កូន​សៀវភៅ​សម្រាប់​បង្រៀន
ការថ្វាយបង្គំ​នៅ​ថ្ងៃឈប់សម្រាក


ការថ្វាយបង្គំ​នៅ​ថ្ងៃឈប់សម្រាក

ស្ត្រី កូនតូច និង ថាស​សាក្រាម៉ង់

ការទទួលទាន​សាក្រាម៉ង់​ជា​រៀងរាល់​ថ្ងៃ​អាទិត្យ នាំ​មក​នូវ​ភាពរឹងមាំ​ខាង​វិញ្ញាណ ។

ថ្ងៃឈប់សម្រាក​គឺ​ជា​ថ្ងៃ​ដែល​ត្រូវបាន​ញែក ដើម្បី​គោរពប្រតិបត្តិ​ដល់​ព្រះអម្ចាស់ ។ ឥរិយាបថ និង អាកប្បកិរិយា​របស់​អ្នក​នៅ​ថ្ងៃ​នេះ បង្ហាញ​ព្រះ​អំពី​អារម្មណ៍​ដែល​អ្នក​មាន​ចំពោះ​ទ្រង់ ។ អ្នក​នឹង​រីករាយ​នៅ​ក្នុង​ព្រះអម្ចាស់​នៅ​ពេល​អ្នក ធ្វើ​ឲ្យ​ថ្ងៃឈប់សម្រាក​នៅ​ក្នុង​គេហដ្ឋាន​របស់​អ្នក មាន​សភាព​ខុស​ពី​ថ្ងៃ​ដទៃទៀត​អំឡុង​សប្ដាហ៍ ។ សូម​ចូលរួម​ក្នុង​សកម្មភាព​នានា​ដែល​ពង្រឹង​ទំនាក់ទំនង​ក្រុមគ្រួសារ ដូចជា​ការបង្រៀន​ដំណឹងល្អ​ដល់​គ្នា​ទៅវិញទៅមក និង ការស្រាវជ្រាវ​ឈ្មោះ​ជីដូនជីតា​របស់​អ្នក​បន្ថែម​ទៀត ។ ទស្សនាវដ្តី និង គេហទំព័រ​សាសនាចក្រ​មាន​ដូចជា LDS.org មាន​នូវ​ធនធាន​ជា​ច្រើន ដែល​អាច​ជួយ​អ្នក​ឲ្យ​ថ្វាយបង្គំ​ព្រះអម្ចាស់​នៅ​ក្នុង​គេហដ្ឋាន​របស់​អ្នក​នៅ​ថ្ងៃ​របស់​ទ្រង់ ។ សូម​សម្រាក​ពី​ការងារ​ទាំងឡាយ​ដែល​អ្នក​ធ្វើ​អំឡុង​សប្ដាហ៍ ហើយ​ព្យាយាម​ផ្ដល់​ការបម្រើ​ដល់​អស់​អ្នក​ដែល​រងទុក្ខ ឬ អ្នក​ដែល​ឯកោ ឬ អ្នក​ដែល​ត្រូវការ​ជំនួយ ។ ឥរិយាបថ​ដ៏​ពេញ​ដោយ​ការគោរព និង ការថ្វាយបង្គំ​នៅ​ក្នុង​គេហដ្ឋាន​របស់​អ្នក​នៅ​ថ្ងៃឈប់សម្រាក បង្ហាញ​សេចក្ដីស្រឡាញ់ និង ការគោរព​ដល់​ព្រះ ។

អ្នក​ក៏​អាច​គោរព​ថ្ងៃឈប់សម្រាក ដោយ​ការចូលរួម​ការថ្វាយបង្គុំ​នៅ​ព្រះវិហារ​នៅ​រាល់​ថ្ងៃ​អាទិត្យ​ដែរ ។ ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​ការចូលរួម​ព្រះវិហារ​គឺ ពិធីសាក្រាម៉ង់ ។ អំឡុង​ការប្រជុំសាក្រាម៉ង់ នោះ​នំប៉័ង និង ទឹក ត្រូវបាន​ប្រសិទ្ធពរ ហើយ​ចែក​ដល់​ក្រុមជំនុំ ទុក​ជា​ការរំឭក​ដល់​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ នំប៉័ង​តំណាង​ឲ្យ​ព្រះកាយ​ទ្រង់ រីឯ​ទឹក​តំណាង​ឲ្យ​ព្រះលោហិត​ទ្រង់ ។ ពេល​ធ្វើ​ពិធីបរិសុទ្ធ​នេះ អ្នក​ត្រូវបាន​រំឭក​អំពី​សេចក្ដីសញ្ញា ដែល​អ្នក​បាន​ធ្វើ​ជាមួយ​ព្រះ ហើយ​អាច​តាំងចិត្ត​ដើម្បី​រក្សា​សេចក្ដីសញ្ញា​ទាំងនោះ​ឡើង​វិញ ។ បន្ទាប់​ពី​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក និង ពីធីបញ្ជាក់​ហើយ ពិធីសាក្រាម៉ង់​ផ្ដល់​ឲ្យ​អ្នក​នូវ​ឱកាស​ដើម្បី​ប្រែចិត្ត ឲ្យ​បាន​ស្អាតស្អំ​ពី​អំពើបាប និង រក្សា​ឲ្យ​បាន​ព្រះវិញ្ញាណបរិសុទ្ធ​ជា​ដៃគូ ។ នៅ​ពេល​អ្នក​ទទួលទាន​សាក្រាម៉ង់​ប្រកប​ដោយ​ការពិចារណា​ជា​រៀង​រាល់​សប្ដាហ៍ ហើយ​ស្ដាប់​ការអធិស្ឋាន​សាក្រាម៉ង់​ដោយ​ប្រុងប្រយ័ត្ន អ្នក​នឹង​យល់​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ និង សេចក្ដីសញ្ញា​របស់​អ្នក​កាន់តែ​ច្បាស់ ។

