ថ្នាក់​សិក្ខាសាលា
មេរៀនទី ១៩៩—ការចែកចាយ​ដំណឹងល្អ​ចេញពី​សេចក្តី​ស្រឡាញ់​ដូចព្រះគ្រីស្ទ ៖ សេចក្តីស្រឡាញ់​ចំពោះ​ព្រះ និង​អ្នក​ដទៃ


« មេរៀនទី ១៩៩—ការចែកចាយ​ដំណឹងល្អ​ចេញពី​សេចក្តី​ស្រឡាញ់​ដូច​ព្រះគ្រីស្ទ ៖ សេចក្តីស្រឡាញ់​ចំពោះ​ព្រះ និង​អ្នក​ដទៃ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៥ )

« ការចែកចាយ​ដំណឹងល្អ​ចេញពី​សេចក្តី​ស្រឡាញ់​ដូច​ព្រះគ្រីស្ទ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀនទី ១៩៩ ៖ ការរៀបចំ​ខ្លួន​ធ្វើជា​អ្នកផ្សព្វផ្សាយ​សាសនា

ការចែកចាយ​ដំណឹងល្អ​ចេញពី​សេចក្តី​ស្រឡាញ់​ដូចព្រះគ្រីស្ទ

សេចក្តីស្រឡាញ់​ចំពោះ​ព្រះ និង​អ្នក​ដទៃ

ព្រះយេស៊ូវ​ធ្វើ​ការងារបម្រើ​ដល់​បុគ្គល​ម្នាក់ៗ

មាន​ហេតុផល​ជាច្រើន​ដែល​យើង​អាច​ជ្រើសរើស​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​អ្នក​ដទៃ ។ បំណង​ប្រាថ្នា​របស់​យើង​ដើម្បី​ចែកចាយ​ដំណឹងល្អ​កើនឡើង នៅពេល​យើង​រៀន​ស្រឡាញ់​ព្រះ និង​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​យើង ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​សេចក្ដី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និង​មនុស្ស​ផ្សេងទៀត​អាច​ជំរុញចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​ដំណឹងល្អ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការជំរុញចិត្ត​ដើម្បី​បម្រើ

សូម​ពិចារណា​បង្ហាញ​រូបភាព​យុវវ័យ​ដែល​កំពុង​បម្រើ​ក្នុង​ស្ថានភាព​ផ្សេងៗគ្នា ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ហេតុផល​ជាច្រើន​ដែល​យុវវ័យ​ក្នុង​រូបភាព​នីមួយៗ​អាច​នឹង​ជ្រើសរើស​បម្រើ ។ ( ហេតុផល​ដែល​អាច​មាន​រួមមាន​កាតព្វកិច្ច សេចក្តី​ស្រឡាញ់ ការរំពឹងទុក​របស់​ឪពុក ឬ​ម្តាយ កំហុស ឬ​ការប្រាស្រ័យ​ទាក់ទង​សង្គម ) ។

យុវវ័យ​ធ្វើ​ការបម្រើ​អ្នក​ដទៃ ១
យុវវ័យ​ធ្វើ​ការបម្រើ​អ្នក​ដទៃ ២
យុវវ័យ​ធ្វើ​ការបម្រើ​អ្នក​ដទៃ ៣
  • ទោះបីជា​មាន​ហេតុផល​ជាច្រើន​ដើម្បី​បម្រើ​អ្នក​ដទៃ​ក៏​ដោយ តើ​មាន​ហេតុផល​អ្វីខ្លះ​ដែល​ទំនង​ជាជួយ​យើង​ឲ្យ​ប្រែក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ ? ហេតុអ្វី ?

បន្ទាប់មក អ្នក​អាច​ដាក់បង្ហាញ​រូបភាព​នរណា​ម្នាក់​ដែល​ចែកចាយ​ដំណឹងល្អ នៅពេល​អ្នក​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​អំពី​សំណួរ​ខាងក្រោម​នេះ ៖

យុវជន​ម្នាក់​បង្ហាញ​នរណា​ម្នាក់​អំពី​ព្រះគម្ពីរ​មរមន
  • តើ​មាន​ហេតុផល​អ្វីខ្លះ ដែល​នរណា​ម្នាក់​អាច​ជ្រើសរើស​ចែកចាយ​ដំណឹងល្អ​ជាមួយ​មិត្តភក្តិ ឬ​ថែមទាំង​ជ្រើសរើស​បម្រើ​បេសកកម្ម​ពេញម៉ោង ?

