ថ្នាក់​សិក្ខាសាលា
មេរៀនទី ២០៣—សេចក្តីឧស្សាហ៍​ព្យាយាម​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ៖ ការរៀបចំខ្លួន​ដើម្បី​ធ្វើជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ឧស្សាហ៍​ព្យាយាម


« មេរៀន​ទី ២០៣—សេចក្តីឧស្សាហ៍ព្យាយាម​ក្នុង​កិច្ចការ​ផ្សព្វផ្សាយសាសនា ៖ ការរៀបចំខ្លួន​ដើម្បី​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ឧស្សាហ៍​ព្យាយាម » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៥ )

« សេចក្តីឧស្សាហ៍​ព្យាយាម​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀនទី ២០៣ ៖ រៀបចំខ្លួន​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា

សេចក្តីឧស្សាហ៍ព្យាយាម​ក្នុង​កិច្ចការ​ផ្សព្វផ្សាយសាសនា

ការរៀបចំខ្លួន​ដើម្បី​ធ្វើជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ឧស្សាហ៍ព្យាយាម

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​កំពុង​បង្រៀន​មេរៀន​មួយ

ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​គំរូ​ដ៏​ល្អ​ឥតខ្ចោះ​ដល់​យើង​អំពី​ការឧស្សាហ៍​ព្យាយាម ដែល​យើង​គួរ​ព្យាយាម​ធ្វើ​តាម​នៅពេល​យើង​បម្រើ​អ្នក​ដទៃ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ស្វែងរក​ជំនួយ​របស់​ព្រះអម្ចាស់​ឲ្យ​កាន់តែ​ឧស្សាហ៍​ព្យាយាម​ក្នុង​ជីវិត​របស់​ពួកគេ និង​ការរៀបចំ​ខ្លួន​ដើម្បី​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​ទ្រង់ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ទ្វារ​ចុងក្រោយ​គេ​នៅ​ជាន់​ទីបួន

សូម​ពិចារណា​ចាប់ផ្តើម​មេរៀន​ដោយ​ជួយ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ពី​សារៈសំខាន់​នៃ​ការឧស្សាហ៍​ព្យាយាម​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។ អ្នក​អាច​បង្ហាញ​រូបភាព​ខាងក្រោម​នេះ ហើយ​ចែកចាយ​ដំណើររឿង​ខាងក្រោម ឬ​អ្នក​អាច​បង្ហាញ​វីដេអូ « Fourth Floor, Last Door » មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ចាប់ពី​នាទី​ទី ១៤:១៧ ដល់ ១៧:២៧ ។ អ្នក​អាច​ផ្អាក​វីដេអូ​នៅ​នាទី​ទី ១៦:០៣ ដើម្បី​ឲ្យ​សិស្ស​ពិចារណា​ពី​របៀប​ដែល​ពួកគេ​អាច​នឹង​ឆ្លើយតប​នៅ​ត្រង់​ចំណុច​នេះ ។ បន្ទាប់មក​សូម​បង្ហាញ​វីដេអូ​ដែល​នៅ​សេសសល់ ។

21:33
អគារ​បន្ទប់​ជួល

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ចែកចាយ​បទពិសោធន៍​ខាងក្រោម​នេះ​របស់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ប្រទេស​អឺរ៉ុប ដែល​ជា​អ្នក​ទទួល​អារម្មណ៍​ឲ្យ​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នក​រស់នៅ​ជាន់​ទីបួន​នៃ​អគារ​បន្ទាប់​ជួល​មួយ ។

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ

ពួកគេ​បានចាប់ផ្តើម​គោះទ្វារ​បន្ទប់​នីមួយៗ​ពី​ជាន់​ទីមួយ​ទៅ ដោយ​បង្ហាញ​សារលិខិត​នៃ​សេចក្តីសង្គ្រោះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ការស្តារ​ឡើងវិញ​នៃ​សាសនាចក្រ​របស់​ទ្រង់ ។

គ្មាន​នរណា​ម្នាក់​នៅ​ជាន់​ទីមួយ​ចង់​ស្តាប់​ពួកគេ​ឡើយ ។ …

… ពួកគេ​បាន​គោះ​គ្រប់​ទ្វារ​នៅ​ជាន់​ទី​ពីរ ។

ជាថ្មី​ម្តងទៀត គ្មាន​នរណា​ម្នាក់​ចង់​ស្តាប់​ពួកគាត់​ឡើយ ។

នៅ​ជាន់​ទី​បី​ក៏​ដូចគ្នា​អ៊ីចឹង​ដែរ ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « Fourth Floor, Last Door » Liahona ខែវិច្ឆិកា ឆ្នាំ២០១៦ ទំព័រ ១៧ )

  • តើ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ទាំងនេះ​អាច​មាន​គំនិត​អ្វីខ្លះ​នៅត្រង់​ចំណុច​នេះ ?

