ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២០១—ការជ្រើសរើស​ដើម្បី​បម្រើ​បេសកកម្ម ៖ ពរជ័យ​នៃ​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា


« មេរៀន​ទី ២០១—ការជ្រើសរើស​ដើម្បី​បម្រើ​បេសកកម្ម ៖ ពរជ័យ​នៃ​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៥ )

« ការជ្រើសរើស​ដើម្បី​បម្រើ​បេសកកម្ម » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ២០១ ៖ ការរៀបចំ​ខ្លួន​ធ្វើជា​អ្នកផ្សព្វផ្សាយ​សាសនា

ការជ្រើសរើស​ដើម្បី​បម្រើ​បេសកកម្ម

ពរជ័យ​នៃ​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​កំពុង​អាន​ព្រះគម្ពីរ

របៀប​មួយ​ដែល​ព្រះវរបិតាសួគ៌​ប្រទានពរ​ដល់​កូនចៅ​របស់​ទ្រង់ គឺ​តាមរយៈ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។ ទ្រង់​ប្រទាន​ពរ​ដល់​ពួក​អ្នកផ្សព្វផ្សាយ​សាសនា នៅពេល​ពួកគេ​បម្រើ និង​បង្រៀន​មនុស្ស​នៅក្នុង​សហគមន៍​របស់​ពួកគេ និង​ជុំវិញ​ពិភពលោក ។ ទ្រង់​ក៏​ប្រទាន​ពរ​ដល់​អស់​អ្នក​ដែល​ទទួល​យក​សារលិខិត​នៃ​ដំណឹងល្អ ហើយ​ទទួល​យក​ការបម្រើ​ដែល​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ផ្ដល់​ឲ្យ​ដែរ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ចង់​បម្រើ​ព្រះអម្ចាស់​ក្នុងនាម​ជា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​ទ្រង់ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការទទួល​ខុសត្រូវ​របស់យើង​ក្នុងការ​បម្រើ​ជា​ពួក​អ្នកផ្សព្វផ្សាយ​សាសនា

សូម​ពិចារណា​ពន្យល់​ថា អំឡុងពេល​មេរៀន​នេះ​អំពី​កិច្ចការ​ផ្សព្វផ្សាយ​សាសនា សិស្ស​នឹង​ធ្វើការ​ជាមួយ​ដៃគូ ។ របៀប​មួយ​ដើម្បី​បង្កើត​ភាព​ជាដៃគូ​គឺ​ត្រូវរៀបចំ​កន្ត្រក​មួយ​ដែល​មាន​គំរូ​ការចាត់តាំង​បេសកកម្ម​សរសេរ​នៅ​លើ​ក្រដាស​ទាំងនោះ ។ សំណេរ​នេះ​រួមមាន​ទីតាំង​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​អាច​ត្រូវ​បាន​ចាត់តាំង​ឲ្យ​ទៅ​បង្រៀន ដូចជា ហ្គាតេម៉ាឡាហុងគ្រី ។ ពួកគេ​ក៏​អាច​បញ្ចូល​ការចាត់តាំង​បេសកកម្ម​ផ្នែក​សេវាកម្ម ដូចជា អ្នក​ធ្វើការ​ផ្នែក​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ឬ​នៅ​ឯ ធនាគារ​ម្ហូបអាហារ​នៅក្នុង​មូលដ្ឋាន ផងដែរ ។ ត្រូវ​ប្រាកដ​ថា​មាន​ច្បាប់​ចម្លង​ពីរ​ច្បាប់​នៃ​ការចាត់តាំង​នីមួយៗ​នៅក្នុង​កន្រ្តក​នេះ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ៗ​យក​ក្រដាស​មួយ​សន្លឹក​ពី​កន្ត្រក​នេះ រួច​អង្គុយ​ជាមួយ​នឹង​មិត្ត​រួម​ថ្នាក់​ដែល​ចាប់បាន​ការចាត់តាំង​ដូចគ្នា ។

ផ្តល់​ច្បាប់​ចម្លង​នៃ​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​នេះ​ឲ្យ​ដៃគូ​នីមួយៗ និង​ដាក់បង្ហាញ​សេចក្តីណែនាំ​ចំនួន​បី​ដូច​ខាងក្រោម​នេះ ។

ប្រធាន រ័សុល អិម ណិលសុន បាន​បញ្ជាក់​ឡើងវិញ​នូវ​ការហៅ​របស់​ព្រះអម្ចាស់​ឲ្យ​បម្រើ​ជា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ៖

