បញ្ជីពាក្យ
-
ការគាំទ្រ ៖ជាការជួយជ្រោមជ្រែងមនុស្សដទៃនៅក្នុងការហៅបម្រើរបស់ពួកគេ ។ សមាជិកទទួលស្គាល់ថា ពួកគេនឹងគាំទ្រមនុស្សដទៃក្នុងការហៅបម្រើរបស់ពួកគេ តាមរយៈការលើកដៃស្ដាំ នៅពេលពួកគេត្រូវបានអញ្ជើញឲ្យធ្វើដូចនោះ នៅក្នុងការប្រជុំសាក្រាម៉ង់ ។
-
ការញែកចេញ ៖ជាការប្រសិទ្ធពរដល់នរណាម្នាក់ ដែលផ្ដល់ឲ្យបុគ្គលនោះនូវសិទ្ធិអំណាចមកពីព្រះ ដើម្បីធ្វើកិច្ចការនៅក្នុងការហៅបម្រើមួយ និង ដើម្បីទទួលការបំផុសគំនិតដែលទាក់ទងនឹងការហៅបម្រើនោះ ។
-
ការដោះលែង ៖ជាការដោះលែងនរណាម្នាក់ចេញពីការចាត់តាំង ការទទួលខុសត្រូវ និង ករណីយកិច្ចនៃការហៅបម្រើមួយ ដើម្បីអនុញ្ញាតឲ្យគាត់បម្រើនៅក្នុងមុខងារផ្សេងទៀត ។
-
ការបង្រៀនតាមផ្ទះ និង ការបង្រៀនសួរសុខទុក្ខ ៖ជាកម្មវិធី ដែលជួយធ្វើឲ្យប្រាកដថា មនុស្សគ្រប់គ្នាក្នុងសាសនាចក្រត្រូវបានមើលថែ ។ អ្នកកាន់បព្វជិតភាពបម្រើជាគ្រូបង្រៀនតាមផ្ទះរបស់បុគ្គល ឬ ក្រុមគ្រួសារ ។ បងប្អូនស្រីនៅក្នុងសមាគមសង្គ្រោះ បម្រើជាគ្រូបង្រៀនសួរសុខទុក្ខដល់ស្ត្រីដទៃទៀត ។ គ្រូបង្រៀនតាមផ្ទះ និង គ្រូបង្រៀនសួរសុខទុក្ខ បម្រើជាដៃគូ ហើយសួរសុខទុក្ខមនុស្សដែលពួកគេបង្រៀន យ៉ាងហោចណាស់ ម្ដងក្នុងមួយខែដើម្បីអធិស្ឋាន ចែកចាយសារលិខិតខាងវិញ្ញាណ ហើយបម្រើប្រសិនបើចាំបាច់ ។
-
ការប្រសិទ្ធពរបព្វជិតភាព ៖ជាការប្រសិទ្ធពរដែលអ្នកកាន់បព្វជិតភាពមិលគីស្សាដែក ដាក់ដៃលើក្បាលរបស់បុគ្គលម្នាក់ ហើយពោលពាក្យអធិស្ឋានពិសេស ។ ការប្រសិទ្ធពរប្រភេទនេះត្រូវបានផ្ដល់ឲ្យតាមរយៈអំណាចបព្វជិតភាព ដើម្បីផ្ដល់ដំបូន្មាន ការលួងលោមចិត្ត ឬ ការព្យាបាល ។
-
ការហៅបម្រើ ៖ជាការចាត់តាំង ឬ ការទទួលខុសត្រូវជាផ្លូវការ ដើម្បីជួយបម្រើនៅក្នុងសាសនាចក្រ ។
-
កិច្ចការផ្សព្វផ្សាយសាសនា ៖ជាការចែកចាយដំណឹងល្អជាមួយមនុស្សដទៃ ការជួយពួកគេឲ្យស្ថាបនាសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួនទ្រង់ និង ការអញ្ជើញពួកគេឲ្យដកពិសោធន៍ពរជ័យនៃដំណឹងល្អដោយខ្លួនពួកគេ ។
-
កូរ៉ុម ៖ជាក្រុមរបស់បុរស ឬ យុវជនដែលមានតំណែង ឬ ករណីយកិច្ចដូចគ្នានៅក្នុងបព្វជិតភាព ។
-
ដៃគូ ៖ជាក្រុមមនុស្សពីរនាក់ ( បើធ្វើទៅបាន ) ដែលធ្វើការជាមួយគ្នាជាទៀងទាត់ ដើម្បីបំពេញការចាត់តាំងបង្រៀនតាមផ្ទះ និង សួរសុខទុក្ខតាមផ្ទះ ។
-
ថ្នាក់យុវជន និង ថ្នាក់យុវនារី ៖ជាអង្គការជំនួយក្នុងសាសនាចក្រសម្រាប់យុវវ័យដែលមានអាយុចន្លោះពី ១២ ដល់ ១៨ឆ្នាំ ។
-