អែលឌើរ អុជដូហ្វ បាន​បន្ដ​ទៀត ៖

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ

[ ជាន់​ទីបួន​ក៏​ដូចគ្នា​ដែរ ]—ហើយ​វា​បន្ត​បែប​នេះ រហូត​ដល់​ពួកគេ​ទៅ​គោះទ្វារ​ចុងក្រោយ​គេ​នៅ​ជាន់​ទីបួន ។

នៅពេល​ទ្វារ​នោះ​បើក​ឡើង ក្មេងស្រី​ម្នាក់​បាន​ញញឹម​ដាក់​ពួកគេ ហើយ​សូម​ឲ្យ​ពួកគេ​រង់ចាំ អំឡុងពេល​នាង​និយាយ​ជាមួយ​ម្តាយ​នាង ។ …

… ពួក​អ្នកផ្សព្វផ្សាយ​សាសនា​បាន​ចែកចាយ​សារលិខិត​ពួកគេ ហើយ​បានហុច​គម្ពីរ​មួយ​ក្បាល​ឲ្យ​ទៅ​ម្តាយ​រូប​នោះ​អាន—គឺ​ព្រះគម្ពីរ​មរមន ។

បន្ទាប់ពី​ពួកគេ​បាន​ចាកចេញ​ទៅ ម្តាយ​រូប​នោះ​បាន​សម្រេចចិត្ត​ថា យ៉ាង​ហោច​ណាស់ គាត់​នឹង​អាន​ពីរ​បី​ទំព័រ ។

គាត់​បាន​អាន​ចប់​គម្ពីរ​ទាំងមូល​តែ​ពីរបី​ថ្ងៃ​ប៉ុណ្ណោះ ។

មិន​យូរ​ប៉ុន្មាន​ក្រោយ​មក គ្រួសារ​ដ៏​អស្ចារ្យ​ដែល​មាន​ម្តាយ​ទោល​នេះ បាន​ទទួល​បុណ្យ​ជ្រមុជទឹក ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « Fourth Floor, Last Door » Liahona ខែវិច្ឆិកា ឆ្នាំ២០១៦ ទំព័រ ១៧–១៨ )

  • តើ​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​អ្វីខ្លះ​ដែល​អ្នក​មើលឃើញ​នៅក្នុង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងនេះ ?

គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​នៅក្នុង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា

សូម​ពិចារណា​ចាត់​ថ្នាក់​ពាក់កណ្តាល​ឲ្យ​អាន​ខគម្ពីរ​ខាងក្រោម​នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ខណ្ឌ​ទី ៤ និង​ពាក់​កណ្ដាល​ថ្នាក់​ទៀត​អាន​នៅក្នុង កណ្ឌទី ៧៥ ។ បន្ទាប់ពី​អាន​ហើយ សិស្ស​អាច​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ខាងក្រោម​នេះ​ជាមួយ​នរណា​ម្នាក់​ដែល​អាន​សេចក្តីយោង​ផ្សេងទៀត ។

ជាជម្រើស អ្នក​អាច​អញ្ជើញ​ដៃគូ​ទាំងឡាយ​ឲ្យ​សិក្សា​ផ្នែក « ការឧស្សាហ៍​ព្យាយាម » រួម​ទាំង​គំនិត « ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន » នៅលើ​ទំព័រ ១៣២–១៣៣ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសក៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ២០២៣ ) ។

សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤:២–៦; ៧៥:២–៥, ២៩ ដោយ​រកមើល​ពាក្យ និង​ឃ្លា​ដែល​ព្រះអម្ចាស់​បានប្រើ​ដើម្បី​ពិពណ៌នា​អំពី​អ្នក​ដែល​មាន​បំណង​ចង់​បម្រើ​ទ្រង់ រួមទាំង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​របស់​ទ្រង់​ផងដែរ ។

  • តើ​ព្រះអង្គ​សង្គ្រោះ​រំពឹង​អ្វីខ្លះ​ពី​អ្នក​ដែល​ប្រាថ្នា​ចង់​បម្រើ​ទ្រង់​ក្នុង​នាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ? ហេតុអ្វី ?

