ជាមួយ​មិត្ត​របស់​អ្នក​ដើម្បី​ជួយពួកគេ​ឲ្យ​រៀនបន្ថែម​ទៀត​អំពី​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់ ?

បើ​ចាំបាច់ សូម​ចង្អុល​បង្ហាញ​ថា ធនធាន​ដ៏​មាន​អត្ថប្រយោជន៍​មួយ​គឺ​មាត្រា​នៃ​សេចក្តី​ជំនឿ ។ សូម​ប្រាកដ​ថា​សិស្ស​អាច​រក​ឃើញ​មាត្រា​នៃ​សេចក្ដី​ជំនឿ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។ អ្នក​អាច​ទុក​ពេល​ឲ្យ​ពួកគេ​វាយតម្លៃ​កម្រិត​នៃ​ការស្គាល់​មាត្រា​នៃ​សេចក្តី​ជំនឿ​របស់​ពួកគេ ។ ឧទាហរណ៍ អ្នក​អាច​សួរ​សិស្ស​ថា តើ​ពួកគេ​ធ្លាប់​ទន្ទេញ​មាត្រា​មួយ ឬ​ប្រើ​មាត្រា​ខ្លះៗ នៅពេល​បង្រៀន​មេរៀន សរសេរ​សុន្ទរកថា ឬ​ចែកចាយ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ​ជាមួយ​អ្នកដទៃ​ដែរ​ឬ​ទេ ។

មាត្រា​នៃ​សេចក្ដី​ជំនឿ

ដើម្បី​ជួយ​សិស្ស​រៀន​ពី​របៀប​ដែល​យើង​ទទួល​បាន​មាត្រា​នៃ​សេចក្តី​ជំនឿ សូម​ពិចារណា​ចែកចាយ​ជាមួយ​សិស្ស​នូវ​វីដេអូ « The Articles of Faith » ( ៤:៤៣ ) មាន​នៅ ChurchofJesusChrist.org ។ អ្នក​ក៏​អាច​សង្ខេប​ព័ត៌មាន​សាវតា​ខាងក្រោម ៖

4:43

ក្នុង​ឆ្នាំ​១៨៤២ យ៉ូសែប ស្ម៊ីធ បាន​ឆ្លើយតប​ទៅ​នឹង​សំបុត្រ​មួយ​ដែល​លោក​បានទទួល​ពី​លោក ​យ៉ូហាន វែន្តវើធ ដែល​រស់នៅ​ក្នុង​ទីក្រុង​ឈីកាហ្គោ រដ្ឋ​អិលលីណោយ ។ វែន្តវើធ​គឺជា​អ្នក​និពន្ធ​កាសែត​មួយ​ដែល​ហៅថា Chicago Democrat ហើយ​ចង់​ដឹង​បន្ថែម​ទៀត​អំពី​ជំនឿ និង​ប្រវត្តិ​របស់​ពួកបរិសុទ្ធ​ដែល​រស់នៅ​ក្នុង​ទីក្រុង​ណៅវូ រដ្ឋ​អិលលីណោយ ។ នៅក្នុង​ផ្នែក​ខ្លះ​នៃ​សំបុត្រ​នោះ យ៉ូសែប​បានចែកចាយ​ព័ត៌មាន​លម្អិត​អំពី​ការបង្កើត និង​ជោគវាសនា​នៃ​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ ។ ព្យាការី​បាន​បញ្ចប់​សំបុត្រ​ដោយ​សេចក្ដី​ថ្លែងការណ៍​ខ្លីៗ​ចំនួន​១៣ ដែល​មាន​នូវ​សេចក្ដីពិត​ជា​មូលដ្ឋាន និង​គោលលទ្ធិ​នៃ​សាសនាចក្រ ។ ក្រោយមក​សេចក្តី​ថ្លែងការណ៍​ទាំងនេះ​បាន​ដាក់​ចំណងជើង​ថា មាត្រា​នៃ​សេចក្ដី​ជំនឿ ហើយ​ត្រូវ​បានបោះពុម្ព​នៅឆ្នាំ​១៨៥១ នៅក្នុង​កំណែ​ទី​មួយ​នៃ​មុក្ដា​ដ៏​មានតម្លៃ​មហិមា ។

