« ព័ត៌មានផ្សេងទៀតដែលទាក់ទងនឹងអគារសាលាប្រជុំ » ការផ្តល់សាលាប្រជុំ និងកន្លែងថ្វាយបង្គំផ្សេងៗទៀត ( ឆ្នាំ ២០២១ )
« ព័ត៌មានផ្សេងទៀតដែលទាក់ទងនឹងអគារសាលាប្រជុំ » ការផ្តល់សាលាប្រជុំ និងកន្លែងថ្វាយបង្គំផ្សេងៗទៀត
ព័ត៌មានផ្សេងទៀតដែលទាក់ទងនឹងអគារសាលាប្រជុំ
រូបគំនូរ
សាលាប្រជុំគួរតែឆ្លុះបញ្ចាំងពីឥរិយាបថនៃគារវភាពចំពោះព្រះយេស៊ូវគ្រីស្ទ ហើយថ្លែងទីបន្ទាល់អំពីជំនឿរបស់សមាជិកទៅលើទ្រង់ ។ គំនូរព្រះយេស៊ូវគ្រីស្ទ គួរតែដាក់តាំងនៅកន្លែងច្រកដើរនៃសាលាប្រជុំ ដើម្បីជួយបង្ហាញពីជំនឿដ៏សំខាន់នេះ ។ កន្លែងច្រកដើរមិនគួរមានការរំខាន ដូចជាការដាក់បង្ហាញសាច់រឿង ក្តារតាំងព័ត៌មាន តុ និងជើងទ្រនោះទេ ។ គំនូរព្រះយេស៊ូវគ្រីស្ទ ឈុតឆាកនៃបទគម្ពីរ និងប្រវត្តិសាសនាចក្រគឺសមរម្យសម្រាប់ដាក់តាំងនៅ តាមផ្លូវដើរ និងថ្នាក់រៀន ។
ប្រធានស្ដេក ឬអ្នកដឹកនាំក្នុងមូលដ្ឋានដែលបានចាត់តាំងដទៃទៀតជ្រើសរើសគំនូរនៅក្នុងកាតាឡុកគំនូរ ដែលសាសនាចក្របានអនុម័តសម្រាប់សាលាប្រជុំ ។ អ្នកគ្រប់គ្រងអគារអាចចែកចាយកាតាឡុកគំនូរជាមួយថ្នាក់ដឹកនាំ នៅពេលពួកគាត់ត្រូវការរូបគំនូរថ្មី ។ ជាទូទៅ រូបគំនូរមកពីប្រភពផ្សេងទៀតគឺមិនអនុញ្ញាតនោះទេ ។ សំណើសុំករណីលើកលែងត្រូវតែធ្វើឡើងតាមរយៈអ្នកគ្រប់គ្រងអគារ ។
រូបគំនូរមិនត្រូវដាក់នៅក្នុងរោងជំនុំ ឬក្បែរអាងជ្រមុជទឹកឡើយ ។ រូបសំណាក បូជនីយដ្ឋាន ទីរំឭក ផ្ទាំងគំនូរនៅលើជញ្ជាំង និងគំនូរផ្គុំថ្មតូចៗ ពុំអនុញ្ញាតឲ្យដាក់នៅក្នុង ឬនៅក្រៅអគារនោះឡើយ ។ គោលនយោបាយនេះអាចនឹងមិនអនុវត្តចំពោះរូបគំនូរ ដែលបានតាំងជាច្រើនឆ្នាំហើយនោះទេ ។
ម៉ាស៊ីនថតចម្លង
ការទិញម៉ាស៊ីនថតចម្លងត្រូវបានកំណត់ដោយគោលការណ៍ណែនាំរបស់ការិយាល័យតំបន់ អាស្រ័យទៅលើតម្រូវការរបស់អង្គភាពក្នុងតំបន់ ។ ក្រុមអ្នកគ្រប់គ្រងអគារមានទំនួលខុសត្រូវលើការទិញម៉ាស៊ីនថតចម្លងសម្រាប់ការិយាល័យស្តេក និងមជ្ឈមណ្ឌលសម្ភារសម្រាប់សាលាប្រជុំ ។
នៅពេលត្រូវការសេវាកម្ម ឬការជួសជុល នោះថ្នាក់ដឹកនាំក្នុងមូលដ្ឋានទាក់ទងទៅអ្នកផ្តល់សេវានេះ ប្រសិនបើបានចុះកិច្ចសន្យាផ្ដល់សេវាកម្ម ។ បើមិនដូច្នេះទេ ថ្នាក់ដឹកនាំក្នុងមូលដ្ឋានទាក់ទងក្រុមអ្នកគ្រប់គ្រងអគារ ដែលជាអ្នករៀបចំ និងបង់ប្រាក់លើការងារនេះ ។
