« ៣. គោលការណ៍ទាំងឡាយនៃបព្វជិតភាព » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ឆ្នាំ ២០២០ ) ។
« ៣. គោលការណ៍ទាំងឡាយនៃបព្វជិតភាព » ក្បួនខ្នាតទូទៅ ។
៣.
គោលការណ៍ទាំងឡាយនៃបព្វជិតភាព
៣.០
សេចក្តីផ្ដើម
បព្វជិតភាពគឺជាសិទ្ធិអំណាច និងជាអំណាចរបស់ព្រះ ។ បព្វជិតភាពតែងតែមានជានិច្ច ហើយនឹងបន្តមានដោយគ្មានទីបញ្ចប់ ( សូមមើល អាលម៉ា ១៣:៧–៨; គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:១៧–១៨ ) ។ តាមរយៈបព្វជិតភាព ព្រះវរបិតាសួគ៌បានសម្រេចកិច្ចការរបស់ទ្រង់ដើម្បី « នាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ ព្រះប្រទានសិទ្ធិអំណាច និងអំណាចដល់បុត្រា និងបុត្រីរបស់ទ្រង់នៅលើផែនដីដើម្បីជួយធ្វើកិច្ចការនេះ ( សូមមើល ជំពូកទី ១ ) ។
៣.១
ការស្ដារបព្វជិតភាពឡើងវិញ
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយជាស្ថាប័នតែមួយគត់នៅលើផែនដី ដែលមានសិទ្ធិអំណាចបព្វជិតភាព ។ ព្យាការី យ៉ូសែប ស្ម៊ីធ បានទទួលបព្វជិតភាពអើរ៉ុន និងកូនសោទាំងឡាយនៃបព្វជិតភាពនេះមកពីយ៉ូហាន បាទីស្ទ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣:១ ) ។ លោកបានទទួលបព្វជិតភាពម៉ិលគីស្សាដែក និងកូនសោទាំងឡាយនៃបព្វជិតភាពនេះមកពីសាវកពេត្រុស យ៉ាកុប និងយ៉ូហាន ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១២–១៣ ) ។
នៅក្នុងព្រះវិហារបរិសុទ្ធ ខឺតឡង់ ម៉ូសេ អេលីយ៉ាស និងអេលីយ៉ា បានបង្ហាញខ្លួនឲ្យយ៉ូសែប ស្ម៊ីធ ឃើញ ហើយបានសន្យាដល់លោកនូវសិទ្ធិអំណាចដែលចាំបាច់បន្ថែមទៀត ដើម្បីសម្រេចបានកិច្ចការរបស់ព្រះនៅក្នុងថ្ងៃចុងក្រោយនេះ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:១១–១៦ ) ។
-
ម៉ូសេបានប្រគល់កូនសោនៃការប្រមូលផ្ដុំអ៊ីស្រាអែល ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « អ៊ីស្រាអែល » ) ។
-
អេលីយ៉ាសបានប្រគល់ឲ្យនូវគ្រាកាន់កាប់ត្រួតត្រានៃដំណឹងល្អរបស់អ័ប្រាហាំ ។ ការណ៍នេះរួមមានទាំងការស្តារឡើងវិញនៃសេចក្តីសញ្ញាអ័ប្រាហាំផងដែរ ( សូមមើល អ័ប្រាហាំ ២:៩–១១; សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សេចក្ដីសញ្ញាអ័ប្រាហាំ » ) ។
-
អេលីយ៉ាបានប្រគល់កូនសោទាំងឡាយនៃអំណាចផ្សារភ្ជាប់ ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ភ្ជាប់, ការភ្ជាប់ » ) ។ កូនសោទាំងនេះផ្តល់ឲ្យនូវសិទ្ធិអំណាច ដែលអនុញ្ញាតឲ្យធ្វើពិធីបរិសុទ្ធនៅលើផែនដីដើម្បីចងភ្ជាប់នៅជីវិតក្រោយ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:៩–១០ ) ។
សមាជិកម្នាក់ៗនៃគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់កាន់កូនសោបព្វជិតភាពទាំងអស់នេះនៅសព្វថ្ងៃនេះ ។ ប៉ុន្តែ មានតែប្រធានសាសនាចក្រប៉ុណ្ណោះដែលជាសាវករៀមច្បង ដែលមានសិទ្ធិអំណាច ដើម្បីអនុវត្តកូនសោទាំងអស់នេះបាន ។ ថ្នាក់ដឹកនាំទាំងនេះហៅ និងផ្តល់សិទ្ធិអំណាចដល់សមាជិកដទៃទៀតនៃសាសនាចក្រដើម្បីប្រើប្រាស់សិទ្ធិអំណាច និងអំណាចបព្វជិតភាពរបស់ព្រះ ដើម្បីជួយនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។