អែលឌើរ អិល ថម ភែរី ( ឆ្នាំ ១៩២២–២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​ចែកចាយ​ដូច​តទៅ​នេះ​អំពី​របៀប​ដែល​ការរៀន​មាត្រា​នៃ​សេចក្តីជំនឿ អាច​ជួយ​ដល់​យើង ។

14:30
អែលឌើរ អិល ថម ភែរី

ខ្ញុំ​លើក​ទឹកចិត្ត​អ្នក​ឲ្យ​ប្រើ​គំនិត​ដ៏​ភ្លឺ​ថ្លា​របស់​អ្នក​ដើម្បី​សិក្សា និង​រៀន​ពី​មាត្រា​នៃ​សេចក្ដី​ជំនឿ និង​គោលលទ្ធិ​ដែល​វា​បង្រៀន ។ វា​ស្ថិត​ក្នុង​ចំណោម​គោលលទ្ធិ​ខ្លី​ៗដែល​សំខាន់ ហើយ​ច្បាស់លាស់​បំផុត​ក្នុង​សាសនាចក្រ ។ បើ​អ្នក​នឹង​ប្រើ​វា​ដើម្បី​ដឹកនាំ​អ្នក​ឲ្យ​សិក្សា​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​អ្នក​នឹង​ឃើញ​ថា​ខ្លួន​ឯង​បាន​រៀបចំ​ខ្លួន​ដើម្បី​ប្រកាស​នូវ​សាក្សី​របស់​អ្នក​អំពី​សេចក្ដីពិត​ដែល​បាន​ស្ដារ​ឡើងវិញ​ទៅ​កាន់​ពិភពលោក ។ អ្នក​នឹង​អាច​ប្រកាស​តាម​របៀប​សាមញ្ញ ចំៗ ហើយ​អស្ចារ្យ​ពី​ជំនឿ​ដ៏​សំខាន់​ដែល​អ្នក​ឲ្យ​តម្លៃ​ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ( អិល ថម ភែរី « The Doctrines and Principles Contained in the Articles of Faith » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ទំព័រ​៤៨ )

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​ចេញពី​សេចក្ដីថ្លែងការណ៍​នេះ​អំពី​សារៈសំខាន់​នៃ​ការសិក្សា និង​ការយល់​អំពី​មាត្រា​នៃ​សេចក្តីជំនឿ ?

សូម​ពិចារណា​ធ្វើ​ទីបន្ទាល់​របស់​អ្នក​អំពី​ពរជ័យ​ទាំងឡាយ​ដែល​អ្នក​បាន​កត់សម្គាល់​មកពី​ការសិក្សា​មាត្រា​នៃ​សេចក្តីជំនឿ និង​ការប្រើ​វា​ដើម្បី​ប្រកាស​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ ។

ការរៀនសូត្រ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជាមួយនឹង​មាត្រា​នៃ​សេចក្តីជំនឿ

រូបតំណាង​សំណៅចែកគំនិត​ខាង​ក្រោម​នេះ​គឺជា​របៀប​មួយ​ដើម្បី​ជួយ​សិស្ស​ឲ្យ​មាន​បទពិសោធន៍​ដ៏​មាន​អត្ថន័យ​ជាមួយនឹង​មាត្រា​នៃ​សេចក្ដី​ជំនឿ ។ សូម​ពិចារណា​ចែកចាយ​សំណៅចែក​ដែល​មាន​ចំណងជើង​ថា « សកម្មភាព​សិក្សា​មាត្រា​នៃ​សេចក្តីជំនឿ » ។ សូម​ផ្តល់​ពេល​ឲ្យ​សិស្ស​បំពេញ​សកម្មភាព​នៅលើ​សំណៅចែក​នោះ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​យកចិត្តទុកដាក់​លើ​ការបំផុសគំនិត​ខាងវិញ្ញាណ ឬ​ការយល់ដឹង​ដែល​ពួកគេ​ទទួលបាន​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​ពួកគេ​សិក្សា ។ អ្នក​អាច​ធានា​ថា សិស្ស​មួយ​ចំនួន​នឹង​ផ្ដោតលើ​មាត្រា​បួន​ដំបូង​នៃ​មាត្រា​នៃ​សេចក្ដី​ជំនឿ ដែល​បង្រៀន​សេចក្ដីពិត​ជា​មូលដ្ឋាន​ដ៏​សំខាន់​អំពី​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និង​គោលលទ្ធិ​របស់​ទ្រង់​ទាំងទ្វេ ។