  • តើ​ហេតុផល​មួយណា​ដែល​ទំនង​ជា​ជួយ​ពួកគេ​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុងការ​នាំ​អ្នក​ដទៃ​មក​រក​ព្រះ​បំផុត ?

សូម​ពិចារណា​ផ្តល់​ពេល​វេលា​ឲ្យ​សិស្ស​ជញ្ជឹងគិត និង​កត់ត្រា​អារម្មណ៍​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ​អំពី​រឿង​ដូច​ខាងក្រោម​នេះ ៖

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា ចំពោះ​ការចែកចាយ​ដំណឹងល្អ​ដល់​អ្នក​ដទៃ ? ហេតុអ្វី​បានជា​អ្នក​មានអារម្មណ៍​បែបនោះ ?

  • តើ​អ្នក​មាន​គម្រោង​បម្រើ​បេសកកម្ម​ពេញម៉ោង​ដែរ​ឬ​ទេ ? ប្រសិនបើ​មាន តើ​មាន​អ្វី​ដែល​ជំរុញចិត្ត​អ្នក ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​អំឡុងពេល​មេរៀន​នេះ នៅពេល​ពួកគេ​គិត​អំពី​បំណង​ប្រាថ្នា​របស់ពួកគេ ដើម្បី​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

ការជំរុញព្រះទ័យ​របស់​ព្រះ

សូម​ពិចារណា​ពន្យល់​ដល់​សិស្ស​ថា នៅពេល​យើង​ដឹង​ពី​អ្វី​ដែល​ជំរុញព្រះទ័យ​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​បម្រើ​យើង នោះ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ទ្រង់​ទាំងទ្វេ​បាន​កាន់តែ​ប្រសើរ​ឡើង ។

ដើម្បី​ជួយ​សិស្ស​យល់​ពី​ការណ៍​នេះ នោះ​អ្នក​អាច​ដាក់បង្ហាញ​សេចក្តីយោង​ដូច​ខាងក្រោម ។ អញ្ជើញ​សិស្ស​ម្នាក់ៗ​ឲ្យ​ជ្រើសរើស​វគ្គបទគម្ពីរ​មួយ ឬ​ពីរ​ដើម្បី​អាន ហើយ​ជញ្ជឹងគិត ។

អាន​វគ្គបទគម្ពីរ​មួយ ឬ​ពីរ​ខាងក្រោម ដោយ​រកមើល​អ្វី​ដែល​វា​បង្រៀន​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ៖

សូម​អញ្ជើញ​សិស្ស​ឲ្យ​ផ្លាស់ទី​ទៅមក​នៅក្នុង​ថ្នាក់រៀន ហើយ​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​ដែល​បានជ្រើសរើស​វគ្គបទគម្ពីរ​ផ្សេងៗ​ពី​អ្វី​ដែល​ពួកគេ​បានរៀន​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

នៅពេល​សិស្ស​បានចែកចាយ​រួចរាល់​ហើយ សូម​សុំ​ឲ្យ​សិស្ស​ស្ម័គ្រចិត្ត​សង្ខេប​អ្វី​ដែល​ពួកគេ​បានរៀន​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

ជួយ​សិស្ស​ដឹង​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ត្រូវ​បាន​ជំរុញ​ព្រះទ័យ​ឲ្យ​បម្រើ​ដោយ​សេចក្តីស្រឡាញ់ ។

សិស្ស​ប្រហែលជា​ត្រូវការ​ពេលវេលា​ដើម្បី​ជញ្ជឹងគិត​សំណួរ​ខាងក្រោម​នេះ មុន​ពេល​ពួកគេ​មាន​អារម្មណ៍​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ឆ្លើយ​ឮៗ ។ អ្នក​ប្រហែលជា​ចង់​ផ្តល់​ពេល​ឲ្យ​ពួកគេ​ដើម្បី​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់ពួកគេ មុនពេល​សុំ​ឲ្យ​សិស្ស​ស្ម័គ្រចិត្ត​ចែកចាយ ។

  • តើ​បទពិសោធន៍​អ្វី​ដែល​បាន​ជួយ​អ្នក​ទទួល​អារម្មណ៍​ពី​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​ចំពោះ​អ្នក ?