សម្រាប់ព័ត៌មានបន្ថែមអំពីកូនសោបព្វជិតភាព សូមមើល ៣.៤.១ ។
៣.២
ពរជ័យនៃបព្វជិតភាព
តាមរយៈសេចក្តីសញ្ញា និងពិធីបរិសុទ្ធនៃបព្វជិតភាព ព្រះបានធ្វើឲ្យពរជ័យដ៏មហិមាទាំងឡាយមានចំពោះបុត្រាបុត្រីរបស់ទ្រង់ទាំងអស់ ។ ពរជ័យទាំងនេះរួមមាន ៖
-
ពិធីបុណ្យជ្រមុជទឹក និងសមាជិកភាពនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
-
អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។
-
ការទទួលទានសាក្រាម៉ង់ ។
-
សិទ្ធិអំណាច និងអំណាចដើម្បីបម្រើនៅក្នុងការហៅបម្រើក្នុងសាសនាចក្រ និងការចាត់តាំងទាំងឡាយ ។
-
ការទទួលពរជ័យរបស់លោកអយ្យកោ និងពរជ័យដទៃទៀតនៃបព្វជិតភាពដូចជា ការព្យាបាល ការលួងលោម និងការដឹកនាំ ។
-
ការទទួលបានអំណោយទានពិសិដ្ឋជាមួយអំណាចរបស់ព្រះនៅក្នុងព្រះវិហារបរិសុទ្ធ ។
-
ការផ្សារភ្ជាប់ជាមួយសមាជិកគ្រួសាររហូតដល់អស់កល្បជានិច្ច ។
-
សេចក្តីសន្យានៃជីវិតអស់កល្បជានិច្ច ។
បុត្រាបុត្រីរបស់ព្រះអាចទទួលពរជ័យនៃបព្វជិតភាពទាំងនេះបាន ហើយដកពិសោធន៍សេចក្តីអំណរដ៏មហិមា នៅពេលពួកគេរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
៣.៣
បព្វជិតភាពម៉ិលគីស្សាដែក និងបព្វជិតភាពអើរ៉ុន
នៅក្នុងសាសនាចក្រ បព្វជិតភាពមានពីរផ្នែក ៖ បព្វជិតភាពម៉ិលគីស្សាដែក និងបព្វជិតភាពអើរ៉ុន ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១ ) ។
៣.៣.១
បព្វជិតភាពម៉ិលគីស្សាដែក
បព្វជិតភាពម៉ិលគីស្សាដែកគឺជា « បព្វជិតភាពដ៏បរិសុទ្ធ តាមរបៀបនៃព្រះរាជបុត្រានៃព្រះ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៣ ) ។ វាគឺជាអំណាចដែលបុត្រា និងបុត្រីនៃព្រះអាចប្រែក្លាយដូចជាទ្រង់បានតាមរយៈអំណាចនេះ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:១៩–២១; ១៣២:១៩–២០ ) ។
« បព្វជិតភាពម៉ិលគីស្សាដែកមានសិទ្ធិនៃគណៈប្រធាន » ។ វាមាន « អំណាច និងសិទ្ធិអំណាចលើអស់ទាំងតំណែងនៅក្នុងសាសនាចក្រ នៅគ្រប់សម័យនានាក្នុងពិភពលោក ដើម្បីចាត់ចែងការណ៍ទាំងឡាយខាងវិញ្ញាណ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៨ ) ។ តាមរយៈសិទ្ធិអំណាចនេះ ថ្នាក់ដឹកនាំសាសនាចក្រដឹកនាំ និងគ្រប់គ្រងកិច្ចការខាងវិញ្ញាណទាំងអស់នៃសាសនាចក្រ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១៨ ) ។ « គ្រប់ទាំងសិទ្ធិអំណាច ឬតំណែងផ្សេងៗទៀតនៅក្នុងសាសនាចក្រ សុទ្ធតែជាការបន្តោងបញ្ជាប់ទៅនឹងបព្វជិតភាពនេះ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៥ ) ។