សូម​មានពេល​ដើម្បី​ជួយ​សិស្ស ប៉ុន្តែ​សូម​អញ្ជើញ​ពួកគេ​ឲ្យ​ប្រើជំនាញ​សិក្សា​ដែល​ពួកគេ​បានរៀន​នៅផ្ទះ ព្រះវិហារ និង​នៅ​ថ្នាក់​សិក្ខាសាលា​ដើម្បី​បញ្ចប់​សកម្មភាព​នេះ ។ ប្រសិនបើ​សិស្ស​បញ្ចប់​សកម្មភាព​យ៉ាង​ឆាប់រហ័ស សូម​អញ្ជើញ​ពួកគេ​ឲ្យ​ជ្រើសរើស​មាត្រា​នៃ​សេចក្ដីជំនឿ​ផ្សេង​ទៀត ហើយ​ធ្វើ​ដំណើរការ​នេះ​ឡើងវិញ ។

សកម្មភាព​សិក្សា​មាត្រា​នៃ​សេចក្តីជំនឿ

ជំហាន​ទី ១ ៖ សូម​ជ្រើសរើស​មាត្រា​នៃ​សេចក្ដី​ជំនឿ​មួយ​ដែល​អ្នក​ចង់​សិក្សា​នៅ​ថ្ងៃ​នេះ ហើយ​ឆ្លើយ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​សេចក្ដីពិត ឬ​សេចក្ដីពិត​ទាំងឡាយ​ដ៏​នៅ​អស់កល្បណា​ដែល​អ្នក​រៀន​ពី​មាត្រា​នៃ​សេចក្ដី​ជំនឿ​នេះ ?

  • តើ​ការបង្រៀន​ចេញពី​មាត្រា​នៃ​សេចក្តីជំនឿ​នេះ​ជះ​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

ជំហាន​ទី ២ ៖ សូម​ជ្រើសរើស​យ៉ាង​ហោច​ណាស់​ជម្រើស​ពីរ​ខាងក្រោម​នេះ ដើម្បី​ជួយ​អ្នក​ស្វែងយល់​បន្ថែម​អំពី​មាត្រា​នៃ​សេចក្ដីជំនឿ​ដែល​អ្នក​បានជ្រើសរើស ៖

  1. ទន្ទេញ ។ សូម​គិត​អំពី​គំនិត​មួយ​ដើម្បី​ជួយ​អ្នក​ចងចាំ​មាត្រា​នៃ​សេចក្តីជំនឿ​របស់​អ្នក ហើយ​ចំណាយ​ពេល​ទន្ទេញ​មាត្រា​នៃ​សេចក្តីជំនឿ​នោះ ។

  2. ស្វែងរក​ធនធាន​ដែល​ទាក់ទង​គ្នា ។ សូម​ស្វែងរក​បទគម្ពីរ ឬ​សេចក្តី​ថ្លែងការណ៍​មក​ពី​ថ្នាក់ដឹកនាំ​សាសនាចក្រ ដែល​ទាក់ទង​ទៅ​នឹង​មាត្រា​នៃ​សេចក្តី​ជំនឿ​ដែល​អ្នក​បាន​ជ្រើសរើស ។ អ្នក​អាច​ប្រើ​ឧបករណ៍​ដូចជា​លេខយោង​នៅក្នុង​ព្រះគម្ពីរ​របស់អ្នក Topical Guide សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ ឬ​មុខងារ​ស្វែងរក​នៅលើ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ដើម្បី​ជួយ​ដល់​អ្នក ។