ប្រធាន រ័សុល អិម ណិលសុន⁠

ថ្ងៃនេះ ខ្ញុំ​សូម​បញ្ជាក់​សាជាថ្មី​ដោយ​មោះមុត​ថា ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យយុវជន គ្រប់រូប មាន​ភាពស័ក្ដិសម ជា​យុវជន​ដែល​មាន​សមត្ថភាព ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​បម្រើ​បេសកកម្ម ។ សម្រាប់​យុវជន​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ការបម្រើ​ផ្សព្វផ្សាយសាសនា គឺជា​ការ​ទទួលខុសត្រូវ​មួយ​នៃ​បព្វជិតភាព ។ យុវជនទាំងឡាយ ត្រូវ​បានបម្រុង​ទុក​សម្រាប់​ជំនាន់នេះ ជាពេល​ដែល​ត្រូវ​ធ្វើ​ការប្រមូលផ្ដុំ​អ៊ីស្រាអែលដូច​ដែលបាន​សន្យា​ ។ នៅពេល​អ្នក​បម្រើ​បេសកកម្ម នោះ​អ្នកដើរ​តួនាទី​ដ៏​សំខាន់​នៅក្នុង​ព្រឹត្តការណ៍​ដែល​ពុំធ្លាប់​មាន​ពី​មុន​មក​នេះ !

សម្រាប់​យុវនារី​ដែល​មាន​លទ្ធភាព បេសកកម្ម​គឺជា​ឱកាស​ដ៏​មាន​អានុភាព​មួយ​ផងដែរ តែ​វា​ជា ជម្រើស របស់​អ្នក ។ ពួកយើង ស្រឡាញ់ ស៊ីស្ទើរ​អ្នកផ្សព្វផ្សាយសាសនា ហើយ​ស្វាគមន៍​ពួកគេ​ដោយ​អស់ពី​ចិត្ត ។ អ្វី​ដែល​អ្នក​បាន​ធ្វើ​នៅក្នុង​កិច្ចការ​នេះ គឺ​អស្ចារ្យ​ណាស់ ! សូម​អធិស្ឋាន​ដើម្បី​ដឹងថា តើ​ព្រះអម្ចាស់​ឲ្យ​អ្នក​បម្រើ​បេសកកម្ម​ដែរ​ឬ​ទេ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ឆ្លើយតប​ក្នុង​ដួងចិត្ត និង​គំនិត​អ្នក ។ ( រ័សុល អិម ណិលសុន « ការផ្សាយ​ដំណឹងល្អ​នៃ​ភាពសុខសាន្ដ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៦ )

  1. សូម​អាន​សេចក្តី​ថ្លែងការណ៍​នេះ​ជាមួយ​ដៃ​គូ​របស់​អ្នក ។

  2. សូម​ពិភាក្សា​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍​មកពី​សេចក្តី​ថ្លែងការណ៍​នេះ ។

  3. សូម​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​ការយល់ដឹង​របស់​អ្នក​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

សូម​អញ្ជើញ​ដៃគូ​ពីរបី​គូ​ឲ្យ​ចែកចាយ​ការយល់ដឹង​របស់​ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។ ប្រសិនបើ​សិស្ស​មាន​សំណួរ​អំពី​សេចក្តី​ថ្លែងការណ៍​នេះ សូម​ពិចារណា​ជួយ​ពួកគេ​ស្វែងរក​ចម្លើយ ឬ​ណែនាំ​ពួកគេ​ឲ្យ​ពិភាក្សា​សំណួរ​របស់​ពួកគេ​ជាមួយ​ព្រះអម្ចាស់ ឪពុកម្តាយ​របស់​ពួកគេ ឬ​ថ្នាក់ដឹកនាំ​សាសនាចក្រ ។ សូម​ប្រាកដ​ថា សិស្ស​យល់​ពី​ការរំពឹងទុក​របស់​ព្រះអម្ចាស់​ចំពោះ​យុវជន និង​យុវនារី​ទាក់ទង​នឹង​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយសាសនា ។

ការពិចារណា​ផ្ទាល់ខ្លួន

សូម​ដាក់បង្ហាញ​សេចក្តីថ្លែងការណ៍ និង​សំណួរ​ខាងក្រោម​នេះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​អំពី​អារម្មណ៍​ផ្ទាល់ខ្លួន​របស់​ពួកគេ​អំពី​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ការ​ផ្តល់​ពេលវេលា​ដល់​សិស្ស​ដើម្បី​ជញ្ជឹងគិត និង​ឆ្លើយតប​សំណួរ​ទាំងឡាយ​អាច​អញ្ជើញ​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​រៀបចំ​គំនិត និង​ដួងចិត្ត​របស់​ពួកគេ​ដើម្បី​ទទួល​ការបំផុស​គំនិត​នៅពេល​ពួកគេ​សិក្សា ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