គ្រឿងផ្គត់ផ្គង់ដូចជាក្រដាស និងទឹកថ្នាំត្រូវបានទិញដោយអង្គភាពក្នុងមូលដ្ឋាន ដោយប្រើថវិកាដែលផ្តល់ឲ្យនៅក្នុងអង្គភាពរបស់ពួកគាត់ ។
ការតុបតែងលម្អ
ការតុបតែងលម្អសម្រាប់សកម្មភាពថ្ងៃបុណ្យទាន ពិធីទទួលភ្ញៀវអាពាហ៍ពិពាហ៍ និងព្រឹត្តិការណ៍ស្រដៀងគ្នានេះអាចដាក់តាំងជាបណ្ដោះអាសន្ននៅក្នុង ឬនៅខាងក្រៅអគារបាន ។ គ្រឿងតុបតែងលម្អទាំងឡាយ លើកលែងតែផ្កា មិនអាចដាក់នៅក្នុងរោងជំនុំអំឡុងការប្រជុំសាក្រាម៉ង់បានទេ ។ ការតុបតែងលម្អមិនគួរធ្វើឡើងនៅកន្លែងច្រកដើរនោះទេ ដើម្បីរក្សាការផ្ដោតគារវភាពចំពោះព្រះអង្គសង្រ្គោះ ។
ការតុបតែងលម្អគួរតែមានភាពរម្យទម និងមិនចំណាយថវិកាច្រើន ។ មិនត្រូវតុបតែងលម្អអ្វីដែលអាចបង្កឲ្យមានការឆាបឆេះនោះឡើយ ។ ក្បួនច្បាប់អគ្គីភ័យ និងសុវត្ថិភាពក្នុងមូលដ្ឋាន និងពិធីបរិសុទ្ធនានាគួរតែត្រូវបានអនុវត្តតាមជានិច្ច ។
ឧបករណ៍ទំនាក់ទំនងបន្ទាន់
វួដ និងស្តេកមិនត្រូវទិញ ឬទទួលយកទូរសព្ទផ្កាយរណប ឬឧបករណ៍វិទ្យុហៅសំឡេងដែលបានបរិច្ចាគឲ្យដើម្បីប្រើប្រាស់ក្នុងគ្រាអាសន្ន ឬដាក់ដំឡើងនៅក្នុងសាលាប្រជុំនោះទេ ។ ថ្នាក់ដឹកនាំត្រូវបានលើកទឹកចិត្តឲ្យកំណត់អត្តសញ្ញាណបុគ្គលដែលអាចមានឧបករណ៍ផ្ទាល់ខ្លួនរបស់ពួកគេរួចទៅហើយ ដើម្បីជួយដល់តម្រូវការទំនាក់ទំនងជាក់លាក់របស់វួដ និងស្តេក ។
ឧបករណ៍សម្រាប់លោកអយ្យកោ
ក្នុងករណីដ៏កម្រ លោកអយ្យកោប្រហែលជាគ្មានកុំព្យូទ័រប្រើប្រាស់ទេ ( ឧទាហរណ៍ គាត់ប្រហែលជាគ្មានកុំព្យូទ័រផ្ទាល់ខ្លួន ឬមិនអាចប្រើកុំព្យូទ័រនៅក្នុងការិយាល័យស្មៀននៃសាលាប្រជុំបាន ) ។ បើដូច្នេះ ប្រធានស្តេកអាចអនុម័តឲ្យទិញកុំព្យូទ័រមួយបាន ហើយធ្វើសំណើសុំដោយការទាក់ទងទៅកាន់អ្នកគ្រប់គ្រងអគារ ។ ស្តេកផ្តល់ឧបករណ៍ថតសំឡេងសម្រាប់លោកអយ្យកោដោយប្រើមូលនិធិថវិកាដែលផ្តល់ឲ្យអង្គភាពក្នុងមូលដ្ឋាន ( ថ.ផ.អ.ម. ) ។
ថ្លៃឈ្នួល
មិនគួរយកថ្លៃឈ្នួលពីសមាជិក ឬកក់ប្រាក់ដើម្បីប្រើប្រាស់សាលាប្រជុំសម្រាប់ពិធីអាពាហ៍ពិពាហ៍ បុណ្យសព ការជួបជុំក្រុមគ្រួសារ ការជួបជុំអ្នកផ្សព្វផ្សាយសាសនា ការប្រគំតន្ត្រីតូចៗដែលបានអនុម័ត ឬព្រឹត្តិការណ៍ស្រដៀងនោះទេ ។
ទង់ជាតិ
