កូន​សៀវភៅ​សម្រាប់​បង្រៀន
តើ​ខ្ញុំ​អាច​បម្រើ​នៅ​ក្នុង​សាសនាចក្រ​បាន​តាមរបៀប​ណា ?


តើ​ខ្ញុំ​អាច​បម្រើ​នៅ​ក្នុង​សាសនាចក្រ​បាន​តាមរបៀប​ណា ?

ព្រះ​បាន​ប្រទាន​ឲ្យ​អ្នក​នូវ​ទេពកោសល្យ និង អំណោយទាន​ពិសេស​ដែល​អ្នក​អាច​ប្រើ​ដើម្បី​ជួយ​ក្រុមជំនុំ​ក្នុង​មូលដ្ឋាន និង​សហគមន៍​របស់​អ្នក ហើយ​បម្រើ​បុត្រាបុត្រី​របស់​ព្រះ​នៅ​គ្រប់​ទីកន្លែង ។ នៅ​ពេល​អ្នក​ព្យាយាម​បំពេញ​តាម​សេចក្ដីត្រូវការ​របស់​បុគ្គល​ម្ដង​ម្នាក់ៗ នោះ​អ្នក​កំពុង​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ការបម្រើ​ដ៏​សំខាន់​បំផុត​មួយ​ចំនួន​ដែល​អ្នក​នឹង​ផ្ដល់ គឺ​ជា​ទង្វើ​នៃ​សន្តានចិត្ត​ល្អ និង សេចក្ដីស្រឡាញ់​ដែល​ក្រៅ​ផ្លូវការ និង សាមញ្ញ ចំពោះ​បុគ្គល​ទាំងឡាយ​ដោយ​មិន​ចាំបាច់​មាន​ការស្នើសុំ ឬ ការចាត់តាំង​ឲ្យ​ធ្វើ​ឡើយ ។ នៅ​ពេល​អ្នក​ចំណាយ​ពេល​វេលា ទេពកោសល្យ និង មធ្យោបាយ​ដើម្បី​ជួយ​បំពេញ​សេចក្ដីត្រូវការ​របស់​ពួកគេ នោះ​អ្នក​អាច​ជួយ​មនុស្សដទៃ​ឲ្យ​ស្គាល់​សេចក្ដីស្រឡាញ់​របស់​ព្រះ ហើយ​រកឃើញ​សក្ដានុពល​របស់​ពួកគេ ។ នៅ​ពេល​អ្នក​បម្រើ​នៅ​ក្នុង​សាសនាចក្រ ហើយ​ជួយ​មនុស្សដទៃ​ឲ្យ​រៀន ហើយ​រីកចម្រើន នោះ​ចំណែក​មួយ​នៃ​ភាពរីកចម្រើន និង ការរៀនសូត្រ​ផ្ទាល់ខ្លួន​របស់​អ្នក​ក៏​នឹង​កើនឡើង​ដែរ ។ នៅពេល​អ្នក​ស្គាល់​មនុស្សដទៃ​ទៀត​នៅ​ក្នុង​ក្រុមជំនុំ​ក្នុង​មូលដ្ឋាន​របស់​អ្នក នោះ​អ្នក​នឹង​ដឹង​ថា អ្នក​មាន​អ្វី​ៗ​ច្រើន​ដើម្បី​ផ្ដល់​ជូន​ពួកគេ ។

ការហៅបម្រើ​នៅ​ក្នុង​សាសនាចក្រ

បន្ទាប់​ពី​អ្នក​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក​ហើយ អ្នក​អាច​នឹង​ទទួល​បាន ការហៅ​បម្រើ ឬ ការចាត់តាំង​ជា​ផ្លូវការ​មួយ​ឲ្យ​បម្រើ​នៅ​ក្នុង​សាសនាចក្រ ។ ព្រះ​ជ្រាប​អំពី​ភាពខ្លាំង និង ភាពខ្សោយ​របស់​អ្នក ។ ទ្រង់​មាន​ផែនការ​ផ្ទាល់ព្រះអង្គ​មួយ​ដើម្បី​ជួយ​អ្នក ឲ្យ​រីកចម្រើន​ក្លាយ​ទៅ​ជា​បុគ្គល​ដែល​ទ្រង់​ជ្រាប​ថា​អ្នក​អាច​ក្លាយ​ទៅ​ជា​បាន ។ ជា​ផ្នែក​មួយ​នៃ​ផែនការ​នោះ ព្រះ​បំផុសគំនិត​ដល់​ថ្នាក់ដឹកនាំ​សាសនាចក្រ ឲ្យ​ចាត់តាំង​ការហៅបម្រើ​ដល់​អ្នក ជា​ការហៅ​បម្រើ​ដែល​ទ្រង់​ជ្រាប​ថា​នឹង​ផ្ដល់​ពរ​ឲ្យ​អ្នក ហើយ​អនុញ្ញាត​ឲ្យ​អ្នក​ផ្ដល់​ពរ​ដល់​មនុស្សដទៃ ។ ការបម្រើ​នៅ​ក្នុង​ការហៅ​របស់​សាសនាចក្រ អាច​ជួយ​អ្នក​ឲ្យ​បង្កើន​ចំណេះដឹង ជំនាញ និង មិត្តភាព ។ ថ្នាក់​ដឹកនាំ​សាសនាចក្រ​នឹង​ផ្ដល់​គោលការណ៍​ណែនាំ ការដឹកនាំ និង ការគាំទ្រ ដើម្បី​ជួយ​អ្នក​ឲ្យ​រីករាយ​នឹង​ការហៅបម្រើ​នោះ ហើយ​បំពេញ​វា​ដោយ​ជោគជ័យ ។ នៅ​ពេល​អ្នក​អធិស្ឋាន​ទូល​សូម​ជំនួយ នោះ​ព្រះវិញ្ញាណបរិសុទ្ធ​នឹង​ប្រទាន​ការបំផុសគំនិត ការដឹកនាំ និង ការលួងលោមចិត្ត​ដល់​អ្នក ។