ប្រធានសាសនាចក្រគឺជាសង្ឃជាន់ខ្ពស់ជាអធិបតី ដែលគ្រប់គ្រងលើបព្វជិតភាពម៉ិលគីស្សាដែក ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៦៥–៦៧ ) ។ ប្រធានស្តេកគឺជាសង្ឃជាន់ខ្ពស់ជាអធិបតីនៅក្នុងស្តេក ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៨, ១០; សូមមើលផងដែរ ជំពូកទី ៦ នៅក្នុងក្បួនខ្នាតនេះ ) ។ ប៊ីស្សពគឺជាសង្ឃជាន់ខ្ពស់ជាអធិបតីនៅក្នុងវួដ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១៧; សូមមើលផងដែរ ជំពូកទី ៧ នៅក្នុងក្បួនខ្នាតនេះ ) ។
សម្រាប់ព័ត៌មានអំពីមុខតំណែង និងការទទួលខុសត្រូវទាំងឡាយនៃបព្វជិតភាពម៉ិលគីស្សាដែក សូមមើល ៨.១ ។
៣.៣.២
បព្វជិតភាពអើរ៉ុន
បព្វជិតភាពអើរ៉ុនគឺជា « ការបន្តោងបញ្ជាប់ទៅនឹង … បព្វជិតភាពម៉ិលគីស្សាដែក » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១៤ ) ។ វារួមមានកូនសោនៃ ៖
-
ការងារបម្រើនៃពួកទេវតា ។
-
ដំណឹងល្អនៃការប្រែចិត្ត ។
-
ការគ្រប់គ្រងពិធីបរិសុទ្ធខាងក្រៅ រួមមានទាំងពិធីបុណ្យជ្រមុជទឹកសម្រាប់ការផ្តាច់បាប ។
( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣:១; ៨៤:២៦–២៧; ១០៧:២០ ) ។
ប៊ីស្សពគឺជាប្រធាននៃបព្វជិតភាពអើរ៉ុននៅក្នុងវួដ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១៥ ) ។
សម្រាប់ព័ត៌មានអំពីមុខតំណែង និងការទទួលខុសត្រូវទាំងឡាយនៃបព្វជិតភាពអើរ៉ុន សូមមើល ១០.១.៣ ។
៣.៤
សិទ្ធិអំណាចបព្វជិតភាព
សិទ្ធិអំណាចបព្វជិតភាពគឺជាការផ្តល់សិទ្ធិអំណាចដើម្បីធ្វើជាអ្នកតំណាងឲ្យព្រះ និងប្រព្រឹត្តនៅក្នុងព្រះនាមទ្រង់ ។ នៅក្នុងសាសនាចក្រ សិទ្ធិអំណាចបព្វជិតភាពទាំងអស់ត្រូវបានអនុវត្តនៅក្រោមការដឹកនាំរបស់អ្នកទាំងឡាយណា ដែលកាន់កូនសោទាំងឡាយនៃបព្វជិតភាព ។
បុរសជាសមាជិកនៃសាសនាចក្រដែលមានភាពស័ក្តិសមទទួលសិទ្ធិអំណាចបព្វជិតភាព តាមរយៈការប្រគល់ និងការតែងតាំងបព្វជិតភាពទៅក្នុងតំណែងបព្វជិតភាព ។ សមាជិកសាសនាចក្រទាំងអស់អាចអនុវត្តសិទ្ធិអំណាចដែលផ្តល់ឲ្យពួកគេបាន នៅពេលពួកគេត្រូវបានញែកចេញ ឬបានចាត់តាំងឲ្យជួយសម្រេចកិច្ចការរបស់ព្រះ ។ សមាជិកទាំងឡាយទទួលខុសត្រូវចំពោះព្រះ និងជនទាំងឡាយណាដែលទ្រង់បានតែងតាំងឲ្យធ្វើជាអធិបតី ទាក់ទងនឹងរបៀបដែលពួកគេអនុវត្តសិទ្ធិអំណាចរបស់ទ្រង់ ( សូមមើល ៣.៤.៤. ) ។
៣.៤.១
កូនសោទាំងឡាយនៃបព្វជិតភាព
កូនសោទាំងឡាយនៃបព្វជិតភាពគឺជាសិទ្ធិអំណាចដើម្បីដឹកនាំការប្រើប្រាស់បព្វជិតភាពជំនួសឲ្យបុត្រាបុត្រីរបស់ព្រះ ។ ការប្រើប្រាស់សិទ្ធិអំណាចបព្វជិតភាពទាំងអស់នៅក្នុងសាសនាចក្រត្រូវបានដឹកនាំដោយអ្នកដែលកាន់កូនសោទាំងឡាយនៃបព្វជិតភាព ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៥:២ ) ។
៣.៤.១.១
អ្នកដែលកាន់កូនសោបព្វជិតភាព
ព្រះយេស៊ូវគ្រីស្ទកាន់កូនសោទាំងអស់នៃបព្វជិតភាព ។ ក្រោមការដឹកនាំរបស់ទ្រង់ កូនសោនៃបព្វជិតភាពត្រូវបានប្រទានឲ្យដល់បុរស ដើម្បីប្រើប្រាស់នៅក្នុងការហៅបម្រើជាក់លាក់ណាមួយ ដើម្បីសម្រេចបានកិច្ចការរបស់ព្រះ ដូចដែលបានពន្យល់ខាងក្រោម ។