ប្រធាន រ័សុល អិម ណិលសុន⁠

មិត្តវ័យ​ក្មេង​ជាទី​ស្រឡាញ់​ខ្ញុំអើយ អ្នករាល់គ្នា​ម្នាក់ៗ​មាន​តម្លៃ​ចំពោះ​ព្រះអម្ចាស់ ។ ទ្រង់​បាន​បម្រុង​អ្នក​ទុក​រហូតដល់​ពេលនេះ ដើម្បី​ឲ្យអ្នក​ជួយ​ប្រមូលផ្ដុំ​អ៊ីស្រាអែល ។ ការសម្រេច​ចិត្ត​របស់​អ្នក​ក្នុង​ការបម្រើ​បេសកកម្ម មិន​ថា​ជា​អ្នកផ្សព្វផ្សាយ​ដំណឹងល្អ ឬ​បេសកកម្ម​ផ្នែក​សេវាកម្ម​​ទេ នឹង​ប្រទាន​ពរ​ដល់​អ្នក និង​មនុស្ស​ជាច្រើន​ទៀត ។ ( រ័សុល អិម ណិលសុន « ការផ្សាយ​ដំណឹងល្អ​នៃ​ភាពសុខសាន្ដ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៦–៧ )

សូម​ជញ្ជឹងគិត និង​សរសេរ​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​ផ្នែក​ណា​មួយ​នៃ​សេចក្តី​ថ្លែងការណ៍​នេះ​មាន​ន័យ​បំផុត​ចំពោះ​អ្នក ? ហេតុអ្វី ?

  • តើ​ប្រធាន ណិលសុន បង្រៀន​អ្វីខ្លះ ដែល​អាច​ជះឥទ្ធិពល​ដល់​បំណង​ប្រាថ្នា​របស់​អ្នក​ក្នុង​ការបម្រើ​បេសកកម្ម ?

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ ។ នៅពេល​សិស្ស​ចែកចាយ សិស្ស​ខ្លះ​អាច​បង្ហាញ​សេចក្តីពិត​ដូច​តទៅ​នេះ​តាម​ពាក្យ​សម្តី​របស់​ពួកគេ​ផ្ទាល់ ៖ ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​យើង និង​អ្នក​ដទៃ​ជា​ច្រើន​ទៀត នៅពេល​យើង​ជ្រើសរើស​បម្រើ​ជា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ សូម​ពិចារណា​សរសេរ​សេចក្តីពិត​នេះ​ដាក់​នៅលើ​ក្តារខៀន ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ស្វែងរក​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ដឹង​ពី​របៀប​ដែល​ព្រះវរបិតាសួគ៌​នឹង​ឲ្យ​ពួកគេ​អនុវត្ត​សេចក្ដីពិត​នេះ​នៅក្នុង​ជីវិត​របស់​ពួកគេ ។

ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា​សិស្ស​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការរៀន​បន្ថែម​អំពី​បេសកកម្ម​ផ្នែក​សេវាកម្ម សូម​ពិចារណា​ប្រើប្រាស់​សម្ភារ​ដែល​មាន​នៅក្នុង « សកម្មភាព​រៀនសូត្រ​បន្ថែម » ។

ពរជ័យ​នៃ​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា

សកម្មភាព​ខាងក្រោម​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ពរជ័យ​ដែល​ព្រះអម្ចាស់​អាច​ប្រទាន​ឲ្យ​ពួកគេ និង​អ្នក​ដទៃ​ទៀត នៅពេល​ពួកគេ​ជ្រើសរើស​បម្រើ​បេសកកម្ម ។

ដោយ​ជា​ដៃគូ សូម​ស្វែងរក​បទគម្ពីរ សុន្ទរកថា​ពី​សន្និសីទ​ទូទៅ ទំនុកតម្កើង ឬ​បណ្ណាល័យ​ដំណឹងល្អ ដោយ​រកមើល​ដូច​ត​ទៅ​នេះ ៖

  1. ពរជ័យ​ទាំងឡាយ​ដែល​ព្រះអម្ចាស់​អាច​ប្រទាន​ដល់​អ្នក​ដទៃ​តាមរយៈ​កិច្ចខិតខំ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​យើង ។