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​សន្យា​ថា « បើសិនជា​ពួកគេ​បន្ទាបខ្លួន​នៅ​ចំពោះ​យើង ហើយ​មាន​សេចក្ដីជំនឿ​ជឿ​ដល់​យើង លំដាប់​នោះ​យើង​នឹង​ធ្វើឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយទៅជា​ខ្លាំងពូកែ​ចំពោះ​ពួកគេ​វិញ » ( អេធើរ ១២:២៧ ) ។ ព្រះអម្ចាស់​នឹង​ធ្វើ​ឲ្យ​អ្នក​រឹងមាំ​នៅ​ក្នុង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​បម្រើ ។

ដំណើរការ​នៃ​ការទទួលបាន​ការហៅបម្រើ

ការប្រជុំ​សាក្រាម៉ង់

សមាជិក​ត្រូវបាន​គាំទ្រ​ឲ្យ​ទទួល​ហៅ​បម្រើ នៅ​ក្នុង​ការប្រជុំ​សាក្រាម៉ង់ ។

សាសនាចក្រ​គឺ​ជា​សហគមន៍​នៃ​សេចក្ដីស្រឡាញ់ និង ការគាំទ្រ ។ នៅ​ពេល​អ្នក​ព្យាយាម​បម្រើ​នៅ​ក្នុង​ការហៅ​របស់​អ្នក នោះ​អ្នក​នឹង​មិន​ឯកោ​ឡើយ ។ បន្ទាប់​ពី​អ្នក​ទទួល​យក​ការហៅបម្រើ​មួយ សមាជិក​ក្នុង​ក្រុមជំនុំ​របស់​អ្នក នឹង​បង្ហាញ​នៅ​ក្នុង​ការប្រជុំ​សាក្រាម៉ង់​ថា ពួកគេ​យល់ព្រម គាំទ្រ ឬ​ជួយ​ជ្រោមជ្រែង​អ្នក​ក្នុង​ការហៅបម្រើ ។ សមាជិក​បង្ហាញ​ការគាំទ្រ​នេះ​តាមរយៈ​ការលើកដៃ​ស្ដាំ នៅ​ពេល​សមាជិក​ម្នាក់​ក្នុង​គណៈប៊ីស្សព ឬ គណៈប្រធាន​សាខា​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​ដូចនោះ ។

ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ អ្នក​ក៏​អាច​គាំទ្រ​មនុស្សដទៃ​ក្នុង​ការហៅបម្រើ​របស់​ពួកគេ តាមរយៈ​របៀប​ជា​ច្រើន​ដែរ ។ ឧទាហរណ៍ អ្នក​អាច​ចូលរួម​ក្នុង​ថ្នាក់ និង សកម្មភាព​នានា ដែល​រៀបចំ​ដោយ​មនុស្សដទៃ អធិស្ឋាន​ឲ្យ​ពួកគេ ស្ម័គ្រចិត្ត​នៅ​ពេល​ពួកគេ​សុំ​ជំនួយ​ឲ្យ​ជួយ​ក្នុង​ការហៅបម្រើ​របស់​ពួកគេ ឬ ពង្រឹង​អ្នក​ទាំងឡាយ​ណា​ដែល​អាច​នឹង​កំពុង​មាន​បញ្ហា ។ អ្នក​ក៏​អាច​គាំទ្រ​ថ្នាក់ដឹកនាំ​សាសនាចក្រ​របស់​អ្នក​បាន​ដែរ តាមរយៈ​ការធ្វើតាម​ការប្រឹក្សា​ដែល​ពួកលោក​ផ្ដល់​ឲ្យ ។ ការគាំទ្រ​ដល់​មនុស្សដទៃ​គឺ​ជា​របៀប​មួយ​នៃ​ការបម្រើ ។