ព្រះអម្ចាស់បានប្រគល់ឲ្យសាវករបស់ទ្រង់ម្នាក់ៗនូវកូនសោទាំងអស់ ដែលទាក់ទងនឹងនគរនៃព្រះលើផែនដី ។ សាវកច្បងដែលនៅរស់ ដែលជាប្រធានសាសនាចក្រ គឺជាមនុស្សតែម្នាក់គត់នៅលើផែនដីនេះ ដែលមានសិទ្ធិអនុវត្តគ្រប់កូនសោបព្វជិតភាពទាំងអស់នោះ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨១:១–២; ១០៧:៦៤–៦៧, ៩១–៩២; ១៣២:៧ ) ។
ក្រោមការដឹកនាំរបស់ប្រធាននៃសាសនាចក្រ ថ្នាក់ដឹកនាំបព្វជិតភាពទទួលបានកូនសោទាំងឡាយ ដើម្បីពួកគាត់អាចធ្វើជាអធិបតីនៅលើតំបន់ដែលពួកគាត់ទទួលខុសត្រូវ ។ ថ្នាក់ដឹកនាំទាំងនេះរួមមាន ៖
-
ប្រធានស្តេក និងប្រធានមណ្ឌល ។
-
ប៊ីស្សព និងប្រធានសាខា ។
-
ប្រធានកូរ៉ុមបព្វជិតភាពម៉ិលគីស្សាដែក និងបព្វជិតភាពអើរ៉ុន ។
-
ប្រធានព្រះវិហារបរិសុទ្ធ ។
-
ប្រធានបេសកកម្ម និងប្រធានមជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនា ។
-
ប្រធានទីតាំងប្រវត្តិសាស្រ្តសាសនាចក្រ ។
ថ្នាក់ដឹកនាំទាំងនេះទទួលកូនសោទាំងឡាយនៃបព្វជិតភាព នៅពេលពួកគាត់ត្រូវបានញែកចេញចំពោះការហៅបម្រើរបស់ពួកគាត់ ។
កូនសោទាំងឡាយនៃបព្វជិតភាពគឺមិនឲ្យដល់អ្នកដទៃឡើយ រួមទាំងទីប្រឹក្សាថ្នាក់ដឹកនាំបព្វជិតភាពក្នុងមូលដ្ឋាន ឬប្រធាននៃអង្គការរបស់សាសនាចក្រផងដែរ ។ ផ្ទុយទៅវិញ ថ្នាក់ដឹកនាំទាំងនេះទទួលបានសិទ្ធិអំណាច នៅពេលពួកគាត់ត្រូវបានញែកចេញ និងនៅពេលពួកគាត់ទទួលការចាត់តាំងក្រោមការដឹកនាំនៃអ្នកដែលកាន់កូនសោបព្វជិតភាព ។ ប្រធានអង្គការទាំងឡាយនៃសាសនាចក្រធ្វើជាអធិបតីក្រោមការដឹកនាំរបស់អ្នកដែលកាន់កូនសោទាំងឡាយនៃបព្វជិតភាព ( សូមមើល ៤.២.៤ ) ។
៣.៤.១.២
របៀបរៀបរយនៃកិច្ចការរបស់ព្រះអម្ចាស់
កូនសោទាំងឡាយនៃបព្វជិតភាពធានាឲ្យបានថា កិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងគឺត្រូវបានសម្រេចដោយមានរបៀបរៀបរយ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:១១; ១៣២:៨ ) ។ អ្នកដែលកាន់កូនសោនៃបព្វជិតភាពដឹកនាំកិច្ចការរបស់ព្រះអម្ចាស់នៅក្នុងតំបន់ដែលពួកគាត់ទទួលខុសត្រូវ ។ ពួកគាត់ធ្វើកិច្ចការនោះដោយសេចក្តីស្រឡាញ់ និងសុចរិតភាព ។ សិទ្ធិអំណាចជាអធិបតីនេះមានសុពលភាពតែលើការទទួលខុសត្រូវជាក់លាក់នៃការហៅបម្រើរបស់ថ្នាក់ដឹកនាំរូបនេះប៉ុណ្ណោះ ។ នៅពេលថ្នាក់ដឹកនាំបព្វជិតភាពត្រូវបានដោះលែងពីការហៅបម្រើរបស់ពួកគាត់ នោះពួកគាត់មិនអាចកាន់កូនសោទាំងនេះបានទៀតទេ ។
អ្នកទាំងអស់ដែលបម្រើនៅក្នុងសាសនាចក្រគឺត្រូវបានញែកចេញ ឬបានចាត់តាំងនៅក្រោមការដឹកនាំនៃបុគ្គលម្នាក់ ដែលកាន់កូនសោបព្វជិតភាព ។ នៅពេលសមាជិកត្រូវបានញែកចេញ ឬចាត់តាំង នោះព្រះបានប្រទានសិទ្ធិអំណាចឲ្យពួកគាត់ដើម្បីបម្រើនៅក្នុងកិច្ចការរបស់ទ្រង់ ។
៣.៤.២
ការប្រគល់ និងការតែងតាំងបព្វជិតភាព
ក្រោមការដឹកនាំរបស់អ្នកដែលកាន់កូនសោបព្វជិតភាព នោះបព្វជិតភាពអើរ៉ុន និងបព្វជិតភាពម៉ិលគីស្សាដែកគឺត្រូវបានប្រគល់ឲ្យសមាជិកសាសនាចក្រជាបុរសដែលមានភាពស័ក្ដិសមក្នុងសាសនាចក្រ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:១៤–១៧ ) ។ បន្ទាប់ពីបព្វជិតភាពត្រឹមត្រូវត្រូវបានប្រគល់ហើយ នោះបុគ្គលរូបនេះត្រូវបានតែងតាំងទៅក្នុងតំណែងមួយនៅក្នុងបព្វជិតភាពនោះ ដូចជា ឌីកុន ឬជាអែលឌើរ ។ អ្នកកាន់បព្វជិតភាពម្នាក់អនុវត្តបព្វជិតភាពស្របតាមសិទ្ធិ និងកាតព្វកិច្ចនៃតំណែងនោះ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៩៩ ) ។