  • តើ​គុណលក្ខណៈ និង​សកម្មភាព​ទាំងនេះ​អាច​ជួយ​យើង​ក្នុងស្ថានភាព​ដ៏​លំបាក​ដែល​យើង​អាច​ប្រឈមមុខ​ដោយ​របៀប​ណា ?

នៅក្នុង​ចំណោម​សេចក្តីពិត​ដែល​សិស្ស​ចែកចាយ ពួកគេ​អាច​រកឃើញ​ថា ព្រះអម្ចាស់​រំពឹង​ឲ្យ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​របស់​ទ្រង់​ធ្វើការ​ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់​ដោយ​ឧស្សាហ៍​ព្យាយាម ។

តើ​ឧស្សាហ៍​ព្យាយាម​គឺជា​អ្វី ?

សូម​សរសេរ​ការបំផុស​ខាងក្រោម​នេះ​នៅ​លើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ពី​របៀប​ដែល​ពួកគេ​អាច​បំពេញបង្ហើយ​ការបំផុស​នេះ ។

ឧស្សាហ៍ព្យាយាម​គឺ …

ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ​ក្នុង​ការឲ្យ​និយមន័យ​ពាក្យ ឧស្សាហ៍​ព្យាយាម នោះ​អ្នក​អាច​ចែកចាយ​និយមន័យ​មួយ​ដែល​មាន​គឺ « ការខិតខំ​ដ៏​ជាប់លាប់ និង​ពិតប្រាកដ » ( ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសក៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ [ ឆ្នាំ២០២៣ ] ទំព័រ ១៣២ ) ។

  • តើ​ស្ថានភាព​អ្វីខ្លះ​ដែល​អ្នក ឬ​អ្នក​ផ្សេង​ទៀត​អាយុ​ស្របាល​អ្នក​អាច​ប្រឈមមុខ ដែល​តម្រូវ​ឲ្យ​មាន​ការឧស្សាហ៍​ព្យាយាម ?

អ្នក​គួរតែ​សរសេរ​ចម្លើយ​របស់​សិស្ស​នៅ​លើ​ក្តារខៀន ។ បន្ទាប់ពី​ប្រមូល​គំនិត​មួយចំនួន​ពី​សិស្ស​ហើយ សូម​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​គិត​ដោយ​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​អំពី​របៀប​ដែល​ពួកគេ​បង្ហាញ​ពី​ការឧស្សាហ៍​ព្យាយាម​ក្នុង​ជីវិត​របស់​ពួកគេ ។

របៀប​មួយ​ដើម្បី​ធ្វើ​បែប​នេះ គឺ​បង្ហាញ​ស្វ័យ​វាយតម្លៃ​ដូច​ខាងក្រោម ហើយ​ផ្តល់​ពេល​ឲ្យ​សិស្ស​គិត​ពិចារណា​ដោយ​ស្ងៀមស្ងាត់​អំពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយតប ។ សូម​ពិចារណា​ពន្យល់​ដល់​សិស្ស​ថា នៅពេល​ពួកគេ​បញ្ចប់​ស្វ័យ​វាយតម្លៃ​នេះ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​ពួកគេ​ឲ្យ​ស្គាល់​ពី​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​បាន​ល្អ និង​របៀប​ដែល​ពួកគេ​អាច​កែលម្អ ។ សិស្ស​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការកត់ត្រា​គំនិត​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។ ( ចំណាំ ៖ អ្នក​អាច​ជ្រើសរើស​បង្ហាញ​សេចក្តី​ថ្លែងការណ៍​ទាំងនេះ​ម្តងទៀត​នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ) ។

សូម​គិតពិចារណា​ដោយ​ស្ងៀមស្ងាត់​អំពី​របៀប​ដែល​សេចក្តី​ថ្លែងការណ៍​នីមួយៗ​ខាងក្រោម​នេះ​ពិពណ៌នា​អំពី​អ្នក​បាន​យ៉ាងល្អ ៖

  • ខ្ញុំ​ខិតខំ​ធ្វើការ​រហូត​ដល់​ការងារ​មួយ​ត្រូវ​បានបញ្ចប់​ដោយ​ជោគជ័យ ទោះ​បី​ជា​វា​លំបាក​ក៏​ដោយ ។

