ដំណើររឿង​ក្នុង​ព្រះគម្ពីរ
យ៉ូសែប និង​អិមម៉ា


« យ៉ូសែប និង អិមម៉ា » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ( ឆ្នាំ​២០២៤ )

« យ៉ូសែប និង អិមម៉ា » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា

ឆ្នាំ១៨២៥–១៨២៨

3:45

យ៉ូសែប និង​អិមម៉ា

ធ្វើការ​រួមគ្នា​ដើម្បី​នាំមក​នូវ​ព្រះគម្ពីរ​មរមន​មកដល់​ពិភពលោក

អិមម៉ា ហេល អង្គុយ​នៅមាត់​ទន្លេ​ក្បែរ​ផ្ទះ​របស់នាង ។

អិមម៉ា ហេល ធំឡើង​ក្នុង​គ្រួសារធំ​មួយ​នៅ​រដ្ឋ​ផែនសិលវេញ៉ា មិនឆ្ងាយ​ពី​ញូវយ៉ក ជាកន្លែង​ដែល យ៉ូសែប ​ស្ម៊ីធ រស់នៅ​ទេ ។ អិមម៉ា និង​គ្រួសារ​របស់​នាង​ជឿ​លើព្រះ ។ អិមម៉ា ចូលចិត្ត​អាន ច្រៀង ជិះសេះ និង​ចែវទូក​នៅក្នុង​ទន្លេ​ក្បែរផ្ទះ​របស់នាង ។

ពួកបរិសុទ្ធ, ១:៣១–៣២

យ៉ូសែប ស្ម៊ីធ និង​ឪពុក​របស់គាត់​កំពុងដើរ​ក្បែរ​ផ្ទះ​របស់ អិមម៉ា ហេល ។ អិមម៉ា​កំពុង​សម្លឹង​មើល​ទៅ​ក្រៅ​បង្អួច ហើយ​ឃើញ​យ៉ូសែប ។

នៅពេល​អិមម៉ា​មានអាយុ ២១​ឆ្នាំ យ៉ូសែប ស៊្មីធ និង​ឪពុក​របស់​គាត់​បាន​មក​ធ្វើការ​ឲ្យ​អ្នកជិតខាង​ម្នាក់​របស់​អិមម៉ា ។ ឪពុក​របស់​អិមម៉ា​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ស្នាក់នៅ​ផ្ទះ​របស់គាត់ ។

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥៦–៥៧; ពួកបរិសុទ្ធ; ១:៣១–៣២

យ៉ូសែប និង​អិមម៉ា​និយាយ​ជាមួយគ្នា​នៅ​ខាងក្រៅ​ផ្ទះ​របស់​អិមម៉ា ។ ឪពុក​ម្តាយ​របស់​អិមម៉ា​នៅ​មាត់ទ្វារ ។

យ៉ូសែប និង​អិមម៉ា​បាន​ស្គាល់គ្នា​ទៅវិញទៅមក ។ ពួកគេ​ចូលចិត្ត​ចំណាយ​ពេល​ជាមួយគ្នា ។ ប៉ុន្តែ​ឪពុកម្តាយ​របស់​អិមម៉ា មិន​ចូលចិត្ត​យ៉ូសែប​ទេ ។ ពួកគេ​មិន​ជឿថា​គាត់​បានឃើញ​ទេវតា​ទេ ។

ពួកបរិសុទ្ធ, ១:៣២–៣៣

អិមម៉ា និង​យ៉ូសែប ស្ម៊ីធ ជិះ​ក្នុង​រទេះ​សេះ​ជាមួយ​គ្នា ។

ប្រហែល​មួយ​ឆ្នាំ​ក្រោយមក យ៉ូសែប​បានសុំ​អិមម៉ា​រៀបការ​ជាមួយ​គាត់ ។ អិមម៉ា និង​យ៉ូសែប​ស្រឡាញ់គ្នា ។ ពួកគេ​បាន​រៀបការ ហើយ​បាន​ទៅ​រស់នៅ​ជាមួយ​ឪពុកម្តាយ​របស់​យ៉ូសែប​នៅ​ញូវយ៉ក ។

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥៧–៥៨; ពួកបរិសុទ្ធ, ១:៣៤–៣៥

អិមម៉ា និង​យ៉ូសែប ស្ម៊ីធ ជិះ​រទេះ​សេះ​ចូល​ទៅក្នុង​ព្រៃ ។

បួនឆ្នាំ​បាន​កន្លង​ផុត​ទៅ​ចាប់​តាំងពី​មរ៉ូណៃ​បាន​ប្រាប់​យ៉ូសែប​អំពី​ផ្ទាំង​មាស ។ នៅពេល​នោះ​មកដល់ អិមម៉ា និង​យ៉ូសែប​បាន​ទៅ​ភ្នំ​ដែល​បានលាក់​ផ្ទាំង​ទាំងឡាយ ។

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥៩; ពួកបរិសុទ្ធ, ១:៣៦–៣៧

មរ៉ូណៃ​បាន​ប្រគល់​ផ្ទាំង​មាស​ដល់ យ៉ូសែប ស្ម៊ីធ

ទេវតា​មរ៉ូណៃ​បាន​ជួប​យ៉ូសែប​នៅលើ​ភ្នំ ហើយ​បាន​ប្រគល់​ផ្ទាំង​ទាំងឡាយ​ទៅ​គាត់ ។ លោក​បាន​ប្រាប់​យ៉ូសែប​ថា ប្រសិនបើ​គាត់​ថែរក្សា​ផ្ទាំង​ទាំងឡាយ​ឲ្យ​អស់ពី​សមត្ថភាព នោះ​វា​នឹង​មាន​សុវត្ថិភាព ។