ថ្នាក់សាលាថ្ងៃអាទិត្យ ៖ជាអង្គការជំនួយសម្រាប់សមាជិកយុវវ័យ និង មជ្ឈិមវ័យក្នុងសាសនាចក្រ ដែលនៅក្នុងថ្នាក់នេះ ពួកគេសិក្សាដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
-
ទីបន្ទាល់ ៖ជាសាក្សីខាងវិញ្ញាណមួយ ដែលព្រះវិញ្ញាណបរិសុទ្ធប្រទានឲ្យដល់បុគ្គលម្នាក់ៗ ។
-
បឋមសិក្សា ៖ជាអង្គការជំនួយក្នុងសាសនាចក្រសម្រាប់កុមារមានអាយុចន្លោះពី ១៨ខែដល់ ១២ឆ្នាំ ។
-
បព្វជិតភាពមិលគីស្សាដែក ៖ជាបព្វជិតភាពជាន់ខ្ពស់ ឬ អស្ចារ្យជាង ។ ដាក់ឈ្មោះតាមមិលគីស្សាដែក ជាសង្ឃជាន់ខ្ពស់ដ៏សុចរិតម្នាក់ និង ជាស្ដេចមួយអង្គក្នុងគម្ពីរសញ្ញាចាស់ ។
-
បព្វជិតភាពអើរ៉ុន ៖ជាបព្វជិតភាពថ្នាក់ទាប ឬ បព្វជិតភាពដែលរៀបចំខ្លួន ។ ដាក់ឈ្មោះតាមអើរ៉ុនក្នុងគម្ពីរសញ្ញាចាស់ ។ អើរ៉ុនគឺជាបងប្អូនប្រុសរបស់ម៉ូសេ ហើយព្រះអម្ចាស់បានតែងតាំងលោកឲ្យធ្វើជាអ្នកនាំសារបន្ទូលរបស់ទ្រង់ ។
-
ពិធីបរិសុទ្ធនៃបព្វជិតភាព ៖ជាកិច្ចការដ៏ពិសិដ្ឋ ដែលបានធ្វើឡើងដោយសិទ្ធិអំណាចនៃបព្វជិតភាព ។ ឧទាហរណ៍រួមមានពិធីបុណ្យជ្រមុជទឹក ការទទួលអំណោយទានព្រះវិញ្ញាណបរិសុទ្ធ ( ពីធីបញ្ជាក់ ) និង ពិធីសាក្រាម៉ង់ ។ ពិធីបរិសុទ្ធទាំងឡាយគឺជាមធ្យោបាយដើម្បីចុះសេចក្ដីសញ្ញាជាមួយព្រះ ។
-
ពិធីសាក្រាម៉ង់ ៖ជាពិធីបរិសុទ្ធមួយដែលរំឭកសមាជិកសាសនាចក្រ អំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ តាមរយៈការទទួលទានសាក្រាម៉ង់ យើងរំឭកសេចក្ដីសញ្ញាដែលយើងបានធ្វើជាមួយព្រះ ។ នំប៉័ង និង ទឹកត្រូវបានប្រសិទ្ធពរ ហើយចែកដល់ក្រុមជំនុំ ។ នំប៉័ងតំណាងឲ្យព្រះកាយរបស់ព្រះយេស៊ូវគ្រីស្ទ រីឯទឹកតំណាងឲ្យព្រះលោហិតទ្រង់ ។ ពិធីបរិសុទ្ធនេះធ្វើឡើងជារៀងរាល់សប្ដាហ៍ នៅក្នុងកម្មវិធីថ្វាយបង្គំ ដែលត្រូវបានហៅថាជាការប្រជុំសាក្រាម៉ង់ ។
-
រាត្រីជួបជុំក្រុមគ្រួសារ ៖ជារាត្រីមួយរៀងរាល់សប្ដាហ៍ ( ជាធម្មតារាត្រីថ្ងៃចន្ទ ) ត្រូវបានរក្សាទុកឲ្យសមាជិកគ្រួសាររៀនដំណឹងល្អ ហើយរីករាយនឹងសកម្មភាពស្អាងគ្នាទៅវិញទៅមក ។
-
វិវរណៈផ្ទាល់ខ្លួន ៖ជាទំនាក់ទំនងផ្ទាល់ខ្លួនពីព្រះ ដល់បុគ្គលម្នាក់ ទាក់ទងនឹងជីវិតផ្ទាល់ខ្លួន និង ការហៅបម្រើរបស់បុគ្គលនោះ ។
-
សមាគមសង្គ្រោះ ៖ជាអង្គការជំនួយក្នុងសាសនាចក្រសម្រាប់ស្ត្រីមានអាយុចាប់ពី ១៨ឆ្នាំ ឡើងទៅ ។
-
អង្គការជំនួយ ៖ជាអង្គការនានាក្នុងសាសនាចក្រ ដែលគាំទ្របព្វជិតភាពមិលគីស្សាដែក ហើយជួយបម្រើ និងបង្រៀនដល់សមាជិកសាសនាចក្រ ។ អង្គការជំនួយមាន សមាគមសង្គ្រោះ ថ្នាក់យុវជន ថ្នាក់យុវនារី ថ្នាក់បឋមសិក្សា និង ថ្នាក់សាលាថ្ងៃអាទិត្យ ។