ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២០០—ស្រឡាញ់ ចែកចាយ និង​អញ្ជើញ ៖ ការប្រមូល​អ្នក​ដទៃ​មក​ឯ​ព្រះយេស៊ូវគ្រីស្ទ


« មេរៀន​ទី ២០០—ស្រឡាញ់ ចែកចាយ និង​អញ្ជើញ ៖ ការប្រមូល​អ្នក​ដទៃ​មក​ឯ​ព្រះយេស៊ូវគ្រីស្ទ » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« ស្រឡាញ់ ចែកចាយ និង​អញ្ជើញ » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀនទី ២០០ ៖ ការរៀបចំ​ខ្លួន​ធ្វើជា​អ្នកផ្សព្វផ្សាយ​សាសនា

ស្រឡាញ់ ចែកចាយ និង​អញ្ជើញ

ការប្រមូល​អ្នក​ដទៃ​មក​ឯ​ព្រះយេស៊ូវគ្រីស្ទ

ការបម្រើ​អ្នក​ដទៃ

ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ វា​គឺជា​ការទទួលខុសត្រូវ​នៃ​សេចក្តីសញ្ញា​របស់​យើង​ក្នុង​ការចែកចាយ​ដំណឹងល្អ​របស់​ព្រះអង្គសង្គ្រោះ « ដល់​អស់​ចុង​ផែនដី » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១:២៣ ) ។ យើង​អាច​ចូលរួម​ក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​នេះ​ដោយ​ការស្រឡាញ់​អ្នក​ដទៃ ការចែកចាយ​សារលិខិត​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​ការអញ្ជើញ​ពួកគេ​ឲ្យ​ចូលរួម​ជាមួយ​យើង​ក្នុងការ​មក​រក​ព្រះអង្គសង្គ្រោះ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​បង្កើត​ផែនការ​មួយ​ដើម្បី​ផ្សព្វផ្សាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដោយ​ប្រើ​គោលការណ៍​នៃ​សេចក្តីស្រឡាញ់ ចែកចាយ និង​អញ្ជើញ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

កុំ​លាក់បាំង​ពន្លឺ​នៃ​ដំណឹងល្អ​របស់​អ្នក​ឡើយ

សត្វទីទុយ​នៅលើ​ដើម​ឈើ

ដើម្បី​ចាប់ផ្តើម​ថ្នាក់ សូម​បង្ហាញ​សិស្ស​នូវ​រូបភាព​សត្វ​មួយក្បាល​ដែល​លាក់បាំង​ខ្លួន​បាន​យ៉ាងល្អ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​មូលហេតុ​ដែល​ការលាក់បាំង​ខ្លួន​បែប​នេះ​មាន​ប្រយោជន៍​ដល់​សត្វ​នេះ ។

  • តើ​មនុស្ស​ម្នាក់​អាច​ចង់​លាក់បាំង​ខ្លួន​ក្នុង​ស្ថានភាព​បែបណា ?

អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ចែកចាយ​អ្វីមួយ​ដែល​យើង​មិន​ចង់​លាក់បាំង​អំពី​ខ្លួន​របស់​យើង ៖

អែលឌើរ ឃ្វីនថិន អិល ឃុក

ផ្នែក​សំខាន់​មួយ​នៃ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​នេះ​គឺ​សម្រាប់​សមាជិក​ម្នាក់ៗ​ដើម្បី​ធ្វើ​ជា​គំរូ​នៃ​ពន្លឺ​ដ៏​ចែងចាំង​នៅ​គ្រប់​ទីកន្លែង​ដែល​យើង​រស់នៅ ។ យើង​មិន​អាច​លាក់បាំង​បាន​ទេ ។ …