  2. ពរជ័យ​ដែល​ព្រះអម្ចាស់​អាច​ប្រទាន​ឲ្យ​យើង​សម្រាប់​ការបម្រើ​បេសកកម្ម ។

រូបតំណាង​សំណៅចែកប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា​សិស្ស​អាច​ប្រើ​ការណែនាំ​ជាក់លាក់​បន្ថែម​ទៀត សូម​ពិចារណា​ផ្តល់​ឲ្យ​ដៃគូ​នីមួយៗ​នូវ​សំណៅចែក​ដែលមាន​ចំណងជើង​ថា « ពរជ័យ​នៃ​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា » ។

ពរជ័យ​នៃ​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា

សូម​សិក្សា​វគ្គ​បទគម្ពីរ និង​សេចក្តី​ថ្លែងការណ៍​ដូច​ខាងក្រោម​នេះ ។ នៅពេល​អ្នក​សិក្សា សូម​រកមើល​ដូច​ខាង​ក្រោម ៖

  1. ពរជ័យ​ទាំងឡាយ​ដែល​ព្រះអម្ចាស់​អាច​ប្រទាន​ដល់​អ្នក​ដទៃ​តាមរយៈ​កិច្ចខិតខំ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​យើង ។

  2. ពរជ័យ​ដែល​ព្រះអម្ចាស់​អាច​ប្រទាន​ឲ្យ​យើង​សម្រាប់​ការបម្រើ​បេសកកម្ម ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

ប្រធាន រ័សុល អិម ណិលសុន⁠

បងប្អូន​ប្រុសស្រី ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ពិត​ជា​ត្រូវការ​ខ្លាំង​ណាស់​នៅ​សព្វថ្ងៃ​នេះ ។ ការទាស់ទែង និង​ជម្លោះ បំពាន​លើ​អ្វីៗ​ដែល​ព្រះអង្គសង្គ្រោះ​បាន​តាំង និង​បង្រៀន ។ ខ្ញុំ​ស្រឡាញ់​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ហើយ​សូមថ្លែង​ទីបន្ទាល់ថា ដំណឹងល្អ​របស់ទ្រង់​គឺជាដំណោះស្រាយ​ដ៏​យូរអង្វែង តែមួយគត់ សម្រាប់​ភាពសុខសាន្ដ ។ ដំណឹងល្អ​របស់​ទ្រង់​គឺជា​ដំណឹងល្អ​នៃ​ភាព​សុខសាន្ដ [ សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៧:១៦ ] ។ …

អ្នកផ្សព្វផ្សាយ​សាសនា ទាំងអស់ បង្រៀន និង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ ។ ភាពងងឹត​ខាង​វិញ្ញាណ​នៅក្នុង​ពិភពលោក​ធ្វើឲ្យ​ពន្លឺ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវការ​ច្រើន​ជាង​ពេល​ណាៗ​ទាំងអស់ ។ មនុស្ស​គ្រប់រូប​សម​នឹង​ទទួល​បាន​ឱកាស​ដើម្បី​ដឹង​អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ មនុស្ស​គ្រប់រូប​សម​នឹង​ដឹង​ថា ពួកគេ​អាច​ស្វែងរក​ក្តីសង្ឃឹម និង​ភាពសុខសាន្ដ​ដែល « [ ហួសលើស ] ពី​អស់​ទាំង​គំនិត » [ ភីលីព ៤:៧ ] ។ ( រ័សុល អិម ណិលសុន « ការផ្សាយ​ដំណឹងល្អ​នៃ​ភាពសុខសាន្ដ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៦–៧ )

អែលឌើរ ម៉ាកឺស ប៊ី ណាស នៃ​ពួក​ចិតសិប​នាក់​បាន​បង្រៀន ៖

អែលឌើរ ម៉ាកឺស ប៊ី ណាស

ការចែកចាយ​ដំណឹងល្អ​នាំឲ្យ​មាន​អំណរ និង​ក្ដីសង្ឃឹម​ដល់​ព្រលឹង​របស់​អ្នក​ចែកចាយ​ផង និង​អ្នក​ទទួល​ផង ។ ពិត​ណាស់ « អ្នក​នឹង​មាន​សេចក្ដី​អំណរ​ដ៏​មហិមា » [ គោលទ្ធិ និង​សេចក្តី​សញ្ញា ១៨:១៥ ] ពេល​អ្នក​ចែកចាយ​ដំណឹងល្អ ! ការចែកចាយ​ដំណឹងល្អ​គឺជា​ការមាន​អំណរ និង​ក្ដីសង្ឃឹម​ម្ដងហើយ​ម្ដងទៀត ។ …

