ថ្នាក់​សិក្ខាសាលា
មេរៀនទី ១៥៦—សេចក្ដីប្រកាស​ជា​ផ្លូវការ ទី២ ៖ វិវរណៈ​អំពី​បព្វជិតភាព


« មេរៀនទី ១៥៦—សេចក្ដីប្រកាស​ជា​ផ្លូវការ ទី២ ៖ វិវរណៈ​អំពី​បព្វជិតភាព » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៥ )

« សេចក្ដីប្រកាស​ជា​ផ្លូវការ ទី២ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១៥៦ ៖ មាត្រា​នៃ​សេចក្តីជំនឿ និង​សេចក្តីប្រកាស​ជាផ្លូវការ​ទី ១ និង ២

សេចក្ដីប្រកាស​ជា​ផ្លូវការ ទី២

វិវរណៈ​អំពី​បព្វជិតភាព

គូ​ស្វាមី​ភរិយា​កំពុង​ញញឹម

នៅពេល​ដំណឹងល្អ​បានរីកសាយ​ពាសពេញ​ពិភពលោក​ក្នុង​អំឡុង​សតវត្សទី​ម្ភៃ ថ្នាក់​ដឹកនាំ​សាសនាចក្រ​បានអធិស្ឋាន​ទូល​សុំ​ការណែនាំ​ទាក់ទង​នឹង​គោលនយោបាយ​រឹតបន្តឹង​សមាជិក​សាសនាចក្រ​ដែល​មាន​ដើម​កំណើត​អាហ្វ្រិក​ពី​ការទទួល​បព្វជិតភាព ។ ពួកបរិសុទ្ធ​ជាច្រើន​បានជ្រើសរើស​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​ពួកគេ​ប្រឈម​នឹង​ចម្ងល់​អំពី​គោលនយោបាយ​នេះ ។ នៅថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​១៩៧៨ គណៈប្រធាន​ទីមួយ​បាន​ប្រកាស​វិវរណៈ​មួយ ដែល​បាន​ដក​ការរឹត​បន្តឹង​ទាំងនេះ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ នៅពេល​ពួកគេ​ប្រឈមមុខ​នឹង​ស្ថានភាព​មិន​ច្បាស់លាស់ ឬ​ចម្ងល់​ខាង​វិញ្ញាណ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

គំរូ​នៃ​សេចក្ដី​ជំនឿ

សូម​ពិចារណា​ចាប់ផ្តើម​មេរៀន​ដោយ​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​បុគ្គល​ដែល​ពួកគេ​ស្គាល់ ដែល​បាន​អនុវត្ត​សេចក្តីជំនឿ​ដ៏​អស្ចារ្យ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ក្នុង​ស្ថានភាព​ដ៏​លំបាក​មួយ ។ បន្ទាប់​មក សូម​ពន្យល់​ថា អែលឌើរ ហេលវេស៊ីអូ ម៉ាទិន ( ឆ្នាំ១៩៣០–២០០៥ ) នៃ​ពួក​ចិត​សិប​នាក់ និង​ភរិយា​របស់​លោក រូដា ធ្លាប់​ប្រឈម​នឹង​ស្ថានភាព​មួយ​ដែល​តម្រូវ​ឲ្យ​មាន​សេចក្ដី​ជំនឿ​ដ៏​អស្ចារ្យ ។ អ្នក ឬ​សិស្ស​ម្នាក់​អាច​អាន​កថាខណ្ឌ​ដូច​ខាងក្រោម​នេះ​ដល់​សិស្ស​ក្នុង​ថ្នាក់ ។

អែលឌើរ ហេលវេស៊ីអូ

នៅ​ខែ​មេសា ឆ្នាំ​១៩៧២ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​មកពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បានទៅ​លេង​បន្ទប់ជួល​របស់ ហេលវេស៊ីអូ និង រូដា ម៉ាទិន នៃ​ទីក្រុង រីយ៉ូដឺហ្សាណេរ៉ូ ប្រទេស​ប្រេស៊ីល ។ ម៉ាទិន បានទទួល​ទីបន្ទាល់​ភ្លាមៗ​អំពី​សេចក្តីពិត​ពេញលេញ​នៃ​សារលិខិត​របស់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ពួកគេ​ក៏​បានរៀន​អំពី​គោលនយោបាយ​សាសនាចក្រ​មួយ​ដែល​រឹតបន្តឹង​បុរស​ស្បែក​ខ្មៅ​ដើម​កំណើត​អាហ្វ្រិក​ពី​ការតែងតាំង​ទទួល​បព្វជិតភាព ។ ហេលវេស៊ីអូ និង រូដា ដែល​មាន​ដើម​កំណើត​អាហ្រ្វិក មាន​ចម្ងល់​សម្រាប់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​ពួកគេ ( សូមមើល « Elder Helvécio Martins of the Seventy » Ensign ខែ​ឧសភា ឆ្នាំ​១៩៩០ ទំព័រ ១០៦ Mark Grover The Autobiography of Elder Helvécio Martins [ ឆ្នាំ ១៩៩៤ ] ទំព័រ ៤៣ ) ។