ព្រះអម្ចាស់​រំពឹង​ថា​អស់អ្នក​ដែល​បាន​ទទួល​យក​ដំណឹងល្អ​របស់​ទ្រង់​នឹង​ខិតខំ​ជា​បន្ទាន់ ដើម្បី​ធ្វើ​ជា​គំរូ​ដ៏​ចែងចាំង ដែល​នឹង​ជួយ​អ្នកដទៃ​ឲ្យ​មក​រក​ព្រះ ។ ការណ៍នេះ​អនុញ្ញាត​ឲ្យ​បងប្អូន​ប្រុសស្រី​របស់​យើង​នៅ​ទូទាំង​ផែនដី​រីករាយ​នឹង​ពរជ័យ និង​ពិធីបរិសុទ្ធ​ដ៏​អស្ចារ្យ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ ប្រមូលផ្តុំ​គ្នា​ទៅ​ផ្ទះ​ដោយ​សុវត្ថិភាព ។ ( ឃ្វីនថិន អិល ឃុក « ប្រមូលផ្តុំគ្នា​ទៅផ្ទះ​ដោយ​សុវត្ថិភាព » លីអាហូណា ខែឧសភា ឆ្នាំ​២០២៣ ទំព័រ​២៣ )

  • តើ​អ្វី​ដែល​មាន​អត្ថន័យ​ចំពោះ​អ្នក​មកពី​សារលិខិត​របស់ អែលឌើរ ឃុក ?

ដើម្បី​ជួយ​រៀបចំ​ចិត្ត និង​គំនិត​របស់​សិស្ស​សម្រាប់​មេរៀន​នេះ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​រឿង​របស់​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ​ដែល​បានចូលរួម​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ពួកគេ​ក៏​អាច​ចែកចាយ​ដំណើររឿង​ការប្រែចិត្តជឿ​របស់​ពួកគេ​ផ្ទាល់​ផងដែរ ។ ប្រសិនបើ​សិស្ស​ជាច្រើន​មាន​ដំណើររឿង​ដែល​ត្រូវ​ចែកចាយ នោះ​អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ជាមួយ​ដៃគូ ឬ​ជា​ក្រុម​តូចៗ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ​នូវ​វិធី​ដែល​ពួកគេ​អាច​នឹង « លាក់បាំង » និង​របៀប​ដែល​ការខិតខំ​ផ្សព្វផ្សាយ​សាសនា​ផ្ទាល់​ខ្លួន​របស់​ពួកគេ​អាច​ជា « គំរូ​នៃ​ពន្លឺ​ដ៏​ចែងចាំង » ។

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​យាង​អញ្ជើញ​ព្រះវិញ្ញាណ​ដោយ​ការអធិស្ឋាន ដើម្បី​ជួយ​ពួកគេ​ឲ្យ​ដឹង​ពី​របៀប​ដែល​ពួកគេ​អាច​ចែកចាយ​ពន្លឺ​នៃ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​បើកចំហ ។

ការបង្គាប់​ឲ្យ​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​ព្រះអង្គ​សង្គ្រោះ

សូម​ពិចារណា​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ឃ្វីនថិន អិល ឃុក ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​ការប្រឹក្សា​អំពី​របៀប​ចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ប្រកបដោយ​ប្រសិទ្ធភាព ។

អែលឌើរ ឃុក បានបង្រៀន ៖

អែលឌើរ ឃ្វីនថិន អិល ឃុក

ព្រះអង្គ​សង្គ្រោះ​អញ្ជើញ​យើង​ដោយ​ព្រះទ័យ​មេត្តា ឲ្យ​ធ្វើជា​ព្រះសូរសៀង និង​ជា​ព្រះហស្ដ​របស់​ទ្រង់ ។ សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​នឹង​ជា​ពន្លឺ​នាំ​ផ្លូវ​របស់​យើង ។ ព្រះអង្គ​សង្រ្គោះ​បាន​បង្រៀន​ពួកសិស្ស​របស់​ទ្រង់​ថា « ដូច្នេះ ចូរ​ទៅ​បញ្ចុះបញ្ចូល​ឲ្យមាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ » [ ម៉ាថាយ ២៨:១៩ ] ។ …