ព្រះ​នឹង​មាន​ព្រះបន្ទូល​មក​កាន់​អ្នក តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ នៅ​ពេល​អ្នក​ចូលរួម​ការថ្វាយបង្គំ​នៅ​ព្រះវិហារ ។ ឥរិយាបថ​ដ៏​ពេញ​ដោយ​ការគោរព រៀបចំខ្លួន​អ្នក​ឲ្យ​ស្គាល់​គំនិត និង អារម្មណ៍​នានា ដែល​ព្រះវិញ្ញាណបរិសុទ្ធ​ប្រទាន​ដល់​អ្នក ។ របៀប​មួយ​ចំនួន​ដែល​អ្នក​អាច​បង្ហាញ​ការគោរព​ដល់​ព្រះ រួមមាន​ការមក​ដល់​ព្រះវិហារ​ឲ្យ​បាន​មុន​ម៉ោង ការអង្គុយ​ដោយ​ស្ងៀមស្ងាត់ និង ការផ្ដោត​អារម្មណ៍​ទៅ​លើ​ការប្រជុំ​ទាំងឡាយ ។ នៅ​ពេល​អ្នក​ផ្ដោត​អារម្មណ៍​ស្ដាប់​សារលិខិត និង ទីបន្ទាល់​របស់​មនុស្សដទៃ និង ​ព្រះវិញ្ញាណបរិសុទ្ធ នោះ​ចំណេះដឹង ព្រមទាំង​ទីបន្ទាល់​របស់​អ្នក​នឹង​រីកចម្រើន ។ ព្រះអម្ចាស់​មាន​ព្រះទ័យ​ស្រឡាញ់​អ្នក ហើយ​នឹង​ប្រទានពរ​អ្នក​នៅ​ពេល​អ្នក​បន្ត​ចូលរួម​ព្រះវិហារ​រាល់​សប្ដាហ៍ ទោះ​ជា​អ្នក​កំពុង​មាន​បញ្ហា ឬ មាន​អារម្មណ៍​ថា​បាន​ធ្វើ​កំហុស​ក្ដី ។

ក្រុម យុវនារី

ថ្នាក់យុវនារី​សិក្សា​ដំណឹងល្អ ។

ការប្រជុំ​ដទៃទៀត​នៃ​សាសនាចក្រ​រួមមាន ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ សម្រាប់​មជ្ឈិមវ័យ និង យុវវ័យ ក៏​ដូចជា​ថ្នាក់​ផ្សេងៗ​ទៀត​ដែល​បែងចែក​ជា​ក្រុម​តូចៗ ។ នៅ​ក្នុង​ការប្រជុំ​ទាំងនេះ សមាជិក​សាសនាចក្រ​រៀនសូត្រ​អំពី​ដំណឹងល្អ​ជាមួយ​គ្នា សួរ​សំណួរ ហើយ​គាំទ្រ​គ្នា​ទៅវិញទៅមក ។ នៅ​ពេល​អ្នក​ចូលរួម​ព្រះវិហារ​ជា​រៀង​រាល់​សប្ដាហ៍ អ្នក​អាច​រកឃើញ​ចម្លើយ​សម្រាប់​សំណួរ និង ដំណោះស្រាយ​ចំពោះ​ឧបសគ្គ​នានា​ដែល​អ្នក​មាន ។ អ្នក​ក៏​នឹង​រកឃើញ​ភាពរឹងមាំ​ដែរ នៅ​ពេល​អ្នក​ប្រាស្រ័យ​ទាក់ទង​ជាមួយ​សមាជិក​សាសនាចក្រ ។