  • តើ​សំណួរ​អ្វីខ្លះ​ដែល​អ្នក​អាច​នឹង​សួរ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ប្រសិនបើ​អ្នក​ធ្លាប់​ស្ថិតក្នុង​ស្ថានភាព​នេះ ?

  • តើ​មាន​វិធី​អ្វី​ខ្លះ​ដែល​មនុស្ស​ម្នាក់​អាច​មាន​ការឆ្លើយតប​ចំពោះ​ស្ថានភាព​បែប​នេះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ស្ថានភាព​មិន​ប្រាកដប្រជា​ដែល​ពួកគេ​កំពុង​ប្រឈមមុខ ឬ​បាន​ប្រឈមមុខ​ក្នុង​ជីវិត​របស់​ពួកគេ ។ ការណ៍​នេះ​អាច​រួមបញ្ចូល​សំណួរ​គ្មាន​ចម្លើយ​ខាងវិញ្ញាណ​ដែល​ពួកគេ​មាន​នា​ពេល​បច្ចុប្បន្ន​នេះ ។ ពួកគេ​អាច​សរសេរ​អំពី​ស្ថានភាព ឬ​សំណួរ​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​យកចិត្ត​ទុកដាក់​លើ​ការបង្រៀន ឬ​ការបំផុសគំនិត​នៃ​ព្រះវិញ្ញាណ ដែល​អាច​ជួយ​ពួកគេ​ក្នុង​ស្ថានភាព​របស់​ពួកគេ ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ

ដើម្បី​ជួយ​សិស្ស​មើលឃើញ​ពី​របៀប​ដែល​គ្រួសារ ម៉ាទិន បានឆ្លើយតប​ចំពោះ​ស្ថានភាព​នេះ សូម​ពិចារណា​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​កថាខណ្ឌ​ខាងក្រោម​ឲ្យ​ឮៗ​ទៅកាន់​សិស្ស​ក្នុង​ថ្នាក់ ៖

បន្ទាប់ពី​បានរៀន​អំពី​ការរឹតបន្តឹង​បព្វជិតភាព គ្រួសារ ម៉ាទិន បានជ្រើសរើស​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ។ មិន​យូរ​ប៉ុន្មាន ពួកគេ​បាន​ទទួល​បុណ្យជ្រមុជទឹក ហើយ​បានបម្រើ​ដោយ​ស្មោះត្រង់​ក្នុង​សាសនាចក្រ​អស់​ជាច្រើន​ឆ្នាំ ។ អែលឌើរ ម៉ាទិន ក្រោយមក​បាន​រំឭក​ថា « យើង​បាន​រកឃើញ​សេចក្ដីពិត ហើយ​គ្មានអ្វី​នឹង​បញ្ឈប់យើង​ពី​ការរស់នៅ​តាម​សេចក្ដីពិត​នោះ​ទេ » ។

នៅឆ្នាំ​១៩៧៥ សាសនាចក្រ​បាន​ប្រកាស​ថា ព្រះវិហារ​បរិសុទ្ធ​នឹង​ត្រូវ​សាងសង់​នៅក្នុង​ទីក្រុង សៅ ផាឡូ ប្រទេស​ប្រេស៊ីល ។ អែលឌើរ ម៉ាទិន ចងចាំ​ថា « ‹ ទោះបីជា​យើង​មិន​រំពឹង​ថា​នឹង​បាន​ចូល​ទៅ​ក្នុង​ព្រះវិហារ​នោះ​ក៏​ដោយ យើង​បាន​ធ្វើការ​សម្រាប់​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ដូច​សមាជិក​ដទៃ​ទៀត​ដែរ › ។ ‹ បន្ទាប់ពី​អ្វីៗ​ទាំងអស់ វា​ជា​ដំណាក់​របស់​ព្រះអម្ចាស់ › ។ ស៊ីស្ទើរ ម៉ាទិន បានលក់​គ្រឿង​អលង្ការ​របស់​គាត់ ដើម្បី​ជួយ​ក្នុង​ការរៃអង្គាស​ថវិកា ហើយ​បងប្រុស ម៉ាទិន បានបម្រើការ​នៅក្នុង​គណៈកម្មការ​ផ្សព្វផ្សាយ » ( នៅក្នុង « Elder Helvécio Martins of the Seventy » Ensign ខែ​ឧសភា ឆ្នាំ​១៩៩០ ទំព័រ ១០៦ ) ។

  • តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍​អំពី​ចម្លើយតប​របស់​គ្រួសារ​ម៉ាទិន ?