ដើម្បី​ធ្វើឲ្យ​ការបង្គាប់​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ចែកចាយ​ដំណឹងល្អ​ក្លាយ​ទៅជា​ផ្នែក​មួយ​នៃ​ខ្លួន​យើង នោះ​យើង​ត្រូវ … ស្រឡាញ់ អ្នក​ជិតខាង​របស់​យើង ចែកចាយ ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ អញ្ជើញ មនុស្ស​ទាំងអស់​ឲ្យ​មក​ហើយ​មើល ។ ( ឃ្វីនថិន អិល ឃុក « ការប្រែចិត្ត​ជឿ​តាម​ព្រះហឫទ័យ​របស់​ព្រះ » លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២២ ទំព័រ​៥៦ )

  • តើ​អ្នក​នឹង​ពន្យល់​អំពី​សារលិខិត​របស់​អែលឌើរ ឃុក ដោយ​របៀបណា ?

    សូម​ជួយ​សិស្ស​ឲ្យ​ស្វែងរក​សេចក្តីពិត​ដូច​នេះ ៖ យើង​ជួយ​ក្នុង​ការងារ​ផ្សព្វផ្សាយ​សាសនា​របស់​ព្រះអង្គ​សង្គ្រោះ ដោយ​ការស្រឡាញ់​អ្នក​ជិត​ខាង​របស់​យើង ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់ និង​អញ្ជើញ​អ្នក​ដទៃ​ឲ្យ​មក​រក​ទ្រង់ ។

    អ្នក​អាច​សរសេរ​ពាក្យ ស្រឡាញ់ ចែកចាយ និង អញ្ជើញ នៅ​ខាងលើ​នៃ​ជួរឈរ​បី​នៅលើ​ក្ដារខៀន ។ នៅពេល​សិស្ស​ចែកចាយ​ចម្លើយ​របស់ពួកគេ​ចំពោះ​សំណួរ​ខាងក្រោម​នេះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចាប់ផ្តើម​បញ្ជី​នៅក្នុង​ជួរឈរ​នីមួយៗ​នូវ​គំនិត​សម្រាប់​របៀប​នាំ​អ្នក​ដទៃ​មក​រក​ព្រះអង្គសង្គ្រោះ តាមរយៈ​ការស្រឡាញ់ ការចែកចាយ និង​ការអញ្ជើញ ។

  • តើ​របៀប​ដ៏​មាន​ប្រសិទ្ធភាព​អ្វីខ្លះ​ដែល​អ្នក​បាន​ឃើញ​អ្នក​ដទៃ​ចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​បងប្អូន​មាន​បទពិសោធន៍​អ្វីខ្លះ​នៅក្នុង​ការចែកចាយ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្រ្គោះ​ជាមួយ​អ្នកដទៃ ?

ស្រឡាញ់ ចែកចាយ និង​អញ្ជើញ ។

រូបតំណាង​សំណៅចែក របៀប​មួយ​ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​គោលការណ៍​នៃ​សេចក្ដី​ស្រឡាញ់ ចែកចាយ និង​អញ្ជើញ​គឺ​ផ្តល់​ឲ្យ​ពួកគេ​នូវ​ច្បាប់​ចម្លង​នៃ​សំណៅចែក​ដែល​មាន​ចំណងជើង​ថា « ស្រឡាញ់ ចែកចាយ អញ្ជើញ » ។ សូម​ឲ្យ​សិស្ស​បង្កើត​ក្រុម​សិក្សា​តូចៗ​ដើម្បី​សិក្សា​ឯកសារ​នៅក្រោម « ក្ដីស្រឡាញ់ » ។ ពួកគេ​អាច​បង្កើត​ក្រុម​ថ្មី​ដើម្បី​សិក្សា « ចែកចាយ » ហើយ​បន្ទាប់មក​ក្រុម​ថ្មី​ដើម្បី​សិក្សា « អញ្ជើញ » ។

ជាជម្រើស សិស្ស​អាច​សិក្សា​វគ្គបទគម្ពីរ​នៅក្នុង​គំនិត « ការសិក្សា​ព្រះគម្ពីរ » នៅ​ទំព័រ​២២៣ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ( ឆ្នាំ ២០២៣ ) ។

សូម​ពិចារណា​អំពី​ការបង្ហាញ​សំណួរ​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ដើម្បី​ឲ្យ​សិស្ស​ពិភាក្សា​ជាមួយ​ក្រុម​របស់ពួកគេ​នៅពេល​ពួកគេ​សិក្សា ។

  • តើ​ការយល់​ដឹង​អ្វី​ខ្លះ​ដែល​អ្នក​ទទួល​បាន​អំពី​ការចែកចាយ​ដំណឹងល្អ ?