បុរសម្នាក់ៗនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ គួរព្យាយាមដើម្បីមានភាពស័ក្ដិសមដើម្បីទទួល និងប្រើបព្វជិតភាពម៉ិលគីស្សាដែកដើម្បីបម្រើមនុស្សដទៃ ។ នៅពេលបុរសម្នាក់ទទួលបព្វជិតភាពនេះ នោះគាត់ចុះសេចក្តីសញ្ញាមួយដើម្បីបំពេញទំនួលខុសត្រូវបព្វជិតភាពរបស់គាត់យ៉ាងស្មោះត្រង់ ។ គាត់ក៏ទទួលពីព្រះនូវសម្បថ ឬសេចក្តីសន្យាមួយនៃពរជ័យទាំងឡាយដ៏នៅអស់កល្បជានិច្ចផងដែរ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៣៣–៤៤; សូមមើលផងដែរ សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ « សម្បថ និងសេចក្ដីសញ្ញានៃបព្វជិតភាព » ) ។
សម្រាប់ព័ត៌មានបន្ថែមអំពីការប្រគល់ និងការតែងតាំងបព្វជិតភាព សូមមើល ៨.១.១, ១០.៦, ១៨.១០ និង ៣៨.២.៥ ។
៣.៤.៣
ការបែងចែកសិទ្ធិអំណាចបព្វជិតភាពដើម្បីបម្រើនៅក្នុងសាសនាចក្រ
សិទ្ធិអំណាចបព្វជិតភាពដើម្បីបម្រើនៅក្នុងសាសនាចក្រត្រូវបានបែងចែកដល់សមាជិកតាមវិធីដូចតទៅនេះ ៖
-
តាមរយៈការធ្វើពិធីញែកចេញសម្រាប់ការហៅបម្រើមួយក្នុងសាសនាចក្រ
-
តាមរយៈការចាត់តាំងមកពីថ្នាក់ដឹកនាំជាអធិបតីក្នុងសាសនាចក្រ
៣.៤.៣.១
ការធ្វើពិធីញែកចេញ
នៅពេលបុរស និងស្ត្រីត្រូវបានញែកចេញនៅក្រោមការដឹកនាំរបស់អ្នកដែលកាន់កូនសោបព្វជិតភាព នោះពួកគេត្រូវបានផ្ដល់ឲ្យនូវសិទ្ធិអំណាចមកពីព្រះ ដើម្បីធ្វើសកម្មភាពនៅក្នុងការហៅបម្រើនោះ ។ នៅពេលពួកគេត្រូវបានដោះលែងពីការហៅបម្រើមួយ នោះពួកគេលែងមានសិទ្ធិអំណាចដែលពាក់ព័ន្ធនឹងការហៅបម្រើនោះទៀតហើយ ។
ការហៅបម្រើមួយចំនួនពាក់ព័ន្ធជាមួយនឹងតំណែង និងកូរ៉ុមនៃបព្វជិតភាព ។ ឧទាហរណ៍ បុរសម្នាក់ដែលកាន់បព្វជិតភាពម៉ិលគីស្សាដែកអាចត្រូវបានហៅឲ្យធ្វើជាប្រធានកូរ៉ុមអែលឌើរ ។ នៅពេលគាត់ត្រូវបានញែកចេញដោយប្រធានស្តេក នោះគាត់ត្រូវបានផ្ដល់ឲ្យនូវកូនសោទាំងឡាយនៃសិទ្ធិអំណាច និងការទទួលខុសត្រូវនៃបព្វជិតភាព ដើម្បីដឹកនាំកិច្ចការរបស់កូរ៉ុមអែលឌើរ ( សូមមើល ៣.៤.១ ) ។
មានការហៅបម្រើជាច្រើនផ្សេងទៀតក្នុងសាសនាចក្រដែលពុំពាក់ព័ន្ធនឹងតំណែង និងកូរ៉ុមនៃបព្វជិតភាពទេ ។ ប៉ុន្តែសមាជិកគ្រប់រូបក្នុងសាសនាចក្រដែលត្រូវបានញែកចេញដើម្បីបម្រើ ត្រូវបានផ្ដល់ឲ្យនូវសិទ្ធិអំណាច និងការទទួលខុសត្រូវមកពីព្រះដើម្បីធ្វើសកម្មភាពនៅក្នុងការហៅបម្រើរបស់ពួកគេ ។ ឧទាហរណ៍ ៖
-
ស្ត្រីម្នាក់ដែលត្រូវបានហៅ ហើយបានញែកចេញដោយប៊ីស្សពជាប្រធានសមាគមសង្គ្រោះវួដ ត្រូវបានផ្ដល់ឲ្យនូវសិទ្ធិអំណាចដើម្បីដឹកនាំកិច្ចការនៃសមាគមសង្គ្រោះនៅក្នុងវួដ ។
-