  • អ្នក​គិតថា ហេតុអ្វី​បាន​ជា​ពួកគាត់​ជ្រើសរើស​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​នៅក្នុង​ស្ថានភាព​នេះ ?

ប្រសិនបើ​ចាំបាច់ សូម​ចង្អុល​បង្ហាញ​ថា ជាជាង​ផ្តោត​លើ​អ្វី​ដែល​ពួកគាត់​មិន​បាន​ដឹង គ្រួសារ ម៉ាទិន បាន​ផ្តោតលើ​សេចក្តីពិត​ដែល​ព្រះ​បានបើក​សម្ដែង​ដល់​ពួកគាត់​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​បញ្ជី​ពី​សេចក្ដីពិត​ដែល​ពួកគេ​ដឹង​អំពី​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ ដែល​អាច​ជួយ​ពួកគេ​ឆ្ពោះ​ទៅមុខ​ដោយ​សេចក្ដីជំនឿ នៅពេល​ពួកគេ​ប្រឈមមុខ​នឹង​សំណួរ ឬ​ស្ថានភាព​មិន​ច្បាស់លាស់ ។ បន្ទាប់មក សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បានសរសេរ ហើយ​ពន្យល់​ពី​របៀប​ដែល​សេចក្ដីពិត​ទាំងនោះ​អាច​ជួយ​ពួកគេ​ឆ្ពោះទៅមុខ​ដោយ​សេចក្ដីជំនឿ ។

សេចក្ដីប្រកាស​ជា​ផ្លូវការ ទី២

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​កាលៈទេសៈ​ដែល​ទាក់ទង​នឹង​ការរឹតបន្តឹង​បព្វជិតភាព និង​វិវរណៈ​ដែល​បាន​ដក​ការរឹត​បន្តឹង​នេះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​ការណែនាំ​អំពី សេចក្តី​ប្រកាស​ជា​ផ្លូវការ ទី២ នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។ បើ​ចាំបាច់ សូម​ផ្តល់​ច្បាប់ចម្លង​នៃ​សេចក្តីណែនាំ​ដល់​សិស្ស​ដែល​មាន​ព្រះគម្ពីរ​ច្បាប់​ចាស់ ។

សូម​អាន​សេចក្តីផ្ដើម​នៃ សេចក្ដីប្រកាស​ជា​ផ្លូវការ ទី២ ដោយ​រកមើល​ជីវប្រវត្តិ​ទាក់ទង​នឹង​សេចក្តីប្រកាស​នេះ ។

  • តើ​អ្វី​មកពី​កថាខណ្ឌ​នេះ​ដែល​អ្នក​គិត​ថា​សំខាន់​ដែល​ត្រូវ​យល់ ?

សូម​ពន្យល់​ថា ឃ្លា​ដែល​ចែង​ថា « កំណត់ត្រា​របស់​សាសនាចក្រ​មិន​បានផ្តល់​ការយល់ដឹង​ច្បាស់លាស់​អំពី​ប្រភពដើម​នៃ​ការអនុវត្ត​នេះ​ទេ » តំណាង​ឲ្យ​ជំហរ​ជា​ផ្លូវការ​របស់​សាសនាចក្រ​លើ​ការរឹតបន្តឹង​បព្វជិតភាព ។ វា​ជា​រឿង​សំខាន់​ដែល​យើង​មិន​ប៉ាន់ស្មាន​អំពី​មូលហេតុ​ដែល​ការរឹតបន្តឹង​នេះ​កើត​ឡើង ។

អ្នក​ក៏​អាច​ពិចារណា​ចង្អុល​បង្ហាញ​សេចក្តីយោង​ទៅកាន់ នីហ្វៃទី២ ២៦:៣៣ នៅ​ប្រយោគ​ទីមួយ​នៃ​សេចក្តីណែនាំ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​អាន​ខគម្ពីរ​នេះ ហើយ​ចែកចាយ​សេចក្ដីពិត ដែល​ជា​រឿង​សំខាន់​ដើម្បី​ចងចាំ​នៅពេល​គិត​អំពី​គោលនយោបាយ​នេះ ។