  • ខ្ញុំ​ធ្វើ​ការប្រកប​ដោយ​ប្រសិទ្ធភាព ទោះបី​គ្មាន​ការគ្រប់គ្រង​ជិតដិត​ក៏​ដោយ ។

  • មនុស្ស​អាច​ពឹងផ្អែក​លើ​ខ្ញុំ និង​ការខិតខំ​ប្រឹងប្រែង​របស់ខ្ញុំ​ដើម្បី​សម្រេច​កិច្ចការ​មួយ ។

  • ខ្ញុំ​មាន​អំណរ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​របស់​ខ្ញុំ ។

សូម​ពិចារណា​ដាក់​បង្ហាញ​សេចក្តីណែនាំ​ដូច​ខាង​ក្រោម ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើការ​នៅក្នុង​ក្រុម​តូចៗ​ដើម្បី​បំពេញ​សកម្មភាព​នេះ ។ បន្ទាប់ពី​ក្រុម​ទាំងឡាយ​បាន​បំពេញ​សកម្មភាព​នេះ​រួចហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ជាមួយ​ក្រុម​ផ្សេងទៀត​នូវ​អ្វី​ដែល​ពួកគេ​បានរៀន ។

  1. សូម​ស្វែងរក​សេចក្តីយោង ឬ​សេចក្តី​ថ្លែងការណ៍​របស់​ព្យាការី ដែល​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការឧស្សាហ៍​ព្យាយាម ។

  2. សូម​ពិភាក្សា​អំពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ គឺជា​គំរូ​នៃ​ការឧស្សាហ៍​ព្យាយាម ។

  3. សូម​ចែកចាយ​បទពិសោធន៍​មួយ នៅពេល​ដែល​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បានទទួល​ពរ​តាមរយៈ​ការឧស្សាហ៍​ព្យាយាម ។

  4. សូម​ពិភាក្សា​អំពី​មូលហេតុ​ដែល​អ្នក​គិត​ថា វា​សំខាន់​សម្រាប់​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ត្រូវ​ឧស្សាហ៍​ព្យាយាម ។

  5. សូម​ពិភាក្សា​អំពី​ផ្នែក​ផ្សេង​ទៀត​នៅក្នុង​ជីវិត​របស់អ្នក ដែល​ការឧស្សាហ៍​ព្យាយាម​មាន​សារៈសំខាន់ ។

ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​ពន្លិច​សេចក្ដីពិត​ទាំងនេះ​ចូល​ជ្រៅ​ទៅ​ក្នុង​ដួងចិត្ត​របស់​សិស្ស ហើយ​រៀបចំ​សិស្ស​ឲ្យ​អនុវត្ត​តាម​សេចក្ដីពិត​ទាំងនោះ ។ របៀប​មួយ​ដែល​អ្នក​អាច​ជួយ​សិស្ស​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​​ការផ្តល់​ឱកាស​ដល់​ពួកគេ​ដើម្បី​មើល​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ និង​អ្នក​ដទៃ​ទៀត​បានបង្ហាញ​ពី​ការឧស្សាហ៍​ព្យាយាម ។ សម្រាប់​ឧទាហរណ៍​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បានបង្ហាញ​ពី​ការឧស្សាហ៍​ព្យាយាម សិស្ស​អាច​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៩:១៦–១៩លូកា ២២:៣៩–៤៤ ។ សម្រាប់​ឧទាហរណ៍​អំពី​នរណា​ម្នាក់​ផ្សេង​ទៀត ដែល​បង្ហាញ​ពី​ការឧស្សាហ៍​ព្យាយាម សូម​ពិចារណា​បង្ហាញ « Preparation of Gordon B. Hinckley: Forget Yourself and Go to Work » ( ២:០៣ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

2:3

ពរជ័យ​ទាំងឡាយ​នៃ​ការឧស្សាហ៍​ព្យាយាម

សូម​រំឭក​សិស្ស​អំពី​ដំណើរ​រឿង​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ អំពី​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ពីរ​នាក់​នៅ​អឺរ៉ុប ដែល​បានគោះ​ទ្វារ​ចុងក្រោយ​នៅ​ជាន់​ទីបួន ។ សូម​ពន្យល់​ថា ការខិតខំ​ព្យាយាម​របស់​ពួកគេ​បាន​ផ្ដល់​លទ្ធផល​ជា​ការប្រទាន​ពរជ័យ​ដល់​អែលឌើរ អុជដូហ្វ ។ សូម​ពិចារណា​បង្ហាញ​រូបភាព​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ខាងក្រោម​នេះ និង​គ្រួសារ​ដែល​រស់នៅ​ក្នុង​បន្ទប់​ជួល​នៅ​ខាង​ក្រោយ​ទ្វារ​ចុងក្រោយ​នៅ​ជាន់​ទីបួន​នោះ ។ សូម​ចង្អុល​បង្ហាញ​ថា ក្មេង​ស្រី​ម្នាក់​ក្នុង​ចំណោម​ក្មេង​ស្រី​ពីរ​នាក់​គឺ ហារីត ជា​ភរិយា​របស់​អែលឌើរ អុជដូហ្វ ។