បុរស ឬស្ត្រីម្នាក់ដែលត្រូវបានហៅ ហើយបានញែកចេញដោយសមាជិកម្នាក់នៃគណៈប៊ីស្សពឲ្យធ្វើជាគ្រូបង្រៀនក្នុងថ្នាក់អង្គការបឋមសិក្សា ត្រូវបានផ្ដល់ឲ្យនូវសិទ្ធិអំណាចដើម្បីបង្រៀនកុមារក្នុងអង្គការបឋមសិក្សានៅក្នុងវួដ ។
មនុស្សគ្រប់គ្នាដែលត្រូវបានហៅ ហើយញែកចេញ បម្រើនៅក្រោមការដឹកនាំរបស់អ្នកដែលជាអធិបតីលើពួកគេ ( សូមមើល ៣.៤.១.២ ) ។
សម្រាប់ព័ត៌មានបន្ថែមស្តីពីការធ្វើពិធីញែកចេញដល់សមាជិកសម្រាប់ការហៅបម្រើក្នុងសាសនាចក្រ សូមមើល ១៨.១១ ។
៣.៤.៣.២
ការចាត់តាំង
ថ្នាក់ដឹកនាំជាអធិបតីក្នុងសាសនាចក្រអាចបែងចែកសិទ្ធិអំណាចតាមរយៈការចាត់តាំង ។ នៅពេលបុរស និងស្ត្រីទទួលបានការចាត់តាំងទាំងនេះ នោះពួកគេត្រូវបានផ្ដល់ឲ្យនូវសិទ្ធិអំណាចមកពីព្រះដើម្បីធ្វើសកម្មភាព ។ ឧទាហរណ៍ ៖
-
គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បែងចែកសិទ្ធិអំណាចទៅឲ្យពួកចិតសិបនាក់ ដែលត្រូវបានចាត់តាំងឲ្យគ្រប់គ្រងតំបន់ទាំងឡាយ ហើយធ្វើជាអធិបតីនៅក្នុងសន្និសីទស្តេក ។
-
ប្រធានបេសកកម្មបែងចែកសិទ្ធិអំណាចទៅឲ្យអ្នកផ្សព្វផ្សាយសាសនាភេទប្រុស និងស្រីដែលត្រូវបានចាត់តាំងឲ្យដឹកនាំ ហើយបំពាក់បំប៉នដល់អ្នកផ្សព្វផ្សាយសាសនាផ្សេងទៀត ។
-
សិទ្ធិអំណាចត្រូវបានបែងចែកដល់សមាជិកសាសនាចក្រដើម្បីបម្រើជាបងប្អូនប្រុស និងបងប្អូនស្រីដែលផ្ដល់ការងារបម្រើ ។ ការណ៍នេះកើតឡើង នៅពេលពួកគេត្រូវបានចាត់តាំងនៅក្រោមការដឹកនាំរបស់ប៊ីស្សពតាមរយៈប្រធានកូរ៉ុមអែលឌើរ ឬប្រធានសមាគមសង្គ្រោះ ។
សិទ្ធិអំណាចដែលត្រូវបានបែងចែកតាមរយៈការចាត់តាំង មានការកំណត់ចំពោះការទទួលខុសត្រូវ និងរយៈពេលជាក់លាក់នៃការចាត់តាំងនោះ ។
សម្រាប់ព័ត៌មានបន្ថែមស្ដីពីការចាត់តាំងតាមរយៈការបែងចែងកិច្ចការ សូមមើល ៤.២.៥ ។
៣.៤.៤
ការអនុវត្តសិទ្ធិអំណាចបព្វជិតភាពដោយសុចរិត
ថ្នាក់ដឹកនាំ និងសមាជិកក្នុងសាសនាចក្រប្រើសិទ្ធិអំណាចបព្វជិតភាពដែលបានប្រគល់ឲ្យ ឬបានបែងចែកឲ្យដើម្បីផ្ដល់ពរជ័យដល់ជីវិតមនុស្សដទៃទៀត ។
សិទ្ធិអំណាចនេះអាចត្រូវបានប្រើតែនៅក្នុងសេចក្ដីសុចរិតប៉ុណ្ណោះ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៣៦ ) ។ វាត្រូវបានអនុវត្តដោយការលួងលោម ការអត់ធ្មត់ ភាពទន់ភ្លន់ ភាពស្លូតបូត សេចក្តីស្រឡាញ់ និងសណ្តានចិត្តល្អ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៤១–៤២ ) ។ ថ្នាក់ដឹកនាំប្រឹក្សាជាមួយនឹងមនុស្សដទៃដោយស្មារតីនៃសាមគ្គីភាព ហើយស្វែងរកព្រះឆន្ទៈរបស់ព្រះអម្ចាស់តាមរយៈវិវរណៈ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១:២ ) ។ សម្រាប់ព័ត៌មានស្ដីពីការប្រឹក្សាជាមួយនឹងមនុស្សដទៃ សូមមើល ៤.៤.៣ ។
អ្នកដែលអនុវត្តសិទ្ធិអំណាចបព្វជិតភាពពុំបង្ខំមនុស្សដទៃឲ្យធ្វើតាមឆន្ទៈរបស់ខ្លួនឡើយ ។ ពួកគេពុំប្រើប្រាស់វាសម្រាប់គោលបំណងដ៏អាត្មានិយមនោះទេ ។ ប្រសិនបើបុគ្គលម្នាក់ប្រើវាដោយពុំសុចរិត នោះ « ស្ថានសួគ៌ដកខ្លួនចេញ [ ហើយ ] ព្រះវិញ្ញាណនៃព្រះអម្ចាស់ថប់បារម្ភ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៣៧ ) ។