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥៩; ពួកបរិសុទ្ធ, ១:៣៧–៣៨

យ៉ូសែប ស្ម៊ីធ កាន់​ផ្ទាំង​មាស ។ បុរស​ម្នាក់​កំពុង​ដេញតាម​គាត់ ហើយ​ព្យាយាម​យក​ផ្ទាំង​នោះ ។

មនុស្សម្នា​បាន​ឮថា​យ៉ូសែប​មាន​ផ្ទាំង​មាស ហើយ​អ្នក​ខ្លះ​បាន​ព្យាយាម​លួច​ផ្ទាំង​នោះ​ពីគាត់ ។ យ៉ូសែប​ត្រូវរក​កន្លែង​ដើម្បី​លាក់​វា ។ ខណៈពេល​ដែល​យ៉ូសែប​កំពុង​យក​ផ្ទាំង​ទាំងឡាយ​ពី​កន្លែង​លាក់​ដែល​នៅក្នុង​ព្រៃ នោះ​មនុស្ស​ប្រុស​មួយ​ចំនួន​បាន​វាយប្រហារ​គាត់ ។ គាត់​បាន​ផ្ដួល​ពួកគេ ហើយ​រត់​ទៅ​ផ្ទះ​ឪពុកម្តាយ​របស់​គាត់ ។

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦០; ពួកបរិសុទ្ធ, ១:៣៨, ៤០–៤១

យ៉ូសែប ស្ម៊ីធ យក​ផ្ទាំង​មាស​ទៅផ្ទះ ហើយ​ឲ្យ​គ្រួសារ​របស់​គាត់​ប៉ះ​ផ្ទាំង​នោះ ។

នៅពេល​ដែល​យ៉ូសែប​បាន​យក​ផ្ទាំង​នោះ​ទៅផ្ទះ ប្អូនស្រី​របស់គាត់​បានជួយ​គាត់​ដាក់វា​នៅលើ​តុ ។ មរ៉ូណៃ​បានប្រាប់​យ៉ូសែប​ថា កុំ​ឲ្យ​នរណា​ម្នាក់​ឃើញ​ផ្ទាំង​នោះ​ឲ្យ​សោះ ប៉ុន្តែ​គ្រួសារ​របស់​គាត់​អាច​ប៉ះ​ផ្ទាំង​នោះ​បាន ខណៈ​ដែល​វា​ត្រូវបាន​រុំ​ដោយ​ក្រណាត់ ។

ពួកបរិសុទ្ធ, ១:៤១

អិមម៉ា និង​យ៉ូសែប​ផ្លាស់​ទៅ​ផ្ទះថ្មី ។

ព្រះ​បាន​មាន​ព្រះទ័យ​ឲ្យ​យ៉ូសែប​បកប្រែ​ផ្ទាំង​មាស ដើម្បី​មនុស្ស​អាច​អាន​វា​បាន ។ ប៉ុន្តែ​មនុស្ស​នៅ​ញូវយ៉ក​បាន​បន្ត​ព្យាយាម​លួច​ផ្ទាំង​នោះ ។ យ៉ូសែប​ត្រូវ​បន្ត​លាក់​ផ្ទាំង​ទាំង​នោះ​ដើម្បី​សុវត្ថិភាព ។ ដូច្នេះ យ៉ូសែប និង​អិមម៉ា​បាន​ផ្លាស់ទៅ​ផ្ទះ​មួយ​ដែល​នៅជិត​ឪពុកម្តាយ​របស់​អិមម៉ា ។ ពួកគាត់​សង្ឃឹមថា​ពួកគាត់​អាច​បកប្រែ​ផ្ទាំង​នោះ​ដោយ​សុខសាន្ត ។

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦១–៦២; ពួកបរិសុទ្ធ, ១:៤៣, ៤៥–៤៦

យ៉ូសែប ស្ម៊ីធ ថើប​ថ្ងាស​អិមម៉ា ។ នាង​កំពុង​ជួយ​គាត់​បកប្រែ​ផ្ទាំង​មាស ។

យ៉ូសែប​បាន​ចាប់ផ្តើម​ការបកប្រែ​ផ្ទាំងនោះ ។ គាត់​បាន​ប្រើ​ឧបករណ៍​ពិសេស​ដែល​ព្រះ​បាន​រៀបចំ​ដើម្បី​ជួយ​គាត់ ។ នៅពេល​យ៉ូសែប​បាន​បកប្រែ អិមម៉ា​បាន​សរសេរ​នូវ​អ្វី​ដែល​គាត់​បាន​និយាយ ។ ពួកគាត់​ធ្វើការ​ជាមួយ​គ្នា​អស់​ជាច្រើន​ម៉ោង ។ អិមម៉ា​មាន​សេចក្តី​អស្ចារ្យ​ជាខ្លាំង ។ នាង​បាន​ដឹងថា​ស្វាមី​របស់​នាង​បកប្រែ​ដោយ​អំណាច​របស់​ព្រះ ។

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៥; ពួកបរិសុទ្ធ, ១:៤៩