បុរស​ពីរ​នាក់​ដាក់​ដៃ​លើ​ក្បាល​ស្ត្រី​ម្នាក់

សមាជិក​ម្នាក់​ត្រូវបាន​ញែក​ចេញ​ឲ្យ​ទទួល​ការហៅ​បម្រើ​ថ្មី​មួយ ។

បន្ទាប់​ពី​បាន​ទទួល​ការហៅបម្រើ​មួយ​ហើយ អ្នក​ក៏​នឹង​ត្រូវបាន ញែក​ចេញ ដោយ​ថ្នាក់ដឹកនាំ​បព្វជិតភាព​ម្នាក់​ដែរ ។ នៅ​ពេល​អ្នក​ត្រូវបាន​ញែកចេញ អ្នក​ទទួល​បាន ការប្រសិទ្ធពរ​បព្វជិតភាព ពិសេស​មួយ ។ ការប្រសិទ្ធពរ​នេះ​ផ្ដល់​ឲ្យ​អ្នក​នូវ​សិទ្ធអំណាច​ពី​ព្រះ ដើម្បី​ទទួលបាន​ការបំផុសគំនិត ហើយ​ធ្វើ​ការចាត់តាំង​នៃ​ការហៅបម្រើ​របស់​អ្នក ។

ការហៅបម្រើ​ទាំងអស់​មាន​សារៈសំខាន់​ស្មើគ្នា ហើយ​ជួយ​ស្ថាបនា​សាសនាចក្រ​របស់​ព្រះ ។ ការបម្រើ​នៅ​ក្នុង​សាសនាចក្រ គឺ​ជា​ការងារ​ស្ម័គ្រចិត្ត ហើយ​គ្មាន​ប្រាក់​កម្រៃ​ទេ ។ ក្រៅ​ពី​ការហៅបម្រើ​ជា​អ្នក​ផ្សព្វផ្សាយសាសនា​ពេញ​ម៉ោង ការហៅបម្រើ​ភាគច្រើន​ពុំ​តម្រូវ​ឲ្យ​មាន​ការតាំងចិត្ត​ធ្វើការ​ពេញ​ម៉ោង​ឡើយ ។ ទោះជា​កំពុង​បម្រើ​នៅ​ក្នុង​សាសនាចក្រ​ក្ដី សមាជិក​នៅ​តែ​បន្ត​ធ្វើ​មុខរបរ និង ការងារ​ចិញ្ចឹមជីវិត​របស់​ខ្លួន​ដូច​ធម្មតា ។ ការហៅបម្រើ​ពុំ​មាន​ការដំឡើង ឬ ទម្លាក់​តំណែង​នោះ​ទេ ហើយ​សមាជិក​មិន​គួរ​ជាប់ចិត្ត​តែ​នឹង​ការហៅ​បម្រើ​ជាក់លាក់​ណាមួយ​ឡើយ ។

ការផ្លាស់ប្ដូរ​នៅ​ក្នុង​ការហៅបម្រើ អនុញ្ញាត​ឲ្យ​មនុស្ស​ជា​ច្រើន​បម្រើ​នៅ​ក្នុង​សមត្ថភាព​ខុសៗ​គ្នា ។ ថ្នាក់ដឹកនាំ​សាសនាចក្រ​អាច​ទទួល​បាន​ការបំផុសគំនិត​ឲ្យ​ហៅ​អ្នក ដើម្បី​ទទួល​ការហៅបម្រើ​ផ្សេង​មួយ​ទៀត និង ដើម្បី ដោះលែង អ្នក​ពី​ការហៅ​បម្រើ​ដែល​អ្នក​កំពុង​ធ្វើ ។ នៅ​ពេល​អ្នក​ត្រូវបាន​ដោះលែង អ្នក​គ្មាន​ការទទួលខុសត្រូវ​លើ​ករណីយកិច្ច​នៃ​ការហៅបម្រើ​ពី​មុន​ទៀត​ឡើយ ហើយ​អាច​ទទួល​ការទទួលខុសត្រូវ​នៃ​ការហៅបម្រើ​ថ្មី​មួយ ។ ក្រុមជំនុំ​របស់​អ្នក​ក៏​អាច​ទទួលស្គាល់​ការដោះលែង​របស់​អ្នក ហើយ​ថ្លែង​អំណរគុណ​សម្រាប់​ការបម្រើ​ដែល​អ្នក​បាន​ផ្ដល់ តាមរបៀប​ស្រដៀង​ទៅ​នឹង​ពេល​ដែល​អ្នក​ត្រូវបាន​គាំទ្រ​ដែរ ។