ទង់ជាតិរបស់ជាតិអាចត្រូវបានបង្ហោះឡើងនៅក្នុងបរិវេណសាសនាចក្រ ដរាបណាវាស្របតាមគោលការណ៍ណែនាំក្នុងមូលដ្ឋាន ។ ទង់ជាតិអាចត្រូវបានដាក់តាំងនៅក្នុងអគារសាសនាចក្រក្នុងឱកាសពិសេសៗបាន ។ ការស្នេហាជាតិមិនតម្រូវឲ្យដាក់ទង់ជាតិជាប្រចាំនៅកន្លែងថ្វាយបង្គំនោះទេ ។
សាលាបង្រៀនតាមផ្ទះ និងកន្លែងថែទាំកុមារ
ខណៈដែលសាសនាចក្រលើកទឹកចិត្តយ៉ាងខ្លាំងឲ្យទទួលការអប់រំ តែសាលាប្រជុំទាំងឡាយមិនត្រូវបានប្រើជាសាលាបង្រៀនក្រៅម៉ោង ឬកន្លែងថែទាំកុមារ ឬបង្កើតជាសកម្មភាពរៀនសូត្រក្រៅម៉ោងនោះទេ ។
ការប្រកាន់ខ្ជាប់តាមគោលនយោបាយនេះនឹងជំរុញឲ្យមានសុវត្ថិភាព និងចៀសវាងបំណុលពន្ធចំពោះសាសនាចក្រ ។
ឧបករណ៍ផ្កាយរណប និងវីដេអូ
ឧបករណ៍ផ្កាយរណប និងវីដេអូរបស់សាសនាចក្រត្រូវបានប្រើប្រាស់សម្រាប់តែគោលបំណងដែលទាក់ទងនឹងសាសនាចក្រ មិនធ្វើពាណិជ្ជកម្ម ដូចដែលបានអនុញ្ញាតដោយគណៈប្រធានស្តេក ឬគណៈប៊ីស្សពប៉ុណ្ណោះ ។ ឧបករណ៍ទាំងអស់ត្រូវចាក់សោដោយសុវត្ថិភាពនៅពេលមិនប្រើប្រាស់ ។ ឧបករណ៍ទាំងនេះពុំអាចយកចេញពីអគារទៅប្រើប្រាស់នៅផ្ទះ ឬប្រើប្រាស់ផ្ទាល់ខ្លួនបានទេ ។
ការប្រើប្រាស់ដីធ្លីរួម
ការប្រើប្រាស់ដីធ្លីរួមរបស់សាសនាចក្រតម្រូវឲ្យមានការអនុម័ត ដែលរួមមានសិទ្ធិចូលប្រើដីធ្លីរបស់សាសនាចក្រ ច្រកទ្វារ ដីរបស់អ្នកដទៃ បញ្ហាព្រំប្រទល់ និងកិច្ចព្រមព្រៀងលើសិទ្ធិសុំផ្លូវដើរ ។
ស្លាកយីហោ
ប្រសិនបើប្រធានស្តេកមានសំណួរអំពីស្លាកយីហោសម្រាប់អគារសាសនាចក្រ នោះគាត់គួរទាក់ទងទៅកាន់អ្នកគ្រប់គ្រងអគារ ។
ប្រដាប់ផ្លុំព្រិល
ឧបករណ៍ម៉ូទ័រចូកព្រិលរបស់សាសនាចក្រត្រូវបានផ្តល់ឲ្យ តាមសាលាប្រជុំនីមួយៗ តាមតំបន់ដែលត្រូវការ ។ សមាជិកសាសនាចក្រអាចប្រើឧបករណ៍ទាំងនេះដើម្បីសម្អាតច្រកដើរនៅក្នុងសាលាប្រជុំបាន ។ ថ្នាក់ដឹកនាំផ្តល់ការចាត់តាំងទាំងនេះដល់សមាជិកដែលមានភាពចាស់ទុំ មានទំនួលខុសត្រូវ និងណែនាំពួកគេឲ្យប្រើសញ្ញាព្រមានសុវត្ថិភាពដែលត្រឹមត្រូវ ។
ដីធ្លីរបស់សាសនាចក្រដែលនៅទំនេរ
ដីធ្លីរបស់សាសនាចក្រដែលនៅទំនេរមិនអាចប្រើប្រាស់ ឬកាន់កាប់ដោយគ្មានការអនុញ្ញាតពីប្រធានតំបន់ឡើយ ។ នៅក្នុងស្ថានភាពខ្លះ សមាជិកក្នុងមូលដ្ឋានអាចប្រើប្រាស់ដីធ្លីរបស់សាសនាចក្រដែលនៅទំនេរធ្វើជាសួនបណ្តោះអាសន្នបាន ។ សូមទាក់ទងទៅកាន់អ្នកគ្រប់គ្រងអគារ ប្រសិនបើមានសំណួរ ឬការស្នើសុំអនុញ្ញាតណាមួយ ។