ការហៅបម្រើមួយចំនួនក្នុងសាសនាចក្ររួមមាននូវការទទួលខុសត្រូវមួយដើម្បីធ្វើជាអធិបតី ។ សម្រាប់ព័ត៌មានស្ដីពីការធ្វើជាអធិបតីនៅក្នុងសាសនាចក្រ សូមមើល ៤.២.៤ ។
៣.៥
អំណាចបព្វជិតភាព
អំណាចបព្វជិតភាពគឺជាព្រះចេស្ដា ដែលព្រះអាចប្រទានពរដល់បុត្រាបុត្រីរបស់ទ្រង់តាមរយៈអំណាចនេះ ។ អំណាចបព្វជិតភាពរបស់ព្រះកើតមានដល់សមាជិកគ្រប់រូបក្នុងសាសនាចក្រ—ទាំងប្រុសទាំងស្រី—នៅពេលពួកគេរក្សាសេចក្ដីសញ្ញាដែលពួកគេបានធ្វើជាមួយនឹងទ្រង់ ។ សមាជិកចុះសេចក្ដីសញ្ញាទាំងនេះ នៅពេលពួកគេទទួលពិធីបរិសុទ្ធនៃបព្វជិតភាព ។ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:១៩–២០ ) ។
ពរជ័យនៃអំណាចបព្វជិតភាពដែលសមាជិកអាចទទួលបានរួមមាន ៖
-
ការដឹកនាំសម្រាប់ជីវិតរបស់ពួកគេ ។
-
ការបំផុសគំនិតដើម្បីដឹងពីរបៀបដើម្បីបម្រើដល់សមាជិកគ្រួសារ និងមនុស្សដទៃ ។
-
កម្លាំងដើម្បីស៊ូទ្រាំ ហើយយកឈ្នះលើឧបសគ្គនានា ។
-
អំណោយទាននៃព្រះវិញ្ញាណដើម្បីតម្កើងសមត្ថភាពរបស់ពួកគេ ។
-
វិវរណៈដើម្បីដឹងពីរបៀបបំពេញកិច្ចការដែលពួកគេត្រូវបានតែងតាំង ញែកចេញ ឬចាត់ឲ្យធ្វើ ។
-
ជំនួយ និងកម្លាំងដើម្បីក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ និងព្រះវរបិតាសួគ៌ ។
៣.៥.១
សេចក្ដីសញ្ញាទាំងឡាយ
សេចក្តីសញ្ញាគឺជាការសន្យាដ៏ពិសិដ្ឋមួយរវាងព្រះ និងបុត្រាបុត្រីរបស់ទ្រង់ ។ ព្រះប្រទានលក្ខខណ្ឌចំពោះសេចក្ដីសញ្ញានោះ ហើយបុត្រាបុត្រីរបស់ទ្រង់យល់ព្រមដើម្បីគោរពតាមលក្ខខណ្ឌទាំងនោះ ។ ព្រះសន្យានឹងប្រទានពរដល់បុត្រាបុត្រីរបស់ទ្រង់ នៅពេលពួកគេបំពេញតាមសេចក្ដីសញ្ញានោះ ។
សមាជិកចុះសេចក្តីសញ្ញាជាមួយនឹងព្រះ នៅពេលពួកគេទទួលពិធីបរិសុទ្ធនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ( សូមមើល ១៨.១ ) ។ មនុស្សគ្រប់រូបដែលកាន់ខ្ជាប់ដរាបដល់ចុងបំផុតនៅក្នុងការរក្សាសេចក្ដីសញ្ញារបស់ពួកគេ នឹងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ( សូមមើល នីហ្វៃទី២ ៣១:១៧–២០; គោលលទ្ធិ និង សេចក្ដីសញ្ញា ១៤:៧ ) ។ ការកាន់ខ្ជាប់ដរាបដល់ចុងបំផុត រួមមានទាំងការអនុវត្តសេចក្ដីជំនឿលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ហើយប្រែចិត្តជារៀងរាល់ថ្ងៃ ។
ឪពុកម្តាយ ថ្នាក់ដឹកនាំសាសនាចក្រ និងមនុស្សដទៃទៀតជួយបុគ្គលម្នាក់ៗឲ្យរៀបចំខ្លួនដើម្បីចុះសេចក្តីសញ្ញា នៅពេលដែលពួកគេទទួលពិធីបរិសុទ្ធនៃដំណឹងល្អ ។ ពួកគាត់ធានាឲ្យបានថា បុគ្គលរូបនោះយល់ពីសេចក្តីសញ្ញាដែលគាត់ ឬនាងនឹងចុះ ។ បន្ទាប់ពីមនុស្សម្នាក់ចុះសេចក្តីសញ្ញាមួយហើយ នោះពួកគាត់ជួយគាត់ ឬនាងឲ្យរក្សាសេចក្តីសញ្ញានោះ ។ ( សូមមើល ម៉ូសាយ ១៨:៨–១១, ២៣–២៦ ) ។
៣.៥.២
ពិធីបរិសុទ្ធទាំងឡាយ
ពិធីបរិសុទ្ធគឺជាកិច្ចការដ៏ពិសិដ្ឋមួយដែលបានធ្វើឡើងដោយសិទ្ធិអំណាចនៃបព្វជិតភាព ។ ពិធីបរិសុទ្ធទាំងឡាយតែងតែជាផ្នែកមួយនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ពិធីបរិសុទ្ធដំបូងនៅលើផែនដីគឺត្រូវបានធ្វើឡើងនៅសម័យរបស់លោកអ័ដាម និងនាងអេវ៉ា ( សូមមើល លោកុប្បត្តិ ១:២៨; ម៉ូសេ ៦:៦៤–៦៥ ) ។