គ្រួសារ​បាន​ជួបជុំ​គ្នា​នៅ​ក្នុង​បន្ទប់​មួយ

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បានចែកចាយ​អារម្មណ៍​របស់​លោក​អំពី​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំង​ពីរ​នាក់​នេះ ៖

21:33
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ

ជារឿយៗ​ខ្ញុំ​តែង​ថ្លែង​អំណរគុណ​ដល់​អ្នកផ្សព្វផ្សាយ​សាសនា​ទាំង​ពីរ​នាក់​នោះ ដែល​ពុំ​បាន​ឈប់​នៅ​ជាន់​ទីមួយ ! ជារឿយៗ ដួងចិត្ត​ខ្ញុំ​មាន​អំណរគុណ​ដល់ ជំនឿ និង កិច្ចការ របស់​ពួកគេ ។ ជារឿយៗ ខ្ញុំ​ថ្លែង​អំណរគុណ​ដែល​ពួកគេ​បន្ត​ធ្វើ​កិច្ចការ​នោះ—រហូត​ដល់​ទ្វារ​ចុងក្រោយ​គេ​នៅ​ជាន់​ទីបួន ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « Fourth Floor, Last Door » Liahona ខែវិច្ឆិកា ឆ្នាំ២០១៦ ទំព័រ ១៨ )

  • ប្រសិនបើ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងនោះ​អាច​ចែកចាយ​អ្វី​មួយ​អំពី​ការឧស្សាហ៍​ព្យាយាម​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​របស់​យើង តើ​អ្នក​ស្រមៃ​ថា​ពួកគេ​នឹង​និយាយ​អ្វី​ខ្លះ ?

ការឧស្សាហ៍​ព្យាយាម​នៅក្នុង​ជីវិត

សូម​ពិចារណា​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​អំពី​ការឧស្សាហ៍​ព្យាយាម​ផ្ទាល់ខ្លួន​ដែល​សិស្ស​បាន​គិត​ពិចារណា​ពី​មុន​ក្នុង​មេរៀន​នេះ ។ សិស្ស​ប្រហែលជា​មាន​អារម្មណ៍​ស្ងើចសរសើរ​ដោយ​ព្រះវិញ្ញាណ​ដើម្បី​ផ្ដោតលើ​សេចក្ដី​ថ្លែងការណ៍​មួយ ជាង​សេចក្ដីថ្លែងការណ៍​ផ្សេង​ទៀត ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​សេចក្ដី​ថ្លែងការណ៍​នោះ នៅពេល​ពួកគេ​សរសេរ​ចម្លើយ​របស់ពួកគេ​ចំពោះ​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

  • តើ​ខ្ញុំ​អាច​កែប្រែ​អ្វីខ្លះ​ដើម្បី​ធ្វើជា​មនុស្ស​ឧស្សាហ៍​ព្យាយាម ?

  • តើ​ការឧស្សាហ៍​ព្យាយាម​នឹង​រៀបចំ​ខ្ញុំ​ឲ្យ​កាន់​តែ​ប្រសើរ​ក្នុងការ​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ក្នុង​នាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង និង​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

  • តើ​ការឧស្សាហ៍​ព្យាយាម​ជួយ​ខ្ញុំ​កាន់តែ​ប្រែក្លាយ​ដូចជា​ព្រះអង្គសង្រ្គោះ​ដោយ​របៀប​ណា ?

នៅពេល​សិស្ស​កត់ត្រា​ចម្លើយ​របស់​ពួកគេ សូម​លើក​ទឹក​ចិត្ត​ពួកគេ​កុំ​ឲ្យ​ស្ទាក់ស្ទើរ​ក្នុង​ការរៀបចំ​ផែនការ​ដើម្បី​ធ្វើ​អ្វីមួយ ដែល​នឹង​ប្រឈម​ពួកគេ ហើយ​តម្រូវ​ឲ្យ​មាន​ការខិតខំ​ប្រឹងប្រែង និង​ការឧស្សាហ៍​ព្យាយាម​ខ្ជាប់ខ្ជួន ។