  • តើ​ព្រះអង្គ​សង្គ្រោះ​បានបង្ហាញ​ពី​គោលការណ៍​នៅក្នុង​ការប្រាស្រ័យ​ទាក់ទង​របស់​ទ្រង់​ជាមួយ​អ្នក​ដទៃ​យ៉ាង​ដូចម្ដេច ?

  • តើ​មាន​របៀប​មួយ​ចំនួន​អ្វីខ្លះ​ដែល​ក្មេង​ជំទង់​អាច​ធ្វើ​តាម​គោលការណ៍​នេះ នៅពេល​ពួកគេ​ព្យាយាម​ចែកចាយ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ ?

ស្រឡាញ់ ចែកចាយ អញ្ជើញ

ស្រឡាញ់

យ៉ូហាន ១៣:៣៤–៣៥; ម៉ូសាយ ១៨:២០–២២; គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២:៧–៩; ១២១:៤១–៤២

អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន

នៅពេល​ណា​ដែល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​ព្រះគ្រីស្ទ​ទៅកាន់​អ្នក​ជិតខាង​របស់​យើង នោះ​យើង​ផ្សព្វផ្សាយ​ដំណឹងល្អ​ហើយ—សូម្បី​តែ​យើង​មិន​បាន​និយាយ​ពាក្យ​មួយ​ម៉ាត់​ក្ដី ។

សេចក្ដី​ស្រឡាញ់​សម្រាប់​មនុស្ស​ដទៃ​ទៀត គឺ​ជា​ការបង្ហាញ​មតិ​ដ៏​ពូកែ​អំពី​បទបញ្ញត្តិ​ធំ​ទីពីរ ដែល​ឲ្យ​ស្រឡាញ់​អ្នក​ជិតខាង​យើង ។ វា​បង្ហាញ​ពី​ដំណើរការ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​សម្រិត​សម្រាំង​ព្រលឹង​របស់​យើង ។ តាមរយៈ​ការបង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ​ចំពោះ​មនុស្ស​ផ្សេង​ទៀត យើង​អាច​បណ្ដាល​ឲ្យ​អស់​អ្នក​ដែល​ឃើញ​កិច្ចការល្អ​របស់​យើង « សរសើរ​តម្កើង​ដល់​ព្រះវរបិតា​នៃ [ យើង ] រាល់គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌ » [ ម៉ាថាយ ៥:១៦ ] ។ ( ហ្គែរី អ៊ី ស្ទីវ៉ែនសុន « ស្រឡាញ់ ចែកចាយ អញ្ជើញ » លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២២ ទំព័រ​៨៥ )


ចែកចាយ

នីហ្វៃទី២ ២:៦–៨; ម៉ូសាយ ២៨:១–៣; អាលម៉ា ៣១:៥; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦០:២

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ

បើ​មនុស្ស​ម្នាក់​សួរ​អំពី​ថ្ងៃចុង​សប្ដាហ៍​របស់​បងប្អូន ចូរ​កុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​និយាយ​អំពី​អ្វី​ដែល​បងប្អូន​មានបទពិសោធន៍​នៅ​ព្រះវិហារ ។ សូម​ប្រាប់​អំពី​កុមារ​តូចៗ​ដែល​ឈរ​នៅ​ខាង​លើ​វេទិកា​ពី​មុខ​ក្រុមជំនុំ ហើយ​ច្រៀង​ចម្រៀង​ដោយ​ក្លៀវក្លា​អំពី​របៀប​ដែល​ពួកគេ​ព្យាយាម​ប្រែក្លាយ​ដូចជា​ព្រះយេស៊ូវ ។ និយាយ​អំពី​ក្រុម​យុវវ័យ​ដែល​ចំណាយ​ពេល​ជួយ​ដល់​មនុស្ស​ជរា​ដែល​នៅ​ផ្ទះ ដើម្បី​ប្រមូល​ព័ត៌មាន​ប្រវត្តិ​ផ្ទាល់​ខ្លួន ។ …