នៅក្នុងពិធីបរិសុទ្ធជាច្រើន បុគ្គលម្នាក់ៗចុះសេចក្តីសញ្ញាជាមួយព្រះ ។ ឧទាហរណ៍រួមមាន ពិធីបុណ្យជ្រមុជទឹក ពិធីសាក្រាម៉ង់ អំណោយទានពិសិដ្ឋ និងពិធីបរិសុទ្ធនៃការផ្សារភ្ជាប់អាពាហ៍ពិពាហ៍ ។ ពិធីបរិសុទ្ធដទៃទៀតដូចជា ពររបស់លោកអយ្យកោ ឬការប្រសិទ្ធពរដល់អ្នកឈឺ បុគ្គលម្នាក់ៗមិនចុះសេចក្តីសញ្ញាឡើយ ប៉ុន្តែពួកគេទទួលបានការណែនាំ និងកម្លាំងដើម្បីរក្សាសេចក្តីសញ្ញាទាំងឡាយ ។
ពិធីបរិសុទ្ធទាំងឡាយមានអត្ថន័យជានិមិត្តរូបដែលចង្អុលប្រាប់បុគ្គលម្នាក់ៗឲ្យទៅរកព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុងពិធីបរិសុទ្ធដែលរួមមាននូវសេចក្តីសញ្ញា នោះនិមិត្តរូបជួយបុគ្គលម្នាក់ៗឲ្យយល់ពីសេចក្តីសន្យាដែលពួកគេធ្វើ និងពរជ័យទាំងឡាយដែលពួកគេនឹងទទួលបានតាមរយៈភាពស្មោះត្រង់របស់ពួកគេ ។
ពិធីបរិសុទ្ធនីមួយៗអនុញ្ញាតឲ្យបុគ្គលម្នាក់ៗទទួលបានពរជ័យខាងវិញ្ញាណដ៏សន្ធឹកសន្ធាប់ ។ ព្រះអម្ចាស់បានបើកសម្តែងថា « នៅក្នុងពិធីបរិសុទ្ធទាំងឡាយ [ នៃបព្វជិតភាព ] នោះអំណាចនៃព្រះត្រូវបានសម្ដែងឲ្យឃើញ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:២០ ) ។ ពិធីបរិសុទ្ធនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងគឺចាំបាច់ដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល ១៨.១ ។
បុគ្គលម្នាក់ៗដែលនៅរស់ទទួលពិធីបរិសុទ្ធនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងដោយខ្លួនពួកគេផ្ទាល់ ។ បន្ទាប់មក បើអាចធ្វើទៅបាន ពួកគេត្រឡប់ទៅព្រះវិហារបរិសុទ្ធដើម្បីធ្វើពិធីបរិសុទ្ធទាំងនេះជំនួសឲ្យអ្នកទាំងឡាយណាដែលបានស្លាប់ទៅ ។ សម្រាប់ព័ត៌មានបន្ថែមស្តីពីការធ្វើពិធីបរិសុទ្ធសម្រាប់មរណជន សូមមើល ជំពូកទី ២៨ ។
៣.៦
បព្វជិតភាព និងគេហដ្ឋាន
សមាជិកសាសនាចក្រទាំងអស់ដែលរក្សាសេចក្តីសញ្ញារបស់ពួកគេ—ស្ត្រី បុរស និងកុមារ—នឹងទទួលបានពរជ័យជាមួយនឹងអំណាចបព្វជិតភាពរបស់ព្រះនៅក្នុងគេហដ្ឋានរបស់ពួកគេ ដើម្បីពង្រឹងខ្លួនគេ និងក្រុមគ្រួសាររបស់ពួកគេ ( សូមមើល ៣.៥ ) ។ អំណាចនេះនឹងជួយសមាជិកនៅក្នុងការធ្វើកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់ព្រះនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ និងក្រុមគ្រួសាររបស់ពួកគេ ( សូមមើល ២.២ ) ។
បុរសដែលកាន់បព្វជិតភាពម៉ិលគីស្សាដែក អាចផ្តល់ពរជ័យបព្វជិតភាពដល់សមាជិកគ្រួសារដើម្បីផ្តល់ការដឹកនាំ ការព្យាបាល និងការលួងលោម ។ នៅពេលត្រូវការ សមាជិកសាសនាចក្រក៏អាចស្វែងរកពរជ័យទាំងនេះពីសាច់ញាតិជិតឆ្ងាយផ្សេងទៀត បងប្អូនប្រុសដែលផ្ដល់ការងារបម្រើ ឬថ្នាក់ដឹកនាំសាសនាចក្រក្នុងមូលដ្ឋានផងដែរ ។ សម្រាប់ព័ត៌មានបន្ថែមអំពីពរជ័យបព្វជិតភាព សូមមើល ១៨.១៣ និង ១៨.១៤ ។
សម្រាប់ព័ត៌មានអំពីការធ្វើជាអធិបតីលើក្រុមគ្រួសារ សូមមើល ២.១.៣ ។