សេចក្ដីប្រកាស​ជា​ផ្លូវការ ទី២ មាន​នូវ​ការប្រកាស​ជា​ផ្លូវការ​អំពី​វិវរណៈ ដែល​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ទទួល​នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​១៩៧៨ ។

ជំនួស​ឲ្យ​ការសិក្សា សេចក្តី​ប្រកាស​ជា​ផ្លូវការ ទី២ ជា​ថ្នាក់​ទាំងមូល សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​វា​ជា​ក្រុម​តូចៗ ។ ប្រសិនបើ​មាន ពួកគេ​អាច​ប្រើ​ធនធាន​ចេញពី « The Long-Promised Day » ( Liahona ខែ​មិថុនា ឆ្នាំ​២០១៨ ទំព័រ ៣៤–៣៧ ) ដើម្បី​ជួយ​ពួកគេ​យល់​កាន់តែ​ច្បាស់​នូវ​សេចក្តីថ្លែងការណ៍​មួយ​ចំនួន​ដែល​បាន​ធ្វើ​ឡើង​នៅក្នុង សេចក្តី​ប្រកាស​ជា​ផ្លូវការ ទី២ ។

សូម​អាន​កថាខណ្ឌ​ទាំង​បួន​នៅក្រោម​ឃ្លា « ជូន​ចំពោះ​បង​ប្អូន​ប្រុស​ទាំង​ឡាយ » នៅក្នុង សេចក្តី​ប្រកាស​ជា​ផ្លូវការ ទី២ ។ សូម​ពិចារណា​គូសចំណាំពាក្យ ឬ​ឃ្លា​នានា​ដែល​អ្នក​មាន​អារម្មណ៍​ថា​សំខាន់ ។

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វីខ្លះ ចេញពី​អ្វី​ដែល​អ្នក​បាន​អាន ?

  • តើ​បទពិសោធន៍​នេះ​ជួយ​អ្នក​ឲ្យ​យល់ ឬ​ទទួល​អារម្មណ៍​អ្វី​ខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ?

ឥទ្ធិពល​នៃ​វិវរណៈ

ពួកបរិសុទ្ធ​ជនជាតិ​អាហ្វ្រិក​កំពុង​ទទួលបុណ្យ​ជ្រមុជទឹក ។

វិវរណៈ​នេះមាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​បុរស និង​ស្រ្តី​នៅ​ទូទាំង​ពិភពលោក ។ មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​បាន​ទទួល​វិវរណៈ​នេះហើយ ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ទ្វីប​អាហ្វ្រិក ។ ព្រះវិហារ​បរិសុទ្ធ​ជាច្រើន​ត្រូវបាន​សាងសង់​ឡើង​នៅលើ​ទ្វីប​នោះ ហើយ​មនុស្ស​រាប់រយ​រាប់​ពាន់​នាក់​ជា​ជនជាតិ​អាហ្វ្រិក​បាន​ទទួល​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​សម្រាប់​ខ្លួន​ពួកគេ និង​សម្រាប់​បុព្វការីជន​ដែល​បាន​ស្លាប់​ទៅ​របស់​ពួកគេ ។

សូម​ពន្យល់​ថា ក្នុង​ចំណោម​អ្នក​ដែល​ទទួល​ឥទ្ធិពល​ពី​វិវរណៈ​នេះ​គឺ ហេលវេស៊ីអូ និង រូដា ម៉ាទិន ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​កថាខណ្ឌ​នេះ​ឲ្យ​ឮៗ​ឲ្យ​សិស្ស​ដទៃ​ទៀត​ស្តាប់ ៖

បន្ទាប់ពី​បាន​រៀន​អំពី​វិវរណៈ​ដែល​បានផ្ដល់​បព្វជិតភាព​ដល់​បុរស​ដែល​មាន​ភាព​ស័ក្ដិសម​ទាំងអស់ ហេលវេស៊ីអូ បានរំឭក ៖

« ខ្ញុំ​ពុំអាច​ទប់​អារម្មណ៍​បានទេ ។ រូដា និង​ខ្ញុំ​បាន​ចូលទៅ​បន្ទប់ដេក​របស់​យើង លុតជង្គង់ចុះ ហើយ​បាន​អធិស្ឋាន ។ យើង​បាន​យំ ខណៈ​ដែល​យើង​អរគុណ​ដល់​ព្រះវរបិតាសួគ៌ ចំពោះ​ព្រឹត្តិការណ៍​មួយ ដែល​យើងបាន​គ្រាន់តែ​សុបិន​ចង់​បាន​ប៉ុណ្ណោះ ។ ថ្ងៃ​នោះ​បាន​មក​ដល់​ជា​ការពិត​នៅក្នុង​ជីវិត​រមែង​ស្លាប់ របស់​យើង » ( The Autobiography of Elder Helvécio Martins [ ឆ្នាំ​១៩៩៤ ] ទំព័រ ៦៩–៧០ ) ។

មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​វិវរណៈ​នៅ​ឆ្នាំ​១៩៧៨ គ្រួសារ ម៉ាទិន បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ហេលវេស៊ីអូ បាន​ក្លាយជា​អ្នកដឹកនាំ​បព្វជិតភាព​ក្នុង​មូលដ្ឋាន ហើយ​ទីបំផុត ត្រូវ​បានហៅ​ឲ្យ​បម្រើ​ជា​សមាជិក​នៃ​ពួក​ចិតសិប​នាក់ ( សូមមើល « Elder Helvécio Martins of the Seventy » ទំព័រ ១០៦ ) ។

  • តើ​អ្វីៗ​អាច​មាន​ភាពខុស​គ្នា​យ៉ាង​ណា​សម្រាប់​គ្រួសារ ម៉ាទិន ប្រសិនបើ​ពួកគាត់​មិន​បានជ្រើសរើស​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ទេ​នោះ ?

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​ពី​គំរូ​នៃ​គ្រួសារ ម៉ាទិន ដែល​អាច​ជួយ​អ្នក​ពី​ស្ថានភាព​មិន​ច្បាស់លាស់ ឬ​សំណួរ​ដែល​គ្មាន​ចម្លើយ ?

    ដោយ​ជា​ផ្នែក​នៃ​ការពិភាក្សា​របស់​អ្នក សូម​ពិចារណា​សរសេរ​សេចក្តីពិត​ដូច​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ នៅពេល​យើង​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​នៅ​អំឡុងពេល​ស្ថានភាព​មិន​ច្បាស់លាស់​នោះ យើង​រៀបចំ​ខ្លួន​យើង​ឲ្យ​ទទួល​ពរជ័យ​របស់​ព្រះអម្ចាស់ ។

  • តើ​របៀប​អ្វីខ្លះ​ដែល​អ្នក​អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ នៅពេល​អ្នក​ប្រឈមមុខ​នឹង​ស្ថានភាព​មិន​ច្បាស់លាស់ ឬ​ចម្ងល់​ខាង​វិញ្ញាណ ?

    ប្រសិនបើ​ចាំបាច់ សិស្ស​អាច​រំឭក កថាខណ្ឌ​ទី ៥–៧ នៅក្នុង​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ២០២៣ ) ។

  • តើ​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​អ្នក ឬ​មនុស្ស​ដែល​អ្នក​ស្គាល់​ដោយសារ​ការធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​យ៉ាង​ដូចម្ដេច ?

សូម​ពិចារណា​ចែកចាយ​គំរូ​មួយ​ចេញពី​ជីវិត​របស់​អ្នក ។ អ្នក​ក៏​អាច​បង្ហាញ​វីដេអូ « Struggling with the History of Race and the Priesthood » ( ៤:០៤ ) ផងដែរ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

0:0

លើស​ពី​នេះ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ឧទាហរណ៍​ពី​ព្រះគម្ពីរ​ដែល​បង្ហាញ​ពី​ព្រះអម្ចាស់​ប្រទានពរ​ដល់​មនុស្ស​ដែល​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ។ ឧទាហរណ៍​រួម​ទាំង​ស្រ្តីមេម៉ាយ​នៅ​សារិបតា ( ពង្សាវតាក្សត្រ ទី១ ១៧:៨–២៤ ) គ្រួសារ​របស់​លីហៃ ( នីហ្វៃទី១ ២:២–៥; ១៧:១–៣ ) និង​ព្យាការី យ៉ូសែប ស្ម៊ីធ ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨–១៧ ) ។

ដាក់​ផែនការ

សូម​រំឭក​សិស្ស​អំពី​ស្ថានភាព ឬ​សំណួរ​ពី​ជីវិត​របស់​ពួកគេ​ដែល​ពួកគេ​បានគិត​នៅ​ដើម​មេរៀន ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ដូច​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ៖

  • តើ​អ្នក​បាន​រៀន ឬ​មាន​អារម្មណ៍​អ្វីខ្លះ​នៅ​ថ្ងៃ​នេះ ដែល​អាច​ជួយ​អ្នក​ពី​ស្ថានភាព​មិន​ច្បាស់លាស់ ឬ​ចម្ងល់​ខាង​វិញ្ញាណ ?

  • តើ​មាន​អ្វី​ជាក់លាក់​ដែល​អ្នក​នឹង​ធ្វើ​ដើម្បី​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ស្ថានភាព​ទាំងនេះ ?