តាម​វិធីណា​ក៏ដោយ​ដែល​វា​ងាយស្រួល​សម្រាប់​បងប្អូន សូម​ចែកចាយ​ជាមួយ​នឹង​មនុស្ស​អំពី​មូលហេតុ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ និង​សាសនាចក្រ​របស់​ទ្រង់​សំខាន់​ចំពោះ​បងប្អូន ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « Missionary Work: Sharing What Is in Your Heart » Liahona ខែ​ឧសភា ឆ្នាំ​២០១៩ ទំព័រ​១៧ )


អញ្ជើញ

យ៉ូហាន ១:៣៥–៤៦; ៤:២៨–៣០, ៣៩–៤១; អាលម៉ា ៥:៦២; មរ៉ូណៃ ១០:៣–៥

អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន

មាន​ការអញ្ជើញ​រាប់​រយ ដែល​យើង​អាច​អញ្ជើញ​ទៅ​អ្នក​ដទៃ​ទៀត​បាន ។ យើង​អាច​អញ្ជើញ​មនុស្ស​ផ្សេង​ទៀត​ឲ្យ « មក ហើយ​មើល » ពិធី​សាក្រាម៉ង់ សកម្មភាព​វួដ វីដេអូ​តាម​អនឡាញ ដែល​ពន្យល់​អំពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ « មក ហើយ​មើល » អាច​ជា​ការអញ្ជើញ​ឲ្យ​អាន​ព្រះគម្ពីរ​មរមន ឬ​មកមើល​ព្រះវិហារ​បរិសុទ្ធ អំឡុង​ពេល​ពិធី​សម្ពោធ ពីមុន​ពិធី​ឧទ្ទិស​ឆ្លង ។ ជួនកាល ការអញ្ជើញ​នោះ​ជា​អ្វី​មួយ​ដែល​យើង​អញ្ជើញ​នៅ​ខាង​ក្នុង—ជា​ការអញ្ជើញ​ដល់​ខ្លួន​យើង ដែល​ផ្ដល់​ការយល់ដឹង និង​ទស្សនវិស័យ​ដល់​ខ្លួន​យើង អំពី​ឱកាស​ទាំងឡាយ​ដែល​នៅ​ជុំវិញ​ខ្លួន​យើង ដើម្បី​ធ្វើ​សកម្មភាព​តាម ។ ( ហ្គែរី អ៊ី ស្ទីវ៉ែនសុន « ស្រឡាញ់ ចែកចាយ អញ្ជើញ » លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២២ ទំព័រ​៨៦ )

របៀប​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​ស្រឡាញ់ ចែកចាយ និង​អញ្ជើញ

សូម​ជួយ​សិស្ស​ឲ្យ​បង្កើត​គំនិត​បន្ថែម​អំពី​របៀប​ចែកចាយ​ដំណឹងល្អ ដោយ​ប្រើ​គោលការណ៍​នៃ​ស្រឡាញ់ ចែកចាយ និង​អញ្ជើញ ។ សូម​រួម​បញ្ចូល​គំនិត​របស់​ពួកគេ​នៅលើ​ក្តារខៀន ក្រោម​ជួរឈរ​ដែល​ត្រូវ​គ្នា ។ ធនធាន​មួយ​ចំនួន​ខាងក្រោម​នេះ​អាច​ជួយ​បង្កើត​គំនិត​បាន ៖

  • អត្ថបទ—« 20 Easy Ways to ‘Love, Share, Invite’ Your Neighbors » នៅលើ​គេហទំព័រ newsroom.ChurchofJesusChrist.org

  • វីដេអូ—« Simple Ways to Love, Share, and Invite » ( ២:៤៥ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org

2:46

Simple Ways to Love Share and Invite

The Savior set the example of loving, sharing, and inviting. Find ideas and inspiration for howyou can follow that example at share.churchofjesuschrist.org.