  • តើ​ការយល់ដឹង​ពី​មូលហេតុ​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បម្រើ​យើង អាច​មាន​ឥទ្ធិពល​លើ​បំណងប្រាថ្នា​របស់​អ្នក​ដើម្បី​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នកដទៃ​យ៉ាង​ដូចម្ដេច ?

សេចក្ដីស្រឡាញ់​អាច​ជំរុញចិត្ត​យើង​ឲ្យ​ចែកចាយ​ដំណឹងល្អ

មេរៀន​ផ្នែក​នេះ ប្រើប្រាស់​ការបង្រៀន​របស់​ព្រះអង្គសង្រ្គោះ​នៅក្នុង យ៉ូហាន ២១ ដើម្បី​ជួយ​សិស្ស​ឲ្យ​មើលឃើញ​ថា សេចក្តីស្រឡាញ់​អាច​ជំរុញចិត្ត​យើង​ឲ្យ​ចែកចាយ​ដំណឹងល្អ ។

របៀប​ផ្សេង​ទៀត​ដើម្បី​សម្រេច​កិច្ចការ​នេះ គឺ​ត្រូវ​អញ្ជើញ​ដៃគូ​ឲ្យ​សិក្សា​ផ្នែក « សេចក្ដី​សប្បុរស និង​សេចក្ដី​ស្រឡាញ់ » រួម​ទាំង​គំនិត « ការសិក្សា​ព្រះគម្ពីរ » នៅ​ទំព័រ ១២៧ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសក៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ២០២៣ ) ដោយ​រកមើល​ពី​របៀប​ដែល​សេចក្តីស្រឡាញ់​អាច​ជំរុញចិត្ត​យើង​ឲ្យ​ចែកចាយ​ដំណឹងល្អ ។

មិន​យូរ​ប៉ុន្មាន បន្ទាប់ពី​ការឆ្កាង​ព្រះយេស៊ូវ​គ្រីស្ទ ពួក​សិស្ស​របស់ទ្រង់​ជាច្រើន​នាក់​បាន​ទៅ​នេសាទ ។ ខណៈពេល​ដែល​ពួកគេ​កំពុង​នេសាទ បុរស​ម្នាក់​នៅ​ច្រាំង​បានហៅ​ពួកគេ​ឲ្យ​បោះអួន​នៅ​ខាងស្តាំ​ទូក​របស់​ពួកគេ។ បន្ទាប់ពី​ធ្វើ​ដូច្នេះ ហើយ​ចាប់​បាន​ត្រី​ជា​ច្រើន នោះ​ពួក​សិស្ស​បានដឹង​ថា បុរស​រូប​នោះ​គឺជា​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ ។ ពេល​ពួកគេ​មក​ដល់​ច្រាំង​នោះ ព្រះ​យេស៊ូវ​បាន​បម្រើ​ពួកគេ ដោយ​ប្រទាន​អាហារ​ដល់​ពួក​គេ ហើយ​បង្រៀន​ពួកគេ ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​ការអញ្ជើញ​ដដែលៗ​របស់​ព្រះអង្គសង្រ្គោះ​ទៅកាន់​ពេត្រុស ដោយ​ការអាន យ៉ូហាន ២១:១៥–១៧ ជាមួយ​គ្នា ឬ​មើល​វីដេអូ « Feed My Sheep » ( ៥:៤៧ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ចាប់ពី​នាទី​ទី ២:៤៦ ដល់ ៤:២៩ ។ ( វា​អាច​មាន​អត្ថប្រយោជន៍​សម្រាប់​សិស្ស​ដើម្បី​ដឹង​ថា ពាក្យ ទាំងនេះ នៅក្នុង ខទី ១៥ អាច​សំដៅ​ទៅលើ​ត្រី​ដែល​ពួកសិស្ស​ចាប់បាន ) ។

5:45

Feed My Sheep

Jesus shows Himself to His disciples and implores Peter to feed His sheep. John 21:1–22

  • តើ​អ្នក​បានរៀន​អ្វីខ្លះ​ពី​របៀប​ដែល​ព្រះយេស៊ូវ​សព្វព្រះទ័យ​ឲ្យ​ពេត្រុស​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់គាត់ ?

សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​ពី​ព្យាការី យ៉ូសែប ស៊្មីធ ( ឆ្នាំ១៨០៥–១៨៤៤ ) ដោយ​រកមើល​អ្វី​ដែល​វា​បន្ថែម​ដល់​ការយល់ដឹង​របស់អ្នក​អំពី​ការអញ្ជើញ​របស់​ព្រះយេស៊ូវ​នៅក្នុង យ៉ូហាន ២១ ។

ព្យាការី យ៉ូសែប ស៊្មីធ

សេចក្តី​ស្រឡាញ់​គឺជា​លក្ខណៈ​សំខាន់​មួយ​របស់​ព្រះ ហើយ​គួរតែ​ត្រូវបាន​បង្ហាញ​ដោយ​អ្នក​ដែល​ប្រាថ្នា​ចង់​ធ្វើ​ជា​បុត្រា​របស់​ព្រះ ។ មនុស្ស​ដែល​ពេញ​ដោយ​សេចក្តីស្រឡាញ់​នៃ​ព្រះ​គឺ​មិន​ចង់បាន​ពរជ័យ​សម្រាប់​តែ​គ្រួសារ​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចង់​ឲ្យ​ពរជ័យ​នោះ​មាន​ពេញ​ពិភពលោក​ទាំងមូល ហើយ​មាន​ចិត្ត​អន្ទះសា​ផ្តល់​ពរ​ដល់​មនុស្សជាតិ​ទាំងមូល ។ ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ២០០៧ ] ទំព័រ ៤២៦ )

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​មក​ពី​សេចក្តី​ថ្លែងការណ៍​របស់​យ៉ូសែប ស្ម៊ីធ ?

  • តើ​អ្នក​បានរៀន​អ្វី​ចេញពី យ៉ូហាន ២១ និង​សេចក្តី​ថ្លែងការណ៍​របស់ យ៉ូសែប ស្ម៊ីធ ដែល​អាច​ជំរុញចិត្ត​អ្នក​ឲ្យ​ចែកចាយ​ដំណឹងល្អ ឬ​អាច​បម្រើ​បេសកកម្ម ?

  • តើ​អ្នក​គិត​ថា​អ្វី​ជា​របៀប​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​ធ្វើ​ឲ្យ​សេចក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​កាន់តែ​ស៊ីជម្រៅ ? ដើម្បី​ធ្វើ​ឲ្យ​សេចក្តីស្រឡាញ់​របស់​យើង​ចំពោះ​អ្នក​ដទៃ​កាន់តែ​ស៊ីជម្រៅ ?

ការយកឈ្នះ​លើ​ភាពស្ទាក់ស្ទើរ​ក្នុងការ​ចែកចាយ​ដំណឹងល្អ

សិស្ស​អាច​បង្កើត​ក្រុម​ដើម្បី​បំពេញ​សកម្មភាព​ខាងក្រោម​នេះ ។ វា​អាច​មាន​អត្ថប្រយោជន៍​ដើម្បី​ផ្តល់​ក្រដាស​ដល់​ក្រុម​នីមួយៗ ។

  1. ដោយ​ជា​ក្រុម សូម​បង្កើត​សាច់រឿង​មួយ​ដែល​យុវវ័យ​ស្ទាក់ស្ទើរ​ទៅ​បម្រើ​បេសកកម្ម​ពេញម៉ោង ឬ​ក្មេង​ជំទង់​ស្ទាក់ស្ទើរ​ចែកចាយ​ដំណឹងល្អ​ជាមួយ​មិត្តភក្តិ ។ សូម​ជ្រើសរើស​អ្នក​សរសេរ​ម្នាក់​ដើម្បី​សរសេរ​សាច់រឿង​នៅលើ​ក្រដាស​មួយ​សន្លឹក ។ ត្រូវ​ប្រាកដថា​រួមបញ្ចូល​ហេតុផល​ដែល​មនុស្ស​នៅក្នុង​សាច់រឿង​នេះ​កំពុង​ស្ទាក់ស្ទើរ ។