  3. បង្កើត​តំណាង​ដែល​មើលឃើញ ។ សូម​ប្រើ​សិល្បៈ​ដើម្បី​ជួយ​អ្នក​ប្រាស្រ័យ​ទាក់ទង​គ្នា ឬ​តំណាង​ឲ្យ​ការបង្រៀន​មកពី​មាត្រា​នៃ​សេចក្តីជំនឿ​ដែល​អ្នក​បានជ្រើសរើស ។ ឧទាហរណ៍​អាច​រួមបញ្ចូល​ទាំង​គំនូរ បណ្ដុំ​រូបភាព ឬ​រូបភាព​នៃ​បណ្ដុំ​វាក្យសព្ទ ឬ meme ។ ( ដោយសារ​តែ​លក្ខណៈ​ដ៏​ពិសិដ្ឋ​នៃ​ព្រះអាទិទេព សូម​ចៀសវាង​ការគូរ​រូប​នៃ​សមាជិក​ក្រុម​ព្រះ ) ។

  4. បង្កើត​សាច់រឿង ។ សូម​គិត​អំពី​ស្ថានភាព​ដែល​អ្នក ឬ​ក្មេង​ជំទង់​ផ្សេងទៀត​ប្រឈមមុខ ឬ​សំណួរ​អំពី​ដំណឹងល្អ​ដែល​មាត្រា​នៃ​សេចក្តី​ជំនឿ​របស់​អ្នក​អាច​ជួយ​បាន ។ សូម​សរសេរ​សាច់រឿង ឬ​សំណួរ​ទាំងឡាយ ហើយ​ពន្យល់​ពី​របៀប ឬ​មូលហេតុ​ដែល​សេចក្តីពិត​ដែល​បានបង្រៀន​នៅក្នុង​មាត្រា​នៃ​សេចក្តីជំនឿ​អាច​ជួយ​បាន ។

  5. ថ្លែង​ទីបន្ទាល់ ។ សូម​សរសេរ​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដីពិត​ដែល​បានបង្រៀន​នៅក្នុង​មាត្រា​នៃ​សេចក្ដីជំនឿ​របស់​អ្នក ។ សូម​ពិពណ៌នា​អំពី​របៀប​ដែល​ការបង្រៀន​ទាំងនេះ​បាន​ផ្ដល់​ពរ​ដល់​ជីវិត​របស់​អ្នក ហើយ​នាំ​អ្នក​ឲ្យ​ខិត​ទៅ​ជិត​ព្រះ ។

ចែកចាយ​អ្វី​ដែល​អ្នក​បាន​រៀន

សូម​ពិចារណា​ពី​របៀប​ជួយ​សិស្ស​ឲ្យ​ចែកចាយ និង​បង្ហាញ​នូវ​អ្វី​ដែល​ពួកគេ​បានរៀន ។ អ្នក​អាច​សរសេរ​លេខ ១–១៣ នៅលើ​ក្រដាស​តូចៗ​ចំនួន​១៣ ហើយ​ដាក់​វា​នៅក្នុង​មួក​មួយ ។ សូម​យក​ក្រដាស​មួយ​ចេញ​ដោយ​ព្រាវៗ ហើយ​សួរ​ថា​តើ​មាន​សិស្ស​ណា​ម្នាក់​ដែល​បាន​សិក្សា​មាត្រា​នៃ​សេចក្ដីជំនឿ​នោះ ដែល​នឹង​ស្ម័គ្រចិត្ត​ចែកចាយ​ដែរ​ឬ​ទេ ។ សម្រាប់​ថ្នាក់​ដែល​មាន​សិស្ស​ច្រើន សូម​ពិចារណា​រៀបចំ​សិស្ស​ជា​គូៗ ឬ​ក្រុម​តូចៗ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ជាមួយគ្នា ។

បន្ទាប់ពី​ការចែកចាយ​ហើយ សិស្ស​ដែល​ស្ម័គ្រចិត្ត​អាច​ដាក់​បង្ហាញ​ក្រដាស​របស់​ពួកគេ​ពេញ​បន្ទប់​សម្រាប់​ឲ្យ​អ្នក​ដទៃ​មើល ។