54:6

2021 Broadcast: Principles of Love, Share, and Invite

Ward and stake leaders are invited to a special worldwide broadcast focused on sharing the gospel through the principles of love, share, and invite.

អនុវត្ត​តាម​អ្វី​ដែល​អ្នក​បាន​រៀន​រួចមក​ហើយ

សូម​ពិចារណា​ចែកចាយ​ពេល​មួយ​ដែល​អ្នក​បាន​ជួយ​នរណា​ម្នាក់​ដោយ​ប្រើ​គោលការណ៍​នៃ​សេចក្ដីស្រឡាញ់ ការចែកចាយ និង​ការអញ្ជើញ ។ ឬ​អ្នក​អាច​ចែកចាយ​ពី​ពេលវេលា​ដែល​នៅពេល​នរណា​ម្នាក់​បានផ្ដល់​ពរ​ដល់​ជីវិត​របស់​អ្នក​ដោយ​ប្រើ​គោលការណ៍​ទាំងនេះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​តាម​ការបំផុសគំនិត​ណា​មួយ​ដែល​ពួកគេ​មាន​នៅ​ថ្ងៃ​នេះ ដើម្បី​បង្កើត​ផែនការ​មួយ​ដើម្បី​ចែកចាយ​ដំណឹងល្អ ។ ផែនការ​របស់​ពួកគេ​អាច​រួមបញ្ចូល​ការអនុវត្ត​គំនិត​មួយ ឬ​ច្រើន​ដែល​មាន​រាយបញ្ជី​នៅលើ​ក្តារខៀន ។ ដើម្បី​ជួយ​លម្អិត​អំពី​ផែនការ​របស់​ពួកគេ អ្នក​អាច​ដាក់​បង្ហាញ​ការណែនាំ និង​ការបំផុស​ខាងក្រោម​សម្រាប់​សិស្ស​ដើម្បី​បំពេញ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

សូម​ជ្រើសរើស​ការបំផុស​មួយ ឬ​ច្រើន​ដូច​ខាងក្រោម​នេះ ដើម្បី​បំពេញ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • ខ្ញុំ​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ម្នាក់​ដោយ  ។

  • ខ្ញុំ​នឹង​ចែកចាយ​អ្វី​ដែល​ខ្ញុំ​ដឹង ឬ​ទទួល​អារម្មណ៍​អំពី​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ  ។

  • ខ្ញុំ​នឹង​អញ្ជើញ ( ឈ្មោះ​មនុស្ស​ម្នាក់ ) ឲ្យ  ។

ចំពោះ​ការបំផុស​គំនិត​ដែល​អ្នក​បាន​ជ្រើសរើស​ឆ្លើយ សូម​បំពេញ​ឃ្លា​ដូច​ខាងក្រោម​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • ជំហាន​បន្ទាប់​ដែល​ខ្ញុំ​នឹងធ្វើ​ដើម្បី​បញ្ចប់​ផែនការ​របស់​ខ្ញុំ​គឺ  ។

  • ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​កិច្ចការ​នេះ​ត្រឹម ( កាលបរិច្ឆេទ) ។

សិស្ស​ខ្លះ​អាច​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត ប្រសិនបើ​ការខិតខំ​ដោយ​ស្មោះ​ដើម្បី​ចែកចាយ​ដំណឹងល្អ​មិន​ត្រូវ​បានទទួល​យក​យ៉ាងល្អ​នោះ ។ សូម​ជួយ​សិស្ស​យល់​ថា ព្រះអម្ចាស់​ស្រឡាញ់​ការខិតខំ​ដែល​ពួកគេ​កំពុង​ធ្វើ ទោះបីជា​វា​ហាក់​ដូចជា​មិន​បាន​ទទួល​ជោគជ័យ​នៅពេល​នេះ​ក៏ដោយ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​បន្ត​ធ្វើ​ដោយ​សេចក្ដី​ជំនឿ​ដោយ​មិន​គិត​ពី​លទ្ធផល​ភ្លាមៗ ។