    នេះ​ជា​ឧទាហរណ៍​មួយ​ពី​ក្រុម​សាច់រឿង​ដែល​អាច​បង្កើត ៖ « ថ្មីៗ​នេះ អាន់តូនីញ៉ូ បានស្ដាប់​សុន្ទរកថា​សន្និសីទ​មួយ ដែល​បានលើក​ទឹកចិត្ត​យុវវ័យ​ជាច្រើន​ឲ្យ​រៀបចំខ្លួន​បម្រើ​ជា​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​សម្រាប់​ព្រះអម្ចាស់ ។ គាត់​ដឹង​ថា វា​ជា​រឿង​ត្រឹមត្រូវ​ដែល​គាត់​ត្រូវ​ធ្វើ ។ ទោះជា​យ៉ាងណា គាត់​ព្យាយាម​និយាយ​ទៅ​កាន់​មនុស្ស​ដែល​គាត់​មិន​ស្គាល់ ហើយ​គាត់​មាន​អារម្មណ៍​ថា​គាត់​មិន​ចេះ​បទគម្ពីរ​ល្អ​គ្រប់គ្រាន់​ដើម្បី​បង្រៀន​មនុស្ស​ផ្សេង​ទៀត​នោះ​ទេ ។ គាត់​បារម្ភ​ថា គាត់​មិន​អាច​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​មាន​ប្រសិទ្ធភាព​នោះ​ទេ » ។

    បន្ទាប់ពី​ក្រុម​បាន​សរសេរ​សាច់រឿង​ដែល​ពួកគេ​បានបង្កើត​រួច​ហើយ សូម​ពិចារណា​សុំ​ឲ្យ​ពួកគេ​ដោះ​ដូរ​សាច់រឿង​ជាមួយ​ក្រុម​ផ្សេងទៀត មុន​នឹង​បញ្ចប់​ជំហាន​បន្ទាប់ ។

  2. ដោយ​ប្រើ​អ្វី​ដែល​អ្នក​បានរៀន និង​ទទួល​អារម្មណ៍​នៅថ្ងៃនេះ សុំ​ឲ្យ​អ្នក​សរសេរ​ម្នាក់​សរសេរ​នូវ​អ្វី​ដែល​ក្រុម​របស់​អ្នក​នឹង​ចែកចាយ ដើម្បី​ជួយ​មនុស្ស​នៅក្នុង​សាច់រឿង​នោះ ។ រួមបញ្ចូល​មតិយោបល់​អំពី​អ្វី​ដែល​បុគ្គល​នោះ​អាច​ធ្វើ​បាន ដើម្បី​បង្កើន​សេចក្ដីស្រឡាញ់​របស់​គាត់​ចំពោះ​ព្រះអង្គ​សង្គ្រោះ និង​អ្នក​ដទៃ ។ អ្នក​អាច​បញ្ចូល​អ្វីមួយ​អំពី​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​បង្កើន​បំណងប្រាថ្នា​របស់​បុគ្គល​នេះ​ឲ្យ​ធ្វើ​ការបម្រើ ។

សូម​ពិចារណា​អញ្ជើញ​ក្រុម​ឲ្យ​ចែកចាយ​ជាមួយ​ថ្នាក់​រៀន​ពី​របៀប​ដែល​ពួកគេ​ឆ្លើយតប​ចំពោះ​សាច់រឿង​របស់​ក្រុម​ផ្សេងទៀត ។

ដើម្បី​បញ្ចប់​មេរៀន​នេះ សូម​ពិចារណា​ផ្តល់​ពេលវេលា​ឲ្យ​សិស្ស​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ​អំពី​របៀប​ដែល​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ និង​អ្នកដទៃ​អាច​ជួយ​ពួកគេ​ឲ្យ​យក​ឈ្នះ​លើ​ការស្ទាក់ស្ទើរ​ណាមួយ​ដែល​ពួកគេ​អាច​មាន​អារម្មណ៍​អំពី​ការចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។