« ការនិមិត្តដំបូងរបស់ យ៉ូសែប ស្ម៊ីធ » ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ( ឆ្នាំ២០២៤ )
« ការនិមិត្តដំបូងរបស់ យ៉ូសែប ស្ម៊ីធ » ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា
ឆ្នាំ១៨១៧–១៨២០
ការនិមិត្តដំបូងរបស់ យ៉ូសែប ស្ម៊ីធ
ចម្លើយចំពោះការអធិស្ឋានដ៏រាបសា
នៅកន្លែងដែលគ្រួសាររបស់ យ៉ូសែប ស្ម៊ីធ រស់នៅ មានព្រះវិហារជាច្រើនដែលបានបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ ។ ពួកគេទាំងអស់បានបង្រៀនរឿងផ្សេងគ្នាអំពីទ្រង់ ។ យ៉ូសែបមិនប្រាកដថាអ្នកណាត្រឹមត្រូវនោះទេ ។ គាត់ដឹងថា គាត់ត្រូវការព្រះអង្គសង្គ្រោះ ប៉ុន្តែគាត់មិនដឹងថាត្រូវចូលរួមក្នុងសាសនាចក្រមួយណានោះទេ ។
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥–៦; ពួកបរិសុទ្ធ, ១:៩
យ៉ូសែបបានគិតអំពីរឿងនេះជាយូរមកហើយ ។ គាត់ចង់បានការលើកលែងទោសចំពោះអំពើបាបរបស់គាត់ ។ គាត់បានទៅព្រះវិហារជាច្រើន ប៉ុន្តែគាត់នៅតែមានអារម្មណ៍ច្របូកច្របល់ ។
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨–១០; ពួកបរិសុទ្ធ, ១:៩–១២
នៅថ្ងៃមួយ គាត់បានអាន យ៉ាកុប ១:៥ នៅក្នុងព្រះគម្ពីរប៊ីប ។ ខគម្ពីរនោះបាននិយាយថា ប្រសិនបើយើងខ្វះប្រាជ្ញា យើងអាចទូលសុំដល់ព្រះបាន ។ យ៉ូសែបបានដឹងនៅក្នុងដួងចិត្តរបស់គាត់ថា នេះគឺជាអ្វីដែលគាត់ត្រូវធ្វើ ។
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១១–១៣
នៅព្រឹកនៃថ្ងៃនិទាឃរដូវដ៏ស្រស់ស្អាតមួយនៅក្នុងឆ្នាំ១៨២០ យ៉ូសែបបានចូលទៅក្នុងព្រៃក្បែរផ្ទះរបស់គាត់ ។ គាត់ចង់នៅកន្លែងមួយដែលគាត់អាចនៅតែម្នាក់ឯង ដើម្បីអធិស្ឋានទៅព្រះវរបិតាសួគ៌ ។
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៤–១៥
យ៉ូសែបបានលុតជង្គង់ចុះ ហើយបានចាប់ផ្ដើមអធិស្ឋាន ។ ពេលគាត់បានអធិស្ឋាន គាត់មានអារម្មណ៍ថាអំណាចអាក្រក់បានគ្រប់គ្រងលើគាត់ ។ គាត់បានទទួលនូវអារម្មណ៍ខ្មៅងងឹតជុំវិញខ្លួនគាត់ ។ វាហាក់ដូចជាម្នាក់នរណាម្នាក់កំពុងព្យាយាមបញ្ឈប់គាត់ពីការទូលទៅកាន់ព្រះ ។ យ៉ូសែបបានប្រើកម្លាំងទាំងអស់របស់គាត់ដើម្បីសុំព្រះឲ្យជួយសង្គ្រោះគាត់ ។
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–១៦
រំពេចនោះ យ៉ូសែបបានឃើញពន្លឺមួយភ្លឺចែងចាំងដ៏ស្រស់ស្អាតចុះមកពីស្ថានសួគ៌ ។ ភាពងងឹតបានបាត់ទៅ ហើយគាត់មានអារម្មណ៍សុខសាន្ត ។ នៅក្នុងពន្លឺនោះ យ៉ូសែបបានឃើញព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទកំពុងឈរនៅលើអាកាស ។ ព្រះវរបិតាសួគ៌បានហៅឈ្មោះរបស់យ៉ូសែប ។ បន្ទាប់មក ទ្រង់បានចង្អុលទៅកាន់ព្រះយេស៊ូវគ្រីស្ទ ហើយបានមានបន្ទូលថា ៖ « នេះជាព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់យើង ។ ចូរស្តាប់តាមទ្រង់ចុះ ! »
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៦–១៧
ព្រះយេស៊ូវបានមានបន្ទូលទៅយ៉ូសែបថា អំពើបាបរបស់គាត់ត្រូវបានអត់ទោសឲ្យហើយ ។ យ៉ូសែបបានសួរព្រះយេស៊ូវថា តើព្រះវិហារមួយណាដែលគាត់គួរចូលរួម ។ ព្រះយេស៊ូវបានមានបន្ទូលថា គាត់មិនគួរចូលរួមជាមួយព្រះវិហារណាមួយឡើយ ។
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៨–១៩; ពួកបរិសុទ្ធ, ១:១៦
ព្រះយេស៊ូវបានមានបន្ទូលថា សេចក្ដីពិតសំខាន់ៗអំពីដំណឹងល្អរបស់ទ្រង់ត្រូវបានបាត់បង់ ។ ទ្រង់បានមានបន្ទូលថា ទ្រង់នឹងបញ្ជូនទេវតាដើម្បីបង្រៀនសេចក្ដីពិតទាំងនេះដល់យ៉ូសែប ដើម្បីចែកចាយដល់ពិភពលោក ។
ពួកបរិសុទ្ធ, ១:១៦–១៧
បន្ទាប់ពីការនិមិត្តបានបញ្ចប់ទៅ យ៉ូសែបបានពោរពេញដោយសេចក្តីស្រឡាញ់ និងអំណរ ។ គាត់លែងមានអារម្មណ៍ច្របូកច្របល់ទៀតហើយ ។ គាត់បានដឹងថា ព្រះស្រឡាញ់គាត់ ។ ទោះបីជាមនុស្សមួយចំនួនស្អប់គាត់ដោយសារការនិយាយថា គាត់បានឃើញព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទក្ដី យ៉ូសែបបានដឹងថាវាជាការពិត ។
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២០–២៦; ពួកបរិសុទ្ធ, ១:១៦