ការជ្រើសរើស​មិន​លើក​ពន្លឺ​ដំណឹងល្អ​ឡើង ផ្លាស់​យើង​ទៅរក​ទីងងឹត ជា​កន្លែង​ដែល​យើង​ងាយចាញ់​នឹង​ការល្បួង ។ អ្វី​ដែល​សំខាន់​ការសន្ទនា​គឺ​ពិតថា ៖ ការជ្រើសរើស​ដើម្បី​លើក​ពន្លឺ​ដំណឹងល្អ​ឡើង នាំ​យើង​ទៅ​កាន់​តែ​ពេញដោយ​ពន្លឺ​នោះ ហើយ​វា​ផ្ដល់​ការការពារ​ប្រឆាំង​នឹង​ការល្បួង​ផងដែរ ។ ឱ នេះ​គឺ​ជា​ពរជ័យ​ដ៏​អស្ចារ្យ​មួយ​នៅក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ ! ( ម៉ាកឺស ប៊ី ណាស « Hold Up Your Light » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០២១ ទំព័រ ៧១–៧២ )

នៅពេល​សិស្ស​បានបញ្ចប់​ការសិក្សា​ហើយ សូម​អញ្ជើញ​ដៃគូ​នីមួយៗ​ឲ្យ​សរសេរ​ជុំវិញ​សេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន យ៉ាងហោចណាស់ ពរជ័យ​មួយ​ពី​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។ បន្ទាប់ពី​បាន​រាយបញ្ជី​ពរជ័យ​ជា​ច្រើន​ហើយ សូម​ពិចារណា​សួរ​សំណួរ​ដូចខាង​ក្រោម​នេះ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ចែកចាយ ឬ​ថ្លែង​ទីបន្ទាល់​អំពី​អ្វី​ដែល​ពួកគេ​បានរៀន ៖

  • តើ​ពរជ័យ​មួយ​ណា​នៅលើ​ក្ដារខៀន​ដែល​អ្នក ឬ​អ្នក​ផ្សេងទៀត​ដែលអ្នក​ស្គាល់​បាន​ទទួល​តាមរយៈ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ?

  • តើ​បទគម្ពីរ ឬ​សេចក្តី​ថ្លែងការណ៍​មួយ​ណា​ដែល​អ្នក​បាន​អាន ដែល​បានជួយ​បង្កើន​បំណង​ប្រាថ្នា​របស់​អ្នក​ដើម្បី​បម្រើ​ព្រះអម្ចាស់​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ?

  • តើ​អ្នក​គិត​ថា​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​អាច​មាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះអម្ចាស់​ដោយ​របៀប​ណា ? ហេតុអ្វី ?

សូម​ពិចារណា​ចែកចាយ​បទពិសោធន៍​ដែល​អ្នក​ធ្លាប់​មាន ឬ​ទីបន្ទាល់​របស់​អ្នក​អំពី​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។ អ្នក​ក៏​អាច​បង្ហាញ​វីដេអូ « Value of a Full-Time Mission » ( ៥:២២ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org និង​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​មូលហេតុ​ដែល​នរណា​ម្នាក់​អាច​ជ្រើសរើស​បម្រើ​បេសកកម្ម ។

2:3

Value of a Full-Time Mission

Missionaries from around the world share their testimonies of blessings received from choosing to serve a mission.

សូម​ពិចារណា​ណែនាំ​សិស្ស​ឲ្យ​ត្រឡប់​ទៅ​កាន់​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន ណិលសុន តាំង​ពី​ដើម​មេរៀន ។ សូម​អញ្ជើញ​យុវជន​ឲ្យ​បន្ត​អធិស្ឋាន​សូម​ឲ្យ​ព្រះអម្ចាស់​នឹង​បង្កើន​បំណងប្រាថ្នា និង​សមត្ថភាព​របស់​ពួកគេ​ដើម្បី​បម្រើ​បេសកកម្ម​ពេញ​ម៉ោង ។ សូម​អញ្ជើញ​យុវនារី​ឲ្យ​អធិស្ឋាន​ដើម្បី​ដឹង​ថា តើ​ព្រះអម្ចាស់​នឹង​ឲ្យ​ពួកគេ​បម្រើ​បេសកកម្ម​ពេញ​ម៉ោង ឬ​យ៉ាងណា ។